ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

ព័ត៌មានអន្តរជាតិ

កាតា ប៉ាគីស្ថាន និងអេហ្ស៊ីប ស្នើបទឈប់បាញ់ក្នុងពេលមានការវាយប្រហាររបស់អ៊ីរ៉ង់លើរដ្ឋឈូងសមុទ្រ

2026/07/23 11:19:27 pm        128
រយៈពេល១២យប់ជាប់ៗគ្នានៃការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើអ៊ីរ៉ង់ ខណៈជាប្រតិបត្តិការមានទំហំស្មើរគ្នា ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា កងកម្លាំងរបស់លោកនឹងវាយប្រហារស្ពាន ឬរោងចក្រថាមពលអ៊ីរ៉ង់គ្រប់ពេលដែលនាវាត្រូវបានវាយប្រហារនៅក្នុងច្រកសមុទ្រ Hormuz ។អ៊ីរ៉ង់និយាយថា ពួកគេនឹងមានចំណាត់ការតាមរបៀបដូចគ្នា។ យើងបានមើលឃើញការវាយប្រហារទាំងនេះបន្តនៅទូទាំងប្រទេសក្រុមប្រឹក្សាប្រតិបត្តិការឈូងសមុទ្រ(GCC) មានកូវ៉ែត និងបារ៉ែន ក្នុងរយៈពេល ១២ ថ្ងៃកន្លងទៅនេះ និងរួមទាំងប្រទេសហ្ស៊កដានីផងដែរ។ កាលពីថ្ងៃពុធ យោធារបស់ប្រទេសហ្ស៊កដានី បាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួនបួនគ្រាប់ ហើយកូវ៉ែតក៏ត្រូវបានវាយប្រហារ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ យើងបានឃើញប្រទេសក្រុមប្រឹក្សាប្រតិបត្តិការឈូងសមុទ្រ(GCC) ស្ថិតក្រោមការវាយប្រហារសម្រាប់សង្គ្រាមដែលពួកគេពុំមែនជាអ្នកចាប់ផ្តើម ជាសង្គ្រាមដែលពួកគេនិយាយថាមិនគាំទ្រ ហើយក៍កំពុងខិតខំដើម្បីនាំយកបទឈប់បាញ់មកវិញ។ព័ត៌មានចុងក្រោយអំពីបញ្ហានេះ យើងបានឃើញប្រទេសកាតា ប៉ាគីស្ថាន និងអេហ្ស៊ីប ស្នើឱ្យមានបទឈប់បាញ់រយៈពេល ១០ ថ្ងៃរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដើម្បីកុំឱ្យជម្លោះនេះរាលដាលទៅជាជម្លោះក្នុងតំបន់។

ចរាចរណ៍ទាំងនៅច្រកសមុទ្រ Hormuz និង Bab el-Mandeb ថយចុះខ្លាំង ខណៈការបារម្ភពីសន្តិសុខកើនឡើង

2026/07/23 11:17:09 pm        104
ក្រុមហ៊ុនវិភាគការដឹកជញ្ជូន ខេផ្លឺ(Kpler) បាននិយាយកាលពីថ្ងៃពុធថា ចរាចរណ៍ទាំងនៅច្រកសមុទ្រ Hormuz និងច្រកសមុទ្រ Bab el-Mandeb បានថយចុះយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ខណៈក្តីបារម្ភអំពីសន្តិសុខកើនឡើងក្នុងពេលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំង។ យោងតាមទិន្នន័យដែលចេញផ្សាយដោយ Kpler នៅលើបណ្តាញផ្សព្វផ្សាយសង្គមបានឲ្យដឹងថា ការឆ្លងកាត់ច្រកសមុទ្រ Hormuz បានថយចុះ៣១ភាគរយកាលពីមួយថ្ងៃមុនមកនៅត្រឹមនាវា៩គ្រឿង និងនៅច្រកសមុទ្រ Bab el Mandeb ថយចុះ៣៤ភាគរយ មកនៅត្រឹមនាវា២៩គ្រឿង។ ខេផ្លឺ(Kpler) បាននិយាយថា ទោះបីជាការដឹកជញ្ជូនបន្តឆ្លងកាត់ចំណុចច្រកតូចចង្អៀតទាំងពីរក៏ដោយ ទំនុកចិត្តប្រតិបត្តិការនៅតែស្ថិតក្រោមសម្ពាធ។ យោងតាមក្រុមហ៊ុនតាមដាន Kpler បានឲ្យដឹងថា នាវាចំនួនបួនគ្រឿងបានត្រឡប់ក្រោយនៅជិតឈូងសមុទ្រ Aden ដែលបង្ហាញថាប្រតិបត្តិករកំពុងមានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីការគំរាមកំហែងរបស់ក្រុមហ៊ូទីប្រឆាំងការដឹកជញ្ជូនមានទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីត។ Kpler បានព្រមានថា ការវាយប្រហារដែលនៅតែបន្តនៅជុំវិញចំណុចច្រកសមុទ្រតូចចង្អៀតច្រកទាំងពីរអាចផ្លាស់ប្តូរផ្លូវដឹកជញ្ជូន បង្កើនថ្លៃដឹកជញ្ជូន និងរក្សាហានិភ័យភូមិសាស្ត្រនយោបាយនៅក្នុងទីផ្សារថាមពលសកលនៅខ្ពស់។ ក្រុមហ៊ូទីបានប្រកាសបម្រាមដឹកជញ្ជូនតាមផ្លូវសមុទ្រលើប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃចន្ទ ដោយបង្កើនការព្រួយបារម្ភថាការរំខានដែលប៉ះពាល់ដល់ច្រកសមុទ្រ Hormuz អាចរាលដាលដល់ច្រកសមុទ្រដ៏សំខាន់មួយទៀត។ ក្នុងការឆ្លើយតប ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតនៅយេម៉ែនបាននិយាយថា ខ្លួននឹងចាត់វិធានការចាំបាច់ដើម្បីការពារនាវាពាណិជ្ជកម្មរបស់ខ្លួននៅច្រកសមុទ្រ Bab al-Mandab និងឆ្លើយតបយ៉ាងដាច់ខាតចំពោះការគំរាមកំហែងណាមួយ។

លោក Trump ព្រមានពីការបិទរដ្ឋាភិបាលអាមេរិកដែលអាចកើតឡើងនៅក្នុងខែកញ្ញា

2026/07/23 10:34:49 pm        82
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃពុធបានព្រមានថា រដ្ឋាភិបាលសហព័ន្ធអាចប្រឈមនឹងការបិទនៅក្នុងខែកញ្ញា ខណៈភាពខ្វែងគំនិតគ្នាទ្វេរបក្សជុំវិញការចំណាយរបស់សហព័ន្ធនៅតែបន្ត និងក្នុងពេលពេលសភាបន្តទៅមុខជាមួយនឹងវិធានការផ្តល់មូលនិធិរយៈពេលខ្លីដើម្បីរក្សាប្រតិបត្តិការរបស់រដ្ឋាភិបាលឱ្យនៅដំណើរការហួសពីចុងឆ្នាំសារពើពន្ធនេះ។ ថ្លែងនៅក្នុងរដ្ឋ Georgia លោក Trump បាននិយាយថា រដ្ឋាភិបាលសហព័ន្ធ អាចបិទនៅក្នុងខែកញ្ញា ដោយសារតែគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ នៅតែខ្វែងគំនិតគ្នាលើអាទិភាពនៃការចំណាយ។ សភាសហរដ្ឋអាមេរិកដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ បានអនុម័តសេចក្តីស្នើច្បាប់ចំណាយរយៈពេលខ្លី ដែលនឹងផ្តល់មូលនិធិដល់ទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធរហូតដល់ថ្ងៃទី៤ ខែធ្នូ ក្នុងគោលបំណងទប់ស្កាត់ការបិទរដ្ឋាភិបាលនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។ វិធានការផ្តល់មូលនិធិបណ្តោះអាសន្ន ដែលត្រូវបានគេស្គាល់ផងដែរថាជាដំណោះស្រាយបន្ត (CR) បច្ចុប្បន្ននឹងត្រូវបានបញ្ជូនទៅព្រឹទ្ធសភាសម្រាប់ការពិចារណា។ មេដឹកនាំក្រុមសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភា កំពុងចរចាជាមួយក្រុមប្រជាធិបតេយ្យ ហើយក៏កំពុងថ្លឹងថ្លែងសំណើផ្តល់មូលនិធិរយៈពេលខ្លីដាច់ដោយឡែក។ ប្រសិនបើសភាបរាជ័យក្នុងការអនុម័តនិយ័តកម្មសំណើថវិកាឲ្យបានទាន់ពេលវេលា នោះការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារ និងកម្មវិធីសហព័ន្ធភាគច្រើននឹងផុតកំណត់នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី៣០ ខែកញ្ញា ជាចុងបញ្ចប់នៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ដែលបង្កឱ្យមានការបិទរដ្ឋាភិបាលដោយផ្នែក។

សារព័ត៌មាន FT៖ សហភាពអឺរ៉ុបអាចអនុញ្ញាតឲ្យក្រិកបន្តដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ី

2026/07/23 10:33:07 pm        96
ក្រុមហ៊ុនដឹកជញ្ជូននាវារបស់ក្រិក Dynagas នឹងទទួលបានការអនុញ្ញាតឲ្យបន្តដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) ដែលផលិតនៅប្រទេសរុស្ស៊ី។ កាសែត Financial Times (FT) បានរាយការណ៍ដោយដកស្រង់ប្រភពថា សហភាពអឺរ៉ុប (EU) បានត្រៀមខ្លួនធ្វើសម្បទានមួយចំនួន ជាផ្នែកនៃកញ្ចប់ទណ្ឌកម្មលើកទី២១ របស់ខ្លួន។ យោងតាមរបាយការណ៍ កិច្ចព្រមព្រៀងនេះ ដែលនៅតែត្រូវការការអនុម័តពីប្រទេសសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប នឹងអនុញ្ញាតឲ្យក្រុមហ៊ុននានាបន្តដឹកជញ្ជូនឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ីទៅកាន់ប្រទេសទី៣ រយៈពេល ១២ ខែ ហើយអាចបន្តអាណត្តិបានទៀត។ ទោះជាយ៉ាងណា បរិមាណដឹកជញ្ជូននឹងត្រូវបានកំណត់មិនឲ្យលើសកម្រិតក្នុងឆ្នាំ ២០២៥ទេ។ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃពុធថា អាជ្ញាធរសហភាពអឺរ៉ុប បានអស់គំនិតក្នុងការដាក់ចេញវិធានការថ្មីៗ សម្រាប់បញ្ចូលក្នុងកញ្ចប់ទណ្ឌកម្មលើកទី២១ ប្រឆាំងនឹងរុស្ស៊ី ព្រោះវិធានការបន្ថែមទាំងនោះ អាចបង្កផលប៉ះពាល់ដល់ប្រទេសសមាជិករបស់EUផ្ទាល់។ ចំណែកសារព័ត៌មាន FT បានរាយការណ៍កាលពីថ្ងៃទី១៩ ខែកក្កដា ថា ប្រទេសក្រិកបានជំទាស់នឹងទណ្ឌកម្មថ្មីៗ ដោយសារការហាមឃាត់របស់គណៈកម្មការអឺរ៉ុបលើការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ី អាចប៉ះពាល់ដល់ក្រុមហ៊ុនដឹកជញ្ជូននាវា Dynagas៕

រុស្ស៊ី និងចិន អំពាវនាវឲ្យអាមេរិក និងអ៊ីរ៉ង់ បញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន

2026/07/23 10:30:31 pm        81
ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Georgy Borisenko និងសមភាគីចិន លោក Miao Deyu បានជួបពិគ្រោះយោបល់នយោបាយអំពីបញ្ហានៅមជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក។ ក្នុងជំនួបនោះ ប្រទេសទាំងពីរ បានគាំទ្រឲ្យមានការបញ្ចប់អរិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងជំរុញឲ្យដោះស្រាយជម្លោះដោយផ្អែកលើអនុស្សរណៈទីក្រុងអ៊ីស្លាម៉ា បាដ។ ក្រសួងការបរទេសរុស្ស៊ីបានរាយការណ៍ថា៖«កិច្ចពិភាក្សាបានផ្តោតសំខាន់លើការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបញ្ឈប់អរិភាពរវាងអាមេរិក និងអ៊ីរ៉ង់ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយវិលត្រឡប់ទៅរកដំណើរការនយោបាយ និងការទូត ដោយផ្អែកលើអនុស្សរណៈទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងយូរអង្វែង។ ភាគីទាំងពីរ ក៏បានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្របសម្រួលពីប្រទេសប៉ាគីស្ថាន និងបណ្តាប្រទេស អារ៉ាប់ផងដែរ»។យោងតាមក្រសួងការបរទេសរុស្ស៊ី ភាគីទាំងពីរបានកត់សម្គាល់ថា ប្រទេសដែលមិនពាក់ព័ន្ធនឹងការប្រយុទ្ធ គួរតែរួមចំណែកលើកកម្ពស់សន្តិភាព មិនមែនបង្កជម្លោះ ឬភាពបែកបាក់នោះទេ។ របាយការណ៍បានបញ្ជាក់ថា៖«ក្នុងបរិបទនេះ ភាគីរុស្ស៊ីបានបង្ហាញសំណើរបស់ខ្លួន ស្របតាមគោលគំនិតដែលបានធ្វើបច្ចុប្បន្នភាពស្តីពីការធានាសន្តិសុខរួមនៅតំបន់ឈូងសមុទ្រពែក្ស»៕

IRNA៖ អ៊ីរ៉ង់នៅតែបន្តផលិតមីស៊ីលនៅទីតាំងដែលសហរដ្ឋអាមេរិកមិនស្គាល់

2026/07/23 10:12:08 pm        72
ទីភ្នាក់ងារព័ត៌មាន IRNA បានដកស្រង់សម្តីលោក Abolfazl Shekarchi អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ដែលបាននិយាយថា៖ «សហរដ្ឋអាមេរិក ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត និងឧបករណ៍ស៊ើបការណ៍សម្ងាត់ជាច្រើន មិនអាចរកឃើញទីតាំងផលិតមីស៊ីលដែលនៅតែបន្តដំណើរការទាំងនោះបានទេ»។ លោកបាននិយាយថា៖ «សូម្បីតែទីតាំងនៃកន្លែងផលិតមីស៊ីលមួយចំនួនរបស់យើង ក៏គូប្រជែងមិនបានដឹងដែរ ទោះបីពួកគេមានឧបករណ៍ និងបច្ចេកវិទ្យាស៊ើបការណ៍ទាំងអស់ក៏ដោយ។ ពួកគេមិនដឹងថា ទីតាំងទាំងនោះ ស្ថិតនៅឯណាទេ ឬក៏ពួកវាស្ថិតនៅក្នុងតំបន់សមុទ្រ»។ លោក Shekarchi បានកត់សម្គាល់ថា ការផលិតយានដ្រូន និងមីស៊ីលនៅអ៊ីរ៉ង់ មិនបានផ្អាកឡើយ ទាំងអំឡុងពេលសង្គ្រាម និងបទឈប់បាញ់។ ការកើនឡើងភាពតានតឹងថ្មីៗក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ០៨ ខែកក្កដា។ ជាលើកដំបូង ចាប់តាំងពីការចុះហត្ថលេខាលើអនុស្សរណៈរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ សហរដ្ឋអាមេរិក បានបើកការវាយប្រហារជាច្រើនលើកលើទឹកដីសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ដោយអះអាងថា ជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្មមួយនៅច្រកសមុទ្រហ័រមូស ។ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់។ ជាផ្នែកមួយនៃសកម្មភាពសងសឹករបស់ខ្លួន ទីក្រុងតេអេរ៉ង់បានចាប់ផ្តើមវាយប្រហារលើទីតាំងរបស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា រួមមាន បារ៉ែន ហ្ស៊កដានី កាតា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអូម៉ង់៕

បេសកជនអាមេរិក៖ លោក TRUMP កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីធានាសន្តិភាពនៅអ៊ុយក្រែន

2026/07/23 10:08:29 pm        89
លោក Mike Waltz តំណាងអចិន្ត្រៃយ៍សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីសម្រេចបានដំណោះស្រាយដោយសន្តិវិធីនៅអ៊ុយក្រែន។លោក Waltz បានប្រាប់សវនាការរបស់គណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកថា៖ លោកប្រធានាធិបតី កំពុងធ្វើអ្វីគ្រប់យ៉ាងដែលលោកអាចធ្វើបាន ដើម្បីបញ្ចប់សង្គ្រាម»។ ទោះជាយ៉ាងណា លោកបានកត់សម្គាល់ថា ភាគីពាក់ព័ន្ធទាំងពីរ នៅមិនទាន់ «យល់ព្រមឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយ» នៅឡើយទេ។ លោកបានបន្ថែមថា រដ្ឋបាលអាមេរិកកំពុងដាក់សម្ពាធ និងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីបញ្ចប់សង្គ្រាមនេះ។ លោក Waltz ក៏ពិតជាទទួលស្គាល់ថា លោក ត្រាំ បានប៉ាន់ស្មានទាបពេកចំពោះភាពស្មុកស្មាញនៃភារកិច្ចនេះ នៅពេលកន្លងមកលោកបាននិយាយថា លោកអាចដោះស្រាយជម្លោះនៅអ៊ុយក្រែនបានក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ បេសកជនរូបនេះ បាននិយាយថា៖ «លោកប្រធានាធិបតីបានរកឃើញថា ទោះបីជាលោក និងក្រុមការងាររបស់លោក បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក៏ដោយ ក៏វានៅតែជាកិច្ចខិតខំប្រឹងប្រែងមួយ ដែលបង្កឲ្យមានការខកចិត្តយ៉ាងខ្លាំង»៕

អ៊ីរ៉ង់និយាយថា ខ្លួនបានបញ្ឈប់នាវាដឹកប្រេងបីគ្រឿងដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស

2026/07/23 10:06:19 pm        76
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានរារាំងនាវាដឹកប្រេងចំនួន ៣ គ្រឿង មិនឲ្យឆ្លងកាត់ច្រកសមុទ្រហ័រមូស ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងប្រជែងគ្នា ដើម្បីគ្រប់ គ្រងផ្លូវទឹកដ៏មួយនេះ។ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ៊ីរ៉ង់បានវាយប្រហារលើនាវាដឹកប្រេង ដែលប្រើផ្លូវធ្វើដំណើរតាមបណ្តោយឆ្នេរអូម៉ង់ ដើម្បីឆ្លងកាត់ច្រកសមុទ្រ ដោយមានគោលបំណងបង្ខំឲ្យនាវាទាំងនោះប្រើដែនទឹករបស់ខ្លួន និងបង់ប្រាក់សម្រាប់ការឆ្លងកាត់ដោយសុវត្ថិភាព។កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ដកស្រង់ថា៖ «នាវាដឹកប្រេងចំនួន ៣គ្រឿង ដែលត្រូវបានបង្កហេតុ និងជំរុញដោយកងទ័ពអាមេរិក បានព្យាយាមឆ្លងកាត់ផ្លូវដែលមានដាក់មីន នៅភាគខាងត្បូងច្រកសមុទ្រហ័រមូស ប៉ុន្តែបន្ទាប់ពីនាវាមួយគ្រឿងបានផ្ទុះ និងឆាបឆេះ នាវាពីរគ្រឿងផ្សេងទៀត បានបង្វែរទិសដៅយ៉ាងឆាប់រហ័ស ហើយត្រឡប់ក្រោយវិញ»។សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង នៅពេលណានោះទេ៕

ប្រភព៖ ជំនួបលោក TRUMP-លោក NETANYAHU ត្រូវពន្យារពេល ខណៈអាមេរិកជំរុញឲ្យដកទ័ពចេញពីលីបង់

2026/07/23 10:03:57 pm        84
ប្រភពមួយដែលដឹងអំពីព័ត៌មានលម្អិត បានប្រាប់សារព័ត៌មានអ៊ីស្រាអែល Haaretz ថា ជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូដែលគ្រោងធ្វើឡើងនៅសប្ដាហ៍នេះ ត្រូវបានពន្យារពេល តាមសំណើរបស់ភាគីអាមេរិក។ខណៈប្រភពមួយបានអះអាងថា ស្ថានការណ៍នៅអ៊ីរ៉ង់ជាមូលហេតុនៅពីក្រោយការពន្យារពេលនេះ ប្រភពពីរផ្សេងទៀត បាននិយាយថា ជំនួបនេះត្រូវបានពន្យារពេល ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលឲ្យចាប់ផ្តើមដកទ័ពចេញពីតំបន់សាកល្បងដំបូងនៅភាគខាងត្បូងប្រទេសលីបង់ និងអនុញ្ញាតឲ្យកងទ័ពលីបង់ដាក់ពង្រាយនៅទីនោះជំនួសវិញ។ប្រភពអ៊ីស្រាអែលមួយបានបដិសេធថា ភាគីអាមេរិកមិនមែនជាអ្នកសម្រេចលើកពេលជំនួបរវាងលោក ត្រាំ និងលោក នេតាន់យ៉ាហ៊ូ នោះទេ។ ប្រភពនោះបាននិយាយថា ជំនួបនេះត្រូវបានគ្រោងធ្វើឡើង នៅថ្ងៃចន្ទ។ ផ្ទុយទៅវិញ គេបានអះអាងថា ការពន្យារពេលនេះ បណ្តាលមកពីការសម្រេចចិត្តរបស់លោក នេតាន់យ៉ាហ៊ូ ក្នុងការពន្យារពេលជើងហោះហើររបស់លោកទៅកាន់សហរដ្ឋអាមេរិក ដោយសារតែពិធីបុណ្យសពរបស់សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ លោក Lindsey Graham ត្រូវបានលើកពេល។ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីម្នាក់ក្នុងរដ្ឋបាលរបស់លោក ត្រាំ បានប្រាប់កាសែត Haaretz ថា តាំងពីដំបូងមក មិនមានការកំណត់ពេលជំនួបណាមួយរវាងមេដឹកនាំទាំងពីរ នៅសេតវិមាននោះទេ៕

មន្ត្រីរដ្ឋាភិបាល៖ អ៊ីរ៉ាក់បាត់បង់ចំណូលជាង ៤០ ពាន់លានដុល្លារ ដោយសារសង្គ្រាម

2026/07/23 09:58:07 pm        75
មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ាក់បានបាត់បង់ចំណូលជាង ៤០ ពាន់លានដុល្លារ អាមេរិក ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ា បានផ្ទុះឡើង ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនូវការនាំចេញប្រេង ដែលជាប្រភពចំណូលសំខាន់របស់ប្រទេសនេះ។ ជម្លោះ និងការបិទច្រកសមុទ្រហ័រមូសដោយអ៊ីរ៉ង់ បានរារាំងការដឹកជញ្ជូនប្រេង និងជំរុញឲ្យប្រទេសផលិតប្រេងសំខាន់ៗ រួមទាំងអ៊ីរ៉ាក់ កាត់បន្ថយការផលិត ដែលបានធ្វើឲ្យទីផ្សារថាមពលពិភពលោករង្គោះ រង្គើ។ មុនពេលសង្គ្រាមផ្ទុះឡើង ដែលបានចាប់ផ្តើមដោយការវាយប្រហាររួមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ នៅចុងខែកុម្ភៈ អ៊ីរ៉ាក់បានផលិតប្រេងប្រមាណ ៤ លានបារ៉ែល ក្នុងមួយថ្ងៃ និងនាំចេញជាមធ្យម ៣,៥ លានបារ៉ែលក្នុងមួយថ្ងៃ ដែលភាគច្រើនដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស។ ប៉ុន្តែ អ៊ីរ៉ាក់ ដែលជាសមាជិកស្ថាបនិករបស់អង្គការ OPEC ត្រូវបានបង្ខំឲ្យផ្អាកការផលិតនៅតំបន់អណ្ដូងប្រេងភាគច្រើនរបស់ខ្លួន បន្ទាប់ពីឃ្លាំងស្តុកប្រេងបានពេញ ការនាំចេញប្រេងរបស់ប្រទេសនេះ ត្រូវកំណត់ត្រឹមផ្លូវដឹកជញ្ជូនឆ្លងកាត់ប្រទេសជិតខាង គឺទួរគី និងស៊ីរី។ លោក Muzhar Saleh ទីប្រឹក្សាហិរញ្ញវត្ថុរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បាននិយាយថា៖ «សម្រាប់អ៊ីរ៉ាក់ ដោយសារការនាំចេញប្រេងបានធ្លាក់ចុះ ៩០ភាគរយ…រួមជាមួយនឹងការធ្លាក់ចុះនៃអត្រាកំណើនសេដ្ឋកិច្ច …ការខាតបង់ដែលបានប៉ាន់ស្មានមានចន្លោះពី ៤០ ពាន់លានដុល្លារ ទៅ ៤៥ ពាន់លានដុល្លារ គិតត្រឹមខែមិថុនា ឆ្នាំ ២០២៦»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM
ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
07/25/2026 01:07 PM
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
07/25/2026 01:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
07/25/2026 01:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM