ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

ព័ត៌មានអន្តរជាតិ

UN៖ ជនអន្តោប្រវេសន៍យ៉ាងតិច ១៤៤នាក់ បានស្លាប់ ឬបាត់ខ្លួន នៅឆ្នេរសមុទ្រអាហ្វ្រិក

2026/07/23 09:55:50 pm        194
យ៉ាងហោចណាស់ជនអន្តោប្រវេសន៍ចំនួន ១៤៤ នាក់ បានស្លាប់ ឬបាត់ខ្លួន បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់តាមសមុទ្រដាច់ដោយឡែកពីគ្នា នៅឆ្នេរសមុទ្រនៃប្រទេសម៉ូរីតានី។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានរាយការណ៍ថា ខ្លួនពិតជា​មានភាពសោកសៅយ៉ាងខ្លាំង ចំពោះព្រឹត្តិការណ៍ទាំងនេះ។ លោក Matthew Saltmarsh អ្នកនាំពាក្យរបស់ UNHCR បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារថា ប្រតិបត្តិការជួយសង្គ្រោះ និងចូលចតចំនួនបីលើក ដែលបានធ្វើឡើង រវាងថ្ងៃទី ១៤ និង ១៨ ខែកក្កដា បាននាំមនុស្សចំនួន ៣៨៧នាក់ ទៅកាន់ច្រាំងដោយសុវត្ថិភាពនៅក្នុងទីក្រុង Nouadhibou ភាគពាយ័ព្យ។ អ្នកនៅរស់រានមានជីវិតមកពីប្រទេសជាច្រើន ប៉ុន្តែទីភ្នាក់ងារនេះ មិនបានបង្ហាញសញ្ជាតិរបស់ពួកគេទេ។ លោក Saltmarsh បាននិយាយថា៖ «នេះគឺជាការរំលឹកយ៉ាងច្បាស់ថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ពីអាជ្ញាធរតំបន់ឆ្នេរ និងដៃគូមនុស្សធម៌ ដើម្បីជួយសង្គ្រោះជីវិតមនុស្សក៏ដោយ ក៏ផ្លូវធ្វើដំណើរតាមមហាសមុទ្រអាត្លង់ទិកពីអាហ្វ្រិកខាងលិចឆ្ពោះទៅកាន់កោះកាណារី (Canary) នៅតែជាច្រកធ្វើ​ ដំណើរ​ចម្រុះដ៏​គ្រោះថ្នាក់បំផុតមួយនៅ​ក្នុងពិភពលោក»។ ហេតុការណ៍ដែលមានចំនួនអ្នកស្លាប់ច្រើនបំផុតដែលត្រូវបានរាយការណ៍ គឺពាក់ព័ន្ធនឹងទូកមួយគ្រឿងដែលបានចេញដំណើរពីភូមិឆ្នេរ Bafuloto ក្នុងប្រទេសហ្គាំប៊ី ឆ្ពោះទៅប្រទេសអេស្ប៉ាញ។ មានមនុស្សតែ ៣៨ នាក់ប៉ុណ្ណោះ ដែលបានរស់រានមានជីវិត បន្ទាប់ពីពួកគេជាប់គាំងនៅមហាសមុទ្រអាត្លង់ទិកអស់រយៈពេលជិត​ ២៥ថ្ងៃ ខណៈអ្នកដំណើរ ១៤៤នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់ ឬបាត់ខ្លួន៕ 

ក្រុមហ៊ូទីនៅយេម៉ែនអះអាងថា ខ្លួនបានវាយប្រហារនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ២គ្រឿង នៅសមុទ្រក្រហម

2026/07/23 09:51:35 pm        76
ក្រុមហ៊ូទីនៅប្រទេសយេម៉ែនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបើកប្រតិបត្តិការយោធាមួយដោយកំណត់គោលដៅលើនាវាដឹកប្រេងពីរគ្រឿងរបស់អារ៉ាប៊ីសាអ៊ូឌីត នៅក្នុងសមុទ្រក្រហម ហើយបានអះអាងថា នាវាទាំងនោះបានរំលោភលើការរឹតបន្តឹងដែនសមុទ្រដែលក្រុមនេះបានប្រកាសថ្មីៗនេះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយដោយទូរទស្សន៍ Al-Masirah របស់ក្រុមនេះ អ្នកនាំពាក្យយោធាហ៊ូទី លោក Yahya Sarea បាននិយាយថា កងកម្លាំងហ៊ូទីបានកំណត់គោលដៅលើនាវាដឹកប្រេង ដែលត្រូវបានគេស្គាល់ថា ENCELIA និង LAYLA ដោយប្រើមីស៊ីលបាលីស្ទីក មីស៊ីលតម្រង់គោលដៅ និងយានដ្រូន»។លោក Sarea បាននិយាយថា នាវាទាំងនោះត្រូវបានកំណត់គោលដៅ ដោយសារការរំលោភលើការហាមឃាត់ដែលដាក់ដោយកងកម្លាំងប្រដាប់អាវុធរបស់ក្រុមនេះលើនាវាដែលចូលចតនៅកំពង់ផែអារ៉ាប៊ីសាអ៊ូ ឌីត។ លោកបានអះអាងថា ការវាយប្រហារនេះ បានបណ្តាលឲ្យអគ្គិភ័យឆាបឆេះនាវាដឹកប្រេងទាំងពីរគ្រឿង ហើយបានសម្រេចបាននូវគោលបំណងរបស់ពួកគេដោយជោគជ័យ។សេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់ពីទីតាំងនៃហេតុការណ៍ ឬផ្តល់ភស្តុតាងនៃការខូចខាតដែលត្រូវបានចោទប្រកាន់នោះទេ ហើយក៏មិនបាននិយាយថាតើមានអ្នកស្លាប់ឬ របួសឬអត់នោះទេ។ការអះអាងទាំងនេះ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ ហើយមិនមានការអត្ថាធិប្បាយភ្លាមៗពីអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតទេ៕

ទាហាន​ ៥នាក់ ស្លាប់ ដោយសារ​ការ​​វាយប្រហារ​ប៉ុស្តិ៍​ត្រួតពិនិត្យ នៅ​ភាគខាង​ត្បូង​ថៃ

2026/07/23 08:58:12 pm        126
យ៉ាងហោចណាស់ទាហានប៉ារ៉ា ៥នាក់ ត្រូវបានសម្លាប់ ហើយ​អ្នកភូមិ ៥នាក់រងរបួស អំឡុង​ការវាយឆ្មក់ នៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយកន្លែង នៅភាគខាងត្បូងប្រទេសថៃ កាលពីយប់ថ្ងៃពុធ (ទី២២ ខែកក្កដា ឆ្នាំ២០២៦)។ នេះបើយោងតាមការ​ឱ្យដឹង​ពី​កងទ័ព។ ហេតុការណ៍នេះបានកើតឡើងនៅស្រុក Ra-ngae (រ៉ាង៉េ) ភាគខាងត្បូងខេត្ត Narathiwat (ណារ៉ាធីវ៉ាត) នៅពេលដែលអ្នកវាយប្រហារចំនួន ៦នាក់ស្លៀកពាក់ខ្មៅ បានបើកការបាញ់ប្រហារ និងគប់គ្រាប់បែក នៅប៉ុស្តិ៍​ត្រួតពិនិត្យនោះ​។ ជន​រង​គ្រោះ​ទាំង ៥រូប​នោះ បានបាត់បង់ជីវិត​នៅកន្លែងកើតហេតុ ខណៈដែលក្រុមវាយប្រហារ បានរត់គេចខ្លួន ហើយក្រុមសង្គ្រោះបន្ទាន់បានដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។ បុគ្គលិកសន្តិសុខបានបិទចំណុចត្រួតពិនិត្យនេះ​ និងតំបន់ជុំវិញ ហើយបានបើកប្រតិបត្តិការ ដើម្បីកំណត់អត្តសញ្ញាណ និងតាម​ចាប់ខ្លួនអ្នកដែលត្រូវ​ទទួលខុសត្រូវ៕

មេដឹកនាំអ៊ុយក្រែន ពិចារណាទៅទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយបន្ទាប់ពីពិភាក្សាជាមួយប្រេសិតលោកTrump

2026/07/23 07:43:34 pm        87
សារព័ត៌មាន Suspilne បានរាយការណ៍កាលពីថ្ងៃ ២២ កក្កដាសប្ដាហ៍នេះ ដោយដកស្រង់ប្រភពការទូត ថា លោកប្រធានាធិបតី Volodymyr Zelenskyy កំពុងពិចារណាទៅទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ដើម្បីចូលរួមពិធីបុណ្យសពរបស់សមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham ដែលបានទទួលមរណភាព ដោយដំណើរទស្សនកិច្ចនេះ រួមមានការពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីអាមេរិក Donald Trump ។ យោងតាមសារព័ត៌មាន Suspilne លោក Zelenskyy បានទទួលការអញ្ជើញឱ្យចូលរួមពិធីបុណ្យសពរបស់លោក Graham ដែលគ្រោងនឹងធ្វើឡើងនៅវិហារជាតិវ៉ាស៊ីនតោននៅថ្ងៃទី២៨ ខែកក្កដា។ ប្រភពបានប្រាប់សារព័ត៌មាន Suspilne របស់អ៊ុយក្រែន ថា ការិយាល័យប្រធានាធិបតីមិនទាន់បានបញ្ជាក់នៅឡើយទេថាតើលោក Zelenskyy នឹងធ្វើដំណើរទៅ ឬអត់ ដោយរដ្ឋបាលកំពុងពិចារណាបញ្ជូនមន្ត្រីជាន់ខ្ពស់មួយជំនួសរូបលោក។ការិយាល័យប្រធានាធិបតីពុំទាន់បានសម្រេចព័ត៌មានលម្អិតនៃដំណើរទស្សនកិច្ចដែលអាចកើតមាននៅឡើយទេ។ ជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ទាំងអ៊ុយក្រែន និងប្រធានាធិបតី Trump លោក Graham បានស្លាប់ភ្លាមៗនៅថ្ងៃទី ១១ ខែកក្កដា បន្ទាប់ពីត្រឡប់មកពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវ ក្រោយបានប្រកាសថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយសេតវិមានលើសេចក្តីព្រាងច្បាប់ទណ្ឌកម្មរុស្ស៊ីដែលត្រូវបានពន្យារពេលជាយូរមកហើយ។ ដំណើរទស្សនកិច្ចដែលអាចកើតមានទៅកាន់សហរដ្ឋអាមេរិកនេះ បានកើតឡើងស្របពេលមានការផ្អាករយៈពេលប្រាំមួយខែក្នុងការចរចាសន្តិភាពរវាងទីក្រុងគីវ ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន។ក្នុងថ្ងៃជាមួយគ្នានោះ មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថា រូបលោកជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Steve Witkoff និងលោក Jared Kushner បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោកTrump ដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ។លោកថាជំនួបនោះប្រព្រឹត្តិទៅយ៉ាងល្អដោយផ្ដោតលើការនាំមកនូវសន្តិភាព និងពន្លឿងផ្លូវការទូត៕

រថក្រោះអ៊ីស្រាអែល ត្រូវបានគេមើលឃើញនៅព្រំដែនលីបង់ នៅមុនកិច្ចចរចានៅអ៊ីតាលីក្នុងខែសីហា

2026/07/23 06:58:46 pm        54
រថក្រោះរបស់អ៊ីស្រាអែល ត្រូវបានគេមើលឃើញនៅព្រំដែនលីបង់-អ៊ីស្រាអែល កាលពីថ្ងៃពុធ ទី២២ ខែកក្កដា ខណៈការដកទ័ពលើកដំបូងរបស់អ៊ីស្រាអែលក្រោមកម្មវិធីតំបន់សាកល្បង បានធ្វើឡើងក្នុងសប្តាហ៍នេះ។ កងកម្លាំងអ៊ីស្រាអែល បានដកកងទ័ពចេញពីទីក្រុង Zawtar al-Gharbiyeh ភាគខាងត្បូងប្រទេសលីបង់ ហើយកងទ័ពលីបង់បានចាប់ផ្តើមដាក់ពង្រាយនៅទីនោះ ប៉ុន្តែបានស្នើសុំឱ្យប្រជាជនពន្យារពេលការវិលត្រឡប់របស់ពួកគេរហូតដល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្នុងទីក្រុងនេះត្រូវបានបោសសម្អាត។ មន្ត្រីលីបង់ម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា ប្រទេសលីបង់និងអ៊ីស្រាអែល គ្រោងនឹងបើកកិច្ចចរចាជុំបន្ទាប់សម្របសម្រួលដោយសហរដ្ឋអាមេរិកនៅថ្ងៃទី៤ ខែសីហា នៅប្រទេសអ៊ីតាលី ខណៈប្រទេសទាំងពីរចាប់ផ្តើមអនុវត្តផែនការដកកងទ័ពរបស់អ៊ីស្រាអែល និងការដាក់ពង្រាយកងទ័ពលីបង់នៅភាគខាងត្បូងប្រទេសលីបង់។ សត្រូវយូរអង្វែងទាំងពីរ បានចរចាទល់មុខគ្នារយៈពេលជាងបីខែមកហើយដែលត្រូវបានគេចាត់ទុកថាជាមធ្យោបាយមួយដើម្បីបញ្ចប់អរិភាពជាអចិន្ត្រៃយ៍ចាប់តាំងពីសង្គ្រាមថ្មីបានផ្ទុះឡើងនៅថ្ងៃទី២ ខែមីនា រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡាលីបង់ ដែលបង្កឡើងដោយជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ។ កិច្ចប្រជុំដោយផ្ទាល់កម្រិតឯកអគ្គរដ្ឋទូត គឺខុសប្លែកពីធម្មតាសម្រាប់ប្រទេសដែលនៅតែស្ថិតក្នុងសង្គ្រាម ហើយពុំមានទំនាក់ទំនងការទូតជាប្រក្រតី តាមរយៈការឈ្លានពាន ការចូលកាន់កាប់ដោយយោធា និងជម្លោះឆ្លងព្រំដែនរាប់ទសវត្សរ៍។

អ្នកបើកបររថយន្តដឹកទំនិញរង់ចាំជាច្រើនថ្ងៃ ខណៈព្រិលធ្លាក់ខ្លាំងបិទច្រកព្រំដែនអាហ្សង់ទីន-ឈីលី

2026/07/23 06:53:18 pm        58
រថយន្តដឹកទំនិញប្រហែល ៦០០ គ្រឿងនៅតែជាប់គាំងកាលពីថ្ងៃពុធ ទី ២២ ខែកក្កដា នៅក្នុងក្រុង Mendoza ប្រទេសអាហ្សង់ទីនជិតព្រំដែនជាមួយប្រទេសឈីលី បន្ទាប់ពីព្យុះព្រិលបានរារាំងច្រកអន្តរជាតិ Cristo Redentor រយៈពេលជិតមួយសប្តាហ៍។វីដេអូពីយានដ្រូន បានបង្ហាញរថយន្តដឹកទំនិញរាប់រយគ្រឿងចតនៅក្នុងតំបន់ត្រួតពិនិត្យរួមគ្នា ជាកន្លែងដែលអ្នកបើកបរអាចរង់ចាំដោយសុវត្ថិភាពរហូតដល់អាជ្ញាធរបើកច្រកឆ្លងកាត់តំបន់ភ្នំឡើងវិញ។អ្នកបើកបររថយន្ត ដែលដឹកជញ្ជូនទំនិញពីប្រទេសអាហ្សង់ទីន ប្រេស៊ីល និងប្រទេសផ្សេងទៀតនៅក្នុងតំបន់ បានទទួលអាហារ និងទឹកពីអាជ្ញាធរអាហ្សង់ទីន និងសហជីពអ្នកបើកបររថយន្តដឹកទំនិញ ខណៈពួកគេរង់ចាំ។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា គំនរព្រិលបានកើនឡើងដល់បីម៉ែត្រនៅក្នុងតំបន់នោះ និងបានបិទផ្លូវហាយវ៉េជាច្រើនកន្លែងនៅក្នុងក្រុង Mendoza ។ ការព្យាករបាននិយាយថា ព្រិល និងសីតុណ្ហភាពទាប អាចបន្តរយៈពេល ១៤ ថ្ងៃទៀត។

សហរដ្ឋអាមេរិក ចេញការណែនាំដល់ពលរដ្ឋអាមេរិកនៅទូទាំងពិភពលោកឱ្យប្រុងប្រយ័ត្នខ្ពស់

2026/07/23 06:50:45 pm        49
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញការព្រមានជាថ្មីចំពោះសន្តិសុខដោយណែនាំពលរដ្ឋអាមេរិក នៅ «ទូទាំងពិភពលោកអនុវត្តការប្រុងប្រយ័ត្នខ្ពស់» ដោយសារតែភាពតានតឹងកើនឡើងនៅតំបន់មជ្ឈិមបូព៌ា។ ក្រសួងបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនថា «បរិយាកាសសន្តិសុខនៅតែស្មុគស្មាញដោយសក្តានុពលនៃការកើនឡើងមិនអាចមើលឃើញជាមុន»។ ការព្រមានបាននិយាយថា «អគារការទូតរបស់សហរដ្ឋអាមេរិក រួមទាំងនៅខាងក្រៅមជ្ឈិមបូព៌ា ត្រូវបានគេកំណត់គោលដៅ» ហើយបានព្រមានថា «អ៊ីរ៉ង់ និងក្រុមដែលគាំទ្រអ៊ីរ៉ង់ អាចកំណត់គោលដៅលើផលប្រយោជន៍ផ្សេងទៀតរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេស ឬនៅទីតាំងដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និងពលរដ្ឋអាមេរិកនៅទូទាំងពិភពលោក រួមទាំងអាជីវកម្មរបស់សហរដ្ឋអាមេរិក និងស្ថាប័នផ្សេងៗទៀត»។ជាពិសេស ការព្រមានបានណែនាំពលរដ្ឋអាមេរិកដែលបច្ចុប្បន្នកំពុងស្ថិតនៅមជ្ឈិមបូព៌ាឱ្យដឹងអំពីការរំខានដល់ជើងហោះហើរ និងការធ្វើដំណើរផ្សេងទៀតដែលអាចកើតមាន និងបាននិយាយថា «ពលរដ្ឋអាមេរិកនៅក្រៅមជ្ឈិមបូព៌ាគួរតែពិចារណាឡើងវិញអំពីការធ្វើដំណើរទៅ និងឆ្លងកាត់តំបន់នោះ»។

បណ្តាទីភ្នាក់ងារអាមេរិក ព្រមានពីការគំរាមកំហែងសន្តិសុខតាមអ៊ីនធឺណិតជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់

2026/07/23 06:48:32 pm        57
បណ្តាទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក រួមទាំងទីភ្នាក់ងារសន្តិសុខនិងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខតាមអ៊ីនធឺណិត និងទីភ្នាក់ងារFBI បានចេញការណែនាំដោយព្រមានអង្គការអាមេរិកអំពី «សកម្មភាពតាមអ៊ីនធឺណិតដែលជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់កំពុងកំណត់គោលដៅលើ» ឧបករណ៍ដែលភ្ជាប់អ៊ីនធឺណិត។ លោក Brett Leatherman ជំនួយការនាយកអង្គភាពសន្តិសុខតាមអ៊ីនធឺណិតរបស់ទីភ្នាក់ងារ FBI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតអ៊ីរ៉ង់ បន្តកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិក ហើយទីភ្នាក់ងារ FBI ប្តេជ្ញាកំណត់អត្តសញ្ញាណ ការធ្វើឲ្យរំខាន និងដាក់ការខាតបង់ទៅលើអ្នកដែលទទួលខុសត្រូវ»។ លោក Leatherman បាននិយាយបន្ថែមថា «ការណែនាំនេះ ផ្តល់ដល់អ្នកការពារបណ្តាញនូវព័ត៌មានដែលពួកគេត្រូវការដើម្បីកំណត់អត្តសញ្ញាណសកម្មភាពព្យាបាទ ពង្រឹងការការពាររបស់ពួកគេ និងកាត់បន្ថយឱកាសសម្រាប់ភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតរបស់អ៊ីរ៉ង់ក្នុងការធ្វើឲ្យរំខានដល់សេវាសំខាន់ៗដែលពលរដ្ឋអាមេរិកពឹងផ្អែកលើ»។

ប្រមុខការទូតមកពីបណ្ដាប្រទេសជាច្រើនបានជួបជុំគ្នាសម្រាប់វេទិកាសន្តិសុខក្នុងតំបន់អាស៊ីអាគ្នេយ៍

2026/07/23 06:34:54 pm        60
ក្រុមអ្នកការទូតជាន់ខ្ពស់មកពីអាស៊ី អឺរ៉ុប និងអាមេរិកខាងជើង បានជួបជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់វេទិកាតំបន់អាស៊ានដែលផ្តោតលើសន្តិសុខនៅទីក្រុងម៉ានីល ជាទីដែលបណ្ដារដ្ឋមន្ត្រីត្រូវគេរំពឹងថានឹងចេញសេចក្តីអំពាវនាវសម្រាប់ការដោះស្រាយដោយសន្តិវិធីបន្ទាប់ពីអរិភាពដែលបានបន្ត និងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ សង្គ្រាមនៅអ៊ីរ៉ង់ និងការបិទច្រកសមុទ្រហ័រមូសអាចគ្របដណ្ដប់លើការពិភាក្សានៅក្នុងព្រឹត្តិការណ៍ពេញអង្គ ដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន អូស្ត្រាលី ឥណ្ឌា ជប៉ុន អង់គ្លេស និងប្រទេសដទៃទៀត។ សង្គ្រាមនេះគឺជាចំណុចពិភាក្សាដ៏សំខាន់មួយនៅក្នុងការជួបជុំដែលរៀបចំដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានសមាជិកចំនួន១១ប្រទេស ជាតំបន់មួយដែលមានផលិតផលក្នុងស្រុកសរុបប្រហែល៣,៨ សែនកោដិដុល្លារ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងនៅមជ្ឈិមបូព៌ា និងជាពិសេសត្រូវបានប៉ះពាល់នឹងផលវិបាក ដែលបានបង្កឱ្យមានអតិផរណានៅជុំវិញពិភពលោក។ អនុរដ្ឋមន្ត្រីការបរទេសចិន លោកស្រី Hua Chunying បានថ្លែងនៅក្នុងសុន្ទរកថាបើកវេទិកាមួយកាលពីថ្ងៃព្រហស្បតិ៍រវាងអាស៊ាន ជប៉ុន កូរ៉េខាងត្បូង និងចិនថា ពិភពលោកបានចូលដល់ដំណាក់កាលថ្មីមួយនៃភាពចលាចល និងការផ្លាស់ប្តូរ។ ស្ថានភាពនៅមជ្ឈិមបូព៌ាបានរីករាលដាលដល់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពល និងស្បៀងអាហារ ហើយសន្តិសុខ និងភាពធន់ត្រូវបានរំខាន ចំណែកតម្រូវការសម្រាប់ការរក្សាសន្តិភាព និងស្ថិរភាពកាន់តែបន្ទាន់។ លោក Rubio ដែលបានជួបលោក Lavrov រដ្ឋមន្ត្រីរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា លោកបានពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែន ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនកំពុងសម្លឹងមើលការដើរតួនាទីស្ថាបនាក្នុងការបញ្ចប់សង្គ្រាមនេះ។ចំណុចកណ្តាលមួយទៀតនៃការចរចានៅទីក្រុងម៉ានីល គឺសមុទ្រចិនខាងត្បូង និងភាពតានតឹងយូរអង្វែងរវាងទីក្រុងប៉េកាំង និងសម្ព័ន្ធមិត្តអាមេរិកគឺហ្វីលីពីន ដែលទីក្រុងវ៉ាស៊ីនតោនត្រូវបានចងភ្ជាប់ដោយសន្ធិសញ្ញាដើម្បីការពារក្នុងករណីមានការវាយប្រហារលើនាវារបស់ខ្លួន៕

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី អនុញ្ញាតឱ្យអាមេរិកប្រើមូលដ្ឋានទ័ពអង់គ្លេសខ្លះ​ សម្រាប់ការវាយប្រហារ លើ​អ៊ីរ៉ង់

2026/07/22 11:07:10 pm        67
នាយករដ្ឋមន្ត្រីថ្មី លោក​ Andy Burnham បានយល់ព្រមឱ្យ​សហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស សម្រាប់អ្វីដែលចក្រភពអង់គ្លេសហៅថា ការវាយប្រហារការពារ ប្រឆាំងនឹងអ៊ីរ៉ង់ ដោយ​នេះ​ជាការបន្តគោលនយោបាយរបស់អ្នកកាន់តំណែងមុន គឺលោក​ Keir Starmer ទោះបីជាប្រធានាធិបតី លោក Donald Trump បង្កើនសង្គ្រាមរបស់លោក​ក៏ដោយ។បើយោងតាមប្រភពដែលដឹង​ពីបញ្ហានេះ បាន​ឱ្យដឹង​ថា លោក Starmer បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ កាល​ពី​ថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីគោលនយោបាយអង់គ្លេស បន្ទាប់ពីមាន​ការចាប់​ផ្ដើម​ប្រតិបត្តិការរបស់សហរដ្ឋអាមេរិកឡើងវិញ នៅដើមខែនេះ​។ប្រភពនេះ​បាន​បញ្ជាក់​ថា រដ្ឋមន្ត្រី អំឡុង​កិច្ចប្រជុំនោះ បានសម្រេចបន្តគោលនយោបាយមានស្រាប់ ដែលអនុញ្ញាតឱ្យយន្តហោះសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ព នៅកោះ Diego Garcia ក្នុងមហាសមុទ្រឥណ្ឌា និងមូលដ្ឋានទ័ពអាកាស RAF Fairford ក្នុងតំបន់​ Gloucestershire របស់​ប្រទេសអង់គ្លេស សម្រាប់បេសកកម្ម ដែលមាន​បំណង​ទប់ទល់នឹងការគំរាមកំហែងដោយ​មីស៊ីលរបស់អ៊ីរ៉ង់ និងទីតាំងទាំងឡាយដែលត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារលើច្រកសមុទ្រ Hormuz។ពួកគេបានបន្ថែមថា លោក Burnham ដែលបានក្លាយជានាយករដ្ឋមន្ត្រីកាល​ពី​ថ្ងៃចន្ទ ត្រូវបានជូនដំណឹងអំពីការពិភាក្សា និងយល់ស្របនឹងការសម្រេចចិត្តនេះ​។ ពួកគេបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារជា​ការ​ពិភាក្សា អំពីបញ្ហាសន្តិសុខ។ប្រភពដដែល​ទាំង​នេះ បាន​បញ្ជាក់ថា លោកនឹងបន្តគោលនយោបាយរបស់រដ្ឋាភិបាលមុន ក្នុងការអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស សម្រាប់អ្វីដែលចាត់ទុក​ថា ជាការវាយប្រហារការពារខ្លួន។ នេះបានន័យថា មូលដ្ឋានទ័ពអង់គ្លេសទំនងជានឹងត្រូវយកមកប្រើប្រាស់ សម្រាប់ប្រតិបត្តិការមួយចំនួនរបស់អាមេរិក ក្នុងជុំបច្ចុប្បន្ននេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM
ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
07/25/2026 01:07 PM
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
07/25/2026 01:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
07/25/2026 01:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM