ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

កងទ័ពលីបង់ ចូលទីក្រុងភាគខាងត្បូងក្រោយការដកទ័ពអ៊ីស្រាអែលក្នុងការសាកល្បងដំបូងនៃកិច្ចព្រមព្រៀងសម្របសម្រួលដោយអាមេរិក

2026/07/22 07:09:32 pm        61
មន្ត្រីសន្តិសុខជាន់ខ្ពស់លីបង់ម្នាក់បាននិយាយថា កងទ័ពរបស់ប្រទេសលីបង់ បានចាប់ផ្តើមដាក់ពង្រាយនៅក្នុងទីក្រុង Zawtar al-Gharbiyeh ភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានដកកងទ័ពរបស់ខ្លួនចេញពីតំបន់នោះ ស្របតាមផែនការដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក។ ផែនការនេះរំពឹងទុកថាកងទ័ពលីបង់នឹងរឹបអូសអាវុធពីក្រុមហេសបូឡាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅក្នុងតំបន់មួយចំនួននៅភាគខាងត្បូងប្រទេសលីបង់ និងការដកកងទ័ពអ៊ីស្រាអែលជាដំណាក់កាល។ យោធាអ៊ីស្រាអែល បាននិយាយថា ផែនការដែលមានឈ្មោះថាកម្មវិធីតំបន់សាកល្បង បានចាប់ផ្តើមហើយ។ កងទ័ពលីបង់ បាននិយាយនៅពេលក្រោយមកថា កងកម្លាំងអ៊ីស្រាអែលបានបាញ់នៅជិតអង្គភាពរបស់ខ្លួនក្នុងអំឡុងពេលដាក់ពង្រាយកងទ័ព ដោយព្រមានថាឧបទ្ទវហេតុនេះអាចរារាំងចំណាត់ការដែលកំពុងត្រូវបានអនុវត្ត។ យោធាអ៊ីស្រាអែល និយាយថា កងទ័ពរបស់ខ្លួនបានបាញ់ព្រមានទៅលើអាកាស បន្ទាប់ពីបុគ្គលិកកងទ័ពលីបង់អមដោយយានយន្តវិស្វកម្មមួយគ្រឿងបានឆ្លងកាត់ប្រហែល១៥០ ម៉ែត្រចូលទៅក្នុងអ្វីដែលខ្លួនហៅថាជាតំបន់សន្តិសុខនៅជិតក្រុង Zawtar al-Sharqiyeh ហើយបានបំពានរបាំង។ ការប្រគល់ទឹកដីកាលពីថ្ងៃអង្គារ គឺជាការសាកល្បងដំបូងនៃផែនការដែលប្រទេសលីបង់សង្ឃឹមថានឹងអាចឱ្យខ្លួនស្តារឡើងវិញការគ្រប់គ្រងទឹកដីមួយកន្លែងមានជម្រៅចូលជ្រៅប្រហែល ១០ គីឡូម៉ែត្រទៅក្នុងប្រទេសដែលនៅតែកាន់កាប់ដោយកងទ័ពអ៊ីស្រាអែល។

ប្រទេសកាណាដា កំពុងវាយតម្លៃជម្រើសជាច្រើន បន្ទាប់ពីការគំរាមដំឡើងពន្ធថ្មីរបស់អាមេរិក

2026/07/22 07:07:19 pm        54
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ថា លោកកំពុងសំឡឹងមើល «ជម្រើសជាច្រើន» បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មានផែនការដំឡើងពន្ធថ្មី៥០ភាគរយលើមុខទំនិញរបស់កាណាដាជាច្រើនមុខក្នុងរយៈពេល៣០ថ្ងៃទៀត។ លោក Carney ក៏បាននិយាយផងដែរថា លោក និងលោក Trump បានព្រមព្រៀង «ជំរុញកិច្ចពិភាក្សា» នៅក្នុងសប្តាហ៍ខាងមុខលើកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន ប៉ុន្តែមិនបានបង្ហាញថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ការចរចាណាមួយនោះទេ។ លោក Carney បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបានសន្ទនាជាមួយលោក Trump ថា «យើងនឹងពិនិត្យមើលជម្រើសទាំងអស់ទាក់ទងនឹងរបៀបដែលយើងនឹងឆ្លើយតប ប្រសិនបើវាចូលជាធរមាន»។ ការដំឡើងពន្ធថ្មីនឹងប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាងមានចាប់ពីស្រារបស់កាណាដា ឈើវាយកូនហ្គោលលើទឹកកក រហូតដល់ផលិតផលស៊ីម៉ង់ត៍ ប៉ុន្តែនឹងមិនអនុវត្តចំពោះថាមពល និងទំនិញដែលបានរងផលប៉ះពាល់រួចហើយដោយការដំឡើងពន្ធជាក់លាក់តាមវិស័យ នោះទេ។ ទោះជាយ៉ាងណា ពន្ធនឹងប៉ះពាល់ដល់ផលិតផលក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ដែលនឹងក្លាយជាប្រធានបទនៃការចរចា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបាននិយាយនៅថ្ងៃទី១ ខែកក្កដាថា ខ្លួននឹងមិនបន្ថែមពេលកិច្ចព្រមព្រៀងនេះក្នុងទម្រង់បច្ចុប្បន្នរបស់ខ្លួនឡើយ។ លោក Carney បាននិយាយថា «គោលបំណងដំបូងគឺដើម្បីទទួលបានកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ»។ ខណៈលោក Trump បានដាក់ពន្ធលើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកចាប់តាំងពីវិលត្រឡប់ទៅកាន់តំណែងប្រធានាធិបតីវិញកាលពីឆ្នាំមុន ក្រឹត្យទាំងនោះភាគច្រើនលើកលែងទំនិញដែលចូលប្រទេសរបស់លោកក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA)។

អាមេរិក-ចិន កំពុងរៀបចំសម្រាប់លទ្ធភាពនៃដំណើរទស្សនកិច្ចរបស់លោក Xi ទៅអាមេរិក

2026/07/22 07:05:23 pm        44
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅសប្តាហ៍នេះ មុនកិច្ចប្រជុំកំពូលដែលអាចកើតមានរវាងប្រធានាធិបតី Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping ទោះបីជាលោក Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងលើកឡើងពីការព្រួយបារម្ភជាមួយប្រទេសចិនជុំវិញការចោទប្រកាន់ថាបានជ្រៀតជ្រែកក្នុងការបោះឆ្នោតក៏ដោយ។ មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា លោក Rubio និងលោក Wang នឹងជួបគ្នានៅទីក្រុងម៉ានីល ជាទីដែលរដ្ឋមន្ត្រីការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន )ចំនួន១១ ប្រទេស និងដៃគូសំខាន់ៗបានជួបជុំគ្នាដើម្បីពិភាក្សាអំពីបញ្ហាសកលជាច្រើន។ ក្រុមអ្នកវិភាគបាននិយាយថា កិច្ចប្រជុំរបស់លោក Rubio ជាមួយសមភាគីចិនរបស់លោក ទំនងជាផ្តោតលើការរៀបចំសម្រាប់កិច្ចប្រជុំលើកទីពីររវាងលោក Trump និងលោក Xi បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបគ្នាកាលពីខែឧសភាឆ្នាំ២០២៦ នេះ នៅរដ្ឋធានីប៉េកាំងប្រទេសចិន។ លោក Trump បាននិយាយថា លោក Xi នឹងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅចុងខែកញ្ញា ហើយលោក Rubio កាលពីថ្ងៃអាទិត្យបាននិយាយថា កិច្ចប្រជុំកំពូលនេះនៅតែត្រូវបានរំពឹងទុក។ ប្រទេសចិនមិនទាន់បានបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅឡើយទេ។លោក Rubio បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅពេលរូបលោកចេញដំណើរទៅចូលរួមជំនួបអាស៊ាន នៅប្រទេសហ្វីលីពីនថា រូបលោកគ្មានហេតុផលដើម្បីជឿថាពួកគេនឹងមិនមកនោះទេ។ វាជារឿងសំខាន់។កិច្ចព្រមព្រៀងផ្អាកសង្គ្រាមដំឡើងពន្ធដ៏ផុយស្រួយរវាងមហាអំណាចពិភពលោកទាំងពីរអាចមានភាពស្មុគស្មាញដោយសារការចោទប្រកាន់ឡើងវិញរបស់លោក Trump កាលពីសប្តាហ៍មុនអំពីការជ្រៀតជ្រែករបស់ចិនក្នុងការបោះឆ្នោតអាមេរិក ជាការអះអាងដែលទីក្រុងប៉េកាំងបានបដិសេធ៕

សភាបារាំង បោះឆ្នោតអនុម័តបម្រាមបណ្តាញផ្សព្វផ្សាយសង្គមសម្រាប់យុវជនអាយុក្រោម១៥ ឆ្នាំ

2026/07/22 07:02:38 pm        70
សភារបស់ប្រទេសបារាំងកាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា បានអនុម័តសេចក្តីស្នើច្បាប់ដ៏សំខាន់មួយដោយហាមឃាត់ការចូលប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៥ឆ្នាំ ដោយ កំណត់ចូលជាធរមាននៅដើមឆ្នាំសិក្សាក្រោយ។ សេចក្តីស្នើច្បាប់ ដែលគាំទ្រដោយប្រធានាធិបតី លោក Emmanuel Macron ត្រូវបានអនុម័តដោយព្រឹទ្ធសភាក្នុងសំឡេងគាំទ្រ២៤៣ទល់នឹង២ និងរដ្ឋសភាមានសំឡេងគាំទ្រ២៧៩ទល់នឹង៨១។ កុមារវ័យជំទង់ដែលមានគណនីបណ្តាញផ្សព្វផ្សាយសង្គមរួចហើយនឹងប្រឈមបម្រាមនេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ បន្ទាប់ពីអំឡុងពេលអនុគ្រោះរយៈពេលបួនខែ។ ការបង្កើតគណនីថ្មីនឹងត្រូវបានហាមឃាត់ចាប់ពីថ្ងៃទី១ ខែកញ្ញា ទោះបីជាករណីលើកលែងត្រូវបានរួមបញ្ចូលសម្រាប់វេទិកាអប់រំ និងមុខវិជ្ជាគ្រប់ប្រភេទតាមអនឡាញក៏ដោយ។ ករណីលើកលែងរួមមាន YouTube និង WhatsApp ដែលការមើលវីដេអូ និងការផ្ញើសារនឹងនៅតែមិនរងផលប៉ះពាល់ ប៉ុន្តែមុខងារបញ្ចេញមតិ និងការចែករំលែកនឹងត្រូវបានកំណត់។ ច្បាប់នេះក៏អនុវត្តបម្រាមទូរស័ព្ទដៃនៅក្នុងសាលាវិទ្យាល័យចាប់ពីថ្ងៃទី១ ខែកញ្ញា ដោយអនុញ្ញាតឱ្យមានករណីលើកលែងតែក្រោមច្បាប់សាលារៀនជាក់លាក់ប៉ុណ្ណោះ។ យោងតាមទីភ្នាក់ងារបារាំងសម្រាប់ចំណីអាហារ បរិស្ថាន សុខភាពនិងសុវត្ថិភាពការងារ(ANSES) ក្មេងជំទង់ម្នាក់ក្នុងចំណោមពីរនាក់នៅប្រទេសបារាំងចំណាយពេលពី២ ទៅ៥ម៉ោងជារៀងរាល់ថ្ងៃលើស្មាតហ្វូន ភាគច្រើនប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម។ វេទិកាបណ្តាញផ្សព្វផ្សាយសង្គមជាទូទៅប្រឆាំងនឹងបម្រាមនេះទាំងស្រុង ហើយសង្កត់ធ្ងន់ថាពួកគេមានវិធានការការពារអ្នកប្រើប្រាស់វ័យក្មេងរួចហើយ រួមទាំងការរឹតត្បិតតអាយុ។ ប្រជាជនទីក្រុងប៉ារីស បានយល់ស្របតាមចំណាត់ការរបស់សមាជិកសភាបារាំងដើម្បីហាមឃាត់ការចូលប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម១៥ឆ្នាំ ខណៈការព្រួយបារម្ភកើនឡើងនៅជុំវិញពិភពលោកលើផលប៉ះពាល់សុខភាព និងសុវត្ថិភាពរបស់អនីតិជន។

បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ីសម្លឹងមើលព្រែកជីកស៊ុយអេ ដើម្បីដឹកជញ្ជូនប្រេងអារ៉ាប៊ីសាអ៊ូឌីត ខណៈមានការគំរាមពីក្រុមហ៊ូទី

2026/07/22 05:37:08 pm        58
បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ីកំពុងស្វែងរកការដឹកជញ្ជូនប្រេងឆៅពីកំពង់ផែសមុទ្រក្រហមរបស់អារ៉ាប៊ីសាអ៊ូឌីត ឆ្លងកាត់ព្រែកជីកស៊ុយអេ និងជុំវិញទ្វីបអាហ្វ្រិក បន្ទាប់ពីក្រុមហ៊ូទីមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់នៅយេម៉ែននិយាយថា ពួកគេនឹងបិទផ្លូវទឹកលើប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ចំណាត់ការនេះបង្ហាញពីការប្តូរទិសដៅចុងក្រោយបំផុតនៃលំហូរប្រេង ដោយសារតែសង្គ្រាមរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដោយបានកាត់បន្ថយការផ្គត់ផ្គង់យ៉ាងខ្លាំង ដែលជំរុញឱ្យក្រុមហ៊ុនចម្រាញ់ប្រេងស្វែងរកធុងជំនួស ឬធ្វើដំណើរតាមផ្លូវផ្សេងៗគ្នា។ នាវាដឹកប្រេងពីរគ្រឿងដែលដឹកប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតទៅកាន់អាស៊ី បានបង្វែរទិសដៅក្នុងសមុទ្រក្រហមកាលពីថ្ងៃអង្គារក្រោយការគំរាមកំហែងពីក្រុមហ៊ូទី ខណៈការឆ្លងកាត់នាវាតាមរយៈច្រកសមុទ្រហ័រមូស បានធ្លាក់ចុះបន្ថែមទៀតនៅដើមសប្តាហ៍នេះ។ក្រុមអ្នកវិភាគ និងអ្នកជំនាញឧស្សាហកម្ម បានព្រមានថា ការដឹកជញ្ជូនទៅទិសខាងលិចឆ្ពោះទៅប្រទេសអេហ្ស៊ីប ពីកំពង់ផែសមុទ្រក្រហម Yanbu របស់អារ៉ាប៊ីសាអ៊ូឌីត និងឆ្លងកាត់ព្រែកជីកស៊ុយអេ និងជុំវិញច្រកដឹកជញ្ជូន Cape of Good Hope នៅទ្វីបអាហ្វ្រិក នឹងត្រូវការពេលរហូតដល់បួនសប្តាហ៍បន្ថែមទៀត ហើយបង្កើនថ្លៃដឹកជញ្ជូន និងថ្លៃប្រេងឥន្ធនៈ បើប្រៀបធៀបទៅនឹងផ្លូវធម្មតានៃការធ្វើដំណើរទៅទិសខាងកើតពី កំពង់ផែ Yanbu ទៅកាន់សមុទ្រអារ៉ាប់។ទិន្នន័យតាមដាននាវាតាមរយៈ LSEG និង Kpler បានបង្ហាញកាលពីថ្ងៃអង្គារថានាវា Rodos មានទង់ជាតិលីបេរីយ៉ា ដែលបានដឹកប្រេងឆៅនៅកំពង់ផែ Yanbu ហើយឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសឥណ្ឌា កំពុងចង្អុលទៅទិសខាងលិច និងផ្តល់សញ្ញាទៅកាន់ព្រែកជីកស៊ុយអេ ។យោងតាមប្រភពដឹកជញ្ជូនមួយ ក្រុមហ៊ុនចម្រាញ់ប្រេងកូរ៉េខាងត្បូង Hyundai Oilbank កំពុងស្វែងរកនាវាដឹកប្រេងឆៅទំហំធំមួយកាលពីថ្ងៃអង្គារ ដើម្បីដឹកប្រេងនៅកំពង់ផែ Yanbu ជាមួយនឹងជម្រើសនៃការប្រើប្រាស់ព្រែកជីកស៊ុយអេ និងបំពង់បង្ហូរប្រេង SUMED របស់អេហ្ស៊ីប ដែលភ្ជាប់សមុទ្រក្រហម និងសមុទ្រមេឌីទែរ៉ាណេ ដើម្បីឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ព្រែកជីកស៊ុយអេ និងបំពង់បង្ហូរប្រេង SUMEDជាធម្មតាប្រើសម្រាប់បញ្ជូនប្រេងពីសមុទ្រក្រហមទៅកាន់អឺរ៉ុប៕

ប្រជាជន ភៀសខ្លួនចេញខណៈទឹកជំនន់ពីជ្រោះជ្រៅបំផ្លាញភូមិនៅប្រទេសឈីលី ក្រោយភ្លៀងធ្លាក់ខ្លាំង

2026/07/22 04:58:13 pm        31
ទឹកជំនន់បានបំផ្លាញលំនៅឋាន រថយន្ត និងដីចំការនៅតំបន់ Coquimbo របស់ប្រទេសឈីលី បន្ទាប់ពីជ្រោះជ្រៅ Santa Gracia បានជន់លិច ហើយបានបញ្ជូនទឹកនិងកម្ទេចកម្ទីហូរកាត់តំបន់នោះ។ប្រជាជននិយាយថា ពួកគេបានឮសូសំឡេងថ្មកំពុងបាក់ខណៈទឹកកើនឡើង ហើយការប្រកាសអាសន្នត្រូវបានផ្ញើទៅកាន់ទូរស័ព្ទដៃ ក្នុងពេលដែលទឹកជំនន់បានរាលដាលយ៉ាងឆាប់រហ័សនៅទូទាំងសហគមន៍។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Bio Bio បានឲ្យដឹងថា មនុស្សជាង១០០នាក់បានរងផលប៉ះពាល់ដោយសារតែទឹកជំនន់ ហើយលំនៅឋាន រថយន្ត និងទ្រព្យសម្បត្តិត្រូវបានបំផ្លាញខណៈមនុស្សជាង១០០នាក់កំពុងជ្រកកោននៅសាលារៀន El Islon។ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសឈីលីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារព្យុះដែលបានវាយប្រហារតំបន់នានាមានចំនួន១០នាក់។លំនៅឋានរបស់ពលរដ្ឋជាង ៣.០០០ខ្នងបានរងការខូចខាត និងពលរដ្ឋជាង១សែននាក់បានស្ថិតនៅដាច់ឆ្ងាយ បន្ទាប់ពីផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់។

អ៊ុយក្រែន បណ្តេញមេបញ្ជាការកងទ័ពក្នុងពេលមានវិបត្តនយោបាយបង្កដោយការដករដ្ឋមន្ត្រីការពារជាតិ

2026/07/22 04:54:57 pm        79
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ថា លោកបានបណ្តេញលោក Oleksandr Syrsky មេបញ្ជាការកងទ័ពអ៊ុយក្រែន ក្នុងពេលមានវិបត្តិនយោបាយដែលកំពុងបន្តបង្កឡើងដោយការដករដ្ឋមន្ត្រីការពារជាតិដ៏មានប្រជាប្រិយភាពម្នាក់។ មេដឹកនាំអ៊ុយក្រែន បានប្រកាសថា លោកបានតែងតាំងមេបញ្ជាការកងកម្លាំងចម្រុះ លោក Mykhailo Drapati ជំនួសលោក Syrsky ។ លោក Syrsky អាយុ៦០ឆ្នាំ បានបម្រើការងារក្នុងតួនាទីនេះចាប់តាំងពីឆ្នាំ២០២៤ ហើយស្ថិតក្នុងចំណោមមេបញ្ជាការដែលមានបទពិសោធន៍ច្រើនបំផុតរបស់ទីក្រុងគីវ ដោយបានដឹកនាំការពារទីក្រុងគីវនៅពេលចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីក្នុងឆ្នាំ២០២២។ ការដកតំណែងរបស់លោក ធ្វើឡើងបន្ទាប់ពីការតវ៉ាជាច្រើនថ្ងៃក្នុងការគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ លោក Mykhailo Fedorov។ លោក Zelenskyy បាននិយាយនៅក្នុងសារមួយនៅលើបណ្តាញ Telegram ថា «ខ្ញុំបានសម្រេចថា មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនថ្មី គឺលោក Mykhailo Drapati។ ប្រធានាធិបតី លោក Volodymyr Zelenskyy និយាយថា ឧត្តមសេនីយ៍ Mykhailo Drapatyi នឹងឡើងកាន់តំណែងជាមេបញ្ជាការកងទ័ពអ៊ុយក្រែន ហើយនៅក្នុងសុន្ទរកថា លោក Zelenskyy ក៏បាននិយាយផងដែរថា លោកបានផ្តល់ឲ្យអតីតរដ្ឋមន្ត្រីការពារជាតិ លោក Mykhailo Fedorov ដែលការបណ្តេញចេញដ៏ភ្ញាក់ផ្អើលរបស់លោកបានបង្កឱ្យមានវិបត្តិនយោបាយ នូវតំណែងសមរម្យក្នុងការត្រួតពិនិត្យផ្នែកបច្ចេកវិទ្យារបស់រដ្ឋ។

តម្លៃប្រេងកើនឡើងបន្តិច បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសពីការវាយប្រហារជុំថ្មីលើអ៊ីរ៉ង់

2026/07/22 04:48:38 pm        30
តម្លៃប្រេងបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការរំខានដល់ការផ្គត់ផ្គង់បន្ថែមទៀត បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅយោធាអ៊ីរ៉ង់សម្រាប់យប់ទី១១ជាប់ៗគ្នា ហើយប្រទេសកូវ៉ែតបានរាយការណ៍ពីការវាយប្រហារដោយយានដ្រូនរបស់អ៊ីរ៉ង់។ តម្លៃប្រេងឆៅ Brent បានកើនឡើង០,៥៥ភាគរយ ឬ៥០សេន មានតម្លៃ៩១,៥១ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីទីផ្សារបានបើកនៅថ្ងៃពុធនេះ ខណៈប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង០,៣៦ភាគរយ ឬ៣០សេន មាតម្លៃ៨៤,៦៤ដុល្លារក្នុងមួយបារ៉ែល។ វាបានកើតឡើងបន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារលើគោលដៅនៅភាគខាងត្បូង និងភាគខាងលិចប្រទេសអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានរបស់សហរដ្ឋអាមេរិកនៅប្រទេសបារ៉ែន កូវ៉ែត និងប្រទេសហ្ស៊កដានី។ ការវាយប្រហាររបស់សហរដ្ឋអាមេរិក កើតឡើងភ្លាមៗបន្ទាប់ពីកងទ័ពកូវ៉ែតបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកំពុងស្ទាក់ចាប់យានដ្រូនរបស់អ៊ីរ៉ង់នៅថ្ងៃពុធនេះ។ ការវាយប្រហារគ្នាឥតឈប់ បានបង្កើនការព្រួយបារម្ភនៃការរំខានបន្ថែមទៀតដល់ការផ្គត់ផ្គង់ថាមពលសកល បន្ទាប់ពីក្រុមហ៊ូទីសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែនបានចាប់ផ្តើមជម្លោះក្នុងសង្គ្រាមអ៊ីរ៉ង់ ដោយគំរាមដាក់គោលដៅលើនាវាដឹកប្រេងរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅច្រកសមុទ្រ Bab el-Mandeb និងប្រកាសពីការបិទផ្លូវទឹករបស់អារ៉ាប៊ីសាអ៊ូឌីត។ ផ្លូវទឹក Bab el-Mandeb នៅច្រកចូលភាគខាងត្បូងទៅកាន់សមុទ្រក្រហម បានក្លាយជាផ្លូវកាន់តែសំខាន់សម្រាប់ការនាំចេញប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីត ខណៈចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz បានថយចុះយ៉ាងខ្លាំងចាប់តាំងពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានដួលរលំកាលពីដើមខែនេះ។

សង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យអាមេរិកខាតបង់៣៧,៥ ពាន់លានដុល្លាររហូតមកដល់ពេលនេះ

2026/07/22 04:41:07 pm        77
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បាននិយាយកាលពីថ្ងៃអង្គារថា ការចំណាយលើសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ង់បានកើនឡើងដល់ ៣៧,៥ ពាន់លានដុល្លាររហូតមកដល់ពេលនេះ ខណៈលោកបានប្រឈមនឹងក្រុមសមាជិកសភាដែលមានការសង្ស័យជាលើកដំបូងចាប់តាំងពីការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងបានបន្តដើម្បីស្វែងរកមូលនិធិបន្ទាន់សម្រាប់ជម្លោះដែលគ្មានប្រជាប្រិយភាពនេះ។ ដោយមានរយៈពេលត្រឹមតែប្រាំមួយខែមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី Donald Trump អាចនឹងប្រឈមការតស៊ូដ៏លំបាកមួយដើម្បីរក្សាសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ក្រុមអ្នកប្រជាធិបតេយ្យកំពុងទទួលបានការគាំទ្រខ្ពស់នៅក្នុងការស្ទង់មតិសាធារណៈ ខណៈពួកគេព្យាយាមភ្ជាប់សង្គ្រាមអ៊ីរ៉ង់ទៅនឹងបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេស។ លោក Hegseth បានប្រាប់ក្រុមសមាជិកសភាក្នុងសវនាការមួយនៅទីក្រុងវ៉ាស៊ីនតោនថា ថវិកា៣៧,៥ពាន់លានដុល្លាររួមមានទិដ្ឋភាពមួយចំនួននៃសង្គ្រាម ក៏ដូចជាការចំណាយដែលរំពឹងទុករហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ គេមិនច្បាស់ទេថាតើមន្ទីរបញ្ចកោណបានឈានដល់តួលេខនេះដោយរបៀបណា។ ប្រភពមួយបានប្រាប់សារព័ត៌មាន Reuters កាលពីខែមីនាថា រដ្ឋបាលរបស់លោក Trump បានប៉ាន់ប្រមាណថា ប្រាំមួយថ្ងៃដំបូងនៃសង្គ្រាមបានចំណាយយ៉ាងហោចណាស់ ១១,៣ ពាន់លានដុល្លារ។ លោក Trump បានស្នើសុំថវិកាបន្ថែមជិត ៩០ ពាន់លានដុល្លារពីសភាកាលពីខែមុន ភាគច្រើនទាក់ទងនឹងជម្លោះអ៊ីរ៉ង់ ដែលបានបង្កើតឈុតឆាកសម្រាប់ការប្រយុទ្ធមួយផ្សេងទៀតជាមួយសមាជិកសភាដែលខកចិត្តនឹងសង្គ្រាម និងប្រឈមនឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកាខាងមុខ៕

សហរដ្ឋអាមេរិកត្រៀមពន្ធថ្មី ខណៈពន្ធសកល ១០% របស់លោក Trump នឹងផុតកំណត់នៅសប្ដាហ៍នេះ

2026/07/22 04:18:03 pm        72
លោក Jamieson Greer តំណាងពាណិជ្ជកម្មបានបង្ហាញកាលពីថ្ងៃអង្គារ ២១ កក្កដា ថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធថ្មីដែលអាចប៉ះពាល់ដល់ប្រទេសរាប់សិបក្នុងពេលឆាប់ៗនេះ ខណៈពន្ធសកលបណ្ដោះអាសន្នរបស់លោកប្រធានាធិបតី Donald Trump នឹងផុតកំណត់នៅសប្តាហ៍នេះ។ រដ្ឋបាលលោក Trump បានរៀបចំពន្ធថ្មីដែលផ្តោតលើដៃគូពាណិជ្ជកម្មចំនួន៦០ ជុំវិញការបរាជ័យរបស់ពួកគេក្នុងការចាត់វិធានការប្រឆាំងនឹងកម្លាំងពលកម្មដោយបង្ខំ ខណៈក្រុមមន្ត្រីជំរុញឱ្យកសាងរបៀបវារៈពាណិជ្ជកម្មរបស់មេដឹកនាំអាមេរិកឡើងវិញបន្ទាប់ពីមានឧបសគ្គផ្នែកច្បាប់។ លោក Greer បានប្រាប់ទូរទស្សន៍ CNBC នៅពេលសួរថាតើពន្ធថ្មីនឹងមកដល់ឬអត់។ លោកមិនបានបញ្ជាក់ពីពេលវេលាកំណត់ទេ ដោយលោកលើកឡើងថាពួកលោករំពឹងថានឹងមើលឃើញសម្មភាពមួយចំនួនក្នុងពេលឆាប់ៗ។ លោក Trump បានដាក់ពន្ធសកល ១០ ភាគរយនៅឆ្នាំនេះ បន្ទាប់ពីពន្ធមួយចំនួនរបស់លោកត្រូវបានលុបចោលដោយតុលាការកំពូលកាលពីខែកុម្ភៈ ប៉ុន្តែពន្ធនេះផុតកំណត់នៅថ្ងៃសុក្រ។ ក្រុមអ្នកវិភាគរំពឹងថាពន្ធថ្មីលើការព្រួយបារម្ភអំពីកម្លាំងពលកម្មដោយបង្ខំ កំណត់រវាង ១០ ភាគរយ និង១២,៥ ភាគរយ នឹងជំនួសពន្ធបណ្ដោះអាសន្នទាំងនេះ។ ការដំឡើងពន្ធទាំងនេះ កើតឡើងខណៈលោក Trump ជំរុញឡើងវិញដើម្បីប្រើប្រាស់ពន្ធគយជាកម្លាំងប្រឆាំងនឹងដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលបង្កឱ្យមានក្ដីបារម្ភនៃការសងសឹក និងភាពតានតឹងផ្នែកការទូត។ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសពន្ធថ្មី ២៥ ភាគរយលើទំនិញប្រេស៊ីលមួយចំនួនកាលពីសប្តាហ៍មុន ហើយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបង្ហាញពីការយកពន្ធ៥០ ភាគរយលើផលិតផលកាណាដាជាច្រើន ដែលនឹងចូលជាធរមានក្នុងរយៈពេល៣០ ថ្ងៃ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM
លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ
07/25/2026 03:07 PM