រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

របាយការណ៍៖ មេបញ្ជាការយោធាអាមេរិក នឹងជម្រាបលោក TRUMP អំពីជម្រើសយោធាថ្មីប្រឆាំងនឹង អ៊ីរ៉ង់

2026/04/30 07:06:34 pm        42
លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងទទួលបានការជូនដំណឹងនៅថ្ងៃព្រហស្បតិ៍នេះពីមេដឹកនាំនៃទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) លោក Brad Cooper អំពីផែនការថ្មីសម្រាប់សកម្មភាពយោធា ដែលអាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រព័ត៌មាន Axios បានចេញផ្សាយកាលពីនៅថ្ងៃពុធ។ របាយការណ៍នេះ បានដកស្រង់ប្រភពដែលមិនស្គាល់អត្តសញ្ញាណ។ សេតវិមាន និងទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។CENTCOM បានរៀបចំផែនការសម្រាប់រលកវាយប្រហាររយៈពេល «ខ្លី និងដ៏ខ្លាំងក្លា» លើអ៊ីរ៉ង់ ដែលទំនងជារួមទាំងគោលដៅហេដ្ឋារចនាសម្ព័ន្ធ នេះបើយោងតាមរបាយការណ៍របស់ Axios ដោយដកស្រង់ប្រភព។ បទឈប់បាញ់ដ៏ផុយស្រួយក្នុងសង្គ្រាមអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីបីសប្តាហ៍មុន។ សង្គ្រាមបានចាប់ផ្តើមនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារផ្ទាល់ខ្លួនលើអ៊ីស្រាអែល និងរដ្ឋឈូងសមុទ្រដែលមានមូលដ្ឋានអាមេរិក។ ការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ និងការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ បានសម្លាប់មនុស្សរាប់ពាន់នាក់ និងមនុស្សរាប់លាននាក់ ត្រូវផ្លាស់ទីលំនៅ។ នាពេលកន្លងមក លោក ត្រាំ បានគំរាមកំហែងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់។ អ្នកជំនាញច្បាប់អន្តរជាតិនិយាយថា ការវាយប្រហារបែបនេះ អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។ អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ ស្តីពីការប្រព្រឹត្តមនុស្សធម៌ក្នុងសង្គ្រាមហាមឃាត់ការវាយប្រហារលើទីតាំងដែលត្រូវបានចាត់ទុកថា សំខាន់សម្រាប់ជនស៊ីវិល៕

មេដឹកនាំកំពូលអ៊ីរ៉ង់និយាយថា ប្រទេសនេះ នឹងការពារ «សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីល» របស់ខ្លួន

2026/04/30 07:04:10 pm        66
មេដឹកនាំកំពូលអ៊ីរ៉ង់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សាធារណរដ្ឋឥស្លាម នឹងការពារ «សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីល» របស់ខ្លួន ជាទ្រព្យសម្បត្តិជាតិ ទោះបីជាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្យាយាមទទួលបានកិច្ចព្រមព្រៀងលើបញ្ហាទាំងនោះក៏ដោយ។លោក Ayatollah Mojtaba Khamenei បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយដែលបានអានឮៗនៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ដូចដែលលោកបានធ្វើ ចាប់តាំងពីលោកបានឡើងកាន់តំណែងបន្ទាប់ពីការវាយប្រហារតាមអាកាសនៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលបានសម្លាប់ឪពុកអាយុ ៨៦ ឆ្នាំរបស់ខ្លួន គឺលោក Ayatollah Ali Khamenei។លោក Ayatollah Mojtaba Khamenei បាននិយាយថា៖«ជនជាតិអ៊ីរ៉ង់ដែលមានមោទនភាព និងថ្លៃថ្នូរចំនួន ៩០ លាននាក់ទាំងក្នុង និងក្រៅប្រទេស ចាត់ទុកសមត្ថភាពទាំងអស់របស់អ៊ីរ៉ង់ ដែលមានមូលដ្ឋានលើអត្តសញ្ញាណ ស្មារតី មនុស្ស វិទ្យាសាស្ត្រ ឧស្សាហកម្ម និងបច្ចេកវិទ្យា ចាប់ពីបច្ចេកវិទ្យាណាណូ និងជីវបច្ចេកវិទ្យា រហូតដល់សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីល ជាទ្រព្យសម្បត្តិជាតិ ហើយនឹងការពារពួកវា ដូចដែលពួកគេការពារដែនទឹក ដីធ្លី និងដែនអាកាសរបស់ប្រទេសនេះ»។លោកបាននិយាយថា កន្លែងតែមួយគត់ដែលជនជាតិអាមេរិកជាកម្មសិទ្ធិរបស់ឈូងសមុទ្រអារ៉ាប់គឺ «នៅបាតទឹករបស់ខ្លួន» ខណៈដែលច្រកសមុទ្រហ័រមូស នៅតែស្ថិតក្នុងការគ្រប់គ្រងរបស់ទីក្រុងតេអេរ៉ង់៕

មនុស្ស ៧នាក់ស្លាប់ក្នុងហេតុការណ៍បាក់ជញ្ជាំងនៅទីក្រុង Bengaluru ប្រទេសឥណ្ឌា

2026/04/30 07:02:15 pm        59
 មនុស្សយ៉ាងហោច ៧នាក់ រួមទាំងកុមារ ២នាក់ផងដែរ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ក្រោយជញ្ជាំងបាក់នៅរដ្ឋធានីបច្ចេកវិទ្យា Bengaluru ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា ។ ហេតុការណ៍បាក់ជញ្ជាំងនេះ បានកើតឡើង ក្រោយទីក្រុង Bengaluru មើលឃើញភ្លៀងធ្លាក់ខ្លាំងកាលពីព្រឹកថ្ងៃពុធ ដែលបង្អាក់ដល់ការធ្វើចរាចរណ៍ បណ្តាលឲ្យស្ទះលូទឹកនៅតាមតំបន់ទាបៗ ទូទាំងទីក្រុង ។ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បាននិយាយក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមថា ការបាក់ជញ្ជាំងនេះ គឺជារឿងអកុសលមួយ ។ ក្រោយសីតុណ្ហភាពក្តៅអស់រយៈពេលជាច្រើនសប្តាហ៍ អាកាសធាតុនៅទីក្រុង Bengaluru បានផ្លាស់ប្តូរភ្លាមៗកាលពីថ្ងៃពុធ ធ្វើឲ្យមានខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ហើយព្យុះទឹកកកបានបោកបក់លើទីក្រុងមួយនេះ ។ ភ្លៀងធ្លាក់ខ្លាំងនេះដែរ បង្កភាពធូរស្បើយពីអាកាសធាតុក្តៅខ្លាំង ប៉ុន្តែវាក៏នាំឲ្យមានការរំខានផងដែរ ដោយសារការបាក់ដើមឈើ និងស្ទះលូ ៕

ប្រេងឡើងថ្លៃបង្កផលប៉ះពាល់ដល់កសិដ្ឋានចិញ្ចឹមគោ-ក្របីនៅរដ្ឋ Florida សហរដ្ឋអាមេរិក

2026/04/30 06:59:52 pm        75
 នៅលើកសិដ្ឋានចិញ្ចឹមសត្វគោ-ក្របីទំហំ ១២០ហិចតា ស្ថិតនៅភាគខាងជើងរដ្ឋ Florida សហរដ្ឋអាមរិក លោក Ray Hodges គឺជាប្រធានប្រតិបត្តិកសិដ្ឋាន Evergreen សំឡឹងមើលមិនត្រឹមតែជាគោ-ក្របីរបស់លោកប៉ុណ្ណោះទេ តែជាតម្លៃប្រេងផងដែរ ។ លោកនិយាយថា អ្វីៗគឺត្រូវការថាមពលទាំងអស់ ដូច្នេះហើយបើគ្មានថាមពលទេនោះ ការចិញ្ចឹមសត្វនឹងជួបបញ្ហាផងដែរ ។ ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឲ្យអាក់ខានដល់ការដឹកជញ្ជូនប្រេសសកល ធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ជាងមុន ។ ប្រេងឡើងថ្លៃនេះ ធ្វើឲ្យប៉ះពាល់ដល់ម្ចាស់កសិដ្ឋានដូចជារូបលោក Hodges ។ លោកនិយាយថា ផលប៉ះពាល់កើតមានភ្លាមៗ ប៉ុន្តែផលប៉ះពាល់នេះនឹងកើនឡើងបន្ថែមទៀត ។ លោកថា លោកត្រូវទៅទិញចំណីសម្រាប់សត្វចិញ្ចឹមរបស់លោក ដោយប្រើថាមពល ដើម្បីចែកចាយចំណីទៅកាន់សត្វគោ-ក្របីរបស់លោក ។ ស្របពេលដែលលោក Hodges និយាយថា កសិដ្ឋានចិញ្ចឹមសត្វធំដូចជារូបលោក អាចលៃលកដោះស្រាយបាននោះ កសិដ្ឋានតូចៗជាងនេះ នឹងប្រឈមនឹងបញ្ហាភ្លាមៗ ៕

ប្រធានាធិបតីលីបង់ថ្កោលទោស «ការបន្តរំលោភបំពានបទឈប់បាញ់របស់អ៊ីស្រាអែល

2026/04/30 06:57:46 pm        63
ប្រធានាធិបតីលីបង់ លោក Joseph Aoun នៅថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោសចំពោះអ្វីដែលលោកបានពិពណ៌នាថា ជាការបន្តរំលោភបំពានបទឈប់បាញ់របស់អ៊ីស្រាអែល ដោយអំពាវនាវឲ្យមានសម្ពាធអន្តរជាតិលើអ៊ីស្រាអែលឲ្យបញ្ឈប់ការវាយប្រហារលើជនស៊ីវិល និងគ្រូពេទ្យសង្គ្រោះបន្ទាន់។លោក Aoun បានរិះគន់ «ការរំលោភបំពានជាបន្តបន្ទាប់របស់អ៊ីស្រាអែល» នៅភាគខាងត្បូងលីបង់ ដោយនិយាយថា ការរំលោភបំពានទាំងនោះ កំពុងកើតឡើង ដូចជាការរុះរើផ្ទះសម្បែង និងកន្លែងគោរពបូជាផងដែរ ខណៈដែលចំនួនអ្នកស្លាប់ និងរបួស កើនឡើងជារៀងរាល់ថ្ងៃ» ទោះបីជាមានបទឈប់បាញ់ក៏ដោយ។ លោកបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ត្រូវតែមានសម្ពាធលើអ៊ីស្រាអែល ដើម្បីធានាថា ប្រទេសនេះ គោរពច្បាប់ និងអនុសញ្ញាអន្តរជាតិ និងឈប់កំណត់គោលដៅលើជនស៊ីវិល គ្រូពេទ្យសង្គ្រោះបន្ទាន់ ការពារជនស៊ីវិល និងអង្គការសុខភាព និងជំនួយមនុស្សធម៌» ខណៈដែលបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាជិតដល់ពេលកំណត់ពីរសប្តាហ៍ហើយនោះ៕

កងទ័ពអង់គ្លេសបានបាញ់ទម្លាក់មីស៊ីល និងយានដ្រូនដែលត្រូវបានបាញ់ទៅលើមូលដ្ឋានទ័ពចម្រុះនៅអ៊ីរ៉ាក់

2026/04/30 06:54:47 pm        52
មូលដ្ឋានទ័ពមួយដែលមានកងកម្លាំងចម្រុះនៅអ៊ីរ៉ាក់ ត្រូវបានកំណត់គោលដៅដោយយានដ្រូន និងមីស៊ីលរហូតដល់ ២៨គ្រាប់ ក្នុងមួយថ្ងៃ នៅពេលដែលមានអរិភាពកាន់តែខ្លាំងឡើង បន្ទាប់ពីការវាយប្រហារដំបូងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងៃព្រហស្បតិ៍នេះ។ទាហានអង់គ្លេសមកពីកងវរសេនាធំកងទ័ពអាកាសរបស់ប្រទេសនេះ ទទួលខុសត្រូវចំពោះការស្ទាក់ចាប់គ្រាប់ផ្លោងជាង ១០០ គ្រាប់ ក្នុងរយៈពេល ៦សប្តាហ៍ មុនពេលបទឈប់បាញ់បណ្តោះអាសន្ន ត្រូវបានព្រមព្រៀងគ្នា នៅក្នុងខែមេសា។មូលដ្ឋានទ័ពនេះ មានបុគ្គលិកប្រដាប់អាវុធចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបុគ្គលិកផ្សេងទៀតអស់រយៈពេលជាង ១០ឆ្នាំ មកហើយ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងក្រុមរដ្ឋអ៊ីស្លាមដេស (Daesh) នៅក្នុងតំបន់។មូលដ្ឋានទ័ពនេះ បានក្លាយជាគោលដៅដ៏សំខាន់មួយសម្រាប់អ៊ីរ៉ង់ និងក្រុមតំណាងនៅក្នុងតំបន់ដែលបានសងសឹក បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានចាប់ផ្តើម៕

ក្រុមអ្នកឡើងភ្នំជនជាតិភាគតិចនេប៉ាល់ Sherpas ចាប់ផ្តើមបោសសម្អាតផ្លូវ ដើម្បីឡើងលើកំពូលភ្នំ Everest

2026/04/30 06:52:23 pm        56
 ក្រុមអ្នកឡើងភ្នំជនជាតិភាគតិចនេប៉ាល់ Sherpas បានចាប់ផ្តើមបោសសម្អាតផ្លូវ ដើម្បីឡើងទៅលើកំពូលភ្នំ Everest ។ ពួកគេនឹងចាប់ផ្តើមដំណើររបស់ពួកគេទៅកាន់កំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោកមួយនេះ ក្រោយរយៈពេលច្រើនសប្តាហ៍មិនអាចឡើងបាន ដោយសារគំនរទឹកកកបិទផ្លូវ ។ ក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមអ្នកឡើងភ្នំ នឹងអាចចាប់ផ្តើមដំណើររបស់ពួកគេម្តងទៀតបាន ដើម្បីឡើងទៅដល់កំពូលភ្នំ Everest ។ គួរឲ្យដឹងថា ផ្ទាំងទឹកក បានរលាយ និងដាច់ចេញពីគ្នា ធ្វើឲ្យអ្នកឡើងភ្នំជនជាតិភាគតិច Sherpa ឡើងទៅបោសសម្អាតវា ដើម្បីបើកផ្លូវទៅកាន់ជំរំទី ១ ។ ការបោសសម្អាតិនេះ បានកើតមានឡើង ស្របពេលដែលអ្នកឡើងភ្នំរាប់រយនាក់ ជាប់ខ្លួននៅជំរំមូលដ្ឋានភ្នំ Everest អស់រយៈពេលជាង ២សប្តាហ៍ មុនពេលការប៉ុនប៉ងឡើងទៅកំពូលភ្នំ ចាប់ផ្តើមនៅខែក្រោយនេះ ។ សូមបញ្ជាក់ថា រដូវកាលឡើងភ្នំ Everest មានចាប់ពីខែមេសា ដល់ខែឧសភា គឺជាខែដែលផ្តល់នូវស្ថានភាពអាកាសធាតុល្អបំផុត ក្នុងការឡើងទៅដល់កំពូលភ្នំមួយនេះ ។ មកទល់នឹងពេលនេះ ក្នុងរដូវកាលនេះ ក្រុមអាជ្ញាធរនេប៉ាល់ បានអនុញ្ញាតឲ្យមនុស្សឡើងលើកំពូលភ្នំ Everest ចំនួន ៤២៥នាក់ ដែលមានតម្លៃម្នាក់ៗ ១៥.០០០តុល្លារ ៕

អាមេរិកស្វែងរកការដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងជាលើកដំបូង ប្រឆាំងនឹងអ៊ីរ៉ង់

2026/04/30 06:49:38 pm        44
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានស្នើឲ្យបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ានូវមីស៊ីលល្បឿនលឿនជាងសំឡេង Dark Eagle ដែលត្រូវបានពន្យារពេលយ៉ាងយូររបស់កងទ័ព សម្រាប់លទ្ធភាពដែលអាចត្រូវបានប្រើប្រាស់ ប្រឆាំងនឹងអ៊ីរ៉ង់ ដោយស្វែងរកប្រព័ន្ធប្រយុទ្ធរយៈចម្ងាយកាន់តែឆ្ងាយ ដើម្បីវាយប្រហារជើងទម្របាញ់មីស៊ីលបាលីស្ទិក ដែលនៅជ្រៅក្នុងប្រទេសនេះ។ប្រសិនបើត្រូវបានអនុម័ត វានឹងជាលើកដំបូងដែលសហរដ្ឋអាមេរិកដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ខ្លួន ដែលកំពុងដំណើរការដោយយឺតយ៉ាវណាស់ និងមិនទាន់ត្រូវបានប្រកាសពីដំណើរការពេញលេញនៅឡើយទេ ទោះបីជារុស្ស៊ី និងចិន បានដាក់ពង្រាយនូវជំនាន់ផ្ទាល់ខ្លួនរបស់ពួកគេហើយក៏ដោយ។បុគ្គលមួយរូបដែលដឹងដោយផ្ទាល់ អំពីសំណើនេះ បានឲ្យដឹងថា សំណើយោធាផ្លូវការនេះ បង្ហាញពីហេតុផលត្រឹមត្រូវ ក្នុងការមានចំណាត់នេះ ដោយបញ្ជាក់ថា អ៊ីរ៉ង់បានធ្វើបម្លាស់ទីជើងទម្រ ចេញពីចម្ងាយរបស់មីស៊ីលវាយប្រហារជាក់លាក់ ជាអាវុធដែលអាចវាយប្រហារគោលដៅនៅចម្ងាយជាង ៤៨០គីឡូម៉ែត្រ។បុគ្គលនោះបានស្នើសុំមិនបញ្ចេញឈ្មោះរបស់ខ្លួនឡើយ ដោយសារកំពុងនិយាយអំពីសំណើមួយ ដែលមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ បុគ្គលនោះបានបន្ថែមថា មិនទាន់មានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងនៅឡើយទេ លើសំណើនេះ។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទេ។បទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី៩ ខែមេសា ប៉ុន្តែសំណើនេះបង្ហាញថា សហរដ្ឋអាមេរិកកំពុងរៀបចំការវាយប្រហារបន្ថែមទៀត ប្រសិនបើប្រធានាធិបតី លោក Donald Trump សម្រេចចិត្តបន្តសង្រ្គាម៕

អាមេរិកចោទប្រកាន់អភិបាលម៉ិកស៊ិកថាមានទំនាក់ទំនងជាមួយក្រុមមេខ្លោងជួញដូរគ្រឿងញៀនរងចោទប្រកាន់

2026/04/30 06:42:24 pm        73
 ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និយាយថា ពួកគេបានចោទប្រកាន់អភិបាលរដ្ឋ Sinaloa របស់ម៉ិកស៊ិកលោក Ruben Rocha និងមន្រ្តី ៩នាក់ផ្សេងទៀត សម្រាប់ការជាប់ពាក់ព័ន្ធរងការចោទប្រកាន់របស់ពួកគេជាមួយក្រុមមេខ្លោងគ្រឿងញៀន Sinaloa ។ ក្រុមរដ្ឋអាជ្ញាធរសហរដ្ឋអាមេរិក បានចោទប្រកាន់ថា ពួកគេបានរួមគំនិតជាមួយមេដឹកនាំក្រុមគ្រឿងញៀន ដើម្បីនាំចូលគ្រឿងញៀនបរិមាណយ៉ាងច្រើនទៅក្នុងសហរដ្ឋអាមេរិក ជាការដោះដូរនឹងសំណូក និងការគាំទ្រផ្នែកនយោបាយ ។ ការចោទប្រកាន់នេះ បានក្លាយជាការកើនឡើងភាពតានឹត នៅក្នុងកិច្ចខិតខំរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមមេខ្លោងគ្រឿងញៀន ស្របពេលដែលករណីនេះ រីកកាន់តែធំពីការផ្តោតសំខាន់លើក្រុមមេខ្លោងគ្រឿងញៀន រហូតដល់អ្នកនយោបាយដែលបានការពារពួកគេ ។ ការចោទប្រកាន់លោក Rocha ក្លាយជាបញ្ហាមួយផងដែរ សម្រាប់ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum ស្របពេលដែលពួកគេស្ថិតក្នុងគណបក្សកាន់អំណាច Morena តែមួយ ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Rocha បានធ្វើការច្រានចោលការចោទប្រកាន់នេះ ហើយលោកនិយាយថា ពួកគេស្ថិតក្នុងការវាយប្រហារប្រឆាំងចលនានយោបាយអភិបាលកិច្ចរបស់ម៉ិកស៊ិក ។ ម៉ិកស៊ិក បាននិយយានៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេទទួលបានសំណើសុំធ្វើបត្យាប័នពីសហរដ្ឋអាមេរិក កាលពីរយៈពេល ១ថ្ងៃមុន ប៉ុន្តែពួកគេចាត់ទុកសំណើមួយនេះថា ខ្វះខាតភ័ស្តុតាងគ្រប់គ្រាន់ ៕

រដ្ឋមន្រ្តីការពារជាតិអ៊ីតាលី ជួបពិភាក្សាការងារជាមួយសមភាគីឥណ្ឌានៅទីក្រុងញូវដែលី

2026/04/30 06:39:25 pm        55
 រដ្ឋមន្រ្តីការពារជាតិអ៊ីតាលីលោក Guido Crosetto មាននូវជំនួបទ្វេភាគីជាមួយសមភាគីឥណ្ឌាលោក Rajnath Singh នៅក្នុងទីក្រុងញូវដែលីនាថ្ងៃព្រហស្បតិ៍នេះ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឥណ្ឌា ។ ក្រសួងការពារជាតិឥណ្ឌានិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមថា ជំនួបមួយនេះ បានធ្វើឡើង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការការពារជាតិ និងផ្លាស់ប្តូរទស្សនៈលើបញ្ហាសន្តិសុខក្នុងតំបន់ និងលើសកលលោក ។ រដ្ឋមន្រ្តីការពារជាតិអ៊ីតាលី បានដាក់កម្រងផ្កាលើបូជនីយដ្ឋានសង្រ្គាមជាតិ ហើយត្រូវបានអមដំណើរដោយឆ្មាំកិត្តិយស ។ លោក Singh បាននិយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមថា ពួកគេបានពិភាក្សាផងដែរលើជម្លោះនៅអាស៊ីខាងលិច ហើយនិងផ្លាស់ប្តូរផែនការសហប្រតិបត្តិការយោធា ដើម្បីបង្កើនការចូលរួមរវាងកងកម្លាំងប្រដាប់អាវុធប្រទេសទាំង ២ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM