រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីសេរីភាពនៃការធ្វើនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់

2026/05/02 05:17:21 pm        73
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃសុក្រ ដោយផ្លាស់ប្តូរទស្សនៈលើសេរីភាពនៃការធ្វើនាវាចរណ៍ និងបញ្ហាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នេះបើយោងតាមក្រសួងការបរទេសរុស្ស៊ី។ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ភាគីទាំងពីរ បានបន្តផ្លាស់ប្តូរទស្សនៈយ៉ាងហ្មត់ចត់លើការរំពឹងទុកសម្រាប់ការបញ្ឈប់អរិភាពទាំងស្រុង ដែលធ្វើឲ្យស្ថានភាពយោធា និងនយោបាយនៅមជ្ឈិមបូព៌ា មានស្ថិរភាព។រុស្ស៊ីបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដែលកំពុងបន្ត និងការត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រយ៉ាងពេញលេញដល់ដំណើរការនយោបាយ និងការទូត ដើម្បីឈានដល់កិច្ចព្រមព្រៀងប្រកបដោយចីរភាព ដែលមានគោលបំណងបង្កើតសន្តិភាពរយៈពេលវែង នៅក្នុងតំបន់នេះ។ក្រសួងបានបន្ថែមថា លោករដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាអំពីការឆ្លងកាត់នាវា និងទំនិញរបស់រុស្ស៊ីតាម ច្រកសមុទ្រហ័រមូសផងដែរ៕

របាយការណ៍៖ ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារ បានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ១៤នាក់

2026/05/02 05:14:05 pm        58
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃសុក្រថា ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារអំឡុងសង្គ្រាមប្រឆាំងនឹងប្រទេសនេះ បានសម្លាប់សមាជិក១៤នាក់ របស់កងឆ្មាំបដិវត្តន៍។របាយការណ៍មួយរបស់គេហទំព័រ Nournews ដែលគេជឿថា ស្និទ្ធនឹងសន្តិសុខរបស់អ៊ីរ៉ង់ បានឲ្យដឹងថា ការផ្ទុះនេះ បានកើតឡើងនៅជិតទីក្រុង Zanjan ភាគខាងជើង ដែលស្ថិតនៅភាគពាយ័ព្យនៃទីក្រុងតេ  អេរ៉ង់។នេះគឺជាចំនួនច្រើនបំផុតនៃសមាជិកឆ្មាំបដិវត្តន៍ដែលត្រូវបានរាយការណ៍ថា ត្រូវបានសម្លាប់ ចាប់តាំងពីបទឈប់បាញ់ បានចាប់ផ្តើម នៅថ្ងៃទី ០៧ ខែមេសា។របាយការណ៍នេះបានបញ្ជាកថា គ្រាប់រំសេវរួមមានគ្រាប់បែកចង្កោម និងមីនអាកាសដែលត្រូវបានទម្លាក់ក្នុងអំឡុងពេលប្រយុទ្ធនោះ៕

អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ

2026/05/02 04:21:32 pm        75
អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យ និងសម្ភារៈចាំបាច់ចូលទៅក្នុងតំបន់ហ្កាហ្សាដែលត្រូវបានឡោមព័ទ្ធនេះ ជាបន្ទាន់ ដើម្បីឲ្យសេវាសុខភាពអាចស្តារឡើងវិញបានក្នុងទ្រង់ទ្រាយធំ។លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃសុក្រថា អង្គការនេះ បានគាំទ្រការបង្កើតមជ្ឈមណ្ឌលសុខភាពគ្រួសារថ្មីមួយ នៅភាគខាងជើងតំបន់ហ្កាហ្សា ជាកន្លែងដែលការទទួលបានសេវាថែទាំសុខភាព នៅមានកម្រិតខ្លាំង។លោកបានថ្លែងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«មជ្ឈមណ្ឌលសុខភាពនេះ នឹងផ្តល់សេវាសុខភាពសំខាន់ៗ រួមទាំងការគ្រប់គ្រងជំងឺមិនឆ្លង សេវាសុខភាពមាតា និងកុមារ ការចាក់វ៉ាក់សាំងជាប្រចាំ ការថែទាំអ្នករងរបួស និងការស្តារនីតិសម្បទារាងកាយជាមូលដ្ឋាន រួមជាមួយនឹងការបញ្ជូនសម្រាប់ករណីដែលត្រូវការការថែទាំកម្រិតខ្ពស់»។លោកបានបន្ថែមថា៖«តម្រូវការសុខភាពនៅទូទាំងតំបន់ហ្កាហ្សា នៅតែមានច្រើន  ការផ្លាស់ប្តូរពីដំណាក់កាលអាសន្នស្រួចស្រាវនៃវិបត្តិនេះ ទៅជាការកសាងឡើងវិញ ការធ្វើឲ្យមានស្ថិរភាព និងការពង្រីកប្រព័ន្ធថែទាំសុខភាពកាន់តែទូលំទូលាយ ដើម្បីបំពេញតម្រូវការកាន់តែច្រើនរបស់ប្រជាជន ដូចជាការថែទាំជាប្រចាំ និងការគ្រប់គ្រងជំងឺរ៉ាំរ៉ៃផងដែរ»៕

មេធាវី៖ ជនអន្តោប្រវេសន៍អាហ្វ្រិក ៩នាក់ ត្រូវបានអាមេរិកនិរទេសទៅកាន់ប្រទេសកាមេរូន

2026/05/02 04:19:17 pm        62
មេធាវីម្នាក់របស់ពួកគេ បានប្រាប់សារព័ត៌មាន AFP កាលថ្ងៃព្រហស្បតិ៍ថា ជនអន្តោប្រវេសន៍ចំនួន ៩នាក់មកពីប្រទេសអាហ្វ្រិកចំនួន ៤ បានមកដល់ប្រទេសកាមេរូន ក្នុងសប្តាហ៍នេះ បន្ទាប់ពីត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។  អ្នកដែលត្រូវបាននិរទេសបានមកដល់ថ្ងៃពុធ ហើយមកពីប្រទេសហ្គាណា អង់ហ្គោឡា អេត្យូពី និងសាធារណរដ្ឋកុងហ្គោ។កាមេរូន គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្វ្រិកជាច្រើនដែលបានយល់ព្រមក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីចូលរួមក្នុងគម្រោងចម្រូងចម្រាសមួយដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិកបញ្ជូនជនអន្តោប្រវេសន៍ដែលគ្មានឯកសារទៅកាន់ប្រទេសទី៣ នៅពេលដែលមានឧបសគ្គក្នុងការបញ្ជូនពួកគេទៅកាន់ប្រទេសដើមរបស់ពួកគេវិញ។លោក Alma David មេធាវីអន្តោប្រវេសន៍អាមេរិក បានប្រាប់សារព័ត៌មាន AFPថា ស្ត្រី ៦នាក់ និងបុរសបីនាក់ ដែលបានមកដល់កាលពីថ្ងៃពុធ គឺជាផ្នែកមួយនៃជើងហោះហើរលើកទី៣ ចាប់តាំងពីខែមករា ដោយចូលរួមជាមួយជនអន្តោប្រវេសន៍ចំនួន ១៧នាក់ ដែលត្រូវបានសហរដ្ឋអាមេរិកនិរទេស ទៅកាន់ប្រទេសកាមេរូន៕

លោក TRUMP ពង្រីកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងរដ្ឋាភិបាលគុយបានិងក្រុមអ្នកគាំទ្រ

2026/05/02 04:13:50 pm        80
មន្ត្រីសេតវិមានពីររូប បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃសុក្រ (ទី ០១ ខែឧសភា) ដោយពង្រីកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋាភិបាលគុយបា ខណៈដែលលោកកំពុងស្វែងរកការដាក់សម្ពាធបន្ថែមទៀតលើទីក្រុងឡាហាវ៉ាន បន្ទាប់ពីបណ្តេញមេដឹកនាំវ៉េណេស៊ុយអេឡាចេញពីអំណាច។ មន្ត្រីទាំងនោះបាននិយាយថា ទណ្ឌកម្មថ្មីៗផ្តោតលើមនុស្ស អង្គភាព និងក្រុមអ្នកគាំទ្រ ដែលជួយទ្រទ្រង់ ប្រព័ន្ធសន្តិសុខរបស់រដ្ឋាភិបាលគុយបា ឬជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយ ឬការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ក៏ដូចជាភ្នាក់ងារ មន្ត្រី ឬអ្នកគាំទ្ររដ្ឋាភិបាល។ភ្លាមៗនោះ ពុំទាន់ច្បាស់ថាតើអ្នកណាជាអ្នកដែលត្រូវបានវាយប្រហារដោយទណ្ឌកម្មក្រោមក្រឹត្យនេះ ដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌រ៉យទ័រ។ប៉ុន្តែច្បាប់ចម្លងនៃក្រឹត្យនេះដែលចេញផ្សាយដោយសេតវិមាន បានបញ្ជាក់ថា ទណ្ឌកម្មអាចអនុវត្តចំពោះ «ជនបរទេសណា» ដែលកំពុងប្រតិបត្តិការនៅក្នុង «វិស័យថាមពល ការពារជាតិ និងសម្ភារៈពាក់ព័ន្ធ លោហធាតុ និងរ៉ែ សេវាកម្មហិរញ្ញវត្ថុ ឬសន្តិសុខនៃសេដ្ឋកិច្ចគុយបា ឬវិស័យផ្សេងទៀតនៃសេដ្ឋកិច្ច    គុយបា»៕

អ៊ីស្រាអែលរឹតត្បិតការជួបជុំគ្នានៅជិតព្រំដែនលីបង់ ស្របពេលការវាយប្រហារនៅតែបន្តនៅភាគខាងត្បូងប្រទេសនេះ

2026/05/02 04:11:20 pm        85
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានដាក់ចេញនូវការរឹតត្បិតការជួបជុំគ្នាឡើងវិញ នៅក្នុងសហគមន៍នានាតាមបណ្តោយព្រំដែនភាគខាងជើងជាមួយលីបង់ ដោយលើកឡើងពីការកើនឡើងភាពតានតឹងផ្នែកសន្តិសុខ ចំពេលមានការបាញ់ប្រហារជាបន្តបន្ទាប់ជាមួយក្រុមហេសបូឡា ទោះបីជាមានបទឈប់បាញ់ក៏ដោយ។ក្រោមបទបញ្ជានេះ ការជួបជុំក្រៅផ្ទះ ត្រូវបានកំណត់ត្រឹម ២០០នាក់ និងការជួបជុំក្នុងផ្ទះដល់ ៦០០ នាក់ រហូតដល់យ៉ាងហោចណាស់ថ្ងៃចន្ទ វេលាម៉ោង ៨ យប់ ម៉ោងក្នុងស្រុក។បទបញ្ជានេះ ដែលត្រូវបានអនុម័តដោយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ រួមបញ្ចូលទាំងតំបន់ភ្នំ Meron នៅក្នុងតំបន់ Upper Galilee ។ តំបន់នេះជាធម្មតាទាក់ទាញជនជាតិជ្វីហ្វគ្រិស្តអូស្សូដក់និយមជ្រុលរាប់ម៉ឺននាក់ សម្រាប់ពិធីបុណ្យប្រចាំឆ្នាំ Lag BaOmer ដែលត្រូវប្រារព្ធនៅចុងសប្តាហ៍នេះ ប៉ុន្តែមន្ត្រីបាននិយាយថា ការប្រារព្ធពិធីទ្រង់ទ្រាយធំនេះ មិនត្រូវបានគេរំពឹងថា នឹងបន្តដូចធម្មតានោះទេ។នៅប្រទេសលីបង់ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបន្តបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ទោះបីជាមានបទឈប់បាញ់ក៏ដោយ។ យ៉ាងហោចណាស់មានមនុស្ស ៩នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនៅទូទាំងប្រទេសកាលពីថ្ងៃសុក្រ។ នេះបើយោងតាមប្រភពក្នុងស្រុក៕

ប្រទេសចិនអំពាវនាវឲ្យបន្តការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន

2026/05/02 04:08:10 pm        64
ប្រទេសចិនកាលពីថ្ងៃសុក្របានអំពាវនាវឲ្យបន្តការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូស ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយនិយាយថា ការបិទផ្លូវទឹកយុទ្ធសាស្ត្រកំពុងរំខានដល់ការផ្គត់ផ្គង់ថាមពលសកល និងធ្វើឲ្យសេដ្ឋកិច្ចទូទាំងពិភពលោកកាន់តែដុនដាប។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ លោក Fu Cong បាននិយាយថា ការបិទច្រកសមុទ្រហ័រមូស គឺបណ្តាលមកពីសង្គ្រាមខុសច្បាប់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ហើយការបិទនេះ បានបង្កការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ នៅទូទាំងពិភពលោក។លោក Fu បានធ្វើការអត្ថាធិប្បាយនេះ នៅក្នុងសន្និសីទសារព័ត៌មាន ខណៈដែលប្រទេសចិនចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ។លោក Fu បានលើកឡើងថា៖«មូលហេតុចម្បងនៃស្ថានភាពនេះ គឺសង្គ្រាមខុសច្បាប់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ហើយសង្គ្រាមនេះ បាននាំមកនូវទុក្ខវេទនាយ៉ាងធំធេង នៅក្នុងប្រទេសអ៊ីរ៉ង់សម្រាប់ប្រជាជនអ៊ីរ៉ង់ និងប្រទេសជិតខាង ហើយផលវិបាករបស់វាលាតសន្ធឹងទៅឆ្ងាយ និងទូលំទូលាយ ហើយជាពិសេស ការបិទច្រកសមុទ្រហ័រមូស ពិតជាកំពុងបង្កភាពវឹកវរនៅក្នុងទីផ្សារប្រេង និងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល ជាពិសេសនៅក្នុងតំបន់កំពុងអភិវឌ្ឍន៍សកលខាងត្បូង»៕

របាយការណ៍៖ មូលដ្ឋានយោធាភាគច្រើនរបស់សអាមេរិកនៅមជ្ឈិមបូព៌ា ត្រូវរងការខូចខាត ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់

2026/05/02 02:23:35 pm        81
អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបំផ្លាញយ៉ាងហោចណាស់ទីតាំងយោធាអាមេរិកចំនួន ១៦កន្លែង នៅទូទាំងប្រទេសមជ្ឈិមបូព៌ាចំនួន ៨ អំឡុងពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលធ្វើឲ្យទីតាំងមួយចំនួននោះស្ទើរតែមិនអាចប្រើប្រាស់បាន។ នេះបើយោងតាមការស៊ើបអង្កេតរបស់សារព័ត៌មាន CNN។យោងតាមរបាយការណ៍របស់ CNN ដែលបានដកស្រង់សម្តីជំនួយការសភាដែលដឹងពីការវាយតម្លៃការខូចខាតបានឲ្យដឹងថា ទីតាំងដែលរងការខូចខាតទាំងនេះ គឺជាមូលដ្ឋានយោធាភាគច្រើនរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះ។ប្រភពមួយបាននិយាយថា៖«មានការវាយតម្លៃជាច្រើន»។ «ពីផ្នែកដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទីតាំងទាំងមូលត្រូវបានបំផ្លាញ ហើយត្រូវការបិទ រហូតដល់ថ្នាក់ដឹកនាំដែលនិយាយថា មូលដ្ឋានទាំងនេះ ចាំបាច់ត្រូវការជួសជុល ដោយសារតែអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រដែលពួកវាផ្តល់ឲ្យសហរដ្ឋអាមេរិក»។របាយការណ៍នេះដែលបានដកស្រង់រូបភាពផ្កាយរណបរាប់សិប និងការសម្ភាសន៍ជាមួយប្រភពនៅសហរដ្ឋអាមេរិក និងប្រទេសអារ៉ាប់ នៅឈូងសមុទ្រអារ៉ាប់ បានបញ្ជាក់ថា រូបភាពផ្កាយរណបបានបង្ហាញថា គោលដៅសំខាន់ៗរបស់ទីក្រុងតេអេរ៉ង់រួមមានប្រព័ន្ធរ៉ាដាទំនើបរបស់សហរដ្ឋអាមេរិក ប្រព័ន្ធទំនាក់ទំនង និងយន្តហោះដែលដាក់ពង្រាយនៅមជ្ឈិមបូព៌ា ដែលភាគច្រើនមានតម្លៃថ្លៃ និងពិបាកជំនួសពួកវាណាស់៕

ទីភ្នាក់ងារជនភៀសខ្លួនUN ព្រមានថាវិបត្តិមជ្ឈិមបូព៌ារារាំងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ

2026/05/02 02:18:19 pm        58
អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានព្រមានកាលពីថ្ងៃសុក្រថា វិបត្តិមជ្ឈិមបូព៌ាបានបង្កើតផលប៉ះពាល់យ៉ាងធំធេងហួសពីតំបន់នេះ ជាមួយនឹងផលវិបាកកាន់តែខ្លាំងឡើងសម្រាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់មនុស្សធម៌សកល និងការផ្តល់ជំនួយ។លោកស្រី Carlotta Wolf បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ភាពអសន្តិសុខ និងអស្ថិរភាពកាន់តែខ្លាំងឡើងនៅជុំវិញផ្លូវសំខាន់ៗនៃឈូងសមុទ្រ រួមទាំងច្រកសមុទ្រហ័រសមុទ្រ បានរំខានដល់ចរាចរណ៍ផ្លូវសមុទ្រ។ ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ អាហារ និងការដឹកជញ្ជូនទំនិញនៅទូទាំងពិភពលោក កំពុងជំរុញឲ្យតម្លៃឡើងថ្លៃ និងពន្យារពេលការដឹកជញ្ជូនសម្ភារៈសំខាន់ៗ។ លោកស្រីបាននិយាយថា៖«ថ្លៃដើមកើនឡើងទាំងនេះប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សដែលកំពុងរស់នៅក្នុងគ្រាអាសន្នរួចហើយ រួមទាំងជនភៀសខ្លួន និងជនភៀសខ្លួនរាប់លាននាក់ ដែលស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត ស្របពេលកាត់បន្ថយសមត្ថភាពរបស់ទីភ្នាក់ងារជំនួយក្នុងការផ្តល់ជំនួយទាន់ពេលវេលាផងដែរ»។ការបិទផ្លូវសំខាន់ៗនៃផ្លូវសមុទ្រ បានបង្ខំឲ្យប្រើប្រាស់ជម្រើសដែលមានរយៈពេលយូរជាង និងថ្លៃជាង ដែលនាំឲ្យមានការកើនឡើងនៃពេលវេលាដឹកជញ្ជូន និងភាពស្មុកស្មាញនៃប្រតិបត្តិការ។ លោកស្រី Wolf បាននិយាយថា អត្រាដឹកជញ្ជូនទំនិញពីប្រទេសប្រភពសំខាន់ៗ បានកើនឡើងជិត ១៨ ភាគរយ ចាប់តាំងពីការចាប់ផ្តើមនៃអរិភាព ខណៈដែលសមត្ថភាពរបស់អ្នកផ្តល់សេវាដឹកជញ្ជូនសកលរបស់ UNHCR បានធ្លាក់ចុះពី ៩៧ ភាគរយ មកត្រឹម ៧៧ ភាគរយ ចាប់តាំងពីដើមឆ្នាំនេះ៕

ថ្ងៃដ៏បង្ហូរឈាមមួយផ្សេងទៀតនៅខាងត្បូងលីបង់ ក្នុងពេលមានការបាញ់ផ្លោងរបស់អ៊ីស្រាអែល

2026/05/02 12:09:54 pm        66
កាលពីថ្ងៃសុក្រ មានការវាយប្រហាររបស់អ៊ីស្រាអែលយ៉ាងហោចណាស់៦លើកនៅជុំវិញតំបន់ភាគខាងត្បូងប្រទេសលីបង់ ដែលផ្តោតគោលដៅលើហេដ្ឋារចនាសម្ព័ន្ធ និងអគារ។ មនុស្សយ៉ាងហោចណាស់១២នាក់ ត្រូវបានសម្លាប់ នៅភាគខាងត្បូងប្រទេសលីបង់ ខណៈអ៊ីស្រអែលបន្តការវាយប្រហាររបស់ខ្លួន ទោះបីជាមានបទឈប់បាញ់ក៏ដោយ។ចំពោះក្រុមហេសបូឡា ពួកគេបានធ្វើប្រតិបត្តិការយោធាចំនួន៩លើក ដែលដាក់គោលដៅលើកងទ័ពអ៊ីស្រាអែលនៅក្នុងទឹកដីលីបង់ ព្រមទាំងបានធ្វើការវាយប្រហារមួយចំនួនឆ្លងកាត់ខ្សែបន្ទាត់ពណ៌ខៀវចូលទៅក្នុងភាគខាងជើងប្រទេសអ៊ីស្រាអែល។ពលរដ្ឋនិយាយថា ស្ថានភាពនៅទីនេះ ទោះបីជាមានបទឈប់បាញ់ជាបន្តបន្ទាប់ក៏ដោយ ក៏នៅតែមានភាពតានតឹងខ្លាំង។ យើងបានឮសំឡេងផ្ទុះមិនទៀងទាត់រយៈពេលជាច្រើនម៉ោងចុងក្រោយនេះ។ នេះគឺជាហានិភ័យដ៏ធំមួយសម្រាប់អ្នកដែលបានវិលត្រឡប់ទៅវិញ។ប្រជាជនលីបង់រាប់ម៉ឺននាក់ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន ពេលនេះបានវិលត្រឡប់ទៅភាគខាងត្បូងប្រទេសលីបង់វិញ ដោយប្រឈមនឹងការពិតដ៏លំបាក ដែលសង្គ្រាមនៅមិនទាន់ចប់នៅឡើយ អំពើហិង្សានៅបន្ត ហើយពួកគេអាចជាគោលដៅនៅក្នុងការបាញ់ផ្លោងតគ្នាដែលនៅបន្តរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM