យោធាគូវ៉ែត៖ ប្រព័ន្ធ​ការពារដែនអាកាសស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីល និងយានដ្រូន​របស់សត្រូវ
ប្រធានគណៈកម្មាធិការយោធា៖ សមាជិក NATO អាចដើរតួនាទីក្នុងការបើកច្រកសមុទ្រហ័រមូស
អ៊ុយក្រែនច្រានចោលការអះអាងរបស់ក្រុងមូស្គូដែលថា រោងចក្រនុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវវាយប្រហារដោយដ្រូន
ការវាយប្រហារដោយយានដ្រូនបានសម្លាប់មនុស្សជិត ៧០ នាក់ នៅតំបន់ KORDOFAN នៃប្រទេស ស៊ូដង់

ព័ត៌មានអន្តរជាតិ

ហ្វីលីពីនជំរុញឲ្យមីយ៉ាន់ម៉ាអនុញ្ញាតឲ្យបេសកជនអាស៊ានជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី

2026/05/06 04:21:36 pm        72
នាថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) នេះ ប្រទេសហ្វីលីពីនបានអំពាវនាវដល់សហភាពមីយ៉ាន់ម៉ាឲ្យព្រមឲ្យបេសកជនពិសេសរបស់អាស៊ាន (ASEAN) ជួបជាមួយមេដឹកនាំដែលត្រូវបានឃុំខ្លួន គឺលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដោយជំរុញឲ្យមានតម្លាភាពកាន់តែខ្លាំង បន្ទាប់ពីអាជ្ញាធរអនុញ្ញាតឲ្យលោកស្រីត្រូវឃុំខ្លួនក្នុងផ្ទះ សម្រាប់រយៈពេលជាប់ពន្ធនាគារនៅសល់។ហ្វីលីពីន ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងចាត់ទុកការវិវត្តទាំងនេះ ជាជំហានដ៏សំខាន់ក្នុងវិធានការកសាងទំនុកចិត្តដែលចាំបាច់ជាបន្តបន្ទាប់ ដើម្បីឲ្យមានស្ថិរភាពជាតិរយៈពេលវែង នៅសហភាពមីយ៉ាន់ម៉ា»។ក្រសួងការបរទេសហ្វីលីពីនបានលើកឡើងថា មីយ៉ាន់ម៉ាគួរតែអនុញ្ញាតឲ្យលោកស្រី អ៊ុងសាន ស៊ូជី មានទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់លោកស្រី ដើម្បី «បង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដ ចំពោះការផ្សះផ្សាជាតិ»។ក្រសួងបានបន្ថែមថា ការអនុញ្ញាតដល់បេសកជនពិសេសរបស់អាស៊ាន នឹងគាំទ្រដល់ការចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ និងជំរុញការសន្ទនាជាតិប្រកបដោយបរិយាបន្ន។ ហ្វីលីពីនក៏បានលើកឡើងផងដែរថា ការវិវត្តទាំងនេះ គួរតែត្រូវបានប្រើប្រាស់ ដើម្បីកសាងសន្ទុះ សម្រាប់ការសន្ទនានយោបាយ និងការផ្សះផ្សាជាតិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមក្របខ័ណ្ឌសន្តិភាពអាស៊ាន ដែលគេស្គាល់ថា ជាការឯកភាព ៥ចំណុច។គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួន ចាប់តាំងពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ត្រូវបានទម្លាក់ពីអំណាច នៅក្នុងរដ្ឋប្រហារឆ្នាំ២០២១។ លោកស្រីបាន និងកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសពីបទល្មើសព្រហ្មទណ្ឌជាច្រើនករណី ដោយផ្អែកលើការចោទប្រកាន់ដែលសម្ព័ន្ធមិត្តរបស់លោកស្រី បានលើកឡើងថា មានហេតុផលនយោបាយ៕

អាមេរិកជំរុញកិច្ចប្រឹងប្រែងសម្របសម្រួលកិច្ចព្រមព្រៀងលីបង់-អ៊ីស្រាអែល និងស្នើឲ្យអ៊ីស្រាអែលអត់ធ្មត់

2026/05/06 04:16:31 pm        56
កាលពីថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) មន្ត្រីអាមេរិក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya English ថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងបន្តកិច្ចប្រឹងប្រែង ដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងលីបង់-អ៊ីស្រាអែល ហើយបានជំរុញឲ្យអ៊ីស្រាអែលបង្ហាញការអត់ធ្មត់ ទោះបីជាមានការប៉ុនប៉ងរបស់ក្រុមហេសបូឡារារាំងដំណើរការនេះក៏ដោយ។ទីក្រុងវ៉ាស៊ីនតោនបានសម្របសម្រួលការចរចាដោយផ្ទាល់ ២ជុំ រវាងឯកអគ្គរដ្ឋទូតលីបង់ និងអ៊ីស្រាអែលប្រចាំសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ហើយបើយោងតាមប្រធានាធិបតីលីបង់ បានឲ្យដឹងថា ជុំទី៣ ត្រូវបានគេរំពឹងថា នឹងកើតមានក្នុងពេលអនាគតដ៏ខ្លី។មន្ត្រីអាមេរិកម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya English ថា៖ «យើងបានស្នើឲ្យអ៊ីស្រាអែលបង្ហាញការអត់ធ្មត់ និងផ្តល់ឱកាសដល់ដំណើរការការទូតនេះ ពីព្រោះយើងគិតថា មានលទ្ធភាពង្កើតការផ្លាស់ប្តូរនយោបាយពិតប្រាកដ នៅក្នុងប្រទេសលីបង់ ហើយពួកគេកំពុងបន្តធ្វើដូច្នេះ»។ជាមួយគ្នានេះ មន្ត្រីរូបនេះបានជំរុញរដ្ឋាភិបាលលីបង់ «អនុវត្តតាមផែនការរបស់ខ្លួនយ៉ាងឆាប់រហ័ស ដើម្បីធ្វើឲ្យទីក្រុងបេរូតក្លាយជាតំបន់សុវត្ថិភាពមិនរងគ្រោះដោយសារអាវុធ»។ ប្រភពដែលដឹងពីដំណើរការនេះបានបង្ហើបឲ្យដឹងថា ទាំងលីបង់ និងអ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងបង្កើនកម្រិតតំណាងរបស់ពួកគេ បន្ទាប់ពីមានការចរចាជុំបន្ទាប់។នៅពេលត្រូវបានសួរ អំពីការវិវត្ត លើការកំណត់ពេលវេលាកិច្ចចរចាជុំថ្មី មន្ត្រីក្រសួងការបរទេសម្នាក់ បាននិយាយថា ការទូតកំពុងដំណើរការ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការពិភាក្សាអំពីកាលបរិច្ឆេទបន្ទាប់នោះឡើយ។ មន្ត្រីក្រសួងការបរទេសរូបនេះបាននិយាយថា «យើងកំពុងធ្វើការ ដើម្បីបង្កើតលក្ខខណ្ឌ និងសន្ទុះនយោបាយដែលត្រូវការ ដើម្បីជំរុញការងារនេះ»៕

សង្គ្រាមអ៊ីរ៉ង់ធ្វើឲ្យមជ្ឈមណ្ឌលប្រមូលផ្ដុំផលិតកម្មប្រេងរបស់ចិនប្រឈមការលំបាក

2026/05/06 04:11:39 pm        33
ម្ចាស់រោងចក្រ និងពាណិជ្ជករចិន ព្រមានថា ទំនិញនានា ដូចជាម៉ាស៊ីនបូមធូលីជាដើម អាចមានតម្លៃកាន់តែថ្លៃ ប្រសិនបើសង្គ្រាមអ៊ីរ៉ង់អូសបន្លាយពេលយូរជាងនេះ ខណៈដែលមជ្ឈមណ្ឌលផលិតកម្មរបស់ពិភពលោក កំពុងរងផលប៉ះពាល់ដោយការចំណាយថ្លៃដើម «ខ្ពស់មិនគួរឲ្យជឿ»។ជាច្រើនសប្តាហ៍នៃការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ និងការបិទច្រកសមុទ្រ Hormuz ប្រកបដោយប្រសិទ្ធភាព បានធ្វើឲ្យរាំងស្ទះដល់ការផ្គត់ផ្គង់ប្រេង នៅអាស៊ី ដោយរារាំងការផលិតប្លាស្ទិក ដែលមានប្រភពពីប្រេង នៅទូទាំងតំបន់។ទីកន្លែងផលិតកម្មដៅធំជាងគេ គឺចិន ត្រូវបានការពារយ៉ាងល្អគួរសមពីការខ្វះខាតប្រេងឥន្ធនៈ ដោយសារប្រេងបម្រុង និងថាមពលកកើតឡើងវិញ ប៉ុន្តែរោងចក្រក្នុងស្រុក កំពុងចំណាយកាន់តែខ្ពស់លើថ្លៃវត្ថុធាតុដើម។លោក Bryant Chen អ្នកគ្រប់គ្រង នៅរោងចក្រផលិតម៉ាស៊ីនបូមធូលី RIMOO នៅភាគខាងត្បូងខេត្ត Guangdong បាននិយាយថា៖ «ជាទូទៅ យើងបានខាតបង់ប្រាក់លើការបញ្ជាទិញទាំងអស់របស់យើង»។ លោក Chen បានប្រាប់សារព័ត៌មាន AFP ថា តម្លៃប្លាស្ទិកបានហក់ឡើងប្រហែល ៥០ភាគរយ ចាប់តាំងពីមុនសង្គ្រាមអ៊ីរ៉ង់។ចំណែកពាណិជ្ជករម្នាក់ បាននិយាយថា សង្គ្រាមអ៊ីរ៉ង់បានប៉ះពាល់ដល់ការផលិតប្លាស្ទិកកាន់តែខ្លាំង ជាងវិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ ទៅទៀត នៅពេលដែលនាវាមិនអាចមកដល់ និងចាកចេញពីប្រទេសចិនបាន។ជាមួយគ្នានេះ សម្រាប់អ្នកនាំចេញ វិបត្តិមជ្ឈិមបូព៌ា បានបន្ថែមទៅលើផលវិបាកដែលនៅតែមាន ដោយសារការដំឡើងពន្ធសកលយ៉ាងទូលំទូលាយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងឆ្នាំ២០២៥៕

អាស៊ាន សម្លឹងរកដំណោះស្រាយសន្តិសុខថាមពលយូរអង្វែង និងភាពធន់ក្នុងពេលមានភាពមិនច្បាស់លាស់សកល

2026/05/06 04:05:05 pm        47
លោក Allan Gepty អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មប្រទេសហ្វីលីពីន (DTI) បាននិយាយថា អាស៊ាន កំពុងស្វែងរកដំណោះស្រាយរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីពង្រឹងសន្តិសុខថាមពល និងភាពធន់របស់តំបន់ក្នុងស្ថានភាពមិនប្រាកដប្រជានៅទូទាំងពិភពលោក។ លោក Gepty ដែលជារដ្ឋមន្ត្រីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) របស់ហ្វីលីពីនផងដែរនោះ បាននិយាយថា សន្តិសុខថាមពល មានសារៈសំខាន់មិនត្រឹមតែសម្រាប់អាជីវកម្ម រួមមានសហគ្រាសខ្នាតតូច និងមធ្យម (MSME) ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រប់វិស័យទាំងអស់។ លោកបានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ ស្របជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានធ្វើឡើងពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦ ថា «មួយក្នុងចំណោមបញ្ហា គឺការអនុវត្តបណ្តាញថាមពលអាស៊ាន (APG) ដែលជាដំណោះស្រាយរយៈពេលវែងសម្រាប់ភាពធន់របស់ប្រទេសនានា»។លោក Gepty បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងជួយសហគ្រាសខ្នាតតូច និងខ្នាតមធ្យម (MSME) ដំណើរការចូលទៅកាន់ទីផ្សារបរទេសតាមរយៈវេទិកាអនឡាញ និងបង្កើតច្បាប់កាន់តែច្បាស់លាស់ក្នុងការគ្រប់គ្រងប្រតិបត្តិការឌីជីថលនៅក្នុងតំបន់។ «វេទិកាអនឡាញ គឺជាកត្តាធ្វើឱ្យស្មើគ្នាសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (MSME) របស់យើងក្នុងដំណើរការចូលទៅកាន់ទីផ្សារបរទេស។ ប្រទេសហ្វីលីពីន បានទទួលតំណែងជាប្រធានអាស៊ានពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកំណត់ទិសដៅអនាគតរបស់យើង រួមគ្នា» ដោយដឹកនាំអាទិភាពរបស់អាស៊ាន តាមរយៈសសរស្តម្ភបីគឺ យុថ្កាសន្តិភាពនិងសន្តិសុខ ច្រករបៀងវិបុលភាព និងការផ្តល់អំណាចដល់ប្រជាជន។

គុយបាចោទប្រកាន់លោក Rubio ថា បាននិយាយកុហក អំពីការបិទខ្ទប់ផ្លូវប្រេង

2026/05/06 04:00:46 pm        59
ប្រទេសគុយបា កាលពីថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) បានចោទប្រកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ថា បាននិយាយកុហក នៅពេលដែលលោកបានបដិសេធថា សហរដ្ឋអាមេរិកមិនបានបិទខ្ទប់ផ្លូវដឹកជញ្ជូនប្រេងទៅគុយបាទេ។គុយបាបានជួបប្រទះនឹងការលំបាកយ៉ាងខ្លាំង ដោយសារវិបត្តិថាមពល ចាប់តាំងពីខែមករាមក នៅពេលដែលកងកម្លាំងអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា និងជាសម្ព័ន្ធមិត្តគុយបា គឺលោក Nicolas Maduro ហើយទីក្រុងវ៉ាស៊ីនតោនបានគំរាមដំឡើងពន្ធលើប្រទេសណាដែលបញ្ចូនប្រេងឆៅទៅប្រទេសកោះដែលដឹកនាំដោយលទ្ធិកុម្មុយនីស្តមួយនេះ។ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានសរសេរនៅលើបណ្ដាញសង្គម X ថា លោក Rubio «គ្រាន់តែជ្រើសរើសការនិយាយកុហក« ហើយថា លោក «បាននិយាយផ្ទុយពីប្រធានាធិបតី និងអ្នកនាំពាក្យសេតវិមាន»។ ការលើកឡើងរបស់លោក Rodriguez នេះ គឺជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយដែលធ្វើឡើងដោយលោក Rubio នៅសេតវិមាន កាលពីប៉ុន្មានម៉ោងមុននោះ។ អំឡុងសន្និសីទសារព័ត៌មាន នៅសេតវិមាន លោក Rubio បាននិយាយថា៖ «មិនមានការបិទខ្ទប់ផ្លូវដឹកជញ្ជូនប្រេងនៅប្រទេសគុយបាទេ»។ លោកបានបន្ថែមថា៖ «នេះជាអ្វីដែលកំពុងកើតឡើងជាមួយប្រទេសគុយបា។ គុយបាធ្លាប់ទទួលបានប្រេងដោយឥតគិតថ្លៃពីវ៉េណេស៊ុយអេឡា ពោលគឺពួកគេបានប្រេងដោយឥតគិតថ្លៃមួយចំនួន។ ពួកគេនឹងយកប្រេងប្រហែល ៦០ភាគរយនោះ ហើយលក់វាយកប្រាក់។ ការធ្វើនោះនឹងមិនផ្តល់ផលប្រយោជន៍ដល់ប្រជាជននោះទេ»។លោក Rubio បានសង្កត់ធ្ងន់ថា៖ «ដូច្នេះ ការបិទផ្លូវតែមួយគត់ដែលបានកើតឡើង គឺជាការជ្រើសរើសរបស់ប្រជាជនគុយបា ខ្ញុំចង់មានន័យថា ប្រជាជនវ៉ណេស៊ុយអេឡាបានសម្រេចចិត្តថា ពួកគេលែងផ្តល់ប្រេងឲ្យដោយមិនយកថ្លៃទៀតហើយ»។ សម្រាប់លោក Rodriguez រដ្ឋមន្ត្រីការបរទេសគុយបារូបនេះ ក៏បានថ្កោលទោសផងដែរ ចំពោះការដាក់ទណ្ឌកម្មបន្ថែម លើវិស័យថាមពលរបស់គុយបាដែលបានប្រកាសដោយប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃទី១ ខែឧសភា៕

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ គាំទ្រប្រតិបត្តិការ «ដ៏ចាំបាច់» របស់យោធាអ៊ីស្រាអែល នៅលីបង់

2026/05/06 03:57:40 pm        52
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានផ្តល់ការគាំទ្រដល់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ដោយចាត់ទុកការឈ្លានពានរបស់អ៊ីស្រាអែលថា «ចាំបាច់» ខណៈព្រមានថា ជនស៊ីវិលមិនត្រូវស៊ូទ្រាំការរងទុក្ខពីការប្រយុទ្ធគ្នានោះទេ។លោក Johann Wadephul ដែលទទួលស្វាគមន៍សមភាគីអ៊ីស្រាអែល លោក Gideon Saar នៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃអង្គារ បាននិយាយថា «មានសិទ្ធិគ្រប់យ៉ាងសម្រាប់អ៊ីស្រាអែលនៅទីនោះ» ប៉ុន្តែបានព្រមានថា «ប្រទេសលីបង់ មិនត្រូវបានអនុញ្ញាតឱ្យក្លាយជាមហោស្រពសង្គ្រាមនោះទេ ជាកន្លែងដែលជនស៊ីវិលទទួលរងទុក្ខខ្លាំង»។ លោក Wadephul បាននិយាយបន្ថែមថា «យុវជនជំនាន់ក្រោយដែលធំឡើងក្នុងពេលមានការបំផ្លាញលំនៅឋានឪពុកម្តាយរបស់ពួកគេ» នោះ នឹងមិនធ្វើឱ្យអ៊ីស្រាអែល មានសុវត្ថិភាពឡើយ»។លោក Gideon Saar បានការពារការប្រយុទ្ធ និងការឈ្លានពានជាបន្តបន្ទាប់នៅលីបង់ ដោយអះអាងថា អ៊ីស្រាអែល ចាំបាច់ត្រូវបំផ្លាញក្រុមហេសបូឡា និងនិយាយថា អ៊ីស្រាអែល «គ្មានមហិច្ឆតាដណ្តើមទឹកដីនៅលីបង់ទេ» ទោះបីជាយោធារបស់ខ្លួនកំពុងបំផ្លាញលំនៅឋាននៅទូទាំងភាគខាងត្បូងប្រទេសលីបង់ ដើម្បីបង្កើតតំបន់ដែលគេហៅថាតំបន់ទ្រនាប់ក៏ដោយ។និយាយពីវិបត្តិនៅច្រកសមុទ្រ Hormuz លោក Wadephul បាននិយាយថា ប្រទេសអាល្លឺម៉ង់ ត្រៀមជាស្រេចដើម្បីចូលរួមក្នុងការធានាសុវត្ថិភាពផ្លូវទឹកនេះ ប្រសិនបើលក្ខខណ្ឌអនុញ្ញាត ដោយអះអាងថា «ការបិទផ្លូវរបស់អ៊ីរ៉ង់ បង្ហាញពីភាពងាយរងគ្រោះដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល»។

ប្រជាជនពិនិត្យមើលការខូចខាត ក្រោយការផ្ទុះសម្លាប់មនុស្ស២៦នាក់នៅរោងចក្រផលិតកាំជ្រួចចិន

2026/05/06 03:55:31 pm        47
 យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារ ទី៥ ខែឧសភាថា ការផ្ទុះនៅរោងចក្រផលិតកាំជ្រួចមួយកន្លែងក្នុងប្រទេសចិន បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៦នាក់ស្លាប់ និងរងរបួស ៦១ នាក់ ដែលធ្វើឱ្យអគារបាក់បែក និងបញ្ជូនផ្សែងហុយឡើងទៅលើអាកាស និងបានជំរុញឱ្យប្រធានាធិបតី លោក ស៊ី ជីនពីង បញ្ជាឱ្យមានការស៊ើបអង្កេតហ្មត់ចត់។ប្រជាជននៅថ្ងៃពុធ ទី៦ ខែឧសភានេះ ត្រូវបានគេមើលឃើញកំពុងជួសជុលអគារដែលខូចខាត ខណៈ កញ្ចក់បែកខ្ទេចខ្ទីរាយប៉ាយនៅលើដងផ្លូវដោយសារតែរលកនៃការផ្ទុះ។ ផ្សែងត្រូវបានគេមើលឃើញហុយឡើងបន្ទាប់ពីការផ្ទុះដែលបានកើតឡើងកាលពីថ្ងៃចន្ទ ទី៤ ខែឧសភា នៅបរិវេណរោងចក្រក្នុងក្រុង Liuyang ជាទីរួមខេត្ត Hunan ភាគកណ្តាល ដែលគេស្គាល់ថាជារដ្ឋធានីកាំជ្រួចរបស់ប្រទេសចិន។អាជ្ញាធរបានជម្លៀសប្រជាជនចេញពីតំបន់ជុំវិញនោះដោយសារតែហានិភ័យពីម្សៅខ្មៅងាយភ្លើងឆាបឆេះ ដែលរក្សាទុកនៅក្នុងឃ្លាំងចំនួនពីរកន្លែងនៅក្នុងបរិវេណនោះ។មិនចម្លែកចំពោះគ្រោះថ្នាក់កាំជ្រួចនិងផ្នែកឧស្សាហកម្មនេះនៅប្រទេសចិន នោះទេ។ កាលពីខែមិថុនា ឆ្នាំមុន ការផ្ទុះនៅរោងចក្រផលិតកាំជ្រួចមួយកន្លែងក្នុងខេត្ត Hunan ក៏បានសម្លាប់មនុស្ស ៩ នាក់ និងរបួស ២៦ នាក់។

ក្រុមហ៊ុនដឹកជញ្ជូនបារាំងនិយាយថា នាវាដឹកកុងតឺន័រ ត្រូវរងការវាយប្រហារនៅច្រកសមុទ្រហ័រមូស

2026/05/06 03:49:02 pm        62
ក្រុមហ៊ុនដឹកជញ្ជូនបារាំង CMA CGM បាននិយាយនៅថ្ងៃពុធនេះថា នាវាមួយគ្រឿងរបស់ខ្លួនគឺ San Antonio ត្រូវរងការវាយប្រហារមួយ ខណៈពេលកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលបានបណ្តាលឲ្យ មានអ្បករបួសក្នុងចំណោមសមាជិកនាវិក និងខូចខាតដល់នាវានោះ។ក្រុមហ៊ុន CMA CGM បានលើកឡើងថា ឧប្បត្តិហេតុនេះដែល បានកើតឡើងកាលពីថ្ងៃអង្គារ គឺជាការរំខានចុងក្រោយបំផុតនៅក្នុងផ្លូវដឹកជញ្ជូនដ៏សំខាន់ អំឡុងពេលជម្លោះនៅមជ្ឈិមបូព៌ា។ សង្គ្រាមនេះ បានរារាំងនាវារាប់រយគ្រឿង និងបានធ្វើឲ្យពាណិជ្ជកម្មប្រេងសកលប្រហែល ២០ ភាគរយជាប់គាំង។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងផ្អាកប្រតិបត្តិការ ក្នុងការជួយអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រហ័រមូសមួយរយៈពេលខ្លី ដោយលើកឡើងពី «វឌ្ឍនភាពដ៏អស្ចារ្យ»ឆ្ពោះទៅរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយជាមួយអ៊ីរ៉ង់។ក្រុមហ៊ុន CMA CGM បាននិយាយថា សមាជិកនាវិកដែលរងរបួសពីនាវា San Antonio ត្រូវបានជម្លៀសចេញ ហើយកំពុងត្រូវបានផ្តល់ការថែទាំសុខភាព។ ក្រុមហ៊ុននេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមលើហេតុការណ៍នេះទេ៕

អូស្ត្រាលី៖ ពលរដ្ឋជាប់ពាក់ព័ន្ធជាមួយរដ្ឋអ៊ីស្លាមនៅជំរំប្រទេសស៊ីរី មានផែនការទៅប្រទេសវិញ ប៉ុន្តែគ្មានជំនួយ

2026/05/06 03:45:01 pm        45
ប្រទេសអូស្ត្រាលីបាននិយាយនៅថ្ងៃពុធ ទី៦ ខែឧសភានេះថា សមាជិកគ្រួសារអូស្ត្រាលីចំនួន១៣គ្រួសារនៅក្នុងប្រទេសស៊ីរី ដែលមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម មានផែនការធ្វើដំណើរត្រឡប់ទៅប្រទេសវិញ ប៉ុន្តែនឹងមិនទទួលបានជំនួយពីរដ្ឋាភិបាលទេ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Tony Burke បាននិយាយថា មាន «ដែនកំណត់ធ្ងន់ធ្ងរខ្លាំង» លើអ្វីដែលអាជ្ញាធរអាចធ្វើបានដើម្បីទប់ស្កាត់ពលរដ្ឋអូស្ត្រាលី មិនឱ្យចូលប្រទេសវិញ។ស្នងការនគរបាលសហព័ន្ធអូស្ត្រាលី លោកស្រី Krissy Barrett បាននិយាយថា ជនជាតិអូស្ត្រាលីដែលវិលត្រឡប់ទៅវិញមួយចំនួនអាចនឹងត្រូវចាប់ខ្លួន និងចោទប្រកាន់នៅពេលទៅដល់ ខណៈអ្នកមួយចំនួនទៀតអាចនៅតែស្ថិតក្រោមការស៊ើបអង្កេត ហើយកុមារ នឹងឆ្លងកាត់កម្មវិធីធ្វើសមាហរណកម្មសហគមន៍ជាថ្មី និងកម្មវិធីគាំទ្រ។ ស្ត្រីអូស្ត្រាលីមួយចំនួន បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរីចន្លោះឆ្នាំ ២០១២ និងឆ្នាំ២០១៦ ដើម្បីចូលរួមជាមួយស្វាមីរបស់ពួកគេ ដែលតាមការចោទប្រកាន់ថា បានក្លាយជាសមាជិកក្រុមរដ្ឋអ៊ីស្លាម។ កាលពីខែកុម្ភៈ កងកម្លាំងឃឺដស៊ីរី បានដោះលែងពលរដ្ឋអូស្ត្រាលីចំនួន៣៤នាក់ពីជំរំមួយកន្លែងដែលឃុំខ្លួនក្រុមគ្រួសាររបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលសង្ស័យនៅភាគខាងជើងប្រទេសស៊ីរី ដោយនិយាយថា ពួកគេនឹងត្រូវបានបញ្ជូនតាមយន្តហោះទៅកាន់ប្រទេសអូស្ត្រាលីវិញ ពីទីក្រុងដាម៉ាស។

ក្មេងជំទង់ម្នាក់ បាញ់សម្លាប់មនុស្សពីរនាក់នៅសាលារៀនប្រទេសប្រេស៊ីល

2026/05/06 03:21:40 pm        62
អាជ្ញាធរ និងសាក្សីបាននិយាយថា ក្មេងជំទង់ម្នាក់ បានបាញ់សម្លាប់សមាជិកបុគ្គលិកពីរនាក់ និងបណ្តាលឱ្យមនុស្សពីរនាក់ផ្សេងទៀតរងរបួស រួមទាំងសិស្សសាលាម្នាក់ នៅសាលារៀនមួយកន្លែងភាគឦសានប្រទេសប្រេស៊ីល កាលពីថ្ងៃអង្គារ ដែលជំរុញឱ្យសិស្សដែលភ័យខ្លាចព្យាយាមរត់គេចខ្លួន។រដ្ឋាភិបាលតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនពីបទបាញ់ប្រហារនៅវិទ្យាស្ថាន Sao Jose ក្នុងទីក្រុង Rio Branco រដ្ឋធានីនៃរដ្ឋ Acre។អ្នកទទួលភ្ញៀវនៅសណ្ឋាគារមួយកន្លែងដែលនៅជាប់នឹងសាលារៀន បាននិយាយថា នៅពេលដែលការបាញ់ប្រហារបានចាប់ផ្តើម សិស្សមួយចំនួនបានព្យាយាមឡើងលើជញ្ជាំងដែលបែងចែកសាលារៀន និងសណ្ឋាគារ។អ្នកទទួលភ្ញៀវនៅសណ្ឋាគាររូបនេះនិយាយថា «ជញ្ជាំង មានកម្ពស់៦ម៉ែត្រ ហើយមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលអាចឡើងលើវាបាន និងបាននៅទីនោះ ក្នុងសណ្ឋាគារ។ មនុស្សផ្សេងទៀតត្រូវនៅលើដំបូលសាលារៀនខណៈព្យាយាមគេចខ្លួន» ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រាសាទប្រែរូប ស្ថាបត្យកម្មឥដ្ឋដ៏លេចធ្លោសម័យអង្គរ និងការគ្រប់គ្រងបេតិកភណ្ឌ
06/01/2026 03:06 PM
សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣ នៅក្រុងប៉ោយប៉ែតលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេស និងខ្មែរចំនួន ១៥២នាក់
06/01/2026 03:06 PM
យោធាគូវ៉ែត៖ ប្រព័ន្ធ​ការពារដែនអាកាសស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីល និងយានដ្រូន​របស់សត្រូវ
06/01/2026 03:06 PM
PSG អបអរពាន Champions League នៅទីក្រុងប៉ារីសក្រោយឈ្នះ Arsenal
06/01/2026 03:06 PM
ប្រធានគណៈកម្មាធិការយោធា៖ សមាជិក NATO អាចដើរតួនាទីក្នុងការបើកច្រកសមុទ្រហ័រមូស
06/01/2026 03:06 PM
អ៊ុយក្រែនច្រានចោលការអះអាងរបស់ក្រុងមូស្គូដែលថា រោងចក្រនុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវវាយប្រហារដោយដ្រូន
06/01/2026 03:06 PM
ផ្លូវ​ថ្មើរ​ជើង​ចតុមុខ​បង្កើត​ឱកាស​ការងា​រ និង​ជំរុញ​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​កាន់​តែ​រស់​រវើក​
06/01/2026 03:06 PM
ការវាយប្រហារដោយយានដ្រូនបានសម្លាប់មនុស្សជិត ៧០ នាក់ នៅតំបន់ KORDOFAN នៃប្រទេស ស៊ូដង់
06/01/2026 03:06 PM
សម្ដេចតេជោ បង្ហាញការចាប់អារម្មណ៍ចំពោះលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ និងចែករំលែកជូនប្រជាជន កម្ពុជា និងថៃបានជ្រាបបន្ថែម
06/01/2026 03:06 PM
IAEA ជំរុញបញ្ឈប់ការវាយប្រហាររោងចក្រនុយក្លេអ៊ែរ ដើម្បីបញ្ចៀសហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរ
06/01/2026 03:06 PM