រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

ប្រធានសិទ្ធិមនុស្ស UN ថ្កោលទោសការបង្រ្កាបបាតុកររបស់អ៊ីរ៉ង់ និងជំរុញឲ្យបញ្ឈប់ការប្រហារជីវិត

2026/04/30 06:37:20 pm        32
 ប្រធានក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) បានថ្កោលទោសអ្វីដែលលោកចាត់ទុកថាជាការវិធានការបង្រ្កាបបោសសម្អាតលើក្រុមប្រឆាំងដោយអាជ្ញាធរអ៊ីរ៉ង់ ដោយរូបលោកលើកឡើងពីការប្រហារជីវិត ការចាប់ខ្លួនទ្រង់ទ្រាយធំ ការរឹបអូសទ្រព្យសកម្ម និងការបិទអ៊ីនធឺណិតទ្រង់ទ្រាយធំ ។ អ្នកស្រី Ravina Shamdasani គឺជាអ្នកនាំពាក្យក្រុមសិទ្ធិមនុស្ស UNនិយាយថា ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Türk បានថ្កោលទោសការបង្រ្កាបរបស់ក្រុមអាជ្ញាធរអ៊ីរ៉ង់លើក្រុមប្រឆាំង ហើយការបំពានសិទ្ធិមនុស្សនៅតែបន្ត បើទៅបីជាប្រទេសមួយនេះ ញាំញីដោយសារការវាយប្រហាររបស់សហដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ ។  អ្នកស្រី Shamdasani និយាយថា បើទោះបីជាមានផលប៉ះពាល់ដោយសារការវាយប្រហាររបស់សហដ្ឋអាមេរិក និងអ៊ីស្រាអែលយ៉ាងណាក្តី សិទ្ធិសេរីភាពរបស់ពលរដ្ឋអ៊ីរ៉ង់នៅតែរំលោភបំពានដោយអាជ្ញាធរអ៊ីរ៉ង់ តាមវិធីសាស្រ្តដ៏ឃោឃៅ ។ អ្នកស្រីបន្តថា ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈរហូតមក មនុស្សយ៉ាងហោច ២១នាក់ ត្រូវបានប្រហារជីវិត ហើយមនុស្សជាង ៤ពាន់នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនពីបិទពាក់ព័ន្ធនឹងសន្តិសុខជាតិ ។ ការិយាល័យសិទ្ធិមនុស្ស UN បានបង្ហាញការព្រួយបារម្ភផងដែរចំពោះជោគវាសនារបស់អ្នកជាប់ឃុំដែលត្រូវបានបញ្ជូនទៅកាន់ទីតាំងពុំបានបញ្ជាក់ ។ អ្នកស្រី Shamdasani និយាយថា ម្ចាស់ជ័យលាភីណូបែលសន្តិភាពលោកស្រី Narges Mohammadi បន្តជាប់ខ្លួនក្នុងពន្ធនាគារ ក្រោមស្ថានភាពប្រឈមហានិភ័យខ្ពស់ ក្នុងនោះសេចក្តីរាយការណ៍បញ្ជាក់ថា សុខភាពរបស់លោកស្រី កាន់តែធ្ងន់ធ្ងរទៅ ៕

ប៊ុលហ្គារីរកឃើញកសិដ្ឋានដាំកញ្ឆានៅក្នុងអតីតអណ្តូងរ៉ែស័ង្កសី

2026/04/30 06:34:40 pm        32
 ក្រុមមន្រ្តីនិយាយថា នគរបាលប៊ុលហ្គារី បានចោទប្រកាន់មនុស្ស ៣នាក់ និងស្វែងរកចាប់ខ្លួនជនសង្ស័យទី ៤ ក្រោយការស៊ើបអង្កេតកំពុងធ្វើឡើងចំពោះការជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់ រកឃើញកសិដ្ឋានដាំកញ្ឆានៅក្នុងអតីតអណ្តូងរ៉ែស័ង្កសី ។ លោក Emil Borisov គឺជាអនុប្រធានអគ្គនាយកដ្ឋានប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនិយាយថា មកទល់នឹងពេលនេះ គ្រឿងញៀនទម្ងន់ ៧០គ.ក សាច់ប្រាក់ ៦០ម៉ឺនអឺរ៉ូ និងគ្រាប់រំសេវ ៦០០បង់ ត្រូវរឹបអូសបាន ។ លោកបន្តថា អតីតអណ្តូងរ៉ែនេះ មានបំពាក់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាខ្ពស់ ហើយទំនងជាត្រូវប្រើប្រាស់សម្រាប់ការផលិតគ្រឿងញៀនទ្រង់ទ្រាយធំ ដែលមានគោលបំណងនាំចេញទៅកាន់បរទេស ។ អណ្តូងរ៉ែនេះ ស្ថិតនៅជិតភូមិ Garlyano តាមបណ្តោយជើងភ្នំ Osogovo ដែលមានចម្ងាយតែប៉ុន្មានគ.មប៉ុណ្ណោះពីព្រំដែនជាមួយម៉ាសេដូនីខាងជើង ។ ក្រុមអាជ្ញាធរនិយាយថា ការស៊ើបអង្កេតកំពុងធ្វើឡើង អាចចំណាយពេលរាប់ខែ ហើយម្ចាស់អណ្តូងរ៉ែនេះ និងទំហំនៃប្រតិបត្តិការ នឹងត្រូវសាកសួរ ៕

អ៊ុយក្រែនកំពុងស្វែងរកសេចក្ដីលម្អិត អំពីការស្នើបទឈប់បាញ់ថ្ងៃទី៩ ខែឧសភារបស់រុស្ស៊ី

2026/04/30 06:32:32 pm        42
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមេសា ឆ្នាំ២០២៦) នេះ បាននិយាយថា ទីក្រុងគីវនឹងស្នើសុំទីក្រុងវ៉ាស៊ីនតោននូវសេចក្ដីលម្អិតបន្ថែម អំពីការស្នើរបស់វិមានក្រឹមឡាំង សម្រាប់បទឈប់បាញ់នៅថ្ងៃទី៩ ខែឧសភា ជាពេលដែលរុស្ស៊ីរៀបចំពិធីរំលឹកខួបសង្គ្រាមលោកលើកទី២ ទ្រង់ទ្រាយធំ។ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក Donald Trump នៅមួយថ្ងៃមុននោះ មេដឹកនាំរុស្ស៊ី លោក Vladimir Putin បានធ្វើសំណើផ្អាកការប្រយុទ្ធគ្នា នៅក្នុងការឈ្លានពានរបស់លោក លើអ៊ុយក្រែន ដែលមានរយៈពេល ៤ឆ្នាំហើយ។ វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក Trump គាំទ្រការធ្វើបែបនេះ។លោក Zelenskyy បានសរសេរនៅលើបណ្ដាញសង្គមថា លោកបានណែនាំសមាជិកក្រុមរបស់លោកឲ្យមានសេចក្ដីលម្អិតបន្ថែមទៀត ដោយបញ្ជាក់ថា អ៊ុយក្រែនចង់បញ្ចប់សង្គ្រាម នៅទីបំផុត។ លោក Zelenskyy បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងនឹងបញ្ជាក់ឲ្យបានច្បាស់ថា តើមានពាក់ព័ន្ធជាមួយអ្វីឲ្យពិតប្រាកដ ពោលគឺទាក់ទងនឹងសន្តិសុខ ២-៣ម៉ោង សម្រាប់ព្យុហយាត្រា នៅទីក្រុងមូស្គូ ឬអ្វីផ្សេងទៀត»។លោកបានបន្ថែមថា៖ «សំណើរបស់យើង គឺជាបទឈប់បាញ់រយៈពេលវែង សន្តិសុខដែលអាចទុកចិត្តបាន និងដែលត្រូវបានធានា សម្រាប់ប្រជាជន និងសន្តិភាពយូរអង្វែង។ អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការឆ្ពោះទៅរកដំណើរការនេះ នៅក្នុងទម្រង់ណាមួយ ប្រកបដោយភាពថ្លៃថ្នូរ និងមានប្រសិទ្ធភាព»។ចំណុចសំខាន់នៃការប្រារព្ធពិធីថ្ងៃទី៩ ខែឧសភារបស់រុស្ស៊ី ជាធម្មតា គឺជាការបង្ហាញដ៏ខ្លាំងក្លានៃអំណាចយោធារបស់រុស្ស៊ី ដោយមានព្យុហយាត្រាឆ្លងកាត់ទីលានក្រហម ក្រោមអធិបតីភាពរបស់លោក Putin។ តែរុស្ស៊ីបានប្រកាសនៅសប្តាហ៍នេះថា គ្មានគ្រឿងយុទ្ធោបករណ៍ណាមួយ នឹងត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍នេះនោះទេ ជាវិធានការបង្ការមួយ ដោយគិតដល់ការគំរាមកំហែងវាយប្រហារសងសឹកពីសំណាក់អ៊ុយក្រែន៕

រដ្ឋាភិបាលបារាំងមិនច្រានចោលលទ្ធភាពនៃវិធានការទប់ស្កាត់តម្លៃប្រេង ខណៈវិបត្តិនៅអ៊ីរ៉ង់

2026/04/30 06:30:02 pm        40
 រដ្ឋមន្រ្តីថាមលពលបារាំងលោកស្រី Maud Bregeon និយាយថា រដ្ឋាភិបាលរបស់លោក កំពុងពិចារណាលើវិធានការថ្មី ដើម្បីដោះស្រាយបញ្ហាឡើងថ្លៃប្រេងឥន្ធនៈ ។ លោកស្រី Bregeon និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានថា គ្មាននរណាម្នាក់ចំណេញពីវិបត្តិនៅអ៊ីរ៉ង់នោះទេ ហើយក៏គ្មានប្រាក់ចំណេញគួរធ្វើឡើងនោះដែរ ជាពិសេសមិនមែននៅបារំាង ។ ផ្អែកលើគោលការណ៍នេះ ពួកយើងមិនច្រានចោលលទ្ធភាពអ្វីទាំងអស់ ។ ក្រុមហ៊ុន TotalEnergies បានបង្កើនភាគលាភរបស់ខ្លួនចំនួន ៥,៩ភាគរយ និងបង្កើនការទិញភាគហ៊ុនមកវិញរបស់ខ្លួនទ្វេដងកាលពីថ្ងៃពុធ ធ្វើឲ្យក្រុមអ្នកនយោបាយបារាំងខឹងសម្បារ ជំរុញឲ្យមានពន្ធបន្ថែមលើប្រាក់ចំណេញរបស់ក្រុមហ៊ុនប្រេងមួយនេះ ដើម្បីជួយដល់អ្នកប្រើប្រាស់ដែលរងផលប៉ះពាល់ដោយសារប្រេងឡើងថ្លៃ ក្រោយពីសង្រ្គាមនៅអ៊ីរ៉ង់ ។ ក្រុមហ៊ុន Total រកបានប្រាក់ចំណូលហួសការំពឹងទុកចំនួន ៥,៤ពាន់លានដុល្លារ ពោលគឺ ហក់ឡើងខ្ពស់ចំនួន ២៩ភាគរយ ពីរយៈពេល ១ឆ្នាំមុន ដោយសារការធ្វើមុខជំនួញនេះ ។  សង្រ្គាមអ៊ីរ៉ង់ បណ្តាលឲ្យមានការអាក់ខានមិនធ្លាប់មានពីមុនមកលើទីផ្សារថាមពល បង្ខំឲ្យក្រុមហ៊ុន Total បិទទិន្នផល ១៥ភាគរយរបស់ខ្លួន ហើយនិងជំរុញឲ្យតម្លៃថាមពលសកលហក់ឡើងខ្ពស់ ដែលបានផ្តល់ផលចំណេញយ៉ាងច្រើនដល់ប្រទេសផលិតប្រេង និងក្រុមហ៊ុនប្រេងធំៗមួយចំនួន ៕

ប្រធានាធិបតីអ៊ីរ៉ង់និយាយថា សន្តិសុខនៅឈូងសមុទ្រពែក្សទាមទារកិច្ចសហប្រតិបត្តិការពីរដ្ឋក្នុងតំបន់

2026/04/30 06:27:21 pm        80
ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា សន្តិសុខនៅក្នុងដែនទឹកឈូងសមុទ្រពែក្សអាចសម្រេចបានតែតាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់ប៉ុណ្ណោះ។ការិយាល័យសារព័ត៌មានរបស់ប្រធានាធិបតី បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា៖«សន្តិសុខសម្រាប់ផ្លូវទឹកយុទ្ធសាស្ត្រនេះ អាស្រ័យតែលើកិច្ចសហប្រតិបត្តិការក្នុងតំបន់»។ លោក Pezeshkian ក៏បានឲ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទទួលខុសត្រូវចំពោះ «អស្ថិរភាពណាមួយនៅក្នុងឈូងសមុទ្រពែក្ស»។នៅថ្ងៃទី ២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់។ នៅថ្ងៃទី ០៧ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសបទឈប់បាញ់ទៅវិញទៅមករយៈពេលពីរសប្តាហ៍ជាមួយទីក្រុងតេអេរ៉ង់។ នៅថ្ងៃទី ១១ ខែមេសា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាជាច្រើនជុំនៅទីក្រុងអ៊ីស្លាម៉ាបាដ។ ទាំងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានរាយការណ៍ថា ភាគីទាំងពីរបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងលើដំណោះស្រាយរយៈពេលវែង ដោយសារតែភាពខ្វែងគំនិតគ្នាមួយចំនួន៕

អាកាសធាតុក្តៅខ្លាំងជំរុញឲ្យកម្មករស្រែអំបិលនៅឥណ្ឌា ធ្វើការដល់យប់ជ្រៅ

2026/04/30 06:24:48 pm        47
 កម្មករស្រែអំបិលនៅស្រុកភាគខាងត្បូង Thoothukudi របស់ប្រទេសឥណ្ឌា និយាយថា អាកាសធាតុក្តៅខ្លាំង បានជំរុញឲ្យពួកគេធ្វើការដល់យប់ជ្រៅ ខណៈសីតុណ្ហភាពបានកំឡោចរដ្ឋតំបន់ឆ្នេរ Tamil Nadu កាលពីថ្ងៃពុធ ។ កម្មករនៅក្នុងស្រែអំបិល ស្ថិតក្នុងចំណោមពលរដ្ឋរងផលប៉ះពាល់ខ្លាំងបំផុតដោយសារស្ថានភាពអាកាសធាតុក្តៅខ្លាំង ស្របពេលដែលលក្ខខណ្ឌការងាររបស់ពួកគេទាមទារឲ្យធ្វើការនៅក្រោមពន្លឺព្រះអាទិត្យ ហើយនិងឈរនៅក្នុងទឹកប្រៃរយៈពេលយូរ ។ យោងតាមទិន្នន័យពីការិយាល័យឧតុនិយមឥណ្ឌា បានឲ្យដឹងថា សីតុណ្ហភាពបានកើនឡើងដល់ជាង ៤០អង្សាសេនៅក្នុងរដ្ឋ Tamil Nadu កាលពីថ្ងៃពុធ ។ ស្រែអំបិលនៅប្រទេសឥណ្ឌា បានបូមទឹកប្រៃចូលស្រែនៅដំណាច់រដូវវស្សា អំឡុងខែតុលា ហើយនិងរក្សាទុករហូតដល់ដំណាច់ខែមីនា បន្ទាប់ពីវាស្ងួត ។ ចំណែកឯគ្រីស្តាល់នឹងត្រូវប្រមូលយកនៅពាក់កណ្តាលខែមិថុនា ហើយនិងត្រូវការរយៈពេល ៨ខែទៀត ដើម្បីដំណើរការធ្វើឲ្យវាក្លាយជាអំបិលអាចទទួលបាន ។ ទោះបីជាយ៉ាងណាក៏ដោយ ភាគច្រើននៃកម្មករ ធ្វើការក្នុងស្ថានភាពអន់ ដោយគ្មានឧបករណ៍ត្រឹមត្រូវ ហើយនិងប្រឈមស្ថានភាពអាកាសធាត់អាក្រក់ផងដែរ ៕

ការស្ទង់មតិរបស់ UNHCR បង្ហាញថា ពលរដ្ឋវេណេស៊ុយអេឡានៅបរទេស មិនចង់វិលត្រឡប់ទៅកាន់ស្រុកកំណើតវិញឡើយ

2026/04/30 06:02:05 pm        56
 នៅក្នុងផ្សារ La Vega ស្ថិតក្នុងទីក្រុង Santiago អ្នកស្រី Genesis Echeto គឺជាពលរដ្ឋវែណេស៊ុយអេឡាមួយរូបដែលបានទៅដល់ប្រទេសឈីលីកាលពីរយៈពេល ៥ឆ្នាំមុននោះ បានរៀបចំអាហារ និងមុខម្ហូរផ្សេងទៀត ដើម្បីចែកចាយទៅកាន់តូបលក់អីវ៉ាន់ជាច្រើនកន្លែង ។ អ្នកស្រី Echeto ស្ថិតនៅក្នុងចំណោមពលរដ្ឋវេណេស៊ុយអេឡាដែលបានរត់ភៀសខ្លួនទៅកាន់ប្រទេសជាច្រើននៅអាមេរិក ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ។ ដូចគ្នានឹងជនជាតិវេណេស៊ុយអេឡាផ្សេងទៀតដែរដែលរស់នៅក្រៅប្រទេស អ្នកស្រីមិនចង់វិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញនោះទេ ។  រស់នៅបរទេសបែបនេះ អ្នកស្រី Echeto បានមើលឃើញការផ្លាស់ប្តូររបត់នយោបាយនៅវេណេស៊ុយអេឡា ហើយនិងការផ្លាស់ប្តូររបស់ប្រទេសមួយនេះ ក្រោយការចាប់ខ្លួនលោក Maduro កាលពីខែមករា ឆ្នាំ ២០២៦ ។ របាយការណ៍ដែលបានចុះផ្សាយដោយទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាតិ(UNHCR) កាលពីថ្ងៃទី ១៤ ខែមេសា បានឆ្លុះបញ្ចាំងពីការភ័យខ្លាចចំពោះការវិលត្រឡប់ទៅកាន់ប្រទេសវេណេស៊ុយអេឡាវិញ ហើយនិងបានចែករំលែកទស្សនៈរបស់ជនជាតិវេណេស៊ុយអេឡាដែលមិនចង់វិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ។ អ្នកស្រី Melanie Gallant គឺជាមន្រ្តីទំនាក់ទំនងជាន់ខ្ពស់របស់ទីភ្នាក់ងារ UNHCR នៅអាមេរិក និយាយថា ១ភាគ ៣នៃអ្នកដែលពួកគេបានស្ទង់មតិ គិតចង់វិលត្រឡប់ទៅកាន់ប្រទេសវេណេស៊ុយអេឡាវិញ បើសិនជាស្ថានភាពល្អប្រសើរហើយនោះ ប៉ុន្តែ ៦៥ភាគរយនៃពួកគេ មិនចង់វិលត្រឡប់ទៅវិញនោះទេ ៕

របាយការណ៍៖ នាវាផ្ទុកយន្តហោះអាមេរិក USS Gerald R. Ford នឹងចេញពីមជ្ឈិមបូព៌ា «ប៉ុន្មានថ្ងៃខាងមុខ»

2026/04/30 05:59:22 pm        53
នាវាផ្ទុកយន្តហោះ USS Gerald R. Ford (Ford) របស់សហរដ្ឋអាមេរិក គ្រោងនឹងចាកចេញពីតំបន់មជ្ឈិមបូព៌ា ហើយធ្វើដំណើរត្រឡប់ទៅមូលដ្ឋានវិញ នៅ «ប៉ុន្មានថ្ងៃខាងមុខ» ខណៈដែលការចរចាសន្តិភាពជាមួយអ៊ីរ៉ង់ នៅតែជាប់គាំង។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦)។សារព័ត៌មាន Washington Post ដោយសំអាងដល់មន្ត្រីអាមេរិកជាច្រើនរូប បានរាយការណ៍ថា នាវា Ford ជានាវាមួយគ្រឿង ក្នុងចំណោមនាវាផ្ទុកយន្តហោះ ៣គ្រឿង ដែលកំពុងត្រូវបានដាក់ពង្រាយ នៅតំបន់មជ្ឈិមបូព៌ា ត្រូវបានគេរំពឹងថា នឹងទៅដល់កំពង់ផែមូលដ្ឋានរបស់ខ្លួន នៅរដ្ឋ Virginia នាពាក់កណ្តាលខែឧសភា បន្ទាប់ពីមាននូវរយៈពេលបំបែកកំណត់ត្រា ៣០៩ថ្ងៃ ដែលជារយៈពេលដ៏យូរបំផុត សម្រាប់ការដាក់ពង្រាយនាវាផ្ទុកយន្តហោះទំនើបណាមួយរបស់អាមេរិក។ការចាកចេញរបស់នាវា Ford នឹងទុកឲ្យនាវា USS George H.W. Bush និង USS Abraham Lincoln ប្រតិបត្តិការនៅក្នុងសមុទ្រអារ៉ាប់ ជាកន្លែងដែលកងទ័ពជើងទឹក បានអនុវត្តការបិទខ្ទប់ដោយសហរដ្ឋអាមេរិក ដែលកំណត់គោលដៅលើនាវាដែលដឹកប្រេង ឬទំនិញពីកំពង់ផែអ៊ីរ៉ង់។បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះរបាយការណ៍របស់សារព័ត៌មាន The Washington Post ប៉ុន្តែបានសរសេរនៅលើវេទិកាបណ្ដាញសង្គម X កាលពីយប់ថ្ងៃពុធថា «នាវាចម្បាំង USS Gerald R. Ford (CVN 78) បន្តធ្វើប្រតិបត្តិជាធម្មតា ដោយមានហោះហើរចេញចូលជាប្រចាំ ខណៈពេលដែលកំពុងធ្វើនាវាចរណ៍ នៅក្នុងសមុទ្រក្រហម»៕

ប្រធានាធិបតីស៊ូដង់ខាងត្បូងបណ្តេញរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ក្នុងការផ្លាស់ប្តូររដ្ឋាភិបាលថ្មីៗនេះ

2026/04/30 05:56:40 pm        45
ក្រឹត្យមួយបានឲ្យដឹងកាលពីថ្ងៃពុធថា ប្រធានាធិបតីស៊ូដង់ខាងត្បូង លោក Salva Kiir បានបណ្តេញរដ្ឋ   មន្ត្រីការបរទេស និងពាណិជ្ជកម្ម និងមន្ត្រីសន្តិសុខជាន់ខ្ពស់របស់លោក ដែលជាការកែទម្រង់រដ្ឋាភិបាលចុងក្រោយបង្អស់។សាជីវកម្មផ្សព្វផ្សាយស៊ូដង់ខាងត្បូង បានប្រកាសកាលពីល្ងាចថ្ងៃពុធថា លោក Kiir បានបណ្តេញលោក Semeya Kumba ចេញពីតំណែងជារដ្ឋមន្ត្រីការបរទេស និងបានបណ្តេញលោក Atong Kuol Manyang ចេញពីតំណែងរដ្ឋមន្ត្រីពាណិជ្ជកម្ម។ពុំមានការពន្យល់ណាមួយ ត្រូវបានធ្វើឡើងចំពោះការបណ្តេញរដ្ឋមន្ត្រីទាំងពីររូបចេញពីតំណែងទេ ដែលក្នុងនោះលោក Kiir ក៏បានដកលោក Mawien Mawien Ariik ចេញពីតំណែងជាអគ្គនាយកនៃការិយាល័យសន្តិសុខផ្ទៃក្នុងនៃសេវាសន្តិសុខជាតិ ដោយតែងតាំងលោក Akec Tong Aleu ជាអ្នកជំនួសវិញ។ អ្នកវិភាគនិយាយថា លោក Kiir តែងតែធ្វើការផ្លាស់ប្តូរឋានៈនៅក្នុងយោធា និងរដ្ឋាភិបាល ដើម្បីរក្សាការគ្រប់គ្រង ខណៈពេលដែលលោកកំពុងតស៊ូជាមួយនឹងជម្លោះប្រដាប់អាវុធ និងការរំពឹងទុកអំពីការស្នងតំណែងរបស់លោកនៅទីបំផុត៕

លោក Medvedev ៖ អឺរ៉ុបកំពុងធ្វើយោធានិយម ដូចកាលពីមុនសង្រ្គាមលោកលើកទី ២

2026/04/30 05:54:41 pm        41
 លោក Dmitry Medvedev ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អឺរ៉ុបកំពុងធ្វើយោធានិយម ដែលលោកប្រៀបធៀបនឹងកាលពេលមុនសង្រ្គាមលោកលើកទី ២ ។ លោកនិយាយថា ពួកយើងបានដឹងពីអ្វីបានកើតឡើងនៅអឺរ៉ុប អំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ ហើយការធ្វើយោធានិយមយ៉ាងខ្លាំងក្លា បានកើតឡើង ។ ជាពិសេសនៅអាល្លឺម៉ង់ ដោយក្រុមហ្វាស៊ីសអាល្លឺម៉ង់ ពួកគេត្រៀមខ្លួនសម្រាប់សង្រ្គាមនៅកន្លែងផ្សេង ។ លោក Medvedev និយាយទៀតថា សេដ្ឋកិច្ចត្រូវបានធ្វើយោធានិយម ហើយបរិមាណគ្រឿងយុទ្ធោបករណ៍យ៉ាងច្រើន ត្រូវបានផលិត ។ រឿងតែមួយកំពង់កើតឡើងនៅពេលនេះ ។ តើអឺរ៉ុបនិយាយពីអ្វី? ថាសង្រ្គាមជាមួយរុស្ស៊ីគឺចៀសមិនផុតនោះទេ ។ លោកមិនដឹងថា ពួកគេយកវាមកពីណានោះទេ ប៉ុន្តែនេះគឺជាមន្តមួយ នេះត្រូវបាននិយាយរាល់ថ្ងៃ ។ លោក Medvedevនិយាយផងដែរថា ពលរដ្ឋ ៤៥ម៉ឺននាក់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីចូលបម្រើកងទ័ពរុស្ស៊ី ក្នុងឆ្នាំ ២០២៥ ហើយក្នុងឆ្នាំនេះ មកទល់នឹងពេលនេះ ពលរដ្ឋ ១២៧.០០០នាក់បន្ថែមទៀត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចូលបម្រើកងទ័ព ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM