អ៊ីស្រាអែល ភ្ជាប់ល្បឿននៃការដកកងទ័ពពីលីបង់ ទៅនឹងវឌ្ឍនភាពក្នុងការរំសាយអាវុធរបស់ក្រុមហេសបូឡា
ព្យុះត្រូពិកដ៏ខ្លាំងក្លានៅប្រទេសជប៉ុន បានលុបចោលជើងហោះហើរ និងនាវាចម្លង
នាយករដ្ឋមន្ត្រីឥណ្ឌា ទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាដែល​ជាប់​​ទណ្ឌកម្ម ដើម្បី​សាងទំនាក់ទំនង
លោក Zelenskyy ព្រមានពីកង្វះ​ខាតប្រព័ន្ធប្រឆាំងមីស៊ីល ខណៈអាមេរិកបង្វែរ​ការផ្តោតទៅមជ្ឈិមបូព៌ា

ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង៖ ខ្លួនមិនជាប់កាតព្វកិច្ចដោយសន្ធិសញ្ញាណាមួយស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរទេ

2026/05/07 11:57:29 am        54
បេសកជនរបស់ប្រទេសកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បានប្រកាសថាទីក្រុងព្យុងយ៉ាង មិនជាប់កាតព្វកិច្ចដោយសន្ធិសញ្ញាណាមួយស្តីពីអាវុធអាតូមិកនោះទេ ហើយគ្មានសម្ពាធពីខាងក្រៅណាមួយនឹងផ្លាស់ប្តូរឋានៈរបស់ខ្លួនជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះដែរ។ សេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូត លោក Kim Song ដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត បានរិះគន់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅក្នុងសន្និសីទអង្គការសហប្រជាជាតិដែលកំពុងដំណើរការពិនិត្យឡើងវិញនូវសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT)។ ទីក្រុងព្យុងយ៉ាង បានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ក្នុងឆ្នាំ២០០៣ ហើយចាប់តាំងពីពេលនោះមក បានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួន៦លើក ដែលជំរុញឱ្យមានទណ្ឌកម្មជាច្រើនពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រទេសនេះ ត្រូវបានគេជឿថាមានក្បាលគ្រាប់នុយក្លេអ៊ែររាប់សិបគ្រាប់។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការបានឲ្យដឹងថា លោក Kim បាននិយាយថា «នៅក្នុងសន្និសីទពិនិត្យឡើងវិញសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) លើកទី១១ ដែលកំពុងដំណើរការនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនដែលដើរតាមការដឹកនាំរបស់ខ្លួន កំពុងចោទសួរដោយគ្មានមូលដ្ឋានអំពីស្ថានភាពបច្ចុប្បន្ន និងការអនុវត្តសិទ្ធិដែនអធិបតេយ្យភាព»។ លោកបាននិយាយបន្ថែមថា «ឋានៈរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ នឹងមិនផ្លាស់ប្តូរទេដោយផ្អែកលើការអះអាងវោហាសាស្ត្រពីខាងក្រៅ ឬបំណងជាឯកតោភាគី»។ ដើម្បីបញ្ជាក់ឱ្យច្បាស់ជាថ្មីម្តងទៀត សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងមិនជាប់កាតព្វកិច្ចដោយសន្ធិសញ្ញាណាមួយស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ»។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម បានរាយការណ៍ថា រដ្ឋដែលមានអាវុធនុយក្លេអ៊ែរចំនួន៩ រួមមានប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក បារាំង ចក្រភពអង់គ្លេស ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងប្រទេសកូរ៉េខាងជើង មានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១២.២៤១ គ្រាប់នៅក្នុងខែមករា ឆ្នាំ២០២៥។

បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន បានជួបជុំគ្នាមុនជំនួបកំពូលថ្នាក់ដឹកនាំលើកទី៤៨ក្នុងប្រទេសហ្វីលីពីន

2026/05/07 11:54:31 am        84
បណ្ដារដ្ឋមន្ត្រីការបរទេសមកពីអាស៊ីអាគ្នេយ៍ បានជួបជុំគ្នានៅលើកោះ Cebu ភាគកណ្ដាលរបស់ប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ទី៧ឧសភា សប្ដាហ៍នេះ  មុនជំនួបកំពូលមេដឹកនាំអាស៊ាន (ASEAN) លើកទី៤៨ ។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន និងជាប្រធានអាស៊ាន លោកស្រី ម៉ា ថេរេសា ឡាហ្សារ៉ូ (Ma. Theresa Lazaro) បានដឹកនាំកិច្ចប្រជុំនេះ ហើយបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងការដោះស្រាយបញ្ហាផ្សេងៗ រួមទាំងជម្លោះនៅមជ្ឈិមបូព៌ា ដែលកំពុងជះផលប៉ះពាល់ដល់ប្រជាជាតិអាស៊ីអាគ្នេយ៍។សម្ពាធលើក្រុមមេដឹកនាំក្នុងតំបន់បានកើនឡើងចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ២០២៦នេះ ដែលបានជំរុញឱ្យតម្លៃថាមពល ស្បៀងអាហារ និងជីកសិកម្ម កើនឡើងនៅទូទាំងអាស៊ីអាគ្នេយ៍។ បណ្ដារដ្ឋាភិបាលប្លុកអាស៊ាន បានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីពិសេសស្តីពីថាមពល ការសម្របសម្រួលសេដ្ឋកិច្ច និងសន្តិសុខស្បៀងរួចហើយមុនកិច្ចប្រជុំកំពូលនេះ។ការពិភាក្សាក៏ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងដើម្បីស្រោចស្រង់ឡើងវិញនូវក្រមប្រតិបត្តិដែលជាប់គាំងជាយូរមកហើយនៅក្នុងសមុទ្រចិនខាងត្បូងផងដែរ ខណៈភាពតានតឹងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ ការរំពឹងទុកសម្រាប់ការទម្លាយភាពទាល់ច្រកដ៏មានអត្ថន័យណាមួយនៅតែមានកម្រិត។ កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ គឺថ្ងៃទី៧ដល់៨ខែឧសភា សប្ដាហ៍នេះ នឹងត្រូវបានកំណត់ឱ្យប្រមូលផ្តុំមេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិកចំនួន១១ ប្រទេស ក៏ដូចជាបណ្ដាដៃគូសន្ទនាផងដែរ៕

ចិនរិះគន់ការបាញ់មីស៊ីលប្រយុទ្ធលើកដំបូងរបស់ជប៉ុនក្រោយសង្គ្រាមលោកលើកទីពីរ នៅក្រៅប្រទេស

2026/05/07 11:51:24 am        99
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធ ៦ឧសភា សប្ដាហ៍នេះ ថាកងកម្លាំងស្តាំនិយមរបស់ជប៉ុនកំពុងជំរុញឱ្យមានការបង្កើនល្បឿននៃការបង្កើតយោធាឡើងវិញ ដោយបន្ថែមថា ចរឹតយោធានិយមបែបថ្មីរបស់ប្រទេសជប៉ុន កំពុងកើនឡើង និងបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ជាការឆ្លើយតបទៅនឹងសំណួរអំពីរបាយការណ៍ដែលនិយាយថា ជប៉ុនទើបតែបាញ់មីស៊ីលប្រភេទ Type 88 នៅក្នុងសមយុទ្ធយោធារួមគ្នាដែលមានឈ្មោះថា "Balikatan" រវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ជាលើកដំបូងដែលជប៉ុនបានបាញ់មីស៊ីលប្រយុទ្ធនៅក្រៅប្រទេសចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។លោក Lin បាននិយាយថា ជប៉ុនមានកំហុសប្រវត្តិសាស្ត្រយ៉ាងធ្ងន់ធ្ងរចំពោះការឈ្លានពាន និងរបប អាណានិគមរបស់ខ្លួនលើប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងហ្វីលីពីនផងដែរ។ នៅក្នុងឆ្នាំពិសេសរម្លឹកដល់ខួប៨០ឆ្នាំ នៃការបើកតុលាការសឹកអន្តរជាតិតូក្យូ អតីតអ្នកឈ្លានពានបានបរាជ័យក្នុងការឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីឧក្រិដ្ឋកម្មប្រវត្តិសាស្ត្ររបស់ខ្លួន។ ផ្ទុយទៅវិញ ខ្លួនបានបញ្ជូនកងកម្លាំងយោធាទៅក្រៅប្រទេស និងបាញ់មីស៊ីលប្រយុទ្ធ ក្រោមលេសនៃអ្វីដែលហៅថា "កិច្ចសហប្រតិបត្តិការសន្តិសុខ"។លោក Lin បានបញ្ជាក់ថា និន្នាការនេះបង្ហាញជាថ្មីម្តងទៀតថា កងកម្លាំងស្តាំនិយមរបស់ប្រទេសជប៉ុនកំពុងជំរុញប្រទេសនេះឱ្យពន្លឿនដំណើរការបង្កើតយោធាឡើងវិញ ដោយទម្លាយការរឹតបន្តឹងជាប់លាប់នៃគោលនយោបាយផ្តោតលើការការពារជាតិទាំងស្រុងរបស់ខ្លួន ក៏ដូចជាច្បាប់អន្តរជាតិ និងក្នុងស្រុកដែលពាក់ព័ន្ធ។ គោលនយោបាយ និងសកម្មភាពមួយចំនួនរបស់ខ្លួនបានដើរហួសពីវិសាលភាពនៃស្វ័យការពារ៕

អ្នកជម្លៀសខ្លួនពីនាវាទេសចរណ៍ដែលរងការវាយប្រហារដោយវីរុស Hanta បានចូលចតនៅអឺរ៉ុប

2026/05/07 10:40:42 am        90
យន្តហោះមួយគ្រឿង ត្រូវបានគេជឿថាបានដឹកអ្នកដំណើរម្នាក់ចេញពីនាវាទេសចរណ៍រងការវាយប្រហារដោយការផ្ទុះឡើងវីរុស Hanta ចូលទៅប្រទេសហូឡង់កាលពីថ្ងៃពុធ ទី៦ ខែឧសភា បន្ទាប់ពីអ្នកជំងឺម្នាក់នេះត្រូវបានជម្លៀសចេញពីនាវានៅជិតកោះ Cape Verde នៅអាហ្វ្រិកខាងលិច។ ដោយនិយាយសម្រាលពីការព្រួយបារម្ភចំពោះការផ្ទុះឡើងវីរុសនៅលើនាវា MV Hondius ដែលបានបណ្តាលឲ្យមនុស្សបីនាក់ស្លាប់ ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានទទូចថា វាមិនអាចប្រៀបធៀបបានទេទៅនឹងជំងឺរាតត្បាតកូវីដ-១៩។អង្គការសុខភាពពិភពលោក បាននិយាយថា ក្រុមសង្គ្រោះបន្ទាន់ បានជម្លៀសមនុស្សបីនាក់ មានសមាជិកនាវិកឈឺពីរនាក់ និងមនុស្សម្នាក់ផ្សេងទៀតដែលបានប៉ះពាល់ជាមួយករណីដែលត្រូវបានបញ្ជាក់ ចេញពីនាវា ដែលបានចាកចេញពីកំពង់ផែនៅជិតកោះ Cape Verde ហើយក្រោយមក អ្នកដែលត្រូវបានជម្លៀសទាំងបីនាក់ បានឡើងជិះយន្តហោះនៅអាកាសយានដ្ឋានកោះ Cape Verde។មន្ត្រីប្រទេសអេស្ប៉ាញ បាននិយាយថា យន្តហោះនោះបានដឹកអ្នកជំងឺពីរនាក់ ហើយបានចុះចតដោយសារហេតុផលបច្ចេកទេស។ ក្រសួងសុខាភិបាលអេស្ប៉ាញបាននិយាយថា អ្នកជំងឺនឹងត្រូវការយន្តហោះថ្មីមួយគ្រឿងដើម្បីធ្វើដំណើរទៅកាន់ប្រទេសហូឡង់។ អ្នកជំនាញបានបញ្ជាក់ថា វីរុសដែលត្រូវបានរកឃើញនៅលើនាវា Hondius គឺជាវីរុសដ៏កម្រមួយប្រភេទ ដែលអាចត្រូវបានចម្លងរវាងមនុស្សនិងមនុស្ស។ប៉ុន្តែមន្ត្រីសុខាភិបាលបាននិយាយសម្រាលពីការព្រួយបារម្ភនៃការផ្ទុះឡើងជាសកលកាន់តែទូលំទូលាយពីវីរុសនេះ ថា មិនសូវឆ្លងដូចជាជំងឺកូវីដ នោះទេ វាមិនដូចជំងឺរាតត្បាតកូវីដ-១៩ ទេ ព្រោះហានិភ័យទៅដល់ពិភពលោកទាំងមូល គឺមានទាប។

កិច្ចពិភាក្សាពាណិជ្ជកម្មក្រុមប្រទេស G7 ផ្តោតលើរ៉ែសំខាន់ៗ ខណៈជម្លោះពន្ធរវាងអាមេរិក និងសហភាពអឺរ៉ុបធ្វើឱ្យខូចឯកភាព

2026/05/07 10:13:20 am        94
ក្រុមរដ្ឋមន្ត្រីពាណិជ្ជកម្មនៃក្រុមប្រទេសទាំងប្រាំពីរ G7 ដែលបានជួបប្រជុំគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃពុធ៦ឧសភា សប្ដាហ៍នេះ បានស្វែងរកចំណុចរួមមួយលើការធានាការផ្គត់ផ្គង់រ៉ែសំខាន់ៗ ដែលគ្របដណ្ដប់ដោយប្រទេសចិន ប៉ុន្តែការគំរាមកំហែងពន្ធថ្មីៗរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរថយន្តផលិតនៅសហភាពអឺរ៉ុប បានប្រឈមនឹងការធ្វើឱ្យខូចឯកភាពគ្នាក្នុងសម្ព័ន្ធភាព។រដ្ឋមន្ត្រីពាណិជ្ជកម្មបរទេសរបស់បារាំង លោក Nicolas Forissier បាននិយាយនៅពេលទៅដល់សម្រាប់កិច្ចពិភាក្សាថា ប្រទេសបារាំងចង់ឱ្យការផ្គត់ផ្គង់រ៉ែសំខាន់ៗ ក្លាយជាលទ្ធផលជាក់ស្តែងបំផុតក្នុងអំឡុងពេលធ្វើជាប្រធានកិច្ចប្រជុំ G7 របស់ខ្លួន ខណៈក្រុមរដ្ឋមន្ត្រីរៀបចំសម្រាប់កិច្ចប្រជុំកំពូលមេដឹកនាំនៅពាក់កណ្តាលខែមិថុនា ។លោកថា រូបលោកជឿថាពួកលោកនឹងសម្រេចបានវឌ្ឍនភាពជាក់ស្តែងលើរ៉ែកម្រ និងរ៉ែសំខាន់ៗ ដោយធានាខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកលោក និងធានាថាពួកលោកមិនត្រូវបានចាប់ជាចំណាប់ខ្មាំងដោយប្រទេសមួយចំនួនឡើយ។រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង លោក Roland Lescure បាននិយាយកាលពីថ្ងៃអង្គារថា  ចំណែកទីផ្សាររបស់ប្រទេសចិនសម្រាប់រ៉ែដែលប្រើប្រាស់ក្នុងអ្វីៗគ្រប់យ៉ាង ចាប់ពីរថយន្តអគ្គិសនី ទួរប៊ីនខ្យល់ គ្រឿងអេឡិចត្រូនិច រហូតដល់ប្រព័ន្ធការពារជាតិ គឺមានឥទ្ធិពលខ្លាំង ដែលអាចកំណត់តម្លៃទាបគ្រប់គ្រាន់ដើម្បីបណ្តេញគូប្រជែងចេញពីទីផ្សារប្រកួតប្រជែង។ រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេថា ប្រទេស G7 នឹងព្យាយាមធានាថាការប៉ុនប៉ង ឬការគំរាមកំហែងក្នុងការប្រើសេដ្ឋកិច្ចជាអាវុធ នឹងបរាជ័យ។ឯកភាពរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំង៧ ឬ G7 ក៏កំពុងត្រូវបានសាកល្បងដោយការអត្ថាធិប្បាយពីប្រធានាធិបតីអាមេរិក Donald Trump ផងដែរ ដែលបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងដំឡើងពន្ធលើរថយន្តដែលផលិតនៅសហភាពអឺរ៉ុបដល់២៥% ពីពន្ធស្រាប់ ១៥ % ដោយអះអាងថា ទីក្រុងព្រុចសែលមិនបានគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានព្រមព្រៀងគ្នានៅទីក្រុង Turnberry របស់ដែនដី ស្កុតឡែន កាលពីឆ្នាំមុន៕

មេដឹកនាំអ៊ុយក្រែនថាខ្លួននឹងឆ្លើយតបវិញដូចគ្នា បន្ទាប់ពីរុស្ស៊ី បំបែកបទឈប់បាញ់របស់ទីក្រុងគីវ

2026/05/07 10:07:03 am        43
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយ ដោយបញ្ជូនការព្រមានទៅកាន់ទីក្រុងមូស្គូថា ទីក្រុងគីវនឹង«ឆ្លើយតបវិញដូចគ្នា» ចំពោះការវាយប្រហាររបស់រុស្ស៊ី។ អ៊ុយក្រែននឹងសម្រេចចិត្តលើសកម្មភាពរបស់ខ្លួនឆ្ពោះទៅរកក្បួនព្យុហយាត្រាទិវាជ័យជម្នះរបស់រុស្ស៊ី «អាស្រ័យលើស្ថានភាពនៅយប់នេះ និងថ្ងៃស្អែក»។ លោក Zelenskyy បានចោទប្រកាន់រុស្ស៊ីពីបទបដិសេធកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកបទឈប់បាញ់ដោយការវាយប្រហារជារៀងរាល់ម៉ោងនៅទូទាំងប្រទេស ដោយព្រមានទីក្រុងមូស្គូថា ទីក្រុងគីវនឹង «ឆ្លើយតបវិញដូចគ្នា»។ការវាយប្រហារដោយយានដ្រូននិងមីស៊ីលរបស់រុស្ស៊ី លើអ៊ុយក្រែន កាលពីយប់ជ្រៅថ្ងៃអង្គារបានសម្លាប់មនុស្ស២២នាក់ និងជាង៨០នាក់រងរបួស ប៉ុន្មានម៉ោងមុនបទឈប់បាញ់ចូលជាធរមាន។លោក Zelenskyy បាននិយាយក្នុងសុន្ទរកថាពេលល្ងាចមួយកាលពីថ្ងៃពុធ ៦ឧសភា សប្ដាហ៍នេះថា គិតត្រឹមថ្ងៃនេះ ពួកលោកមើលឃើញថា រុស្ស៊ីបានឆ្លើយតបសំណើរបស់ពួកលោកសម្រាប់បទឈប់បាញ់តែជាមួយនឹងការវាយប្រហារថ្មីៗប៉ុណ្ណោះ។ អាស្រ័យលើស្ថានភាពនៅយប់នេះ និងថ្ងៃស្អែក ពួកលោកក៏នឹងកំណត់ការឆ្លើយតបដែលសមហេតុផលទាំងស្រុងរបស់ពួកលោកវិញផងដែរ។លោកក៏បានបញ្ជាក់ផងដែរថា រុស្ស៊ី បានទទួលសំណើច្បាស់លាស់ ពីទីក្រុងគីវទាក់ទងនឹងបទឈប់បាញ់ និងការទូត ហើយវិមានក្រឹមឡាំង ដឹងពីរបៀបទាក់ទងអ៊ុយក្រែន ឬដៃគូរបស់ខ្លួន ដើម្បីយល់ព្រមលើព័ត៌មានលម្អិត។ កាលពីដើមសប្តាហ៍នេះ រុស្ស៊ីបានប្រកាសថានឹងមាន "បទឈប់បាញ់ទិវាជ័យជម្នះ" រយៈពេលពីរថ្ងៃនៅថ្ងៃទី ៨និង៩ ឧសភា ដែលត្រូវបានគ្រោងទុកដើម្បីស្របពេលជាមួយនឹងក្បួនព្យុហយាត្រាទិវាជ័យជម្នះរបស់ប្រទេសនេះនៅលើទីលានចតុរង្គក្រហមក្នុងទីក្រុងមូស្គូ។អ៊ុយក្រែនបានឆ្លើយតបជាមួយនឹងសំណើឈប់បាញ់របស់ខ្លួនសម្រាប់ម៉ោង១២ យប់ថ្ងៃទី ៦ ខែឧសភា ដោយអះអាងថាពេលវេលាកំណត់របស់ខ្លួននឹងគ្រប់គ្រាន់ដើម្បីសាកល្បងថាតើការផ្អាកការប្រយុទ្ធពិតប្រាកដអាចកើតឡើងឬអត់៕

លោក Trump ចេញឱសានវាទឲ្យអ៊ីរ៉ង់ ទទួលយកកិច្ចព្រមព្រៀង បើមិនដូច្នេះប្រឈមនឹងការទម្លាក់គ្រាប់បែកបន្ថែមទៀត

2026/05/07 09:36:46 am        88
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចេញឱសានវាទកាលពីថ្ងៃពុធ ទី៦ ខែឧសភា ឲ្យអ៊ីរ៉ង់ទទួលយកកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម បើមិនដូច្នេះទេត្រូវប្រឈមនឹងការទម្លាក់គ្រាប់បែកជាថ្មីយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ជាការផ្លាស់ប្តូរគោលនយោបាយភ្លាមៗជាបន្តបន្ទាប់។ លោក Trump បានបង្ហោះនៅលើវេទិកា Truth Social របស់លោកដោយប្រើឈ្មោះសហរដ្ឋអាមេរិកសម្រាប់យុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ដោយសន្មតថា អ៊ីរ៉ង់ ឯកភាពផ្តល់អ្វីៗដែលបានព្រមព្រៀងគ្នា នោះប្រហែលជាការសន្មត់ដ៏ធំមួយនេះ នឹងត្រូវបញ្ចប់ ។ប្រសិនបើអ៊ីរ៉ង់មិនយល់ព្រម ការទម្លាក់គ្រាប់បែកនឹងចាប់ផ្តើម ហើយគួរឲ្យសោកស្តាយ វានឹងមានកម្រិតខ្ពស់ និងខ្លាំងក្លាជាងមុន។ ក្រោយមកលោក បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា លោកមានសុទិដ្ឋិនិយមអំពីការឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ មុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកទៅកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយ។ លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា «ខ្ញុំគិតថា វាមានឱកាសល្អក្នុងការបញ្ចប់ ហើយប្រសិនបើវាមិនបញ្ចប់ទេ យើងត្រូវត្រឡប់ទៅរកការទម្លាក់គ្រាប់បែកជាថ្មី» ។ លោកក៏ត្រូវបានគេសួរអំពីរបាយការណ៍ថា ក្រោមកិច្ចព្រមព្រៀងដែលបានស្នើឡើង ទីក្រុងតេអេរ៉ង់នឹងនាំចេញសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួច ប្រហែលជាទៅកាន់សហរដ្ឋអាមេរិកឬយ៉ាងណា នោះលោកបានឆ្លើយថា «ទេ មិនមែនប្រហែលទេ វាទៅកាន់សហរដ្ឋអាមេរិក» លោក Trump បាននិយាយដូច្នេះដោយមិនពន្យល់ពីរបៀបដែលចំណុចសំខាន់នៃការមិនចុះសម្រុងគ្នានេះ នឹងត្រូវបានដោះស្រាយ។ប៉ុន្តែអ៊ីរ៉ង់ បានបដិសេធយ៉ាងម៉ឺងម៉ាត់ក្នុងការបោះបង់ចោលអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់ខ្លួន ដោយទទូចថា ពុំមែនសម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរនោះទេ។

អាមេរិក៖ យន្តហោះចម្បាំង បានបញ្ឈប់នាវាដែលព្យាយាមទម្លាយការបិទផ្លូវទឹកនៅកំពង់ផែអ៊ីរ៉ង់

2026/05/07 09:29:02 am        82
យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ ទី៦ ខែឧសភាថា យន្តហោះចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបាញ់និងបញ្ឈប់នាវាដឹកប្រេងមួយគ្រឿងដែលព្យាយាមទម្លាយការបិទផ្លូវទឹករបស់ទីក្រុងវ៉ាស៊ីនតោននៅកំពង់ផែអ៊ីរ៉ង់។ នេះជាលើកទីពីរហើយ ដែលយោធាសហរដ្ឋអាមេរិក បានបាញ់ទៅលើនាវាដែលខ្លួននិយាយថាកំពុងព្យាយាមបំពានលើការបិទផ្លូវទឹក ដែលត្រូវបានដាក់ ចាប់តាំងពីថ្ងៃទី ១៣ ខែមេសា។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយនៅក្នុងសារមួយនៅលើបណ្តាញ X ថា កងកម្លាំងសហរដ្ឋអាមេរិក បានព្រមាននាវា M/T Hasna បំពាក់ទង់ជាតិអ៊ីរ៉ង់គ្មានផ្ទុកទំនិញថា នាវានេះកំពុងរំលោភលើការបិទផ្លូវទឹក ប៉ុន្តែក្រុមនាវិកមិនបានគោរពតាមនោះទេ ដូច្នេះយន្តហោះចម្បាំង F/A-18 Super Hornet របស់សហរដ្ឋអាមេរិក បានបញ្ឈប់ចង្កូតនាវាដឹកប្រេងនោះដោយបាញ់កាំភ្លើងជាច្រើនគ្រាប់ពីកាំភ្លើង២០មីលីម៉ែត្រ។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយថា នាវា Hasna លែងឆ្លងកាត់ទៅអ៊ីរ៉ង់ទៀតហើយ និងបាននិយាយបន្ថែមថា «ការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិកប្រឆាំងនឹងនាវាដែលព្យាយាមចូល ឬចាកចេញពីកំពង់ផែអ៊ីរ៉ង់ នៅតែមានជាធរមានពេញលេញ»។ កងកម្លាំងរបស់ទីក្រុងតេអេរ៉ង់ បានបិទផ្លូវទឹកដ៏សំខាន់នៅច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសម្រាប់ដឹកជញ្ជូនប្រេង និងឧស្ម័ន បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។ សហរដ្ឋអាមេរិក ក៏បានប្រកាសបិទកំពង់ផែអ៊ីរ៉ង់ បន្ទាប់ពីកិច្ចចរចាសន្តិភាពនៅក្នុងប្រទេសប៉ាគីស្ថាន បានបរាជ័យក្នុងការឈានដល់ការទម្លាយភាពទាល់ច្រកកាលពីខែមុន។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា នាវាពាណិជ្ជកម្មជាង ៥០ គ្រឿង ត្រូវបានណែនាំឱ្យត្រឡប់ក្រោយ ឬត្រឡប់ទៅកំពង់ផែវិញ ដើម្បីអនុវត្តតាមការបិទផ្លូវទឹក។

អ៊ីស្រាអែល វាយប្រហារទីក្រុងបេរូតរបស់ប្រទេសលីបង់ ជាលើកដំបូងចាប់តាំងពីមានបទឈប់បាញ់

2026/05/07 09:27:26 am        60
អ៊ីស្រាអែល បានវាយប្រហារទីក្រុងបេរូត (Beirut)កាលពីថ្ងៃពុធ ៦ឧសភា សប្ដាហ៍នេះ ជាលើកដំបូងចាប់តាំងពីបានយល់ព្រមលើបទឈប់បាញ់ជាមួយក្រុមហេសបូឡា កាលពីខែមុន ដោយអ៊ីស្រាអែល និយាយថាខ្លួនបានដាក់គោលដៅលើមេបញ្ជាការនៃកម្លាំងរ៉ាដវ៉ាន់(Radwan)របស់ក្រុមសកម្មប្រយុទ្ធនេះ ក្នុងតំបន់ជាយក្រុងភាគខាងត្បូង និងបានបណ្ដាលឲ្យមនុស្សមួយចំនួនស្លាប់។នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក អ៊ីស្រាអែល កាត់ស៍ (Israel Katz)បានប្រកាសពីសកម្មភាពនេះនៅក្នុងសេចក្តីថ្លែងការណ៍រួម។ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថាមេបញ្ជាការរូបនេះត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះប៉ុន្តែពុំមានការបញ្ជាក់ភ្លាមៗពីយោធាអ៊ីស្រាអែលឬក្រុមហេសបូឡានោះទេ។បទឈប់បាញ់នៅលីបង់បានគាំទ្រដល់បទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ កាន់តែទូលំទូលាយ ដោយការបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់គឺជាការទាមទារដ៏សំខាន់របស់អ៊ីរ៉ង់។ខណៈអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និយាយថា ពួកគេកំពុងខិតជិតដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ឈប់ជម្លោះរបស់ខ្លួន ការវាយប្រហារទាំងនេះគំរាមកំហែងដល់បទឈប់បាញ់ដែលបានបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងបេរូត។ កងទ័ពអ៊ីស្រាអែលនៅតែស្ថិតក្នុងតំបន់ភាគខាងត្បូងនៃទន្លេ លីតានី (Litani River) ហើយការវាយប្រហារនៅតែបន្តនៅភាគខាងត្បូងប្រទេសលីបង់។ក្រុមហេសបូឡាដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានឆ្លើយតបដោយការបាញ់ផ្លោង និងយានដ្រូនបំពាក់អាវុធទៅលើទាហានអ៊ីស្រាអែល។អ៊ីស្រាអែលកាលពីថ្ងៃពុធដដែល បានអំពាវនាវឲ្យប្រជាជនជម្លៀសចេញពីភូមិជាច្រើននៅភាគខាងជើងទន្លេ Litani ដែលអាចតំណាងឱ្យការពង្រីកតំបន់ធ្វើសកម្មភាពរបស់អ៊ីស្រាអែល។ ក្រសួងសុខាភិបាលលីបង់ និយាយថា មនុស្សជាង២.៧០០នាក់បានស្លាប់ក្នុងសង្គ្រាមនៅប្រទេសលីបង់ចាប់តាំងពីថ្ងៃទី២មីនា២០២៦នេះ៕

អ៊ីរ៉ង់កំពុងពិនិត្យសំណើរអាមេរិកដើម្បីបញ្ចប់សង្គ្រាម ទោះការទាមទារសំខាន់ៗនៅមិនទាន់បានដោះស្រាយក៏ដោយ

2026/05/07 08:19:11 am        65
អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃពុធ៦ឧសភាសប្ដាហ៍នេះ ថាខ្លួនកំពុងពិនិត្យឡើងវិញលើសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក ដែលប្រភពបាននិយាយថានឹងបញ្ចប់សង្គ្រាមជាផ្លូវការ ខណៈការទាមទារសំខាន់ៗរបស់សហរដ្ឋអាមេរិក នៅមិនទាន់ដោះស្រាយ ពោលគឺការតម្រូវឲ្យអ៊ីរ៉ង់ត្រូវផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់មួយរូប ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់បាននិយាយថា ទីក្រុងតេអេរ៉ង់នឹងបង្ហាញពីការឆ្លើយតបរបស់ខ្លួន។ប្រធានាធិបតីអាមេរិក Donald Trump បានព្យាករណ៍កាលពីយប់ថ្ងៃពុធថា សង្គ្រាមនៅអ៊ីរ៉ង់នឹងបញ្ចប់យ៉ាងឆាប់រហ័ស។ លោក Trump បានប្រាប់ការជួបជុំតាមទូរស័ព្ទសម្រាប់បេក្ខជនអភិបាលរដ្ឋ ចចា (Georgia) មកពីគណបក្សសាធារណរដ្ឋ លោក Burt Jones ថា នៅពេលអ្នកក្រឡេកមើលរឿងរ៉ាវដែលកំពុងកើតឡើង អ្នកនឹងដឹងថាពួកលោកកំពុងធ្វើដូច្នេះសម្រាប់ហេតុផលសំខាន់មួយ គឺ ពួកលោកមិនអាចអនុញ្ញាតឱ្យពួកគេមានអាវុធនុយក្លេអ៊ែរបានទេ។ ដូច្នេះរូបលោកគិតថាមនុស្សភាគច្រើនយល់ពីរឿងនោះ។ ពួកគេយល់ថាអ្វីដែលអាមេរិកកំពុងធ្វើពេលនេះ គឺត្រឹមត្រូវ ហើយវានឹងបញ្ចប់យ៉ាងឆាប់រហ័ស។លោក Trump តែងតែនិយាយថា លោកជឿថា អ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀងមួយ។លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval កាលពីថ្ងៃពុធថា ពួកគេចង់ធ្វើកិច្ចព្រមព្រៀងមួយ។ ពួកលោកមានការចរចាល្អណាស់ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ហើយវាពិតជាអាចទៅរួចដែលពួកលោកនឹងធ្វើកិច្ចព្រមព្រៀងមួយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
06/01/2026 05:06 PM
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
06/01/2026 05:06 PM
អ៊ីស្រាអែល ភ្ជាប់ល្បឿននៃការដកកងទ័ពពីលីបង់ ទៅនឹងវឌ្ឍនភាពក្នុងការរំសាយអាវុធរបស់ក្រុមហេសបូឡា
06/01/2026 05:06 PM
ព្យុះត្រូពិកដ៏ខ្លាំងក្លានៅប្រទេសជប៉ុន បានលុបចោលជើងហោះហើរ និងនាវាចម្លង
06/01/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា ទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាដែល​ជាប់​​ទណ្ឌកម្ម ដើម្បី​សាងទំនាក់ទំនង
06/01/2026 05:06 PM
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
06/01/2026 04:06 PM
លោក Zelenskyy ព្រមានពីកង្វះ​ខាតប្រព័ន្ធប្រឆាំងមីស៊ីល ខណៈអាមេរិកបង្វែរ​ការផ្តោតទៅមជ្ឈិមបូព៌ា
06/01/2026 04:06 PM
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង
06/01/2026 04:06 PM
​​ការ​អបអរសាទរជើង​ឯក​អឺរ៉ុប​របស់​ក្រុម​ PSG នៅបារាំង ផ្ទុះ​ហិង្សា ខណៈមនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន ហើយ​ម្នាក់ស្លាប់
06/01/2026 04:06 PM
ប្រធានាធិបតីអ៊ុយក្រែន ស្វែងរកវឌ្ឍនភាព មុនរដូវរងា ខណៈ​ការចរចាឆ្ពោះ​ទៅរកសន្តិភាព​ជាប់គាំង​
06/01/2026 04:06 PM