យោធាអាមេរិក បង្ខំឱ្យនាវាចំនួន ១១៨ គ្រឿង ប្តូរទិសដៅ ក្នុងអំឡុងពេលបិទផ្លូវទឹកប្រឆាំងអ៊ីរ៉ង់
កិច្ចសន្ទនា Shangri-La បិទបញ្ចប់ ដោយគណៈប្រតិភូអំពាវនាវឱ្យមានទំនាក់ទំនង និងការសម្របសម្រួល
អារ៉ាប់រួម រិះគន់ការសម្រុកចូលបរិវេណវិហារអ៊ីស្លាម Al-Aqsa ដោយក្រុមអ្នកតាំងលំនៅឋានអ៊ីស្រាអែល
អាមេរិក និងអ៊ីរ៉ង់ បាញ់ផ្លោងដាក់គ្នាជាថ្មីទៀតលើគោលដៅរៀងៗខ្លួន ខណៈនៅតែពុំទាន់រកឃើញចំណុចបញ្ចប់សង្គ្រាមបាន

ព័ត៌មានអន្តរជាតិ

ពលរដ្ឋប៉ាឡេស្ទីនក្នុងដែនដីហ្កាហ្សានៅតែបន្តស្លាប់ ខណៈអ៊ីស្រាអែលវាយប្រហារឥតឈប់ទោះមានបទឈប់បាញ់

2026/05/06 12:08:07 pm        100
ក្រុមមន្ត្រីសុខាភិបាលនៅតំបន់ហហ្កាហ្សា បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់បីនាក់ រួមទាំងកុមារម្នាក់ និងរបួសជាច្រើននាក់ផ្សេងទៀតនៅក្នុងដែនដីហ្កាហ្សា កាលពីថ្ងៃអង្គារ ៥ឧសភាសប្ដាហ៍នេះ ។ក្រុមគ្រូពេទ្យបាននិយាយថា ជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ និងពីរនាក់ទៀតបានរងរបួសដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅជិតសង្កាត់ Sheikh Radwan ក្នុងទីក្រុងហ្កាហ្សា ខណៈម្នាក់ទៀតត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតបានរងរបួសក្នុងការបាញ់ផ្លោងរបស់រថក្រោះអ៊ីស្រាអែលនៅជិតតំបន់ភាគកណ្តាលនៃដែនដីហែកហួរដោយសង្គ្រាមមួយនេះ។ក្រុមគ្រូពេទ្យបាននិយាយថា ក្រោយមកនៅថ្ងៃអង្គារដដែល ការវាយប្រហាររបស់អ៊ីស្រាអែលបានកំណត់គោលដៅទៅលើប៉ុស្តិ៍នគរបាលមួយកន្លែងនៅភាគខាងជើងតំបន់ហ្កាហ្សា ដោយបានសម្លាប់កុមារអាយុ១៥ ឆ្នាំម្នាក់ ។ ក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា នគរបាលមួយចំនួន ក៏បានរងរបួសនៅក្នុងការវាយប្រហារនេះផងដែរ។សារព័ត៌មាន Reuters ធ្លាប់បានរាយការណ៍ថា អ៊ីស្រាអែលបានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើកម្លាំងនគរបាលគ្រប់គ្រងដោយក្រុមចលនាហាម៉ាសរបស់ហ្កាហ្សា ដែលក្រុមសកម្មប្រយុទ្ធបានប្រើប្រាស់ដើម្បីពង្រឹងការកាន់កាប់របស់ខ្លួននៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងលើដែនដីនេះ។គួររម្លឹកថា អំពើហិង្សានៅក្នុងដែនដីហ្កាហ្សានៅតែបន្តកើតមាន ទោះបីជាមានបទឈប់បាញ់ខែតុលា ឆ្នាំ ២០២៥ ក៏ដោយ  ដោយអ៊ីស្រាអែលបានបន្តការវាយប្រហារស្ទើររាល់ថ្ងៃលើជនជាតិប៉ាឡេស្ទីន។ អ៊ីស្រាអែល និងក្រុមហាម៉ាស បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការរំលោភលើបទឈប់បាញ់៕

ប្រធានាធិបតីអ៊ីរ៉ង់ លោក Pezeshkian៖ «គ្មាននរណាម្នាក់អាចធ្វើឱ្យយើងចុះចាញ់បានទេ»

2026/05/06 10:47:04 am        89
ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េហ្សេស្គីអាន(Masoud Pezeshkian) បានប្រតិកម្មចំពោះការអំពាវនាវរបស់សហរដ្ឋអាមេរិក ឱ្យធ្វើសម្បទានក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាម បើមិនដូច្នេះត្រូវប្រឈមនឹងការប្រើកម្លាំងដ៏ខ្លាំងក្លា ដោយបាននិយាយថា «គ្មាននរណាម្នាក់អាចធ្វើឱ្យយើងចុះចាញ់បានទេ» ហើយសមាជិកនៃក្រុមនិកាយស៊ីអ៊ីត «មិនអាចត្រូវបានបង្ខិតបង្ខំដោយប្រើកម្លាំង» បានឡើយ។នៅក្នុងការបង្ហោះនៅលើបណ្តាញ X លោក Pezeshkian បាននិយាយថា លោកបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ដែលបានជំរុញឱ្យសហរដ្ឋអាមេរិកដកចេញការគំរាមកំហែងដោយយោធានៅតំបន់មជ្ឈិមបូព៌ា។កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយកាលពីប៉ុន្មានថ្ងៃថ្មីៗនេះថា ផែនការសន្តិសុខថ្មីរបស់ខ្លួនសម្រាប់ច្រកសមុទ្រ Hormuz មានគោលបំណងទប់ស្កាត់អាវុធនិងការផ្គត់ផ្គង់ផ្សេងៗពីការឆ្លងកាត់ច្រកសមុទ្រដើម្បីបានទៅដល់មូលដ្ឋានយោធាសហរដ្ឋអាមេរិកនៅក្នុងតំបន់ ដែលជាចំណុចជាប់គាំងនៅក្នុងការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក្នុងការបញ្ចប់សង្គ្រាម។ចុងក្រោយនេះ លោក Trump បាននិយាយថា ប្រតិបត្តិការរបស់សហរដ្ឋអាមេរិកដើម្បីបើកច្រកសមុទ្រ ដែលមានឈ្មោះថា «គម្រោងរំដោះ» ត្រូវបានផ្អាកដើម្បីអនុញ្ញាតឱ្យការចរចាបានឈានឆ្ពោះទៅមុខជាមួយទីក្រុងតេអេរ៉ង់។

អាមេរិក និងរដ្ឋឈូងសមុទ្រ ពង្រាងសេចក្តីសម្រេចរបស់ UN ស្តីពីការធានាសុវត្ថិភាពនៃការឆ្លងកាត់ច្រកសមុទ្រ Hormuz

2026/05/06 10:42:49 am        116
សហរដ្ឋអាមេរិក និងរដ្ឋឈូងសមុទ្រដែលជាសម្ព័ន្ធមិត្ត បានធ្វើសេចក្តីព្រាងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ក្នុងគោលបំណងធានាសុវត្ថិភាពក្នុងការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលនឹងត្រូវបានបោះឆ្នោតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា សេចក្តីព្រាងសេចក្តីសម្រេចនេះ អំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារលើនាវា ដាក់មីននៅសមុទ្រ និងឲ្យបង់ប្រាក់សម្រាប់ការដឹកជញ្ជូនដោយសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រដ៏តូចចង្អៀតមួយនេះ។យោងតាមលោក Rubio បានឲ្យដឹងថា ប្រទេសបារ៉ែន អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម គូវ៉ែត និងប្រទេសកាតា បានចូលរួមក្នុងការរៀបចំសេចក្តីព្រាងនេះ ដែលនេះក៏បានជំរុញឱ្យអ៊ីរ៉ង់បង្ហាញទីតាំងគ្រាប់មីននៅសមុទ្រដែលបានដាក់នៅច្រកសមុទ្រ និងជួយក្នុងការដោះយកគ្រាប់មីនទាំងនោះចេញ។លោក Rubio បាននិយាយថា «សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នៅតែបន្តយកសេដ្ឋកិច្ចពិភពលោកធ្វើជាចំណាប់ខ្មាំង»។ យោងតាមរបាយការណ៍ សេចក្តីព្រាងនេះ ក៏អំពាវនាវឱ្យមានការបង្កើតច្រករបៀងមនុស្សធម៌នៅច្រកសមុទ្រ ដែលត្រូវបានកែសម្រួលពីឯកសារមុន ដើម្បីធានាបានការគាំទ្រពីរុស្ស៊ី និងចិន។

សាលារៀនទីក្រុងបេរូតដែលត្រូវបានប្តូរទៅជាទីជម្រកសម័យសង្គ្រាម បានក្លាយជាចំណុចក្តៅសម្រាប់ភាពតានតឹង

2026/05/06 10:35:39 am        37
សាលារៀនឯកជនមួយកន្លែងនៅចំកណ្តាលទីក្រុងបេរូត ដែលត្រូវបានប្តូរទៅជាទីជម្រកសម័យសង្គ្រាមបានក្លាយជាចំណុចក្តៅសម្រាប់ភាពតានតឹងផ្នែកសង្គមនៅទូទាំងប្រទេសលីបង់ ជុំវិញការជម្លៀសប្រជាជនទ្រង់ទ្រាយធំដែលបណ្តាលមកពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡានៅលីបង់។ចាប់តាំងពីអ៊ីស្រាអែល ឈ្លានពានប្រទេសលីបង់ដើម្បីតាមស្វែងរកអ្នកប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ដែលបានបាញ់ឆ្លងព្រំដែនកាលពីខែមីនា សាលារៀនHariri ត្រូវបានបិទសម្រាប់សិស្ស និងប្តូរទៅជាទីជម្រករួម ដោយមានជនភៀសខ្លួនជាង ១.៥០០នាក់កំពុងរស់នៅក្នុងថ្នាក់រៀន និងតង់នៅក្នុងទីធ្លាសាលារៀន។កាលពីដើមខែឧសភា ឪពុកម្តាយរបស់សិស្សដែលបានរៀនតាមអនឡាញ បានតវ៉ាប្រឆាំងនឹងការបិទទ្វារដោយគ្មានកំណត់ និងបានអំពាវនាវឱ្យកូនៗរបស់ពួកគេអាចត្រឡប់ទៅថ្នាក់រៀនវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកតំណាងរដ្ឋបាលសាលារៀនបាននិយាយថា ខ្លួនមានការអាណិតអាសូរចំពោះអ្នកដែលជម្លៀសខ្លួន។សេចក្តីថ្លែងការណ៍នេះបាននិយាយថា «ប៉ុន្តែខណៈយើងមានការអាណិតអាសូរចំពោះពួកគេ សិស្សរបស់យើងក៏មានសិទ្ធិក្នុងការនៅក្នុងបរិវេណសិក្សានោះដែរ»។ សង្គ្រាមរយៈពេលពីរខែមកនេះ បានធ្វើឱ្យមនុស្សជាងមួយលាននាក់នៅក្នុងប្រទេសលីបង់ជម្លៀសខ្លួន។ ខណៈមនុស្សភាគច្រើនកំពុងស្នាក់នៅជាមួយសាច់ញាតិ ឬជួលអគារ មនុស្សយ៉ាងហោចណាស់១២៤.០០០នាក់កំពុងស្នាក់នៅក្នុងទីជម្រករួមដែលគ្រប់គ្រងដោយរដ្ឋាភិបាល។

អង្គការសហប្រជាជាតិស្វាគមន៍ចំពោះបទឈប់បាញ់ឯកតោភាគីរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/05/06 10:31:26 am        55
អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ ៥ឧសភា សប្ដាហ៍នេះ ថា អង្គការសហប្រជាជាតិស្វាគមន៍ចំពោះបទឈប់បាញ់ឯកតោភាគីដែលបានប្រកាសដោយអ៊ុយក្រែន និងរុស្ស៊ី។លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងថា ពួកលោកស្វាគមន៍ចំពោះបទឈប់បាញ់ឯកតោភាគីដែលបានប្រកាសដោយអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅយប់ថ្ងៃទី ៥ និងបន្តដល់ថ្ងៃទី ៦ខែឧសភា នេះ ក៏ដូចជាបទឈប់បាញ់ប្រកាសដោយសហព័ន្ធរុស្ស៊ី ដែលនឹងធ្វើឡើងនៅថ្ងៃទី ៨និងទី ៩ ខែឧសភា។ លោក Dujarric បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា លោកអគ្គលេខាធិការទន្ទឹងរង់ចាំការអនុវត្តដោយជោគជ័យរបស់ពួកគេ ហើយបានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់លោកសម្រាប់បទឈប់បាញ់ពេញលេញ ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ និងយូរអង្វែង ដែលនាំទៅរកសន្តិភាពដ៏យុត្តិធម៌ ទូលំទូលាយ និងប្រកបដោយចីរភាព ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្តីសម្រេចពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ។ ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានប្រកាសបទឈប់បាញ់ទិវាជ័យជម្នះ នៅថ្ងៃទី ៨ដល់៩ ខែឧសភា ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសកាលពីយប់ថ្ងៃចន្ទថា អ៊ុយក្រែននឹងចាប់ផ្តើមបទឈប់បាញ់ជាមួយរុស្ស៊ីចាប់ពីថ្ងៃពុធនេះតទៅ។ លោកពុំបានកំណត់កាលបរិច្ឆេទបញ្ចប់សម្រាប់បទឈប់បាញ់នោះទេ។គួររម្លឹកថា ទីក្រុងមូស្គូ បានប្រកាសបទឈប់បាញ់ជាបណ្តោះអាសន្នក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យ Easter គ្រិស្តអូតូដុកកាលពីខែមុន ប៉ុន្តែរុស្ស៊ី និងអ៊ុយក្រែន បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបំពានបទឈប់បាញ់៕

ប្រេងធ្លាក់ថ្លៃជាង២ដុល្លារ ក្រោយលោក Trump ផ្អាកការបើកច្រកសមុទ្រ Hormuz ដើម្បីស្វែងរកកិច្ចព្រមព្រៀង

2026/05/06 09:49:18 am        66
តម្លៃប្រេងរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះនៅព្រឹកថ្ងៃពុធ ៦ ឧសភាសប្ដាហ៍នេះដល់ទៅ ជាង២ ដុល្លារអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រតិបត្តិការ បើកច្រកសមុទ្រ Hormuz ឡើងវិញនឹងត្រូវផ្អាកមួយរយៈពេលខ្លី ដើម្បីមើលថាតើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់អាចត្រូវបានបញ្ចប់ និងចុះហត្ថលេខាឬអត់។  ប្រេង West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២,២៣ ដុល្លារអាមេរិក ឬ ២,១៨ ភាគរយ មកត្រឹម ១០០,០៤ ដុល្លារអាមេរិកក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ១១និង២៦នាទីល្ងាចម៉ោងសកល។លោក Trump បាននិយាយកាលពីថ្ងៃអង្គារ ៥ឧសភាសប្ដាហ៍នេះថា ខណៈប្រតិបត្តិការដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញនឹងត្រូវផ្អាក ការបិទផ្លូវសមុទ្រ នឹងនៅតែអនុវត្តន៍ដដែល។ ប្រេង WTI បានធ្លាក់ថ្លៃ៣,៩ ភាគរយកាលពីថ្ងៃអង្គារ ទោះបីជាមានរបាយការណ៍អំពីការបាញ់ប្រហារតបតគ្នា ក៏ដោយ ខណៈប្រេងឆៅ Brent បានធ្លាក់ថ្លៃ ៤ភាគរយ មកត្រឹម១០៩,៨៧ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។ប្រភពទីផ្សារបាននិយាយ ដោយដកស្រង់តួលេខរបស់វិទ្យាស្ថានប្រេងឥន្ធនៈអាមេរិកកាលពីថ្ងៃអង្គារថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះសម្រាប់សប្តាហ៍ទីបីជាប់ៗគ្នា ខណៈស្តុកប្រេងសាំង និងប្រេងចម្រាញ់រួចក៏បានធ្លាក់ចុះផងដែរ ។ប្រភពដដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ស្តុកប្រេងឆៅបានធ្លាក់ចុះ ៨,១ លានបារ៉ែលក្នុងសប្តាហ៍ ដែលបានបញ្ចប់នៅថ្ងៃទី ១ ខែឧសភា។ ប្រភពដដែលបាននិយាយថា ស្តុកប្រេងសាំងបានធ្លាក់ចុះ ៦,១ លានបារ៉ែល ខណៈស្តុកប្រេងចម្រាញ់រួច បានធ្លាក់ចុះ ៤,៦ លានបារ៉ែល បើប្រៀបធៀបទៅនឹងសប្តាហ៍មុន៕

ផែនការរបស់អាមេរិកក្នុងការដំឡើងពន្ធរថយន្តអឺរ៉ុបដល់២៥% នឹងប៉ះពាល់បំផុតដល់ទីផ្សារទំនើប

2026/05/06 09:28:36 am        62
សហរដ្ឋអាមេរិក បានកំណត់ឱ្យដំឡើងពន្ធ២៥ភាគរយលើវិស័យរថយន្តរបស់សហភាពអឺរ៉ុប ជាចំណាត់ការមួយដែលនឹងធ្វើឲ្យដើរថយក្រោយកិច្ចព្រមព្រៀងដែលបានឈានដល់កាលពីខែសីហារវាងទីក្រុងវ៉ាស៊ីនតោន និងប្លុកអឺរ៉ុប។ អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បាននិយាយកាលពីថ្ងៃចន្ទថា សេតវិមានកំពុង «ឈានឆ្ពោះទៅមុខជាមួយនឹងចំណាត់ការនេះ»។កាលពីដើមឆ្នាំនេះ តុលាការកំពូលសហរដ្ឋអាមេរិកបានចេញសេចក្តីសម្រេចថា ប្រធានាធិបតី លោក Donald Trump មិនអាចដាក់ការដំឡើងពន្ធសកលរបស់លោកតាមរយៈច្បាប់អំណាចសេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) ដែលកំណត់ការដំឡើងពន្ធសកលដ៏ទូលំទូលាយធ្វើឡើងដោយលោកប្រធានាធិបតីនោះទេ។ទោះជាយ៉ាងណា កាលពីឆ្នាំមុន លោក Trump បានដាក់ការដំឡើងពន្ធ២៥ភាគរយលើការនាំចូលរថយន្តសកលក្រោមមាត្រា២៣២ ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិ។ នៅក្នុងខែសីហា សេតវិមានបានឈានដល់កិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបដើម្បីបន្ថយពន្ធទាំងនោះមកត្រឹម១៥ភាគរយវិញ។លោក Trump បានអះអាងថា ប្លុកអឺរ៉ុបមិនបានគោរពតាមកិច្ចព្រមព្រៀងនោះទេ ជាការអះអាងមួយដែលមន្ត្រីសហភាពអឺរ៉ុបបានច្រានចោល។ លោក Trump បានចោទប្រកាន់ប្រទេសទាំងនោះថាបានរំលោភលើកិច្ចព្រមព្រៀង បន្ទាប់ពីប្រទេសអឺរ៉ុបមួយចំនួនបានបដិសេធមិនបញ្ជូនយោធារបស់ខ្លួនទៅជួយកងទ័ពជើងទឹកសហរដ្ឋអាមេរិកឲ្យបើកច្រកសមុទ្រ Hormuz។

អេស្ប៉ាញ នឹងទទួលនាវាទេសចរណ៍ដែលអ្នកដំណើរឆ្លងវីរុស Hanta នៅកោះ Canary

2026/05/06 09:24:36 am        67
ក្រសួងសុខាភិបាលរបស់ប្រទេសអេស្ប៉ាញ បានបញ្ជាក់កាលពីល្ងាចថ្ងៃអង្គារ ទី៥ ខែឧសភា ថា ខ្លួននឹងទទួលនាវា MV Hondius នៅកោះ Canary «ស្របទៅតាមច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌»។ យោងតាមសេចក្តីថ្លែងការណ៍ នៅពេលទៅដល់កោះCanary ក្រុមគ្រូពេទ្យនឹងចាប់ផ្តើមពិនិត្យ និងព្យាបាលអ្នកដំណើរ និងនាវិកទាំងអស់ ហើយផ្ទេរពួកគេទៅកាន់ប្រទេសរៀងៗខ្លួន។ ក្រសួងសុខាភិបាលបាននិយាយថា អង្គការសុខភាពពិភពលោកបានពន្យល់ថា កោះ Cape Verde នៅអាហ្វ្រិកខាងលិច មិនអាចអនុវត្តប្រតិបត្តិការនេះបានទេ»។«កោះ Canary គឺជាទីតាំងដែលនៅជិតបំផុតជាមួយនឹងសមត្ថភាពចាំបាច់។ ប្រទេសអេស្ប៉ាញ មានកាតព្វកិច្ចខាងសីលធម៌ និងផ្លូវច្បាប់ក្នុងការជួយមនុស្សទាំងនេះ ដែលក្នុងនោះក៏មានពលរដ្ឋអេស្ប៉ាញជាច្រើននាក់ផងដែរ»។ អាជ្ញាធរអេស្ប៉ាញបាននិយាយថា ពួកគេចង់បានទិន្នន័យសុខភាពពីខាងនាវាទេសចរណ៍មុនពេលបើកទ្វារកំពង់ផែ។នាវាទេសចរណ៍នេះ បានធ្វើដំណើរកម្សាន្តផ្សងព្រេងពីទីក្រុង Ushuaia ក្នុងប្រទេសអាហ្សង់ទីន ទៅកាន់ កោះ Cape Verde នៅអាហ្វ្រិកខាងលិច។ នាវាបានផ្តល់ដំណឹងជាអន្តរជាតិ ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីវាត្រូវបានបង្ហាញថា ជំងឺដ៏កម្របានរាលដាលពីពពួកសត្វកកេរដែលឆ្លងមេរោគជាធម្មតាតាមរយៈទឹកនោម លាមក និងទឹកមាត់ ហើយត្រូវបានគេសង្ស័យថាមនុស្ស៣នាក់ដែលស្លាប់បានឆ្លងវីរុសនេះ។លោកស្រី Maria Van Kerkhove នាយិកាផ្នែកបង្ការជំងឺរាតត្បាត របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅទីក្រុងហ្សឺណែវថា អាទិភាពនៅពេលនេះគឺការជម្លៀសសមាជិកនាវិកធ្លាក់ខ្លួនឈឺពីរនាក់ ខណៈត្រូវការការថែទាំបន្ទាន់ ដែលអាចទៅកាន់ប្រទេសហូឡង់។

រុស្ស៊ីវាយប្រហារអ៊ុយក្រែនសម្លាប់មនុស្សច្រើននាក់ ខណៈកំពុងស្វែងរកបទឈប់បាញ់នៅថ្ងៃទិវាជ័យជម្នះរបស់ខ្លួន

2026/05/06 09:11:34 am        71
ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្ស២៧នាក់នៅក្នុងទីក្រុងនានានៅទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្កោលទោសចំពោះ «ចរិកឃោឃៅ» របស់ទីក្រុងមូស្គូចំពោះការវាយប្រហារដ៏បង្ហូរឈាម ខណៈកំពុងស្វែងរកបទឈប់បាញ់ដើម្បីរៀបចំក្បួនព្យុហយាត្រាស្នេហាជាតិនៅថ្ងៃទី ៩ ខែឧសភា។ការវាយប្រហារទាំងនេះ បានធ្លាក់ទៅលើទីក្រុង Zaporizhzhia, Kramatorsk និងទីក្រុង Dnipro ដែលបានកើតឡើងប៉ុន្មានម៉ោងមុនពេលបទឈប់បាញ់ដែលបានស្នើឡើងដោយអ៊ុយក្រែន។ នៅក្នុងទីក្រុង Zaporizhzhia ជាទីក្រុងភាគខាងត្បូងរបស់អ៊ុយក្រែននៅជិតសមរភូមិមុខ មនុស្ស១២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដែលលោក Zelenskyy បានពិពណ៌នាថា «ពុំមានភាពស្របច្បាប់ផ្នែកយោធាទាល់តែសោះ»។ ប្រទេសរុស្ស៊ី បានទាមទារឱ្យទីក្រុងគីវព្រមព្រៀងលើបទឈប់បាញ់សម្រាប់ការរំលឹកទិវាជ័យជំនះសង្គ្រាមលោកលើកទី ២ របស់ខ្លួន នៅថ្ងៃទី ៩ ខែឧសភា។ លោក Zelenskyy បាននិយាយថា «យើងត្រូវការភាពស្ងៀមស្ងាត់ពីការវាយប្រហារបែបនេះ និងការវាយប្រហារផ្សេងទៀតទាំងអស់ ពុំមែនត្រឹមតែពីរបីម៉ោងនៅកន្លែងណាមួយសម្រាប់ «ការប្រារព្ធពិធី» នោះទេ» ដោយអំពាវនាវឱ្យសម្ព័ន្ធមិត្តថ្កោលទោសការវាយប្រហារនេះ។ ផ្ទុយទៅវិញ ទីក្រុងគីវបាននិយាយថា ខ្លួននឹងបញ្ឈប់ការវាយប្រហារនៅថ្ងៃទី ៦ ខែឧសភា នេះ។ ប៉ុន្តែរុស្ស៊ីបានវាយប្រហារទីក្រុង Dnipro កាលពីយប់ថ្ងៃអង្គារ ដែលជិតដល់ពេលផុតកំណត់បទឈប់បាញ់របស់ទីក្រុងគីវ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiga បាននិយាយនៅលើបណ្តាញ X ថា «ដោយមានរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ រហូតដល់សំណើបទឈប់បាញ់របស់អ៊ុយក្រែនចូលជាធរមាន រុស្ស៊ីពុំបានបង្ហាញសញ្ញាណាមួយនៃការរៀបចំបញ្ចប់អរិភាពនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងមូស្គូបានបង្កើនភេរវកម្ម»។

ប្រមុខការទូតអាមេរិក៖ លោក Trump និងលោក Xi ទំនងជានឹងពិភាក្សាពីបញ្ហាកោះតៃវ៉ាន់នៅសប្តាហ៍ក្រោយ

2026/05/06 08:59:23 am        70
ប្រមុខការទូតសហរដ្ឋអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃអង្គារ ៥ ឧសភា សប្ដាហ៍នេះថា បញ្ហាកោះតៃវ៉ាន់ ទំនងជាប្រធានបទនៃការសន្ទនារវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping នៅពេលមេដឹកនាំទាំងពីរជួបគ្នានៅសប្តាហ៍ក្រោយក្នុងប្រទេសចិន។ លោក Rubio បានប្រាប់សន្និសីទសារព័ត៌មាននៅសេតវិមានថា សហរដ្ឋអាមេរិកមិនត្រូវការព្រឹត្តិការណ៍អស្ថិរភាពណាមួយកើតឡើងទាក់ទងនឹងកោះតៃវ៉ាន់នោះទេ។ លោក Rubio បាននិយាយថា រូបលោកប្រាកដថាបញ្ហាកោះតៃវ៉ាន់ នឹងក្លាយជាប្រធានបទនៃការសន្ទនា។ វាតែងតែជាប្រធានបទនៃការសន្ទនា។ លោកគិតថាប្រទេសទាំងពីរយល់ថាវាមិនមែនជាផលប្រយោជន៍របស់ប្រទេសទាំងពីរក្នុងការមើលឃើញអ្វីដែលជាអស្ថិរភាពកើតឡើងនៅក្នុងតំបន់នោះនៃពិភពលោកនោះទេ។ ពួកលោកមិនត្រូវការព្រឹត្តិការណ៍អស្ថិរភាពណាមួយកើតឡើងទាក់ទងនឹងតៃវ៉ាន់ ឬកន្លែងណាក៏ដោយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ។លោក Trump គ្រោងនឹងទៅទស្សនកិច្ចទីក្រុងប៉េកាំងនៅថ្ងៃទី ១៤ និង ១៥ ខែឧសភាខាងមុខនេះ។តំបន់តៃវ៉ាន់កំពុងប្រឈមនឹងសម្ពាធយោធាកើនឡើងពីទីក្រុងប៉េកាំង ដែលអះអាងថាកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ គឺជាទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ដែលធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារឥតឈប់ឈរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា
06/01/2026 02:06 PM
ក្រសួងបរិស្ថាន បន្តពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ការបញ្ចេញទឹកកខ្វក់បានជាង ៣០​លាន​ម៉ែត្រ​គូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ
06/01/2026 02:06 PM
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
06/01/2026 02:06 PM
កម្មវិធីរត់ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» អាចរៀបចំជាបន្ដបន្ទាប់ ក្រោយជោគជ័យ​នៅឆ្នាំដំបូង
06/01/2026 01:06 PM
Arsenal និងអ្នកគាំទ្រអបអរជើងឯក Premier League លើកដំបូងក្នុងរយៈពេល ២២ ឆ្នាំទោះទើបខកចិត្តនៅ UCL
06/01/2026 01:06 PM
ករណីកាត់សៀលចូលយកសម្ភារៈនៅក្នុងកាស៊ីណូព្រែកចាក៖ ចោទប្រកាន់មន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផល សរុប៥៤នាក់
06/01/2026 01:06 PM
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
06/01/2026 01:06 PM
រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ដែលសម្រេចបានប្រមាណ ៦០%
06/01/2026 01:06 PM
គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៧លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសក្នុងរយៈពេល៥ខែឆ្នាំនេះ
06/01/2026 12:06 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបអតីតយុទ្ធជនចំនួន៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង
06/01/2026 12:06 PM