រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ អាមេរិកឆ្លើយតបផែនការសន្តិភាព១៤ ចំណុចរបស់ខ្លួន ខណៈលោក Trumpថាមិនអាចទទួលយកបាន

2026/05/04 11:08:35 am        66
អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកបានឆ្លើយតបទៅនឹងផែនការ ១៤ ចំណុចដែលបានស្នើឡើងរបស់ទីក្រុងតេអេរ៉ង់ ដែលមានគោលបំណងបញ្ចប់ជម្លោះនៅតែបន្ត ខណៈទីក្រុងវ៉ាស៊ីនតោនបានបង្ហាញពីការមិនពេញចិត្តចំពោះលក្ខខណ្ឌនានា ហើយភាពតានតឹងនៅតែបន្តរីករាលដាលពាសពេញតំបន់ និងទីផ្សារថាមពលពិភពលោក។អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB គ្រប់គ្រងដោយរដ្ឋថា ការឆ្លើយតបរបស់សហរដ្ឋអាមេរិកកំពុងស្ថិតក្រោមការពិនិត្យ។ លោកបានសង្កត់ធ្ងន់ថា សំណើនេះផ្តោតតែលើការបញ្ចប់អរិភាព ហើយមិនដោះស្រាយបញ្ហានុយក្លេអ៊ែរលម្អិតនោះទេ។លោក Baghaei បាននិយាយថា បច្ចុប្បន្ន ពួកលោកផ្តោតលើវិសាលភាពដែលទាក់ទងនឹងការបញ្ចប់សង្គ្រាមនៅក្នុងតំបន់ រួមទាំងប្រទេសលីបង់ផងដែរ ដោយបន្ថែមថា ពួកលោកមិនមានការចរចានុយក្លេអ៊ែរនៅដំណាក់កាលនេះទេ។សហរដ្ឋអាមេរិកពុំទាន់បានបញ្ជាក់ជាផ្លូវការអំពីការឆ្លើយតបរបស់ខ្លួននៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានសារព័ត៌មាន Kan News ដកស្រង់សម្តី ដោយនិយាយថា សំណើរបស់អ៊ីរ៉ង់គឺ មិនអាចទទួលយកបានឡើយ។សារព័ត៌មាន Kan News បានដកស្រង់សម្តីរបស់លោក Trump ដែលបាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទខ្លីមួយថា សំណើសន្តិភាព១៤ចំណុចនេះមិនអាចទទួលយកបានទេសម្រាប់រូបលោក។ លោកបានសិក្សារួចហើយ លោកបានសិក្សាអ្វីៗគ្រប់យ៉ាង។ វាមិនអាចទទួលយកបានទេ។លោកបាននិយាយថា អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀងមួយ ប៉ុន្តែរូបលោកមិនពេញចិត្តនឹងអ្វីដែលពួកគេបានផ្តល់ជូនទេ ដោយបន្ថែមថា មានរឿងខ្លះ ដែលលោកមិនអាចយល់ព្រមបាន៕

ទាហានអាមេរិកពីរនាក់ បាត់ខ្លួនក្នុងអំឡុងពេលសមយុទ្ធ African Lion នៅប្រទេសម៉ារ៉ុក

2026/05/04 10:51:37 am        103
បញ្ជាការអាហ្វ្រិក សហរដ្ឋអាមេរិក (AFRICOM) និងកងកម្លាំងប្រដាប់អាវុធម៉ារ៉ុកបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអាមេរិកពីរនាក់ដែលចូលរួមក្នុងសមយុទ្ធយោធារួមគ្នា មានឈ្មោះថា African Lion ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួននៅជិតទីក្រុង Tan Tan ប្រទេសម៉ារ៉ុកភាគខាងត្បូង ។យោធាទាំងនៃប្រទេសទាំងពីរបាននិយាយក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាថា កងកម្លាំងអាមេរិក ម៉ារ៉ុក និងកងកម្លាំងដៃគូផ្សេងទៀតបានចាប់ផ្តើមប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដែលត្រូវបានសម្របសម្រួល រួមទាំងនៅលើដីគោក ផ្លូវអាកាស និងផ្លូវសមុទ្រ ដើម្បីស្វែងរកសមាជិកកងកម្លាំងដែលបានបាត់ខ្លួននៅជិតកន្លែងហ្វឹកហាត់ Cap Draa ។កងទ័ពម៉ារ៉ុកបាននិយាយថា សមាជិកកងកម្លាំងបានបាត់ខ្លួននៅជិតចំណោទច្រាំងថ្មមួយកន្លែង។មន្ត្រីការពារជាតិអាមេរិកម្នាក់បានប្រាប់សារព័ត៌មាន Reuters តាមសារអេឡិចត្រូនិកថា របាយការណ៍ដំបូងបង្ហាញថា ទាហានទាំងពីរនាក់ប្រហែលជាបានធ្លាក់ចូលក្នុងមហាសមុទ្រ។ លោកអាចបញ្ជាក់បានថាឧបទ្ទវហេតុនេះ មិនទាក់ទងនឹងអំពើភេរវកម្មទេ។  African Lion គឺជាសមយុទ្ធរួមគ្នាប្រចាំឆ្នាំដ៏ធំបំផុតរបស់បញ្ជាការអាហ្វ្រិក សហរដ្ឋអាមេរិក ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការក្នុងចំណោមកងកម្លាំងអាមេរិក សម្ព័ន្ធមិត្តណាតូ និងប្រទេសដៃគូអាហ្វ្រិក។សមយុទ្ធប្រចាំឆ្នាំនេះចាប់ផ្តើមពីថ្ងៃទី ២៧ ខែមេសា ដល់ថ្ងៃទី ៨ ខែឧសភា នៅទូទាំងប្រទេសទាំងបួនគឺ ហ្គាណា ម៉ារ៉ុក សេណេហ្គាល់ និងទុយនីស៊ី។យោងតាមបញ្ជាការអាហ្វ្រិក សហរដ្ឋអាមេរិក ខាងលើ ផ្នែកធំបំផុតនៃសមយុទ្ធនេះធ្វើឡើងនៅប្រទេសម៉ារ៉ុក ដែលពាក់ព័ន្ធនឹងបុគ្គលិកប្រហែល ៥.០០០ នាក់មកពីជាង ៤០ ប្រទេស៕

ប្រេងធ្លាក់ថ្លៃ ក្រោយលោក Trump ថា អាមេរិកនឹងជួយដោះលែងនាវាដែលជាប់នៅច្រកសមុទ្ទ Hormuz

2026/05/04 09:48:07 am        121
តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃចន្ទ៤ឧសភានេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថាសហរដ្ឋអាមេរិកនឹងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងនាវាដែលជាប់គាំងនៅច្រកសមុទ្រ Hormuz ទោះជាយ៉ាងណាក៏ដោយ ការខ្វះកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានរក្សាតម្លៃឱ្យនៅខ្ពស់ជាង១០០ ដុល្លារ ក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅ Brent បានធ្លាក់៦៤ សេន ឬ០,៥៩% មកនៅត្រឹម១០៧,៥៣ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង ២៣និង៨នាទីម៉ោងសកល បន្ទាប់ពីបានធ្លាក់២,២៣ ដុល្លារកាលពីថ្ងៃសុក្រចុងសប្ដាហ៍មុន។ តម្លៃប្រេង West Texas Intermediate របស់សហរដ្ឋអាមេរិកមានតម្លៃ ១០១,១០ដុល្លារក្នុងមួយបារ៉ែល ធ្លាក់៨៤ សេន ឬ០,៨២ % ក្រោយការខាតបង់ ៣,១៣ដុល្លារកាលពីថ្ងៃសុក្រចុងសប្ដាហ៍មុន។តម្លៃប្រេងនៅតែខ្ពស់ជាង ១០០ ដុល្លារក្នុងមួយបារ៉ែល ដោយគ្មានកិច្ចព្រមព្រៀងសន្តិភាពណាមួយកើតឡើង ហើយចរាចរណ៍នៅក្នុងច្រកសមុទ្ទ Hormuz នៅតែមានកម្រិត។ ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបន្តកាលពីចុងសប្តាហ៍នេះ ដោយប្រទេសនានាកំពុងវាយតម្លៃការឆ្លើយតប និងបើកទំព័រថ្មីពីគ្នាទៅវិញទៅមក។អ្នកវិភាគមកពីស្ថាប័នស្រាវជ្រាវទីផ្សារនិងសេដ្ឋកិច្ច ANZ បាននិយាយនៅក្នុងកំណត់ចំណាំមួយថា ការចរចាសន្តិភាពត្រូវបានជាប់គាំង ខណៈភាគីទាំងពីរបដិសេធមិនបន្តដើរលើបន្ទាត់ក្រហមរៀងៗខ្លួន៕

អ៊ីស្រាអែល គំរាមបន្តសង្គ្រាមនៅហ្កាហ្សាដើម្បីបង្ខំឲ្យមានការរំសាយអាវុធខណៈ «បទឈប់បាញ់» រង្គោះរង្គើ

2026/05/04 09:45:48 am        114
នៅក្នុងក្រុង Khan Younis និង Deir el-Balah ក្នុងតំបន់ហ្កាហ្សាដែលត្រូវបានបំផ្លាញ សំឡេងយានដ្រូនរបស់អ៊ីស្រាអែល និងសំឡេងបាញ់ផ្លោង គឺជាការរំលឹកជារៀងរាល់ថ្ងៃថា សង្គ្រាមមិនបានបញ្ចប់ពិតប្រាកដនោះទេ។ទោះបីជាមាន «បទឈប់បាញ់» ចាប់តាំងពីខែតុលាមកក៏ដោយ គ្រួសារជាច្រើននៅតែបន្តទាញយកសាកសពចេញពីគំនរបាក់បែក។ យោងតាមប្រភពព័ត៌មានពីគ្រូពេទ្យក្នុងស្រុកបានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនចំនួន ៨២៨ នាក់ត្រូវបានសម្លាប់ចាប់តាំងពី «បទឈប់បាញ់» បានចាប់ផ្តើម។ បច្ចុប្បន្ន ក្រុមគ្រួសារនៅតំបន់ហ្កាហ្សាបានត្រៀមខ្លួនសម្រាប់ការវាយលុកជាថ្មី ខណៈមន្ត្រីអ៊ីស្រាអែលគំរាមថា នឹងបំផ្លាញកិច្ចព្រមព្រៀងដ៏ផុយស្រួយនេះ ដើម្បីបង្ខំឱ្យមានការចុះចាញ់។នៅទីក្រុងយេរូសាឡឹម នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលុបចោលភ្លាមៗកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខដែលបានកំណត់ពេលកាលពីថ្ងៃអាទិត្យ ដោយជ្រើសរើសកិច្ចពិភាក្សាតូចមួយជំនួសវិញ។ ក្នុងពេលជាមួយគ្នានេះ យោធាបានបង្កើនសម្ពាធដើម្បីបន្តអរិភាព។មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់បាននិយាយថា ការប្រយុទ្ធគ្នាជុំមួយបន្ថែមទៀត «ទំនងជាជៀសមិនរួចនោះទេ» ដោយលើកឡើងពីការបដិសេធរបស់ក្រុមហាម៉ាសក្នុងការប្រគល់អាវុធរបស់ខ្លួន និងបានចោទប្រកាន់ពីការ «បរាជ័យ» របស់កងកម្លាំងស្ថេរភាពអន្តរជាតិ ជាស្ថាប័នពហុជាតិសាសន៍មួយដែលត្រូវបានដាក់ពង្រាយក្រោមក្របខ័ណ្ឌបទឈប់បាញ់កាលពីពេលថ្មីៗនេះ ដើម្បីត្រួតពិនិត្យសន្តិសុខ និងគ្រប់គ្រងការអនុវត្តបទឈប់បាញ់។

អធិការបតីអាល្លឺម៉ង់ និយាយសម្រាលពីភាពប្រះឆាជាមួយទីក្រុងវ៉ាស៊ីនតោន ទោះបីជាមានការដកកងទ័ពអាមេរិកក៏ដោយ

2026/05/04 09:37:35 am        98
លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ បានព្យាយាមនិយាយសម្រាលពីភាពតានតឹងជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសពីផែនការកាត់បន្ថយចំនួនកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់។ លោក Merz បាននិយាយកាលពីថ្ងៃអាទិត្យថា ផែនការដកកងទ័ពរបស់សហរដ្ឋអាមេរិក ពុំមានជាប់ទាក់ទងទៅនឹងភាពខ្វែងគំនិតគ្នាជាមួយប្រធានាធិបតី លោក Donald Trump លើយុទ្ធសាស្ត្ររបស់លោកនៅក្នុងប្រទេសអ៊ីរ៉ង់ នោះទេ។ លោក Merz បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ARD ក្នុងបទសម្ភាសន៍មួយថា «ខ្ញុំនៅតែជឿជាក់ថា អាមេរិកគឺជាដៃគូសំខាន់បំផុតសម្រាប់យើងនៅក្នុងសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង (NATO)»។ បញ្ហាបានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្តាហ៍មុន នៅពេលដែលលោក Merz ទំនងជាបានរិះគន់ចំណាត់ការរបស់លោក Trump នៅក្នុងប្រទេសអ៊ីរ៉ង់ ជាកន្លែងដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមដោយមិនពិភាក្សាជាមួយសម្ព័ន្ធមិត្តណាតូរបស់ទីក្រុងវ៉ាស៊ីនតោន។លោក Merz បាននិយាយថា អ៊ីរ៉ង់កំពុង «ធ្វើឱ្យសហរដ្ឋអាមេរិកអាម៉ាស់» ដោយព្រមានថាទីក្រុងវ៉ាស៊ីនតោនពុំមានមធ្យោបាយច្បាស់លាស់ចេញពីជម្លោះនោះទេ។ រដ្ឋមន្ត្រីការបរទេស លោក Johann Wadephul ក្រោយមកបានព្យាយាមនិយាយសម្រាលពីការធ្វើអត្ថាធិប្បាយទាំងនោះ ដោយនិយាយថាលោក Merz បាននិយាយសំដៅទៅលើ «ឥរិយាបថដ៏អាក្រក់» របស់អ៊ីរ៉ង់នៅក្នុងការចរចាសន្តិភាព។លោក Trump បានស្តីបន្ទោសលោក Merz ដោយនិយាយថា មេដឹកនាំអាល្លឺម៉ង់ «មិនដឹងថា លោកកំពុងនិយាយអំពីអ្វីនោះទេ» ហើយបានគំរាមដកទាហានអាមេរិកចេញ។ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានបញ្ជាឱ្យដកទាហានអាមេរិកប្រហែល ៥.០០០ នាក់ក្នុងរយៈពេល ១២ ខែខាងមុខ។

យានដ្រូនរបស់អ៊ុយក្រែន វាយប្រហារកំពង់ផែ Primorsk នាវាដឹកប្រេង និងនាវាយោធា របស់រុស្ស៊ី

2026/05/04 09:32:50 am        112
អ៊ុយក្រែន បានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើគោលដៅនានានៅទូទាំងប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ដោយវាយប្រហារកំពង់ផែ Primorsk នៅសមុទ្របាល់ទិក បង្កឲ្យមានអគ្គិភ័យ ព្រមទាំងវាយប្រហារទៅលើនាវាមួយចំនួន ខណៈខ្លួនបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងគោលដៅផ្សេងៗទៀត។ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ការវាយប្រហារទាំងនេះបានបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរដល់កំពង់ផែស្ថានីយប្រេង។ លោកZelenskyy បានសរសេរនៅលើបណ្តាញតេឡេក្រាមថា អ៊ុយក្រែនក៏បានវាយប្រហារនាវាដឹកប្រេងមួយគ្រឿង នាវាបំពាក់មីស៊ីលរបស់រុស្ស៊ីមួយគ្រឿង និងទូកល្បាតមួយគ្រឿងនៅក្នុងសមុទ្របាល់ទិកផងដែរ ហើយលទ្ធផលនីមួយៗ បានរឹតត្បិតបន្ថែមទៀតនូវសក្តានុពលសង្គ្រាមរបស់រុស្ស៊ី»។លោក Alexander Drozdenko អភិបាលតំបន់ភាគពាយ័ព្យ ជាទីតាំងកំពង់ផែនោះ បាននិយាយថា យានដ្រូនជាង៦០គ្រឿងត្រូវបានបាញ់ទម្លាក់កាលពីពេលយប់។ លោកបាននិយាយថា អគ្គិភ័យនៅ កំពង់ផែPrimorsk ដែលជាច្រកនាំចេញប្រេងដ៏សំខាន់ ត្រូវបានពន្លត់យ៉ាងឆាប់រហ័ស ហើយពុំមានការកំពប់ប្រេងនោះទេបន្ទាប់ពីការវាយប្រហារ។ ក្នុងចំណោមរបាយការណ៍ជាច្រើនអំពីការវាយប្រហារផ្សេងៗទៀតនៅក្នុងប្រទេសរុស្ស៊ី អភិបាលតំបន់ Belgorod ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែន លោក Vyacheslav Gladkov បាននិយាយថា យានដ្រូនបានធ្លាក់ទៅលើរថយន្តមួយគ្រឿងបណ្តាលឲ្យមនុស្ស២នាក់ស្លាប់។ កំពង់ផែ Primorsk ដែលជាច្រកនាំចេញចូលធំបំផុតមួយរបស់ប្រទេសរុស្ស៊ី មានសមត្ថភាពដោះស្រាយការផ្គត់ផ្គង់ប្រេងចំនួន១លានបារ៉ែលក្នុងមួយថ្ងៃ។ វាត្រូវបានវាយប្រហារច្រើនដងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈការចរចាដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន បានជាប់គាំង។

OPEC+ យល់ព្រមដំឡើងកូតាទិន្នផលប្រេងលើកទីបីចាប់តាំងពីការបិទច្រកសមុទ្ទ Hormuz

2026/05/04 09:29:39 am        117
អង្គការ OPEC+ បានយល់ព្រមកាលពីថ្ងៃអាទិត្យលើការដំឡើងទិន្នផលប្រេងតិចតួចសម្រាប់ខែមិថុនា ជាការកើនឡើងដែលនឹងនៅតែមាននៅលើក្រដាសភាគច្រើន ដរាបណាសង្គ្រាមអ៊ីរ៉ង់នៅតែបន្តរំខានដល់ការផ្គត់ផ្គង់ប្រេងនៅឈូងសមុទ្រតាមរយៈច្រកសមុទ្ទ Hormuz។សេចក្តីថ្លែងការណ៍មួយបាននិយាយបន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណិតថា ប្រទេសចំនួនប្រាំពីររបស់អង្គការ OPEC+ នឹងបង្កើនគោលដៅទិន្នផលប្រេងចំនួន១៨៨.០០០បារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែមិថុនា ដែលជាការកើនឡើងប្រចាំខែជាប់ៗគ្នាលើកទីបី។ ការកើនឡើងនេះគឺដូចគ្នានឹងការព្រមព្រៀងគ្នាសម្រាប់ខែឧសភា ដោយដកចំណែករបស់អារ៉ាប់រួម ដែលបានដើរចេញពីអង្គការនេះកាលពីថ្ងៃទី១ខែឧសភា២០២៦ថ្មីៗនេះ។ ក្រុមប្រទេស OPEC+ ទាំង៧មានដូចជា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត រុស្ស៊ី អ៊ីរ៉ាក់ កូវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់។ ប្រភព និងក្រុមអ្នកវិភាគរបស់អង្គការ OPEC+ បាននិយាយថា ចំណាត់ការនេះត្រូវបានបង្កើតឡើងដើម្បីបង្ហាញថាក្រុមប្រទេសផលិតប្រេងមួយនេះត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនការផ្គត់ផ្គង់នៅពេលសង្គ្រាមឈប់ ហើយជាសញ្ញាថា OPEC+ កំពុងបន្តជាមួយនឹងវិធីសាស្រ្តអាជីវកម្មដូចធម្មតា ទោះបីជាអេមីរ៉ាតអារ៉ាប់រួមចាកចេញពី OPEC+ ក៏ដោយ ។លោក Jorge Leon អ្នកវិភាគនៅក្រុមហ៊ុនទីផ្សារថាមពល Rystad ក្នុងប្រទេសន័រវេស និងជាអតីតមន្ត្រី OPEC បាននិយាយថា OPEC+ កំពុងផ្ញើសារពីរស្រទាប់ទៅកាន់ទីផ្សារ ១គឺ និរន្តរភាពទោះបីជា អារ៉ាប់រួម ចាកចេញក៏ដោយ និងទី២ គឺការគ្រប់គ្រង ទោះបីជាមានផលប៉ះពាល់រូបវន្តមានកំណត់ក៏ដោយ។ ខណៈទិន្នផលកំពុងកើនឡើងតែនៅលើក្រដាស ផលប៉ះពាល់ពិតប្រាកដលើការផ្គត់ផ្គង់រូបវន្តនៅតែមានកម្រិតខ្លាំងដោយសារតែការរឹតបន្តឹងនៅច្រកសមុទ្ទ Hormuz។ នេះពុំនិយាយច្រើនអំពីការបន្ថែមចំនួនបារ៉ែលប្រេងទេ ប៉ុន្តែនិយាយអំពីការផ្តល់សញ្ញាថា ទីបំផុត OPEC+ នៅតែជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយ៕

លោកTrump៖ អាមេរិក-អ៊ីរ៉ង់ស្ថិតក្នុងការពិភាក្សាវិជ្ជមានដោយបង្ហាញផែនការអមការពារនាវាឆ្លង ច្រកសមុទ្ទHormuz

2026/05/04 08:30:05 am        151
លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យទី ៣ឧសភា ថា សហរដ្ឋអាមេរិកកំពុងធ្វើការពិភាក្សាប្រកបដោយវិជ្ជមានជាមួយអ៊ីរ៉ង់ ខណៈលោកបានគូសបញ្ជាក់ពីផែនការមួយសម្រាប់កងកម្លាំងអាមេរិកដើម្បីអមការពារដំណើរនាវាឆ្លងកាត់ច្រកសមុទ្ទហ័រមូស (Hormuz)ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ៤ឧសភានេះ។លោកថាប្រតិបត្តិការផ្លូវសមុទ្ទថ្មី ដែលលោកបានដាក់ឈ្មោះថា "គម្រោងសេរីភាព" "Project Freedom," គឺជាកាយវិការ "មនុស្សធម៌" សម្រាប់ក្រុមនាវិកនៅលើនាវាជាច្រើនដែលត្រូវបានជាប់នៅក្នុងការបិទផ្លូវ ហើយដែលអាចនឹងអស់ស្បៀងអាហារ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត។លោកបាននិយាយក្នុងការបង្ហោះដ៏វែងមួយលើបណ្ដាញសង្គម Truth Social របស់លោកថា ពួកលោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីយកនាវា និងក្រុមនាវិករបស់ពួកគេចេញពីច្រកសមុទ្ទដោយសុវត្ថិភាព។ ក្នុងករណីទាំងអស់ ពួកគេបាននិយាយថា ពួកគេនឹងមិនត្រឡប់មកវិញទេ រហូតដល់តំបន់នោះមានសុវត្ថិភាពសម្រាប់ការធ្វើនាវាចរណ៍។តម្លៃប្រេងបានធ្លាក់ចុះជាង១ ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីការប្រកាសរបស់លោក Trump។ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបានព្រមាននៅថ្ងៃចន្ទនេះ ប្រឆាំងនឹងការប៉ុនប៉ងជ្រៀតជ្រែកណាមួយរបស់សហរដ្ឋអាមេរិកនៅក្នុងច្រកសមុទ្ទ Hormuz។លោក Ebrahim Azizi ប្រធានគណៈកម្មការសន្តិសុខជាតិនៅក្នុងសភាអ៊ីរ៉ង់ បានបង្ហោះនៅលើបណ្ដាញសង្គម X ថា ការជ្រៀតជ្រែកណាមួយរបស់អាមេរិកនៅក្នុងរបបដែនសមុទ្រថ្មីនៃច្រកសមុទ្ទ Hormuz នឹងត្រូវបានចាត់ទុកថាជាការរំលោភលើបទឈប់បាញ់។ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានប្រាប់ទូរទស្សន៍រដ្ឋថា ទីក្រុងតេអេរ៉ង់បានដាក់ជូនផែនការ ១៤ ចំណុច ផ្តោតលើការបញ្ចប់សង្គ្រាម ហើយថា ទីក្រុងវ៉ាស៊ីនតោនបានឆ្លើយតបរួចហើយចំពោះផែនការនៅក្នុងសារមួយទៅកាន់អ្នកសម្របសម្រួល ប៉ាគីស្ថាន៕

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត

2026/05/03 01:41:16 pm        111
សារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា នៅថ្ងៃអាទិត្យនេះ ក្រសួងការបរទេសកូរ៉េខាងជើងបានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត ហើយចាត់ទុកវាថាជាការប្រឌិតបញ្ហា មានគោលបំណងបង្ហាញភាពត្រឹមត្រូវនៃគោលនយោបាយអរិភាពជាយូររបស់ទីក្រុងវ៉ាស៊ីនតោន ហើយពួកគេនឹងចាត់វិធានការទប់ទល់ ។អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង និយាយថា សហរដ្ឋអាមេរិកកំពុងផ្សព្វផ្សាយព័ត៌មានមិនពិតពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតដែលមិនមានពីកូរ៉េខាងជើង សម្រាប់គោលបំណងនយោបាយ ហើយពួកគេចាត់ទុកអំណះអំណាងទាំងនេះថា គ្មានអ្វីក្រៅពីការមួលបង្កាច់មិនសមហេតុផល ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប្រទេសពួកយើងប៉ុណ្ណោះ ។ KCNA រាយការណ៍ថា អ្នកនាំពាក្យរូបនេះ បានគំរាមថា ទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការទាំងអស់ ដើម្បីការពារផលប្រយោជន៍រដ្ឋ និងការពារសិទ្ធិ ហើយនិងអត្ថប្រយោជន៍ពលរដ្ឋរបស់ខ្លួន ។គួរឲ្យដឹងថា ក្រុមមន្រ្តីសហរដ្ឋអាមេរិក បានចោទប្រកាន់ម្តងហើយម្តងទៀតពីសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតគាំទ្រដោយរដ្ឋកូរ៉េខាងជើង រួមទាំងការលួចចូលប្រព័ន្ធកុំព្យូទ័រ ការលួចយករូបិយប័ណ្ណគ្រីបតូ ហើយបណ្តាញក្រុមការងារ IT បរទេស ត្រូវបានប្រើប្រាស់ ដើម្បីរកបានប្រាក់ចំណូលសម្រាប់កម្មវិធីអាវុធរបស់ពួកគេ ។ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មច្រើនជុំលើប្រតិបត្តិការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់កូរ៉េខាងជើង និងបណ្តាញការងារ IT ក្នុងនោះក្រសួងរតនាគារ ក្រសួងការបរទេស និងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានព្រមានថា ប្រតិបត្តិការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ទីក្រុងព្យុងយ៉ាង បន្តក្លាយជាការគំរាមសកល ៕

ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក

2026/05/03 01:38:54 pm        100
 ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ចាត់វិធានការកាន់តែខ្លំាងលើរដ្ឋាភិបាលរបស់លោក ។លោក Diaz-Canel និយាយថា គុយបាមិនមែនជាការគំរាមកំហែងអ្វីនោះឡើយចំពោះសហរដ្ឋអារិក ហើយប្រទេសកោះមួយនេះ គឺជាប្រទេសសន្តិភាព ។ខណៈពេលនោះដែរ រដ្ឋមន្រ្តីការបរទេសគុយបា លោក Bruno Rodriguez និយាយថា ប្រទេសរបស់លោកពុំដែលពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ លើបញ្ហាពាក់ព័ន្ធនឹងអធិបតេយ្យភាព ឯករាជ្យ និងការប្តេជ្ញាចិត្តខ្លួនឯង ហើយលោកនិយាយថា គុយបានឹងបន្តការពារប្រព័ន្ធសង្គមនិយមរបស់ខ្លួន ។មន្ត្រីសេតវិមាន ២រូប បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃសុក្រ ដោយបង្កើនទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋាភិបាលគុយបា ខណៈដែលលោកកំពុងស្វែងរកការដាក់សម្ពាធបន្ថែមទៀតលើទីក្រុងឡាហាវ៉ាន បន្ទាប់ពីទម្លាក់មេដឹកនាំវ៉េណេស៊ុយអេឡាចេញពីអំណាច ។ មន្ត្រី ២រូបនោះ បន្តថា ទណ្ឌកម្មថ្មីៗផ្តោតលើមនុស្ស អង្គភាព និងក្រុមអ្នកគាំទ្រ ដែលជួយទ្រទ្រង់ ប្រព័ន្ធសន្តិសុខរបស់រដ្ឋាភិបាលគុយបា ឬជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយ ឬការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ក៏ដូចជាភ្នាក់ងារ មន្ត្រី ឬអ្នកគាំទ្ររដ្ឋាភិបាល ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM