រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា កំពុងប្រើប្រាស់បទឈប់បាញ់ដើម្បីទាញយកអាវុធដែលកប់ទុក

2026/05/01 11:41:32 am        56
 ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានរាយការណ៍ថា អ៊ីរ៉ង់កំពុងប្រើប្រាស់បទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក ដើម្បីទាញយកអាវុធដែលបានលាក់ទុកកាលពីពេលមុន ឬកប់នៅក្រោមគំនរបាក់បែកនៃការវាយប្រហារ។យោងតាមប្រព័ន្ធផ្សព្វផ្សាយ NBC News ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ និងបុគ្គលពីរនាក់ផ្សេងទៀតដែលដឹងពីបញ្ហានេះថា រដ្ឋាភិបាលអ៊ីរ៉ង់ បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជីកកាយរកមីស៊ីល និងគ្រាប់រំសេវផ្សេងទៀតដែលត្រូវបានលាក់ទុកនៅក្រោមដី ឬកប់នៅក្នុងគំនរបាក់បែកបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។របាយការណ៍នេះបញ្ជាក់ថា មន្ត្រីអាមេរិក ជឿថា អ៊ីរ៉ង់មានបំណងបង្កើតឡើងវិញយ៉ាងឆាប់រហ័សនូវសមត្ថភាពយានដ្រូន និងមីស៊ីលរបស់ខ្លួន ដើម្បីអាចចាប់ផ្តើមការវាយប្រហារនៅទូទាំងតំបន់មជ្ឈិមបូព៌ា ប្រសិនបើប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump សម្រេចបន្តប្រតិបត្តិការយោធា។

ប្រេងអាមេរិកឡើងដល់៤,៣០ដុល្លារក្នុងមួយហ្គាឡុង ដោយលោក Trump និយាយថាតម្លៃនឹងធ្លាក់ចុះក្រោយសង្គ្រាមនៅអ៊ីរ៉ង់

2026/05/01 11:39:44 am        57
 យោងតាមសមាគមរថយន្តសហរដ្ឋអាមេរិក (AAA) បានឲ្យដឹងថា តម្លៃជាមធ្យមនៃប្រេងសាំងមួយហ្គាឡុង (៣,៨ លីត្រ) នៅសហរដ្ឋអាមេរិកបានឡើងដល់ ៤,៣០ ដុល្លារ ដែលកើនឡើងពីតិចជាង ៣ ដុល្លារមុនពេលការចាប់ផ្តើមសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។តម្លៃកើនឡើងកាលពីថ្ងៃព្រហស្បតិ៍ ខណៈលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទទូចថា ពេលវេលាគឺនៅខាងលោកក្នុងការប្រឈមមុខដាក់គ្នាជាមួយ្រទេសអ៊ីរ៉ង់ ទោះបីជាលោកបដិសេធសំណើរបស់ទីក្រុងតេអេរ៉ង់អំពីកិច្ចព្រមព្រៀងបឋមដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញក៏ដោយ។យោងតាមសមាគមរថយន្តសហរដ្ឋអាមេរិក (AAA) បានឲ្យដឹងថា តម្លៃឧស្ម័ន ឬប្រេងសាំង បានកើនឡើង២៧សេនក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ក្នុងពេលមានភាពជាប់គាំងកាន់តែជ្រៅឡើង ដោយអ៊ីរ៉ង់ បិទច្រកសមុទ្រ ហើយសហរដ្ឋអាមេរិកបានដាក់ការហ៊ុមព័ទ្ធដោយកងទ័ពជើងទឹកនៅកំពង់ផែអ៊ីរ៉ង់។សមាគម បាននិយាយនៅក្នុងរបាយការណ៍ខ្លីមួយកាលពីថ្ងៃព្រហស្បតិ៍ថា «តម្លៃជាមធ្យមនៅក្នុងប្រទេសគឺខ្ពស់ជាង១,១២ដុល្លារកាលពីឆ្នាំមុន ខណៈតម្លៃប្រេងកើនឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែលដោយគ្មានសញ្ញាបង្ហាញថា នៅពេលណាដែលច្រកសមុទ្រ Hormuz នឹងបើកឡើងវិញ»។តម្លៃឧស្ម័នគឺខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលបួនឆ្នាំកន្លងទៅនេះ ចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២២។ រដ្ឋកាលីហ្វ័រនីញ៉ា ដែលមានប្រជាជនជិត ៤០លាននាក់រស់នៅ បានមើលឃើញថា តម្លៃប្រេងសាំងបានកើនឡើងដល់ជាង៦ដុល្លារក្នុងមួយហ្គាឡុងកាលពីថ្ងៃព្រហស្បតិ៍។

ចិនជំរុញឱ្យសហរដ្ឋអាមេរិករក្សាស្ថិរភាពក្នុងទំនាក់ទំនង ដោយព្រមានថាតៃវ៉ាន់គឺជាចំណុចហានិភ័យ

2026/05/01 11:37:34 am        66
រដ្ឋមន្ត្រីការបរទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ៣០ មេសា សប្ដាហ៍នេះ បានជំរុញឱ្យសហរដ្ឋអាមេរិករក្សាស្ថិរភាពរវាងមហាអំណាចទាំងពីរ និងបានព្រមានថាកោះតៃវ៉ាន់ បានបង្កហានិភ័យធំបំផុត ប៉ុន្មានសប្តាហ៍មុនពេលប្រធានាធិបតីអាមេរិក Donald Trump គ្រោងទៅបំពេញទស្សនកិច្ចទីក្រុងប៉េកាំង។ក្រសួងការបរទេសចិនបាននិយាយថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនគួរតែការពារស្ថិរភាពដែលរកបានដោយលំបាក នៅក្នុងទំនាក់ទំនងចិន-អាមេរិក។ កិច្ចពិភាក្សានោះក៏បានជជែកគ្នាពីបញ្ហានៅមជ្ឈិមបូព៌ាផងដែរ ជាទីដែលចិនជាដៃគូសំខាន់របស់ទីក្រុងតេអេរ៉ង់ ប៉ុន្តែបានរក្សាគម្លាតរបស់ខ្លួនច្រើន បន្ទាប់ពីលោក Trump បានរួមដៃជាមួយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ ដែលបណ្តាលឱ្យតម្លៃប្រេងសកលកើនឡើងយ៉ាងខ្លាំង។ មន្ត្រីក្រសួងការបរទេសអាមេរិកមួយរូបបានបញ្ជាក់ពីជំនួបតាមទូរស័ព្ទនេះ ហើយបាននិយាយថា ខ្លួនកំពុងរៀបចំដំណើរទស្សនកិច្ចរបស់លោក Trump ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។លោក Trump គ្រោងបំពេញទស្សនកិច្ចប្រទេសចិននៅថ្ងៃទី ១៤ដល់១៥ ខែឧសភាខាងមុខ ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតី Xi Jinping ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មហាសេដ្ឋីមកពីគណបក្សសាធារណរដ្ឋរូបនេះ ទៅកាន់ប្រទេសមហាអំណាចគូប្រជែងរបស់ខ្លួន ចាប់តាំងពីលោកបានវិលត្រឡប់ទៅគ្រប់គ្រងសេតវិមានវិញកាលពីខែមករា ឆ្នាំ ២០២៥។ ក្នុងអំឡុងឆ្នាំដំបូងដែលលោក Trump វិលត្រឡប់ទៅកាន់តំណែងវិញ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានប៉ះទង្គិចគ្នាលើពាណិជ្ជកម្ម និងពន្ធរហូតដល់មានកិច្ចព្រមព្រៀងផ្អាកការដំឡើងពន្ធដាក់គ្នាត្រូវបានប្រកាសកាលពីក្នុងខែតុលាឆ្នាំមុន នៅពេលលោក Trump និងលោក Xi បានជួបគ្នានៅកូរ៉េខាងត្បូង៕

ការប្រឈមនឹងកំណើនយឺតជាសកលចេះតែកើនឡើង ខណៈសង្គ្រាមអ៊ីរ៉ង់ចូលដល់ខែទីបី

2026/05/01 10:25:43 am        95
ទីផ្សារហិរញ្ញវត្ថុកំពុងមើលឃើញថាខ្លួនពិបាកមើលរំលងការខាតបង់សេដ្ឋកិច្ចដែលចេះកើនឡើងពីសង្គ្រាមអ៊ីរ៉ង់ ខណៈការបិទច្រកសមុទ្រហ័រមូសជាបន្តបន្ទាប់អូសបន្លាយការរំខានដ៏ធំបំផុតរបស់ពិភពលោកចំពោះការផ្គត់ផ្គង់ថាមពល។ រយៈពេលពីរខែក្នុងជម្លោះ សេដ្ឋកិច្ចពិភពលោកប្រឈមនឹងការប៉ះពាល់ ដែលនាំឲ្យមានកំណើនយឺត អតិផរណាខ្ពស់ និងភាពជាប់គាំង។ទោះបីជាភាគហ៊ុនបច្ចេកវិទ្យាបង្កើនភាគហ៊ុនពិភពលោកក៏ដោយ ក្រុមអ្នកវិភាគព្រមានថា ការបិទច្រកសមុទ្រហ័រមូសកាន់តែយូរ ហានិភ័យនៃវិបត្តិសេដ្ឋកិច្ចកាន់តែធំសម្រាប់តំបន់នាំចូលថាមពល។ ប្រេងបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនឆ្នាំកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះលើសពី ១២០ ដុល្លារក្នុងមួយបារ៉ែល។លោក Mike Bell ប្រធានយុទ្ធសាស្ត្រទីផ្សារ RBC BlueBay មានមូលដ្ឋាននៅកាណាដា បាននិយាយថា លទ្ធភាពនៃឱនភាពសេដ្ឋកិច្ចនៅអឺរ៉ុប ចក្រភពអង់គ្លេស និងផ្នែកខ្លះនៃអាស៊ី គឺខ្ពស់ជាងតម្លៃផ្សារភាគហ៊ុន។ប្រេងឆៅ Brent ខ្ពស់ជាងកម្រិតមុនសង្គ្រាមដល់ទៅជាង៦៥ % ហើយបន្តកើនឡើងខណៈសង្គ្រាមអូសបន្លាយ។ តម្លៃថាមពលខ្ពស់គំរាមកំហែងដល់កំណើនសេដ្ឋកិច្ចដោយដាក់សម្ពាធខ្លាំងលើអ្នកប្រើប្រាស់ និងក្រុមហ៊ុន ខណៈរុញឲ្យមានអតិផរណា។តម្លៃឧស្ម័ននៅអឺរ៉ុប និងអាស៊ីក៏បានកើនឡើងផងដែរ។ កសិករប្រឈមនឹងការកើនឡើងជាលើកទីពីរនៃតម្លៃជីកសិកម្មក្នុងរយៈពេលបួនឆ្នាំ ខណៈប្រទេសនានារួមទាំងប្រទេសស៊ុយអែត បានព្រមានពីកង្វះខាតប្រេងឥន្ធនៈយន្តហោះ។ ផលប៉ះពាល់ប្រែប្រួលទៅតាមការប៉ះពាល់នឹងលំហូរថាមពលឆ្លងកាត់ច្រកសមុទ្រ Hormuz។ នៅសហរដ្ឋអាមេរិក តម្លៃឧស្ម័នឥឡូវនេះទាបជាងកម្រិតមុនសង្គ្រាម។លោក Mohit Kumar ប្រធានសេដ្ឋវិទូអឺរ៉ុបរបស់ធនាគារវិនិយោគសកល Jefferies បាននិយាយថា ទាំងទំហំ និងសេដ្ឋកិច្ចយឺតយ៉ាវ គឺខុសគ្នានៅទូទាំងតំបន់៕

មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រឆាំងការបិទផ្លូវទឹករបស់អាមេរិក ដោយប្រកាសថា អ៊ីរ៉ង់ឥឡូវនេះគឺជាអ្នកកាន់ចង្កូតក្នុងវិបត្តិនេះ

2026/05/01 10:20:52 am        90
មេដឹកនាំកំពូលអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ៣០ មេសាសប្ដាហ៍នេះ ថា សហរដ្ឋអាមេរិកបានរងការបរាជ័យដ៏អាម៉ាស់ ដោយបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការព្រមានពីប្រធានាធិបតី Donald Trump ថា ការបិទផ្លូវទឹកដោយកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក នឹងបន្តរយៈពេលជាច្រើនទៀត ដែលអាចក្លាយជាការរឹតកសេដ្ឋកិច្ចរបស់អ៊ីរ៉ង់។ តម្លៃប្រេងបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបួនឆ្នាំ បន្ទាប់មកបានធ្លាក់ចុះបន្តិចមុនពេលលោក Mojtaba Khamenei បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរដែលត្រូវបានអាននៅលើទូរទស្សន៍រដ្ឋ ដោយប្រកាសថា អ៊ីរ៉ង់ឥឡូវនេះគឺជាអ្នកកាន់ចង្កូតនៅក្នុងវិបត្តិនេះ។លោកថា ថ្ងៃនេះ ពីរខែបន្ទាប់ពីការដាក់ពង្រាយយោធាដ៏ធំបំផុត និងការឈ្លានពានដោយក្រុមអ្នកធ្វើបាបគេរបស់ពិភពលោកនៅក្នុងតំបន់ និងការបរាជ័យដ៏អាម៉ាស់របស់សហរដ្ឋអាមេរិកនៅក្នុងផែនការរបស់ខ្លួន ជំពូកថ្មីមួយកំពុងបង្ហាញខ្លួនសម្រាប់ឈូងសមុទ្រពែក្ស (Persian Gulf) និងច្រកសមុទ្រហ័រមូស (Strait of Hormuz) ដោយសរសើរការគ្រប់គ្រងរបស់អ៊ីរ៉ង់លើការដឹកជញ្ជូនទំនិញនៅក្នុងច្រកសមុទ្រនេះ។លោកបានបន្តព្យាករណ៍ពីអនាគតដ៏ភ្លឺស្វាងសម្រាប់ឈូងសមុទ្រដោយគ្មានសហរដ្ឋអាមេរិក ដោយនិយាយថា អ្នកដែលជ្រៀតជ្រែកក្នុងតំបន់ពីចម្ងាយគ្មានកន្លែងនៅទីនោះទេ លើកលែងតែនៅបាតសមុទ្ររបស់ខ្លួន ប៉ុណ្ណោះ។ លោក Mojtaba បានរងរបួសនៅក្នុងការវាយប្រហារដំបូងពីអាមេរិក និងអ៊ីស្រាអែល ដែលបានសម្លាប់ឪពុករបស់លោក គឺលោក Ali Khamenei ហើយមិនត្រូវបានគេមើលឃើញជាសាធារណៈទេ ចាប់តាំងពីត្រូវបានតែងតាំងជាអ្នកស្នងតំណែងជាមេដឹកនាំកំពូលកាលពីខែមុន។សហរដ្ឋអាមេរិកបានបិទផ្លូវកំពង់ផែរបស់អ៊ីរ៉ង់កាលពីពីរសប្តាហ៍មុន ខណៈសាធារណរដ្ឋអ៊ីស្លាមបានរក្សាការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមជ្ឈិមបូព៌ានៅថ្ងៃទី២៨ខែកុម្ភៈ ២០២៦នេះ ៕

អាមេរិក អនុម័តច្បាប់ដើម្បីបន្តការផ្តល់មូលនិធិដល់ក្រសួងសន្តិសុខមាតុភូមិ និងបញ្ចប់ការបិទរដ្ឋាភិបាលដោយផ្នែក

2026/05/01 10:15:03 am        77
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាឲ្យចូលជាច្បាប់នូវសេចក្តីស្នើច្បាប់មួយដើម្បីបន្តការផ្តល់មូលនិធិសម្រាប់ក្រសួងសន្តិសុខមាតុភូមិ(DHS) បន្ទាប់ពីសភាសហរដ្ឋអាមេរិកបានអនុម័តសំណើដែលត្រូវបានអនុម័តដោយព្រឹទ្ធសភា។ការអនុម័តសេចក្តីស្នើច្បាប់ ដែលមិនដាក់បញ្ចូលទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ(ICE) ឬគយ និងការពារព្រំដែន(CBP) ដោយសំឡេងនៃការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ចប់ការបិទរដ្ឋាភិបាលដោយផ្នែករយៈពេល១១សប្តាហ៍។ទោះបីជាទីភ្នាក់ងារទាំងពីរ មានការផ្តល់មូលនិធិគ្រប់គ្រាន់តាមរយៈច្បាប់ដែលត្រូវបានអនុម័តកាលពីពេលមុនក៏ដោយ ប្រធានសភាគណបក្សសាធារណរដ្ឋ លោក Mike Johnson ដំបូងឡើយបានជំទាស់នឹងវិធានការនេះចំពោះការមិនដាក់បញ្ចូលទីភ្នាក់ងារទាំងពីរ។ ប៉ុន្តែនៅទីបំផុត លោកបាននាំយកសំណើនេះទៅបោះឆ្នោត បន្ទាប់ពីលោក Trump បានបង្ហាញការគាំទ្រ។រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោក Markwayne Mullin បានស្វាគមន៍ចំពោះការអនុម័តសេចក្តីស្នើច្បាប់នេះកាលពីថ្ងៃព្រហស្បតិ៍ និងងបានស្តីបន្ទោសក្រុមប្រជាធិបតេយ្យចំពោះការបិទរដ្ឋាភិបាលដោយផ្នែក។ លោក Mullin បានសរសេរនៅលើបណ្តាញ X ថា «ដើម្បីឲ្យច្បាស់ ការបិទរដ្ឋាភិបាលដោយក្រុមប្រជាធិបតេយ្យនេះ មិនគួរកើតឡើងទេ»។ការបិទរដ្ឋាភិបាលដោយផ្នែក បានធ្វើឱ្យផ្នែកជាច្រើននៅក្នុងក្រសួងសន្តិសុខមាតុភូមិ(DHS) នៅដំណើរការ ប៉ុន្តែនាំឱ្យមានជួរដ៏វែងនៅតាមអាកាសយានដ្ឋាន ជាកន្លែងដែលភ្នាក់ងាររដ្ឋបាលសន្តិសុខដឹកជញ្ជូន (TSA) ជាច្រើនបានរាយការណ៍ថា ធ្វើការដោយមិនទទួលបានប្រាក់ឈ្នួល។

កងទ័ពជើងទឹកនិងអាកាសរបស់ចិន ចេញល្បាតជិតតំបន់ថ្មប៉ប្រាស់ទឹក Scarborough ខណៈហ្វីលីពីន និងអាមេរិកធ្វើសមយុទ្ធ

2026/05/01 09:44:39 am        98
យោធាប្រទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ថា កងទ័ពជើងទឹក និងអាកាសរបស់ខ្លួនបានធ្វើការល្បាតត្រៀមប្រយុទ្ធនៅជិតតំបន់ថ្មប៉ប្រាស់ទឹក ស្កា ប រ៉ូ (Scarborough Shoal) នៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ «ការល្បាតនេះ មានបំណងការពារដែនអធិបតេយ្យភាពទឹកដីរបស់ប្រទេសចិនយ៉ាងម៉ឺងម៉ាត់ និងរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង»។ កាលពីថ្ងៃព្រហស្បតិ៍ ឆ្មាំសមុទ្រចិនក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួនបានអនុវត្ត «ការល្បាតអនុវត្តច្បាប់» នៅជិតតំបន់ថ្មប៉ប្រាស់ទឹក Scarborough ដែលជាចំណុចជម្លោះដ៏សំខាន់លើដែនអធិបតេយ្យភាព និងសិទ្ធិនេសាទ។ការល្បាតទាំងនេះ ធ្វើឡើងក្នុងការឆ្លើយតបទៅនឹងសមយុទ្ធតំបន់ប្រចាំឆ្នាំចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ដោយប្រមូលផ្តុំកងកម្លាំងមកពីប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ ហ្វីលីពីន សហរដ្ឋអាមេរិក ជប៉ុន កាណាដា និងប្រទេសបារាំង ដើម្បីបង្ហាញពីសមត្ថភាពអាវុធទំនើបៗ និងការត្រៀមខ្លួនធ្វើប្រតិបត្តិការ។មន្ត្រីអាមេរិក និងហ្វីលីពីន បាននិយាយថា សមយុទ្ធប្រចាំឆ្នាំ Balikatan ឬ «ស្មាកៀកស្មា» មានប្រទេសចូលរួមច្រើនបំផុតរហូតមកដល់បច្ចុប្បន្ន។ នៅក្នុងសមយុទ្ធ កងកម្លាំងទាំងនេះបានធ្វើលំហាត់សមសមយុទ្ធការពារឆ្នេរ និងបានសាកល្បងសមត្ថភាពដើម្បីធ្វើការរួមគ្នាការពារដែនទឹកជាមួយនឹងតាកទិក ដូចជាការទប់ទល់ទៅនឹងការវាយរុញច្រានក្លែងប្រដូចទៅនឹងការពិតដោយការបាញ់គ្រាប់ពិតទៅលើគោលដៅដែលបានកំណត់ និងស្ទាក់ចាប់ការគំរាមកំហែងនានា។

អ៊ីស្រាអែល៖ សកម្មជនទូកដឹកជំនួយទៅហ្កាហ្សាដែលត្រូវបានឃុំខ្លួន នឹងត្រូវនាំទៅកាន់ប្រទេសក្រិក

2026/05/01 09:10:43 am        81
អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ថា សកម្មជនរាប់សិបនាក់ដែលត្រូវបានយោធារបស់ខ្លួនស្ទាក់ចាប់នៅលើក្បួនទូកដឹកជំនួយដែលធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សានៅក្នុងដែនទឹកអន្តរជាតិនៅជិតកោះក្រេត(Crete) នឹងត្រូវនាំទៅកាន់ប្រទេសក្រិក។ ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា សកម្មជនប្រហែល១៧៥នាក់ត្រូវបាននាំយកចេញពីទូកជាង២០គ្រឿង។ការដឹកជំនួយតាមក្បួនទូកទាំងនេះ គឺជាការប៉ុនប៉ងចុងក្រោយរបស់សកម្មជនគាំទ្រប៉ាឡេស្ទីន ដែលកំពុងស្វែងរកការទម្លាយការបិទផ្លូវទឹករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដោយអ្នករៀបចំកម្មវិធីបានដាក់ចំនួនអ្នកដែលត្រូវបានឃុំខ្លួនមានចំនួន២១១នាក់ រួមទាំងក្រុមប្រឹក្សាទីក្រុងប៉ារីសផងដែរ។រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានសរសេរនៅលើបណ្តាញ X ដោយអរគុណដល់ប្រទេសក្រិក «ចំពោះឆន្ទៈរបស់ប្រទេសនេះក្នុងការទទួលយកអ្នកចូលរួមក្នុងក្បួនទូកដឹកជំនួយ»។អ្នកស្រី Yasmine Scola សកម្មជនម្នាក់នៅលើទូក បាននិយាយថា សហការីរបស់អ្នកស្រីត្រូវបាន «ចាប់ជំរិត» ដោយអ៊ីស្រាអែល។ ជាមួយគ្នានេះ ទីក្រុងប៉ារីស បានប្រកាសថា ជនជាតិបារាំងចំនួន ១៥ នាក់ត្រូវបានឃុំខ្លួន ហើយទីក្រុងរ៉ូម បានអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់នូវ «ជនជាតិអ៊ីតាលីដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់ទាំងអស់»។

យោធាមីយ៉ាន់ម៉ា និយាយថាអតីតមេដឹកនាំ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងផ្ទះ

2026/05/01 08:51:56 am        82
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់សហភាពមីយ៉ាន់ម៉ា បានរាយការណ៍ថា អតីតមេដឹកនាំរបស់ប្រទេសនេះ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi )ដែលត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំង ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងផ្ទះវិញ។ ម្ចាស់ពានរង្វាន់ណូបែលវ័យ ៨០ ឆ្នាំរូបនេះ ត្រូវបានឃុំខ្លួន ប្រហែលជានៅក្នុងពន្ធនាគារយោធាមួយនៅក្នុងរដ្ឋធានី ណៃពិដោ (Nay Pyi Taw ) ចាប់តាំងពីលោកស្រីត្រូវបានទម្លាក់ចេញពីតំណែងក្នុងរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០២១។ សេចក្តីថ្លែងការណ៍មួយរបស់មេដឹកនាំយោធា លោក មីន អ៊ុងឡាំង(Min Aung Hlaing) ដែលបានដឹកនាំរដ្ឋប្រហារ បាននិយាយថា លោកបានផ្លាស់ប្តូរទោសដែលនៅសល់របស់លោកស្រី ដើម្បីអនុវត្តនៅក្នុងលំនៅឋានដែលបានកំណត់។ លោកស្រី អ៊ុងសាន ស៊ូជី បានឡើងកាន់អំណាចនៅឆ្នាំ ២០១៥ បន្ទាប់ពីមេដឹកនាំមីយ៉ាន់ម៉ានៅពេលនោះបានដាក់ចេញកំណែទម្រង់ប្រជាធិបតេយ្យ។ មុននោះ លោកស្រីបានចំណាយពេលរាប់ទសវត្សរ៍ក្រោមការគ្រប់គ្រងដោយយោធាក្នុងនាមជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយកន្លងមក ធ្លាប់ត្រូវបានឃុំខ្លួនក្នុងផ្ទះអស់រយៈពេលជាង ១៥ ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចេញផ្សាយរូបភាពលោកស្រីអង្គុយជាមួយបុគ្គលិកស្លៀកពាក់ឯកសណ្ឋានពីរនាក់។កូនប្រុសរបស់លោកស្រី គឺ លោក គីម អារីស (Kim Aris) បាននិយាយថា រូបលោកមានការសង្ស័យចំពោះការប្រកាសនេះ ហើយថាលោកពុំមានភស្តុតាងបង្ហាញថាលោកស្រីនៅមានជីវិតទេ។ លោកបាននិយាយថា រូបភាពនេះគឺគ្មានន័យ ដោយសាររូបថតនេះត្រូវបានថតនៅឆ្នាំ ២០២២។លោកបានប្រាប់ទូរទស្សន៍ BBC ថា រូបលោកសង្ឃឹមថានេះជាការពិត។ លោកនៅតែមិនទាន់មើលឃើញភស្តុតាងពិតប្រាកដណាមួយដើម្បីបង្ហាញថាម្ដាយរបស់លោកត្រូវបានផ្លាស់ប្តូរទីតាំងឃុំខ្លួននោះទេ៕

អ៊ីរ៉ង់ព្រមានអាមេរិកពីការឈឺចាប់អូសបន្លាយពេលយូរស្របពេលមានរបាយការណ៍ស្តីពីផែនការវាយប្រហារដ៏ខ្លាំងក្លា

2026/05/01 08:21:29 am        85
សារព័ត៌មាន Anadolu បានរាយការណ៍ថា មេបញ្ជាការកងកម្លាំងអវកាសនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ៣០មេសាសប្ដាហ៍នេះពីសកម្មភាពយោធាដែលអាចកើតមាន ស្របពេលមានរបាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាវាយប្រហារថ្មីប្រឆាំងនឹងទីក្រុងតេអេរ៉ង់។  ការព្រមាននេះបានកើតឡើងបន្ទាប់ពីរបាយការណ៍មួយរបស់គេហទំព័រព័ត៌មានអាមេរិក Axios ដែលថាប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវគេរំពឹងថានឹងទទួលបានការរាយការណ៍ពីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ស្តីពីជម្រើសសម្រាប់ការវាយប្រហារជាបន្តបន្ទាប់  រយៈពេលខ្លី និងខ្លាំងក្លា ក្នុងគោលបំណងបំបែកភាពជាប់គាំងបច្ចុប្បន្ន។   ជាការឆ្លើយតប លោក Majid Mousavi មេបញ្ជាការកងកម្លាំងអវកាស IRGC បាននិយាយថា ទីក្រុងតេអេរ៉ង់នឹងឆ្លើយតបទៅនឹងប្រតិបត្តិការបែបនេះ ទោះបីជារយៈពេលខ្លី និងរហ័សក៏ដោយ ជាមួយនឹង ការវាយប្រហារអូសបន្លាយពេលយូរ និងឈឺចាប់។លោកបានបន្ថែមនៅក្នុងការបញ្ចេញមតិរបស់លោកដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim ថា ពួកលោកបានមើលឃើញជោគវាសនានៃមូលដ្ឋានរបស់អ្នកនៅក្នុងតំបន់។ ពួកលោកក៏នឹងមើលឃើញនាវារបស់អ្នកផងដែរ។    យោងតាមសារព័ត៌មាន Axios ដដែល បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានរៀបចំផែនការដែលអាចរួមបញ្ចូលការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ ក៏ដូចជាជម្រើសទូលំទូលាយជាងនេះដូចជាការកើនឡើងសម្ពាធកងទ័ពជើងទឹកនៅក្នុងច្រកសមុទ្រ Hormuz ជាដើម។សំណើទាំងនេះត្រូវបានគេរាយការណ៍ថាមានគោលបំណងបង្ខំឱ្យអ៊ីរ៉ង់វិលត្រឡប់ទៅរកការចរចាវិញដោយមានភាពបត់បែនកាន់តែច្រើន ជាពិសេសលើបញ្ហានុយក្លេអ៊ែរ។ របាយការណ៍នេះក៏បាននិយាយផងដែរថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាលើជំហាននានាដើម្បីធានាផ្លូវសមុទ្រនៅក្នុងច្រកសមុទ្រ Hormuz ហើយកំពុងរៀបចំសម្រាប់ការសងសឹកដែលអាចកើតមានពីអ៊ីរ៉ង់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM