ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

ផ្កាថ្មប៉ប្រះទឹក Abrolhos របស់ប្រេស៊ីល ធ្លាក់ចុះ ១៥ភាគរយ ក្នុងរយៈពេលជាង ១៨ឆ្នាំ

2026/04/29 08:24:27 pm        17
 ក្រុមអ្នកស្រាវជ្រាវនៅទីក្រុង Rio de Janeiro និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ផ្កាថ្មគ្របដណ្តប់ថ្មប៉ប្រះទឹក Abrolhos របស់ប្រេស៊ីលដែលជាប្រព័ន្ធអេកូឡូស៊ីផ្កាថ្មចម្រុះបំផុតនៅសមុទ្រអាត្លង់ទិកខាងត្បូង បានធ្លាក់ចុះ ១៥ភាគរយ ក្នុងរយៈពេលជាង ១៨ឆ្នាំកន្លងមកនេះ ដោយសារបម្រែបម្រួលអាកាសធាតុ និងសកម្មភាពរបស់មនុស្ស ។ លោក Rodrigo Leao de Moura គឺជាជីវវិទូសមុទ្រនៅសាកលវិទ្យាល័យសហព័ន្ធក្រុង Rio de Janeiro និយាយថា រលកកម្តៅសមុទ្រដែលមានការជាប់ពាក់ព័ន្ធជាមួយបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យមានហេតុការណ៍ប្រែពណ៌ផ្កាថ្ម ធ្វើឲ្យអន្តរាយដល់សុខភាពរបស់ផ្កាថ្ម ។  លោក Moura និយាយថា ដោយសាររលកកម្តៅកើតឡើងញឹកញាប់កើនឡើងច្រើនជាងមុន ផ្កាថ្ម នៅរក្សាពណ៌របស់វា ប៉ុន្តែវាវិវត្តទៅជាជំងឺរលាយជាលិកា បណ្តាលឲ្យវាងាប់ ដោយសារសុខភាពរបស់វារងផលប៉ះពាល់ ។ ផ្កាថ្មប៉ប្រះទឹក ទ្រទ្រង់ជីវិតសមុទ្រប្រហែល ១ភាគ ៤ ហើយដើម្បីឲ្យវាអាចរស់រានបាន ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ពិភពលោកត្រូវការចាត់វិធានការបន្ទាន់ ដើម្បីធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះមកនៅត្រឹម ១អង្សាសេពីលើកម្រិតមធ្យមមុនបដិវត្តន៍ឧស្សាហកម្ម ។ យោងតាមទិន្នន័យពីទភ្នាក់ងារវិទ្យាសាស្រ្តសហភាពអឺរ៉ុប និង UN បានឲ្យដឹងថា សីតុណ្ហភាពសកលមធ្យមបានឡើងក្តៅរួចទៅហើយ ១,៣-១,៤អង្សាសេពីលើសីតុណ្ហភាពមធ្យមមុនបដិវត្តន៍ឧស្សាហកម្ម ៕

រុស្ស៊ី៖ ការចាកចេញពី OPECរបស់អារ៉ាប់រួម នឹងបង្កើនផលិតកម្មសកល ធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះនៅពេលអនាគត

2026/04/29 08:23:52 pm        20
 រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការសម្រេចចិត្តរបស់អារ៉ាប់រួមក្នុងការចាកចេញពី OPEC នឹងមានន័យថា ប្រទេសផលិតប្រេងត្រូវជំរុញការផលិតរបស់ពួកគេ ដើម្បីធ្វើឲ្យតម្លៃប្រេងសកលធ្លាក់ចុះនៅពេលអនាគត ។ រុស្ស៊ីគឺជាសមាជិករបស់ក្រុមប្រទេស OPEC+ ហើយនិងបានសម្របសម្រួលគោលនយោបាយរបស់ខ្លួនជាមួយសមាជិក OPEC ។ រុស្ស៊ីត្រូវបានគេមើលឃើញថា រកបានអត្ថប្រយោជន៍ច្រើនពីតម្លៃប្រេងសកលហក់ឡើងខ្ពស់ ដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ។ លោក Siluanov និយាយថា ថ្ងៃនេះ ពួកយើងបានឮដំណឹងថា ប្រទេសមួយក្នុងចំណោមប្រទេសផលិតប្រេង គឺអារ៉ាប់រួម នឹងដើរចេញពី OPEC ។ នេះមានន័យថា ប្រទេសអាចផលិតប្រេងឲ្យបានច្រើនតាមសមត្ថភាពរបស់ពួកគេ ដើម្បីបញ្ចេញប្រេងទៅក្នុងទីផ្សារ ។ សេចក្តីអត្ថាធិប្បាយរបស់លោក Siluanov បានក្លាយជាប្រតិកម្មដំបូងរបស់រុស្ស៊ីចំពោះការចាកចេញដ៏គួរភ្ញាក់ផ្អើលរបស់អារ៉ាប់រួម ។ រុស្ស៊ីមានទំនាក់ទំនងជិតស្និទ្ធទាំងជាមួយអារ៉ាប់រួម និងប្រទេសដឹកនាំ OPEC គឺអារ៉ាប៊ីសាអ៊ូឌីត ។លោក Siluanovបន្តថា បើសិនជាប្រទេស OPEC អនុវត្តតាមគោលនយោបាយរបស់ពួកគេតាមលក្ខណៈមិនស្របគ្នា ក្រោយការចាកចេញរបស់អារ៉ាប់រួម ហើយផលិតប្រេងឲ្យបានច្រើនតាមសមត្ថភាពរបស់ពួកគេ តាមអ្វីដែលពួកគេចង់បាន ដល់ពេលនោះតម្លៃប្រេងនឹងធ្លាក់ថ្លៃផងដែរ ៕

សង្រ្គាមនៅអ៊ុយក្រែនបង្កើនការប្រើប្រាស់រថពាសដែកផលិតនៅប្រទេសស៊ុយអែត

2026/04/29 08:23:29 pm        51
 សង្រ្គាមនៅអ៊ុយក្រែនបានធ្វើឲ្យឧស្សាហកម្មការពារជាតិស៊ុយអែត ស្ថិតក្នុងចំណោមមជ្ឈមណ្ឌលផលិតអាវុធរីកចម្រើនយ៉ាងឆាប់រហ័សបំផុតរបស់អឺរ៉ុប ជាពិសេសនៅទីក្រុងភាគខាងជើង Ornskoldsvik ជាទីដែលក្រុមហ៊ុនផលិតរថពាសដែក Hagglunds ស្ថិតនៅ ។ គ្រប់គ្រងដោយក្រុមហ៊ុនការពារជាតិខ្នាតយក្ស BAE Systems របស់អង់គ្លេស ចាប់តាំងពីឆ្នាំ ២០០៤ ក្រុមហ៊ុន Hagglunds បានចាប់ផ្តើមធុរកិច្ចជាគ្រួសារ ដោយផលិតគ្រឿងសង្ហារឹម ចាប់តាំងពីចុងសតវត្សរ៍ទី ១៩មកម្ល៉េះ មុនពេលប្តូរមកផលិតរថយន្តក្រុង រថយន្តរត់លើផ្លូវដែក យន្តហោះ ហើយចុងក្រោយពួកគេផលិតរថពាសដែកនៅចុងទសវត្សរ៍ឆ្នាំ ១៩៥០ ។ ការរំសាយយោធាក្រោយសង្គ្រាមត្រជាក់ បានធ្វើឲ្យក្រុមហ៊ុនមួយនេះ ជួបការលំបាក ហើយពេលដែលលោក Tommy Gustafsson-Rask ក្លាយជាប្រធានគ្រប់គ្រងក្រុមហ៊ុន BAE Systems Hagglunds កាលពីឆ្នាំ ២០១២ កាតព្វកិច្ចលើកដំបូងរបស់លោក គឹបញ្ជាឲ្យកាត់បន្ថយកម្លាំងការងារ ១ភាគ ៣ ។ លោក Tommy និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកគិតថា ការដាក់បញ្ចូនតំបន់គ្រីមៀកាលពីឆ្នាំ ២០១៤ ជាឧបសម្ព័ន្ធរបស់រុស្ស៊ី បានក្លាយជាពេលដែលពួកយើងមើលឃើញអ្វីមួយចាប់ផ្តើមកើតឡើង ហើយអ្វីៗទាំងអស់ បានចាប់ផ្តើមកើតឡើងតែម្តង មុនពេលការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំ ២០២២ ។ សូមបញ្ជាក់ថា ការនាំចេញអាវុធរបស់ស៊ុយអែត បានកើនឡើង ៣ដង ដល់ជាង ៣ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ បើធៀបនឹងកាលពីឆ្នាំ ២០១៥ ៕

រុស្ស៊ី៖ ការផ្គត់ផ្គង់យានដ្រូនអឺរ៉ុបដល់អ៊ុយក្រែន អាចមានផលវិបាកមិនអាចព្យាករបាន

2026/04/29 08:23:06 pm        16
 រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Andrei Belousov និយាយថា ការផ្គត់ផ្គង់យានដ្រូនរបស់អឺរ៉ុបទៅកាន់ទីក្រុងគីវ សម្រាប់ឲ្យវាយប្រហារទឹកដីរុស្ស៊ី នឹងអាចនាំឲ្យមានផលវិបាកមិនអាចព្យាករបាន ។ លោក Belousov ថ្លែងបែបនេះ អំឡុងជំនួបថ្នាក់រដ្ឋមន្រ្តីការពារជាតិនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Bishkek ប្រទេសកៀជីស្ថាន ។ លោក Belousovនិយាយថា សហភាពអឺរ៉ុបនឹងអូសទម្លាក់ខ្លួនឯងចូលទៅក្នុងជម្លោះ តាមរយៈការផ្តល់ហិរញ្ញវត្ថុ និងអាវុធដល់អ៊ុយក្រែន ។ លោកបន្តថា ពួកយើងកំពុងតាមដានយ៉ាងដិតដល់ចំពោះផលិតកម្ម និងខ្សែចង្វាក់ភស្តុភារនៃការចែកចាយយានដ្រូនទាំងនេះដល់ទីក្រងគីវ ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីដើមខែមេសាថា ពួកគេមានជំនឿថា រដ្ឋាភិបាលជាច្រើនរបស់សហភាពអឺរ៉ុប បានសម្រេចចិត្តបង្កើនការផលិត និងផ្គត់ផ្គង់យានដ្រូនដល់អ៊ុយក្រែន គឺជាសកម្មភាពមួយដែលទីក្រុងមូស្គូ យល់ឃើញថាជាជំហានមួយដែលនាំឲ្យជម្លោះកើនឡើង ៕

សីតុណ្ហភាពកើនឡើងនៅប្រទេសឥណ្ឌា ជំរុញតម្រូវការកង្ហា និងម៉ាស៊ីនត្រជាក់

2026/04/29 08:22:43 pm        5
 សីតុណ្ហភាពហក់ឡើងខ្ពស់នៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា បានជំរុញឲ្យមានតម្រូវការកង្ហា និងម៉ាស៊ីនត្រជាក់កើនឡើង ស្របពេលដែលអ្នកស្រុកស្វែងសេចក្តីសុខស្រួលពីរលកកម្តៅនេះ ។ ការិយាល័យឧតុនិយមឥណ្ឌា និយាយថា ទីក្រុងញូវដែលី និងតំបន់ខ្លះទៀតក្នុងរដ្ឋ Rajasthan សីតុណ្ហភាពបានហក់ឡើងខ្ពស់ជាង ៥អង្សាសេពីលើកម្រិតធម្មតា អំឡុងខែមេសា ។ ហាងលក់គ្រឿងអេឡិចត្រូនិកនៅទីក្រុង Jaipur និងទីក្រុងញូវដែលី បានរាយការណ៍ពីការលក់កើនឡើងក្នុងរយៈពេលប៉ុនា្មនថ្ងៃកន្លងមកនេះ ស្របពេលដែលអតិថិជនរួសរាន់មកទិញកង្ហា និងម៉ាស៊ីនត្រជាក់ ។លោក Sanjiv គឺជាអតិថិជនទិញកង្ហាមួយរូបនិយាយថា ខែមេសាមិនដែលក្តៅដល់ថ្នាក់នេះទេ ។ ថ្ងៃដែលក្តៅបំផុត គឺអំឡុងសប្តាហ៍ចុងក្រោយនៃខែឧសភា និងសប្តាហ៍ដំបូងនៃខែមិថុនា ប៉ុន្តែលើកនេះ បែរជាវាកើតឡើងក្នុងខែមេសាទៅវិញ ។ គួរឲ្យដឹងថា ឥណ្ឌាប្រកាសអាសន្នរលកកម្តៅ ពេលដែលសីតុណ្ហភាពអតិបរមា មានពី ៤,៥អង្សាសេ ដល់ ៦,៥អង្សាសេពីលើកម្រិតធម្មតា ហើយនិងរលកកម្តៅធ្ងន់ធ្ងរ ពេលដែលសីតុណ្ហភាពមានជាង ៦,៥អង្សាសេពីលើកម្រិតធម្មតា ៕

ពលរដ្ឋរស់នៅតាមតំបន់ព្រំដែនប៉ាគីស្ថាន ជម្លៀសខ្លួនចេញពីផ្ទះសម្បែង ក្រោយការផ្លោងគ្រាប់កាំភ្លើងធំពីអាហ្វហ្គានីស្ថាន

2026/04/29 08:22:16 pm        8
 អ្នកភូមិរស់នៅក្នុងទីក្រុងព្រំដែន Chaman របស់ប្រទេសប៉ាគីស្ថាន បានពិនិត្យមើលផ្ទះរងការខូចខាតរបស់ពួកគេ និងបានរត់គេចចេញពីតំបន់នោះ ក្រោយរយៈពេលច្រើនថ្ងៃនៃការផ្លោងគ្រាប់កាំភ្លើងធំឆ្លងកាត់ព្រំដែនចេញពីប្រទេសអាហ្វហ្គានីស្ថាន ។ មន្រ្តីសន្តិសុខជាន់ខ្ពស់មួយរូបរបស់ប៉ាគីស្ថាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការផ្ទុះអាវុធធន់ធ្ងន់រវាងកងកម្លាំងសន្តិសុខប៉ាគីស្ថាន និងកងកម្លាំងតាលីបង់អាហ្វហ្គានីស្ថាននៅច្រកព្រំដែន Chaman បានសម្លាប់ទាហានប៉ាគីស្ថាន ៤នាក់ ។ លោកបន្តថា ការប៉ះទង្គិចគ្នានេះ បានចាប់ផ្តើមឡើងកាលពីថ្ងៃអាទិត្យ ។ លោក Noor Mohammad គឺជាអ្នកស្រុកមួយរូបនិយាយដែរថា ការផ្ទុះគ្រាប់ បានចាប់ផ្តើមកាលពីវេលាម៉ោង ៤ និង ១៥នាទីព្រឹក ម៉ោងក្នុងស្រុក ខណៈពលរដ្ឋកំពុងដេកលង់លក់ បណ្តាលឲ្យបុរស ២នាក់ កប់ក្នុងគំនរបាក់បែកអគារ ។ លោកបន្តថា បុរសម្នាក់ បានស្លាប់ ក្រោយនាំទៅកាន់ទីក្រុង Quetta ហើយលោកសូមធ្វើការអំពាវនាវឲ្យរដ្ឋាភិបាលទាំង ២ ដោះស្រាយជម្លោះមួយនេះ ដោយសន្តិវិធី ។ ដោយឡែក ក្រុមតាលីបង់អាហ្វហ្គានីស្ថាន និយាយកាលពីថ្ងៃចន្ទថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងគ្រាប់កាំភ្លើងធំរបស់ប៉ាគីស្ថាន បានសម្លាប់មនុស្ស ៤នាក់ និងមនុស្សជាង ៧០នាក់ផ្សេងទៀត រងរបួស ៕

ព្រះសង្ឃងបញ្ចប់ការនិមន្តសន្តិភាពរយៈពេល ១សប្តាហ៍នៅទូទាំងប្រទេសស្រីលង្កា

2026/04/29 08:21:52 pm        8
 កាលពីថ្ងៃអង្គារម្សិលមិញ ព្រះសង្ឃបានបញ្ចប់ការនិមន្តសន្តិភាពរយៈពេល ១សប្តាហ៍នៅទូទាំងប្រទេសស្រីលង្កា នៅទីលានចតុរង្គឯករាជ្យ ស្ថិតក្នុងទីក្រុង Colombo ក្នុងនោះលោកប្រធានាធិបតី Anura Kumara Dissanayake បានមកទទួលស្វាគមន៍ព្រះសង្ឃទាំងអស់នេះ ។ ក្រុមអ្នករៀបចំការនិមន្តសន្តិភាពនិយាយថា ការនិមន្តរបស់ព្រះសង្ឃមានគោលបំណងលើកកម្ពស់សន្តិភាព និងការត្រៀមចិត្តស្របតាមឱវាទក្នុងព្រះពុទ្ធសាសនា ហើយនិងឆ្លុះបញ្ចាំងពីកេរតំណែលរបស់ស្រីលង្កា ។ ការនិមន្តរបស់ព្រះសង្ឃនេះ បានចាប់ផ្តើមចេញពីព្រះវិហាររូងភ្នំប្រវត្តិសាស្រ្ត ស្ថិតក្នុងទីក្រុង Dambulla ដែលមានចម្ងាយប្រហែល ១៦០គ.ម ភាគខាងជើងរដ្ឋធានី Colombo ។  ព្រះសង្ឃ Pannakara Thero មកពីសហរដ្ឋអាមេរិក បានរៀបចំពិធីសាសនាមួយនៅទីក្រុង Anuradhapura និងកាន់កូនដើមពោធិ៍បានមកពីដើមពោធិ៍ព្រឹក្ស ដែលព្រះអង្គគ្រោងនឹងយកទៅដាំនៅសហរដ្ឋអាមេរិក ដើម្បីតំណាងសន្តិភាព ។សូមបញ្ជាក់ថា ការនិមន្តសន្តិភាព បានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ ២០២៥ ពេលដែលព្រះសង្ឃ Pannakara Thero ដឹកនាំព្រះសង្ឃនិមន្តរយៈពេល ១០៩ថ្ងៃ ចេញពីរដ្ឋ Texas របស់សហរដ្ឋអាមេរិកទៅដល់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដើម្បីលើកឡើងពីការយល់ដឹងសន្តិភាព និងស្មារតីទូទាំងអាមេរិក និងនៅលើពិភពលោក ៕

ក្រុមមន្រ្តីធ្វើដំណើរទៅកាន់ទីតាំងរងការវាយប្រហាររបស់រដ្ឋអ៊ិស្លាមដែលបានសម្លាប់មនុស្ស ២៩នាក់ នៅនីហ្សេរីយ៉ា

2026/04/29 08:21:16 pm        11
 អភិបាលរដ្ឋ Adamawa លោក Ahmadu Umaru Fintiri បានធ្វើដំណើរជាមួយក្រុមការងារទៅកាន់តំបន់ Gombi ជាទីដែលការបាញ់ប្រហារបានសម្លាប់មនុស្សរាប់សិបនាក់ ។ លោកបានជួបសំណេះសំណាលផងដែរ ជាមួយគ្រួសារជនរងគ្រោះដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ។ ក្រុមរដ្ឋអ៊ិស្លាម បានប្រកាសទទួលស្គាល់ការវាយប្រហារលើសហគមន៍ Guyaku ស្ថិតនៅតំបន់ភាគឦសានប្រទេសនីហ្សេរីយ៉ាដែលបានសម្លាប់មនុស្សយ៉ាងហោច ២៩នាក់ ។ គួរឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើង បានវាយប្រហារសហគមន៍ Guyaku ស្ថិតក្នុងតំបន់ Gombi កាលពីយប់ថ្ងៃអាទិត្យ ដោយបានសម្លាប់អ្នកស្រុក និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ពួកគេ ។ លោក Fintiri និយាយថា វាពិតជាជារឿងអកុសលខ្លាំងណាស់ ពេលដែលកើតមានឧបទ្ទេវហេតុបែបនេះ នៅក្នុងរដ្ឋរបស់ពួកយើង ។ ពួកយើងនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីការពារពលរដ្ឋរបស់ពួកយើង ពួកគេគឺជាប្រជាជនរបស់ពួកយើង ហើយពួកយើងត្រូវតែឈរខាងពួកគេ ។ ក្រុមវាយប្រហារ បានបំផ្លិចបំផ្លាញព្រះវិហារមួយកន្លែង និងដុតកម្ទេចចោលទោចចក្រយានយន្តជាច្រើនគ្រឿង ហើយអ្នកស្រុកបានរៀបចំអីវ៉ាន់របស់ពួកគេ ដើម្បីជម្លៀសចេញពីកន្លែងកើតហេតុ ៕

លោក Netanyahu ៖ អ៊ីស្រាអែលបានបំផ្ទុះផ្លូវរូងក្រោមដីដ៏ធំរបស់ក្រុមហេសបូឡានៅលីបង់

2026/04/29 08:20:49 pm        9
 នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា អ៊ីស្រាអែលបានបំផ្ទុះផ្លូវរូងក្រោមដីភេរវកម្មដ៏ធំមួយរបស់ក្រុមហេសបូឡា នៅប្រទេសលីបង់កាលពីថ្ងៃអង្គារ ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូចេញដោយការិយាល័យរបស់គាត់ លោក Netanyahu និយាយថា អ៊ីស្រាអែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា ហើយនិងបន្តមានគោលដៅលើក្រុមជីវពលមួយនេះ ។ លោកថា ពួកយើងកំពុងប្រតិបត្តិការនៅក្នុងតំបន់សន្តិសុខ ស្ថិតនៅភាគខាងត្បូងទន្លេ Litani ស្ថិតនៅភាគខាងជើងទន្លេ Litani នៅតំបន់ជ្រលងភ្នំ Beqaa និងតំបន់ភាគខាងជើងលីបង់ ។ បទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកដែលត្រូវបានយល់ព្រមរវាងអ៊ីស្រាអែល និងលីបង់ នាំឲ្យកាត់បន្ថយអរិភាពជាច្រើន ប៉ុន្តែអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បានបន្តប៉ះទង្គិចគ្នានៅតំបន់ភាគខាងត្បូងលីបង់ ជាទីដែលអ៊ីស្រាអែលរក្សាទាហានរបស់ពួកគេ នៅក្នុងតំបន់ទ្រនាប់ប្រកាសដោយខ្លួនឯង ។ អ៊ីស្រាអែលបន្តវាយប្រហារនៅទូទាំងតំបន់ភាគខាងត្បូងលីបង់ បំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋដែលពួកគេចាត់ទុកថា ជាហេដ្ឋរចនាសម្ព័ន្ធប្រើប្រាស់ដោយក្រុមហេសបូឡា ៕

ស្របពេលការប្រើប្រាស់គ្រឿងស្រវឹងធ្លាក់ចុះ អ្នកផលិតស្រាទំពាំងបាយជូ ព្យាយាមទាក់ទាញអតិថិជន

2026/04/29 08:11:47 pm        11
 នៅតំបន់ជ្រលងភ្នំ Maule ប្រទេសឈីលី ក្រុមអ្នកផលិតស្រាទំពាំងបាយជូ ប្រឈមនឹងបញ្ហាកើនឡើង ។ ការប្រើប្រាស់គ្រឿងស្រវឹងសកល កំពុងដាំក្បាលចុះ ធ្វើឲ្យអ្នកផលិតស្រាទំពាំងបាយជូ ស្វែករកវិធីសាស្រ្តថ្មី ដើម្បីទាក់ទាញអតិថិជនរបស់ខ្លួន ។ លោក Felipe Rivera ដែលជាអ្នកផលិតស្រាទំពាំងបាយជូ និយាយថា បញ្ហាធំបំផុតនាពេលបច្ចុប្បន្ននៅឈីលី និងជុំវិញពិភពលោក គឺពួកយើងរស់នៅឆ្លងកាត់វិបត្តិដ៏អាក្រក់បំផុតនៅក្នុងពិភពស្រាទំពាំងបាយជូ ក្នុងរយៈពេល ១០០ឆ្នាំ សម្រាប់ហេតុផលផ្សេងគ្នាជាច្រើន ។ លោកបន្តថា និយាយតាមត្រង់ទៅ លោកយល់ឃើញថា ហេតុផលសំខាន់បំផុតនោះ ក្មេងជំនាន់ក្រោយមិនបានស្នងតំណែងពីមនុស្សជំនាន់មុនដែលជាអ្នកទទូលទានស្រាទំពំាងបាយជូ ។ ជំនាន់របស់លោក គ្មាននរណាម្នាក់ចេះទទួលទានស្រាទំពាំងបាយជូនោះទេ នោះហើយគឺជាបញ្ហាប្រឈមដ៏សំខាន់បំផុត ។ មនុស្សជំនាន់នេះ គិតថា ការទទួលទានស្រា នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាព ។ ការស្ទង់មតិ Gallup ឆ្នាំ ២០២៥ បង្ហាញថា មានតែមនុស្សពេញវ័យ ៥០ភាគរយប៉ុណ្ណោះ នៅសហរដ្ឋអាមេរិកទទួលទានគ្រឿងស្រវឹង ពោលគឺធ្លាក់ចុះពីចំនួន ៥៩ភាគរយ កាលពីឆ្នាំ ២០២៣ ។ ជាការឆ្លើយតបនឹងនិន្នាការបែបនេះ ក្រុមអ្នកផលិតស្រាទំពាំងបាយជូមួយចំនួន បានផ្តល់ឱកាសឲ្យអតិថិជនមកដល់ចម្ការដាំទំពាំងបាយជូរបស់ពួកគេតែម្តង ។ លោក Jose Luis Gomez Bastias គឺជាអ្នកដាំទំពាំងបាយជូ បានបញ្ជើញភ្ញៀវឲ្យមកកាត់មែក និងកិនទំពាំងបាយជូ ជំរុញឲ្យមានទំនាក់ទំនងរវាងអ្នកផលិតស្រាទំពាំងបាយជូ និងអ្នកទទួលទានស្រាទំពាំងបាយជូ ។ លោកនិយាយថា ពួកយើងចង់ឲ្យអតិថិជនទាំងអស់ចូលរួមនៅក្នុងសកម្មភាពរបស់ពួកយើង ដើម្បីឲ្យពួកគេដឹងពីរបៀបធ្វើស្រាទំពាំងបាយជូរបស់ពួកយើង ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM
គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ
05/31/2026 12:05 PM
អ្នកដាំទុរេនស្រុកចម្ការលើ​ចង់ឲ្យអ្នកលក់ប្រកាន់ភាពស្មោះត្រង់លើអតិថិជន
05/31/2026 12:05 PM