អ៊ីស្រាអែល ភ្ជាប់ល្បឿននៃការដកកងទ័ពពីលីបង់ ទៅនឹងវឌ្ឍនភាពក្នុងការរំសាយអាវុធរបស់ក្រុមហេសបូឡា
ព្យុះត្រូពិកដ៏ខ្លាំងក្លានៅប្រទេសជប៉ុន បានលុបចោលជើងហោះហើរ និងនាវាចម្លង
នាយករដ្ឋមន្ត្រីឥណ្ឌា ទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាដែល​ជាប់​​ទណ្ឌកម្ម ដើម្បី​សាងទំនាក់ទំនង
លោក Zelenskyy ព្រមានពីកង្វះ​ខាតប្រព័ន្ធប្រឆាំងមីស៊ីល ខណៈអាមេរិកបង្វែរ​ការផ្តោតទៅមជ្ឈិមបូព៌ា

ព័ត៌មានអន្តរជាតិ

យានដ្រូនរុស្ស៊ីវាយប្រហារសាលាមតេយ្យសិក្សាអ៊ុយក្រែននៅទីក្រុង Sumy សម្លាប់មនុស្សម្នាក់

2026/05/06 09:29:45 pm        33
ក្រុមជួយសង្រ្គោះ បានព្យាយាមពន្លត់អគ្គិភ័យឆាបឆេះអគារ ក្រោយការវាយប្រហារយានដ្រូនរុស្ស៊ី ត្រូវចំសាលាមតេយ្យសិក្សាមួយកន្លែងនៅទីក្រុងភាគឦសាន Sumy របស់អ៊ុយក្រែន ។ សន្តិសុខស្រីម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ពេលដែលក្មេងៗពុំបាននៅក្នុងសាលារៀន ។ក្រុមអ្នកស្រុក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការវាយប្រហារនេះ បានធ្វើឡើង ២លើកផ្ទួនៗគ្នា ក្នុងនោះយានដ្រូនទី ២ បានវាយប្រហារទីតាំងតែមួយក្រោយការវាយប្រហារលើកដំបូង ។លោក Serhii Ryzhov គឺជាអ្នកស្រុកមួយរូបនិយាយថា ការផ្ទុះបណ្តាលឲ្យខូចខាតអគារសាលាមតេយ្យសិក្សា ហើយបំណែកគ្រាប់បានហោះនៅគ្រប់ទីកន្លែង ។រុស្ស៊ី បានប្រកាសបទឈប់បាញ់រយៈពេល ២ថ្ងៃ នៅថ្ងៃទី ៨-៩ ខែឧសភា ដើម្បីប្រារព្ធទិវាជ័យជំនះសង្រ្គាមលោកលើកទី ២របស់រុស្ស៊ី ដោយពួកគេព្រមានថា រាល់ការប៉ុនប៉ងណាមួយ ដើម្បីបង្អាក់ការប្រារព្ធពិធីនេះ នឹងបង្កឲ្យមានការសងសឹកយ៉ាងខ្លាំងក្លា ។ ដោយឡែក កាលពីថ្ងៃចន្ទ ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy និយាយដែរថា អ៊ុយក្រែននឹងគោរពបទឈប់បាញ់របស់ខ្លួនឯង ចាប់ពីយប់ពាក់កណ្តាលអាធ្រាត្រថ្ងៃអង្គារនេះតទៅ ដោយរូបលោកបន្តថា រុស្ស៊ីពុំបានឆ្លើយតបចំពោះការអំពាវនាវជាយូររបស់ទីក្រុងគីវឲ្យមានបទឈប់បាញ់យូរអង្វែងម្តងណានោះទេ ៕

ប្រជុំកោះ Canary បដិសេធន៍មិនឲ្យនាវាកម្សាន្ត MV Hondius ចូលចតកំពង់ផែរបស់ខ្លួន

2026/05/06 09:28:51 pm        23
ប្រជុំកោះ Canary បានបដិសេធន៍មិនអនុញ្ញាតឲ្យនាវាកម្សាន្តប្រណីតមានការរីករាលដាលឆ្លងវីរុស Hanta ដែលជាជំងឺដ៏កម្រមួយចម្លងដល់មនុស្សពីសត្វកណ្តុរនោះ ចូលចតនៅក្នុងកំពង់ផែណាមួយរបស់ខ្លួន បើទោះបីជារដ្ឋាភិបាលអេស្ប៉ាញ និយាយថា ពួកគេនឹងអនុញ្ញាតឲ្យចូលចតក៏ដោយ ។ប្រធានប្រជុំកោះ Canary លោក Fernando Clavijo និយាយថា ក្រុមអាជ្ញាធរក្នុងតំបន់ មិនអាចអនុញ្ញាតឲ្យនាវា MV Hondius ដែលបច្ចុប្បន្នកំពុងបោះយុថ្កានៅជិតតំបន់ឆ្នេរកោះ Cape Verde ចូលប្រជុំកោះរបស់ពួកគេបានឡើយ ដោយរូបលោកលើកឡើងថា អាជ្ញាធរខ្វះខាតព័ត៌មានគ្រប់គ្រាន់ពីការរីករាលដាលឆ្លងជំងឺសម្លាប់មនុស្សមួយនេះ ដើម្បីធានាសុវត្ថិភាពសាធារណជន ។គួរឲ្យដឹងថា ក្រសួងសុខាភិបាលរបស់ប្រទេសអេស្ប៉ាញ បានបញ្ជាក់កាលពីល្ងាចថ្ងៃអង្គារ ថា ខ្លួននឹងទទួលនាវា MV Hondius នៅប្រជុំកោះ Canary ស្របទៅតាមច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌ ។ យោងតាមសេចក្តីថ្លែងការណ៍ នៅពេលទៅដល់ប្រជុំកោះ Canary ក្រុមគ្រូពេទ្យនឹងចាប់ផ្តើមពិនិត្យ និងព្យាបាលអ្នកដំណើរ និងនាវិកទាំងអស់ ហើយផ្ទេរពួកគេទៅកាន់ប្រទេសរៀងៗខ្លួន។ក្រសួងសុខាភិបាលបាននិយាយថា អង្គការសុខភាពពិភពលោកបានពន្យល់ថា កោះ Cape Verde នៅអាហ្វ្រិកខាងលិច មិនអាចអនុវត្តប្រតិបត្តិការនេះបានទេ ៕

ក្រុមនាវាផ្ទុកយន្តហោះបារាំង ធ្វើដំណើរចូលទៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden

2026/05/06 08:17:41 pm        40
នាថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) នេះ យោធាបារាំងបានឲ្យដឹងថា ក្រុមនាវាផ្ទុកយន្តហោះ Charles de Gaulle របស់បារាំង កំពុងធ្វើដំណើរចូលទៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់បារាំង និងអង់គ្លេស ដើម្បីរៀបចំត្រៀមសម្រាប់បេសកកម្មនាពេលអនាគត ដើម្បីជួយឲ្យការធ្វើនាវាចរណ៍ដោយសេរី នៅលើច្រកសមុទ្រ Hormuz។ក្រសួងការពារជាតិបារាំង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនាវាផ្ទុកយន្តហោះ បានឆ្លងកាត់ព្រែកជីក Suez នៅថ្ងៃពុធនេះ ក្នុងដំណើរឆ្ពោះទៅភាគខាងត្បូងសមុទ្រក្រហម។ក្រុមវាយប្រហារនៃនាវាផ្ទុកយន្តហោះបារាំងនេះ ត្រូវបានដាក់ពង្រាយទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើតភ្លាមៗ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស លើអ៊ីរ៉ង់ ហើយវាអាចបន្តនៅ ក្នុងសមុទ្រនេះ ចន្លោះពី ៤ ទៅ ៥ខែ។គួរបញ្ជាក់ថា ប្រទេសបារាំង និងអង់គ្លេស កំពុងនាំមុខក្នុងកិច្ចប្រឹងប្រែង ដើម្បីដឹកនាំបេសកកម្មអន្តរជាតិ ដែលត្រូវបានធ្វើឡើងក្នុងគោលបំណងការពារការដឹកជញ្ជូនទំនិញ នៅច្រកសមុទ្រ Hormuz នៅពេលដែលលក្ខខណ្ឌអនុញ្ញាត។ការដឹកជញ្ជូនទំនិញ នៅច្រកសមុទ្រ Hormuz ដែលប្រេងស្ទើរតែ ១ភាគ៥ របស់ពិភពលោកឆ្លងកាត់ ត្រូវបានរំខានយ៉ាងខ្លាំង ដោយសារជម្លោះជាមួយអ៊ីរ៉ង់៕

លោក Trump៖ សង្គ្រាមលើអ៊ីរ៉ង់អាចបញ្ចប់បាន បើទីក្រុងតេអេរ៉ង់យល់ព្រមតាមលក្ខខណ្ឌ

2026/05/06 08:11:16 pm        59
ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) នេះ បានលើកឡើងថា សង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ អាចឈានដល់ទីបញ្ចប់ ប្រសិនបើទីក្រុងតេអេរ៉ង់គោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលអាចកើតមាន ខណៈពេលដែល ព្រមានថា ការទម្លាក់គ្រាប់បែកថ្មី នឹងកើតឡើង ប្រសិនបើទីសាធាររដ្ឋឥស្លាមបដិសេធ។លោក Trump បានរៀបរាប់នៅលើគណនីបណ្ដាញសង្គម TruthSocial របស់លោកថា៖ «ដោយសន្មតថា អ៊ីរ៉ង់យល់ព្រមផ្តល់អ្វីដែលត្រូវបានព្រមព្រៀងគ្នា ដែលប្រហែលជាការសន្មតដ៏ធំមួយ ប្រតិបត្តិការដ៏មានភាពល្បីល្បាញរួចហើយ គឺ Epic Fury នឹងឈានដល់ទីបញ្ចប់ភ្លាមៗ ហើយការបិទផ្លូវប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងអនុញ្ញាតឲ្យច្រកសមុទ្រ Hormuz បើកចំហ សម្រាប់ទាំងអស់គ្នា ក្នុងនោះរួមទាំងអ៊ីរ៉ង់ផងដែរ»។ច្រកសមុទ្រ Hormuz គឺជាផ្លូវទឹកដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលភ្ជាប់ឈូងសមុទ្រពែក្សជាមួយឈូងសមុទ្រអូម៉ង់ និងសមុទ្រអារ៉ាប់។ ការរំខានណាមួយនៅទីនោះ អាចមានផលវិបាកយ៉ាងខ្លាំង សម្រាប់ទីផ្សារថាមពលសកល និងសន្តិសុខ ក្នុងតំបន់។លោក Trump ក៏បានព្រមានផងដែរថា ប្រសិនបើអ៊ីរ៉ង់មិនទទួលយកលក្ខខណ្ឌទេនោះ ការទម្លាក់គ្រាប់បែក នឹងចាប់ផ្ដើមឡើងវិញ «ក្នុងកម្រិត និងភាពខ្លាំងក្លាកាន់តែខ្លាំងជាងមុន»។ យ៉ាងណាក្ដី សេចក្តីថ្លែងការណ៍នេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីកិច្ចព្រមព្រៀង ការទាមទារជាក់លាក់ដែលដាក់លើអ៊ីរ៉ង់ ឬពេលវេលានៃវិធានការយោធាដែលអាចកើតមានណាមួយឡើយ៕

កូរ៉េខាងត្បូងផ្អាកពិនិត្យការអំពាវនាវរបស់លោក Trump ឲ្យចូលរួមក្នុងបេសកកម្ម «Project Freedom»

2026/05/06 08:10:12 pm        37
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) នេះថា ខ្លួនបានផ្អាកការពិនិត្យ ជុំវិញថា តើត្រូវចូលរួមក្នុងប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ដើម្បីអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែរ ឬយ៉ាងណា បន្ទាប់ពីប្រធានាធិបតី Donald Trump បានបញ្ឈប់បេសកកម្មនេះសិន។ជាមួយគ្នានេះ មន្ត្រីវិមាន Blue House ក៏បាននិយាយផងដែរថា គេនៅតែមិនច្បាស់នោះទេថា តើនាវាដែលដំណើរការដោយកូរ៉េខាងត្បូងដែលបានផ្ទុះ និងមានអគ្គិភ័យ កាលពីថ្ងៃទី៤ ខែឧសភា ត្រូវបានវាយប្រហារ នៅក្នុងច្រកសមុទ្រដែរ ឬទេ។នៅមុននេះ លោក Trump បានជំរុញឲ្យទីក្រុងសេអ៊ូលចូលរួមក្នុងគំនិតផ្តួចផ្តើម « Project Freedom» (គម្រោងសេរីភាព) របស់លោក ដើម្បីបើកផ្លូវការធ្វើនាវាចរណ៍ដោយសេរី ដោយអះអាងថា អ៊ីរ៉ង់បានវាយប្រហារលើនាវាដែលគ្រប់គ្រងដោយកូរ៉េខាងត្បូង និងគោលដៅផ្សេងទៀត ខណៈពេលដែលសហរដ្ឋអាមេរិក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ដើម្បីបើកច្រកសមុទ្រនេះ។ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Wi Sung-lac បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «បន្ទាប់ពីបានពិនិត្យមើលព័ត៌មានបន្ថែម វាហាក់ដូចជាមិនច្បាស់សោះថា តើនាវានេះត្រូវបានវាយប្រហារដែរ ឬយ៉ាងណា»។ប្រទេសកូរ៉េខាងត្បូងបានប្រុងប្រយ័ត្ន ចំពោះការចូលទៅពាក់ព័ន្ធដោយផ្ទាល់ពេក ក្នុងជម្លោះ នៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែវិមានប្រធានាធិបតី បានឲ្យដឹងកាលពីថ្ងៃទី៥ ខែឧសភាថា ខ្លួនកំពុងពិនិត្យមើលការស្នើរបស់លោក Trump ឲ្យទីក្រុងសេអ៊ូលចូលរួមក្នុងផែនការ ដើម្បីបើកផ្លូវការធ្វើនាវាចរណ៍ដោយសេរី។តែក្រោយមក លោក Trump បាននិយាយថា លោកនឹងផ្អាកប្រតិបត្តិការនេះ ដោយលើកឡើងពីការមាន «វឌ្ឍនភាពដ៏ធំធេង» ឆ្ពោះទៅរកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយជាមួយអ៊ីរ៉ង់។ ហើយលោក Wi បានបញ្ជាក់ថា៖ «យើងមិនជឿថា ការពិនិត្យលើការអំពាវនាវរបស់លោក Trump ឲ្យចូលរួមក្នុងបេសកកម្ម Project Freedom គឺជារឿងចាំបាច់នោះឡើយ នៅពេលនេះ»៕

កម្មករ ៩នាក់ បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅកូឡុំប៊ី

2026/05/06 08:09:42 pm        48
 ទីភ្នាក់ងាររ៉ែជាតិកូឡុំប៊ី រាយការណ៍ថា ហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅខេត្ត Cundinamarca របស់កូឡុំប៊ី បានសម្លាប់កម្មករ ៩នាក់ និងមនុស្ស ៦នាក់ផ្សេងទៀត រងរបួស ពោលគឺរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយពួកគេចេញសេចក្តីណែនាំឲ្យគ្រប់គ្រងទីតាំងអណ្តូងរ៉ែនោះ ។ ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅអណ្តូងរ៉ែ La Ciscuda ប្រតិបត្តិការដោយក្រុមហ៊ុន Carbonera Los Pinos ។ ក្រុមហ៊ុនពុំបានផ្តល់សេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេ ជុំវិញហេតុការណ៍ផ្ទុះនេះ ។ ទីភ្នាក់ងាររ៉ែជាតិកូឡុំប៊ី និយាយទៀតថា ឧបទ្ទេវហេតុនេះ ទំនងបណ្តាលមកពីឧស្ម័ន ហើយពួកគេបានណែនាំឲ្យក្រុមហ៊ុនពង្រឹងវិធានការសុវត្ថិភាព អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីនោះ កាលពីថ្ងៃទី ៩ ខែមេសា ពេលដែលពួកគេនិយាយថា ឧស្ម័នជាច្រើនដូចជាឧស្ម័នមេតាន អាចនឹងគ្រោះថ្នាក់ខ្លាំង ។ លោក Luis Alfredo Nino គឺជាប្រធានមន្ទីរពេទ្យ El Salvador de Ubate និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារថា កម្មករ ៦នាក់ដែលរស់រានពីហេតុការណ៍ផ្ទុះក្នុងអណ្តូងរ៉ែធ្យូងថ្ម ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរបស់លោក ។ សូមបញ្ជាក់ថា ឧបទ្ទេវហេតុធ្ងន់ធ្ងរបានក្លាយជារឿងធម្មតាទៅហើយនៅតាមអណ្តូងរ៉ែធ្យូងថ្ម និងអណ្តូងរ៉ែមាស ក្នុងប្រទេសកូឡុំប៊ី ដែលភាគច្រើននៃអណ្តូងរ៉ែទាំងអស់នេះ ប្រតិបត្តិការដោយខុសច្បាប់ និងគ្មានវិធានការសុវត្ថិភាពត្រឹមត្រូវ ៕

មន្ត្រីឥណ្ឌូនេស៊ី៖ រថយន្តក្រុង និងរថយន្តដឹកប្រេង បុកគ្នានៅកោះ Sumatra បណ្ដាលឲ្យមនុស្ស ១៦នាក់ស្លាប់

2026/05/06 07:51:43 pm        34
មន្ត្រីឥណ្ឌូនេស៊ីម្នាក់បានប្រាប់សារព័ត៌មាន AFP ថា គ្រោះថ្នាក់ចរាចរណ៍នៅតាមដឹងផ្លូវ រវាងរថយន្តក្រុង និងរថយន្តដឹកប្រេង បានបណ្ដាលឲ្យមនុស្សយ៉ាងតិច ១៦នាក់ស្លាប់ និងរបួស ៤នាក់ផ្សេងទៀត នៅលើកោះ Sumatra របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) នេះស។ខណៈទូរទស្សន៍ក្នុងស្រុក បានផ្សាយរូបភាពនៃកម្ទេចកម្ទីដែលកំពុងឆេះ មន្ត្រី លោក Hasbi Hasidqi បាននិយាយតាមទូរស័ព្ទថា៖ «អ្នកដំណើរ ១៤នាក់ នៅលើរថយន្តក្រុង និងមនុស្ស ២នាក់ នៅលើរថយន្តដឹកប្រេង បានបាត់បង់ជិវិត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅភាគខាងជើងតំបន់ Musi Rawas Regency។យោងតាមមន្ត្រីសង្គ្រោះបន្ទាន់ម្នាក់ទៀត បានឲ្យដឹងថា មនុស្ស ៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលក្នុងនោះ ៣នាក់រងរបួសធ្ងន់ធ្ងរ។ ហើយបើតាមលោក Hasbi បានឲ្យដឹងបន្ថែមទៀតថា ព័ត៌មានដំបូង បានបង្ហាញថា កង់មួយរបស់រថយន្តក្រុង បានផ្ទុះ។លោកបានបន្ថែមថា អ្នកបើកបរ «បាត់បង់ការគ្រប់គ្រង ហើយបុកគ្នា» ដែលបណ្តាលឲ្យមាន «អគ្គិភ័យដ៏ធំឆាបឆេះឡើង» ដែលបានលេបត្របាក់រថយន្តទាំង ២គ្រឿង។ រថយន្តដឹកប្រេងកំពុងដឹកប្រេងម៉ាស៊ូត៕

ពលរដ្ឋវេណេស៊ុយអេឡា ប្រឈមនឹងការលំបាកក្នុងជីវភាពរស់នៅដោយសារការដាច់ចរន្តអគ្គិសនី និងអាកាសធាតុក្តៅខ្លាំង

2026/05/06 07:51:14 pm        33
 ការចម្អិនម្ហូបអាហារក្នុងស្ថានភាពងងឹត និងការស៊ូទ្រាំនឹងអាកាសធាតុក្តៅ បានក្លាយជារឿងធម្មតាទៅហើយសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Maracaibo ស្ថិតនៅភាគខាងលិចប្រទេសវេណេស៊ុយអេឡា ស្របពេលដែលទីក្រុងមួយនេះ ប្រឈមនឹងការដាច់ចរន្តអគ្គិសនីញឹកញាប់ ។ ការរក្សាបានស្ថិរភាពអគ្គិសនី ស្ថិតក្នុងចំណោមអាទិភាពកំពូលរបស់លោកស្រីប្រធានាធិបតីស្តីទី Delcy Rodriguez ចាប់តាំងពីលោកស្រីជំនួសតំណែងប្រធានាធិបតីទម្លាក់ចេញពីតំណែងលោក Nicolas Maduro កាលពីខែមករា ប៉ុន្តែប្រទេសជួបវិបត្តិហិរញ្ញវត្ថុមួយនេះ មិនអាចធានាការទូរទាត់សាច់ប្រាក់ទាន់ពេលនោះទេ ដល់ក្រុមហ៊ុនផ្គត់ផ្គង់ថាមពល ។ តិចជាង ៤០ភាគរយប៉ុណ្ណោះនៃសមត្ថភាពបង្កើតថាមពលរបស់វេណេស៊ុយអេឡា មាននៅពេលបច្ចុប្បន្ន ជាហេតុនាំឲ្យមានការដាច់ចរន្តអគ្គិសនីញឹកញាប់ ហើយកំហិតសមត្ថភាពផលិតកម្មរបស់ប្រទេសមួយនេះ ។ រោងចក្រថាមពលរបស់វេណេស៊ុយអេឡា ត្រូវបានពង្រីកក្រោមអតីតប្រធានាធិបតីលោក Hugo Chavez រហូតដល់ឆ្នាំ ២០១៣ ប៉ុន្តែគម្រោងនេះ ពុំបានចំណាយប្រាក់រាប់ពាន់លានដុល្លារដល់ក្រុមហ៊ុនជាប់កិច្ចសន្យា ដែលក្រុមហ៊ុនខ្លះនាពេលបច្ចុប្បន្ន ស្នើសុំប្រាក់របស់ពួកគេត្រឡប់មកវិញ ។ នៅទីក្រុង Maracaibo ដែលជាទីក្រុងសំខាន់បំផុតទី ២របស់វេណេស៊ុយអេឡា បន្ទាប់ពីទីក្រុង Caracas ក្រុមយុវជននាំគ្នាលេងបាល់បោះ នៅលើទីលានចាស់ ដោយបញ្ចាំងភ្លើងពីម៉ូតូ ខណៈគ្រួសារចម្អិនម្ហូបអាហារនៅពេលយប់របស់ពួកគេដោយប្រើភ្លើងទូរស័ព្ទ ក្នុងនោះក្មេងៗ និងមនុស្សចាស់ ពិបាកដេកដោយសារអាកាសធាតុក្តៅខ្លាំង ៕

ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណប Starlink ទៅកាន់ទីអវកាស

2026/05/06 07:37:08 pm        53
 ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះយានចម្លងពាំផ្កាយរណប Starlink ចំនួន ២៤គ្រឿងទៅកាន់គន្លងផែនដីទាប ចេញពីរដ្ឋ California សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអង្គារ ។ យានចម្លងបានហោះចេញពីមូលលដ្ឋានកងកម្លាំងអវកាស Vandenberg ស្ថិតក្នុងរដ្ឋ California កាលពីវេលាម៉ោង ៧ និង ៥៩នាក់យប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ០៣ និង ៥៩នាទី ម៉ោងសកល ថ្ងៃអង្គារ ។ យោងតាមការអះអាងរបស់ក្រុមហ៊ុន SpaceX បានឲ្យដឹងថា បេសកកម្មនេះ បានក្លាយជាបេសកកម្មលើកទី ២៤ របស់យានជំរុញដំណាក់កាលដំបូងដែលអាចប្រើប្រាស់ឡើងវិញបាន ពេលដែលវាចុះដោយជោគជ័យលើនាវាដ្រូន Of Course I Still Love You ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្រោយផ្តាច់ខ្លួនចេញពីយានចម្លង ។ សូមបញ្ជាក់ថា ផ្កាយរណប Starlink គឺជាក្រុមផ្កាយរណបរបស់ក្រុមហ៊ុន SpaceX មានគោលដៅ ពង្រីកការគ្របដណ្តប់អ៊ីនធឺណិតនៅទូទាំងពិភពលោក ៕

អូស្រ្តាលីនឹងចំណាយថវិកាជាង ៧ពាន់លានដុល្លារ ដើម្បីជំរុញស្តុកប្រេងឥន្ធនៈ

2026/05/06 07:36:28 pm        45
 នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese និយាយនៅថ្ងៃពុធនេះថា ប្រទេសរបស់លោកនឹងចំណាយថវិកា ៧,២២ពាន់លានដុល្លារ ដើម្បីជំរុញស្តុកប្រេងជាតិរបស់ខ្លួន ហើយនិងបង្កើនទុនបម្រុងប្រេងអចិន្រ្តៃយ៍គ្រប់គ្រងដោយរដ្ឋាភិបាល ។ លោក Albanese និយាយថា ស្តុក និងទុនបម្រុងបង្កើនប្រហែល ១ពាន់លានលីត្រ(ស្មើនឹង ២៦៤លានហ្គាឡុង)នេះ នឹងធានាថា អូស្រ្តាលី នឹងមានប្រេងយ៉ាងហោច ៥០ថ្ងៃនៅមាត់សមុទ្រ ដើម្បីការពារមិនឲ្យប្រទេសមួយនេះឡើងថ្លៃប្រេង ។ ដោយឡែក រដ្ឋមន្រ្តីថាមពលអូស្រ្តាលីលោក Chris Bowen និយាយថា អូស្រ្តាលី ស្ថិតនៅក្នុងចំណោមប្រទេសប៉ុន្មានប៉ុណ្ណោះ នៅទីភ្នាក់ងារថាមពលអន្តរជាតិដែលពុំមានទុនប្រេងបម្រុងគ្រប់គ្រងដោយរដ្ឋាភិបាល ។  លោកបន្តថា ដូច្នេះហើយ បច្ចុប្បន្ន ពួកយើងត្រូវតែមានទុនប្រេងបម្រុងគ្រប់គ្រងដោយរដ្ឋាភិបាល ប្រហែល ១ពាន់លានលីត្រ ដើម្បីបន្ថែមពីលើស្តុកអប្បរមា ដែលវិស័យឯកជនមាន ។ សូមបញ្ជាក់ថា អូស្រ្តាលី បាននាំចូលប្រេងប្រហែល ៨០ភាគរយ ហើយនិងបានជួបកង្វះខាតប្រេងក្នុងស្រុក ចាប់តាំងពីការចាប់ផ្តើមជម្លោះនៅតំបន់មជ្ឈិមបូព៌ា ពេលដែលសហរដ្ឋអាមេរិក-អ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
06/01/2026 05:06 PM
អ៊ីស្រាអែល ភ្ជាប់ល្បឿននៃការដកកងទ័ពពីលីបង់ ទៅនឹងវឌ្ឍនភាពក្នុងការរំសាយអាវុធរបស់ក្រុមហេសបូឡា
06/01/2026 05:06 PM
ព្យុះត្រូពិកដ៏ខ្លាំងក្លានៅប្រទេសជប៉ុន បានលុបចោលជើងហោះហើរ និងនាវាចម្លង
06/01/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា ទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាដែល​ជាប់​​ទណ្ឌកម្ម ដើម្បី​សាងទំនាក់ទំនង
06/01/2026 05:06 PM
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
06/01/2026 04:06 PM
លោក Zelenskyy ព្រមានពីកង្វះ​ខាតប្រព័ន្ធប្រឆាំងមីស៊ីល ខណៈអាមេរិកបង្វែរ​ការផ្តោតទៅមជ្ឈិមបូព៌ា
06/01/2026 04:06 PM
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង
06/01/2026 04:06 PM
​​ការ​អបអរសាទរជើង​ឯក​អឺរ៉ុប​របស់​ក្រុម​ PSG នៅបារាំង ផ្ទុះ​ហិង្សា ខណៈមនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន ហើយ​ម្នាក់ស្លាប់
06/01/2026 04:06 PM
ប្រធានាធិបតីអ៊ុយក្រែន ស្វែងរកវឌ្ឍនភាព មុនរដូវរងា ខណៈ​ការចរចាឆ្ពោះ​ទៅរកសន្តិភាព​ជាប់គាំង​
06/01/2026 04:06 PM
ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះមនុស្ស ២នាក់ ដែលជាប់ក្នុងរូងភ្នំ នៅប្រទេសឡាវ
06/01/2026 04:06 PM