ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

ប្រភព៖ លោក Trump គ្រោងនាំគណៈប្រតិភូនាយកប្រតិបត្តិតិចជាងមុនទៅកិច្ចប្រជុំកំពូលទីក្រុងប៉េកាំង

2026/05/08 04:41:44 pm        70
ប្រភពចំនួន ៥ ដែលត្រូវបានប្រាប់អំពីការត្រៀមរៀបចំ បាននិយាយថា សេតវិមានបានអញ្ជើញគណៈប្រតិភូនាយកប្រតិបត្តិដែលមានចំនួនតិចជាងមុន ដើម្បីអមដំណើរលោកប្រធានាធិបតី Donald Trump ទៅកាន់ទីក្រុងប៉េកាំង នាសប្តាហ៍ក្រោយ ដែលឆ្លុះបញ្ចាំងពីការបែកបាក់នៅក្នុងរដ្ឋបាល ជុំវិញគោលនយោបាយសេដ្ឋកិច្ច ចំពោះប្រទេសចិន និងការរំពឹងទុកតិចតួច សម្រាប់កិច្ចប្រជុំកំពូល។មិនដូចដំណើរទស្សនកិច្ចរបស់លោក Trump នៅចិន ក្នុងឆ្នាំ២០១៧ ឡើយ នៅពេលដែលលោកត្រូវបានអមដំណើរដោយនាយកប្រតិបត្តិជាន់ខ្ពស់ចំនួន ២៩រូប សេតវិមាន និងក្រសួងរតនាគារ បានពិចារណាអញ្ជើញតំណាងក្រុមហ៊ុនអាមេរិកប្រមាណជាជាង ១០រូបប៉ុណ្ណោះ។ នេះបើយោងតាមប្រភពចំនួន ៣ ក្នុងចំណោមប្រភពទាំង ៥រូបនោះ។ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចបញ្ជាក់ពីបញ្ជីពេញលេញនៃក្រុមហ៊ុនដែលត្រូវបានអញ្ជើញនោះទេ។ បើយោងតាមរបាយការណ៍របស់គេហទំព័រ Semafor បានបង្ហាញថា នាយកប្រតិបត្តិនៅក្នុងបញ្ជីអញ្ជើញ សម្រាប់ដំណើរទស្សនកិច្ចថ្ងៃទី ១៤-១៥ ខែឧសភា រួមមាននាយកប្រតិបត្តិមកពីក្រុមហ៊ុន Nvidia, Apple, Qualcomm, Citigroup និង Boeing។ប្រភព ២ បានប្រាប់ឲ្យដឹងថា នាយកប្រតិបត្តិទាំងនោះ នឹងចូលរួមពិធីលៀងសាយភោជកម្រិតរដ្ឋជាមួយលោក Trump ដែលរៀបចំដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។ តែយ៉ាងណាក្ដី ពួកគេបាននិយាយថា ការអញ្ជើញទាំងនេះ ត្រូវបានផ្ញើទៅយឺតខ្លាំងខុសពីធម្មតា ដោយសារតែការមិនចុះសម្រុងគ្នា នៅក្នុងរដ្ឋបាល ជុំវិញទំហំគណៈប្រតិភូនាយកប្រតិបត្តិ និងអ្នកដែលត្រូវអញ្ជើញ៕

រុស្ស៊ី និងអ៊ុយក្រែនទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ជុំវិញការរំលោភលើបទឈប់បាញ់

2026/05/08 04:36:54 pm        29
ទាំងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ សុទ្ធតែបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់រយៈពេល ២ថ្ងៃ ដែលបានប្រកាសដោយទីក្រុងមូស្គូ ដើម្បីការពារការប្រារព្ធពិធីជ័យជម្នះរបស់សហភាពសូវៀតលើរបបណាហ្ស៊ីអាល្លឺម៉ង់។ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យានដ្រូនអ៊ុយក្រែនចំនួន ២៦៤គ្រឿង ត្រូវបានបាញ់ទម្លាក់ នាព្រឹកព្រលឹមថ្ងៃសុក្រនេះ ខណៈដែលអភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា រដ្ឋធានីមួយត្រូវបានកំណត់គោលដៅ ហើយមន្ត្រីបានបញ្ជាក់ថា តំបន់ Ural របស់ទីក្រុង Perm ត្រូវបានវាយប្រហារដោយយានដ្រូន។រុស្ស៊ីបានប្រកាសបទឈប់បាញ់ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភា ជាពេលដែលខ្លួនប្រារព្ធពិធីជ័យជម្នះរបស់សហភាពសូវៀតលើរបបណាហ្ស៊ីអាល្លឺម៉ង់ និងរៀបចំព្យុហយាត្រាយោធា នៅទីក្រុងមូស្គូ។ រុស្ស៊ីបានព្រមានថា ការប៉ុនប៉ងណាមួយរបស់អ៊ុយក្រែន ដើម្បីរំខានដល់ការប្រារព្ធពិធីនេះ នឹងនាំឲ្យមានការវាយប្រហារដោយមីស៊ីលដ៏ធំទៅលើទីក្រុងគីវ ហើយទីក្រុងមូស្គូបានប្រាប់អ្នកការទូតបរទេសឲ្យជម្លៀសចេញពីរដ្ឋធានីអ៊ុយក្រែន មុនពេលអាចកើតមានការសងសឹកណាមួយ។ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា កងកម្លាំងរុស្ស៊ី បានបន្តវាយប្រហារទីតាំងរបស់អ៊ុយក្រែន នៅថ្ងៃសុក្រនេះ ដោយលោកបានពណ៌នាថា ការធ្វើបែបនេះបង្ហាញថា រុស្ស៊ីមិនបាន «ប៉ុនប៉ងបញ្ឈប់ការបាញ់ប្រហារនៅតំបន់ជួរមុខសូម្បីតែបន្តិច»។លោកបានបញ្ជាក់ថា គិតត្រឹមម៉ោង ៧ព្រឹកម៉ោង ក្នុងស្រុក (ត្រូវនឹងម៉ោង ៤រសៀល ម៉ោងសកល) មានការវាយប្រហាររបស់រុស្ស៊ីជាង ១៤០ដង លើទីតាំងតំបន់ជួរមុខរបស់ទីក្រុងគីវ។ ហើយមេដឹកនាំអ៊ុយក្រែនបានបន្ថែមថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារចំនួន ១០ដង នៅពេលយប់ និងបានបើកការវាយប្រហារដោយយានដ្រូនជាង ៨៥០ដង៕

សេចក្ដីសម្រេចស្នើដោយអាមេរិក ស្តីពីអ៊ីរ៉ង់ នៅ UN ទំនងប្រឈមនឹងការវេតូពីចិន និងរុស្ស៊ី

2026/05/08 04:23:50 pm        51
សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) បានជំរុញឲ្យប្រទេសនានាគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ (UN) ដែលទាមទារឲ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារ និងការដាក់មីន នៅច្រកសមុទ្រ Hormuz ប៉ុន្តែអ្នកការទូត បានលើកឡើងថា ប្រទេសចិន និងរុស្ស៊ីទំនងជាវេតូសំណើនោះ។ការវេតូរបស់ចិន នឹងជាការមាននូវស្ថានភាពមិនប្រសើរ មុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយ ជាពេលដែលសង្គ្រាមអ៊ីរ៉ង់ ទំនងជាស្ថិតក្នុងរបៀបវារៈសំខាន់។សេចក្តីសម្រេចពីមុនគាំទ្រដោយសហរដ្ឋអាមេរិក ដែលហាក់ដូចជាបើកផ្លូវផ្ដល់ភាពស្របច្បាប់ ចំពោះវិធានការយោធារបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ បានបរាជ័យក្នុងខែមេសា បន្ទាប់ពីរុស្ស៊ី និងចិន បានប្រើសិទ្ធិវេតូរបស់ពួកគេ នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលមានសមាជិក ១៥ប្រទេស។ដោយឈរក្បែរប្រេសិតនៃប្រទេសឈូងសមុទ្រដែលគាំទ្រសេចក្តីព្រាងថ្មីនេះ បេសកជនរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំ UN លោក Mike Waltz បានប្រាប់អ្នកសារព័ត៌មានថា៖ ប្រទេសណាមួយដែល «ព្យាយាមបដិសេធវា កំពុងកំណត់គំរូដ៏គ្រោះថ្នាក់ខ្លាំងណាស់។ យើងត្រូវសួរខ្លួនឯងថា ប្រសិនបើប្រទេសមួយជ្រើសរើសប្រឆាំងនឹងសំណើសាមញ្ញបែបនេះ តើពួកគេពិតជាចង់បានសន្តិភាពមែនឬ?ការស្នើថ្មីនេះត្រូវបានរៀបចំឡើងដោយសហរដ្ឋអាមេរិក និងបារ៉ែន ដោយមានការគាំទ្រពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងកាតា។ លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំ UN បានចាត់ទុកសេចក្តីសម្រេចនេះថា «មានចំណុចខ្វះខាតខ្លាំង មានភាពលម្អៀង និងមានហេតុផលនយោបាយ»។អ្នកការទូតបានលើកឡើងថា សេចក្តីសម្រេចនេះបានប្រឈមនឹងការជំទាស់យ៉ាងខ្លាំង ពីចិន និងរុស្ស៊ី នៅពេលដែលក្រុមប្រឹក្សាសន្តិសុខ បានពិភាក្សាអំពីវា អំឡុងកិច្ចប្រជុំបិទទ្វារ នាសប្តាហ៍នេះ ហើយទំនងជានឹងជំរុញឲ្យប្រទេសទាំង២ វេតូចំពោះកិច្ចខិតខំប្រឹងប្រែងនេះ៕

មេដឹកនាំអាស៊ីអាគ្នេយ៍ស្វែងរកយុទ្ធសាស្ត្រ ដើម្បីបន្ថយផលប៉ះពាល់ ដោយសារសង្គ្រាមអ៊ីរ៉ង់

2026/05/08 04:20:49 pm        68
មេដឹកនាំនៃបណ្ដាប្រទេសតំបន់អាស៊ីអាគ្នេយ៍ដែលរៀបចំកិច្ចប្រជុំកំពូល នៅថ្ងៃសុក្រ (ទី៨ ខែឧសភា ឆ្នាំ២០២៦) នេះ ត្រូវបានគេរំពឹងថា នឹងពិភាក្សាយ៉ាងល្អិតល្អន់ អំពីការឆ្លើយតបដែលមានការស្រុះស្រួលគ្នា ចំពោះផលប៉ះពាល់ ដោយសារវិបត្តិ នៅតំបន់មជ្ឈិមបូព៌ា ខណៈដែលថ្នាក់ដឹកនាំទាំងអស់មានគោលបំណងបន្ធូរបន្ថយសម្ពាធ ពីបញ្ហាថាមពលភ្លាមៗ ជាអ្វីដែលបានធ្វើឲ្យសេដ្ឋកិច្ចពឹងផ្អែកលើការនាំចូលប្រេងរបស់ប្លុកនេះរង្គោះរង្គើ។អំឡុងកិច្ចប្រជុំ នៅកោះសេប៊ូ (Cebu) របស់ប្រទេសហ្វីលីពីន បណ្ដាមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) ត្រូវបានគេរំពឹងថា នឹងជំរុញឲ្យមានយុទ្ធសាស្ត្រសុខដុមរមនា ដើម្បីធានាសន្តិសុខថាមពល និងស្បៀងអាហារ នៅក្នុងតំបន់ដែលងាយរងគ្រោះជាពិសេស ដោយសារការបិទអស់រយៈពេលជិត ៧០ថ្ងៃហើយ ចំពោះច្រកសមុទ្រដ៏សំខាន់ គឺ Hormuz។នៅក្នុងសុន្ទរកថាបើក ក្នុងនាមជាប្រធានអាស៊ាន ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា អាស៊ានកំពុងឈរជាមួយគ្នា ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតប ប្រកបដោយឯកភាព និងការតាំងចិត្ត ប៉ុន្តែត្រូវតែមានភាពបត់បែន និងរហ័សរហួន។លោកបានបញ្ជាក់ថា៖ «យើងត្រូវតែធានាសន្តិសុខថាមពល និងភាពធន់ក្នុងតំបន់។ នៅពេលមានភាពប្រែប្រួលខ្ពស់ អាស៊ានត្រូវតែពង្រឹងការសម្របសម្រួល និងលើកកម្ពស់ការត្រៀមខ្លួនបន្ថែមទៀត ធ្វើការលើវិធានការរួមជាក់ស្តែង ដើម្បីការពារការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងធ្វើឲ្យការតភ្ជាប់គ្នាទៅវិញទៅមកកាន់តែប្រសើរឡើង»។តំបន់នេះ ដែលមានប្រជាជនជិត ៧០០លាននាក់ និងសេដ្ឋកិច្ចតម្លៃសរុប ៣,៨សែនកោដិដុល្លារ ប្រឈមនឹងហានិភ័យធំៗ ដោយសារផលវិបាកពីសង្គ្រាមអ៊ីរ៉ង់ ហើយហ្វីលីពីន ដែលស្ថិតក្នុងចំណោមប្រទេសដំបូងគេជាច្រើន នៅលើពិភពលោកប្រកាសអាសន្នថាមពលនោះ បានជំរុញឲ្យមានការអនុម័តកិច្ចព្រមព្រៀងក្របខ័ណ្ឌចែករំលែកប្រេងអាស៊ានដោយស្ម័គ្រចិត្ត និងផ្អែកលើពាណិជ្ជកម្ម។បណ្ដាមេដឹកនាំអាស៊ាន នឹងធ្វើកិច្ចប្រជុំឯកជនមួយ នៅថ្ងៃសុក្រនេះ ហើយត្រូវបានគេរំពឹងថា នឹងអំពាវនាវឲ្យមានដំណោះស្រាយទទួលយកបានពីភាគីទាំង២ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏ដូចជាការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវទឹក សម្រាប់នាវាប្រហែល ១៣០គ្រឿង ក្នុងមួយថ្ងៃ និង ១ភាគ៥នៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នរបស់ពិភពលោក មុនពេលជម្លោះផ្ទុះឡើង៕

បេសកជនអារ៉ាប៊ីសាអ៊ូឌីតប្រចាំUN អំពាវនាវឲ្យមានលំហូរដឹកជញ្ជូនដោយសេរីតាមរយៈច្រកសមុទ្រហ័រមូស

2026/05/08 04:17:41 pm        57
តំណាងអចិន្ត្រៃយ៍របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា មានតម្រូវការបន្ទាន់មួយក្នុង «ការការពារស្ថិរភាព និងសន្តិសុខ» នៃច្រកសមុទ្រហ័រមូស ខណៈដែលប្រទេសឈូងសមុទ្រ និងសហរដ្ឋអាមេរិក បានដាក់សម្ពាធលើUN កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារឲ្យអ៊ីរ៉ង់បញ្ចប់ការបិទផ្លូវទឹកដ៏សំខាន់នេះ។លោក Abdulaziz Alwasil បានធ្វើអត្ថាធិប្បាយរបស់ខ្លួន រួមជាមួយសម្ព័ន្ធមិត្តឈូងសមុទ្រ និងសហរដ្ឋអាមេរិកនៅអង្គការសហប្រជាជាតិ ខណៈដែលពួកគេបានជំរុញឲ្យប្រទេសនានាគាំទ្រសេចក្តីសម្រេចមួយដែលទាមទារឲ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារ និងការដាក់មីននៅច្រកសមុទ្រនេះ។បេសកជនអារ៉ាប៊ីសាអ៊ូឌីតបាននិយាយថា សេចក្តីព្រាងសេចក្តីសម្រេចនេះអំពាវនាវឲ្យមានសកម្មភាពអន្តរជាតិជាបន្ទាន់ ដើម្បី «បន្ធូរបន្ថយភាពតានតឹង ធានាឲ្យមានលំហូរពាណិជ្ជកម្ម និងជំនួយមនុស្សធម៌ដោយសេរី និងសុវត្ថិភាព ស្តារស្ថិរភាពដល់ទីផ្សារពិភពលោក និងការពារប្រជាជនដែលរងផលប៉ះពាល់»។លោក Alwasil បាននិយាយថា៖«ច្រកសមុទ្រហ័រមូស នៅតែជាសរសៃឈាមដ៏សំខាន់នៃពាណិជ្ជកម្មពិភពលោក ហើយការរំខានណាមួយចំពោះសន្តិសុខរបស់ច្រកនេះ គឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយ ដែលអន្តរជាតិព្រួយបារម្ភ»៕

ស្ត្រីអូស្ត្រាលី៣នាក់ ប្រឈមនឹងការចោទប្រកាន់ពីបទទាសភាព ភេរវកម្មនិងមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម

2026/05/08 04:14:18 pm        50
ស្ត្រីអូស្ត្រាលី ៣ នាក់ ត្រូវបានបដិសេធមិនឲ្យនៅក្រៅឃុំ នៅពេលដែលពួកគេបង្ហាញខ្លួននៅក្នុងតុលាការនៅថ្ងៃសុក្រនេះ ដោយត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើទាសភាព និងភេរវកម្ម បន្ទាប់ពីពួកគេ បានត្រឡប់មកផ្ទះវិញពីប្រទេសស៊ីរី ជាមួយនឹងមនុស្ស ១០នាក់ ផ្សេងទៀត ដែលនគរបាលអះអាងថា មានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមដេស ( Daesh)។ស្ត្រីទាំង ៤នាក់ និងកុមារ ៩នាក់ ដែលបានចំណាយពេលជាច្រើនឆ្នាំ នៅក្នុងជំរំ Roj នៅវាលខ្សាច់ស៊ីរី បានធ្វើដំណើរដោយជើងហោះហើរចំនួនពីររបស់ក្រុមហ៊ុន Qatar Airways ពីទីក្រុងដូហា កាលពីថ្ងៃព្រហស្បតិ៍ ទោះបីជារដ្ឋាភិបាលអូស្ត្រាលី បានព្រមានថា ពួកគេនឹងប្រឈមមុខនឹងការចោទប្រកាន់ ប្រសិនបើពួកគេត្រឡប់មកវិញក៏ដោយ។នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី Kawsar Abbas អាយុ ៥៣ឆ្នាំ និងកូនស្រីរបស់ខ្លួនឈ្មោះ Zeinab Ahmed អាយុ ៣១ឆ្នាំ ត្រូវបានចោទប្រកាន់នៅក្នុងតុលាការទីក្រុងមែលប៊ន ទាក់ទងនឹងការចោទប្រកាន់ថា ក្រុមគ្រួសាររបស់ពួកគេ បានទិញទាសករស្ត្រី Yazidi ម្នាក់ ក្នុងតម្លៃ ១០.០០០ដុល្លារ។មេធាវីរបស់ពួកគេ បាននិយាយថា ពួកគេនឹងដាក់ពាក្យសុំឲ្យស្ត្រីទាំងពីរត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅថ្ងៃចន្ទ។ ស្ត្រីទាំងពីរនាក់ មិនបាននិយាយអ្វីទេ ក្នុងអំឡុងពេលបង្ហាញខ្លួននៅតុលាការរយៈពេលខ្លីរបស់ពួកគេ។ ការដោះលែងឲ្យនៅក្រៅឃុំ ត្រូវបានបដិសេធជាផ្លូវការ៕

ភាពអត់ឃ្លាននៅសូម៉ាលីកាន់តែធ្ងន់ធ្ងរ ខណៈកម្មវិធីស្បៀងអាហារពិភពលោកលើកឡើងពីការពន្យារពេលទាក់ទងនឹងជម្លោះ

2026/05/08 04:12:00 pm        58
យោងតាមទីភ្នាក់ងារជំនួយបានឲ្យដឹងថា ប្រទេសសូម៉ាលី កំពុងប្រឈមនឹងវិបត្តិអត់ឃ្លានធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលបណ្តាលមកពីគ្រោះរាំងស្ងួត ការធ្លាក់ចុះនៃមូលនិធិជំនួយ និងការកើនឡើងតម្លៃសកលទាក់ទងនឹងជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ នៅតំបន់ Puntland អ្នកចិញ្ចឹមសត្វបានចង្អុលទៅរកសាកសពសត្វបាត់បង់ដោយសារតែគ្រោះរាំងស្ងួត ដែលបង្ហាញពីការខូចខាតធ្ងន់ធ្ងរដល់វិស័យចិញ្ចឹមសត្វ ជាចំណុចកណ្តាលនៃសេដ្ឋកិច្ច។កម្មវិធីស្បៀងអាហារពិភពលោក (WFP) និយាយថា មនុស្សជិតប្រាំលាននាក់បានរងផលប៉ះពាល់ ខណៈមនុស្សជាង ២០០.០០០នាក់ បានភៀសខ្លួននៅឆ្នាំនេះ ភាគច្រើនដោយសារតែគ្រោះរាំងស្ងួត។ ជំរំនៅតំបន់ Puntland កំពុងពេញទៅដោយគ្រួសារដែលបានបាត់បង់លំនៅឋាន សត្វចិញ្ចឹម និងប្រភពប្រាក់ចំណូល។ លោក Mahad Farah Muse អ្នកស្រុកដែលភៀសខ្លួនបាននិយាយថា «មនុស្សពឹងផ្អែកលើសត្វចិញ្ចឹម ហើយបច្ចុប្បន្នសត្វទាំងនោះបានបាត់បង់ទៅហើយ។ អ្វីៗទាំងអស់បានបាត់បង់»។អសន្តិសុខស្បៀងស្ថិតនៅកម្រិតធ្ងន់ធ្ងររួចទៅហើយ ដោយមនុស្ស៦,៥លាននាក់កំពុងប្រឈមនឹងកម្រិតវិបត្តិនៃភាពអត់ឃ្លាន ឬកម្រិតអាក្រក់ជាងនេះ ខណៈកង្វះអាហារូបត្ថម្ភត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់កុមារជិតពីរលាននាក់។ មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោក បាននិយាយថា រដូវវស្សាបីលើកដែល «គ្មានភ្លៀង» បានបង្ខំឱ្យគ្រួសារបោះបង់ចោលលំនៅឋានរបស់ពួកគេ និងបានព្រមានថា កង្វះថវិកា និងការចំណាយកើនឡើង កំពុងកំណត់ការឆ្លើយតប។ លោកបាននិយាយបន្ថែមថា ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងអាហារ រួមជាមួយនឹងការរំខានដល់ការផ្គត់ផ្គង់ បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយកាន់តែតានតឹង ធ្វើឱ្យមនុស្សរាប់លាននាក់ស្ថិតក្នុងហានិភ័យកាន់តែខ្លាំងឡើង។

អ៊ីស្រាអែល និងលីបង់ នឹងចាប់ផ្តើមកិច្ចចរចាជុំទីបីនៅទីក្រុងវ៉ាស៊ីនតោន សប្តាហ៍ក្រោយ

2026/05/08 03:48:04 pm        55
មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល និងលីបង់ នឹងចាប់ផ្តើមកិច្ចចរចាជុំទីបីដោយផ្ទាល់នៅទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ ក្នុងពេលមានបទឈប់បាញ់ដ៏ផុយស្រួយដែលបានបន្ថែមពេល។ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា ឯកអគ្គរដ្ឋទូតរបស់ប្រទេសទាំងពីរប្រចាំសហរដ្ឋអាមេរិកនឹងជួបគ្នាផ្ទាល់នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍ក្រោយ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់យូរអង្វែង និងកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមាន រវាងភាគីទាំងពីរ។មន្ត្រីអ៊ីស្រាអែលម្នាក់ បានបញ្ជាក់ថា កិច្ចចរចាជុំទីបីជាមួយលីបង់ នឹងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្តាហ៍ក្រោយ។ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតរបស់ប្រទេសទាំងពីរប្រចាំសហរដ្ឋអាមេរិកបានបើកកិច្ចចរចាពីរជុំរួចមកហើយកាលពីថ្ងៃទី១៤ និងថ្ងៃទី ២៤ ខែមេសា ដែលបានបន្ធូរបន្ថយការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បន្ទាប់ពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា។ភាគីចរចាជាមួយអ៊ីស្រាអែលគឺរដ្ឋាភិបាលលីបង់ ពុំមែនក្រុមហេសបូឡា ទេ។ យោងតាមក្រសួងសុខាភិបាលសាធារណៈលីបង់បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលចន្លោះពីថ្ងៃទី ២ ខែមីនា និងថ្ងៃទី ៦ ខែឧសភា បានសម្លាប់មនុស្ស ២.៧១៥ នាក់ និងរបួស ៨.៣៥៣ នាក់ផ្សេងទៀត។

អង្គការ FAO៖ ភាពតានតឹងនៅច្រកសមុទ្រ Hormuz គំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងសកល

2026/05/08 03:43:14 pm        55
លោក Qu Dongyu អគ្គនាយកអង្គការស្បៀងអាហារ និងកសិកម្មអង្គការសហប្រជាជាតិ (FAO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសន្និសីទសកលកម្រិតខ្ពស់មួយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ថា កង្វះជីសកលដែលបណ្តាលមកពីការរំខានដល់ការដឹកជញ្ជូននៅច្រកសមុទ្រ Hormuz នឹងកាត់បន្ថយការប្រមូលផលដំណាំ និងរឹតត្បិតការផ្គត់ផ្គង់ស្បៀងចាប់ពីចុងឆ្នាំ២០២៦ ដល់ឆ្នាំ២០២៧។លោក Qu បាននិយាយថា វិបត្តិនេះ បានផ្លាស់ប្តូរហួសពីភូមិសាស្ត្រនយោបាយ ហើយបច្ចុប្បន្នកំពុងវាយលុកដល់បេះដូងនៃប្រព័ន្ធកសិកម្មស្បៀងសកល។លោកបាននិយាយថា សូម្បីតែការពន្យារពេលត្រឹមតែពីរបីសប្តាហ៍ក្នុងការដឹកជញ្ជូនជី ធ្វើឲ្យអាក់ខានដល់ការលូតលាស់ដំណាំ ដែលអាចកាត់បន្ថយការប្រមូលផល។លោកបានបញ្ជាក់ជាពិសេសចំពោះទ្វីបអាហ្វ្រិក អាស៊ី និងតំបន់មជ្ឈិមបូព៌ា ថាជាតំបន់ងាយរងគ្រោះបំផុត ដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងរបស់ពួកគេលើជីនាំចូល។

ម៉ិកស៊ិក ជំរុញឱ្យអាមេរិក ផ្តល់ភស្តុតាងសម្រាប់ការចោទប្រកាន់លើអ្នកនយោបាយម៉ិកស៊ិក

2026/05/08 03:40:58 pm        46
ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យសហរដ្ឋអាមេរិក ផ្តល់ភស្តុតាងដែលអាចផ្ទៀងផ្ទាត់បានក្នុងការគាំទ្រការចោទប្រកាន់របស់ខ្លួនថា មន្ត្រីម៉ិកស៊ិកជាច្រើនរូប មានទំនាក់ទំនងជាមួយឧក្រិដ្ឋកម្មរៀបចំទុក។កាលពីថ្ងៃទី២៩ ខែមេសា រដ្ឋអាជ្ញាអាមេរិកនៅក្នុងស្រុកភាគខាងត្បូងទីក្រុងញូវយ៉ក បានចោទប្រកាន់លោក Ruben Rocha Moya អភិបាលរដ្ឋ Sinaloa ប្រទេសម៉ិកស៊ិក និងមន្ត្រីម៉ិកស៊ិក៩រូបផ្សេងទៀត ចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងអាវុធ។លោក Todd Blanche រដ្ឋអាជ្ញាស្តីទីអាមេរិក បាននិយាយថា រដ្ឋអាជ្ញាអាមេរិកនឹងដាក់ពាក្យបណ្តឹងបន្ថែមទៀតប្រឆាំងនឹងអ្នកនយោបាយម៉ិកស៊ិក ដោយនិយាយថា កិច្ចសហប្រតិបត្តិការរបស់មេដឹកនាំក្រុមជួញដូរគ្រឿងញៀនដែលត្រូវបានផ្ទេរទៅសហរដ្ឋអាមេរិក អាចនាំឱ្យមានការចោទប្រកាន់ថ្មី។ក្នុងការឆ្លើយតប លោកស្រី Sheinbaum បាននិយាយថា «យើងមិនការពារនរណាម្នាក់ទេ ប៉ុន្តែ ដែនអធិបតេយ្យភាពរបស់ស្ថាប័នម៉ិកស៊ិកត្រូវតែបានគោរព ហើយការចោទប្រកាន់ណាមួយ ត្រូវតែផ្អែកលើភស្តុតាងរឹងមាំ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM