កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ

ព័ត៌មានអន្តរជាតិ

ការកាត់បន្ថយជំនួយ គ្រោះរាំងស្ងួត និងជម្លោះ ធ្វើឲ្យពលរដ្ឋសូម៉ាលី រងទុក្ខយ៉ាងធ្ងន់ធ្ងរ

2026/05/07 09:06:11 pm        19
អ្នកស្រី Maryam បានត្រឹមឈរមើលសត្វពពៃរបស់របស់គាត់ដាច់ពោះងាប់ និងដំណាំរបស់គាត់ ស្វិតស្រពោនប៉ុណ្ណោះ ។ អ្នកស្រីបានបញ្ចុះសាកសពកូនគាត់ ២នាក់ មុនពេលបោះបង់ចោលក្តឺសង្ឃឹម និងស្វែងរកជំនួយពីទីភ្នាក់ងារជំនួយអន្តរជាតិ នៅតំបន់ភាគខាងត្បូងប្រទេសសូម៉ាលី ។អ្នកស្រីបានចាកចេញពីភូមិរបស់គាត់ជាមួយកូននៅសល់ ៦នាក់ ធ្វើដំណើរយ៉ាងឆ្ងាយទៅកាន់ទន្លេ Jubba ដែលមានទីជម្រកបណ្តោះអាសន្ន ស្ថិតនៅតំបន់ជាយក្រុង Kismayo ដែលជារដ្ឋធានីរបស់រដ្ឋ Jubbaland ។៣ រដូវជាប់ៗគ្នាគ្មានភ្លៀងធ្លាក់ បានធ្វើឲ្យអត្រាកង្វះអាហារូបត្ថម្ភនៅសូម៉ាលី កើនឡើងទ្វេដង ។ អ្នកស្រី Maryam ស្ថិតក្នុងចំណោមពលរដ្ឋសូម៉ាលីជាង ៣០ម៉ឺននាក់ ដែលបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរស់នៅរបស់ពួកគេ ចាប់តាំងពីពីខែមករារហូតមក ។ អង្គការអន្តរជាតិជាច្រើន បានបញ្ឈប់ប្រតិបត្តិការរបស់ពួកគេនៅក្នុងជំរំ Kismayo សម្រាប់មនុស្សជម្លៀសខ្លួន ដោយសារការកាត់ផ្តាច់ជំនួយដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpកាលពីឆ្នាំមុន ។អ្នកស្រី Maryam និយាយថា ពួកយើងឃ្លានខ្លាំងណាស់ ពួកយើងត្រូវការការថែទាំ និងការជួយជ្រោមជ្រែង ។ ដោយសារការនឹកឃើញពេលដែលកូនគាត់ហើមក្បាលពោះមុនពេលពួកគេស្លាប់ អ្នកស្រី និយាយថា គាត់នឹងមិនវិលត្រឡប់ទៅកាន់ភូមិរបស់គាត់វិញនោះទេ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រដាប់អាវុធ al-Shabab ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ៕

ឆាដប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៣ថ្ងៃ ក្រោយការពួនស្ទាក់វាយប្រហារស្លាប់មនុស្សរបស់ក្រុមឧទ្ទាម Boko Haram

2026/05/07 08:53:11 pm        45
ប្រទេសឆាដ បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៣ថ្ងៃ ក្រោយការពួនស្ទាក់វាយប្រហាររបស់ក្រុមឧទ្ទាម Boko Haram នៅតំបន់បាសាំង Lake Chad កាលពីថ្ងៃពុធ បណ្តាលឲ្យឧត្តមសេនីយ៍ ២នាក់ ស្លាប់ ។ការវាយប្រហារនេះដែរ បានកើតមាន បន្ទាប់ពីការវាយប្រហារដោយក្រុមមានមូលដ្ឋាននៅប្រទេសនីហ្សេរីយ៉ាមួយនេះ កាលពីរយៈពេល ២ថ្ងៃមុន លើមូលដ្ឋានយោធា Barka Tolorom ស្ថិតនៅជិតតំបន់ Lake Chad ដែលមើលឃើញទាហានយ៉ាងហោច ២៤នាក់ស្លាប់ ក្នុងនោះកងទ័ពនិយាយថា ក្រុមវាយប្រហារជាច្រើននាក់ ត្រូវបានសម្លាប់ដូចគ្នា ។រដ្ឋាភិបាលឆាដ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចាប់ពីយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃពុធ រហូតដល់ថ្ងៃសៅរ៍ ត្រូវកាន់ទុក្ខដល់អ្នកដែលបានស្លាប់ អំឡុងការវាយប្រហាររបស់ក្រុមភេរវកម្ម ដែលបានកើតឡើងកាលពីថ្ងៃទី ៤ និងថ្ងៃទី ៦ ខែឧសភា ។តំបន់ Lake Chad ដែលមានព្រំដែនរួមគ្នារវាងនីហ្សេរីយ៉ា កាមរូន នីហ៊្សេ និងឆាដ បានមើលឃើញការហក់ឡើងខ្ពស់សកម្មភាពរបស់ក្រុម JAS ដែលជាខ្សែបណ្តាញរបស់ក្រុមឧទ្ទាម Boko Haram ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រួមទាំងការចាប់ជម្រិត និងការវាយប្រហារលើកងកម្លាំងសន្តិសុខ ៕

ចោរសមុទ្រសូម៉ាលី បោះបង់ចោលទូកក្តោងរបស់អារ៉ាប់រួម ក្រោយពួកគេជិតអស់គ្រឿងផ្គត់ផ្គង់

2026/05/07 08:35:42 pm        70
ក្រុមមន្រ្តីសន្តិសុខនៅតំបន់ Puntland របស់សូម៉ាលី និយាយប្រាប់ទីភ្នាក់ងារ AFPថា ទូករបស់អារ៉ាប់រួមដែលត្រូវបានប្លន់ដោយចោរសមុទ្រសូម៉ាលីកាលពីខែមុន ត្រូវបានបោះបង់ចោលនៅក្នុងសមុទ្រអារ៉ាប់ ក្រោយពួកគេមិនអាចប្រើប្រាស់ទូកនេះ ដើម្បីវាយប្រហារនាវាផ្សេងទៀត ។ក្រុមចោរសមុទ្រមានសមាជិក ១១នាក់ បានរឹបអូសយកទូក Fahad-4 កាលពីចុងខែមេសា ដែលមានចម្ងាយប្រហែល ១៩គ.មពីទីក្រុងតំបន់ឆ្នេរ Dhinowda ស្ថិតនៅភាគឦសានសូម៉ាលី ។ពុំទាន់មានព័ត៌មានភ្លាមៗនោះទេពីជោគវាសនារបស់ក្រុមនាវិកនៅលើទូកដឹកក្រួចឆ្មាមួយគ្រឿងនោះ ហើយអាជ្ញាធរសូម៉ាលី នៅមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជាផ្លូវការផងដែរពីស្ថានភាពរបស់ទូក ។ក្រុមមន្រ្តីសន្តិសុខតំបន់ Puntland និយាយថា ក្រុមចោរសមុទ្រ បានបើកចេញពីតំបន់ជិតកំពង់ផែ Garacad ដែលមានចម្ងាយប្រហែល ៦០០គ.មភាគខាងជើងរដ្ឋធានី Mogadishu របស់សូម៉ាលី ។មន្រ្តីសន្តិសុខម្នាក់និយាយថា ក្រោយប្លន់យកទូករួច ក្រុមចោរសមុទ្រ បានបើកក្នុងដែនទឹកសូម៉ាលី ដោយប្រើប្រាស់ទូកប្លន់បាននេះ ធ្វើជាយានជំនិះ ដើម្បីវាយប្រហារនាវាផ្សេងទៀត ។មន្រ្តីសន្តិសុខម្នាក់ទៀត និយាយថា ក្រោយមកក្រុមចោរសមុទ្រ បង្ខំចិត្តបោះបង់ចោលទូកមួយគ្រឿងនេះ នៅថ្ងៃទី ៤ ខែឧសភា ពេលដែលគ្រឿងផ្គត់ផ្គង់របស់ពួកគេជិតអស់ ហើយពួកគេមិនអាចវាយប្រហារនាវាផ្សេងទៀត ដោយសារតែមានការប្រុងប្រយ័ត្នខ្ពស់របស់នាវាដែលធ្វើដំណើរឆ្លងកាត់ដែនទឹកសូម៉ាលី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ៕

ប្រភព៖ អាមេរិក និងអ៊ីរ៉ង់ជិតឆ្ពោះទៅរកកិច្ចព្រមព្រៀងរយៈពេលខ្លី ដើម្បីបញ្ចប់សង្រ្គាម

2026/05/07 08:16:20 pm        49
ប្រភព និងក្រុមមន្រ្តីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជិតឆ្ពោះទៅរកកិច្ចព្រមព្រៀងបណ្តោះអាសន្នមានដែនកំណត់ ដើម្បីបញ្ឈប់សង្រ្គាមរបស់ពួកគេ ជាមួយនឹងក្របខណ្ឌស្នើសុំដែលនឹងបញ្ឈប់ការប្រយុទ្ធគ្នា ប៉ុន្តែទុកចោលសិនបញ្ហាចម្រូងចម្រាសបំផុតដែលមិនទាន់ដោះស្រាយ ។ផែនការលិចចេញនេះ នឹងផ្តោតសំខាន់លើអនុស្សរណៈរយៈពេលខ្លី ជាជាងកិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយ គូសបញ្ជាក់ពីការបែងចែកដ៏ជ្រៅរវាងភាគីទាំង ២ ហើយកិច្ចព្រមព្រៀងណាមួយនៅតំណាក់កាលនេះ គ្រាន់តែជាជំហានបណ្តោះអាសន្នប៉ុណ្ណោះ ។ក្តីសង្ឃឹមសូម្បីតែជាកិច្ចព្រមព្រៀងដោយអន្លើរ អាចនឹងនាំឲ្យមានការបើកឡើងវិញច្រកសមុទ្រ Hormuz ដែលបានធ្វើឲ្យទីផ្សាររង្គោះរង្គើររួចទៅហើយ ក្នុងនោះភាគហ៊ុនសកល បានឡើងខ្ពស់ជាប់កំណត់ត្រានៅថ្ងៃព្រហស្បតិ៍ ក៏ដូចជាតម្លៃប្រេងហក់ឡើងខ្ពស់ ។ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានបន្ធូរបន្ថយការទាមទាររបស់ពួកគេ ដើម្បីដោះស្រាយគ្នា ស្របពេលដែលការខ្វែងគំនិតគ្នានៅមាន ជាពិសេសលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ រួមទាំងជោគវាសនាស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រូចរបស់ពួកគេ ហើយនិងរយៈពេលយូរប៉ុន្មានដែលទីក្រុងតេអេរ៉ង់ នឹងត្រូវបញ្ឈប់ការងារនុយក្លេអ៊ែររបស់ពួកគេ ។ប្រភព និងក្រុមមន្រ្តីនិយាយទៀតថា តែផ្ទុយទៅវិញ ពួកគេកំពុងធ្វើការឆ្ពោះទៅរកការរៀបចំបណ្តោះអាសន្នដែលមានគោលដៅការពារការវិលត្រឡប់ទៅរកជម្លោះវិញ ហើយនិងធ្វើឲ្យស្ថិរភាពការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ៕

ប្រធានាធិបតីប៉ារ៉ាហ្គាយសរសើរមិត្តភាពជាមួយកោះតៃវ៉ាន់ ខណៈចិនប្រាប់ឲ្យកាត់ផ្តាច់ចំណងទាក់ទង

2026/05/07 08:05:02 pm        49
ប្រធានាធិបតីប៉ារ៉ាហ្គាយ លោក Santiago Pena បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) នេះថា ប្រទេសប៉ារ៉ាហ្គាយ និងកោះតៃវ៉ាន់ចែករំលែកទំនាក់ទំនងមិត្តភាពដែលផ្អែកលើសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដែលពង្រីកហួសពីទម្រង់បែបបទការទូត ខណៈដែលចិនបានប្រាប់រូបលោកឲ្យកាត់ផ្តាច់ចំណងទាក់ទងជាមួយទីក្រុងតៃប៉ិ។ដំណើរទស្សនកិច្ចរបស់លោកកើតឡើងនៅពេលដែលប្រទេសចិនបង្កើនកិច្ចប្រឹងប្រែង ដើម្បីទាញប្រទេសអាមេរិកខាងត្បូងមួយនេះឲ្យងាកចេញពីការគាំទ្រយូរអង្វែងរបស់ខ្លួន ចំពោះទីក្រុងតៃប៉ិ។ ដំណើរនេះគឺជាទស្សនកិច្ចលើកទី២ របស់លោក Pena ក្នុងនាមជាប្រធានាធិបតី ទៅកាន់កោះតៃវ៉ាន់។ ប៉ារ៉ាហ្គាយគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន ១២ ដែលនៅតែរក្សាទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានទាមទារដោយទីក្រុងប៉េកាំង។អំឡុងពេលថ្លែងជាភាសាអង់គ្លេសទៅកាន់និស្សិតសាកលវិទ្យាល័យ នៅទីក្រុងតៃប៉ិ បន្ទាប់ពីទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស លោក Pena បាននិយាយថា ប៉ារ៉ាហ្គាយ និងកោះតៃវ៉ាន់ មានសម្ព័ន្ធភាពដែលផ្អែកលើសេរីភាព។ លោកបានបញ្ជាក់ថា៖ «ប្រទេសប៉ារ៉ាហ្គាយ និងកោះតៃវ៉ាន់ចែករំលែកទំនាក់ទំនងមិត្តភាពដែលបង្កើតឡើង ដោយផ្អែកគ្រឹះរឹងមាំ លទ្ធិប្រជាធិបតេយ្យ សេរីភាព ទំនុកចិត្តលើស្ថាប័ន សេចក្តីថ្លៃថ្នូរនៃកិច្ចខិតខំប្រឹងប្រែង។ ទំនាក់ទំនងទ្វេភាគីរបស់យើង ពង្រីកហួសពីទម្រង់បែបបទការទូត។ វាត្រូវបានបង្ហាញនៅក្នុងសកម្មភាពជាក់ស្តែង សមិទ្ធផលជាក់ស្តែង និងឱកាសពិតប្រាកដ សម្រាប់ភាគីទាំង២»។យ៉ាងណាក្ដី នៅទីក្រុងប៉េកាំង នាព្រឹកថ្ងៃទី៧ ខែឧសភានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ប៉ារ៉ាហ្គាយគួរតែ «ឈរនៅខាងភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ» ហើយ «ផ្តាច់នូវអ្វីដែលហៅថា ទំនាក់ទំនងការទូតជាមួយអាជ្ញាធរកោះតៃវ៉ាន់»។ លោក Lin បានសង្កត់ធ្ងន់ថា៖ «គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងឯកភាពជាសកលរបស់សហគមន៍អន្តរជាតិ»៕

លោក Netanyahu៖ «គ្មានភេរវករណាម្នាក់រួចខ្លួនទេ» ក្រោយអ៊ីស្រាអែលសម្លាប់មេបញ្ជាការក្រុមហេសបូឡា

2026/05/07 07:59:03 pm        61
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) នេះ បានអះអាងពីការទទួលខុសត្រូវ ចំពោះការសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡា នៅទីក្រុងបេរូត ប្រទេសលីបង់ នៅមួយថ្ងៃមុននេះ ដោយបញ្ជាក់ថា «គ្មានភេរវករណាម្នាក់រួចខ្លួនឡើយ» ពីការវាយប្រហាររបស់អ៊ីស្រាអែល។នៅក្នុងវីដេអូមួយដែលចេញផ្សាយដោយការិយាល័យរបស់លោក ដោយសំដៅទៅលើអង្គភាពរបស់ក្រុមហេសបូឡា លោក Netanyahu បាននិយាយថា៖ «យប់មិញ នៅក្នុងកណ្ដាលទីក្រុងបេរូត យើងបានកម្ចាត់មេបញ្ជាការនៃកងកម្លាំង Radwan របស់ក្រុមហេសបូឡា»។លោកបានបន្ថែមថា៖ «ខ្ញុំនិយាយទៅកាន់សត្រូវរបស់យើងដោយពាក្យច្បាស់លាស់បំផុតថា គ្មានភេរវករណាម្នាក់អាចរួចខ្លួនបានឡើយ។ អ្នកណាដែលគំរាមកំហែងរដ្ឋអ៊ីស្រាអែល នឹងស្លាប់ដោយសារតែសកម្មភាពរបស់ខ្លួន»។គួរបញ្ជាក់ថា អ៊ីស្រាអែលបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានសម្លាប់មេបញ្ជាការម្នាក់នៃកងកម្លាំង Radwan របស់ក្រុមហេសបូឡា នៅក្នុងការវាយប្រហារតាមអាកាស លើទីក្រុងបេរូត កាលពីមួយថ្ងៃមុននេះ ដែលជាការវាយប្រហារលើកដំបូងរបស់អ៊ីស្រាអែលលើរដ្ឋធានីរបស់លីបង់ ចាប់តាំងពីមានបទឈប់បាញ់ដែលត្រូវបានព្រមព្រៀងគ្នាកាលពីខែមុន៕

មន្ទីរពេទ្យហូឡង់ ព្យាបាលអ្នកជំងឺសង្ស័យឆ្លងវីរុស Hanta ក្រោយជម្លៀសចេញពីនាវាកម្សាន្ត

2026/05/07 07:52:06 pm        16
 សារព័ត៌មានក្នុងស្រុករាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះ មន្ទីរពេទ្យនៅទីក្រុង Leiden របស់ហូឡង់ បានព្យាបាលអ្នកជំងឺដែលសង្ស័យឆ្លងវីរុស Hanta ក្រោយត្រូវបានជម្លៀសចេញពីនាវាកម្សាន្តដែលរងផលប៉ះពាល់ដោយសារការរីករាលដាលឆ្លងវីរុសមួយនេះ ។ អ្នកជំងឺ ៣នាក់ ត្រូវបានជម្លៀសចេញពីនាវាកាលពីថ្ងៃពុធ ។ យន្តហោះមួយគ្រឿង ត្រូវបានគេជឿថាបានដឹកអ្នកដំណើរម្នាក់ចេញពីនាវាទេសចរណ៍រងការវាយប្រហារដោយការផ្ទុះឡើងវីរុស Hanta ចូលទៅប្រទេសហូឡង់កាលពីថ្ងៃពុធ បន្ទាប់ពីអ្នកជំងឺម្នាក់នេះត្រូវបានជម្លៀសចេញពីនាវានៅជិតប្រទេសកោះកាប់វើដ ស្ថិតនៅអាហ្វ្រិកខាងលិច ។  គួរឲ្យដឹងថា មនុស្ស ៣នាក់ ដែលជាប្តី-ប្រពន្ធហូឡង់ ២នាក់ និងជនជាតិអាល្លឺម៉ង់ម្នាក់ បានស្លាប់ ដោយសារការរីករាលដាលឆ្លងវីរុស Hantaនៅលើនាវាកម្សាន្តប្រណីត MV Hondius ។ខណៈពេលនោះដែរ ប្រមុខអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus និយាយថា វាមិនអាចប្រៀបប្រដូចបានទេជាមួយជំងឺរាតត្បាត COVID-19 ។អង្គការ WHOនិយាយថា មនុស្ស ៨នាក់ រួមទាំងពលរដ្ឋហូឡង់ម្នាក់ ត្រូវបានគេសង្ស័យថា បានឆ្លងវីរុស Hanta ។ប្រទេសនៅលើពិភពលោក កំពុងតាមដានមនុស្សដែលបានចាកចេញពីនាវាកម្សាន្តមួយនេះ ដែលរផលប៉ះពាល់ដោយសារការរីករាលដាលឆ្លងវីរុស Hanta មុនពេលនាវាចតនៅជិតតំបន់ឆ្នេរប្រទេសកោះកាប់វើដ នៅក្នុងកិច្ចខិតខំមួយ ដើម្បីការពារការរីករាលដាលវីរុសបន្ថែមទៀត ៕

ចិនជំទាស់ចំណាត់ការដែលនាំឲ្យកើនឡើងភាពតានតឹង ជុំវិញការវាយប្រហាររបស់អ៊ីរ៉ង់លើអារ៉ាប់រួម

2026/05/07 07:50:40 pm        39
 ក្រសួងការបរទេសចិននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍នេះថា ចិនបង្ហាញក្តីបារម្ភជាខ្លាំងចំពោះការវាយប្រហារលើអារ៉ាប់រួម ហើយនិងធ្វើការជំទាស់ដាច់ណាត់រាល់សកម្មភាពណាមួយដែលធ្វើឲ្យភាពតានតឹងក្នុងតំបន់កើនឡើង ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា អាទិភាពបន្ទាន់នាពេលនេះ គឺបទឈប់បាញ់គ្រប់ជ្រុងជ្រោយ ដើម្បីការពារជម្លោះពីការរីករាលដាលបន្ថែមទៀត ។ ក្រសួងការពារជាតិអារ៉ាប់រួមនិយាយកាលពីថ្ងៃអង្គារថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានទប់ទល់ការវាយប្រហារមីស៊ីល និងយានដ្រូនពីអ៊ីរ៉ង់ បើទោះបីជាមេបញ្ជាការយោធាចម្រុះអ៊ីរ៉ង់ និយាយថា កងកម្លាំងរបស់ខ្លួនពុំបានចុះប្រតិបត្តិការមីស៊ីល ឬយានដ្រូនណាមួយលើអារ៉ាប់រួមក៏ដោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។ អ្នកនាំពាក្យទីបញ្ជាការយោធា Khatam al-Anbiya របស់អ៊ីរ៉ង់ បានព្រមានពីការឆ្លើយតបកម្ទេច បើសិនជាមានសកម្មភាពណាមួយធ្វើឡើងពីអារ៉ាប់រួមលើអ៊ីរ៉ង់ ។ អារ៉ាប់រួម រាយការណ៍ពីការរងការវាយប្រហារនៅថ្ងៃទី ២ជាប់ៗគ្នា ក្រោយស្ងប់ស្ងាត់អស់រយៈពេល ៤សប្តាហ៍ ចាប់តាំងពីសហរដ្ឋអាមេរិក ប្រកាសបទឈប់បាញ់ជាមួយទីក្រុងតេអេរ៉ង់ ៕

មនុស្សរាប់រយនាក់ ត្រូវបានចាប់ខ្លួន ក្នុងអំពើហិង្សាក្រោយការបោះឆ្នោតសម្លាប់មនុស្ស ៣នាក់ នៅឥណ្ឌា

2026/05/07 07:50:14 pm        27
 មនុស្សរាប់រយនាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីអំពើហិង្សាក្រោយការបោះឆ្នោតផ្ទុះឡើង ក្នុងសប្តាហ៍នេះ នៅរដ្ឋភាគខាងកើត West Bengal របស់ប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ ។ នៅក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់គឺលោក Chandranath Rath គឺជាជំនួយការមេដឹកនាំគណបក្ស Bharatiya Janata លោក Suvendu Adhikari ដែលត្រូវបានគេចោទប្រកាន់ថា រងការបាញ់ប្រហារកាលពីយប់ថ្ងៃពុធ ។   ស្នងការនគរបាលរដ្ឋ West Bengal លោក Siddh Nath Gupta និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ករណីព្រហ្មទណ្ឌជាង ២០០ករណី ត្រូវបានចុះបញ្ជីនៅទូទាំងរដ្ឋ សម្រាប់អំពើហិង្សា ហើយមនុស្ស ៤៣៣នាក់ ត្រូវបានចាប់ខ្លួន ។  សូមបញ្ជាក់ថា រដ្ឋ West Bengal មានប្រវត្តិអំពើហិង្សាក្រោយការបោះឆ្នោតជាយូរមកហើយ ហើយមនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចស្រដៀងគ្នា រវាងគណបក្សនយោបាយ ក្រោយលទ្ធផលបោះឆ្នោត ត្រូវបានប្រកាស អំឡុងការបោះឆ្នោតលើកមុន កាលពីឆ្នាំ ២០២១ ៕

លោក Zelenskyy៖ រុស្ស៊ីនៅតែបន្តរំលោភលើបទឈប់បាញ់ដែលស្នើឡើងដោយទីក្រុងគីវ

2026/05/07 07:42:58 pm        26
នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) នេះ លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា រុស្ស៊ីនៅតែបន្តបំពានបទឈប់បាញ់ដែលត្រូវបានស្នើឡើងដោយទីក្រុងគីវ ដោយបន្ថែមថា អ៊ុយក្រែន នឹងបន្តការវាយប្រហារចម្ងាយឆ្ងាយ ប្រសិនបើរុស្ស៊ីមិនបញ្ឈប់ការវាយប្រហាររបស់ខ្លួន។លោក Zelenskiy បានស្នើឲ្យមានការផ្អាកប្រយុទ្ធ ដោយចាប់ផ្តើមពីថ្ងៃទី៦ ខែឧសភានេះ ដើម្បីឆ្លើយតបទៅនឹងបទឈប់បាញ់ដែលបានស្នើឡើងដោយមេដឹកនាំរុស្ស៊ី លោក Vladimir Putin ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែឧសភា ដែលស្របជាមួយនឹងព្រឹត្តិការណ៍រំលឹកខួបជ័យជម្នះសង្គ្រាមលោកលើកទី២ របស់ខ្លួន។ ទីក្រុងមូស្គូ មិនបានបញ្ជាក់ថា ខ្លួននឹងអនុវត្តតាមសំណើរបស់ទីក្រុងគីវនោះទេ។លោក Zelenskiy បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយប្រើយានដ្រូន មីស៊ីល ការបាញ់ផ្លោង និងការវាយប្រហារតាមបណ្តោយខ្សែត្រៀមជួរមុខ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃនេះ។កងទ័ពអាកាសអ៊ុយក្រែនបានឲ្យដឹងថា អង្គភាពរបស់ខ្លួនបានបាញ់ទម្លាក់យានដ្រូនចំនួន ៩២គ្រឿង ក្នុងចំណោម ១០២គ្រឿង ចាប់តាំងពីម៉ោង ៦ល្ងាច ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៥ ម៉ោងសកល) កាលពីថ្ងៃពុធ។នៅថ្ងៃពុធនោះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បាននិយាយថា រុស្ស៊ីបានព្រមានបេសកកម្មការទូតឲ្យជម្លៀសចេញពីទីក្រុងគីវ ក្នុងករណីមានការវាយប្រហារទ្រង់ទ្រាយធំណាមួយដោយទីក្រុងមូស្គូ ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការរំខានដល់ព្រឹត្តិការណ៍ទិវាជ័យជម្នះ។យ៉ាងណាក្ដី លោក Zelenskyy បានបញ្ជាក់ថា៖ «ជាការឆ្លើយតបតាមការវាយប្រហាររបស់រុស្ស៊ី យើងនឹងបន្តវិធានការចម្ងាយឆ្ងាយរបស់យើង។ ហើយដើម្បីឆ្លើយតបទៅនឹងឆន្ទៈរបស់រុស្ស៊ី ក្នុងការឆ្ពោះទៅរកការទូត យើងនឹងបន្តដើរតាមផ្លូវការទូត»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM
អ្នកចរចាជាន់ខ្ពស់៖ គ្មានកិច្ចព្រមព្រៀងជាមួយអាមេរិកនោះទេ រហូតដល់សិទ្ធិពលរដ្ឋអ៊ីរ៉ង់ត្រូវបានធានា
06/01/2026 07:06 PM
ក្រុមហ៊ុនអាកាសចរណ៍ហូឡង់ KLM លុបចោលជើងហោះហើរទៅកាន់ប្រទេសអ៊ូហ្គង់ដា ដោយសារជំងឺអេបូឡា
06/01/2026 07:06 PM
ចិនបញ្ជូនក្រុមគ្រូពេទ្យជំនាញទៅជួយទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអេបូឡានៅកុងហ្គោ
06/01/2026 07:06 PM
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បញ្ជាឲ្យវាយប្រហារកាន់តែជ្រៅទៅក្នុងប្រទេសលីបង់
06/01/2026 07:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ២នាក់នៅហាងកាហ្វេតំបន់ហ្កាហ្កា
06/01/2026 07:06 PM