ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអ៊ូឌីតថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដែលកំណត់គោលដៅលើប្រទេសឈូងសមុទ្រ

2026/05/11 05:10:15 pm        50
អារ៉ាប៊ីសាអ៊ូឌីតថ្កោលទោសចំពោះការវាយប្រហារដោយយានដ្រូនដែលកំណត់គោលដៅលើប្រទេសអារ៉ាប់រួម កាតា និងគូវ៉ែតកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមក្រសួងការបរទេស។អេមីរ៉ាតអារ៉ាប់រួមបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានស្ទាក់យានដ្រូនពីរគ្រឿងដែលបានហោះចេញ ពីប្រទេសអ៊ីរ៉ង់ ខណៈដែលកាតាបាននិយាយថា នាវាដឹកទំនិញមួយគ្រឿងដែលមកពីទីក្រុងអាប៊ុយដាប៊ីនៅក្នុងដែនទឹករបស់ខ្លួន ត្រូវរងការវាយប្រហារដោយដ្រូន។ ចំណែកគូវ៉ែតបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់យានដ្រូនរបស់សត្រូវដែលបានចូលទៅក្នុងដែនអាកាសរបស់ខ្លួន។ក្រសួងការបរទេសនៃព្រះរាជាណាចក្រនេះ បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះវិធានការទាំងអស់ដែលធ្វើឡើងដោយរដ្ឋឈូងសមុទ្រ ដើម្បីការពារសន្តិសុខ និងស្ថិរភាពរបស់ពួកគេ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា៖«ព្រះរាជាណាចក្រនេះ ទាមទារឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការវាយប្រហារដោយចំហរលើទឹកដី និងដែនទឹកនៃរដ្ឋឈូងសមុទ្រ និងការប៉ុនប៉ងណាមួយដើម្បីបិទច្រកសមុទ្រហ័រមូស ឬរំខានដល់ផ្លូវទឹកអន្តរជាតិ»៕

ប្រេងឡើងថ្លៃជាង​៤ ដុល្លារ បន្ទាប់ពីលោក Trump បដិសេធការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើសន្តិភាពរបស់អាមេរិក   ​​

2026/05/11 05:04:19 pm        93
តម្លៃប្រេងបានកើនឡើងបន្ថែមទៀត​​​នៅថ្ងៃចន្ទ​១១​​ឧសភា​​នេះ​​​ មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បាននិយាយថា ការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើរបស់សហរដ្ឋអាមេរិកគឺ "មិនអាចទទួលយកបាន" ដែលបង្កើនក្ដីបារម្ភ​ចំពោះការផ្គត់ផ្គង់ ខ​ណៈច្រកសមុទ្រ Hormuz នៅតែបិទ ដែលបណ្ដាលឲ្យ​ទីផ្សារថាមពលសកល​​បន្ត​ច្របូកច្របល់​។   ​​​​តម្លៃ​ប្រេងឆៅ​​ Brent បានកើនឡើង ៤,០៤ ដុល្លារ ឬ ៣,៩៩% ដល់ ១០៥,៣៣ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង ០៦:១៤​នាទី​ ម៉ោងសកល​ ។​​ ប្រេង West Texas Intermediate របស់សហរដ្ឋអាមេរិកមានតម្លៃ ៩៩,៨៥ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៤,៤៣ ដុល្លារ ឬ ៤,៦៤%។​​កាលពីសប្តាហ៍មុន ​តម្លៃ​ទីផ្សារ​​ប្រេង​​​​​ទាំងពីរបានកត់ត្រាការខាតបង់ប្រចាំសប្តាហ៍៦% ដោយសារក្តីសង្ឃឹមសម្រាប់​​ការបញ្ចប់ជម្លោះរយៈពេល១០សប្តាហ៍ ដែលនឹងអនុញ្ញាតឱ្យនាវា​​ដឹក​ប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។​​លោកស្រី Priyanka Sachdeva អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន​​ Phillip Nova ​​ប្រទេស​សិង្ហបុរី​ បាននិយាយថា ទីផ្សារប្រេងនៅតែបន្តធ្វើពាណិជ្ជកម្មដូចជាម៉ាស៊ីនភូមិសាស្ត្រនយោបាយ ដោយតម្លៃប្រែប្រួលយ៉ាងខ្លាំងដោយផ្អែកលើមតិយោបល់ ការបដិសេធ ឬការព្រមានទាំងអស់ដែលមកពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។​ ​យោងតាមក្រុម​មន្ត្រីអាមេរិក លោក Trump គ្រោងនឹងទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធសប្ដាហ៍នេះ ​ ហើយត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីប្រទេសអ៊ីរ៉ង់ក្នុងចំណោមប្រធានបទផ្សេងទៀតជាមួយប្រធានាធិបតីចិន លោក Xi Jinping។​​​លោក Tony Sycamore អ្នកវិភាគទីផ្សារអន្តរជាតិ IG នៅអូស្ត្រាលី បាននិយាយនៅក្នុងកំណត់ចំណាំមួយថា ការចាប់អារម្មណ៍របស់ទីផ្សារឥឡូវនេះ បានងាកទៅរកដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Trump ទៅកាន់ប្រទេសចិននៅសប្តាហ៍នេះ៕

ប្រធានាធិបតីបារាំងនិយាយការពារអឺរ៉ុបនៅអាហ្វ្រិក

2026/05/11 05:02:00 pm        51
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលកំពុងនៅទីក្រុងណៃរ៉ូប៊ីសម្រាប់កិច្ចប្រជុំកំពូលសេដ្ឋកិច្ចរយៈពេលពីរថ្ងៃ បានការពារការចូលរួមរបស់អឺរ៉ុប នៅអាហ្វ្រិក ដោយផ្ទុយពីទំនាក់ទំនងជាមួយយុទ្ធសាស្ត្ររបស់ចិន នៅទូទាំងទ្វីបនេះ។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Jeune Afrique និង The Africa Report មេដឹកនាំបារាំងរូបនេះ បាននិយាយថា លោកបានថ្កោលទោសយ៉ាងខ្លាំងចំពោះអាណានិគមនិយម នៅពេលដែលលោកឡើងកាន់អំណាច នៅឆ្នាំ ២០១៧។ប៉ុន្តែលោកបាននិយាយថា សម័យអាណានិគមមិនត្រឹមតែជាបញ្ហាដែលនៅតែប៉ះពាល់ដល់ទ្វីបអាហ្វ្រិកនោះទេ។ លោកបានបន្ថែមថា៖«យើងមិនត្រូវលើកលែងពីការទទួលខុសត្រូវទាំងអស់ ក្នុងរយៈពេល៧ ទសវត្សរ៍ បន្ទាប់ពីឯករាជ្យនោះទេ» ដោយអំពាវនាវឲ្យមេដឹកនាំអាហ្វ្រិកកែលម្អអភិបាលកិច្ច។អតីតមហាអំណាចអាណានិគមអឺរ៉ុបដូចជាបារាំង និងចក្រភពអង់គ្លេស នៅតែជាគោលដៅនៃការរិះគន់នៅអាហ្វ្រិក ប៉ុន្តែលោក ម៉ាក្រុង បានអះអាងថា ពួកគេមិនមែនជា «រដ្ឋកេងប្រវ័ញ្ជនៃសតវត្សរ៍នេះ» ទេ៕

លោក Trump បញ្ជាក់ថា តុលាការកំពូលអាមេរិក គួរតែ «ស្មោះត្រង់» ពាក់ព័ន្ធសំណុំរឿងសំខាន់ៗ

2026/05/11 04:57:56 pm        78
លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអាទិត្យ (ទី១០ ខែឧសភា ឆ្នាំ២០២៦) បានអំពាវនាវដល់ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកឲ្យមាននូវ «ភាពស្មោះត្រង់» ចំពោះក្រឹត្យរបស់លោក ដែលហាមឃាត់ការមានសិទ្ធិពលរដ្ឋពីកំណើត ខណៈពេលដែលរិះគន់សេចក្តីសម្រេចថ្មីៗរបស់តុលាការ ប្រឆាំងនឹងការដំឡើងពន្ធរបស់លោក។ការបង្ហោះរបស់លោក Trump នៅលើបណ្ដាញ Truth Social បានរិះគន់ចៅក្រមតុលាការកំពូល ២រូបថា មាននូវ «ចំណាត់ការបំផ្លិចបំផ្លាញ» ពាក់ព័ន្ធការប្រឆាំងនឹងគោលនយោបាយពន្ធរបស់លោក ដោយលោកបានបន្ថែមថា វានឹងល្អប្រសើរវិញ ប្រសិនបើពួកគេ មាននូវភាព «ស្មោះត្រង់» ចំពោះលោក នាពេលអនាគត។ អ្នទាំង២ គឺលោក Neil Gorsuch និងលោកស្រី Amy Coney Barrett ត្រូវបានតែងតាំងក្នុងអាណត្តិដំបូងរបស់មេដឹកនាំទៅពីគណបក្សសាធារណរដ្ឋ។លោក Trump បានសង្កត់ធ្ងន់ថា៖ «ពួកគេត្រូវធ្វើរឿងត្រឹមត្រូវ ប៉ុន្តែវាពិតជាអាចទទួលយកបាន ដែលពួកគេត្រូវមានភាពស្មោះត្រង់ ចំពោះអ្នកដែលតែងតាំងពួកគេ»។គួរបញ្ជាក់ថា តុលាការកំពូល ដែលជាតុលាការជាន់ខ្ពស់បំផុត នៅសហរដ្ឋអាមេរិក គឺជាផ្នែកនៃរដ្ឋាភិបាល ដែលមានសិទ្ធិអំណាចស្មើភាព និងឯករាជ្យ ដោយគោលបំណងរបស់ស្ថាប័ននេះ គឺត្រួតពិនិត្យ និងធ្វើឲ្យមានតុល្យភាពអំណាចប្រតិបត្តិ និងសភា នៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។វាគឺជាករណីកម្រមានណាស់ ដែលសេតវិមានដាក់សម្ពាធបើកចំហ លើគណៈកម្មាធិការមានចៅក្រម ៩រូប ដែលត្រូវបានតែងតាំងកាន់អាណត្តិពេញមួយជីវិត ដោយប្រធានាធិបតី និងត្រូវបានបញ្ជាក់អះអាងដោយសភា៕

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគី កើតអគ្គិភ័យ នៅអាកាសយានដ្ឋាននេប៉ាល់ នាំឲ្យមានការជម្លៀសបន្ទាន់

2026/05/11 04:39:18 pm        85
យន្តហោះពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគី បានកើតមានអគ្គិភ័យឆាបឆេះម៉ាស៊ីនភ្លាមៗ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tribhuvan ក្នុងទីក្រុង Kathmandu របស់ប្រទេសនេប៉ាល់ ដែលជំរុញឲ្យមានការជម្លៀសចេញជាបន្ទាន់ ដោយគេបានឃើញអ្នកដំណើរ និងក្រុមការងារទាំងអស់ចុះពីលើយន្តហោះដោយគ្មានរបួសធ្ងន់ធ្ងរអ្វីឡើយ។ឧប្បត្តិហេតុដ៏គួរឲ្យតក់ស្លុតនេះ ដែលបានកើតឡើងនៅព្រឹកថ្ងៃចន្ទ (ទី១១ ខែឧសភា ឆ្នាំ២០២៦) នេះ បានរំខានដល់ប្រតិបត្តិការ នៅច្រកទ្វារអន្តរជាតិចម្បងតែ ១គត់របស់ប្រទេសនេះ។ យោងតាមរបាយការណ៍បឋមពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ (CAAN) យន្តហោះនេះ បានចុះចតដោយជោគជ័យនៅលើផ្លូវរត់នៃអាកាសយានដ្ឋាន នៅពេលដែលអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស បានសង្កេតឃើញមានផ្សែង និងអណ្តាតភ្លើងហុយចេញពីម៉ាស៊ីនផ្នែកខាងស្តាំ។ ភាពភ័យស្លន់ស្លោបានកើតមាននៅក្នុងកាប៊ីនភ្លាមៗ ខណៈដែលអ្នកដំណើរបានឃើញអណ្ដាតភ្លើងរាលដាលយ៉ាងឆាប់រហ័សពាសពេញគ្រោងស្លាប។វីដេអូដែលត្រូវបានថតនៅអាកាសយានដ្ឋានអន្តរជាតិ Tribhuvan បានបង្ហាញយន្តហោះនៅលើផ្លូវរត់ ដោយមានស្លាយ (ផ្លូវរំអិល) ជម្លៀស បុគ្គលិកអាកាសយានដ្ឋានបានប្រមូលផ្តុំគ្នានៅក្បែរនោះ ហើយមនុស្សម្នាប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានីយអ្នកដំណើរ។ អន្តរាគមន៍យ៉ាងរហ័សរបស់ក្រុមឆ្លើយតបបន្ទាន់ គឺមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់មិនឲ្យមានគ្រោះមហន្តរាយធ្ងន់ធ្ងរ។អ្នកនាំពាក្យរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ បានប្រាប់សារព័ត៌មានថា អ្នកដំណើរទាំង ២៧៧នាក់ និងបុគ្គលិក ១១នាក់ នៅលើយន្តហោះនោះ ដែលធ្វើដំណើរពីទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ត្រូវបានជម្លៀសចេញដោយប្រើច្រកចេញសង្គ្រោះបន្ទាន់ បន្ទាប់ពីមានអគ្គិភ័យនោះ ហើយបញ្ជាក់ថា គ្មាននរណាម្នាក់រងរបួសឡើយ៕

អ៊ីរ៉ង់ព្រមានបារាំង និងអង់គ្លេស អំពីការឆ្លើយតបភ្លាមៗ ចំពោះការដាក់ពង្រាយ នៅច្រកសមុទ្រ Hormuz

2026/05/11 04:33:12 pm        45
កាលពីថ្ងៃអាទិត្យ (ទី១០ ខែឧសភា ឆ្នាំ២០២៦) អ៊ីរ៉ង់ បានព្រមានចក្រភពអង់គ្លេស និងបារាំងថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នឹងចាប់ផ្តើម «ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងភ្លាមៗ» ចំពោះនាវាចម្បាំងណាមួយដែលត្រូវបានបញ្ជូនទៅច្រកសមុទ្រ Hormuz បន្ទាប់ពីទីក្រុងប៉ារីស និងឡុងដ៍្រ បានបញ្ជូននាវាទៅកាន់តំបន់នោះ។អនុរដ្ឋមន្ត្រីការបរទេស លោក Kazem Gharibabadi បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា៖ «យើងសូមរំលឹកពួកគេថា ទាំងក្នុងពេលវេលាមានសង្គ្រាម និងពេលវេលាមានសន្តិភាព មានតែសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប៉ុណ្ណោះ ដែលអាចបង្កើតបាននូវសន្តិសុខ នៅក្នុងច្រកសមុទ្រនេះ ហើយខ្លួននឹងមិនអនុញ្ញាតឲ្យប្រទេសណាមួយជ្រៀតជ្រែក ក្នុងបញ្ហាបែបនេះជាដាច់ខាត»។ទន្ទឹមនឹងនេះ នៅថ្ងៃអាទិត្យនោះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា បារាំង «មិនដែលគិតទុកជាមុន» ពីការដាក់ពង្រាយកងទ័ពជើងទឹក នៅច្រកសមុទ្រ Hormuz ទេ ប៉ុន្តែជាបេសកកម្មសន្តិសុខដែលនឹងត្រូវបាន «សម្របសម្រួលជាមួយអ៊ីរ៉ង់»។នៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុង Nairobi ប្រទេសកេនយ៉ា លោក Macron បាននិយាយថា លោកនៅតែប្រកាន់ខ្ជាប់នូវជំហររបស់លោក បន្ទាប់ពីអ៊ីរ៉ង់បានព្រមានអំពី «ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងភ្លាមៗ» ចំពោះការដាក់ពង្រាយនាវាចម្បាំងណាមួយរបស់បារាំង ឬអង់គ្លេស នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ។គួរបញ្ជាក់ថា ចក្រភពអង់គ្លេស និងបារាំង កំពុងដឹកនាំកិច្ចប្រឹងប្រែង ដើម្បីបង្កើតសម្ព័ន្ធភាពអន្តរជាតិមួយ ក្នុងគោលបំណងធានាដល់សុវត្ថិភាព នៅច្រកសមុទ្រ Hormuz ប៉ុន្តែអាចធ្វើទៅបាន លុះត្រាតែកិច្ចព្រមព្រៀងសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានឈានដល់ប៉ុណ្ណោះ៕

ចិន និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចចរចាពាណិជ្ជកម្ម នៅទីក្រុងសេអ៊ូល មុនជំនួបកំពូល Trump-Xi

2026/05/11 04:30:48 pm        54
ក្រសួងពាណិជ្ជកម្មទីក្រុងប៉េកាំង និងរដ្ឋមន្ត្រីក្រសួងរតនាគារទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ (ទី១០ ខែឧសភា ឆ្នាំ២០២៦) បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ចិន និងសហរដ្ឋអាមេរិក នឹងមាននូវកិច្ចចរចា នៅប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ មុនកិច្ចប្រជុំកំពូលដែលគ្រប់គ្នាទន្ទឹងរង់ចាំ រវាងមេដឹកនាំនៃប្រទេសទាំង២ គឺលោក ស៊ី ជីនពីង (Xi Jinping) និងលោក Donald Trump។ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបនាយករដ្ឋមន្ត្រី លោក He Lifeng ដែលជាមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ទីក្រុងប៉េកាំង នឹងចូលរួម «ការពិគ្រោះយោបល់ ស្ដីពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មទៅវិញទៅមក« នៅក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១២ និងទី១៣ ខែឧសភា។រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានឲ្យដឹងតាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម X ថា៖ «នៅថ្ងៃពុធ ខ្ញុំនឹងឈប់សំចតនៅទីក្រុងសេអ៊ូល សម្រាប់កិច្ចពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី លោក He Lifeng របស់ប្រទេសចិន មុនពេលបន្តទៅកាន់ទីក្រុងប៉េកាំង សម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំនៃប្រទេសទាំង២ រវាងលោកប្រធានាធិបតី Trump និងលោកប្រធានាធិបតី ស៊ី»។គួរបញ្ជាក់ថា លោក Trump គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសចិន សម្រាប់កិច្ចប្រជុំកំពូល ក្នុងដំណាក់ដ៏សំខាន់ជាមួយលោក ស៊ី ដោយមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង២ របស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងផ្តោតលើការបន្ធូរបន្ថយភាពតានតឹង លើបញ្ហាពាណិជ្ជកម្ម និងកោះតៃវ៉ាន់ ដោយសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា កំពុងកា្លយជាស្រមោលគ្របលើជំនួបនេះផងដែរ៕

តៃវ៉ាន់ជឿលើទំនាក់ទំនងជាមួយអាមេរិក តែសង្ឃឹមនឹងគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើល ពេលលោក Trump នៅចិន

2026/05/11 04:27:25 pm        82
អជ្ញាធរការបរទេសតៃវ៉ាន់ លោក Lin Chia-lung បានលើកឡើងនៅថ្ងៃចន្ទ (ទី១១ ខែឧសភា ឆ្នាំ២០២៦) នេះថា កោះតៃវ៉ាន់មានការជឿជាក់ លើការអភិវឌ្ឍស្ថិរភាពនៃទំនាក់ទំនងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ហើយសង្ឃឹមថា នឹងមិនមានអ្វី «អ្វីគួរឲ្យភ្ញាក់ផ្អើល» ស្ដីពីបញ្ហាទាក់ទងនឹងតៃវ៉ាន់ នៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump ទស្សនកិច្ចនៅប្រទេសចិន នាសប្តាហ៍នេះ។លោក Trump នឹងមានវត្តមាននៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា សម្រាប់ជំនួបកំពូលជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ជាទីដែលបញ្ហាកោះតៃវ៉ាន់គ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសចិនចាត់ទុកថា ជាទឹកដីរបស់ខ្លួននោះ ច្បាស់ណាស់នឹងត្រូវបានលើកយកមកពិភាក្សាមិនខាន។ប្រទេសចិនមិនដែលបោះបង់ចោលការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះតៃវ៉ាន់ឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ហើយកាលពីខែមេសា រដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ថា កោះតៃវ៉ាន់ គឺជា «ហានិភ័យធំបំផុត» នៅក្នុងទំនាក់ទំនងចិន-អាមេរិក។ សម្រាប់រដ្ឋបាលតៃវ៉ាន់ ដែនកោះមួយនេះតែងតែមិនទទួលយកការទាមទារអធិបតេយ្យដោយប្រទេសចិនឡើយ។គួរបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវបានជាប់ចំណងដោយច្បាប់ ក្នុងការផ្តល់មធ្យោបាយដល់កោះតៃវ៉ាន់ ដើម្បីការពារខ្លួន ហើយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានលើកឡើងកាលពីសប្តាហ៍មុនថា ចាំបាច់ត្រូវមានស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅសភា ក្នុងទីក្រុងតៃប៉ិ លោក Lin បាននិយាយថា រដ្ឋបាលកំពុងតាមដានយ៉ាងដិតដល់ ចំពោះកិច្ចប្រជុំ Trump-Xi នាពេលខាងមុខ។ លោកបានសង្កត់ធ្ងន់ថា៖ «យើងក៏បានរក្សាការទំនាក់ទំនងជាបន្តបន្ទាប់ជាមួយសហរដ្ឋអាមេរិកផងដែរ ទាំងតាមរយៈសេចក្តីថ្លែងការណ៍ជាសាធារណៈពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ឬតាមរយៈបណ្តាញមិនមែនសាធារណៈ។ យើងមានទំនុកចិត្តលើការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងកោះតៃវ៉ាន់-សហរដ្ឋអាមេរិក»៕

[BREAKING NEWS] សភាហ្វីលីពីនចោទប្រកាន់ទម្លាក់តំណែងអនុប្រធានាធិបតី លោកស្រី Sara Duterte ជាលើកទី២

2026/05/11 04:19:59 pm        66
អនុប្រធានាធិបតី លោកស្រី Sara Duterte បានបង្កើតប្រវត្តិសាស្ត្រ ដោយបានក្លាយជាមន្ត្រីហ្វីលីពីនដំបូងគេ ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង ២លើក។នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ សភាតំណាងរាស្ត្រ បានអនុម័តរបាយការណ៍របស់គណៈកម្មាធិការយុត្តិធម៌ដែលបានរកឃើញមូលហេតុសមហេតុផល នៅក្នុងពាក្យបណ្តឹង ប្រឆាំងនឹងអនុប្រធានាធិបតី។ សមាជិកសភាសរុបចំនួន ២៥៥រូប បានបោះឆ្នោតចោទគាំទ្រដំណើរការចោទប្រកាន់ទម្លាក់តំណែងនេះ៕

ចិនប្រកាសពីការបាញ់បង្ហោះយានអវកាសដឹកទំនិញ Tianzhou-10 ដោយជោគជ័យ

2026/05/11 04:16:42 pm        67
ប្រទេសចិនបានបាញ់បង្ហោះយានអវកាសដឹកទំនិញ Tianzhou-10 ដោយជោគជ័យ ពីទីតាំងបាញ់បង្ហោះយានអវកាស Wenchang នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីដឹកជញ្ជូនសម្ភារៈសម្រាប់ស្ថានីយអវកាស Tiangong របស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារអវកាសចិន។ទីភ្នាក់ងារនេះ បាននិយាយថា រ៉ូកែត Long March-7 ដែលផ្ទុកយានអវកាស Tianzhou-10 ត្រូវបានបាញ់បង្ហោះ នៅម៉ោង៨: ១៤ ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីទីតាំងបាញ់បង្ហោះ Wenchang នៅក្នុងខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។បន្ទាប់ពីប្រហែល ១០ នាទី យានអវកាស Tianzhou-10 បានបំបែកចេញពីរ៉ូកែតនោះ ហើយចូលទៅក្នុងគន្លងផ្លូវដែលបានកំណត់របស់វា។ បន្ទះសូឡារបស់វា បានលាតត្រដាងភ្លាមៗ។ ទីភ្នាក់ងារនេះ បានប្រកាសពីការបាញ់បង្ហោះយានអវកាសនេះថា ពិតជាទទួលបានជោគជ័យទាំងស្រុង។យានអវកាសដឹកទំនិញនេះ នឹងអនុវត្តចលនាគោចរ ក្នុងគន្លងជាក់លាក់មួយនៅពេលក្រោយ ដើម្បីចូល និងភ្ជាប់ទំនាក់ទំនងជាក់ស្តែងជាមួយស្ថានីយអវកាស Tiangong សម្រាប់ដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM