ប្រមុខUN៖ សំខាន់ណាស់ក្នុងការរក្សាទុកកងកម្លាំងUN នៅលីបង់ ក្រោយកងកម្លាំងរក្សាសន្តិភាពបច្ចុប្បន្នផុតអាណត្តិ
លីបង់ ប្រកាសបទឈប់បាញ់ដោយផ្នែករវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា ប៉ុន្តែការវាយប្រហារនៅតែបន្ត
មនុស្ស៤នាក់ស្លាប់ និងមួយចំនួនរងរបួសបន្ទាប់ពីការវាយប្រហារដ៏ធំរបស់រុស្ស៊ីទូទាំងអ៊ុយក្រែន
លោក Trump ថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការយ៉ាងលឿន ទោះមានការគំរាមកំហែងពង្រីកសង្គ្រាមក៏ដោយ

ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រាប់មេបញ្ជាការយោធាពីវិធានការណែនាំថ្មីប្រឆាំងនឹងសត្រូវ

2026/05/11 07:20:55 pm        32
សារព័ត៌មានពាក់កណ្តាលផ្លូវការ Fars រាយការណ៍ថា ប្រធានបញ្ជាការបង្រួបបង្រួមនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់លោកAli Abdollahi បានជួបជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់លោក MojtabaKhamenei ហើយនឹងទទួលបានការណែនាំថ្មីពីមេដឹកនាំកំពូលរូបនេះដើម្បីបន្តប្រតិបត្តិការយោធា និងទប់ទល់ជាមួយសត្រវ ។ សេចក្តីរាយការណ៍របស់ Farsនិយាយថា លោក Abdollahi ដែលជាប្រធានទីបញ្ជាការកណ្តាលKhatam al-Anbiya បាននិយាយប្រាប់លោក Khamenei ពីការត្រៀមខ្លួនរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ។ ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន Fars ពុំបានបញ្ជាក់នោះទេថាតើពេលណាដែលជំនួបមួយនេះ បានធ្វើឡើង ។ លោក Abdollahiនិយាយថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានត្រៀមខ្លួនរួចរាល់ក្នុងការទប់ទល់រាល់សកម្មភាពណាមួយរបស់អាមេរិក-អ៊ីស្រាអែល ។ក្នុងករណីមានកំហុសណាមួយរបស់សត្រូវ ការឆ្លើយតបរបស់អ៊ីរ៉ង់ និងធ្វើភ្លាម ធ្ងន់ធ្ងរ ហើយនិងមុតមាំ៕

ចិន បញ្ជាក់ថា កំពុងស្វែងរកស្ថិរភាពបន្ថែមទៀត មុនកិច្ចប្រជុំ រវាងលោក Trump និងលោក ស៊ី

2026/05/11 07:20:30 pm        20
ប្រទេសចិនបានឲ្យដឹងនៅថ្ងៃចន្ទ (ទី១១ ខែឧសភា ឆ្នាំ២០២៦) នេះថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរក «ស្ថិរភាពបន្ថែមទៀត» នៅទូទាំងពិភពលោក មុនមានកិច្ចប្រជុំ ក្នុងសប្តាហ៍នេះ រវាងមេដឹកនាំ លោក ស៊ី ជីនពីង (Xi Jinping) និងលោក Donald Trump។អ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «ការទូតកម្រិតខ្ពស់ ដើរតួនាទីជាយុទ្ធសាស្ត្រតម្រង់ទិសដែលមិនអាចជំនួសបាន នៅក្នុងទំនាក់ទំនងចិន-អាមេរិក»។លោក Guo បានបន្ថែមថា៖ «ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិកក្នុងស្មារតីសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ គ្រប់គ្រងភាពខុសគ្នា និងចាក់បញ្ចូលស្ថិរភាព និងភាពប្រាកដប្រជាបន្ថែមទៀតទៅក្នុងពិភពលោកដែលមានភាពប្រែប្រួល និងជាប់ទាក់ទងគ្នា»។គួរបញ្ជាក់ថា លោក Trump នឹងមានវត្តមាននៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា សម្រាប់ជំនួបកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជាទីដែលគ្រោងនឹងមានពិភាក្សា អំពីបញ្ហាអ៊ីរ៉ង់ កោះតៃវ៉ាន់ បញ្ញាសិប្បនិម្មិត និងអាវុធនុយក្លេអ៊ែរ ខណៈប្រទេសទាំង២ កំពុងពិចារណាពង្រីកកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់មួយ៕

នាយកក្រុមហ៊ុន Rafael៖ Iron Dome មានប្រសិទ្ធភាពជិត ៩៩% ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល

2026/05/11 07:08:06 pm        17
នាយកក្រុមហ៊ុនផលិតប្រព័ន្ធ Iron Dome ដែលគ្រប់គ្រងដោយរដ្ឋ គឺ Rafael Advanced Defense Systems Ltd (Rafael) បាននិយាយនៅថ្ងៃចន្ទ (ទី១១ ខែឧសភា ឆ្នាំ២០២៦) នេះថា Iron Dome របស់អ៊ីស្រាអែលមានប្រសិទ្ធភាពជិត ៩៩ភាគរយ ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលពីក្រុមសកម្មប្រយុទ្ធហាម៉ាស និងក្រុមហេសបូឡា ហើយបានបាញ់ទម្លាក់មីស៊ីលភាគច្រើនពីអ៊ីរ៉ង់។លោក Yuval Steinitz មកពីក្រុមហ៊ុន Rafael បានប្រាប់សន្និសីទមួយរបស់មជ្ឈមណ្ឌលសន្តិសុខ និងកិច្ចការបរទេសក្រុងហ្សេរុយសាឡឹម (Jerusalem Center for Security and Foreign Affairs ) ថា ចាប់តាំងពីមានការវាយឆ្មក់របស់ក្រុមហាម៉ាស លើអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា និងក្រុមហេសបូឡា នៅប្រទេសលីបង់ បានបាញ់រ៉ូកែតប្រហែល ៤០.០០០គ្រាប់ ទៅលើអ៊ីស្រាអែល។លោក Steinitz បានបញ្ជាក់ថា៖ «ប្រព័ន្ធ Iron Dome បានស្ទាក់ចាប់រ៉ូកែតដោយភាគច្រើន ដោយអត្រាជោគជ័យមិនមែន ១០០០ភាគរយទេ ប៉ុន្តែជិត ១០០ភាគរយ។ វាមានប្រហែល ៩៨ភាគរយ សូម្បីតែ ៩៩ភាគរយ ដូច្នេះ វាមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែស្ទើរតែល្អឥតខ្ជោះ»។លោកបានបន្ថែមថា អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកប្រហែល ១.៥០០គ្រាប់ ទៅអ៊ីស្រាអែល អំឡុងការប្រយុទ្ធគ្នា ២ជុំ ចាប់តាំងពីឆ្នាំ២០២៤ ហើយ «មានចំនួនរាប់សិបគ្រាប់ប៉ុណ្ណោះ» ដែលមិនត្រូវបានស្ទាក់ចាប់។ ហើយជាមួយគ្នានេះ លោកបានកត់សម្គាល់ថា មិនមានការខ្វះខាតប្រព័ន្ធស្ទាក់ចាប់មីស៊ីលនោះទេ៕

អ៊ីរ៉ង់ចាត់ទុកសំណើបញ្ចប់សង្រ្គាមជាមួយអាមេរិក ថាស្របច្បាប់ និងសប្បុរសធម៌

2026/05/11 07:07:13 pm        14
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei និយាយនៅថ្ងៃចន្ទនេះថា សំណើរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្រ្គាមជាមួយសហរដ្ឋអាមេរិក និងបើកច្រកសមុទ្រ Hormuz ឡើងវិញ គឺស្របច្បាប់ និងសប្បរសធម៌ ខណៈដែលអាមេរិកនៅតែរក្សាទស្សនៈយល់តែម្ខាង ហើយនិងការទាមទារគ្មានហេតុផល ។ លោកបន្តថា ចោរសមុទ្រប្រឆាំងនឹងនាវាអ៊ីរ៉ង់ សកម្មភាពបិទដោយកងទ័ពជើងទឹក ត្រូវតែបញ្ឈប់ ។ សំណើសុំឲ្យបញ្ចេញទ្រព្សសកម្មរបស់ពលរដ្ឋអ៊ីរ៉ង់ដែលត្រូវបានបង្កកដោយពុំត្រឹមត្រូវនៅក្នុងធនាគារបរទេស អស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែសម្ពាធសហរដ្ឋអាមេរិក ។ រយៈពេលប៉ុន្មានថ្ងៃ ក្រោយសហរដ្ឋអាមេរិកផ្តល់សំណើ ដោយសង្ឃឹមថានឹងបើកកិច្ចចរចាឡើងវិញ អ៊ីរ៉ង់បានបញ្ចេញសំណើរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយផ្តោតសំខាន់លើការបញ្ចប់សង្រ្គាមនៅជួរមុខទាំងអស់ ជាពិសេសនៅលីបង់ ជាទីដែលអ៊ីស្រាអែលគឺជាសម្ព័ន្ធសហរដ្ឋអាមេរិក កំពុងធ្វើសង្រ្គាមជាមួយក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ។ ទីក្រុងតេអេរ៉ង់ អំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការបិទរបស់កងទ័ពជើងទឹក ធានាថាគ្មានការវាយប្រហារបន្ថែមទៀត ដកចេញទណ្ឌកម្ម និងបញ្ចប់បំរាមសហរដ្ឋអាមេរិកលើការលក់ប្រេងអ៊ីរ៉ង់ ។ ត្រឹមរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ លោក Trump បានច្រានចោលសំណើរបស់អ៊ីរ៉ង់ ជាមួយនឹងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម ៕

អ្នកគាំទ្រ៖ ម្ចាស់ពានរង្វាន់ណូបែលអ៊ីរ៉ង់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដើម្បីទទួលការព្យាបាល

2026/05/11 07:06:27 pm        37
អាជ្ញាធរអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បានដោះលែងម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកស្រី Narges Mohammadi ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីមានក្ដីបារម្ភកាន់តែខ្លាំងឡើង អំពីសុខភាពរបស់លោកស្រី ហើយលោកស្រីត្រូវបានផ្ទេរទៅទីក្រុងតេអេរ៉ង់រួចហើយ ដើម្បីទទួលការព្យាបាល។ នេះបើយោងតាមក្រុមអ្នកគាំទ្ររបស់លោកស្រី។ដោយមិនបានបញ្ជាក់លម្អិតអំពីចំនួនទឹកប្រាក់ មូលនិធិរបស់លោកស្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល ១០ថ្ងៃ នៅទីក្រុង Zanjan ភាគខាងជើងនៃប្រទេសអ៊ីរ៉ង់ ជាកន្លែងដែលលោកស្រីបានអនុវត្តទោសជាប់ពន្ធនាគារ លោកស្រី Mohammadi «ត្រូវបានដោះលែងបណ្ដោះអាសន្ន ដោយមានការបង់ប្រាក់ធានាយ៉ាងច្រើន»។ មូលនិធិបានបន្ថែមថា លោកស្រីត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យមួយ ក្នុងទីក្រុងតេអេរ៉ង់ «ដើម្បីទទួលការព្យាបាលដោយក្រុមគ្រូពេទ្យរបស់លោកស្រីផ្ទាល់»។ក្រុមអ្នកគាំទ្រលោកស្រី បានព្រមានកាលពីសប្តាហ៍មុនថា លោកស្រី Mohammadi ដែលបានឈ្នះពានរង្វាន់ឆ្នាំ២០២៣ ដោយសារទទួលស្គាល់យុទ្ធនាការរាប់ទសវត្សរ៍របស់លោកស្រី ដើម្បីសិទ្ធិមនុស្ស នៅក្នុងប្រទេសអ៊ីរ៉ង់ មានហានិភ័យបាត់បង់ជីវិត នៅក្នុងពន្ធនាគារ បន្ទាប់ពីមាននូវអាការ ២លើកដែលសង្ស័យថា ជាការគាំងបេះដូង នៅក្នុងពន្ធនាគារ ក្នុងទីក្រុង Zanjan។មូលនិធិរបស់លោកស្រី បានបញ្ជាក់ទៀតថា លោកស្រី Mohammadi ត្រូវការការថែទាំឯកទេស ហើយបានបន្ថែមថា «យើងត្រូវតែធានាថា លោកស្រីនឹងមិនត្រូវវិលត្រឡប់ទៅកាន់ពន្ធនាគារវិញ ដើម្បីប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលនៅសល់ ១៨ឆ្នាំ»។គួរបញ្ជាក់ថា លោកស្រី Mohammadi វ័យ ៥៤ឆ្នាំ ដែលបានចំណាយពេលភាគច្រើន ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ទាំងនៅក្នុង និងក្រៅពន្ធនាគារ ដោយសារសកម្មភាពរបស់លោកស្រី ត្រូវបានចាប់ខ្លួនថ្មីៗនេះ កាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីបានថ្កោលទោសសាធារណរដ្ឋឥស្លាម នៅក្នុងពិធីបុណ្យសពសមមេធាវីម្នាក់៕

ការអំពាវនាវឲ្យកាត់បន្ថយការទិញមាសរបស់លោក Modi បង្កក្តីបារម្ភនៅក្នុងចំណោមអ្នកលក់គ្រឿងអលង្ការឥណ្ឌា

2026/05/11 07:03:18 pm        38
អ្នកលក់គ្រឿងអលង្ការ និងពាណិជ្ជករ នៅក្នុងប្រទេសឥណ្ឌា បានបង្ហាញក្តីបារម្ភរបស់ពួកគេនៅថ្ងៃចន្ទនេះ បន្ទាប់ពីសេចក្តីអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi ជំរុញឲ្យពលរដ្ឋកាត់បន្ថយការពិញមាសរយៈពេល ១ឆ្នាំ ដើម្បីសន្សំអត្រាប្តូរប្រាក់បរទេស ។ ក្រុមពាណិជ្ជករនិយាយថា ការលើកឡើងបែបនេះ អាចនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិប្បករខ្នាតតូច និងកម្មករដែលពឹងផ្អែកលើឧស្សាហកម្មគ្រឿងអលង្ការ ។ស្របពេលដែលមាស ត្រូវបានគេមើលឃើញថាជារបាំងការពារប្រឆាំងនឹងអតិផរណា អត្រាការប្រាក់ខ្ពស់ទំនងជាដាក់បន្ទុកលើទ្រព្យសកម្មដែលមិនមានផលចំណេញច្រើន ។សូមបញ្ជាក់ថា សង្រ្គាមកំពុងបន្តជាមួយអ៊ីរ៉ង់ និងការហក់ឡើងខ្ពស់តម្លៃប្រេង និងការផ្គត់ផ្គង់រងភាពរង្គោះរង្គើរ បានក្លាយជាក្តីបារម្ភធំ សម្រាប់ស្ថិរភាពហិរញ្ញវត្ថុ ៕

បារំាងសំឡឹងមើលការរៀបចំទំនាក់ទំនងឡើងវិញជាមួយអាហ្វ្រិក អំឡុងដំណើរទស្សនកិច្ចរបស់លោក Macron

2026/05/11 07:00:24 pm        44
កេនយ៉ានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាហ្វ្រិក-បារាំងនៅទីក្រុង Nairobi ស្របពេលដែលបារាំងសំឡឹងមើលការរៀបចំឡើងវិញការចូលរួមរបស់ខ្លួនជាមួយទ្វីបនេះ ក្រោយទំនាក់ទំនងជាប់គាំង ជាមួយតំបន់មួយចំនួននៅអាហ្វ្រិកខាងលិច ខណៈកេនយ៉ាដើរតួជាដៃគូការទូត និងសេដ្ឋកិច្ចដ៏សំខាន់ ។ ផ្ទាំងប៉ាណូនៅទូទាំងទីក្រុង Nairobi ឃើញប្រធានាធិបតីកេនយ៉ាលោក William Ruto និងប្រធានាធិបតីបារំាងលោក Emmanuel Macron លើកកម្ពស់អ្វីដែលក្រុមអ្នករៀបចំជំនួបចាត់ទុកថាជាដៃគូថ្មីជាមួយអាហ្វ្រិក ។ លោក Macron បានធ្វើដំណើរទៅដល់ទីក្រុង Nairobi នៅមុនជំនួប ហើយត្រូវបានទទួលស្វាគមន៍ដោយរដ្ឋមន្រ្តីការបរទេសកេនយ៉ាលោក Musalia Mudavadi នៅអាកាសយានដ្ឋានកាលពីថ្ងៃអាទិត្យ ។ លោក Mudavadi និយាយថា តួនាទីរបស់កេនយ៉ា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ គូសបញ្ជាក់ពីជំហរការទូតរបស់ខ្លួន ។ ក្រុមមេដឹកនាំ ត្រូវបានគេរំពឹងថា នឹងផ្តោតសំខាន់លើបញ្ហាពាណិជ្ជកម្ម វិធានការអាកាសធាតុ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរយៈពេលយូរ អំឡុងជំនួបកំពូលនេះ ។ ក្រុមអ្នកវិភាគនិយាយថា ជំនួបកំពូលនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្រ្តអាហ្វ្រិករបស់បារាំង បន្ទាប់ពីការដកទ័ពចេញពីតំបន់ Sahel ៕

រដ្ឋមន្ត្រីការបរទេសស៊ីរី បញ្ជាក់ថា កំពុងចាប់ផ្តើមដំណាក់កាលថ្មីនៃភាពជាដៃគូជាមួយ EU

2026/05/11 06:53:15 pm        29
រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani បាននិយាយនៅថ្ងៃចន្ទ (ទី១១ ខែឧសភា ឆ្នាំ២០២៦) នេះថា ទីក្រុងដាម៉ាស កំពុងចូលដល់ «ដំណាក់កាលថ្មីនៃភាពជាដៃគូ» ជាមួយសហភាពអឺរ៉ុប (EU)។ការកត់សម្គាល់នេះបានកើតឡើង ខណៈដែល EU បានសន្យាផ្តល់ជំនួយជិត ៥៩លានដុល្លារ ដើម្បីគាំទ្រដល់ស្ថាប័នស៊ីរី។ ហើយជាមួយគ្នានេះ EU ក៏បានឲ្យដឹងផងដែរថា ខ្លួននឹងសម្របសម្រួលជាមួយស៊ីរី ដើម្បីការសម្រេចថា តើមានលក្ខខណ្ឌសុវត្ថិភាព ដើម្បីឲ្យជនភៀសខ្លួនស៊ីរី វិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញដែរ ឬអត់។ក្រុមប្រឹក្សាអឺរ៉ុបបានលើកឡើងនៅថ្ងៃចន្ទនេះថា ខ្លួនបានអនុម័តការសម្រេចបញ្ចប់ការផ្អាកដោយផ្នែកនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងសហគមន៍សេដ្ឋកិច្ចអឺរ៉ុប និងសាធារណរដ្ឋអារ៉ាប់ស៊ីរី ដោយហេតុនេះការស្តារទំនាក់ទំនងពាណិជ្ជកម្មពេញលេញជាមួយស៊ីរីកើតមានឡើងវិញ។ក្រុមប្រឹក្សាអឺរ៉ុបបានបញ្ជាក់ថា ចលនានេះបានក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងទ្វេភាគី រវាង EU និងស៊ីរី។ក្រុមប្រឹក្សាអឺរ៉ុបបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចនេះ «ផ្ញើសារនយោបាយច្បាស់លាស់មួយ អំពីការប្តេជ្ញាចិត្តរបស់ EU ក្នុងការចូលរួមជាមួយស៊ីរីឡើងវិញ និងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ»៕

គ្រួសារពលរដ្ឋអាមេរិក ២នាក់ដែលជាប់ពន្ធនាគារនៅចិន ជំរុញលោក Trump ឲ្យជួយដោះលែងកូនរបស់ពួកគេ

2026/05/11 06:50:39 pm        38
នៅទីក្រុង Louisiana លោក Nelson Wells Sr ដែលជានាយទាហានជើងចាស់សហរដ្ឋអាមេរិកម្នាក់ នៅតែមានសង្ឃឹម នៅមុនជំនួបរបស់លោកប្រធានាធិបតី Donald Trumpជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុងទីក្រុងប៉េកាំងនាសប្តាហ៍នេះ ។ លោក Nelson Sr ស្ថិតក្នុងចំណោមគ្រួសារដែលជំរុញឲ្យលោកប្រធានាធិបតី Trump ជួយដោះលែងពលរដ្ឋអាមេរិក ២នាក់ ដែលជាប់ពន្ធនាគារនៅក្នុងប្រទេសចិន ។ លោក Nelson Wells Jr វ័យ ៥២ឆ្នាំ គឺជាឪពុកមានកូន ៣នាក់ ហើយនិងលោក Dawn Michelle Hunt វ័យ ៥៤ឆ្នាំ គឺជាវិចិត្រករ និងជាអតីតអ្នកបម្រើលើយន្តហោះ ។ ពួកគេទាំង ២នាក់ ត្រូវបានចោទប្រកាន់ពីបទគ្រឿងញៀន ដែលក្រុមគ្រួសាររបស់ពួកគេនិយាយថា ពួកគេគ្មានកំហុសនោះទេ ពេលដែលពួកគេកាន់គ្រឿងញៀនដោយមិនដឹងខ្លួន ហើយត្រូវបានគេដាក់ពន្ធនាគារអស់រយៈពេលជាង ១ទសវត្សរ៍ ។ សម្រាប់លោក Wells Sr ការទន្ទឹងរង់ចាំពិតជាអន្ទះសារខ្លាំងណាស់ ។ លោកនិយាយថា ពេលដែលកូនជួបបញ្ហាបែបនេះ ហើយលោកមិនអាចជួយបាន វាពិតជារឿងគួរឲ្យឈឺចាប់ខ្លាំងណាស់ ។ កូនរបស់លោកត្រូវការឲ្យលោកជួយ តែលោកបែរជាមិនអាចជួយកូនបានបែបនេះ ។ លោកបន្តថា លោកមិនខ្វល់ពីជំងឺមហារីកអ្វីនោះទេ លោកមិនខ្វល់ពីជំងឺបេះដូងអ្វីនោះទេ លោកខ្វល់តែម្យ៉ាងគត់ កូនប្រុសរបស់លោកប៉ុណ្ណោះ ប៉ុន្តែលោកមិនអាចជួយកូនបានទេ ៕

អ៊ីស្រាអែលបន្តវាយប្រហារតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានបទឈប់បាញ់ក៏ដោយ

2026/05/11 06:43:23 pm        48
សំណុំផ្សែងបានគ្របដណ្តប់តំបន់ជាច្រើននៅភាគខាងត្បូងលីបង់នាថ្ងៃចន្ទនេះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល បើទោះបីជាមានបទឈប់បាញ់ក៏ដោយ ។ នៅថ្ងៃចន្ទនេះ យោធាអ៊ីស្រាអែល បានបញ្ជាឲ្យអ្នកស្រុករស់នៅតាមទីក្រុង និងភូមិដ្ឋាន ៩កន្លែង ស្ថិតនៅភាគខាងត្បូងលីបង់ ត្រូវតែជម្លៀសខ្លួនចេញ ។ អ៊ីស្រាអែល និងក្រុមហេសបូឡា បានបន្តវាយប្រហារគ្នាទៅវិញទៅមក នៅតំបន់ភាគខាងត្បូងលីបង់ ជាទីដែលអ៊ីស្រាអែលបង្កើតតំបន់សន្តិសុខប្រកាសដោយខ្លួនឯង បើទោះបីជាមានបទឈប់បាញ់រៀបចំឡើងដោយសហរដ្ឋអាមេរិក ត្រូវបានប្រកាសកាលពីថ្ងៃទី ១៦ ខែមេសាក៏ដោយ ។ ស្របពេលដែលអ៊ីស្រាអែល និងក្រុមហេសបូឡា នៅតែអូសបន្លាយសង្រ្គាម សហរដ្ឋអាមេរិកបានរៀបចំកិច្ចប្រជុំជុំទី ២រវាងឯកអគ្គរដ្ឋទូតលីបង់ និងអ៊ីស្រាអែលនៅទីក្រុងវ៉ាស៊ីនតោន ដែលជាការប្រាស្រ័យទាក់ទងកម្រិតខ្ពស់បំផុតរវាងក្រុមតំណាងអ៊ីស្រាអែល និងលីបង់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។ មន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយថា ក្រុមតំណាងមកពីអ៊ីស្រាអែល និងលីបង់ នឹងមានជំនួបជុំទី ៣ ក្នុងទីក្រុងវ៉ាស៊ីនតោន នាថ្ងៃព្រហស្បតិ៍ខាងមុខនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខUN៖ សំខាន់ណាស់ក្នុងការរក្សាទុកកងកម្លាំងUN នៅលីបង់ ក្រោយកងកម្លាំងរក្សាសន្តិភាពបច្ចុប្បន្នផុតអាណត្តិ
06/02/2026 09:06 AM
លីបង់ ប្រកាសបទឈប់បាញ់ដោយផ្នែករវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា ប៉ុន្តែការវាយប្រហារនៅតែបន្ត
06/02/2026 09:06 AM
មនុស្ស៤នាក់ស្លាប់ និងមួយចំនួនរងរបួសបន្ទាប់ពីការវាយប្រហារដ៏ធំរបស់រុស្ស៊ីទូទាំងអ៊ុយក្រែន
06/02/2026 09:06 AM
លោក Trump ថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការយ៉ាងលឿន ទោះមានការគំរាមកំហែងពង្រីកសង្គ្រាមក៏ដោយ
06/02/2026 08:06 AM
ក្រសួងសេដ្ឋកិច្ចដាក់ឱ្យប្រើប្រាស់ជាកាតព្វកិច្ច​ ប្រព័ន្ធវិក្កយបតអឡិចត្រូនិកកម្ពុជាជំហានទី៤
06/02/2026 08:06 AM
ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM