ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត

ព័ត៌មានអន្តរជាតិ

ការប៉ះទង្គិចគ្នាថ្មីៗនេះរវាងអាមេរិក និងអ៊ីរ៉ង់ គឺជា «ការកើនឡើងភាពតានតឹងដែលគ្រប់គ្រងបាន»

2026/05/08 03:31:43 pm        70
អតីតអ្នកការទូត និងជាអ្នកជំនាញសន្តិសុខអាមេរិក លោក Donald Jensen បានកំណត់លក្ខណៈនៃការប៉ះទង្គិចគ្នាកាលពីពេលថ្មីៗនេះរវាងកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅក្នុងច្រកសមុទ្រ Hormuz កាលពីថ្ងៃព្រហស្បតិ៍ថា ជា «ការកើនឡើងនៃភាពតានតឹងដែលគ្រប់គ្រងបាន» ជាជាងការប៉ះទង្គិចគ្នាធម្មតា ដោយនិយាយថាប្រទេសទាំងពីរ «កំពុងព្យាយាមបង្ហាញពីដំណោះស្រាយរបស់ខ្លួន» ខណៈក៏កំពុងព្យាយាម «ដោះស្រាយលើក្របខ័ណ្ឌបញ្ហាសំខាន់ៗមួយចំនួន»។លោក Jensen បានប្រាប់សារព័ត៌មាន Al Jazeera ថា ដំណោះស្រាយរវាងភាគីទាំងពីរ «វាទំនងជានឹងពុំមែនជាប្រភេទនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយដែលភាគីណាមួយចង់បាននោះទេ» ប៉ុន្តែផ្ទុយទៅវិញនឹង «មានការកំណត់ច្រើនជាងក្នុងការផ្តោតសំខាន់លើការឆ្លងកាត់ច្រកសមុទ្រជាចម្បង»។លោក ក៏បានព្រមានផងដែរថា គោលដៅផ្នែកការទូតធំៗ «ជាពិសេសទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរនៅអ៊ីរ៉ង់ នឹងត្រូវទុកមួយឡែកសម្រាប់ពេលបច្ចុប្បន្ននេះ» ខណៈអាទិភាពអន្តរជាតិផ្លាស់ប្តូរឈានទៅរកការធ្វើឱ្យ «សេដ្ឋកិច្ចពិភពលោកដំណើរការឡើងវិញ»។

អាមេរិកបានវាយប្រហារទីតាំងយោធាអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការវាយប្រហារនាវាពិឃាតរបស់ខ្លួន

2026/05/08 03:26:52 pm        47
ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា យោធាអាមេរិក បានវាយប្រហារមូលដ្ឋានទ័ពរបស់អ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការវាយប្រហារប្រឆាំងនឹងនាវាពិឃាតរបស់ខ្លួន ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។ CENTCOM បានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា សហរដ្ឋអាមេរិកបានលុបបំបាត់ការគំរាមកំហែងដ៏គ្រោះថ្នាក់ និងកំណត់គោលដៅទៅលើទីតាំងយោធាអ៊ីរ៉ង់ ដែលទទួលខុសត្រូវចំពោះការវាយប្រហារកងកម្លាំងអាមេរិក រួមទាំងទីតាំងបាញ់មីស៊ីល និងយានដ្រូន ទីតាំងបញ្ជានិងត្រួតពិនិត្យ និងឧបករណ៍ចាប់សញ្ញាស៊ើបការណ៍សម្ងាត់ ឃ្លាំមើល និងឈ្លបយកការណ៍។ CENTCOM បានបន្ថែមថា៖«ខ្លួនមិនស្វែងរកការបង្កើនភាពតានតឹងទេ ប៉ុន្តែបន្តឈរជើង និងត្រៀមខ្លួនការពារកងកម្លាំងអាមេរិកជានិច្ច»៕

អតីតរដ្ឋមន្ត្រីការបរទេស៖ អាល្លឺម៉ង់ប្រឈមនឹងការដួលរលំ ប្រសិនបើមិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនទេ

2026/05/08 03:24:42 pm        56
អតីតរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ (១៩៩៨-២០០៥) លោក Joschka Fischer ដែលជាឥស្សរជនលេចធ្លោម្នាក់នៃគណបក្សបៃតង (Green Party) បានចេញការព្រមានយ៉ាងមុតមាំមួយថា ប្រសិនបើប្រទេស អាល្លឺម៉ង់មិនផ្លាស់ប្តូរគន្លងនយោបាយបច្ចុប្បន្នរបស់ខ្លួនទេ ប្រទេសនេះនឹងមានហានិភ័យនៃការដួលរលំផ្នែកសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរ។ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ ZDF លោក Fischer បានព្រមានថា៖«ប្រសិនបើយើងបន្តដើរតាមផ្លូវនេះ ប្រទេសរបស់យើង ប្រឈមនឹងការបំផ្លិចបំផ្លាញ។ វានឹងក្លាយជាគ្រោះមហន្តរាយសេដ្ឋកិច្ច ដែលក៏អាចនាំឲ្យមានការបែកបាក់នៃរដ្ឋដែលមានសុខុមាលភាពនេះផងដែរ»។ ការលើកឡើងរបស់លោក បានគូសបញ្ជាក់ពីភាពបន្ទាន់ដែលលោកមើលឃើញ ក្នុងការដោះស្រាយបញ្ហាប្រឈមកំពុងកើនឡើងនៅប្រទេសអាល្លឺម៉ង់។លោក Fischer ក៏បានសម្តែងក្តីរំពឹងរបស់លោកចំពោះលោកអធិការបតី Friedrich Merz ផងដែរ។ លោក Fischer បានសង្កត់ធ្ងន់ថា៖«លោកអធិការបតីត្រូវតែដឹកនាំ។ លោកត្រូវតែបញ្ចុះបញ្ចូលអ្នកដទៃ ហើយ នោះតម្រូវឲ្យមានការយល់ដឹងយ៉ាងច្បាស់អំពីអ្វីដែលលោកកំពុងតស៊ូមតិ» ដោយអំពាវនាវឲ្យមានភាពជាអ្នកដឹកនាំដ៏ម៉ឺងម៉ាត់ និងមានព័ត៌មានគ្រប់គ្រាន់។ថ្ងៃទី ០៦ ខែឧសភា គឺជាខួបមួយឆ្នាំនៃការបង្កើតរដ្ឋាភិបាលអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់លោក Chancellor Merz ជាសម្ព័ន្ធភាពមួយដែលរួមមានសហភាពប្រជាធិបតេយ្យគ្រិស្តអភិរក្សនិយម (CDU/CSU) និងគណបក្សប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD)។ ការស្ទង់មតិថ្មីៗនេះ បង្ហាញពីការធ្លាក់ចុះគួរឲ្យកត់សម្គាល់នៃការគាំទ្រសម្រាប់គណបក្សទាំងពីរ ដោយគណបក្សជម្រើសសម្រាប់អាល្លឺម៉ង់ (AFD) ទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយការស្ទង់មតិមួយចំនួនឥឡូវនេះ បានដាក់វា ជាគណបក្សដែលមានប្រជាប្រិយភាពបំផុត នៅក្នុងប្រទេសនេះ៕

កោះតៃវ៉ាន់ស្វាគមន៍មេដឹកនាំប៉ារ៉ាហ្គាយ ស្របពេលប្រទេសចិនកំពុងដាក់សម្ពាធការទូត

2026/05/08 03:21:50 pm        54
កោះតៃវ៉ាន់បានក្រាលកម្រាលព្រំក្រហមសម្រាប់ប្រធានាធិបតីប៉ារ៉ាហ្គាយ លោក Santiago Pena នៅថ្ងៃសុក្រនេះ ខណៈដែលកោះប្រជាធិបតេយ្យមួយនេះ បានពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាមេរិកខាងត្បូងតែមួយគត់របស់ខ្លួន ដែលជាការប្រឆាំងសម្ពាធការទូតរបស់ប្រទេសចិន។ទីក្រុងតៃប៉ិមានសម្ព័ន្ធមិត្តការទូតត្រឹមតែ ១២ ប្រទេសប៉ុណ្ណោះ បន្ទាប់ពីទីក្រុងប៉េកាំង ដែលអះអាងថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បានបញ្ចុះបញ្ចូលទាញយកសម្ព័ន្ធមិត្តការទូតផ្សេងទៀតជាប្រព័ន្ធ ក្នុងគោលបំណងដើម្បីធ្វើឲ្យកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ នៅឯកោ។លោក Pena កំពុងដឹកនាំគណៈប្រតិភូមន្ត្រីរដ្ឋាភិបាល និងតំណាងអាជីវកម្មក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ហើយបានពណ៌នាអំពីកោះនេះថា ជា «ដៃគូជាមូលដ្ឋាន» សម្រាប់ប្រទេសអាមេរិកខាងត្បូង។មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានស្វាគមន៍លោក Pena ជាផ្លូវការនៅថ្ងៃសុក្រនេះ ជាមួយនឹងកងយោធាកិត្តិយស រួមទាំងការវន្ទាអាវុធ និងកម្រាលព្រំក្រហម មុនពេលចាប់ផ្តើមពិភាក្សាអំពីបញ្ហា សំខាន់ៗ៕

ចំនួនអ្នកស្លាប់នៅលីបង់កើនឡើងដល់ ២.៧២៧នាក់ ខណៈអ៊ីស្រាអែលនៅតែបន្តការវាយប្រហារ

2026/05/08 03:03:27 pm        53
ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ០២ ខែមីនា បានកើនឡើងដល់ ២.៧២៧ នាក់ ដោយមានអ្នករងរបួស ៨.៤៣៨នាក់។ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៥នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត បានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ នារសៀលថ្ងៃព្រហស្បតិ៍ ។ មុននេះបន្តិច ទីភ្នាក់ងារនេះ បាននិយាយថា មនុស្ស ៩នាក់ ត្រូវបានសម្លាប់ ក្នុងកាវាយប្រហារនៅពេលយប់។ក្រុមហេសបូឡា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យុទ្ធជនរបស់ខ្លួន បានកំណត់គោលដៅលើរថយន្តយោធាអ៊ីស្រាអែលមួយគ្រឿង នៅក្នុងភូមិឆាម៉ា ជាមួយនឹងការបាញ់រ៉ូកែត។ ក្រុមសកម្មប្រយុទ្ធនេះ ក៏បាននិយាយផងដែរថា ខ្លួនបានវាយប្រហារលើរថក្រោះ Merkava របស់អ៊ីស្រាអែលមួយគ្រឿង នៅ Bint Jbeil ដោយយានដ្រូន ដោយអះអាងថា នេះ គឺជាការវាយប្រហារដោយផ្ទាល់ ហើយក្រោយមកបានបាញ់កាំភ្លើងធំទៅលើអង្គភាពសង្គ្រាមបន្ទាន់។ការវាយប្រហារគ្នាទៅវិញទៅមកនេះ បានកើតឡើង ទោះបីជាមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ ដែលបានចូលជាធរមាន កាលពីខែមុន បន្ទាប់ពីការប្រយុទ្ធគ្នាឆ្លងកាត់ព្រំដែនជាច្រើនសប្តាហ៍ ដែលទាក់ទងនឹងភាពតានតឹងក្នុងតំបន់កាន់តែទូលំទូលាយក៏ដោយ៕

នាវាដឹកប្រេងចិន ត្រូវរងការវាយប្រហារ នៅជិតច្រកសមុទ្រហ័រមូស

2026/05/08 02:59:48 pm        72
ប្រព័ន្ធផ្សព្វផ្សាយចិន Caixin បានរាយការណ៍ថា នាវាដឹកផលិតផលប្រេងដែលគ្រប់គ្រងដោយចិនមួយគ្រឿង ត្រូវបានវាយប្រហារនៅជិតច្រកសមុទ្រហ័រមូសកាលពីថ្ងៃចន្ទ ស្របពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ចេញផែនការរបស់សហរដ្ឋអាមេរិកនៅថ្ងៃនោះ ដើម្បីជួយនាវាដែលជាប់គាំងនៅទីនោះ ប៉ុន្តែបានផ្អាកវា មួយថ្ងៃក្រោយមក។មនុស្សម្នាក់ដែលដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មាន Caixin កាលពីថ្ងៃព្រហស្បតិ៍ថា នេះជាលើកដំបូងដែលនាវាដឹកប្រេងរបស់ចិន ត្រូវបានវាយប្រហារ។ ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះ ដែល២០ភាគរយនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នរបស់ពិភពលោកឆ្លងកាត់ បានជាប់គាំងស្ទើរតែទាំងស្រុង ចាប់តាំងពីជម្លោះអ៊ីរ៉ង់ បានចាប់ផ្តើម នៅថ្ងៃទី ២៨ ខែកុម្ភៈ។នាវាបានឆេះ ហើយនាវានេះ ត្រូវបានសម្គាល់ថា «មានម្ចាស់ និងនាវិកចិន»។ នេះបើយោងតាមCaixin។ពុំច្បាស់ទេថាតើមាននាវិកណាម្នាក់របស់នាវានេះ បានរងរបួសឬអត់ទេ។ ចិននៅតែជាប្រទេសទិញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ ដែលត្រូវបានកំណត់គោលដៅដោយការបិទផ្លូវរបស់សហរដ្ឋអាមេរិក នៅឈូងសមុទ្រអូម៉ង់៕

អាមេរិកដាក់ទណ្ឌកម្មលើអនុរដ្ឋមន្ត្រីប្រេង និងកងជីវពលអ៊ីរ៉ាក់ ជុំវិញការគាំទ្រអ៊ីរ៉ង់

2026/05/08 02:22:50 pm        54
ក្រសួងរតនាគារ បាននិយាយថា សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើអនុរដ្ឋមន្ត្រីប្រេង និងកងជីវពលអ៊ីរ៉ាក់ ជុំវិញការគាំទ្រអ៊ីរ៉ង់។ ក្រសួងរតនាគារបានចោទប្រកាន់អនុរដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali Maarij Al-Bahadly ពីបទរំលោភលើ «តំណែងរបស់លោក ដើម្បីសម្រួលដល់ការបង្វែរប្រេង ដើម្បីលក់សម្រាប់ផលប្រយោជន៍របស់របបអ៊ីរ៉ង់ និងកងជីវពលតំណាងរបស់ខ្លួន នៅក្នុងប្រទេសអ៊ីរ៉ាក់»។ក្រសួងប្រេង និងអនុរដ្ឋមន្ត្រីអ៊ីរ៉ាក់ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។កាលពីខែមីនា រដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់ លោក Hayan Abdel-Ghani បាននិយាយថា នាវាដឹកប្រេងអ៊ីរ៉ង់ ដែលត្រូវបានកងកម្លាំងអាមេរិកបញ្ឈប់នៅឈូងសមុទ្រ បានប្រើប្រាស់ឯកសារអ៊ីរ៉ាក់ក្លែងក្លាយ។ ទីក្រុងតេអេរ៉ង់ បានបដិសេធថា មិនបានប្រើប្រាស់ឯកសារបែបនេះទេ។ការសម្រេចដាក់ទណ្ឌកម្មអនុរដ្ឋមន្ត្រីរូបនេះ បានកើតឡើង ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុង ជិតឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្ន ដើម្បីបញ្ឈប់សង្គ្រាម ដោយទីក្រុងតេអេរ៉ង់ កំពុងពិនិត្យឡើងវិញនូវសំណើមួយ ដែលនឹងបញ្ឈប់ការប្រយុទ្ធគ្នា ប៉ុន្តែទុកបញ្ហាចម្រូងចម្រាសបំផុត មិនទាន់ដោះស្រាយបាន៕

ប្រធានក្រុមប្រឹក្សាអឺរ៉ុប៖ EU កំពុងរៀបចំសម្រាប់ការចរចាដែលអាចកើតមានជាមួយរុស្ស៊ី

2026/05/08 02:20:19 pm        74
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បាននិយាយថា សហភាពអឺរ៉ុបកំពុងរៀបចំសម្រាប់លទ្ធភាពចរចាអំពីជម្លោះនៅអ៊ុយក្រែនជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Financial Times លោក Costa បានថ្លែងថា៖«ខ្ញុំកំពុងនិយាយជាមួយមេដឹកនាំប្រទេសចំនួន ២៧របស់សហភាពអឺរ៉ុប ដើម្បីមើលវិធីល្អបំផុត ក្នុងការរៀបចំខ្លួនយើងនិងកំណត់អត្តសញ្ញាណអ្វីដែលយើងត្រូវការប្រកបដោយប្រសិទ្ធភាពសម្រាប់កិច្ចពិភាក្សាជាមួយ រុស្ស៊ី ដោយសារឥឡូវនេះ គឺជាពេលវេលាសមស្របដើម្បីធ្វើដូច្នេះ»។យោងតាមលោក Costa មានសក្តានុពលសម្រាប់សហភាពអឺរ៉ុបក្នុងការចរចាជាមួយលោក ពូទីន។ កាសែតនេះ បានកត់សម្គាល់ថា ការផ្លាស់ប្តូរគំនិតរបស់មេដឹកនាំអឺរ៉ុប ត្រូវបានជំរុញដោយការខកចិត្តកាន់តែខ្លាំងឡើងជាមួយនឹងវិធីសាស្រ្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការដោះស្រាយជម្លោះអ៊ុយក្រែន។មេដឹកនាំ និងមន្ត្រីអឺរ៉ុប បានអំពាវនាវឲ្យមានការបន្តការសន្ទនាជាមួយរុស្ស៊ីច្រើនដងមកហើយ។ សមាជិកសភាអឺរ៉ុប លោក Fernand Kartheiser ជនជាតិលុចសំបួរ បានប្រាប់សារព័ត៌មាន TASS ថា លោកបានផ្ញើលិខិតអញ្ជើញទៅកាន់សមាជិកទាំងអស់នៃសភាអឺរ៉ុបឲ្យចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ (SPIEF) នៅទីក្រុង St. Petersburg ដើម្បីយល់កាន់តែច្បាស់អំពីតម្រូវការ និងលទ្ធភាពនៃការសន្ទនាជាមួយរុស្ស៊ី៕

ប្រព័ន្ធផ្សព្វផ្សាយ៖ CIA ជឿជាក់ថា អ៊ីរ៉ង់អាចទប់ទល់នឹងការបិទផ្លូវរបស់អាមេរិកយ៉ាងតិចពី ៣ទៅ៤ខែ

2026/05/08 01:58:08 pm        65
អ្នកវិភាគនៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) ជឿជាក់ថា អ៊ីរ៉ង់នឹងអាចទប់ទល់នឹងការបិទផ្លូវដោយកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកយ៉ាងហោចណាស់ពីបីទៅបួនខែ មុនពេលប្រទេសនេះចាប់ផ្តើមទទួលរងនូវការលំបាកផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរណាមួយ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន The Washington Post។យោងតាមកាសែតនេះ ការរកឃើញទាំងនេះ ត្រូវបានទំនាក់ទំនងទៅរដ្ឋបាលសហរដ្ឋអាមេរិករួចហើយ។ មនុស្ស ៤ នាក់ដែលបានដឹងពីឯកសារនេះ បាននិយាយថា៖« អត្ថបទនេះបានបញ្ជាក់ថា «ការវិភាគសម្ងាត់របស់ CIA ដែលបានផ្តល់ជូនអ្នកធ្វើគោលនយោបាយរដ្ឋបាលនៅសប្តាហ៍នេះ សន្និដ្ឋានថា អ៊ីរ៉ង់អាចស៊ូទប់ទល់ការបិទផ្លូវដោយកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកយ៉ាងតិចពីបីទៅបួនខែ មុនពេលប្រឈមនឹងការលំបាកផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរជាងនេះ។ សារព័ត៌មាននេះ ចង្អុលបង្ហាញថា ការរកឃើញនេះ «ហាក់ដូចជាលើកឡើងនូវសំណួរថ្មីៗអំពីសុទិដ្ឋិនិយមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់៕

អ៊ីរ៉ង់៖ ចរាចរណ៍ធម្មតានៅច្រកសមុទ្រហ័រមូស គឺពឹងផ្អែកលើការបញ្ចប់សង្គ្រាម ការដកការបិទផ្លូវ និងទណ្ឌកម្ម

2026/05/08 01:55:48 pm        66
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយថា ចរាចរណ៍ផ្លូវសមុទ្រនៅច្រកសមុទ្រហ័រមូស នឹងវិលមករកភាពធម្មតាឡើងវិញ លុះត្រាតែសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវបានបញ្ឈប់ជាអចិន្ត្រៃយ៍ ហើយការបិទផ្លូវដោយកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និងទណ្ឌកម្ម «ខុសច្បាប់» ប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវបានដកទាំងស្រុង។នៅក្នុងលិខិតមួយផ្ញើទៅកាន់អង្គការសហប្រជាជាតិ (UN) លោក Araghchi បានរិះគន់សេចក្តីព្រាងសេចក្តីសម្រេច «ឯកតោភាគី និងបង្កហេតុ» ដែលបានបង្ហាញដល់ក្រុមប្រឹក្សាសន្តិសុខដោយសហរដ្ឋអាមេរិក និងបារ៉ែន អំពីស្ថានភាពនៅច្រកសមុទ្រហ័រមូស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់កាលថ្ងៃព្រហស្បតិ៍។សហរដ្ឋអាមេរិក និងរដ្ឋអារ៉ាប់មួយចំនួន បានជួបប្រជុំគ្នានៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីសេចក្តីសម្រេចថ្មី ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រនេះ។ក្នុងចំណោមបញ្ហាផ្សេងទៀត សេចក្តីព្រាងសេចក្តីសម្រេចនេះ ជំរុញឲ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារ ដាក់មីន និងការយកថ្លៃសេវាពីនាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM