នាយករដ្ឋមន្ត្រីជប៉ុន ប្រាប់ថា ជប៉ុនចង់ឃើញ​​អ៊ីរ៉ង់បង្ហាញភាពបត់បែន សម្រាប់កិច្ចព្រមព្រៀងជាមួយ​អាមេរិក
វិមានក្រឹមឡាំង៖ ការស្ទាក់ចាប់នាវាដឹកប្រេងដោយ​បារាំង នៅមហាសមុទ្រអាត្លង់ទិក គឺ «ខុសច្បាប់»
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ពិតជាចង់ធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក
បារាំង និងឥណ្ឌូនេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងថាមពល

ព័ត៌មានអន្តរជាតិ

លោក Rubio ទៅដល់បុរីវ៉ាទីកង់ ដើម្បីចូលគាល់សម្តេច ប៉ាប Leo XIV

2026/05/07 06:56:34 pm        34
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានធ្វើដំណើរទៅដល់បុរីវ៉ាទីកង់ហើយ នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) នេះ មុនមានកិច្ចប្រជុំ នៅបុរីវ៉ាទីកង់ និងជំនួបជាមួយមន្ត្រីអ៊ីតាលី។យន្ដហោះរបស់លោក Rubio បានចុះចតនៅអាកាសយានដ្ឋាន Ciampino ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង មុនពេលធ្វើដំណើរទៅកាន់បុរីវ៉ាទីកង់។ នេះបើយោងតាមសារព័ត៌មាន ANSA។ដោយមានអមដំណើរដោយឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំបុរីវ៉ាទីកង់ លោក Brian Burch លោក Rubio ត្រូវបានស្វាគមន៍នៅបុរីវ៉ាទីកង់ដោយមន្ត្រីវិហារកាតូលិក គឺបព្វជិត Petar Rajic ដែលជាអភិបាលនៃគ្រួសារសម្តេច ប៉ាប មុនពេលចូលទៅក្នុងវិមាន Apostolic ដើម្បីគាល់សម្តេច ប៉ាប Leo XIV (ប៉ាប ឡេអូ ទី១៤)។កិច្ចប្រជុំបិទទ្វារ រវាងសម្តេច ប៉ាប និងលោក Rubio ត្រូវបានគេរំពឹងថា នឹងមានរយៈពេលប្រហែលកន្លះម៉ោង។ ហើយបន្ទាប់មក លោក Rubio នឹងជួបជាមួយមន្ត្រីការទូតជាន់ខ្ពស់របស់បុរីវ៉ាទីកង់ គឺបព្វជិតសញ្ជាតិអ៊ីតាលី Pietro Parolin។លោក Rubio ក៏ត្រូវបានគេរំពឹងថា នឹងមានកិច្ចពិភាក្សា នៅថ្ងៃសុក្រ នៅឯ Palazzo Chigi ដែលជាការិយាល័យរបស់ លោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni។ ដំណើរទស្សនកិច្ចនេះកើតឡើងចំពេលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលកំពុងបន្តមាន ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អឺរ៉ុប និងបុរីវ៉ាទីកង់ ជុំវិញបញ្ហាសន្តិសុខអន្តរជាតិ និងភូមិសាស្ត្រនយោបាយ៕

ប្រធានាធិបតីអ៊ីរ៉ង់ បញ្ជាក់ថា លោកទើបតែបានជួបជាមួយមេដឹកនាំកំពូល លោក Mojtaba Khamenei

2026/05/07 06:45:11 pm        90
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) នេះថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់ថា លោកទើបតែបានជួបជាមួយមេដឹកនាំកំពូល លោក Mojtaba Khamenei ដោយនេះគឺជាការផ្តល់ព័ត៌មានជាសាធារណៈលើកដំបូង អំពីការជួបបែបនេះ បន្ទាប់ពីលោក Khamenei បានរងរបួសធ្ងន់ធ្ងរ នៅដើមដំបូងនៃសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។លោក Pezeshkian ត្រូវបានគេរាយការណ៍ ដែលបាននិយាយថា កិច្ចប្រជុំនេះ ត្រូវបានសម្គាល់ដោយបរិយាកាស «ទន់ភ្លន់ និងស្និទ្ធស្នាលខ្លាំងបំផុត»។បើតាមសេចក្ដីរាយការណ៍នោះ បានឲ្យដឹងថា លោក Pezeshkian បានកត់សម្គាល់ថា៖ «អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍បំផុត នៅក្នុងជំនួបនេះ លើសពីបញ្ហាផ្សេងទៀត គឺការបង្ហាញនូវវិធីនៃការប្រឈមមុខដាក់គ្នា វិធីនៃការបង្ហាញទស្សនៈ និងវិធីនៃការដោះស្រាយដោយមេដឹកនាំកំពូលនៃបដិវត្តន៍ឥស្លាម ដែលបានប្រែក្លាយបរិយាកាសនៃការសន្ទនាទៅជាបរិយាកាសដែលមានការជឿទុកចិត្ត ភាពស្ងប់ស្ងាត់ ការយល់ចិត្ត និងការសន្ទនាដោយផ្ទាល់»។តែយ៉ាងណាក្ដី ប្រធានាធិបតីអ៊ីរ៉ង់មិនបានបង្ហាញប្រធានបទនៃកិច្ចប្រជុំនេះនោះទេ ដោយគ្រាន់តែបានប្រាប់ថា លោក Khamenei បានចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុង «ស្មារតីតែមួយ» នៃការសន្ទនា និងការជឿទុកចិត្ត៕

អតីតរដ្ឋមន្ត្រីការពារជាតិចិន ២រូប ត្រូវបានកាត់ទោសប្រហារជីវិតដោយមានការបន្ថយទោស ពាក់ព័ន្ធអំពើពុករលួយ

2026/05/07 06:42:48 pm        61
នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) នេះ អតីតរដ្ឋមន្ត្រីការពារជាតិចិន ២រូប គឺលោក Wei Fenghe និងលោក Li Shangfu ត្រូវបានកាត់ទោសប្រហារជីវិតដោយមានការបន្ថយទោសរយៈពេល ២ឆ្នាំ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ។ការកាត់ទោស ចំពោះអ្នកទាំង២ ត្រូវបានប្រកាសដោយឡែកពីគ្នា ដោយតុលាការយោធាចិន។ ទាំងលោក Wei និងលោក Li ក៏ជាអតីតសមាជិកនៃគណៈកម្មការយោធាមជ្ឈិម និងអតីតក្រុមប្រឹក្សារដ្ឋផងដែរ។យោងតាមសេចក្តីសម្រេចរបស់តុលាការ បានឲ្យដឹងថា លោក Wei ត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌ ជុំវិញការទទួលសំណូក ហើយលោក Li ត្រូវបានកាត់ទោសពីបទល្មើសព្រហ្មទណ្ឌ ជុំវិញទទួលសំណូក និងផ្តល់សំណូក។ ពួកលោកក៏ត្រូវបានដកហូតសិទ្ធិនយោបាយអស់មួយជីវិតផងដែរ ហើយទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់របស់ពួកលោក នឹងត្រូវបានរឹបអូស។សេចក្តីសម្រេចរបស់តុលាការ បានបញ្ជាក់ថា ការសម្រាលទោស ឬការលើកលែងទោសបន្ថែមទៀត នឹងមិនត្រូវបានអនុញ្ញាតទេ បន្ទាប់ពីទោសរបស់ពួកលោក ត្រូវបានប្តូរទៅជាការជាប់ពន្ធនាគារអស់មួយជីវិត ស្របតាមច្បាប់ នៅពេលដែលរយៈពេលបន្ថយទោស ២ឆ្នាំផុតកំណត់៕

កងទ័ពអ៊ីស្រាអែលអះអាងថា ខ្លួនបានវាយប្រហារគោលដៅក្រុមហេសបូឡាចំនួន ១៥កន្លែង នៅក្នុងប្រទេសលីបង់

2026/05/07 06:04:07 pm        64
ការិយាល័យសារព័ត៌មានរបស់កងទ័ពអ៊ីស្រាអែល បានប្រកាសពីការវាយប្រហារថ្មីលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់។នាថ្ងៃពុធ យោធាបានវាយប្រហារគោលដៅរបស់ក្រុមហេសបូឡាចំនួន ១៥ កន្លែង នៅភាគខាងត្បូងប្រទេសលីបង់ ក្នុងនោះមានឃ្លាំងអាវុធ ទីតាំងផលិត ទីតាំងបាញ់រ៉ូកែត និងមជ្ឈមណ្ឌលបញ្ជាការដែលប្រើប្រាស់សម្រាប់គោលបំណងយោធា។ នេះបើយោងតាមការិយាល័យសារព័ត៌មានរបស់កងទ័ពអ៊ីស្រាអែល។នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមហេសបូឡាបានបាញ់រ៉ូកែតជាច្រើនគ្រាប់ទៅលើកងទ័ពអ៊ីស្រាអែលដែលកំពុងប្រតិបត្តិការនៅភាគខាងត្បូងប្រទេសលីបង់ ដោយពុំមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនៅខាងអ៊ីស្រាអែលទេ។ នេះបើយោងតាមការិយាល័យសារព័ត៌មានកងទ័ពអ៊ីស្រាអែល៕

រុស្ស៊ីនឹងបំផ្លាញឧស្សាហកម្មរបស់អាល្លឺម៉ង់ និងអឺរ៉ុបទាំងមូល ប្រសិនបើសង្គ្រាមផ្ទុះឡើង

2026/05/07 06:00:59 pm        66
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា សង្គ្រាមរុស្ស៊ី-អាល្លឺម៉ង់ នឹង បំផ្លាញឧស្សាហកម្មអាល្លឺម៉ង់ដ៏ល្បីឈ្មោះទាំងស្រុង និងគំរាមកំហែងដល់អត្ថិភាពនៃអរិយធម៌អឺរ៉ុបទាំងមូល។លោក Dmitry Medvedev បានសរសេរនៅក្នុងអត្ថបទមួយស្តីពីយោធូបនីយកម្មរបស់អាល្លឺម៉ង់ ដែលចេញផ្សាយដោយសារព័ត៌មាន RT ថា៖«សញ្ញាច្បាស់លាស់របស់យើងទៅកាន់ឥស្សរជនអាល្លឺម៉ង់ព្រមានថា ស្ថានភាពធ្ងន់ធ្ងរបំផុត ធ្វើឲ្យការបំផ្លិចបំផ្លាញដែលមានការធានាគ្នាទៅវិញទៅមកទំនងជាមានលទ្ធភាពខ្ពស់ ហើយតាមពិតទៅ វានាំមកនូវទីបញ្ចប់នៃប្រវត្តិសាស្ត្រអរិយធម៌អឺរ៉ុប ខណៈពេលដែលអត្ថិភាពរបស់យើង នឹងនៅបន្ត»។លោក Medvedev បានសង្កត់ធ្ងន់ថា៖«ឧស្សាហកម្មអាល្លឺម៉ង់ដ៏ល្បីឈ្មោះ នឹងមិនត្រឹមតែរងការខូចខាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានបំផ្លាញទាំងស្រុង ហើយសេដ្ឋកិច្ចអាល្លឺម៉ង់ នឹងដួលរលំហួសពីការងើបឡើងវិញណាមួយ»។យោងតាមអ្នកនយោបាយរូបនេះ បុគ្គលិកដែលមានសុភវិនិច្ឆ័យ និងមានសមត្ថភាពដែលនៅសល់ នឹងរត់គេចខ្លួនទៅកាន់ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក ឬចិន និងប្រទេសអាស៊ីដទៃទៀត៕

អ៊ីរ៉ង់៖ គោលនយោបាយទិដ្ឋាការរបស់អាមេរិក មិនត្រូវប៉ះពាល់ដល់ក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ World Cup

2026/05/07 05:57:16 pm        55
ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិក ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) មានកាតព្វកិច្ចចេញទិដ្ឋាការ សម្រាប់ក្រុមជម្រើសជាតិអ៊ីរ៉ង់ ដោយមិនពាក់ព័ន្ធនឹងភាពខុសគ្នាខាងនយោបាយ រវាងប្រទេសទាំង២ ឡើយ។កាលពីល្ងាចថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បាននិយាយថា ទីក្រុងតេអេរ៉ង់កំពុងប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីធានាថា គ្មានបញ្ហាណាមួយកើតឡើងឡើយ សម្រាប់ក្រុមជម្រើសជាតិអ៊ីរ៉ង់ ក្នុងអំឡុងពេលចូលរួមក្នុងព្រឹត្តិការណ៍ World Cup នៅសហរដ្ឋអាមេរិក។បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ បានឲ្យដឹងថា បន្ទាប់ពីមានការប្រកួតហាត់សមផ្ទៃក្នុង លោក Baghaei បាននិយាយថា៖ «កីឡាកររបស់យើងនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក សម្រាប់តែព្រឹត្តិការណ៍ World Cup ប៉ុណ្ណោះ»។លោកបានបន្ថែមថា ប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup មាន «ការប្តេជ្ញាចិត្តច្បាស់លាស់ និងជាក់លាក់ដែលខ្លួនមានកាតព្វកិច្ចត្រូវគោរព» ដោយសង្កត់ធ្ងន់ថា ទិដ្ឋាការត្រូវតែចេញឲ្យសមាជិកក្រុមជម្រើសជាតិអ៊ីរ៉ង់ «ដោយមិនពាក់ព័ន្ធនឹងបញ្ហានយោបាយឡើយ»។ជាមួយគ្នានេះ លោក Baghaei ក៏បានសម្តែងក្តីសង្ឃឹមផងដែរថា FIFA (សហព័ន្ធបាល់ទាត់អន្តរជាតិ) នឹងចាត់វិធានការចាំបាច់ «ដើម្បីរក្សាភាពគួរឲ្យជឿជាក់របស់ខ្លួន» ដោយបញ្ជាក់ថា ការវិវត្តថ្មីៗពាក់ព័ន្ធនឹងក្រុមជម្រើសជាតិអ៊ីរ៉ង់ «មិនស័ក្តិសមនឹងមាត្រដ្ឋានរបស់ FIFA» ឡើយ។គួរបញ្ជាក់ថា ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ នឹងមានការធ្វើម្ចាស់ផ្ទះរួមគ្នា គឺសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា។ នៅសហរដ្ឋអាមេរិក អ៊ីរ៉ង់គ្រោងនឹងលេង ២ប្រកួត នៅទីក្រុង Los Angeles ទល់នឹងក្រុមនូវែលសេឡង់ នៅថ្ងៃទី១៥ ខែមិថុនា និងបែលហ្ស៊ិក នៅថ្ងៃទី២១ ខែមិថុនា មុនពេលប្រឈមជាមួយអេហ្ស៊ីប នៅទីក្រុង Seattle នាថ្ងៃទី២៦ ខែមិថុនា៕

ប៉ាគីស្ថានព្រមានពីការឆ្លើយតបយ៉ាងខ្លាំងចំពោះការវាយប្រហារណាមួយ នៅខួបនៃការប៉ះទង្គិចជាមួយឥណ្ឌា

2026/05/07 05:52:42 pm        41
យោធាប៉ាគីស្ថានបានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងឆ្លើយតបយ៉ាងខ្លាំងប្រឆាំងនឹងការវាយប្រហារណាមួយ ខណៈដែលខ្លួនបានប្រារព្ធខួបនៃជម្លោះរយៈពេល ៤ថ្ងៃកាលពីឆ្នាំមុន ជាមួយឥណ្ឌាជិតខាង ដែលបាននាំគូប្រជែងដែលមានអាវុធនុយក្លេអ៊ែរទៅកាន់ស្ថានភាពនៃសង្គ្រាម មុនពេលបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក បានបញ្ឈប់ការប្រយុទ្ធគ្នានោះ។យោធាបាននិយាយថា៖«ផែនការអរិភាព” ណាមួយប្រឆាំងនឹងប៉ាគីស្ថាន នឹងត្រូវបានតបតដោយ «កម្លាំង ភាពជាក់លាក់ និងការតាំងចិត្តកាន់តែខ្លាំង» ជាងអ្វីដែលឥណ្ឌាបានឃើញក្នុងអំឡុងពេលជម្លោះខែឧសភា ឆ្នាំ២០២៥ ដែលអ៊ីស្លាម៉ាបាដដាក់ឈ្មោះថា «Marka-e-Haq» ឬ «សមរភូមិនៃសេចក្តីពិត»។ប៉ាគីស្ថាន និងឥណ្ឌាបានវាយប្រហារគ្នាទៅវិញទៅមក បន្ទាប់ពីការវាយប្រហារដោយខ្មាន់កាំភ្លើងនៅផ្នែកដែលគ្រប់គ្រប់គ្រងដោយឥណ្ឌានៃតំបន់កាស្មៀរដែលមានជម្លោះ បានសម្លាប់មនុស្ស ២៦នាក់ ដោយភាគច្រើនជាអ្នកទេសចរហិណ្ឌូ។ ឥណ្ឌាបានស្តីបន្ទោសក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយប៉ាគីស្ថានចំពោះការសម្លាប់រង្គាល ជាការចោទប្រកាន់ដែលទីក្រុងអ៊ីស្លាម៉ាបាដ បានបដិសេធ ខណៈពេលដែលអំពាវនាវឲ្យ មានការស៊ើបអង្កេតឯករាជ្យ។ឥណ្ឌាបានបើកការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន នៅថ្ងៃទី ០៧ ខែឧសភា ដែលបង្កឲ្យមានការវាយប្រហារសងសឹកដោយប៉ាគីស្ថាន ដែលរួមមានការលុកលុយដោយយានដ្រូន ការវាយប្រហារដោយមីស៊ីល និងការបាញ់កាំភ្លើងធំ។ មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់នៅសងខាង មុនពេលបទឈប់បាញ់ត្រូវបានសម្រេច នៅថ្ងៃទី ១០ ខែឧសភា បន្ទាប់ពីការសម្របសម្រួលដោយសហរដ្ឋអាមេរិក៕

ក្រុមសិទ្ធិមនុស្សអំពាវនាវរកជំនួយជួយដល់ជនស៊ីវិល នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា

2026/05/07 05:50:06 pm        52
ក្រុមសិទ្ធិមនុស្សអន្តរជាតិមួយបានលើកឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា យោធាមីយ៉ាន់ម៉ាគួរតែធានាថា ជំនួយមនុស្សធម៌ទៅដល់ជនស៊ីវិលទាំងអស់ដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចគ្នា នៅភាគខាងជើងប្រទេសរវាងកងទ័ព និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។អរិភាពរវាងយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមនៃកងទ័ពឯករាជ្យកាឈីន បានកើនឡើង នៅពាក់កណ្តាលខែមករា ដោយរួមបញ្ចូលឃុំចំនួនបីនៃរដ្ឋនេះ។ កម្លាំងកាឈីន គឺជាកងជីវពលជនជាតិភាគតិចដ៏មានឥទ្ធិពលបំផុតមួយ ហើយបានប៉ះទង្គិចជាមួយយោធា បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ១៧ ឆ្នាំបានបរាជ័យ ក្នុងឆ្នាំ ២០១១។ ចាប់តាំងពីពេលនោះមក មនុស្សជាង ១២០.000 នាក់ ត្រូវបានផ្លាស់ទីលំនៅ នៅក្នុងតំបន់តាមបណ្តោយព្រំដែនជាមួយប្រទេសចិន។វិបត្តិដែលកំពុងបន្តកើតមាននៅក្នុងរដ្ឋនេះ ត្រូវបានគ្របដណ្ដប់ដោយវិបត្តិមួយ នៅក្នុងរដ្ឋ Rakhine ភាគខាងលិចរបស់ប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលសមាជិកជិត ៧០០.000នាក់នៃក្រុមជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ចាប់តាំងពីខែសីហាឆ្នាំមុន ដើម្បីគេចពីការបង្ក្រាបយ៉ាងឃោរឃៅដោយយោធា និងការរើសអើងនៅក្នុងសង្គម និងភាពក្រីក្រ៕

ក្រសួងការបរទេស៖ ប៉ាគីស្ថានរំពឹងថា កិច្ចព្រមព្រៀង រវាងអាមេរិក និងអ៊ីរ៉ង់ នឹងកើតឡើងឆាប់ៗ

2026/05/07 05:47:52 pm        65
ប្រទេសប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) បានឲ្យដឹងថា ខ្លួនរំពឹងថា កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងកើតមានឡើង «ឆាប់ៗនេះ» តែមិនបានផ្តល់ពេលវេលាជាក់លាក់ណាមួយឡើយ។យោងតាមសារព័ត៌មានក្នុងស្រុក Dawn បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស លោក Tahir Andrabi បាននិយាយថា ទីក្រុងអ៊ីស្លាម៉ាបាដ នឹងស្វាគមន៍ការដោះស្រាយ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកមិនថា ទីណាក៏ដោយដែលវាអាចសម្រេចបាន។ លោកបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងអ៊ីស្លាម៉ាបាដថា៖ «ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់នៅក្នុងប្រទេសប៉ាគីស្ថាននោះ វានឹងជាកិត្តិយសសម្រាប់យើង»។តែទោះជាយ៉ាងណានេះក្ដី លោក Andrabi បានបដិសេធមិនបញ្ជាក់ព័ត៌មានលម្អិត អំពីកិច្ចព្រមព្រៀងដែលអាចកើតមាននោះឡើយ ស្របពេលមានរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលថា ទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ កំពុងខិតជិតដល់ការចុះអនុស្សរណៈយោគយល់គ្នា ១ទំព័រ។ប្រភពព័ត៌មានរដ្ឋាភិបាលប៉ាគីស្ថាន នៅមុននេះបានប្រាប់សារព័ត៌មាន Anadolu ថា ខ្លួនរំពឹងថា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពដែលជាប់គាំងលើកទី២ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នាសប្តាហ៍ក្រោយ ដើម្បីបញ្ចប់សង្គ្រាមរបស់ភាគីទាំង២៕

ប្រធានាធិបតីបារាំង បញ្ជាក់ថា បានពិភាក្សាជាមួយអ៊ីរ៉ង់ អំពីស្ថានភាពនៅច្រកសមុទ្រ Hormuz

2026/05/07 05:45:48 pm        81
ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) ថា លោកបានជួបពិភាក្សាបន្ថែមទៀតជាមួយសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian ជាពេលដែលលោក Macron បានបញ្ជាក់ជាថ្មី អំពីសារៈសំខាន់នៃផ្ដល់សេរីភាពដល់ការដឹកជញ្ជូន នៅច្រកសមុទ្រ Hormuz។លោក Macron បានបន្ថែមថា លោកបានជំរុញឲ្យប្រធានាធិបតីអ៊ីរ៉ង់ពិនិត្យមើលផែនការរបស់ប្រទេសបារាំង និងអង់គ្លេស ក្នុងការបង្កើតបេសកកម្មអន្តរជាតិមួយ ដើម្បីរៀបចំនូវមូលដ្ឋានគ្រឹះ សម្រាប់ការដឹកជញ្ជូនដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រ Hormuz។លោក Macron បានបន្ថែមនៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំបានជំរុញឲ្យប្រធានាធិបតីអ៊ីរ៉ង់ឆក់យកឱកាសនេះ ហើយខ្ញុំមានបំណងពិភាក្សា អំពីប្រធានបទនេះ ជាមួយប្រធានាធិបតីអាមេរិក លោក (Donald) Trump»។ចំណែកប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ក្នុងឱកាសនៃការសន្ទនាតាមទូរស័ព្ទនោះ លោក Pezeshkian «បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ ក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ ត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តផ្លូវការទូតយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ចប់សង្គ្រាមនេះ ក្នុងគោលបំណងឆ្ពោះទៅរកការសម្រេចបាននូវសិទ្ធិស្របច្បាប់របស់ប្រជាជនអ៊ីរ៉ង់»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីជប៉ុន ប្រាប់ថា ជប៉ុនចង់ឃើញ​​អ៊ីរ៉ង់បង្ហាញភាពបត់បែន សម្រាប់កិច្ចព្រមព្រៀងជាមួយ​អាមេរិក
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ ការស្ទាក់ចាប់នាវាដឹកប្រេងដោយ​បារាំង នៅមហាសមុទ្រអាត្លង់ទិក គឺ «ខុសច្បាប់»
06/01/2026 07:06 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ពិតជាចង់ធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក
06/01/2026 07:06 PM
បារាំង និងឥណ្ឌូនេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងថាមពល
06/01/2026 07:06 PM
EU ត្រៀមរួច​ជាស្រេច ដើម្បី​រួមចំណែក​ដល់​កិច្ចព្រមព្រៀងដែល​អាច​មាន រវាង​អាមេរិក និងអ៊ីរ៉ង់
06/01/2026 07:06 PM
សមាជិកព្រឹទ្ធសភាហ្វីលីពីន ប្រគល់ខ្លួនជូនសមត្ថកិច្ច ក្រោយការចោទប្រកាន់ករណីពុករលួយ
06/01/2026 07:06 PM
អគ្គរដ្ឋអាជ្ញាអ៊ីស្រាអែលព្រមានអំពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ
06/01/2026 07:06 PM
ចិនចូលរួមរំលែកទុក្ខចំពោះហេតុការណ៍ផ្ទុះគ្រាប់សម្លាប់មនុស្ស ៥៥នាក់នៅមីយ៉ាន់ម៉ា
06/01/2026 07:06 PM
ម៉ាឡេស៊ី​ហាម​កុមារអាយុក្រោម ១៦ឆ្នាំ មិន​ឲ្យ​បង្កើត​គណនី​បណ្ដាញ​សង្គម
06/01/2026 07:06 PM
សារព័ត៌មាន៖ ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អាមេរិកលើទូករបស់អ្នកជួញដូរគ្រឿងញៀន លើសពី ២០០នាក់
06/01/2026 07:06 PM