ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល

2026/05/09 06:07:40 pm        67
ក្រុមហេសបូឡាបាននិយាយថា ខ្លួនបានវាយប្រហារដោយយានដ្រូនជាច្រើនគ្រឿងទៅលើមូលដ្ឋានទ័ពអាកាសមួយ នៅភាគខាងជើងអ៊ីស្រាអែលកាលពីថ្ងៃសុក្រ បន្ទាប់ពីបានអះអាងពីការវាយប្រហារមួយផ្សេងទៀត ដែលបានកំណត់គោលទៅលើមូលដ្ឋានអ៊ីស្រាអែលមួយ នាព្រឹកថ្ងៃដដែល។ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា ការវាយប្រហារដោយយានដ្រូនទាំងនេះ គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលនៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត កាលពីថ្ងៃពុធ ក៏ដូចជាការវាយប្រហារដែលកំពុងបន្តនៅភាគខាងត្បូងនៃប្រទេសលីបង់ដែរ៕

សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល

2026/05/09 06:05:16 pm        88
សហភាពអឺរ៉ុប (EU) នឹងធ្វើកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ នៅទីក្រុងប្រ៊ុចសែលនៅថ្ងៃចន្ទ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី ដែលមានគោលបំណងពង្រឹងទំនាក់ទំនង និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារ និងកសាង ប្រទេសនេះឡើងវិញ។ដោយប្រកាសពីជំនួបនេះ មន្ត្រីសហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានបង្កើតដំណាក់កាលថ្មីមួយ នៅក្នុងទំនាក់ទំនងរវាងទីក្រុងប្រ៊ុចសែល និងទីក្រុងដាម៉ាស ដោយកិច្ចពិភាក្សា ត្រូវបានកំណត់ឲ្យផ្តោតលើការផ្លាស់ប្តូរនយោបាយ ការងើបឡើងវិញនៃសេដ្ឋកិច្ច និងស្ថិរភាពរយៈពេលវែង បន្ទាប់ពីរបបរបស់លោក អាសាដ ត្រូវបានផ្តួលរលំ។ សហភាពអឺរ៉ុបបាននិយាយថា ខ្លួនបានបើក «សករាជថ្មីមួយ» នៅក្នុងទំនាក់ទំនងរបស់ខ្លួន ជាមួយស៊ីរីតាមរយៈការចូលរួមជាមួយអាជ្ញាធរអន្តរកាលរបស់ប្រទេសនេះ បន្ទាប់ពីអតីតប្រធានាធិបតី លោក បាសា អាល់អាសាដ ត្រូវបានដកចេញពីអំណាច នៅក្នុងខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់ពីសង្គ្រាមស៊ីវិលជិត ១៤ ឆ្នាំ។សហភាពអឺរ៉ុប បានបញ្ជាក់បន្ថែមថា ស៊ីរីកំពុង «បើកផ្លូវឆ្ពោះទៅរកការផ្សះផ្សា និងការស្តារឡើងវិញ» ហើយ EU បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដំណើរការនេះ តាមរយៈក្របខណ្ឌសហប្រតិបត្តិការថ្មី មួយ៕

កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់

2026/05/09 06:02:19 pm        101
យោធាអ៊ីស្រាអែលបានអំពាវនាវដល់ប្រជាជននៃភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់ឲ្យជម្លៀសចេញជាបន្ទាន់ នៅថ្ងៃសៅរ៍នេះ មុនពេលការវាយប្រហារដែលរំពឹងទុកប្រឆាំងនឹងក្រុមហេសបូឡា ទោះបីជាមានបទឈប់បាញ់ជាមួយប្រទេសលីបង់ដែលមានបំណងបញ្ឈប់ការប្រយុទ្ធក៏ដោយ។អ្នកនាំពាក្យយោធា លោក Avichay Adraee បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ X ដោយភ្ជាប់ជាមួយ បញ្ជីឈ្មោះភូមិចំនួន ៩ ថា៖«ដោយសារតែក្រុមភេរវករហេសបូឡា រ បានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ កងកម្លាំងការពារអ៊ីស្រាអែល ( IDF) ត្រូវបង្ខំចិត្តធ្វើសកម្មភាពប្រឆាំងនឹងក្រុមនេះដោយកម្លាំង»។លោកបានបន្ថែមថា៖«ដើម្បីសុវត្ថិភាពរបស់អ្នក អ្នកត្រូវតែជម្លៀសចេញពីផ្ទះរបស់អ្នកជាបន្ទាន់ ហើយនៅឲ្យឆ្ងាយពីភូមិ និងទីប្រជុំជន ដោយចម្ងាយមិនតិចជាង ១.000 ម៉ែត្រ ទៅកាន់តំបន់បើកចំហមួយចំនួន។ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ដែលមានប្រសិទ្ធភាព ចាប់តាំងពីពាក់កណ្តាលខែមេសាក៏ដោយ កងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់ប្រហារគ្នាជារៀងរាល់ថ្ងៃ ភាគច្រើននៅភាគខាងត្បូងប្រទេសលីបង់៕

ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស

2026/05/09 06:00:23 pm        69
ក្រសួងការបរទេសរុស្ស៊ី បាននិយាយបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់ពួកគេថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) និងសមភាគីអារ៉ាប៊ីសាអ៊ូឌីត លោក Faisal bin Farhan Al-Saud បានអំពាវនាវឲ្យទប់ស្កាត់ការកើនឡើងភាពតានតឹងបន្ថែមទៀត នៅជុំវិញច្រកសមុទ្រហ័រមូស និងស្តាររបបនាវាចរណ៍ដូចដែលច្រកនេះ ធ្លាប់មាន នៅមុនចុងខែកុម្ភៈ។ ក្រសួងបានឲ្យដឹងទៀតថា៖«ភាគីទាំងពីរបានផ្តោតលើស្ថានភាពនៅក្នុង និងជុំវិញច្រកសមុទ្រហ័រមូស។ ភាគីទាំងពីរបានបង្ហាញពីជំហរគាំទ្រការទប់ស្កាត់ការវិលត្រឡប់ទៅរកការកើនឡើងភាពតានតឹងឡើងវិញ និងតម្រូវការក្នុងការបន្តទំនាក់ទំនងការទូតជាបន្តបន្ទាប់ ដើម្បីឈានដល់កិច្ចព្រមព្រៀងរយៈពេលវែងប្រកបដោយចីរភាពលើគ្រប់ទិដ្ឋភាពទាំងអស់នៃការដោះស្រាយវិបត្តិ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ «ការផ្តោតជាពិសេស ត្រូវបានធ្វើឡើងលើតម្រូវការសម្រាប់ការស្តារឡើងវិញនូវរបបនាវាចរណ៍ដោយសេរីដូច ដែលវាធ្លាប់មាន នៅមុនចុងខែកុម្ភៈ»។ក្រសួងបានបញ្ជាក់ថា៖«រដ្ឋមន្ត្រីបានកត់សម្គាល់ពីភាពចាប់រហ័សនៃការបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការធ្វើឲ្យទំនាក់ទំនងរយៈពេលវែងរវាងអ៊ីរ៉ង់ និងបណ្តារដ្ឋអារ៉ាប់មានប្រក្រតីភាពឡើងវិញ»។ «ភាគីរុស្ស៊ីបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួន ក្នុងការលើកកម្ពស់វឌ្ឍនភាពលើផ្លូវទាំងនេះ ដោយគិតគូរពីផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់»៕

ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២

2026/05/09 05:53:57 pm        90
នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅពេលលោកមកដល់ទីក្រុងមូស្គូថា បណ្តាប្រទេសនៅអឺរ៉ុបកំពុងបង្ខូចរឿងរ៉ាវប្រវត្តិសាស្ត្ររបស់ពួកគេ កាន់តែខ្លាំងឡើង ហើយមិនគោរព ចំពោះព្រឹត្តិការណ៍នៃសង្គ្រាមលោកលើកទី២ទេ។លោក Fico បានថ្លែងថា៖«ខ្ញុំជឿថា គ្មានប្រទេសណាផ្សេងទៀត ជួបប្រទះ និងមានអារម្មណ៍ពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃសង្គ្រាមឆ្នាំ ១៩៤១-១៩៤៥ ដូចអ្នកទេ»។ «ខ្ញុំសង្ឃឹមថា ប្រជាជនរុស្ស៊ីនឹងបន្តកាន់ខ្ជាប់នូវការយល់ដឹងយ៉ាងជ្រាលជ្រៅនេះ ដូច្នេះនិន្នាការបច្ចុប្បន្ននៅក្នុងប្រទេសអឺរ៉ុបមួយចំនួន ជាកន្លែងដែលប្រវត្តិសាស្ត្រកំពុងត្រូវបានបំផ្លាញ និងការគោរពចំពោះឆ្នាំសំខាន់ៗទាំងនេះ កំពុងថយចុះ និងមិនកើតមានឡើង នៅកន្លែងផ្សេងទៀតទេ»។លោក Fico ក៏បានចង្អុលបង្ហាញពីខួបដ៏សំខាន់មួយ នាពេលខាងមុខ។ ខណៈពេលដែលលោកបានសួរថាតើ «ខួបនេះ» ជាពាក្យសមស្របឬអត់ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់របស់វា។ លោកបានពន្យល់ថា «នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៤១ ប្រតិបត្តិការ Barbarossa បានចាប់ផ្តើម ដែលជាខួបលើកទី ៨៥ នៃការវាយប្រហារលើសហភាពសូវៀត»។ «ពេលវេលានេះ គឺជាការរំលឹកដ៏សំខាន់ និងជាការអំពាវនាវឲ្យមានការឆ្លុះបញ្ចាំង។ មិត្តភក្តិជាទីស្រឡាញ់ ខ្ញុំសូមជូនពរឲ្យយើងទាំងអស់គ្នាទទួលបានជោគជ័យក្នុងការធ្វើដំណើរចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ»៕

លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ

2026/05/09 05:50:22 pm        76
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចទទួលបានការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។ខណៈពេលកំពុងថ្លែងទៅកាន់អ្នកយកព័ត៌មាននៅលើវាលស្មៅខាងត្បូងនៃសេតវិមាន លោក ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹង «ទទួលបានលិខិតមួយច្បាប់ដែលសន្មតថា នៅយប់នេះ»។ លោកបានបន្ថែមថា៖«យើងនឹងដឹងអំពីការឆ្លើយតបរបស់អ៊ីរ៉ង់ នាពេលឆាប់ៗនេះ»។អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tasnim មុននេះថា អ៊ីរ៉ង់មិនទាន់បានឆ្លើយតបទៅនឹងសំណើរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងដោះស្រាយនៅឡើយទេ៕

អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់

2026/05/09 05:48:49 pm        61
ការវាយប្រហារចុងក្រោយរបស់យោធាអាមេរិកលើទូកដឹកគ្រឿងញៀនមួយគ្រឿង នៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់បុរស ពីរនាក់ កាលពីថ្ងៃសុក្រ ខណៈពេលដែលបន្សល់ទុកម្នាក់ឲ្យ នៅរស់រានមានជីវិត។វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយទីបញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិកបង្ហាញពីរូបភាពខ្មៅមានរាងជាទូក មុនពេលអ្វីដែលហាក់ដូចជាការផ្ទុះ បន្ទាប់មកមានអគិ្គភ័យ បានឆាបឆេះចេញពីមហាសមុទ្រនេះ។បញ្ជាការភាគខាងត្បូង បាននិយាយថា ខ្លួនបានជូនដំណឹងដល់ឆ្មាំសមុទ្រសហរដ្ឋអាមេរិកភ្លាមៗ ដើម្បីធ្វើឲ្យប្រព័ន្ធស្រាវជ្រាវ និងជួយសង្គ្រោះដំណើរការ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត»។សេតវិមានបានប្រកាសកាលពីថ្ងៃពុធថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើយុទ្ធសាស្ត្រប្រឆាំងភេរវកម្មថ្មីរបស់សហរដ្ឋអាមេរិក ដែលកំណត់កម្ទេចក្រុមជួញដូរគ្រឿងញៀន នៅអឌ្ឍគោលខាងលិចជាអាទិភាពខ្ពស់បំផុតនៃរដ្ឋបាលរបស់លោក៕

ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស

2026/05/09 05:46:16 pm        81
អ្នកនាំពាក្យ UN បាននិយាយកាលពីថ្ងៃសុក្រថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) ជំរុញឲ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត បន្ទាប់ពីការវាយប្រហារគ្នានៅច្រកសមុទ្រហ័រមូស។ លោក Farhan Haq អ្នកនាំពាក្យរងរបស់លោកអគ្គលេខាធិការ UN បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា លោកអគ្គលេខាធិការមានការព្រួយបារម្ភចំពោះការបាញ់ប្រហារគ្នាថ្មីៗនេះ នៅច្រកសមុទ្រហ័រមូស។លោកបាននិយាយថា លោកអគ្គលេខាធិការអំពាវនាវឲ្យគ្រប់ភាគីទាំងអស់គោរពតាមបទឈប់បាញ់យ៉ាងពេញលេញ និងជៀសវាងសកម្មភាពណាមួយ ដែលអាចនាំឲ្យមានការកើនឡើងភាពតានតឹងជាថ្មី ឬធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្ត។កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបាញ់ប្រហារគ្នាកាលពីថ្ងៃព្រហស្បតិ៍។ យោធាសហរដ្ឋអាមេរិកបាននិយាយថា នេះ គឺជាសកម្មភាព «ការពារខ្លួន» ខណៈពេលដែលទីក្រុងតេអេរ៉ង់ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភលើបទឈប់បាញ់ដែលបានចូលជាធរមាន នៅថ្ងៃទី ០៨ ខែមេសា៕

UN៖ ការវាយប្រហារលើជនស៊ីវិលនៅភាគខាងកើតកុងហ្គោ បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង

2026/05/09 05:43:32 pm        54
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រថា រលកថ្មីនៃការវាយប្រហារដ៏សាហាវប្រឆាំងនឹងជនស៊ីវិលនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) កំពុងបង្កឲ្យមានការព្រួយ បារម្ភកាន់តែខ្លាំង។ ដោយដកស្រង់សម្តីរបស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការUN បាននិយាយថា ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ យ៉ាងហោចណាស់មានជនស៊ីវិលចំនួន ៣៤នាក់ ត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារជាបន្តបន្ទាប់នៅក្នុងខេត្ត Ituri និងខេត្ត Kivu ភាគខាងជើង។លោក Haq បាននិយាយថា នៅក្នុងតំបន់ Irumu និង Mambasa នៃខេត្ត Ituri ការវាយប្រហារត្រូវបានគេរាយការណ៍ថា បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១៥នាក់ រវាងថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។ អំពើហិង្សាបានបង្ខំឲ្យប្រជាជនភៀសខ្លួនទៅកាន់ភូមិជិតខាង នៅក្នុងខេត្ត Kivu ភាគខាងជើង។ នៅក្នុងទីក្រុង Oicha នៃខេត្ត Kivu ភាគខាងជើង ការវាយប្រហារដោយក្រុមប្រដាប់អាវុធមួយ នៅជិតព្រំដែនជាមួយខេត្ត Ituri បានសម្លាប់ជនស៊ីវិលយ៉ាងតិច ១៩ នាក់ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ។លោកបាននិយាយថា ដៃគូក្នុងស្រុកបានរាយការណ៍ថា ជនស៊ីវិលជាច្រើននាក់ ត្រូវបានវាយប្រហារ ខណៈពេលកំពុងធ្វើការនៅក្នុងវាលស្រែរបស់ពួកគេ ហើយមនុស្សផ្សេងទៀត នៅតែបាត់ខ្លួន៕

ជនសកម្មប្រយុទ្ធចំនួន ៥នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម នៅភាគពាយ័ព្យប៉ាគីស្ថាន

2026/05/09 05:38:57 pm        57
កងកម្លាំងសន្តិសុខប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងសន្តិសុខ បានសម្លាប់សកម្មប្រយុទ្ធ ៥នាក់ នៅក្នុងប្រតិបត្តិការស៊ើបការណ៍សម្ងាត់ពីរដាច់ដោយឡែកពីគ្នា នៅក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យរបស់ប្រទេសនេះ។នាយកដ្ឋានទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម( ISPR)របស់កងកម្លាំងប្រដាប់អាវុធប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសកម្មប្រយុទ្ធចំនួន ៤ នាក់ នៃក្រុមតាលីបង់ប៉ាគីស្ថាន( Tehreek-i-Taliban Pakistan) ត្រូវបានសម្លាប់ ក្នុងអំឡុងពេលប្រតិបត្តិការមួយ នៅក្នុងស្រុក Tank បន្ទាប់ពីការបាញ់ប្រហារគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងសន្តិសុខ និងសកម្មប្រយុទ្ធ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា នៅក្នុងប្រតិបត្តិការមួយផ្សេងទៀតដែលបានធ្វើឡើង នៅក្នុងស្រុក Dera Ismail Khan កងកម្លាំងសន្តិសុខ បានសម្លាប់សកម្មប្រយុទ្ធម្នាក់ អំឡុងពេលប្រយុទ្ធគ្នាដោយកាំភ្លើង។អាវុធ និងគ្រាប់រំសេវក៏ត្រូវបានរកឃើញពីជនសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់ផងដែរ ដែលត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មជាច្រើន នៅក្នុងតំបន់នេះ។ នេះបើយោងតាម ISPR៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM