ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ
អគ្គលេខាធិការ UN លោក Guterres ទៅ​ដល់រដ្ឋធានីស៊ីរី ជា​ទស្សនកិច្ចលើកដំបូង គិត​តាំងពីឆ្នាំ២០០៩
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ «កាន់តែមាន​ភាព​ប្រាកដ​ប្រជា​» ក្នុងដំណើរ​ការចរចា

ព័ត៌មានអន្តរជាតិ

ប្រភព៖ ផលប្រយោជន៍របស់អង់គ្លេសនៅតំបន់មជ្ឈិមបូព៌ា អាចក្លាយជាគោលដៅយោធារបស់អ៊ីរ៉ង់

2026/07/22 10:26:50 pm        72
ប្រភពជាន់ខ្ពស់របស់អ៊ីរ៉ង់មួយ បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា ផលប្រយោជន៍របស់អង់គ្លេសនៅក្នុងតំបន់មជ្ឈិមបូព៌ា អាចក្លាយជាគោលដៅយោធាស្របច្បាប់របស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងឡុងដ៍ចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់។ ប្រភពរបស់ទីភ្នាក់ងារព័ត៌មានបាននិយាយថា៖«ប្រសិនបើសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអំពីការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Andy Burnham ក្នុងការចូលរួមជាមួយសង្គ្រាមរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវបានបញ្ជាក់នោះ ក្រៅពីផលវិបាកផ្នែកនយោបាយ និងច្បាប់ ផលប្រយោជន៍របស់អង់គ្លេសទាំងអស់នៅក្នុងតំបន់នេះ នឹងត្រូវបញ្ចូលទៅក្នុងបញ្ជីគោលដៅរបស់កងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់»។ ប្រភពនោះក៏បានរំលឹកផងដែរថា៖«អង់គ្លេសធ្លាប់បានជួបប្រទះការអនុវត្តការគំរាមកំហែងរបស់អ៊ីរ៉ង់ម្តងរួចមកហើយ ក្នុងអំឡុងសង្គ្រាមរយៈពេល ៤០ថ្ងៃ»៕

ក្រសួងការបរទេស៖ អារ៉ាប់រួមថ្កោលទោសសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ូទីប្រឆាំងនឹងអារ៉ាប៊ីសាអ៊ូឌីត

2026/07/22 10:24:34 pm        54
ក្រសួងការបរទេសបាននិយាយនៅព្រឹកថ្ងៃពុធនេះថា អេមីរ៉ាតអារ៉ាប់រួម បានថ្កោលទោសចំពោះសេចក្តីថ្លែងការណ៍របស់កងជីវពលហ៊ូទីនៅប្រទេសយេម៉ែន ទាក់ទងនឹងប្រទេសអារ៉ាប៊ីសាអ៊ូឌីត រួមទាំងការគំរាមកំហែងដាក់ការបិទខ្ទប់ផ្លូវសមុទ្រផងដែរ។ក្រសួងបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យធានាការអនុវត្តសេចក្តីសម្រេចពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសសេចក្តីសម្រេចលេខ ២២១៦ ស្តីពីប្រទេសយេម៉ែន និង សេចក្តីសម្រេចលេខ ២៧២២ ស្តីពីសិទ្ធិ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រក្រហម»។ក្រសួងក៏បាននិយាយផងដែរថា សេរីភាពនៃការធ្វើនាវាចរណ៍នៅតាមផ្លូវទឹកអន្តរជាតិ គឺជា សិទ្ធិដែលត្រូវបានធានាក្រោមច្បាប់អន្តរជាតិ និងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ក្រសួងក៏បានបញ្ជាក់សារជាថ្មីអំពីសាមគ្គីភាពពេញលេញរបស់អារ៉ាប់រួមជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងការគាំទ្ររបស់ខ្លួនចំពោះ វិធានការទាំងអស់ដែលមានគោលបំណងការពារសន្តិសុខ និងស្ថិរភាពរបស់ព្រះរាជាណាចក្រនេះ៕

WSJ៖ NATO កំពុងប្រឈមនឹងការខ្វះខាតកប្បាសសម្រាប់ផលិតរំសេវគ្រាប់កាំភ្លើង

2026/07/22 10:13:44 pm        64
កាសែត Wall Street Journal (WSJ) បានរាយការណ៍ថា សម្ព័ន្ធមិត្តណាតូកំពុងប្រឈមនឹងការផ្គត់ផ្គង់កប្បាសមិនគ្រប់គ្រាន់ ដែលជាសមាសធាតុសំខាន់មួយក្នុងការផលិតរំសេវគ្រាប់កាំភ្លើង។ យោងតាមសារព័ត៌មាននេះ សរសៃកប្បាសខ្លីៗ (linters) ដែលនៅសល់លើគ្រាប់កប្បាសបន្ទាប់ពីដំណើរការកែច្នៃ ត្រូវបានបម្លែងទៅជានីត្រូសែលុយឡូស (nitrocellulose) ដែលគេហៅថា កប្បាសរំសេវផង ដែរ។ ផលិតផលកប្បាសដែលងាយឆេះនេះ ត្រូវបានប្រើក្នុងការផលិតរំសេវសម្រាប់គ្រាប់កាំភ្លើងធំ។ ទោះបីជាសហរដ្ឋអាមេរិកផលិតសរសៃកប្បាសខ្លីៗភាគច្រើនដោយខ្លួនឯង ក៏ខ្លួនមានបំណងបង្កើនការ ផលិតសរសៃកប្បាសប្រភេទនេះ បន្ថែមទៀតផងដែរ។ កាសែត WSJ បានបន្តរាយការណ៍ថា ប្រទេសអឺរ៉ុបបានពឹងផ្អែកយូរមកហើយលើប្រទេសចិនសម្រាប់ការផ្គត់ផ្គង់សរសៃកប្បាសខ្លីៗ និងសមាសធាតុ ដែលផលិតចេញពីវា ដោយសារការដាំដុះកប្បាសនៅអឺរ៉ុប បានធ្លាក់ចុះយ៉ាងខ្លាំង។ សារព័ត៌មាននេះ បានសរសេរថា បច្ចុប្បន្ន រដ្ឋាភិបាលអឺរ៉ុបកំពុងស្វែងរកការបង្កើនការផលិតនីត្រូសែលុយឡូស ខណៈពួកគេកំពុងសិក្សារកជម្រើសផ្សេងទៀតជំនួសសរសៃកប្បាសខ្លីៗទាំងនោះ៕

រដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់អះអាងថា កិច្ចព្រមព្រៀងថាមពលរបស់អាមេរិកមានតម្លៃប្រហែល ២០០ពាន់លានដុល្លារ

2026/07/22 10:10:36 pm        49
រដ្ឋមន្ត្រីប្រេងរបស់អ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងក្រសួងប្រេងអ៊ីរ៉ាក់ និងក្រុមហ៊ុនអាមេរិក អំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali Al-Zaidi ទៅកាន់សហរដ្ឋអាមេរិក ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃប្រហែល ២០០ ពាន់លានដុល្លារ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអ៊ីរ៉ាក់ លោករដ្ឋមន្ត្រី Basim Mohammed បាននិយាយថា កិច្ចព្រមព្រៀងទាំងនេះ នឹងបន្ថែមសមត្ថភាពផលិតប្រេងយ៉ាងសំខាន់ និងបង្កើនការវិនិយោគលើគម្រោង ឧស្ម័នដែលពាក់ព័ន្ធ។ លោកក៏បាននិយាយផងដែរថា សមត្ថភាពផលិតប្រេងរបស់ប្រទេសអ៊ីរ៉ាក់បច្ចុប្បន្នមានចំនួន ៤,៨ លានបារ៉ែល ក្នុងមួយថ្ងៃ។ ប្រទេសអ៊ីរ៉ាក់កំពុងប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមដែលប្រទេសផលិតប្រេងជាច្រើនកំពុងជួបប្រទះគឺ ការទាក់ទាញការវិនិយោគ និងការពង្រីកផលិតកម្ម ខណៈពេលដែលនៅតែត្រូវបានរឹតត្បិតដោយដែនកំណត់ទិន្នផលរបស់ក្រុមប្រទេសផលិតប្រេង OPEC+។ ទោះបីជាអ៊ីរ៉ាក់មានទុនបម្រុងប្រេងឆៅធំបំផុតមួយចំនួននៅលើពិភពលោកក៏ដោយ ក៏ការរឹតបន្តឹងលើការផលិតដែលអូសបន្លាយជាយូរមកហើយ បានធ្វើឲ្យមានការលំបាកដល់ផែនការបង្កើនចំណូល ដើម្បីគាំទ្រដល់ប្រជាជនដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស៕

UN ព្រមានថា ជម្លោះ និងវិបត្តិថាមពលរារាំងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងភាពអត់ឃ្លានពិភពលោក

2026/07/22 09:51:51 pm        42
ប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្មដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម បានព្រមានថា ជម្លោះ និងការរំខានដល់ទីផ្សារថាមពលសកល អាចជំរុញឲ្យមនុស្សរាប់លាននាក់បន្ថែមទៀតធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន ដោយធ្វើឲ្យតម្លៃប្រេងឥន្ធនៈ ជី និងអាហារកើនឡើង ខណៈដែលរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា វឌ្ឍនភាពសកលប្រឆាំងនឹងភាពអត់ឃ្លាន នៅតែផុយ ស្រួយ។ របាយការណ៍សន្តិសុខស្បៀងរបស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានរកឃើញថា ភាពស្រេកឃ្លាននៅទូទាំងពិភពលោក បានធូរស្រាលបន្តិចបន្តួច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែបានព្យាករថា មនុស្សជាង ៥០០ លាននាក់ នៅតែអាចប្រឈមនឹងភាពអត់ឃ្លានរ៉ាំរ៉ៃ នៅឆ្នាំ២០៣០។ អាហ្វ្រិកត្រូវបានរំពឹងថា នឹងទទួលរងបន្ទុកធំបំផុតពីបញ្ហានេះ។នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី១០ ខែកក្កដា លោក Alvaro Lario ប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បាននិយាយថា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរំខានដែលអាចកើតមានចំពោះការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងការផ្គត់ផ្គង់ថាមពល រួមទាំងភាពមិនច្បាស់លាស់ជុំវិញច្រកសមុទ្រហ័រមូសអំឡុងសង្គ្រាមអ៊ីរ៉ង់ អាចធ្វើឲ្យមនុស្សបន្ថែមពី ៩ ទៅ ១៨ លាននាក់ ប្រឈមនឹងភាពអត់ឃ្លាន ប្រសិនបើវិបត្តិទាំងនេះ បន្តអូសបន្លាយ៕

បារាំងកោះអញ្ជើញភារធារីអ៊ីរ៉ង់ពាក់ព័ន្ធនឹងជម្លោះការទូតរវាងប្រទេសទាំងពីរ

2026/07/22 09:47:18 pm        61
ក្រសួងការបរទេសបារាំងកាលពីថ្ងៃអង្គារ បានកោះអញ្ជើញភារធារីអ៊ីរ៉ង់ ពីរថ្ងៃបន្ទាប់ពីខ្លួនបាននិយាយថា បុគ្គលិកស្ថានទូតបារាំង ត្រូវបានឃុំខ្លួន និងគំរាមកំហែងដោយសេវាសន្តិសុខអ៊ីរ៉ង់ នៅទីក្រុងតេអេរ៉ង់។ក្រសួងបាននិយាយថា៖«បារាំងរំពឹងថា អាជ្ញាធរអ៊ីរ៉ង់នឹងបំភ្លឺអំពីហេតុការណ៍នេះ ដាក់ទណ្ឌកម្មលើអ្នកប្រព្រឹត្ត និងធានាសន្តិសុខដល់ទីតាំង និងបុគ្គលិករបស់ខ្លួន ស្របតាមកាតព្វកិច្ចអន្តរជាតិរបស់ពួកគេ»។រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noël Barrot បាននិយាយកាលពីថ្ងៃចន្ទថា លោកបានលើកយកបញ្ហានេះពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់របស់លោក គឺលោក Abbas Araqchi ដោយព្រមានថា ហេតុការណ៍នេះ នឹងមានផលវិបាកជាក់ស្តែង។លោក Araqchi បានបង្ហោះនៅលើគណនី Telegram របស់លោកកាលពីថ្ងៃអង្គារថា លោកបានប្រាប់លោក Barrot ថា សកម្មភាព «មិនស្របតាមទម្លាប់ និងខ្វះវិជ្ជាជីវៈ» របស់អ្នកការទូតបារាំងពីររូប គឺជា «អ្វីដែលមិនអាចទទួលយកបាន» ហើយបានជំរុញឲ្យទីក្រុងប៉ារីសទប់ស្កាត់កុំឲ្យហេតុការណ៍ស្រដៀងគ្នានេះ កើតឡើងម្តងទៀត៕

ពលរដ្ឋហ្ស៊ីមបាវ៉េជាង ១០ម៉ឺននាក់ ត្រូវបានបញ្ជូនត្រឡប់ពីអាហ្វ្រិកខាងត្បូង ខណៈមានការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍

2026/07/22 09:44:50 pm        54
ពលរដ្ឋហ្ស៊ីមបាវ៉េច្រើនជាង ១០០.០០០នាក់ ត្រូវបានបញ្ជូនត្រឡប់ពីប្រទេសអាហ្វ្រិកខាងត្បូង ដែលជាប្រទេសជិតខាង ខណៈមានការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍ ហើយរដ្ឋាភិបាលបានសន្យាបន្តផ្តល់ការគាំទ្រ ដើម្បីធានាការវិលត្រឡប់របស់ពួកគេដោយសុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ។លោក Zhemu Soda រដ្ឋមន្ត្រីក្រសួងព័ត៌មាន ការផ្សព្វផ្សាយ និងសេវាផ្សាយសាធារណៈ បានប្រាប់នៅក្នុងសន្និសីទបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា គិតត្រឹមថ្ងៃទី ១៨ ខែកក្កដា ពលរដ្ឋសរុបចំនួន ១០៨.៣៦៦នាក់ បានវិលត្រឡប់មកវិញ ក្នុងនោះមាន ៣៣.៨៥៥នាក់ តាមរយៈការរៀបចំរបស់ រដ្ឋាភិបាល និង ៧៤.៥១១នាក់ តាមរយៈការវិលត្រឡប់ដោយខ្លួនឯង។លោក Soda បានកត់សម្គាល់ថា មជ្ឈមណ្ឌលទទួលអ្នកវិលត្រឡប់ Beitbridge បានផ្តល់សេវាថែទាំសុខភាពដល់អ្នកវិលត្រឡប់ចំនួន ១.៤៧៤នាក់ ដោយខេត្តរដ្ឋធានី Harare ទទួលបានចំនួនច្រើនជាងគេ បន្ទាប់មកគឺខេត្ត Manicaland, Midlands និង Bulawayo។ដើម្បីធានាដល់ការតាំងទីលំនៅឡើងវិញប្រកបដោយចីរភាព រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របីផ្នែក ដែលគ្របដណ្តប់លើការធ្វើសមាហរណកម្មផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌៕

មេដឹកនាំយេម៉ែនព្រមានថា ការបង្កើនការវាយប្រហាររបស់ក្រុមហ៊ូទីគំរាមកំហែងសន្តិសុខដឹកជញ្ជូននៅសមុទ្រក្រហម

2026/07/22 09:43:13 pm        64
ប្រធានក្រុមប្រឹក្សាភាពជាអ្នកដឹកនាំប្រធានាធិបតីយេម៉ែន លោក Rashad al-Alimi កាលពីថ្ងៃអង្គារ បានព្រមានថា ការគំរាមកំហែងរបស់ក្រុមហ៊ូទីប្រឆាំងនឹងការដឹកជញ្ជូនដែលមានទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីតអាចមានផលវិបាកកាន់តែទូលំទូលាយសម្រាប់សន្តិសុខនៅក្នុងសមុទ្រក្រហម។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Saba បានរាយការណ៍ថា លោក Al-Alimi បានថ្លែងថា សកម្មភាពរបស់ក្រុមហ៊ូទីអាចមានផលប៉ះពាល់មិនត្រឹមតែដល់ប្រទេសយេម៉ែនប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់បណ្តាប្រទេសតាមឆ្នេរសមុទ្រក្រហម និងប្រទេសនៅអាស៊ីដែលពឹងផ្អែកលើផ្លូវនាវាចរណ៍យុទ្ធសាស្ត្រនេះផងដែរ។ លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យពិនិត្យមើលក្រុមហ៊ូធីនៅក្នុងបរិបទដ៏ទូលំទូលាយនៃបញ្ហាប្រឈមសន្តិសុខក្នុងតំបន់។ សេចក្តីថ្លែងការណ៍របស់លោក បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ូទីបានប្រកាសហាមឃាត់នាវាដែលមានទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីតមិនឲ្យធ្វើដំណើរតាមផ្លូវសមុទ្រ ដោយនិយាយថា វិធានការនេះជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា ការបិទខ្ទប់តំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូទីដោយអារ៉ាប៊ីសាអ៊ូឌីតជាយូរមកហើយ។ អារ៉ាប៊ីសាអ៊ូឌីតបានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា នាវាពាណិជ្ជកម្មរាប់រយគ្រឿងដែលដឹកស្បៀងអាហារ ប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត បានចូលទៅក្នុងកំពង់ផែដែលគ្រប់គ្រងដោយក្រុមហ៊ូ ទី អំឡុងពេលឆមាសទី១ នៃឆ្នាំនេះ៕

អ៊ីរ៉ង់ព្រមានប៊ុលហ្គារីកុំឲ្យអាមេរិកប្រើប្រាស់ទឹកដីរបស់ខ្លួនសម្រាប់ប្រតិបត្តិការប្រឆាំងនឹងទីក្រុងតេអេរ៉ង់

2026/07/22 09:39:58 pm        42
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃអង្គារ បានព្រមានប្រទេសប៊ុលហ្គារីកុំឲ្យសហរដ្ឋអាមេរិកប្រើប្រាស់ទឹកដី និងមូលដ្ឋានរបស់ខ្លួនសម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងតេអេរ៉ង់។ លោកបានចេញការព្រមាននេះនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ខណៈពេលដែលកំពុងប្រតិកម្មទៅនឹងការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev ដែលបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោកបានទទួលកំណត់ទូតមួយពីសហរដ្ឋអាមេរិក ដែលស្នើសុំការអនុញ្ញាតឲ្យដាក់ពង្រាយយន្តហោះដឹកប្រេងរហូតដល់ ៨គ្រឿង នៅមូលដ្ឋានទ័ពអាកាស Bezmer ដើម្បីគាំទ្រប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ហើយថា ក្រុមប្រឹក្សារដ្ឋមន្ត្រីប៊ុលហ្គារី នឹងដាក់សំណើមួយទៅសភា ដើម្បីស្វែងរកការយល់ព្រមលើរឿងនេះ នៅពេលក្រោយ។ លោក Baghaei បានអំពាវនាវដល់សភាប៊ុលហ្គារីបដិសេធការផ្តល់ការអនុញ្ញាតឲ្យសហរដ្ឋអាមេរិកដាក់ពង្រាយកម្លាំងនៅលើទឹកដីរបស់ខ្លួន ហើយកុំឲ្យប្រទេសនេះក្លាយជាអ្នកសមគំនិតរបស់ «អ្នកឈ្លានពាន និងឧក្រិដ្ឋជន»។ លោកបាននិយាយថា ក្រោមសេចក្តីសម្រេចលេខ ៣៣១៤ របស់មហាសន្និបាតអង្គការសហប្រជាជាតិ «ការធ្វើឲ្យទឹកដីនៃរដ្ឋមួយអាចប្រើប្រាស់បានសម្រាប់រដ្ឋមួយទៀត ដើម្បីប្រព្រឹត្តអំពើឈ្លានពានប្រឆាំងនឹងរដ្ឋទីបី ត្រូវបានចាត់ទុកថា ជាទង្វើឈ្លានពាន»៕

UN៖ ការខាតបង់ពីការឆបោកតាមអនឡាញក្នុងតំបន់អាស៊ីរហូតដល់ជាង ១១៤ ពាន់លានដុល្លារនៅឆ្នាំ ២០២៥

2026/07/22 08:26:54 pm        44
របាយការណ៍របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ជនរងគ្រោះនៃការឆបោកតាមអ៊ីនធឺណិតឆ្លងដែននៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់បានខាតបង់រហូតដល់ ១១៤,១ ពាន់លានដុល្លារកាលពីឆ្នាំមុន ជាមួយនឹងការខាតបង់ដែលបានប៉ាន់ប្រមាណថាយ៉ាងហោចណាស់កើនឡើងបីដងពីឆ្នាំ ២០២៣។ អាស៊ីអាគ្នេយ៍ ពិសេសសហភាពមីយ៉ាន់ម៉ា បានលេចចេញជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ក្រុមឧក្រិដ្ឋកម្មដែលដំណើរការគម្រោងវិនិយោគស្នេហាក្លែងក្លាយ និងរូបិយប័ណ្ណគ្រីបតូ ដែលក្រុមអ្នកឆបោក ខ្លះមានឆន្ទៈ ខ្លះទៀតត្រូវបានជួញដូរ បោកប្រាស់អ្នកប្រើប្រាស់អ៊ីនធឺណិតនៅជុំវិញពិភពលោក ជារឿយៗមកពីបរិវេណសំណង់អគារឬផ្ទះដែលមានការយាមកាមសន្តិសុខតឹងរ៉ឹង។ប៉ុន្តែក្រោមសម្ពាធពីប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិក អង់គ្លេស និងចិន ក្រុមអាជ្ញាធរនៅក្នុងតំបន់និយាយថា ពួកគេកំពុងបង្ក្រាបឧស្សាហកម្មខុសច្បាប់។ មេដឹកនាំបណ្តាញឆបោកជាច្រើននាក់ដែលត្រូវបានចោទប្រកាន់ត្រូវបានធ្វើបត្យាប័នទៅប្រទេសកំណើតពួកគេវិញក្នុងឆ្នាំចុងក្រោយនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍្របានដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទដំណើរការការឆបោកតាមអ៊ីនធឺណិតយ៉ាងទូលំទូលាយដែលជំរុញដោយការជួញដូរមនុស្ស។ យោងតាមរបាយការណ៍ថ្មីពីការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានឱ្យដឹងថា ការឆបោកតាមអនឡាញ ភាគច្រើនមកពីការក្លែងបន្លំវិនិយោគ នៅទូទាំងតំបន់ដែលបានកំណត់ បានធ្វើឱ្យជនរងគ្រោះខាតបង់ប្រមាណ ៨៨,៣ ពាន់លានដុល្លារ ដល់ ១១៤,១ ពាន់លានដុល្លារកាលពីឆ្នាំមុន។របាយការណ៍នេះបាននិយាយថា ការខាតបង់រួមគ្នាលើសពី ១៨ទៅ៣៧ ពាន់លានដុល្លារដែលប៉ាន់ស្មានថាបានបាត់បង់នៅឆ្នាំ ២០២៣ ហើយឆ្លុះបញ្ចាំងពីការពង្រីកយ៉ាងខ្លាំងនៃសេដ្ឋកិច្ចឧក្រិដ្ឋកម្មនេះ។របាយការណ៍នេះបានបន្ថែមថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រទេសចិន កូរ៉េខាងត្បូង និងតំបន់តៃវ៉ាន់ បានរាយការណ៍ពីការខាតបង់ច្រើនបំផុតពីការឆបោកនៅក្នុងតំបន់ ដោយប្រទេសនីមួយៗ ខាតបង់រាប់ពាន់លានដុល្លារ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM
លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ
07/25/2026 03:07 PM
អគ្គលេខាធិការ UN លោក Guterres ទៅ​ដល់រដ្ឋធានីស៊ីរី ជា​ទស្សនកិច្ចលើកដំបូង គិត​តាំងពីឆ្នាំ២០០៩
07/25/2026 03:07 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ «កាន់តែមាន​ភាព​ប្រាកដ​ប្រជា​» ក្នុងដំណើរ​ការចរចា
07/25/2026 03:07 PM
ក្រុមហ៊ូទីអះអាងពី​ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ខណៈជម្លោះមជ្ឈិមបូព៌ាកាន់តែជ្រៅទៅៗ
07/25/2026 03:07 PM
ចារកម្មអាមេរិក៖ មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ បើក​ចំហជាង ក្នុងការ​ប្រឹង​ប្រែង​ទទួល​​បាន​​អាវុធនុយក្លេអ៊ែរ
07/25/2026 03:07 PM
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
07/25/2026 03:07 PM
សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM