ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

អគ្គិភ័យឆាបឆេះពិព័រណ៍ដ៏ធំនៅម៉ិកស៊ិក បណ្តាលឲ្យមនុស្ស ៥នាក់ បាត់បង់ជីវិត

2026/05/08 05:57:37 pm        45
ក្រុមអាជ្ញាធរ និយាយថា មនុស្សយ៉ាងហោច ៥នាក់ បានស្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះពិព័រណ៍ដ៏ធំមួយនៅភាគអាគ្នេយ៍ ប្រទេសម៉ិកស៊ិក ។ ក្រុមការពារជនស៊ីវិល និយាយថា អគ្គិភ័យដែលមូលហេតុគេនៅមិនទាន់ដឹងនេះ បានឆាបឆេះឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅទីក្រុង Villahermosa រដ្ឋ Tabasco ហើយបច្ចុប្បន្ន ស្ថិតក្រោមការគ្រប់គ្រងបានហើយ ។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា អគ្គិភ័យបានរីករាលដាលយ៉ាងខ្លាំង ពេលដែលការប្រគុំតន្រី្តដែលមានការចូលរួមពីទស្សនិកជនរាប់ពាន់នាក់ ចាប់ផ្តើមឡើង។ ក្រុមអ្នកប្រើប្រាស់បណ្តាញព័ត៌មានសង្គម បានបង្ហាញរូបភាពពេលដែលសោកនាដកម្មកើតឡើង ពេលដែលមនុស្សរាប់សិបនាក់ ត្រូវបានគេមើលឃើញរត់ចេញពីកន្លែងកើតហេតុទាំងភ្នែកនៅកញ្ចឹងក. ខណៈសំណុំផ្សែងពណ៌ខ្មៅគ្របដណ្តប់លើផ្ទៃអាកាស ៕

របាយការណ៍៖ អារ៉ាប៊ីសាអ៊ូឌីតបដិសេធមិនឲ្យប្រើប្រាស់ដែនអាកាស សម្រាប់ប្រតិបត្តិការវាយលុក

2026/05/08 05:48:23 pm        64
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ បានបដិសេធមិនអនុញ្ញាតឲ្យប្រើប្រាស់ដែនអាកាសរបស់ខ្លួន សម្រាប់ប្រតិបត្តិការវាយលុករបស់យោធានោះទេ ស្របពេលមានភាពតានតឹង ក្នុងតំបន់ ទាក់ទងនឹងសង្គ្រាមដែលមានពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។ប្រភពមួយពីអារ៉ាប៊ីសាអ៊ូឌីត បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya ថា ទីក្រុងរីយ៉ាដ កំពុងប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹង និងគាំទ្រកិច្ចប្រឹងប្រែងជួយសម្របសម្រួលដោយប៉ាគីស្ថាន ដែលមានគោលបំណងឲ្យមានកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់។ប្រភពនោះបានឲ្យដឹងថា៖ «ព្រះរាជាណាចក្រមួយនេះមិនបានអនុញ្ញាតឲ្យប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីគាំទ្រប្រតិបត្តិការវាយលិករបស់យោធាឡើយ។ មានភាគីមួយចំនួន កំពុងព្យាយាមផ្តល់រូបភាពបំភ័ន្ត អំពីជំហររបស់អារ៉ាប៊ីសាអ៊ូឌីត ដោយហេតុផលគួរឲ្យសង្ស័យ»។ការកត់សម្គាល់នេះបានកើតឡើងបន្ទាប់ពីសារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អារ៉ាប៊ីសាអ៊ូឌីត និងគូវ៉ែត បានលុបចោលការរឹតបន្តឹង លើការប្រើប្រាស់របស់យោធាអាមេរិក ចំពោះមូលដ្ឋានទ័ព និងដែនអាកាសរបស់ពួកគេ ដែលត្រូវបានដាក់ចេញ បន្ទាប់ពីការចាប់ផ្តើមនូវប្រតិបត្តិការរបស់អាមេរិកដែលមានគោលបំណងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ដោយសំអាងដល់សម្តីមន្ត្រីអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត របាយការណ៍នោះបានឲ្យដឹងថា រដ្ឋបាលលោក Trump កំពុងរៀបចំចាប់ផ្តើមប្រតិបត្តិការអមដំណើរដោយកងទ័ពជើងទឹកឡើងវិញ សម្រាប់នាវាពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយមានការជួយគាំទ្រពីកងទ័ពផ្លូវទឹក និងអាកាសរបស់សហរដ្ឋអាមេរិក បន្ទាប់ពីបេសកកម្មនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន នៅដើមសប្តាហ៍នេះ៕

មន្ត្រីEU៖ ជាងពាក់កណ្តាលនៃប្រជាជនលីបង់ពឹងផ្អែកលើជំនួយ

2026/05/08 05:46:20 pm        44
មន្ត្រីសហភាពអឺរ៉ុបម្នាក់ បាននិយាយនៅថ្ងៃសុក្រ (ទី ០៨ ឧសភា)នេះថា ជាងពាក់កណ្តាលនៃប្រជាជនលីបង់ ពឹងផ្អែកលើជំនួយមនុស្សធម៌ ខណៈដែលអ៊ីស្រាអែលបន្តវាយប្រហារលើប្រទេសនេះ ទោះបីជាមានបទឈប់បាញ់ក្នុងសង្គ្រាមរយៈពេលពីរខែជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡាក៏ដោយ។លោកស្រី Hadja Lahbib ប្រធានគ្រប់គ្រងវិបត្តិសហភាពអឺរ៉ុ បបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជួបជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun នៅទីក្រុងបេរូតថា៖«បច្ចុប្បន្ននេះ មនុស្សជាងបីលាននាក់ ដែលមានន័យថា ជាងពាក់កណ្តាលនៃប្រជាជនក្នុងប្រទេសលីបង់ ពឹងផ្អែកលើជំនួយមនុស្សធម៌ដើម្បីរស់រានមានជីវិត»។លោកស្រី Lahbib បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម នៅថ្ងៃទី ០២ ខែមីនា ប្លុកដែលមានសមាជិក ២៧ ប្រទេស បានផ្តល់ជំនួយចំនួន ១០០ លានអឺរ៉ូ និងបានបញ្ជូនយន្តហោះចំនួន ៦គ្រឿងដែលដឹកជំនួយមនុស្សធម៌ ដោយយន្តហោះទី៧ ត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសនេះ នៅថ្ងៃសៅរ៍។ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ បានសម្លាប់មនុស្សជាង ២.៧00នាក់ និងបានធ្វើឲ្យមនុស្សជាងមួយលាននាក់ត្រូវផ្លាស់ទីលំនៅ ចាប់តាំងពីដើមខែមីនា។ នេះបើយោងតាមអាជ្ញាធរ។អង្គការសហប្រជាជាតិបានដាក់សំណើបន្ទាន់មួយកាលពីខែមីនាដើម្បីសុំជំនួយមនុស្សធម៌ចំនួន ៣០៨ លានដុល្លារសម្រាប់ប្រទេសលីបង់ ប៉ុន្តែក្នុងរយៈពេលពីរខែនេះ ខ្លួនបានរៃអង្គាសប្រាក់បានត្រឹមតែ ១២៦ លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមភ្នាក់ងារអង្គការសហប្រជាជាតិ៕

កូរ៉េខាងត្បូង ឆ្ពោះទៅកាន់ការបោះឆ្នោតមូលដ្ឋាន ក្រោមស្រមោលរឿងអាស្រូវរបស់អតីតប្រធានាធិបតី

2026/05/08 05:43:48 pm        40
រឿងអាស្រូវច្បាប់អាជ្ញាសឹករបស់ប្រទេសកូរ៉េខាងត្បូង នឹងមានឥទ្ធិពលកាន់តែធំឡើងៗ លើការបោះឆ្នោតមូលដ្ឋាន នៅក្នុងខែមិថុនា ជាដំណើរការដែលនឹងសាកល្បងថា តើក្រុមប្រឆាំងអភិរក្សនិយម អាចគ្រប់គ្រងរារាំងគណបក្សកាន់អំណាចរបស់ប្រធានាធិបតី លោក Lee Jae Myung បានដែរ ឬទេ។ការប្រកួតប្រជែងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីដណ្ដើមតំណែងអភិបាលក្រុង និងអភិបាលខេត្តចំនួន ១៦ របស់កូរ៉េខាងត្បូង គឺជាការបោះឆ្នោតទូទាំងប្រទេសជាលើកដំបូង ចាប់តាំងពីលោក Lee បានឡើងកាន់អំណាច ក្រោយការបោះឆ្នោតមុនអាណត្តិ កាលពីឆ្នាំមុន បន្ទាប់ពីអតីតប្រធានាធិបតីជួបនឹងភាពអាម៉ាស់ លោក Yoon Suk Yeol មកពីគណបក្សអភិរក្សនិយម គឺអំណាចប្រជាជន (PPP) បានដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លីក្នុងឆ្នាំ២០២៤។លោក Yoon ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងខែកុម្ភៈ ពីបទរៀបចំការបះបោរ ហើយប្រឈមនឹងការកាត់ក្តីយ៉ាងហោចណាស់ ៧ករណីផ្សេងទៀត។គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យ (DP) របស់លោក Lee គ្រប់គ្រងការិយាល័យប្រធានាធិបតី និងសភារួចហើយ ដូច្នេះការមានជ័យជម្នះជាមួយនឹងសំឡេងដ៏ច្រើន នៅក្នុងការបោះឆ្នោតមូលដ្ឋាននេះ នឹងធ្វើឲ្យក្រុមប្រជាធិបតេយ្យមានឥទ្ធិពលនយោបាយកាន់តែខ្លាំងបំផុត ដែលមិនមានគណបក្សណាមួយធ្វើបានឡើយ ចាប់តាំងពីឆ្នាំ២០២០ មក។ក្រុមស្តាំនិយមរបស់កូរ៉េខាងត្បូង ស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីការប៉ុនប៉ងចេញច្បាប់អាជ្ញាសឹកនោះ ហើយជម្លោះផ្ទៃក្នុង ជុំវិញបញ្ហានេះ បានបង្កើតឲ្យមានការបែកខ្ញែកនៅក្នុងគណបក្ស PPP។ អ្នកនយោបាយអភិរក្សនិយម មានរយៈពេលត្រឹមតែ ១ខែប៉ុណ្ណោះ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឲ្យពួកគេជឿថា ខ្លួនគឺជាជម្រើសដ៏គួរឲ្យទុកចិត្ត ប៉ុន្តែអ្នកវិភាគបានព្យាករថា ក្រុមនេះកំពុងឆ្ពោះទៅរកការបរាជ័យយ៉ាងធ្ងន់ធ្ងរ៕

អ្នកជំនាញូ UN៖ ការបិទផ្លូវប្រេងឥន្ធនៈ ដោយអាមេរិក នៅគុយបា ធ្វើសិទ្ធិមនុស្សស្ថិតក្នុងហានិភ័យ

2026/05/08 05:41:23 pm        31
អ្នកជំនាញអង្គការសហប្រជាជាតិ (UN) បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) ថា ក្រឹត្យបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងខែមករា ដើម្បីដាក់ចេញវិធានការបិទផ្លូវប្រេងឥន្ធនៈទៅកាន់គុយបា គឺស្មើនឹង «ការបង្អត់ថាមពល» ដែលផ្ដល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍ និងសិទ្ធិមនុស្សរបស់ប្រទេសកោះតំបន់ការ៉ាអ៊ីពមួយនេះ។ទីក្រុងវ៉ាស៊ីនតោន ដែលបានដាក់ទណ្ឌកម្មលើកោះដែលគ្រប់គ្រងដោយលទ្ធិកុម្មុយនីស្តនេះ ចាប់តាំងពីឆ្នាំ១៩៦០ បានពង្រឹងវិធានការនេះ នៅឆ្នាំ២០២៦ ដោយគំរាមដំឡើងពន្ធលើប្រទេសដែលផ្គត់ផ្គង់ប្រេងដល់ប្រទេសនេះ និងបានបង្ហាញម្តងហើយម្តងទៀតថា ខ្លួនអាចចាត់វិធានការយោធា ប្រឆាំងនឹងគុយបា។ការដាក់ផ្លូវដឹកជញ្ជូនប្រេងឲ្យស្ថិតនៅក្នុងការហ៊ុមព័ទ្ធនេះ បានបង្ខំឲ្យរដ្ឋាភិបាលបន្តរឹតត្បិតការប្រើប្រាស់ ចំពោះសេវាកម្មសំខាន់ៗ ខណៈដែលអាជីវកម្ម និងលំនៅឋានមួយចំនួន បានងាកទៅរកជម្រើសផ្សេង ដូចជាថាមពលព្រះអាទិត្យជាដើម។អ្នកជំនាញឯករាជ្យមួយក្រុម ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស UN បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វិធានការនេះបានធ្វើឲ្យមានកង្វះខាតប្រេងឥន្ធនៈកាន់តែអាក្រក់ទៅៗនៅទូទាំងកោះនេះ ដែលជំរុញឲ្យសេវាកម្មសំខាន់ៗស្ថិតក្នុងហានិភ័យ»។សេចក្ដីថ្លែងការណ៍បានបន្ថែមថា៖ «បើទោះបីជាបទបញ្ជានេះសំដៅទៅលើកង្វល់សិទ្ធិមនុស្ស នៅក្នុងប្រទេសគុយបាក៏ដោយ ក៏វាមិនបានពិចារណាដល់របៀបដែលវិធានការនេះផ្ទាល់ ពោលគឺវិធានការបង្ខិតបង្ខំជាឯកតោភាគី ប៉ះពាល់ដល់ការទទួលបានសិទ្ធិមនុស្សរបស់ប្រជាជនគុយបាដោយផ្ទាល់ឡើយ»៕

លោក TRUMP៖ អ៊ីរ៉ង់ត្រៀមខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងប្រគល់ «ស្តុកអ៊ុយរ៉ានីញ៉ូម»ទៅឲ្យអាមេរិក

2026/05/08 05:35:51 pm        56
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា សំណើសម្រាប់ការដោះស្រាយជាមួយ អ៊ីរ៉ង់ទាមទារថា ទីក្រុងតេអេរ៉ង់នឹងត្រូវបោះបង់ចោលអាវុធនុយក្លេអ៊ែរ ហើយប្រគល់ «ស្តុកអ៊ុយរ៉ានីញ៉ូម» ទៅឲ្យសហរដ្ឋអាមេរិក។ លោក ត្រាំ បាននិយាយថា៖«មែនហើយ នេះគឺជាសំណើមួយដែលមានលក្ខណៈទូលំទូឡាយនិងលម្អិត។ សំណើនេះ បានបញ្ជាក់ថា ពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរទេ។ ពួកគេនឹងប្រគល់ស្តុកអ៊ុយរ៉ានីញ៉ូម និងសម្ភារៈជាច្រើនទៀតដែលយើងចង់បាន មកឲ្យយើង»។«ស្តុកអ៊ុយរ៉ានីញ៉ូម» ដែលមេដឹកនាំអាមេរិករូបនេះ បានលើកឡើង គឺជាអ៊ុយរ៉ានីញ៉ូមដែលមានកំហាប់កម្រិតខ្ពស់នៅក្នុងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានវាយប្រហារដោយសហរដ្ឋអាមេរិកពីលើអាកាស ក្នុងខែមិថុនា ឆ្នាំ ២០២៥៕

នគរបាលទួរគីចាប់ខ្លួនមនុស្ស ២៩នាក់ ជុំវិញការចោទប្រកាន់់ពីបទពុករលួយនៅក្រុងអ៊ីស្តង់ប៊ុល

2026/05/08 05:32:17 pm        32
នគរបាលទួរគីនៅថ្ងៃសុក្រនេះ បានចាប់ខ្លួនមនុស្ស ២៩នាក់ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការចោទប្រកាន់ពីបទពុករលួយនៅក្រុងអ៊ីស្តង់ប៊ុលដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។អភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ដែលជាគូប្រជែងសំខាន់របស់លោកប្រធានាធិបតី រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) ត្រូវបានជាប់ពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំ ហើយត្រូវបានចោទប្រកាន់ពីបទដឹកនាំបណ្តាញឧក្រិដ្ឋជនដ៏ធំមួយ។លោក Imamoglu បច្ចុប្បន្ន កំពុងស្ថិតក្នុងដំណើរការកាត់ទោស រួមជាមួយជនជាប់ចោទរួមចំនួន ៤១៣ នាក់។ ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយពីការិយាល័យរដ្ឋអាជ្ញាជាន់ខ្ពស់នៃទីក្រុងអ៊ីស្តង់ប៊ុល ទីភ្នាក់ងារសារព័ត៌មាន Anadolu ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា អាជ្ញាធរបានចាប់ផ្តើមការស៊ើបអង្កេតលើ «សកម្មភាពរបស់អង្គការឧក្រិដ្ឋកម្ម ដែលបង្កើតឡើងក្រោមការដឹកនាំរបស់លោក Ekrem Imamoglu»។ រដ្ឋអាជ្ញាបានចេញដីកាចាប់ខ្លួនជនសង្ស័យចំនួន ៣០នាក់។ របាយការណ៍នេះ បានបញ្ជាក់ថា មនុស្ស ២៩ នាក់ ត្រូវបានឃុំខ្លួន ខណៈដែលម្នាក់ កំពុងនៅក្រៅប្រទេស៕

លោក RUBIO ជួបពិក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី ក្នុងកិច្ចប្រឹងប្រែងដើម្បីន្ធូរបន្ថយភាពភាពតានតឹងជុំវិញសង្គ្រាមអ៊ីរ៉ង់

2026/05/08 05:07:59 pm        34
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កំពុងបើកកិច្ចប្រជុំលើកទី២ របស់លោកនៅថ្ងៃសុក្រ នេះ ជាមួយនឹងកិច្ចពិភាក្សាដែលបានគ្រោងទុកជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងជុំវិញសង្គ្រាមជាមួយអ៊ីរ៉ង់។ពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ការត្អូញត្អែររបស់លោកអំពីអឺរ៉ុបដែលមិនព្រមជួយសហរដ្ឋអាមេរិកក្នុងសង្គ្រាម និងការវាយប្រហាររបស់លោកប្រឆាំងនឹងសម្តេចប៉ាប Leo XIV បានជំរុញឲ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងអស់រយៈពេលជាច្រើនសប្តាហ៍លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការពារជាតិរវាងសម្ព័ន្ធមិត្តដ៏រឹងមាំទាំងពីរ។លោក Rubio ក៏នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេស លោក Antonio Tajani ផងដែរ។ដំណើរទស្សនកិច្ចនេះ បានចាប់ផ្តើនាថ្ងៃព្រហស្បតិ៍ ដោយលោក Rubio បានជួបជាមួយលោកប៉ាប Leo ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់លោក ក្នុងការបន្ធូរបន្ថយភាពតានតឹងឆ្លងមហាសមុទ្រអាត្លង់ទិក។ លោកស្រីMeloni និងលោក Tajani ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់កិច្ចប្រជុំទាំងនេះ ដើម្បីព្យាយាមរក្សាភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសអ៊ីតាលីជាមួយសហរដ្ឋអាមេរិក ខណៈពេលដែលកំពុងកាត់បន្ថយសម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោនលើជម្លោះអ៊ីរ៉ង់៕

រលកកម្ដៅ នៅអាស៊ី បង្កបញ្ហាទ្វេដងដល់សេដ្ឋកិច្ចដែលរងប៉ះពាល់ដោយសារប្រេង

2026/05/08 05:05:43 pm        45
តំបន់អាស៊ីកំពុងដោះស្រាយយ៉ាងលំបាកជាមួយនឹងការគំរាមកំហែងថ្មី ចំពោះអតិផរណា បន្ថែមពីលើបញ្ហាប្រេងភ្លាមៗ ខណៈដែលបាតុភូត El Nino (អែលនីណូ) កំពុងនាំឲ្យមានសីតុណ្ហភាពឡើងក្ដៅខ្លាំង និងស្ថានភាពបរាំងស្ងួត នៅប្រទេសនានា រាប់ចាប់ពីឥណ្ឌា រហូតដល់នូវែលសេឡង់ ដែលរុញឲ្យតម្លៃម្ហូបអាហារហក់ឡើង។តួលេខចុងក្រោយបង្អស់បានបង្ហាញថា អតិផរណាបានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលច្រើនឆ្នាំ នៅទូទាំងតំបន់អាស៊ីភាគច្រើន ដែលបណ្ដាលមកពីការចំណាយខ្ពស់លើថ្លៃដឹកជញ្ជូន ភស្តុភារ និងសេវាប្រើប្រាស់ផ្សេងៗ។ ការកើនឡើងខ្ពស់បំផុត គឺនៅប្រទេសហ្វីលីពីន និងប៉ាគីស្ថាន ជាកន្លែងដែលអតិផរណា បានឡើងលើសពី ៧ភាគរយ និងដល់ ១១ភាគរយ រៀងៗខ្លួន។សម្ពាធទាំងនោះអាចមានកាន់តែខ្លាំងឡើងបន្ថែមទៀត ដោយសារបាតុភូតអែលនីណូ ត្រូវបានគេព្យាករថា នឹងនាំឲ្យមានស្ថានភាពរាំងស្ងួត និងអាកាសធាតុក្តៅជាងមុន នៅចុងឆ្នាំ២០២៦។ ម្ហូបអាហារ មានចំនួនប្រហែលពី ៤០ ទៅ ៥០ភាគរយនៃការចំណាយលើតម្លៃទំនិញប្រើប្រាស់ នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន នៅតំបន់អាស៊ី ដែលធ្វើឲ្យពួកគេងាយរងគ្រោះដោយសារតម្លៃហក់ឡើងភ្លាមៗ និងការធ្លាក់ចុះនៃប្រាក់ចំណូលជាក់ស្ដែង។លោក Adam Ahmad Samdin នៅស្ថាប័ន Oxford Economics បាននិយាយថា៖ «អតិផរណាម្ហូបអាហារ នៅអាស៊ី នឹងកើនឡើងនៅឆ្នាំ២០២៦។ បញ្ហារួមបញ្ចូលគ្នា ដូចជាហានិភ័យភូមិសាស្ត្រនយោបាយ ការរំខានដល់ទីផ្សារជី និងភាពមិនប្រាកដប្រជារបស់អាកាសធាតុ បង្ហាញថា ហានិភ័យអតិផរណាអាហារជាទូទៅ ទំនងជានៅតែកើនឡើងក្នុងរយៈពេលប៉ុន្មានត្រីមាសខាងមុខ»៕

មេដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យកាំភ្លើងធំដែលអាចវាយប្រហារដល់រដ្ឋធានីកូរ៉េខាងត្បូង

2026/05/08 05:03:21 pm        36
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានទៅត្រួតពិនិត្យការផលិតកាំភ្លើងធំថ្មីអាចបាញ់បានចម្ងាយលើសពី ៦០គីឡូម៉ែត្រ ដែលនឹងត្រូវបានដាក់ពង្រាយនៅព្រំដែនកូរ៉េខាងត្បូង និងជំរុញសមត្ថភាពរបស់អាវុធនេះ ដើម្បីវាយប្រហារដល់ទីក្រុងសេអ៊ូល និងគោលដៅផ្សេងៗទៀត។ប្រព័ន្ធផ្សព្វផ្សាយ KCNA បានរាយការណ៍ លោក គីម បាននិយាយថា ការពង្រីកចម្ងាយបាញ់នៃកាំភ្លើងធំស្វ័យប្រវត្តិទំហំ ១៥៥មីលីម៉ែត្រថ្មីនេះ «នឹងផ្តល់នូវការផ្លាស់ប្តូរ និងអត្ថប្រយោជន៍ដ៏អស្ចារ្យ នៅក្នុងប្រតិបត្តិការថ្មើរជើងរបស់កងទ័ពរបស់យើង»។គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ កូរ៉េខាងជើងបានអភិវឌ្ឍអាវុធយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងនោះរួមទាំងមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយ ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងបាញ់ទៅដល់ដីគោករបស់សហរដ្ឋអាមេរិក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសនេះក៏បានពង្រីកផងដែរនូវឃ្លាំងអាវុធធម្មតារបស់ខ្លួន។មន្ត្រី និងអ្នកជំនាញកូរ៉េខាងត្បូង បានឲ្យដឹងថា ការផ្គត់ផ្គង់មីស៊ីល និងកាំភ្លើងធំរបស់កូរ៉េខាងជើងដល់រុស្ស៊ី ដើម្បីគាំទ្រដល់សង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន បានផ្តល់ឲ្យប្រទេសនេះនូវទិន្នន័យសមរភូមិដ៏មានតម្លៃ ពាក់ព័ន្ធនឹងអាវុធរបស់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM