ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ជំរុញឲ្យគ្រប់ភាគីនៃជម្លោះនៅលីបង់ បញ្ឈប់អរិភាព
ក្រសួងសុខាភិបាល៖ ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់កើនឡើងជាង ៣.៤០០នាក់
អ៊ីរ៉ង់បដិសេធរបាយការណ៍អំពីការលាលែងពីតំណែងរបស់ប្រធានាធិបតី
ប្រធានាធិបតីស៊ីរីបានសន្ទនាតាមទូរស័ព្ទជាមួយលោក TRUMP អំពីការគាំទ្រដល់សេដ្ឋកិច្ចរបស់ក្រុងដាម៉ាស

ព័ត៌មានអន្តរជាតិ

ជប៉ុនបាញ់មីស៊ីល នៅក្នុងសមយុទ្ធយោធារួមគ្នាជាមួយអាមេរិក និងសម្ព័ន្ធមិត្តនៅភាគខាងជើងហ្វីលីពីន

2026/05/06 06:46:32 pm        49
កងកម្លាំងការពារខ្លួនជប៉ុន បានបាញ់មីស៊ីលប្រឆាំងនាវា Type 88 អំឡុងសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក អូស្រ្តាលី និងហ្វីលីពីននៅថ្ងៃពុធនេះ ដោយវាយប្រហារនាវាលែងប្រើប្រាស់របស់កងទ័ពជើងទឹកហ្វីលីពីន នៅក្នុងដែនទឹកទល់មុខសមុទ្រជម្លោះចិនខាងត្បូង ។ សមយុទ្ធយោធានេះ បានធ្វើឡើង ពេលដែលទីក្រុងម៉ានីល និងទីក្រុងតូក្យូ ចាប់ផ្តើមកិច្ចប្រជុំលើការផ្ទេរគ្រឿងយុទ្ធោបករណ៍ការពារជាតិដ៏មានសក្តានុពល ដែលអាចធ្វើទៅបានដោយសារការសម្រេចចិត្តរបស់ជប៉ុន ក្នុងការលុបចោលការរឹតត្បិតការនាំចេញផ្នែកយោធា ។រដ្ឋមន្រ្តីការពារជាតិហ្វីលីពីនលោក Gilberto Teodoro និងរដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Shinjiro Koizumi បានមើលការបាញ់មីស៊ីលពិតនេះ នៅនឹងកន្លែង ខណៈប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos មើលសមយុទ្ធនេះ ពីទីបញ្ជាការកណ្តាលយោធាស្ថិតក្នុងទីក្រុងម៉ានីល តាមវីដេអូផ្សាយផ្ទាល់ ។យោធាហ្វីលីពីន និយាយថា មីស៊ីល Type 88 ២គ្រាប់ ត្រូវបានបាញ់ដោយមានគោលដៅលើនាវា BRP Quezon ក្នុងរយៈពេល ៦នាទីនៃការបាញ់ ។ ការវាយប្រហារនេះ បានធ្វើឡើងនៅចម្ងាយប្រហែល ៧៥គ.ម ពីតំបន់ឆ្នេរទីក្រុង Paoay ស្ថិតនៅតំបន់ភាគខាងជើងហ្វីលីពីន ដែលទល់មុខនឹងសមុទ្រចិនខាងត្បូង ។សូមបញ្ជាក់ថា ទាហានជាង ១៧.០០០ កំពុងចូលរួមសមយុទ្ធយោធាឆ្នាំនេះ រួមទាំងទាហាន ១.៤០០នាក់ មកពីសម្ព័ន្ធមិត្តជប៉ុន និងទាហាន ១ម៉ឺននាក់ មកពីសហរដ្ឋអាមេរិក បើទោះបីជាទីក្រុងវ៉ាស៊ីនតោន នៅជាប់ដៃក្នុងសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាក៏ដោយ ៕

រុស្ស៊ីចាប់ផ្តើមសាកល្បងបាញ់មីស៊ីលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ

2026/05/06 06:40:31 pm        55
ការសាកល្បងបាញ់មីស៊ីលដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ បានចាប់ផ្តើមឡើង នៅថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) នេះ នៅឯទីលានហ្វឹកហាត់ Kura ក្នុងតំបន់ Kamchatka របស់ប្រទេសរុស្ស៊ី។រដ្ឋបាលតំបន់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា សមយុទ្ធនេះនឹងបន្តមានរហូតដល់ថ្ងៃទី១០ ខែឧសភា។ អាជ្ញាធរតំបន់ បានជំរុញឲ្យពលរដ្ឋគោរពតាមវិធានការសុវត្ថិភាពយ៉ាងតឹងរ៉ឹង និងចៀសវាងកុំទៅមើលទីលានហ្វឹកហាត់ និងតំបន់ក្បែរៗនោះ ក្នុងអំឡុងពេលដែលបានកំណត់។ទីលានហ្វឹកហាត់ Kura គឺជាកន្លែងសំខាន់មួយដែលដំណើរការដោយកងកម្លាំងអវកាសរុស្ស៊ី។ ទីនេះមានទីតាំងស្ថិតនៅចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ នៅភាគខាងជើងនៃទីក្រុង Petropavlovsk-Kamchatsky ក្នុងតំបន់វាលភក់ តាមបណ្តោយទន្លេ Ozernaya។ទីកន្លែងនេះ ជាធម្មតាត្រូវបានប្រើប្រាស់ ដើម្បីអនុវត្តការវាយប្រហារលើគោលដៅ ដោយមីស៊ីល និងសាកល្បងអាវុធមីស៊ីលប្រភេទផ្សេងៗ។សមយុទ្ធនៅទីលាន Kura នេះ ត្រូវបានធ្វើឡើងជាប្រចាំ ជាធម្មតាច្រើនដង ក្នុងមួយឆ្នាំ។ ការហាត់សមទាំងនោះអាចរួមបញ្ចូលការធ្វើតេស្តប្រព័ន្ធមីស៊ីលថ្មីៗ តាមកាលវិភាគ ក៏ដូចជាការហ្វឹកហ្វឺនបាញ់មីស៊ីលប្រយុទ្ធដែលធ្វើឡើងដោយបុគ្គលិកនៃកងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ៕

លោក RUBIO និយាយថា យុទ្ធនាការយោធារបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់គឺ «ចប់ហើយ»

2026/05/06 06:08:24 pm        57
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃអង្គារថា យុទ្ធនាការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមរួមគ្នាជាមួយអ៊ីស្រាអែល នៅថ្ងៃទី ២៨ ខែកុម្ភៈ គឺ   «ចប់ហើយ»។លោក Rubio បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា៖«ប្រតិបត្តិការ Epic Fury ត្រូវបានចប់ហើយ ដូចដែលលោកប្រធានាធិបតីបានជូនដំណឹងដល់សភារួចហើយនោះ។ យើងបានបញ្ចប់ដំណាក់កាលនោះហើយ»។លោក Rubio បានបន្តថា៖«ឥឡូវនេះយើងកំពុងបន្តគម្រោងសេរីភាពនេះ» ជាប្រតិបត្តិការយោធាដែលមន្ទីរបញ្ចកោណបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដើម្បីនាំនាវាពាណិជ្ជកម្មដែលជាប់គាំងចេញពីច្រកសមុទ្រ ហ័រមូស ដោយកត់សម្គាល់ថា អាទិភាពរបស់ទីក្រុងវ៉ាស៊ីនតោនឥឡូវនេះ គឺការបើកផ្លូវទឹកថាមពលសកលដ៏សំខាន់ឡើងវិញ។ការប្រកាសនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរបស់រដ្ឋបាលលោក ត្រាំ ដើម្បីគេចវេសពីសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាម ដែលតម្រូវឲ្យលោកប្រធានាធិបតីស្វែងរកការអនុញ្ញាតពីសភា ដើម្បីបន្តអរិភាពយោធាបន្ទាប់ពីរយៈពេល ៦០ថ្ងៃ៕

ប៉ាគីស្ថានសង្ឃឹមមានកតិកាសញ្ញាយូរអង្វែងអាមេរិក-អ៊ីរ៉ង់ ក្រោយបេសកកម្មនៅចក្រសមុទ្រ Hormuz ត្រូវបានផ្អាក

2026/05/06 06:05:56 pm        346
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន នៅថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) នេះ បានស្វាគមន៍ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការផ្អាកប្រតិបត្តិការ Project Freedom (គម្រោងសេរីភាព) នៅច្រកសមុទ្រ Hormuz ដោយបង្ហាញក្តីសង្ឃឹមថា សន្ទុះបច្ចុប្បន្ននេះ នឹងនាំទៅរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង ជាមួយប្រទេសអ៊ីរ៉ង់។លោក Shehbaz Sharif បានសរសេរនៅលើវេទិកាបណ្ដាញសង្គម X ថា៖ «ប្រទេសប៉ាគីស្ថាននៅតែប្តេជ្ញាចិត្តយ៉ាងម៉ងម៉ាត់ ក្នុងការគាំទ្រកិច្ចប្រឹងប្រែងទាំងអស់ដែលលើកកម្ពស់ការអត់ធ្មត់ និងដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះ តាមរយៈការសន្ទនា និងការទូត។ យើងមានសង្ឃឹមយ៉ាងមុតមាំថា សន្ទុះបច្ចុប្បន្ននេះ នឹងនាំទៅរកកិច្ចព្រមព្រៀងយូរអង្វែងដែលធានាឲ្យមានសន្តិភាព និងស្ថិរភាពយូរអង្វែង សម្រាប់តំបន់នេះ និងកន្លែងផ្សេងទៀត»។លោកបានបន្ថែមថា ការឆ្លើយតប «ដ៏សប្បុរស» របស់លោក Trump ចំពោះសំណើដែលធ្វើឡើងដោយប៉ាគីស្ថាន និងប្រទេស «បងប្អូន» ផ្សេងទៀត ជាពិសេសរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman «នឹងរួមចំណែកយ៉ាងខ្លាំងដល់ការជំរុញសន្តិភាព ស្ថិរភាព និងការផ្សះផ្សាក្នុងតំបន់ នាអំឡុងពេលដ៏រសើបនេះ»។គួរបញ្ជាក់ថា លោក Trump បានប្រកាសកាលពីថ្ងៃអង្គារថា យោធាអាមេរិក នឹងផ្អាកប្រតិបត្តិការ Project Freedom ជាបណ្តោះអាសន្ន ដែលជាកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីស្តារសេរីភាពនៃការធ្វើនាវាចរណ៍ សម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្មតាមរយៈច្រកសមុទ្រ Hormuz។ លោក Trump បាននិយាយថា ការសម្រេចនេះត្រូវបានធ្វើឡើងតាមការស្នើរបស់ប៉ាគីស្ថាន និងប្រទេសដទៃទៀត បន្ទាប់ពីមាននូវអ្វីដែលលោកហៅថា «ភាពជោគជ័យផ្នែកយោធាដ៏អស្ចារ្យ» នៅក្នុងយុទ្ធនាការរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់៕

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ស្នើឲ្យបង្កើតរចនាសម្ព័ន្ធសន្តិសុខថ្មីនៅមជ្ឈិមបូព៌ា

2026/05/06 06:03:23 pm        56
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតក្របខណ្ឌសន្តិសុខថ្មីមួយនៅមជ្ឈិមបូព៌ា ក្នុងអំឡុងពេលពិភាក្សាជាមួយសមភាគីចិនរបស់លោក គឺលោក វ៉ាង យី ។យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសចិន លោក Araghchi បាននិយាយថា អ៊ីរ៉ង់តស៊ូមតិសម្រាប់ការបង្កើតរចនាសម្ព័ន្ធតំបន់ក្រោយជម្លោះ ដែលត្រូវបានរចនាឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងសន្តិសុខដែលមានតុល្យភាព។ លោកបានគូសបញ្ជាក់ពីការគាំទ្រយ៉ាងខ្លាំងរបស់ទីក្រុងតេអេរ៉ង់ចំពោះសំណើរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដែលមានគោលបំណងបង្កើនសន្តិភាព និងស្ថិរភាពនៅទូទាំងមជ្ឈិមបូព៌ា។អ្នកការទូតអ៊ីរ៉ង់រូបនេះ បានសម្តែងការកោតសរសើរចំពោះវិធីសាស្រ្តស្ថាបនារបស់ចិន និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់នេះ។ លោកបានបញ្ជាក់ជាថ្មីថា ទីក្រុងប៉េកាំងគឺជាដៃគូយុទ្ធសាស្ត្រសម្រាប់អ៊ីរ៉ង់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «ចិនតែមួយ» ជានិច្ច ការពារផលប្រយោជន៍ស្នូលរបស់ចិន និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។លោក Araghchi ក៏បានបង្ហាញពីការត្រៀមខ្លួនរបស់អ៊ីរ៉ង់ក្នុងការបង្កើនការទំនាក់ទំនង និងការសម្របសម្រួលជាមួយចិននៅទូទាំងវេទិកាពហុភាគី ដោយស្វែងរកវិធីសាស្ត្រថ្មីៗសម្រាប់កិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមក៕

ការបិទផ្លូវប្រេងរបស់អ៊ីរ៉ង់ បង្កការខូចខាត ដែលអាចអូសបន្លាយពេលយូរជាងការប្រឈមមុខដាក់គ្នាទៅទៀត

2026/05/06 05:56:29 pm        45
ការបិទផ្លូវកងទ័ពជើងទឹកអាមេរិកដែលកំណត់គោលដៅនាំចេញប្រេងរបស់អ៊ីរ៉ង់ កំពុងចាប់ផ្តើមប៉ះពាល់ដល់ដែនកំណត់ជាក់ស្តែងនៃប្រព័ន្ធថាមពលរបស់ប្រទេសនេះ។វិធានការនេះ ដែលត្រូវបានដាក់ចេញអំឡុងពេលការកើនឡើងចុងក្រោយនៃជម្លោះអ៊ីរ៉ង់ បានបង្កើនហានិភ័យនៃការជាប់គាំងភូមិសាស្ត្រនយោបាយ ដែលបានបណ្តាលឲ្យការខូចខាតយូរអង្វែងដល់សមត្ថភាពផលិតរបស់ទីក្រុងតេអេរ៉ង់។ចាប់តាំងពីពាក់កណ្តាលខែមេសាមក កងកម្លាំងអាមេរិកបានរារាំងនាវាដែលចូល និងចាកចេញពីកំពង់ផែអ៊ីរ៉ង់តាមរយៈច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសំខាន់សម្រាប់លំហូរប្រេងសកល។ ចំណាត់ការនេះ បានកាត់បន្ថយចរាចរណ៍ប្រេងឆៅយ៉ាងច្រើន និងបង្ខំឲ្យនាវាដែលដឹកប្រេងឆៅរបស់អ៊ីរ៉ង់ត្រឡប់ក្រោយវិញ ដែលរំខានដល់ការនាំចេញ ហោយជាធម្មតាមានចំនួនរាប់លានបារ៉ែលក្នុងមួយថ្ងៃៗ។លទ្ធផលគឺថាអ៊ីរ៉ង់កំពុងបង្វែរប្រេងឆៅទៅក្នុងការផ្ទុកកាន់តែច្រើនឡើង ទាំងនៅលើដី និងនៅលើសមុទ្រ។ នាវាដឹកប្រេងកំពុងត្រូវបានប្រើជាឃ្លាំងផ្ទុកអណ្តែតទឹក ហើយកន្លែងសំខាន់ៗ រួមទាំងកន្លែងនៅកោះ Kharg ជិតដល់បរិមាណកំណត់ហើយនោះ៕

អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត សង្កត់ធ្ងន់លើការទូត ដើម្បីទប់ស្កាត់កុំឲ្យមានភាពតានតឹងបន្ថែមទៀត

2026/05/06 05:45:52 pm        84
អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃដំណើរការការទូត និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ដើម្បីទប់ស្កាត់កុំឲ្យមានការកើនឡើងបន្ថែមទៀតនូវភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រវាងអ្នកការទូតជាន់ខ្ពស់នៃប្រទេសទាំង២ នៅថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) នេះ។ នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ដែលពេលនេះកំពុងស្ថិតនៅឯទីក្រុងប៉េកាំង ដើម្បីពិភាក្សាជាមួយមន្ត្រីចិន បានជជែកតាមទូរស័ព្ទជាមួយសមភាគីអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan។យោងតាមសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា ភាគីទាំង២ បានពិភាក្សាអំពីការវិវត្តថ្មីៗបំផុត ក្នុងតំបន់ និងបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការបន្តកិច្ចប្រឹងប្រែងផ្នែកការទូត និងការសម្របសម្រួល ក្នុងចំណោមប្រទេស ក្នុងតំបន់ ដើម្បីទប់ស្កាត់កុំឲ្យភាពតានតឹងកើនឡើង។ មិនមានសេចក្តីថ្លែងការណ៍ភ្លាមៗពីអារ៉ាប៊ីសាអ៊ូឌីត ស្តីពីកិច្ចពិភាក្សានេះទេគួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់បានកើនឡើង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាម លើអ៊ីរ៉ង់ កាលពីខែកុម្ភៈ ដោយបានសម្លាប់មនុស្សជាង ៣.៣០០នាក់ និងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ទីលំនៅ។ យ៉ាងហោចណាស់មានទាហានអាមេរិក ១៣នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុងអំឡុងជម្លោះដែលបានឃើញអ៊ីរ៉ង់សងសឹក ដោយការវាយប្រហារលើមូលដ្ឋានទ័ព និងធនធានរបស់សហរដ្ឋអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា៕

រដ្ឋមន្ត្រី៖ ស៊ែរប៊ីមើលឃើញលក្ខខណ្ឌផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីថា មានអំណោយផល

2026/05/06 05:43:20 pm        65
រដ្ឋមន្ត្រីស៊ែរប៊ីទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ លោក Nenad Popovic បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា កិច្ចសហប្រតិបត្តិការថាមពលជាមួយរុស្ស៊ី នៅតែជាកត្តាសំខាន់មួយ ក្នុងការធ្វើឲ្យសេដ្ឋកិច្ចស៊ែរប៊ីមានស្ថិរភាព រួមទាំងដោយសារតែលក្ខខណ្ឌអំណោយផលសម្រាប់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីដល់ប្រទេសនេះ។  លោកបាននិយាយថា៖«កិច្ចសហប្រតិបត្តិការថាមពលជាមួយរុស្ស៊ី នៅតែជាកត្តាសំខាន់មួយនៅក្នុងធ្វើឲ្យ សេដ្ឋកិច្ចស៊ែរប៊ីមានលំនឹង។ ស៊ែរប៊ីទទួលបានឧស្ម័នក្នុងតម្លៃអំណោយផលបំផុតនៅអឺរ៉ុប និងលើលក្ខខណ្ឌផ្គត់ផ្គង់ដ៏ល្អបំផុត។ ប៉ុន្តែសំខាន់បំផុត វាគឺជាភាពជឿជាក់នៃការផ្គត់ផ្គង់ឧស្ម័ន។ បច្ចុប្បន្ននេះ តម្លៃឧស្ម័ន និងប្រេងសកល កំពុងកើនឡើងជារៀងរាល់ថ្ងៃ។ ទាំងអស់នេះ ប៉ះពាល់ដល់សន្តិសុខថាមពលរបស់គ្រប់ប្រទេសនេះ។ ស៊ែរប៊ីទទួលបានការផ្គត់ផ្គង់ដែលអាចទុកចិត្តបានពីរុស្ស៊ី។ សន្តិសុខថាមពលរបស់យើងធានាសន្តិសុខរបស់ប្រទេសនាពេលអនាគត» ដោយពណ៌នាអំពីរុស្ស៊ី និង Gazprom ជាដៃគូសេដ្ឋកិច្ចសំខាន់ៗ។ លោករដ្ឋមន្ត្រីបានបន្ថែមថា៖«អំឡុងពេលសន្ទនាតាមទូរស័ព្ទថ្មីៗនេះ រវាងប្រធានាធិបតីរបស់យើង លោក Aleksandar Vucic និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានបទផ្សេងៗ ត្រូវបានពិភាក្សា រួមទាំងសន្តិសុខថាមពលផងដែរ។ ទាំងនេះ គឺជាកិច្ចព្រមព្រៀងនៅកម្រិតខ្ពស់បំផុត។ ការទាក់ទងគ្នាជាប្រចាំរវាងប្រធានាធិបតីរបស់យើង គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង»៕

កូរ៉េខាងជើង បានលុបចោលឯកសារយោងស្ដីពីការបង្រួបបង្រួមចេញពីរដ្ឋធម្មនុញ្ញ

2026/05/06 05:09:16 pm        64
យោងតាមសេចក្តីព្រាងនៃអត្ថបទដែលត្រូវបានពិនិត្យឡើងវិញដោយសារព័ត៌មាន Reuters កូរ៉េខាងជើងបានកែសម្រួលរដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីកំណត់ទឹកដីរបស់ខ្លួនថាមានព្រំប្រទល់ជាប់នឹងកូរ៉េខាងត្បូង និងលុបឯកសារយោងស្ដីពីការបង្រួបបង្រួមឡើងវិញ ដែលជាការជំរុញរបស់មេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong Un) ក្នុងការចាត់ទុកកូរ៉េទាំងពីរជារដ្ឋដាច់ដោយឡែកពីគ្នា។លោក Lee Jung-chul សាស្ត្រាចារ្យសាកលវិទ្យាល័យជាតិសេអ៊ូល បានប្រាប់សន្និសីទសារព័ត៌មាននៅក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងនៅថ្ងៃពុធ ៦ ឧសភានេះ ថា ការកែសម្រួលនេះ ដែលត្រូវគេជឿថាត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកាលពីខែមីនារបស់សភាប្រជាជនកំពូល ដែលជាស្ថាប័ននីតិប្បញ្ញត្តិរបស់ទីក្រុងព្យុងយ៉ាង គឺជាលើកទីមួយហើយដែលកូរ៉េខាងជើងបានបន្ថែមប្រយោគទឹកដីទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ យោងតាមអត្ថបទខាងលើ មាត្រា ២ ថ្មីនិយាយថា ទឹកដីរបស់កូរ៉េខាងជើងរួមមានដីគោក ដែលមានព្រំប្រទល់ជាប់នឹងសាធារណរដ្ឋប្រជាមានិតចិន និងសហព័ន្ធរុស្ស៊ីនៅភាគខាងជើង និងសាធារណរដ្ឋកូរ៉េនៅភាគខាងត្បូង ក៏ដូចជាដែនទឹក និងដែនអាកាស ដែលមានមូលដ្ឋានលើដីនោះ ។ ប្រការនេះក៏ចែងផងដែរថា កូរ៉េខាងជើង នឹងមិនអត់ឱនចំពោះការរំលោភបំពានណាមួយឡើយ លើទឹកដីរបស់ខ្លួន ប៉ុន្តែពុំបានបញ្ជាក់ទីតាំងនៃព្រំដែនរបស់ខ្លួនជាមួយកូរ៉េខាងត្បូង ឬលើកឡើងយ៉ាងច្បាស់អំពីព្រំដែនសមុទ្រដែលមានជម្លោះ ដូចជាខ្សែបន្ទាត់ព្រំដែនភាគខាងជើងនៅក្នុងសមុទ្រលឿងនោះទេ។ច្បាប់ការពារជាតិដាច់ដោយឡែកមួយទៀត ហៅកូរ៉េខាងជើង ថាជារដ្ឋអាវុធនុយក្លេអ៊ែរដ៏សមហេតុផល និងបាននិយាយថាខ្លួននឹងបង្កើនការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរដើម្បីការពារសិទ្ធិរស់រាននិងការអភិវឌ្ឍន៍របស់ប្រទេស ទប់ទល់នឹងសង្គ្រាម និងការពារសន្តិភាព ស្ថិរភាពតំបន់ និងសកលលោក៕

អាមេរិកអនុម័តការលក់ឧបករណ៍គ្រាប់បែកមានប្រព័ន្ធនាំផ្លូវតម្លៃ ៣៧៣,៦លានដុល្លារទៅអ៊ុយក្រែន

2026/05/06 05:06:27 pm        35
ក្រសួងការបរទេស កាលពីថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) បានឲ្យដឹងថា សហរដ្ឋអាមេរិកបានអនុម័តការលក់អាវុធដែលអាចមានតម្លៃ ៣៧៣,៦លានដុល្លារទៅឲ្យប្រទេសអ៊ុយក្រែន ដែលពាក់ព័ន្ធនឹងឧបករណ៍គ្រាប់បែកមានប្រព័ន្ធនាំផ្លូវ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា ខ្លួនបានអនុញ្ញាតឲ្យលក់ឧបករណ៍ Joint Direct Attack Munition-Extended Range (JDAM-ER) និងឧបករណ៍ពាក់ព័ន្ធ ទៅទីក្រុងគីវ ក្រោមកម្មវិធីលក់ទៅឲ្យយោធាបរទេស។កញ្ចប់នេះ រួមមានឧបករណ៍កន្ទុយ KMU-572 JDAM ចំនួន ១.២០០គ្រាប់ និងឧបករណ៍កន្ទុយ KMU-556 JDAM ៣៣២គ្រាប់ រួមជាមួយនឹងប្រព័ន្ធឆ្នួន (ហ្វុយស៊ីប) គ្រឿងបន្លាស់ ការគាំទ្រផ្នែកភស្តុភារ និងឯកសារបច្ចេកទេស។សេចក្តីថ្លែងការណ៍បានបន្ថែមថា៖ «ការលក់ដែលត្រូវបានស្នើឡើង នឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលបំណងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយការលើកកម្ពស់សន្តិសុខរបស់ប្រទេសដៃគូ ដែលជាកម្លាំង សម្រាប់ស្ថិរភាពនយោបាយ និងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច នៅតំបន់អឺរ៉ុប»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ជំរុញឲ្យគ្រប់ភាគីនៃជម្លោះនៅលីបង់ បញ្ឈប់អរិភាព
06/01/2026 04:06 PM
ក្រសួងសុខាភិបាល៖ ចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់កើនឡើងជាង ៣.៤០០នាក់
06/01/2026 04:06 PM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជួបអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង
06/01/2026 04:06 PM
អ៊ីរ៉ង់បដិសេធរបាយការណ៍អំពីការលាលែងពីតំណែងរបស់ប្រធានាធិបតី
06/01/2026 04:06 PM
ប្រធានសហព័ន្ធបាល់ទាត់លើតុចាត់ទុកជើងឯកថ្នាក់ជាតិលើកដំបូងជាសញ្ញាណល្អក្នុងការអភិវឌ្ឍ
06/01/2026 03:06 PM
ប្រធានាធិបតីស៊ីរីបានសន្ទនាតាមទូរស័ព្ទជាមួយលោក TRUMP អំពីការគាំទ្រដល់សេដ្ឋកិច្ចរបស់ក្រុងដាម៉ាស
06/01/2026 03:06 PM
អ៊ីរ៉ង់ព្រមានសាធារណជនកុំយកចិត្តទុកដាក់នឹងពាក្យចចាមអារ៉ាមអំពីការចរចាជាមួយអាមេរិក
06/01/2026 03:06 PM
វិស័យឯកជនលើកទឹកចិត្តអ្នកស្វែងរកការងារ បង្កើនចំណេះ ជំនាញ ដើម្បីឆ្លើយតប​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញកើនឡើង
06/01/2026 03:06 PM
ប្រាសាទប្រែរូប ស្ថាបត្យកម្មឥដ្ឋដ៏លេចធ្លោសម័យអង្គរ និងការគ្រប់គ្រងបេតិកភណ្ឌ
06/01/2026 03:06 PM
សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣ នៅក្រុងប៉ោយប៉ែតលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេស និងខ្មែរចំនួន ១៥២នាក់
06/01/2026 03:06 PM