កងទ័ពអ៊ីស្រាអែលដណ្តើមបានប្រាសាទយុទ្ធសាស្ត្រនៅលីបង់ក្នុងការឈ្លានពានដ៏ជ្រៅបំផុតចូលប្រទេសនេះ ក្នុងរយៈពេល២៦ ឆ្នាំ
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បើកការវាយប្រហារថ្មី ខណៈដណ្ដើមគ្នាគ្រប់គ្រងច្រកសមុទ្រហ័រមូស

2026/05/05 08:39:12 am        122
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារថ្មីនៅក្នុងឈូងសមុទ្រកាលពីថ្ងៃចន្ទ ៤ ឧសភា  សប្ដាហ៍នេះ ខណៈពួកគេតស៊ូដណ្ដើមគ្នាគ្រប់គ្រងច្រកសមុទ្រហ័រមូស (Hormuz) ដោយការបិទផ្លូវសមុទ្រដ៏ចម្រូងចម្រាស ដែលធ្វើឱ្យកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយមួយរង្គោះរង្គើ។ ការបាញ់មីស៊ីល និងយានដ្រូន ជាបន្តបន្ទាប់បានកើតឡើងក្រោយលោកប្រធានាធិបតីអាមេរិក Donald Trump បានបើកកិច្ចខិតខំប្រឹងប្រែងថ្មីមួយ ដើម្បីជួយសង្គ្រោះនាវាដឹកប្រេង និងនាវាផ្សេងទៀតដែលជាប់ក្នុងច្រកសមុទ្រនេះ ជាផ្លូវពាណិជ្ជកម្មថាមពលដ៏សំខាន់ ត្រូវបានបិទស្ទើរតែទាំងស្រុងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ខែកុម្ភៈ២០២៦ ជាសង្គ្រាមមួយដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅទូទាំងតំបន់។ មុនពេលថ្ងៃចន្ទចប់ទៅ នាវាពាណិជ្ជកម្មជាច្រើននៅក្នុងឈូងសមុទ្របានរាយការណ៍ពីការផ្ទុះ ឬអគ្គិភ័យ ដោយសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានបំផ្លាញទូកយោធាអ៊ីរ៉ង់តូចៗចំនួនប្រាំមួយគ្រឿង ហើយកំពង់ផែប្រេងមួយនៅអារ៉ាប់រួម ដែលជាទីតាំងមូលដ្ឋានយោធាអាមេរិកដ៏ធំមួយ ត្រូវបានបំផ្លាញដោយមីស៊ីលអ៊ីរ៉ង់។លោក Trump បាននិយាយនៅក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social ថា សហរដ្ឋអាមេរិកបានបាញ់កម្ទេចទូកអ៊ីរ៉ង់តូចៗចំនួនប្រាំពីរគ្រឿង ដោយបន្ថែមថា ទូកទាំងនោះគឺជា អ្វីដែលអ៊ីរ៉ង់ នៅសល់។ នេះជាការប៉ុនប៉ងប្រើប្រាស់កម្លាំងយោធាជាលើកដំបូងចាប់តាំងពីការប្រកាសបទឈប់បាញ់កាលពីខែមុន ដើម្បីបើកផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតរបស់ពិភពលោក ដែលកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បាននិយាយថា អាចកើតឡើងបានលុះត្រាតែមានការអនុញ្ញាតពីខ្លួន។ តម្លៃធានារ៉ាប់រងដឹកជញ្ជូនក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ។ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ កងទ័ពជើងទឹកអាមេរិកបានបិទផ្លូវពាណិជ្ជកម្មរបស់អ៊ីរ៉ង់តាមសមុទ្រ ដែលអ៊ីរ៉ង់និយាយថា សកម្មភាពបែបនេះគឺជាទង្វើសង្គ្រាម៕

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល

2026/05/04 08:17:24 pm        53
ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានរាយការណ៍នៅថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) នេះ ថា រដ្ឋអាជ្ញាអ៊ីតាលីបានបើកការស៊ើបអង្កេតការឃុំខ្លួនដោយខុសច្បាប់ បន្ទាប់ពីការវាយឆ្មក់ដោយកងកម្លាំងអ៊ីស្រាអែលលើកងនាវាជំនួយ ១គ្រឿងដែលធ្វើដំណើរឆ្ពោះទៅកាន់តំបន់ហ្កាហ្សា។ការស៊ើបអង្កេតនេះត្រូវបានបើកដំណើរការ បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពាក់ព័ន្ធនឹងការឃុំខ្លួនពលរដ្ឋអេស្ប៉ាញឈ្មោះ Saif Abu Keshek និងជនជាតិប្រេស៊ីលឈ្មោះ Thiago Avila ដែលនៅលើនាវាមានទង់ជាតិអ៊ីតាលី កាលពីសប្តាហ៍មុន។តុលាការអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានពន្យារការឃុំខ្លួនសកម្មជន ២នាក់ដែលត្រូវបាននាំខ្លួនទៅអ៊ីស្រាអែល ដើម្បីសួរចម្លើយរយៈពេល ២ថ្ងៃ។អ្នកទាំង ២ ស្ថិតនៅលើនាវា ក្នុងចំណោមកងនាវាជាង ៥០គ្រឿងដែលចាកចេញពីបារាំង អេស្ប៉ាញ និងអ៊ីតាលី ក្នុងគោលបំណងទម្លុះការបិទខ្ទប់ផ្លូវរបស់អ៊ីស្រាអែល ចំពោះតំបន់ហ្កាហ្សា និងនាំយកសម្ភារៈទៅកាន់ដែនដីប៉ាឡេស្ទីនដែលត្រូវបានបំផ្លិចបំផ្លាញមួយនេះ។នាវាទាំងនោះត្រូវបានស្ទាក់ចាប់នៅក្នុងដែនទឹកអន្តរជាតិ នៅជិតម្ដុំឆ្នេរសមុទ្ររបស់ក្រិក កាលពីថ្ងៃព្រហស្បតិ៍ ដោយអ៊ីស្រាអែលប្រាប់ថា ខ្លួនបាននាំយកសកម្មជនប្រមាណ ១៧៥នាក់ចេញពីនាវា។ លោក Avila និងលោក Abu Keshek ត្រូវបាននាំទៅអ៊ីស្រាអែល ដើម្បីសួរចម្លើយ ខណៈដែលសកម្មជនផ្សេងទៀតត្រូវបានដោះលែង។ប្រតិបត្តិការរបស់អ៊ីស្រាអែលនេះ ត្រូវបានរិះគន់យ៉ាងទូលំទូលាយ ជាពិសេសដោយអ៊ីតាលី និងអេស្ប៉ាញ។ ការិយាល័យរដ្ឋអាជ្ញាទីក្រុងរ៉ូម បានបើកការស៊ើបអង្កេតស្រដៀងគ្នានេះ កាលពីខែតុលាឆ្នាំមុន បន្ទាប់ពីមានការប៉ុនប៉ងកាលពីមុន ដោយកងនាវាមនុស្សធម៌ ដើម្បីទៅដល់តំបន់ហ្កាហ្សា៕

បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់

2026/05/04 08:11:23 pm        49
បងប្រុសរបស់លោកស្រី Narges Mohammadi បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) ថា ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពសញ្ជាតិអ៊ីរ៉ង់រូបនេះ ដែលត្រូវបាននាំពីពន្ធនាគារទៅមន្ទីរពេទ្យ កាលពីសប្តាហ៍មុន ត្រូវការការថែទាំសុខភាពឯកទេសជាបន្ទាន់ ដើម្បីព្យាបាលជំងឺបេះដូងដែលគំរាមកំហែងដល់អាយុជីវិត។លោកស្រី Mohammadi បានឈ្នះរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ២០២៣ ខណៈពេលកំពុងជាប់ពន្ធនាគារ ដោយសារការធ្វើយុទ្ធនាការលើកកម្ពស់សិទ្ធិស្ត្រី និងលុបបំបាត់ទោសប្រហារជីវិត នៅក្នុងប្រទេសអ៊ីរ៉ង់។ ក្រុមគ្រួសាររបស់លោកស្រីបានឲ្យដឹងថា លោកស្រីត្រូវបានសង្ស័យថា មានអាការគាំងបេះដូង នៅចុងខែមីនា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយ នៅភាគពាយ័ព្យអ៊ីរ៉ង់ កាលពីថ្ងៃទី១ ខែឧសភា ដោយសារតែសុខភាពរបស់លោកស្រី កាន់តែមានយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។នៅក្នុងបទសម្ភាសន៍មួយពីផ្ទះរបស់លោកក្នុងប្រទេសន័រវ៉ែស បងប្រុសរបស់លោកស្រី គឺលោក Hamidreza Mohammadi បាននិយាយថា៖ «នាងកំពុងមានអាការឈឺក្បាល ចង្អោរ និងឈឺទ្រូងខ្លាំង។ នោះហើយជាអ្វីដែលយើងព្រួយបារម្ភយ៉ាងខ្លាំង ពាក់ព័ន្ធនឹងបេះដូងរបស់នាង»។លោកបន្តថា បាននិយាយថា មន្ទីរពេទ្យខេត្តដែលនាងកំពុងទទួលការព្យាបាល មិនអាចផ្តល់ការថែទាំគ្រប់គ្រាន់ដល់នាងបានឡើយ។ លោកបានន្ថែមថា អ្នកជំនាញ «ទាំងអស់ជឿថា ជីវិតរបស់នាងស្ថិតក្នុងគ្រោះថ្នាក់ ហើយនាងត្រូវការយ៉ាងហោចណាស់រយៈពេលមួយខែ នៅក្រៅពន្ធនាគារ ដើម្បីទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវ»។ទាំងក្រុមគ្រួសាររបស់លោកស្រី Mohammadi និងគណៈកម្មាធិការពានរង្វាន់ណូបែលន័រវ៉ែស បានអំពាវនាវដល់អាជ្ញាធរអ៊ីរ៉ង់ឲ្យផ្ទេររូបលោកស្រីទៅក្រុមគ្រូពេទ្យជំនាញ ដែលដឹងពីស្ថានភាពរបស់លោកស្រី នៅទីក្រុងតេអេរ៉ង់ ដើម្បីទទួលបានការព្យាបាល៕

​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz

2026/05/04 07:59:14 pm        79
ប្រទេសអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា អ៊ីរ៉ង់បានបាញ់យានដ្រូន ២គ្រឿង ទៅលើនាវាដឹកប្រេង ១គ្រឿងដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនប្រេងរដ្ឋ ADNOC របស់ខ្លួន នៅក្នុងច្រកសមុទ្រ Hormuz ដោយបានថ្កោលទោសការវាយប្រហារនេះ។អមដោយការបន្ថែមថា មិនមានអ្នករងរបួស នៅក្នុងហេតុការណ៍នោះ ក្រសួងការបរទេសរបស់អារ៉ាប់រួមបានលើកឡើងថា៖ «ការកំណត់គោលដៅលើការដឹកជញ្ជូនពាណិជ្ជកម្ម និងការប្រើប្រាស់ច្រកសមុទ្រ Hormuz ជាឧបករណ៍នៃការសម្លុតកំហែងសេដ្ឋកិច្ច ឬការបង្ខិតបង្ខំ តំណាងឲ្យសកម្មភាពចោរសមុទ្រ ដែលប្រព្រឹត្តដោយកងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់»។យានដ្រូន ២គ្រឿង បានវាយប្រហារនាវា MV Barakah នៅឯឆ្នេរសមុទ្រអូម៉ង់ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះឡើយ។ នេះបើយោងតាម ADNOC ដែលជាក្រុមហ៊ុនប្រេងលំដាប់យក្សរបស់អារ៉ាប់រួម ដោយបន្ថែមថា នាវានេះមិនមានផ្ទុកទំនិញនោះទេ។ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មសមុទ្រចក្រភពអង់គ្លេស បានឲ្យដឹងនៅមុននេះថា នាវាដឹកប្រេង ១គ្រឿង ត្រូវបានរាយការណ៍ថា ត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីលដែលមិនដឹងប្រភេទ នៅក្នុងច្រកសមុទ្រ។ ទីភ្នាក់ងារនេះបានបន្ថែមថា នាវិកទាំងអស់ត្រូវបានរាយការណ៍ថា មានសុវត្ថិភាពនៅក្នុងឧប្បត្តិហេតុនេះ ដែលបានកើតឡើងនៅចម្ងាយ ៧៨ម៉ាយល៍ណត់ (ប្រហែលជាង ១៤០គីឡូម៉ែត្រ) នៅភាគខាងជើងនៃទីក្រុង Fujairah៕

បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា

2026/05/04 07:31:18 pm        39
លោក Nickolay Mladenov បេសកជននាំមុខគេនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) របស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់តំបន់ហ្កាហ្សា គ្រោងនឹងបើកកិច្ចពិភាក្សា នៅថ្ងៃចន្ទ (ទី៤ ខែមេសា ឆ្នាំ២០២៦) នេះ ជាមួយមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ស្តីពីស្ថានភាព នៅក្នុងដែនដីប៉ាឡេស្ទីន។គេហទំព័រព័ត៌មាន The Times of Israel បានឲ្យដឹងថា ក្នុងអំឡុងពេលមានកិច្ចពិភាក្សា លោក Mladenov ត្រូវបានគេរំពឹងថា នឹងស្នើសុំឲ្យអ៊ីស្រាអែលបន្ធូរបន្ថយការរឹតបន្តឹង លើលំហូរនៃការផ្គត់ផ្គង់មនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សាដែលត្រូវបានបិទខ្ទប់ និងកំណត់ប្រតិបត្តិការយោធារបស់ខ្លួន នៅទីនោះ។ដំណើរទស្សនកិច្ចរបស់លោកទៅអ៊ីស្រាអែល បានកើតឡើងបន្ទាប់ពីបេសកជនរូបនេះ បានជួបពិភាក្សាជាមួយក្រុមហាម៉ាស នៅប្រទេសអេហ្ស៊ីប ស្តីពីការអនុវត្តផែនការបទឈប់បាញ់ នៅតំបន់ហ្កាហ្សារបស់លោក Trump។មិនមានព័ត៌មានលម្អិតណាមួយត្រូវបានផ្តល់ឲ្យនោះទេ ពាក់ព័ន្ធនឹងខ្លឹមសារនៃការពិភាក្សា រវាងភាគីទាំង២ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានអះអាងថា ការពិភាក្សារបស់លោក Mladenov ជាមួយក្រុមនេះ សម្រាប់ការរំសាយអាវុធ បានបរាជ័យ។យោងតាមកាសែត The Times of Israel បានឲ្យដឹងបន្ថែមថា ក្រុមហាម៉ាសបានទទូចថា បញ្ហាអាវុធរបស់ខ្លួន អាចត្រូវបានដោះស្រាយ លុះត្រាតែជាផ្នែកមួយនៃក្របខ័ណ្ឌដែលឈានដល់ការបង្កើតរដ្ឋប៉ាឡេស្ទីនប៉ុណ្ណោះ។ ក្រុមហាម៉ាសមិនបានចេញសេចក្តីថ្លែងការណ៍ណាមួយ អំពីការពិភាក្សាជាមួយលោក Mladenov ឬបង្ហាញមតិយោបល់ណាមួយឡើយ ជុំវិញរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលនេះ៕

រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស

2026/05/04 07:30:48 pm        46
នាថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) នេះ អូទ្រីសបានឲ្យដឹងថា ខ្លួនបានបណ្តេញបុគ្គលិកស្ថានទូតរុស្ស៊ីចំនួន ៣នាក់ចេញពីប្រទេស ដោយសង្ស័យថា បានធ្វើចារកម្ម ដោយរដ្ឋមន្ត្រីការបរទេសប្ដេជ្ញាឲ្យមាន «ការផ្លាស់ប្តូរទិសដៅ» និងការបង្ក្រាប លើចារកម្ម។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើទៅកាន់សារព័ត៌មាន AFP ក្រសួងការបរទេស បានបញ្ជាក់ពីរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ORF ថា បុគ្គលិកស្ថានទូតរុស្ស៊ីចំនួន ៣រូប ត្រូវបានបណ្តេញចេញ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសាធារណៈមួយនេះ បានឲ្យដឹងថា ការដំឡើងឧបករណ៍ នៅលើដំបូលស្ថានទូតរុស្ស៊ី អាចត្រូវបានប្រើ ដើម្បីធ្វើចារកម្មលើអង្គការអន្តរជាតិនានាដែលមានមូលដ្ឋាននៅទីក្រុងវីយែន។ស្ថានទូតរុស្ស៊ីប្រចាំប្រទេសអូទ្រីសបានលើកឡើងនៅថ្ងៃចន្ទនេះថា ទីក្រុងមូស្គូនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការសម្រេចចិត្តរបស់ប្រទេសអូទ្រីស ក្នុងការបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៣រូប។គួរបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទនេះ ទីក្រុងវីយែនបានប្រកាសថា អ្នកការទូតរុស្ស៊ីចំនួន ៣រូប គឺជាបុគ្គលមិនត្រូវបានស្វាគមន៍ ពាក់ព័ន្ធនឹងការដំឡើងឧបករណ៍នៅលើដំបូលអគារការទូតដែលអាចត្រូវបានប្រើប្រាស់ សម្រាប់ចារកម្ម៕

អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់

2026/05/04 07:29:59 pm        54
លោក Ali Abdollahi មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់ បាននិយាយថាកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នៅតែបន្តគ្រប់គ្រងច្រកសមុទ្រហ័រមូស ហើយកំពុងជំរុញឲ្យនាវាទាំងអស់ជៀសវាងការឆ្លងកាត់ផ្លូវទឹក ដោយគ្មានការសម្របសម្រួលជាមួយទីក្រុងតេអេរ៉ង់។  ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានដកស្រង់សម្តីលោកដែលបាននិយាយថា៖«យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធានាសន្តិសុខនៃច្រកសមុទ្រហ័រមូស និងគ្រប់គ្រងស្ថានការណ៍នេះ។ យើងជំរុញឲ្យនាវា ពាណិជ្ជកម្ម និងនាវាដឹកប្រេងទាំងអស់ជៀសវាងការប៉ុនប៉ងឆ្លងកាត់ ដោយគ្មានការសម្របសម្រួលជាមុនជាមួយកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅច្រកសមុទ្រហ័រមូស ដើម្បីកុំឲ្យសុវត្ថិភាពរបស់ពួកគេត្រូវបានគំរាមកំហែង»។  លោក Abdollahi បានព្រមានថា កងកម្លាំងប្រដាប់អាវុធបរទេសណាមួយ ជាពិសេសកងទ័ពសហរដ្ឋអាមេរិក នឹងត្រូវបានកំណត់គោលដៅ ប្រសិនបើពួកគេព្យាយាមចូលទៅជិត ឬចូលទៅក្នុងច្រកសមុទ្រហ័រមូស៕

ស៊ុយអែតកាត់ទោសបុរសស៊ីរីម្នាក់ឲ្យជាប់ពន្ធនាគារមួយជីវិត ពីបទឧក្រិដ្ឋកម្មសង្គ្រាមឆ្នាំ ២០១២-២០១៣

2026/05/04 06:59:19 pm        46
តុលាការស៊ុយអែតនៅថ្ងៃចន្ទនេះ បានកាត់ទោសបុរសអាយុ ៥៥ ឆ្នាំម្នាក់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិតចំពោះតួនាទីរបស់ខ្លួន ក្នុងឧក្រិដ្ឋកម្មសង្គ្រាម អំឡុងសង្គ្រាមស៊ីវិលស៊ីរី ក្នុងឆ្នាំ ២០១២ និង ២០១៣។តុលាការបានរកឃើញថា បុរសនោះមានទោសពីបទចូលរួមក្នុងការបាញ់ប្រហារប្រឆាំងនឹងការតវ៉ាដោយសន្តិវិធី ក្នុងខែកក្កដា ឆ្នាំ ២០១២ នៅជាយក្រុង Yarmouk,នៃទីក្រុងដាម៉ាស ជាកន្លែងដែលអ្នកតវ៉ាជាច្រើននាក់ ត្រូវបានសម្លាប់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ។តុលាការក៏បានរកឃើញផងដែរថា បុរសរូបនេះ បានបម្រើការនៅរបាំងផ្លូវ ដែលបង្កើតឡើងដោយរដ្ឋាភិបាលស៊ីរី នៅក្នុងតំបន់នោះ ចាប់ពីខែធ្នូ ឆ្នាំ ២០១២ ដល់ខែកក្កដា ឆ្នាំ ២០១៣ ជាទីដែល «ជនស៊ីវិលមួយចំនួនធំ» ត្រូវបានចាប់ខ្លួន និងនាំទៅធ្វើទារុណកម្ម និងក្នុងករណីខ្លះ ត្រូវបានសម្លាប់។យោងតាមតុលាការនេះ បទល្មើសទាំងពីរ បានកើតឡើង ជាផ្នែកមួយនៃសង្គ្រាមស៊ីវិលស៊ីរី ដែលបង្កឡើងដោយការមិនពេញចិត្តរបស់ប្រជាជនចំពោះការគ្រប់គ្រងរបស់មេដឹកនាំកាន់អំណាចយូរ លោក បាសា អាល់អាសាដ៕

មន្ត្រីរដ្ឋាភិបាលយេម៉ែនម្នាក់ ត្រូវបានសម្លាប់ នៅទីក្រុងADEN

2026/05/04 06:56:54 pm        67
មន្ត្រីសន្តិសុខម្នាក់ បានប្រាប់សារព័ត៌មានស៊ីនហួថា មន្ត្រីរដ្ឋាភិបាលយេម៉ែនម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ នៅទីក្រុង Aden កាលពីថ្ងៃអាទិត្យ ដោយសាកសពរបស់លោក មានស្នាមរបួស ដោយសារគ្រាប់កាំភ្លើងជាច្រើនគ្រាប់។  មន្ត្រីសន្តិសុខមូលដ្ឋាន ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា លោក Wissam Qaed អនុប្រធានប្រតិបត្តិនៃមូលនិធិសង្គមសម្រាប់ការអភិវឌ្ឍ ត្រូវបានចាប់ជំរិត នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ដោយខ្មាន់កាំភ្លើងដែលមិនស្គាល់អត្តសញ្ញាណ នៅជិតលំនៅឋានរបស់លោក។កាលៈទេសៈជុំវិញការសម្លាប់នេះ នៅតែមិនច្បាស់លាស់ ហើយគ្មានក្រុមណាមួយអះអាងពីការទទួលខុសត្រូវចំពោះការចាប់ពង្រត់ ឬការស្លាប់នៅពេលក្រោយមកនោះទេ។មូលនិធិសង្គមសម្រាប់ការអភិវឌ្ឍ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ដំណើរការ ក្រោមរដ្ឋាភិបាលយេម៉ែន និងរាយការណ៍ដោយផ្ទាល់ទៅគណៈរដ្ឋមន្ត្រី ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងកម្មវិធីអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រ។ លោក Qaed បានបម្រើការជាអនុប្រធានប្រតិបត្តិ ចាប់តាំងពីឆ្នាំ ២០១៩៕

បារាំងជំរុញឲ្យមានសកម្មភាពសកល ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន

2026/05/04 06:53:11 pm        55
បារាំង ដែលជាប្រធាន G7 នៅថ្ងៃចន្ទនេះ បានជំរុញឲ្យមានសកម្មភាពសកលឲ្យលឿនជាងមុន ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន នៅក្នុងសន្និសីទមួយនៅទីក្រុងប៉ារីស ខណៈដែលទីភ្នាក់ងារថាមពលអន្តរជាតិ បាននិយាយថា ការបញ្ចេញឧស្ម័នពីវិស័យឥន្ធនៈហ្វូស៊ីល នៅតែជិតដល់កម្រិតកំណត់ត្រា។ដោយប្រើប្រាស់តួនាទីរបស់ខ្លួនជាប្រធានប្តូរវេននៃក្រុមមហាអំណាចឧស្សាហកម្មទាំង ៧ បារាំងបានកោះប្រជុំមន្ត្រីរដ្ឋាភិបាល មេដឹកនាំឧស្សាហកម្ម និងអ្នកជំនាញ ដើម្បីកសាងសន្ទុះ មុនកិច្ចប្រជុំកំពូលអាកាសធាតុ COP31 របស់អង្គការសហប្រជាជាតិ នៅក្នុងខែវិច្ឆិកា។ឧស្ម័នមេតាន ដែលជាអ្នករួមចំណែកធំបំផុតទី២ ចំពោះការប្រែប្រួលអាកាសធាតុ គឺស្ថិតនៅក្នុងបរិយាកាសយូរជាង CO2 ប៉ុន្តែឥទ្ធិពលនៃការឡើងកម្តៅរបស់វាមានឥទ្ធិពលខ្លាំងជាងប្រហែល ៨០ ដងក្នុងរយៈពេល ២០ ឆ្នាំ។លោកស្រី Monique Barbut រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ីបារាំង បានថ្លែងនៅក្នុងសុន្ទរកថាមួយថា៖«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការពិភាក្សាដែលយើងនឹងមាននៅថ្ងៃនេះ នឹងអាចឲ្យយើងចូលរួមកម្លាំងរបស់យើង ដើម្បីពន្លឿនការអនុវត្តដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពអ៊ីស្រាអែលដណ្តើមបានប្រាសាទយុទ្ធសាស្ត្រនៅលីបង់ក្នុងការឈ្លានពានដ៏ជ្រៅបំផុតចូលប្រទេសនេះ ក្នុងរយៈពេល២៦ ឆ្នាំ
06/01/2026 08:06 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM