រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

EU៖ ការដាក់ពង្រាយកងទ័ព នៅអឺរ៉ុប គឺ «ដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិក»

2026/04/30 08:34:41 pm        29
សហភាពអឺរ៉ុប (EU) នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមេសា ឆ្នាំ២០២៦) នេះ បានលើកឡើងថា ការដាក់ពង្រាយកងទ័ពអាមេរិក នៅអឺរ៉ុប គឺស្ថិតនៅក្នុងផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានគំរាមកាត់បន្ថយចំនួនកងកម្លាំង នៅក្នុងប្រទេសអាល្លឺម៉ង់។អ្នកនាំពាក្យ EU លោកស្រី Anitta Hipper បាននិយាយថា សហរដ្ឋអាមេរិក គឺជា «ដៃគូដ៏សំខាន់មួយ ក្នុងការចូលរួមចំណែកដល់សន្តិសុខ និងការពារជាតិរបស់តំបន់អឺរ៉ុប»។ លោកស្រីបានបន្ថែមថា «ការដាក់ពង្រាយកងទ័ពអាមេរិក នៅអឺរ៉ុប ក៏ស្ថិតនៅក្នុងផលប្រយោជន៍របស់សហរដ្ឋអាមេរិកផងដែរ ពោលគឺដើម្បីគាំទ្រតួនាទីសកលរបស់ខ្លួន»។លោក Trump បាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាកាត់បន្ថយការដាក់ពង្រាយកងទ័ពរបស់ខ្លួន បន្ទាប់ពីមានជម្លោះជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ពាក់ព័ន្ធនឹងសង្គ្រាមអ៊ីរ៉ង់។ការប៉ះទង្គិចនេះ គឺជាជម្លោះចុងក្រោយបំផុត ដែលធ្វើឲ្យលោក Trump កាន់តែខឹងសម្បា ចំពោះសម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងអង្គការណាតូ (NATO) ដោយមេដឹកនាំសហរដ្ឋអាមេរិក បានរិះគន់រួចហើយ ចំពោះការឆ្លើយតបរបស់ពួកគេ ទៅនឹងការវាយប្រហាររបស់លោក លើអ៊ីរ៉ង់។នៅចំពោះមុខក្ដីបារម្ភ អំពីការប្តេជ្ញាចិត្តរបស់លោក Trump ចំពោះអង្គការណាតូ និងសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន អឺរ៉ុបបានបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន៕

លោក Trump ៖ សហរដ្ឋអាមេរិកនឹងបញ្ចេញឯកសារមនុស្សពិភពផ្កាយក្នុងពេលដ៏ខ្លីខាងមុខនេះ

2026/04/30 08:28:48 pm        67
 ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា រដ្ឋបាលរបស់លោកនឹងបញ្ចេញព័ត៌មានយ៉ាងច្រើនរបស់ថាសហោះ ក្នុងពេលដ៏ខ្លីខាងមុខនេះ ។ លោក Trump បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ ពេលរូបលោកជួបនៅឯសេតវិមានជាមួយអវកាសយានិកបេសកកម្ម Artemis II ដែលបានធ្វើដំណើរបំបែកកំណត់ត្រានៅជុំវិញឋានព្រះចន្ទកាលពីដើមខែមេសា គឺជាដំណើរលើកដំបូងដោយមនុស្សទៅកាន់តំបន់ជិតឋានព្រះចន្ទ ក្នុងរយៈពេលជាងកន្លះសតវត្សរ៍កន្លងមកនេះ ។ លោក Trump និយាយថា លោកគិតថា ពួកយើងនឹងបញ្ចេញឯកសារឲ្យបានច្រើនតាមដែលពួកយើងអាចធ្វើបាននៅក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ពួកយើងនឹងបញ្ចេញច្រើនណាស់ អ្វីៗដែលពួកយើងមិនធ្លាប់មាន ។ កាលពីថ្ងៃទី ១៧ ខែមេសា លោក Trump និយាយថា រដ្ឋបាលរបស់លោកបានពិនិត្យមើលវត្ថុពាក់ព័ន្ធនឹងថាសហោះដែលបានរកឃើញឯកសារចាប់អារម្មណ៍ជាច្រើន ហើយសំណុំឯកសារដំបូង នឹងត្រូវបញ្ចេញក្នុងពេលដ៏ខ្លីខាងមុខនេះ ។ កាលពីខែកុម្ភៈ លោក Trumpបានបញ្ជាឲ្យទីភ្នាក់ងារសហរដ្ឋអាមេរិកចាប់ផ្តើមបញ្ចេញឯកសាររដ្ឋាភិបាលស្តីពីថាសហោះ ហើយនិងជីវិតរបស់មនុស្សពិភពផ្កាយ ដោយរូបលោកលើកឡើងពីចំណាប់អារម្មណ៍របស់សាធារណជនចំពោះបញ្ហាមួយនេះ ។ សមាជិកអវកាសយានិក ៤រូបនៃបេសកកម្ម Artemis II ដែលជាអវកាសយានិករបស់អង្គការណាសាលោក Victor Glover, Reid Wiseman, Christina Koch និងអាវកាសយានិកកាណាដាលោក Jeremy Hansen បានទៅដល់ចម្ងាយឆ្ងាយបំផុតនៅក្នុងទីអវកាសដោយមនុស្ស មុនពេលដែលយាន Orion របស់ពួកគេ ធ្វើដំណើរជុំវិញគន្លងជិតឋានព្រះចន្ទ ។ ការហោះហើររបស់បេសកកម្ម Artemis II បានធ្វើដំណើរចម្ងាយសរុប ១.១១៧.៥១៥គ.ម នៅតាមគន្លងចំនួន ២របស់ផែនដី ហើយនិងហោះហើរជុំវិញព្រះចន្ទ នៅចម្ងាយប្រហែលជាង ៦.៤០០គ.មពីផ្ទៃព្រះចន្ទ ៕

ជនជាតិជ្វីហ្វអង់គ្លេស ទាមទារកិច្ចប្រឹងប្រែងបន្ថែមទៀតពីរដ្ឋាភិបាល ក្រោយការវាយប្រហារដោយកាំបិត

2026/04/30 08:28:23 pm        56
អមដោយការភ័យខ្លាច ការខឹងសម្បាជាមួយរដ្ឋាភិបាល និងចម្ងល់ ដែលថា តើពួកគេត្រូវការចាកចេញពីប្រទេសដែរ ឬយ៉ាងណានោះ ជនជាតិជ្វីហ្វអង់គ្លេស នៅក្នុងតំបន់ជាយក្រុង Golders Green ភាគខាងជើងនៃទីក្រុងឡុងដ្រ៍ កំពុងមានអារម្មណ៍តក់ស្លុត ពោលគឺមួយថ្ងៃបន្ទាប់ពីអ្នកវាយប្រហារម្នាក់ បានចាក់បុរស ២នាក់ នៅតាមដងផ្លូវ។សមាជិកនៃសហគមន៍ជ្វីហ្វ បាននិយាយថា ពួកគេកំពុងរំពឹងថា នាយករដ្ឋមន្ត្រី លោក Keir Starmer នឹងបង្ហាញថា រូបលោកអាចដោះស្រាយមូលហេតុចម្បងនៃការវាយប្រហារ ប្រឆាំងនឹងក្រុមជនជាតិជ្វីហ្វ ដែលមានភាពកាន់តែញឹកញាប់ និងធានាសុវត្ថិភាពឲ្យពួកគេ។លោក Shilome Rand ដែលជាបុរសម្នាក់ក្នុងចំណោមបុរសត្រូវបានចាក់កាលពីថ្ងៃពុធ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ITV News ថា៖ «ប្រជាជនពិតជាមានក្ដីបារម្ភណាស់ ប្រជាជនមានការភ័យខ្លាច ប្រជាជនមានអារម្មណ៍មិនស្រួលឡើយ ពេលដើរតាមផ្លូវ ហើយជាក់ស្តែងប្រជាជនកំពុងស្តីបន្ទោសរដ្ឋាភិបាល ដែលមិនធ្វើអ្វីទាំងអស់ ចំពោះអ្វីដែលកំពុងកើតឡើង»។ជនរងគ្រោះទាំង២ ស្ថិតក្នុងស្ថានភាពមានស្ថិរភាព។ ហេតុការណ៍ចាក់នឹងកាំបិត កាលពីថ្ងៃពុធ គឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរ និងហិង្សាបំផុត នៅក្នុងការវាយប្រហារថ្មីៗជាច្រើន ដែលផ្តោតលើជនជាតិជ្វីហ្វ នៅទីក្រុងឡុងដ្រ៍ ហើយកើតឡើងមិនដល់ ១ឆ្នាំផង បន្ទាប់ពីមានការវាយប្រហារដ៏សាហាវ នៅវិហារជ្វីហ្វមួយ ក្នុងទីក្រុង Manchester។លោក Starmer ដែលភរិយារបស់លោក គឺជាជនជាតិជ្វីហ្វ បានសន្យាផ្តល់មូលនិធិបន្ថែមទៀត សម្រាប់អង្គការនគរបាលសហគមន៍ រួមទាំងអ្នកដែលបានជួយបញ្ឈប់ជនដៃដល់ កាលពីថ្ងៃពុធ និងបានសន្យាបង្កើតច្បាប់ ដើម្បីទប់ស្កាត់ «តួអង្គរដ្ឋអរិភាព» ដែលរៀបចំក្រុមតំណាងឲ្យធ្វើការវាយប្រហារ៕

កណ្តុររាតត្បាតជំរំតង់នៅតំបន់ហ្គាហ្សា ខាំក្មេងៗ និងធ្វើឲ្យរីករាលដាលជំងឺ

2026/04/30 08:15:21 pm        25
កណ្តុរ និងប៉ារ៉ាស៊ីត កំពុងរាតត្បាតនៅទូទាំងជំរំសំពត់តង់តំបន់ហ្កាហ្សា សម្រាប់ជនប៉ាឡេស្ទីនជម្លៀសខ្លួន ខាំម្រាមដៃម្រាមជើងរបស់ក្មេងៗ ពេលដែលពួកគេដេក កកេរទ្រព្យសម្បត្តិមានតម្លៃសេសសល់ចុងក្រោយរបស់ពួកគេ និងធ្វើឲ្យរីករាលដាលឆ្លងជំងឺ ។ការរាតត្បាតរបស់សត្វកណ្តុរនេះ បានកើតមាន ពេលដែលភាគច្រើននៃជនប៉ាឡេស្ទីនជាង ២លាននាក់ជម្លៀសខ្លួននៅក្នុងតំបន់ហ្កាហ្សា បច្ចុប្បន្នរស់នៅក្នុងផ្ទះរងការទម្លាក់គ្រាប់បែក និងក្នុងសំពត់តង់បណ្តោះអាសន្ននៅលើដីកណ្តាលវាល ឬនៅលើគំនរបាក់បែកអគារបំផ្លិចបំផ្លាញ ។នៅរយៈពេលប៉ុន្មានថ្ងៃមុនថ្ងៃអាពាហ៍ពិពាហ៍ ក្មេងស្រី Amani Abu Selmi ដែលជម្លៀសខ្លួនជាមួយគ្រួសាររបស់នាងនៅទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា រកឃើញថាសត្វកណ្តុរ បានកកេរសម្លៀកបំពាក់ និងកាបូបអាពាហ៍ពិពាហ៍របស់នាង នៅក្នុងសំពត់តង់ ជាទីដែលពួកគេជ្រកកោន ។ក្មេងស្រី Abu Selmi អាយុ ២០ឆ្នាំ និយាយថា សុភមង្គលទាំងអស់របស់នាង បានរលាយសាបសូន្យអស់ វាធ្វើឲ្យនាងខកចិត្តជាខ្លាំង សម្លៀកបំពាក់អាពាហ៍ពិពាហ៍របស់នាង ត្រូវបានបំផ្លិចបំផ្លាញគ្មានសល់ ។លោក Asaad Sadiq គឺជាប្រធានផ្នែកជំងឺសើស្បែកនៅមន្ទីរពេទ្យ Nasser និយាយថា មាននូវករណីកើតឡើងវិញជំងឺសើស្បែក ដោយសារតែកណ្តុរខាំមនុស្ស ។លោកថា មាននូវកង្វះខាតធ្ងន់ធ្ងរការព្យាបាលជំងឺសើស្បែកនៅតំបន់ហ្កាហ្សាស្រ្ទីប ។ ពួកយើងគ្មានលទ្ធភាពព្យាបាលជំងឺបែបហ្នឹងនោះទេ ។ដោយឡែកលោក Mohamed Abu Selmia គឺជាប្រធានមន្ទីរពេទ្យធំបំផុតនៅតំបន់ហ្កាហ្សា និយាយថា លោករំពឹងថា បញ្ហានឹងកាន់តែធ្ងន់ធ្ងរជាងនេះ ពេលដែលរដូវក្តៅខិតជិតមកដល់ ហើយនិងស្របពេលដែលអ៊ីស្រាអែលហាមប្រាមសម្ភារៈគ្រប់គ្រងសត្វល្អិត ដូចជាថ្នាំបំពុលសត្វកណ្តុរ ។សូមបញ្ជាក់ថា អ៊ីស្រាអែល បានហាមឃាត់ការនាំចូលទំនិញដែលពួកគេនិយាយថា អាចប្រើប្រាស់បាន ២យ៉ាង ទាំងការប្រើប្រាស់សម្រាប់យោធា និងការប្រើប្រាស់សម្រាប់ជនស៊ីវិល ៕

អធិការបតីអាល្លឺម៉ង់ អំពាវនាវឲ្យមាន «ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកអាចទុកចិត្តបាន»

2026/04/30 08:14:57 pm        43
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមេសា ឆ្នាំ២០២៦) នេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ «ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកដែលអាចទុកចិត្តបាន» ស្របពេលមានជម្លោះជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ជុំវិញសង្គ្រាមអ៊ីរ៉ង់។ក្នុងអំឡុងពេលទៅពិនិត្យមើលទីលានហ្វឹកហាត់កងទ័ពមួយកន្លែង នៅភាគខាងជើងនៃប្រទេសអាល្លឺម៉ង់ លោក Merz បានលើកឡើងថា៖ «នៅក្នុងគ្រាដ៏ច្របូកច្របល់នេះ យើងកំពុងដើរតាមត្រីវិស័យដ៏ច្បាស់លាស់មួយ។ ត្រីវិស័យនេះនៅតែតម្រង់ទិសឆ្ពោះទៅរកការរួបរួមគ្នារបស់អង្គការណាតូ (NATO) និងភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកដែលអាចទុកចិត្តបាន»។លោក Merz មិនបានឆ្លើយតបដោយផ្ទាល់ឡើយ ចំពោះការគំរាមកំហែងដែលធ្វើឡើងកាលពីថ្ងៃពុធដោយលោក Trump ក្នុងការដកកងទ័ពអាមេរិករាប់ម៉ឺននាក់ដែលឈរជើងនៅអាល្លឺម៉ង់។ ប៉ុន្តែលោកបាននិយាយថា ទីក្រុងប៊ែរឡាំង «មានទំនាក់ទំនងដ៏ជិតស្និទ្ធ និងគួរឲ្យទុកចិត្តបាន ជាមួយដៃគូរបស់យើង រួមទាំង និងជាពិសេស នៅទីក្រុងវ៉ាស៊ីនតោន» ជុំវិញផលវិបាក ដោយសារសង្គ្រាម នៅមជ្ឈិមបូព៌ា។លោកបានបន្ថែមថា៖ «យើងកំពុងធ្វើបែបនេះ នៅក្នុងផលប្រយោជន៍ឆ្លងមហាសមុទ្រអាត្លង់ទិករួមរបស់យើង។ យើងកំពុងធ្វើវាដោយការគោរពគ្នាទៅវិញទៅមក និងការចែករំលែកបន្ទុកដោយយុត្តិធម៌។ ភាពជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកនេះ គឺជាប់នៅក្នុងចិត្តរបស់យើងជាពិសេស ទាំងចំពោះពួកយើងទាំងមូល និងចំពោះខ្លួនខ្ញុំផ្ទាល់ ដូចដែលអ្នកបានដឹងហើយ»។គួរបញ្ជាក់ថា លោក Merz បានត្រូវបានលោក Trump ខឹងសម្បា បន្ទាប់ពីបាននិយាយកាលពីដើមសប្តាហ៍នេះថា អ៊ីរ៉ង់កំពុង «ធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនអាម៉ាស់» នៅតុចរចា៕

អាស៊ានប្ដេជ្ញាបញ្ចៀសការហាមឃាត់ការនាំចេញ និងចែករំលែកប្រេងឥន្ធនៈ ខណៈតម្លៃប្រេងហក់ឡើង

2026/04/30 07:23:05 pm        47
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) បានប្ដេជ្ញាថា នឹងជៀសវាងការរឹតបន្តឹងពាណិជ្ជកម្ម និងជំរុញទៅមុខជាមួយនឹងគម្រោងចែករំលែកប្រេងឥន្ធនៈ ខណៈដែលតំបន់នេះកំពុងដោះស្រាយយ៉ាងលំបាកជាមួយការកើនឡើងនូវតម្លៃប្រេង និងការរំខានដល់ការផ្គត់ផ្គង់ ដោយសារសង្គ្រាមអ៊ីរ៉ង់។នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមេសា ឆ្នាំ២០២៦) នេះ បន្ទាប់ពីបានជួបជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចក្នុងតំបន់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Cristina Roque បានបញ្ជាក់ថា៖ «យើងនឹងបន្តធ្វើឲ្យពាណិជ្ជកម្មបើកចំហ និងអាចព្យាករណ៍បាន។ អាស៊ានបានយល់ព្រមជៀសវាងការមានវិធានការពាណិជ្ជកម្មតឹងរ៉ឹង ក្នុងនោះរួមទាំងការហាមឃាត់ការនាំចេញទំនិញសំខាន់ៗផងដែរ»។លោកស្រី Roque បានបន្តថា «នៅក្នុងគ្រាមានភាពមិនប្រាកដប្រជានេះ ភាពអាចព្យាករណ៍បាន គឺជាស្ថិរភាព ហើយស្ថិរភាពចាប់ផ្តើមដោយការបន្តឲ្យទំនិញឆ្លងកាត់ព្រំដែន»។ ជាមួយគ្នានេះ លោកស្រីបានបន្ថែមទៀតថា អាស៊ានក៏កំពុងធ្វើការផងដែរ ដើម្បីជំរុញការផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងមួយ ដែលអាចឲ្យមានការចែករំលែកប្រេងឥន្ធនៈសម្របសម្រួលមគ្នា ក្នុងអំឡុងពេលមានការរំខានដល់ការផ្គត់ផ្គង់។ជាងនេះទៀត យោងតាមលោកស្រី Roque ដែលជាប្រធានកិច្ចប្រជុំពិសេស ស្តីពីផលប៉ះពាល់ ដោយសារជម្លោះ នៅតំបន់មជ្ឈិមបូព៌ា លើតំបន់នេះ បានឲ្យដឹងទៀតថា ប្លុកមានសមាជិកចំនួន ១១ប្រទេសនេះ នឹងធ្វើឲ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗ ក្នុងនោះរួមទាំងកិច្ចព្រមព្រៀងជាមួយប្រទេសចិន កូរ៉េខាងត្បូង និងកាណាដាផងដែរ។គួរបញ្ជាក់ថា សមាជិកអាស៊ាន បានជួបប្រទះនឹងតម្លៃប្រេងហក់ឡើង ចាប់តាំងពីការចាប់ផ្តើមនូវសង្គ្រាមអ៊ីរ៉ង់ ដែលជំរុញឲ្យមានអតិផរណា នាំឲ្យថវិការដ្ឋាភិបាលជួបការលំបាក និងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចថយចុះ៕

ប្រធានថាមពលអាមេរិក៖ អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមនឹងបង្កើនការផលិតប្រេង ក្រោយជម្លោះអ៊ីរ៉ង់

2026/04/30 07:22:36 pm        40
 រដ្ឋមន្រ្តីក្រសួងថាមពលសហរដ្ឋអាមេរិកលោក Chris Wright និយាយថា អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម នឹងបង្កើនការផលិតប្រេង បើសិនជាវិបត្តិអ៊ីរ៉ង់ត្រូវបានដោះស្រាយ ។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល Three Seas នៅប្រទេសក្រូអាត លោក Wright និយាយថា ប្រទេសទាំង ២ នឹងជំរុញការផលិតឲ្យបានឆាប់ ស្របពេលដែលប្រេងចាប់ផ្តើមហូរដោយគ្មានឧបសគ្គតាមច្រកសមុទ្រ Hormuz ។ លោកថា លោកគិតថា នៅពេលបញ្ចប់សង្រ្គាមមួយនេះ លំហូរប្រេងនឹងចាប់ផ្តើមហូរដោយគ្មានឧបសគ្គជាថ្មីម្តងទៀត លោកគិតថា អ្នកនឹងឃើញ អារ៉ាប់រួម ប៉ុន្តែអារ៉ាប៊ីសាអ៊ូឌីតផងដែរ មានសមត្ថភាពផលិតប្រេង សមត្ថភាពផលិតថាមពលច្រើនតាមដែលពួកគេអាចធ្វើបាន ។ លោក Wright និយាយទៀតថា ច្បាស់ណាស់ថា អារ៉ាប៊ីសាអ៊ូឌីត នឹងផលិតប្រេងឲ្យបានច្រើន ដូចគ្នានឹងអារ៉ាប់រួមផងដែរ ប្រទេសទាំង ២នេះ មានសមត្ថភាពផលិតប្រេងបានច្រើនបំផុតនៅលើពិភពលោក ។ សូមបញ្ជាក់ថា តម្លៃថាមពលបានហក់ឡើងខ្ពស់កប់ពពក ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ៕

ចិនគំរាមសងសឹក EU ប្រសិនបើប្លុកហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei

2026/04/30 07:22:15 pm        50
 ប្រទេសចិនបានបញ្ជាក់ថា ខ្លួននឹងសងសឹកសហភាពអឺរ៉ុប (EU) ប្រសិនបើប្លុកនេះបន្តជំរុញសំណើហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei Technologies Co នៅទូទាំងទ្វីបអឺរ៉ុប ដោយនេះជាការកើនឡើងនូវភាពតានតឹង នៅក្នុងការប៉ះទង្គិចគ្នាដ៏យូរ ពាក់ព័ន្ធនឹងសន្តិសុខជាតិ និងផលិតផលរបស់ក្រុមហ៊ុនទូរគមនាគមន៍។បេសកកម្មចិន ប្រចាំ EU បានស្នើថា គណៈកម្មការត្រូវលុបចោលភាសាដែលនឹងប្រកាសពីឧបករណ៍របស់ចិន ជាកង្វល់សន្តិសុខតាមអ៊ីនធឺណិត ឬដាក់ស្លាកក្រុមហ៊ុនពីប្រទេសនេះថា ជាអ្នកផ្គត់ផ្គង់ «ដ៏មានហានិភ័យខ្ពស់» នៅក្នុងសំណើមួយពីអនុប្រធានប្រតិបត្តិគណៈកម្មការ លោកស្រី Henna Virkkunen។លោកស្រី Virkkunen កំពុងស្វែងរកមធ្យោបាយ ដើម្បីជំរុញប្រទេសនានានៅក្នុងប្លុកឲ្យកាត់បន្ថយជាលំដាប់នូវឧបករណ៍របស់ក្រុមហ៊ុន Huawei និងក្រុមហ៊ុនរួមជាតិ ZTE Corp ពីហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់ពួកគេ ហើយកាលពីខែមករា បានស្នើវិធានការចាំបាច់ដែលមានបំណងធានាសុវត្ថិភាពបណ្តាញ នៅក្នុងច្បាប់សន្តិសុខតាមអ៊ីនធឺណិត។ក្នុងសេចក្តីថ្លែងការណ៍មួយ នៅឯកិច្ចប្រជុំ ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) បេសកកម្មចិនបានលើកឡើងថា៖ «ប្រសិនបើ EU នៅតែបន្តអនុម័តសំណើនេះ ប្រទេសចិននឹងត្រូវឆ្លើយតបវិញដោយអនុវត្តវិធានការតបតដែលត្រូវគ្នា ប្រឆាំងនឹង EU និងក្រុមហ៊ុនរបស់ EU»។ប្រសិនបើ EU ប្រើប្រាស់ច្បាប់ ដើម្បីតម្រូវឲ្យក្រុមហ៊ុនអឺរ៉ុបបញ្ឈប់ការប្រើប្រាស់ឧបករណ៍ចិនជាបណ្តើរៗ ប្រទេសចិនអាច «បើកការស៊ើបអង្កេតពាក់ព័ន្ធទៅលើ EU ឬក្រុមហ៊ុន EU ហើយចាត់វិធានការតបតវិញ

ក្រុមសិទ្ធិមនុស្ស៖ មនុស្សយ៉ាងតិច ៣៥៨នាក់ ត្រូវបានប្រហារជីវិត ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន

2026/04/30 07:21:49 pm        40
យ៉ាងហោចណាស់មនុស្ស ៣៥៨នាក់ ត្រូវបានប្រហារជីវិត ក្រោមរបបរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un)។ នេះបើយោងតាមរបាយការណ៍របស់ក្រុមការងារយុត្តិធម៌អន្តរកាល (Transitional Justice Working Group) ដែលជាអង្គការសិទ្ធិមនុស្សអន្តរជាតិមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។របាយការណ៍នេះ ដែលផ្អែកលើការវិភាគសក្ខីកម្មពីអ្នករត់ចេញពីប្រទេសកូរ៉េខាងជើង និងព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយអនឡាញ ដែលមានជំនាញខាងកូរ៉េខាងជើង មានគោលបំណងបង្ហាញពីអ្វីដែលខ្លួនចាត់ទុកថា ជា «ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ» ដែលមិនអើពើនឹងក្ដីបារម្ភរបស់អន្តរជាតិ អំពីការប្រហារជីវិតដោយបំពាន។បើយោងតាមរបាយការណ៍ បានឲ្យដឹងទៀតថា ក្នុងចំណោមករណីប្រហារជីវិតសរុបចំនួន ១៤៤ករណី មាន ១៣៦ករណីត្រូវបានកត់ត្រា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥៨នាក់ ខណៈដែលករណី ៨ផ្សេងទៀត ពាក់ព័ន្ធនឹងមនុស្ស ៨នាក់ដែលត្រូវបាននាំចេញពីកន្លែងកាត់ក្តីសាធារណៈ ដែលធ្វើឲ្យពិបាកដឹងថា តើពួកគេត្រូវបានប្រហារជីវិតដែរឬ យ៉ាងណា។របាយការណ៍នេះបានបន្ថែមថា ទាក់ទងនឹងវិធីសាស្រ្តនៃការប្រហារជីវិត ក្រុមបាញ់ប្រហារដោយប្រើកាំភ្លើងវែង និងកាំភ្លើងយន្ត គឺជាករណីទូទៅបំផុត ខណៈពេលដែល ២ករណី ត្រូវបានអះអាងថា ត្រូវបានព្យួរក នៅចំពោះមុខសាធារណជន។របាយការណ៍ដដែលនេះ បានបញ្ជាក់ថា «ការរំលោភបំពានលើច្បាប់គ្រប់គ្រង» ក្នុងនោះរួមទាំងការចែកចាយខ្សែភាពយន្ត រឿងភាគ និងតន្ត្រីកូរ៉េខាងត្បូង ក៏ដូចជាសម្ភារៈវប្បធម៌បរទេស និងព័ត៌មាន ទាក់ទងនឹងសាសនា មានចំនួនប្រហែល ២០ភាគរយនៃការចោទប្រកាន់ បន្ទាប់មកប្រហែល ១៣ភាគរយ សម្រាប់ករណីឃាតកម្ម និងប្រហែល ១១ភាគរយ សម្រាប់បទល្មើសគ្រឿងញៀន៕

គ្រោះថ្នាក់ចរាចរណ៍លើផ្លូវហាយវ៉េប្រទេសបូលីវី សម្លាប់មនុស្ស ៩នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស

2026/04/30 07:11:39 pm        48
 យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា មនុស្សយ៉ាងហោច ៩នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២២នាក់ផ្សេងទៀត រងរបួស បន្ទាប់ពីឧបទ្ទេវហេតុគ្រោះថ្នាក់ពាក់ព័ន្ធនឹងរថយន្តក្រុងធ្វើដំណើរតាមផ្លូវហាយវ៉េ ពីព្រំដែនឈីលីទៅកាន់ទីក្រុង Oruro របស់បូលីវី ។ ឧបទ្ទេហេតុគ្រោះថ្នាក់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃពុធ ហើយមូលហេតុនៃគ្រោះថ្នាក់ កំពុងស្ថិតក្នុងការស៊ើបអង្កេត ។ អ្នកដំណើរគ្មានអត្តសញ្ញាណម្នាក់ និយាយថា ពួកយើងធ្វើដំណើរមកពីព្រំដែនឈីលី អ្នកបើកបរប្រញាប់ប្រញាល់ឲ្យពួកយើងឡើងលើរថយន្ត ។ លោកបន្តថា អ្នកបើកបរហាក់ដូចជាប្រញាប់ខ្លាំងណាស់ ហើយគាត់ពុំមានប័ណ្ណបើកបរនៅលើផ្លូវហាយវ៉េថែមទៀតផង ។ អ្នកបើកបរអាយុ ២៩ឆ្នាំ បានរស់រានពីគ្រោះថ្នាក់នេះ ដោយមានរបួសខួរក្បាលស្រាល ហើយនិងធ្វើតេស្តគ្មានជាតិស្រវឹងក្នុងខ្លួននោះទេ ។ ដោយឡែក ការស៊ើបអង្កេតបឋមបង្ហាញថា ឧបទ្ទេវហេតុគ្រោះថ្នាក់នេះ បានកើតឡើងដោយសារការបើកលឿនលើសល្បឿនកំណត់ ហើយនិងការធ្វេសប្រហែសរបស់អ្នកបើកបរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM