រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

ប៉ូឡូញ៖ គ្មានសញ្ញាណាមួយបង្ហាញថាកងទ័ពអាមេរិកចេញពីអាល្លឺម៉ង់ អាចត្រូវបានផ្លាស់ទីតាំងនោះទេ

2026/05/04 03:38:23 pm        63
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយកាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភាថា ប្រទេសប៉ូឡូញ មិនបានទទួលសញ្ញាណាមួយដែលបង្ហាញថា កងទ័ពដែលត្រូវបានសហរដ្ឋអាមេរិកដកចេញពីប្រទេសអាល្លឺម៉ង់ អាចត្រូវបានផ្លាស់ប្តូរទីតាំងជំនួសឱ្យការបញ្ជូនត្រឡប់ទៅអាមេរិកវិញនោះទេ។ លោក Tusk បាននិយាយដូច្នេះនៅពេលត្រូវបានសួរថាតើទីក្រុងវ៉ាស៊ីនតោន បានបង្ហាញថាតើកងទ័ពអាចត្រូវបានដាក់ពង្រាយឡើងវិញទៅកាន់ស្លាបភាគខាងកើតរបស់ណាតូ ជាជាងត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ឬយ៉ាងណា។មន្ទីរបញ្ចកោណបានប្រកាសថា សហរដ្ឋអាមេរិកនឹងដកកងទ័ពចំនួន៥.០០០នាក់ចេញពីប្រទេសអាល្លឺម៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ណាតូ ជាមូលដ្ឋាននៅអឺរ៉ុបធំបំផុតរបស់ខ្លួន ដោយសារតែភាពប្រេះឆាជុំវិញសង្គ្រាមនៅអ៊ីរ៉ង់ និងការដំឡើងពន្ធ ដែលបានធ្វើឱ្យមានភាពតានតឹងបន្ថែមទៀតលើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប។មន្ទីរបញ្ចកោណបាននិយាយថា ការដកកងទ័ព ត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល៦ទៅ១២ខែខាងមុខ។ ប្រទេសអាល្លឺម៉ង់ បានផ្តល់មូលដ្ឋានដល់បុគ្គលិកយោធាសហរដ្ឋអាមេរិកដែលកំពុងបំពេញកាតព្វកិច្ចដ៏សកម្មប្រហែល៣៥.០០០នាក់ ដែលច្រើនជាងនៅកន្លែងផ្សេងទៀតនៅអឺរ៉ុប។រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីថ្ងៃសៅរ៍ ទី ២ ខែឧសភា ថា ការកាត់បន្ថយកងទ័ពដែលបានគ្រោងទុក នឹងជំរុញឱ្យអឺរ៉ុបពង្រឹងការការពារខ្លួនឯង។

លោក MACRON ជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់ បើកច្រកសមុទ្រហ័រមូសឡើងវិញ

2026/05/04 03:35:29 pm        77
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) នៅថ្ងៃចន្ទនេះ បានជំរុញឲ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បើកច្រកសមុទ្រហ័រមូសឡើងវិញ តាមរបៀប «សម្របសម្រួល» ខណៈដែលយោធាអាមេរិកបានជំរុញទៅមុខជាមួយនឹងបេសកកម្មមួយ ដើម្បីអមដំណើរនាវាចេញពីផ្លូវទឹកនេះ។លោក ម៉ាក្រុង បានថ្លែងនៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំអឺរ៉ុបនៅប្រទេសអាមេនីថា៖«អ្វីដែលយើងចង់បានលើសពីនេះទៅទៀត គឺការបើកច្រកសមុទ្រហ័រមូសឡើងវិញ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នេះគឺជាដំណោះស្រាយតែមួយគត់សម្រាប់ការបើកច្រកសមុទ្រហ័រមូសឡើងវិញ»។មេដឹកនាំបារាំងរូបនេះ ដែលប្រទេសរបស់លោក បានដឹកនាំកិច្ចខិតខំប្រឹងប្រែងជាមួយចក្រភពអង់គ្លេស ដើម្បីប្រមូលផ្តុំសម្ព័ន្ធភាព ដើម្បីបើកច្រកសមុទ្រនេះឡើងវិញ នៅពេលដែលសន្តិភាពត្រូវបានធានា បាននិយាយថា៖«យើងនឹងមិនចូលរួមក្នុងប្រតិបត្តិការយោធាណាមួយនៅក្នុងក្របខណ្ឌដែលហាក់ដូចជាមិនច្បាស់លាស់ចំពោះខ្ញុំនោះទេ»៕

ប្រមុខក្រសួងរតនាគារ៖ អាមេរិក «កំពុងធ្វើឲ្យអ៊ីរ៉ង់ដកដង្ហើមលែងរួច» ដោយការបិទខ្ទប់ផ្លូវ

2026/05/04 03:21:31 pm        124
រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បាននិយាយកាលពីថ្ងៃអាទិត្យ (ទី៣ ខែឧសភា ឆ្នាំ២០២៦) ថា សហរដ្ឋអាមេរិកកំពុង «ធ្វើឲ្យថ្នាក់ដឹកនាំអ៊ីរ៉ង់ដកដង្ហើមលែងរួច» តាមរយៈ «ការដាក់សេដ្ឋកិច្ចរបស់ប្រទេសនេះឲ្យស្ថិតនៅក្នុងការហ៊ុមព័ទ្ធ» ដែលបានចាប់ផ្តើមរួមជាមួយនឹងការវាយលុករបស់យោធាអាមេរិក។នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News ដោយសំដៅទៅលើគំនិតផ្តួចផ្តើមពីក្រសួងរបស់លោក ដើម្បីបំពេញបន្ថែមដល់ប្រតិបត្តិការ « Operation Epic Fury» របស់មន្ទីរបញ្ចកោណ លោក Bessent បានលើកឡើងថា៖ «រឿងនេះបានចាប់ផ្តើមជាមួយនឹងបទបញ្ជា កាលពីខែមីនាឆ្នាំមុន ពីសំណាក់លោកប្រធានាធិបតី Trump ដែលជាការដាក់សម្ពាធខ្លាំងក្លាបំផុត ហើយ ៣សប្តាហ៍មុន លោកប្រធានាធិបតីបានបញ្ជាឲ្យក្រសួងរតនាគារផ្ទាល់ចាប់ផ្តើមប្រតិបត្តិការផ្នែកសេដ្ឋកិច្ច Economic Fury»។លោកបានប្រាប់កម្មវិធី Sunday Morning Futures ថា៖ «យើងកំពុងធ្វើឲ្យរបបនេះដកដង្ហើមលែងរួច ហើយពួកគេមិនអាចបង់ប្រាក់ខែដល់ទាហានរបស់ពួកគេបានឡើយ។ នេះគឺជាការធ្វើផ្លូវសេដ្ឋកិច្ចស្ថិតនៅក្នុងការហ៊ុមព័ទ្ធយ៉ាងពិតប្រាកដ ហើយវាស្ថិតនៅក្នុងគ្រប់ផ្នែកទាំងអស់នៃរដ្ឋាភិបាល ពោលគឺមានពាក់ព័ន្ធពីគ្រប់គ្នា»។ទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានដាក់ចេញការរឹតបន្តឹងលើនាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ជាផ្លូវឆ្លងកាត់ដ៏សំខាន់ សម្រាប់ឧស្សាហកម្មថាមពលដែលនាំចេញអ៊ីដ្រូកាបូនពីរដ្ឋឈូងសមុទ្រ។ ទោះបីអ៊ីរ៉ង់បានរារាំងការដឹកជញ្ជូនភាគច្រើន នៅក្នុងច្រកសមុទ្រនេះក៏ដោយ ក៏កងទ័ពជើងទឹកសហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងរារាំងនាវាទាំងអស់ដែលធ្វើដំណើរទៅ ឬមកពីកំពង់ផែអ៊ីរ៉ង់។ ភាគីទាំង២ ត្រូវបានគេឲ្យដឹងថា កំពុងចរចា ខណៈបទឈប់បាញ់ដ៏ផុយស្រួយនៅតែបន្តមាន៕

អ៊ីរ៉ង់ព្រមានអំពីការរំលោភបទឈប់បាញ់ ខណៈអាមេរិកគ្រោងអមដំណើរនាវា នៅច្រកសមុទ្រ Hormuz

2026/05/04 03:15:43 pm        119
ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ (ទី៤ ខែឧសភា ឆ្នាំ២០២៦) បានព្រមានថា ខ្លួននឹងចាត់ទុកការប៉ុនប៉ងជ្រៀតជ្រែកណាមួយដោយសហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz ថា ជាការរំលោភលើបទឈប់បាញ់ នៅតំបន់មជ្ឈិមបូព៌ា ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមអមដំណើរនាវាឆ្លងកាត់ផ្លូវទឹកដែលត្រូវបានបិទខ្ទប់មួយនេះ។ការចរចា រវាងប្រទេសទាំង២ ត្រូវបានជាប់គាំង ចាប់តាំងពីបទឈប់បាញ់ បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ហើយការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់អ៊ីរ៉ង់ លើច្រកសមុទ្រយុទ្ធសាស្ត្រនេះ ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើទីក្រុងតេអេរ៉ង់ គឺជាចំណុចសំខាន់នៃការប្រទាញប្រទង់គ្នា។លោក Trump បាននិយាយកាលពីថ្ងៃទី៣ ខែឧសភាថា ប្រតិបត្តិការសមុទ្រថ្មី ដែលលោកបានដាក់ឈ្មោះថា «Project Freedom» (គម្រោងសេរីភាព) គឺជាកាយវិការ «មនុស្សធម៌» សម្រាប់ក្រុមនាវិកនៅលើនាវាជាច្រើនដែលត្រូវបានជាប់ទៅណាមិនរួចដោយសារការបិទខ្ទប់ផ្លូវ ហើយដែលអាចនឹងអស់ស្បៀងអាហារ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត។តាមរយៈសារមួយ នៅលើបណ្ដាញសង្គម Truth Social ដោយកត់សម្គាល់ថា ប្រតិបត្តិការនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែឧសភានេះ លោក Trump បាននិយាយថា៖ «យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីនាំនាវា និងក្រុមនាវិកចេញពីច្រកសមុទ្រដោយសុវត្ថិភាព។ ក្នុងគ្រប់ករណី ពួកគេបាននិយាយថា ពួកគេនឹងមិនត្រឡប់មកវិញទេ រហូតដល់តំបន់នោះមានសុវត្ថិភាព សម្រាប់ការធ្វើនាវាចរណ៍»។ជាការឆ្លើយតប ប្រធានគណៈកម្មការសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ បានបញ្ជាក់ថា៖ «ការជ្រៀតជ្រែកណាមួយដោយសហរដ្ឋអាមេរិក នៅក្នុងប្រព័ន្ធសមុទ្រថ្មីនៃច្រកសមុទ្រ Hormuz នឹងត្រូវបានចាត់ទុកថា ជាការរំលោភលើបទឈប់បាញ់»។គួរបញ្ជាក់ថា ដោយអនុវត្តការបិទខ្ទប់ច្រកសមុទ្រ Hormuz អ៊ីរ៉ង់បានរារាំងលំហូរប្រេង ឧស្ម័ន និងជីសំខាន់ៗទៅកាន់សេដ្ឋកិច្ចពិភពលោក ខណៈសហរដ្ឋអាមេរិកបានដាក់ចេញនូវការបិទផ្លូវតបត ចំពោះកំពង់ផែអ៊ីរ៉ង់៕

ក្រុមហេសបូឡា បានរងផលវិបាកយ៉ាងធ្ងន់ធ្ងរ ដោយសារសង្គ្រាមជាមួយអ៊ីស្រាអែល

2026/05/04 03:13:08 pm        125
ក្រុមហេសបូឡា បានជួបផលវិបាកដ៏ធ្ងន់ធ្ងរ ដោយសារការធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល នៅថ្ងៃទី ០២ ខែមីនា៖ អ៊ីស្រាអែលបានកាន់កាប់ផ្នែកមួយនៅភាគខាងត្បូងប្រទេសលីបង់ បានបណ្តេញសមាជិកមូស្លីមស៊ីអ៊ីតរាប់រយរាប់ពាន់នាក់ និងបានសម្លាប់យុទ្ធជនរបស់ខ្លួន រហូតដល់រាប់ពាន់នាក់។ នេះបើយោងតាមការប៉ាន់ស្មានពីអ្នករងរបួសដែលមិនធ្លាប់មានពីមុនមកពីក្នុងក្រុមនេះ។វិធានការរបស់ក្រុមនេះ ក៏បាននាំមកនូវផលវិបាកនយោបាយយ៉ាងធំធេងផងដែរ។ នៅទីក្រុងបេរូត ក្រុមប្រឆាំងបានជំទាស់នឹងឋានៈរបស់ខ្លួន ជាក្រុមប្រដាប់អាវុធ ដែលគូប្រជែងក្នុងស្រុកមើលឃើញថា ជាការធ្វើឲ្យប្រទេសលីបង់ប្រឈមនឹងសង្គ្រាមម្តងហើយម្តងទៀតជាមួយអ៊ីស្រាអែល។ កាលពីខែមេសា រដ្ឋាភិ   បាលលីបង់ បានធ្វើកិច្ចចរចាផ្ទាល់ជាមួយអ៊ីស្រាអែលជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលជាការសម្រេចចិត្ត ដែលក្រុមហេសបូឡាបានប្រឆាំងយ៉ាងដាច់អហង្ការ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីហេសបូឡាជាង ១០នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេឃើញឱកាស ដើម្បីផ្លាស់ប្តូរស្ថានភាព ដែលកំពុងធ្លាក់ចុះនេះ តាមរយៈការចូលរួមជាមួយទីក្រុងតេអេរ៉ង់ក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ ក្រុមនេះ ដែលបង្កើតឡើងដោយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ក្នុងឆ្នាំ ១៩៨២ បានបើកការបាញ់ប្រហារពីរថ្ងៃចូលទៅក្នុងជម្លោះ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។មន្ត្រីទាំងនោះ បាននិយាយថា ការគណនារបស់ក្រុមនេះ គឺផ្អែកលើការវាយតម្លៃថា ការចូលរួមរបស់ខ្លួន នឹងបង្ខំឲ្យប្រទេសលីបង់ចូលទៅក្នុងរបៀបវារៈនៃការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយថា សម្ពាធរបស់អ៊ីរ៉ង់អាចធានាបាននូវបទឈប់បាញ់ដ៏រឹងមាំជាងបទឈប់បាញ់ដែលបានចូលជាធរមាននៅក្នុងខែ  វិច្ឆិកា ឆ្នាំ ២០២៤ បន្ទាប់ពីជម្លោះដែលបង្កឡើងដោយសង្គ្រាមនៅតំបន់ហ្កាហ្សា៕

CENTCOM៖ កងទ័ពអាមេរិកប្រមាណ ១៥.០០០នាក់ នឹងចូលរួមប្រតិបត្តិការរំដោះនាវានៅច្រកសមុទ្រហ័រមូស

2026/05/04 03:07:00 pm        129
ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា កងទ័ពអាមេរិកប្រមាណ ១៥.០០០ នាក់ នាវាពិឃាត និងយន្តហោះជាង ១០០គ្រឿង នឹងចូលរួមក្នុងប្រតិបត្តិការ ដើម្បីរំដោះនាវា ដែលបានជាប់គាំងនៅក្នុងច្រកសមុទ្រហ័រមូស ដោយសារតែជម្លោះយោធារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ CENTCOM បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X ថា៖«ការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកចំពោះប្រតិបត្តិការរំដោះវានានេះ នឹងរួមមាននាវាពិឃាតបំពាក់ដោយមីស៊ីលតម្រង់គោលដៅ យន្តហោះដែលមានមូលដ្ឋានលើដី និងសមុទ្រជាង ១០០គ្រឿង ប្រព័ន្ធប្រតិបត្តិការស្វ័យប្រវត្តិ ឬបញ្ជាពីចម្ងាយ និងសមាជិកយោធាចំនួន ១៥.០០០នាក់»។នាពេលថ្មីៗនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសរបស់ខ្លួន នឹងចាប់ផ្តើមគម្រោងប្រតិបត្តិការរំដោះនាវា នៅថ្ងៃចន្ទនេះ ដើម្បីជួយនាវាដែលជាប់គាំងនៅក្នុងច្រកសមុទ្រ ហ័រមូស ដោយសារតែជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឲ្យចាកចេញពីដែនទឹករបស់ច្រកសមុទ្រនេះ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ការជ្រៀតជ្រែកណាមួយ នឹងត្រូវដោះស្រាយដោយបង្ខំ៕

ទីប្រឹក្សារបស់មេដឹកនាំកំពូល៖ អ៊ីរ៉ង់មានសមត្ថភាពវាយប្រហារពន្លិចនាវាចម្បាំង និងបំផ្លាញកងកម្លាំងអាមេរិក

2026/05/04 03:04:13 pm        94
ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mohsen Rezaei បានហៅសហរដ្ឋអាមេរិកថា «ចោរសមុទ្រតែមួយគត់ ក្នុងលោកដែលមាននាវាផ្ទុកយន្តហោះ» ហើយបានព្រមានថា ទីក្រុងតេអេរ៉ង់ មានសមត្ថភាពវាយប្រហារពន្លិចនាវាចម្បាំង និងបំផ្លាញយោធាអាមេរិក។លោកបានសរសេរនៅលើទំព័រ X របស់លោកថា៖«សហរដ្ឋអាមេរិក គឺជាចោរសមុទ្រតែមួយគត់ ក្នុងពិភពលោកដែលមាននាវាផ្ទុកយន្តហោះ។ សមត្ថភាពរបស់យើងក្នុងការប្រឈមមុខនឹងចោរសមុទ្រ គឺមិនតិចជាងសមត្ថភាពរបស់យើងក្នុងការវាយប្រហារពន្លិចនាវាចម្បាំងនោះទេ។ សូមត្រៀមខ្លួនរកកន្លែងសម្រាប់កប់សពនៃនាវាផ្ទុកយន្តហោះ និងកងកម្លាំងរបស់អ្នក ក៏ដូចជាបំណែកយន្តហោះរបស់អ្នក ត្រូវបានទុកចោលនៅក្នុងទីក្រុង Isfahanផងដែរ»។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ នៅថ្ងៃទី ០២ ខែឧសភាថា កងកម្លាំងអាមេ រិកធ្វើសកម្មភាព «ដូចជាចោរសមុទ្រ» ក្នុងអំឡុងពេលរឹបអូសនាវាដឹកប្រេងអ៊ីរ៉ង់។នាពេលមុននេះ នៅក្នុងលិខិតមួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Amir Saeid Iravani តំណាងអចិន្ត្រៃយ៍អ៊ីរ៉ង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថាជា «ចោរសមុទ្ររដ្ឋ» បន្ទាប់ពីការរឹបអូសនាវាពាណិជ្ជកម្មអ៊ីរ៉ង់ពីរគ្រឿងគឺ Majestic និង Tifani និងការលួចប្រេងចំនួន ៣,៨ លានបា    រ៉ែល។ អ៊ីរ៉ង់បានថ្កោលទោសចំពោះសកម្មភាពទាំងនេះថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការ។ ទីក្រុងតេអេរ៉ង់ ក៏បាននិយាយផងដែរថា ខ្លួនរក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹងសកម្មភាពទាំងនេះស្របតាមច្បាប់អន្តរជាតិ៕

ក្រុមមេដឹកនាំអឺរ៉ុប និងកាណាដា ជួបពិភាក្សាគ្នានៅប្រទេសអាមេនី ក្រោមស្រមោលរបស់លោក TRUMP

2026/05/04 02:53:19 pm        78
ក្រុមមេដឹកនាំអឺរ៉ុប និងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានជួបជុំគ្នា នៅប្រទេសអាមេនី នៅថ្ងៃចន្ទនេះ ខណៈពួកគេស្វែងរកគ្រប់គ្រងបរិយាកាសភូមិសាស្ត្រនយោបាយដ៏លំបាកមួយ ក្រោមការដឹកនាំរបស់សេតវិមានដែលមិនអាចទាយទុកជាមុនបាន។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើកិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុប (EPC)។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីក្រុងយេរេវ៉ាន (Yerevan) ដែលជាលំហ យុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្ររវាងរុស្ស៊ី និងមជ្ឈិមបូព៌ា ដោយមានបញ្ហាសំខាន់ពីរ នៅក្នុងរបៀបវារៈនៃជំនួប។ លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«មេដឹកនាំមកពីទូទាំងទ្វីប ដោយមានប្រទេសកាណាដាជាភ្ញៀវ នឹងពិភាក្សាអំពីរបៀបសហការគ្នា ដើម្បីពង្រឹងសន្តិសុខ និងភាពធន់រួមគ្នា»។សង្គ្រាមអ៊ីរ៉ង់ ដែលបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ ដោយធ្វើឲ្យតម្លៃថាមពលកើនឡើងខ្ពស់ បានធ្វើឲ្យភាពប្រេះឆាក្នុងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកកាន់តែអាក្រក់ឡើងៗ។បន្ទាប់ពីការប៉ះទង្គិចពាក្យសម្តីរវាងលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលបានរិះគន់ការដោះស្រាយជម្លោះរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយអ៊ីរ៉ង់ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងដកកងទ័ពរបស់ខ្លួនចំនួន ៥.០០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់៕

ADB នឹងផ្តល់ជំនួយ ៧០ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញតភ្ជាប់ថាមពល និងឌីជីថល នៅអាស៊ី-ប៉ាស៊ីហ្វិក

2026/05/04 02:51:17 pm        84
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងផ្តល់ជំនួយរហូតដល់ ៧០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣៥ ដល់គំនិតផ្តួចផ្តើមពីរ ដើម្បីរួមបញ្ចូលបណ្តាញអគ្គិសនី ពង្រីកពាណិជ្ជកម្មអគ្គិសនីឆ្លងកាត់ព្រំដែន និងការកែលម្អគុណភាពនៃការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿន នៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានបើកដំណើរការគំនិតផ្តួចផ្តើមបណ្តាញអគ្គិសនី Pan-Asia និងផ្លូវហាយវេឌីជីថលអាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៩ របស់ធនាគារនេះ នៅទីក្រុង Samarkand ដែលជាទីក្រុងធំទី ២ របស់ប្រទេសអ៊ូសបេគីស្ថាន។លោក Kanda បាននិយាយថា៖«ថាមពល និងការចូលប្រើឌីជីថល នឹងកំណត់អនាគតរបស់តំបន់នេះ ដោយបន្ថែមថា តាមរយៈ «ការភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញឌីជីថលឆ្លងកាត់ព្រំដែន យើងអាចកាត់បន្ថយថ្លៃដើម ពង្រីកឱកាស និងនាំមកនូវថាមពល និងចូលប្រើឌីជីថលដែលអាចទុកចិត្តបានដល់មនុស្សរាប់រយលាននាក់»។យោងតាមលោក Kanda គំនិតផ្តួចផ្តើមបណ្តាញអគ្គិសនី Pan-Asia ស្វែងរកការតភ្ជាប់ប្រព័ន្ធថាមពលជាតិ និងអនុតំបន់ ដើម្បីឲ្យលំហូរថាមពលកកើតឡើងវិញឆ្លងកាត់ព្រំដែន។ ផ្លូវហាយវេឌីជីថលអាស៊ី-ប៉ាស៊ីហ្វិក មានគោលបំណងកាត់បន្ថយគម្លាតហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងជួយតំបន់នេះទាញយកផលប្រយោជន៍ពីកំណើនដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI)៕

អង់គ្លេសនឹងចាប់ផ្តើមការចរចាស្តីពីការចូលរួមក្នុងប្រាក់កម្ចីចំនួន ៩០ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន

2026/05/04 02:48:40 pm        86
ចក្រភពអង់គ្លេស នឹងចាប់ផ្តើមការចរចាស្តីពីការចូលរួមគំនិតផ្តួចផ្តើមក្នុងការចេញប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូពីអឺរ៉ុបដល់អ៊ុយក្រែនសម្រាប់ផលប្រយោជន៍នៃឧស្សាហកម្មការពារជាតិរបស់ខ្លួន។ នេះបើយោងតាមការិយាល័យរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer។ការិយាល័យនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោកនាយករដ្ឋមន្ត្រី Keir Starmer នឹងប្រាប់កិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុបនៅទីក្រុង Yerevanថា ចក្រភពអង់គ្លេសចង់ចូលរួមជាមួយសហភាពអឺរ៉ុប ដើម្បីធានាថា អ៊ុយក្រែនទទួលបានគ្រឿងយុទ្ធោបករណ៍សំខាន់ៗ»។កិច្ចប្រជុំកំពូលនេះ នឹងធ្វើឡើងនៅរដ្ឋធានី Yerevan របស់ប្រទេសអាមេនី នៅថ្ងៃទី ០៤ ខែឧសភានេះ។ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី បាននិយាយថា ការផ្តល់ហិរញ្ញប្បទានបន្ថែមសម្រាប់ទីក្រុងគីវ«អាចបើកឱកាសសម្រាប់អាជីវកម្មអង់គ្លេស ដើម្បីបំពេញតម្រូវការសមត្ថភាពបន្ទាន់សម្រាប់អ៊ុយក្រែន»។ការិយាល័យនេះក៏បានពិពណ៌នាអំពីការសម្រេចនេះថា ជា «ជំហានដ៏សំខាន់មួយ» ឆ្ពោះទៅរកទំនាក់ទំនងជិតស្និទ្ធរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។ក្នុងពេលជាមួយគ្នានេះ ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី បាននិយាយថា ទណ្ឌកម្មថ្មីប្រឆាំងនឹងក្រុមហ៊ុនរុស្ស៊ី ដែលមានគោលបំណងកាត់បន្ថយសមត្ថភាពយោធារបស់ទីក្រុងមូស្គូ នឹងត្រូវប្រកាស នៅនៅចុងសប្តាហ៍នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM