UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា

ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់ បញ្ជាក់ថា ទំនាក់ទំនងជាមួយលោក Trump គឺល្អ ទោះរកាំរកូសបញ្ហាអ៊ីរ៉ង់ក្ដី

2026/04/29 07:16:16 pm        36
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយនៅថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦ នេះថា ទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែមានភាពល្អប្រសើរធម្មតា ទោះបីជាពួកលោករកាំរកូសនឹងគ្នា ជុំវិញសង្គ្រាមអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែលោកបានបញ្ជាក់ជាថ្មី អំពីក្ដីបារម្ភរបស់លោក ចំពោះការប៉ះពាល់ដល់សេដ្ឋកិច្ច ដោយសារជម្លោះនេះ។ការមិនចុះសម្រុងគ្នានេះ ឆ្លុះបញ្ចាំងពីទស្សនៈផ្ទុយគ្នា រវាងរដ្ឋបាលរបស់លោក Trump និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន នៅក្នុងអង្គការណាតូ (NATO) ពាក់ព័ន្ធបញ្ហាអ៊ីរ៉ង់ និងផ្សេងៗទៀត រួមទាំងជម្លោះអ៊ុយក្រែនផងដែរ។លោក Merz បានប្រាប់អ្នកសារព័ត៌មានថា៖ «តាមទស្សនៈរបស់ខ្ញុំ ទំនាក់ទំនងផ្ទាល់ខ្លួនរបស់ខ្ញុំជាមួយប្រធានាធិបតីអាមេរិកនៅតែល្អជាធម្មតា។ ខ្ញុំគ្រាន់តែមានមន្ទិលសង្ស័យតាំងពីដំបូង អំពីអ្វីដែលបានចាប់ផ្តើមជាមួយសង្គ្រាម នៅអ៊ីរ៉ង់។ នោះហើយជាមូលហេតុដែលខ្ញុំបានធ្វើការបញ្ជាក់ឲ្យច្បាស់លាស់»។ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន និងប៊ែរឡាំង កំពុងជជែកគ្នាទៅវិញទៅមក លោក Merz បាននិយាយថា៖ «នៅអាល្លឺម៉ង់ និងអឺរ៉ុប យើងកំពុងមានទុក្ខលំបាក ដោយសារផលវិបាកនានា ដូចជាការបិទច្រកសមុទ្រ Hormuz ជាដើម។ នេះមានផលប៉ះពាល់ដោយផ្ទាល់ទៅលើការផ្គត់ផ្គង់ថាមពលរបស់យើង និងផលប៉ះពាល់យ៉ាងខ្លាំងទៅលើដំណើរការសេដ្ឋកិច្ចរបស់យើង»។គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ លោក Trump បានរិះគន់លោក Merz ជុំវិញជំហររបស់លោក ដោយបានលើកឡើងនៅក្នុងសារមួយនៅលើបណ្តាញសង្គមថា អធិការបតីអាល្លឺម៉ង់ គិតថា វាគឺជារឿង «មិនអីទេ» ដែលអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ហើយលោកមិនដឹងថា លោកកំពុងនិយាយអំពីអ្វីនោះទេ។ ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងបន្ទាប់ពីការស្តីបន្ទោសទៅកាន់ទីក្រុងវ៉ាស៊ីនតោនពីសំណាក់លោក Merz កាលពីថ្ងចន្ទ នៅពេលដែលលោកបាននិយាយថា ថ្នាក់ដឹកនាំអ៊ីរ៉ង់ កំពុង «ធ្វើឲ្យសហរដ្ឋអាមេរិកអាម៉ាស់» ដោយធ្វើឲ្យមន្ត្រីអាមេរិកធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន សម្រាប់ការចរចាសន្តិភាព ហើយបន្ទាប់មកធ្វើឲ្យដំណើការនោះគ្មានលទ្ធផលអ្វីទាំងអស់។ លោក Merz ក៏បាននិយាយផងដែរថា លោកមិនបានឃើញយុទ្ធសាស្ត្រចាកចេញអ្វីដែលសហរដ្ឋអាមេរិកកំពុងអនុវត្តនោះទេ៕

លោក PUTIN៖ ទណ្ឌកម្មប្រឆាំងនឹងពាណិជ្ជកររុស្ស៊ីជួនកាលប៉ះពាល់ដល់សាច់ញាតិឆ្ងាយ

2026/04/29 07:14:51 pm        39
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានថ្លែងថា ទណ្ឌកម្មខុសច្បាប់របស់លោកខាងលិចប្រឆាំងនឹងសហគ្រិនរុស្ស៊ី ជួនកាលប៉ះពាល់ដល់សាច់ញាតិឆ្ងាយដែរ។  លោក ពូទីន បាននិយាយថា៖«ទណ្ឌកម្មខុសច្បាប់ទាំងនេះ ត្រូវបានអនុម័តទាក់ទងនឹងពាណិជ្ជករ និងសមាជិកគ្រួសាររបស់ពួកគេជាច្រើន ហើយមិនមែនសូម្បីតែសមាជិកគ្រួសារផ្ទាល់ទេ ជួនកាលនៅក្នុងទំនាក់ទំនងជាមួយអ្នកឆ្ងាយថែមទៀតផង។ រឿងដដែលនេះ ត្រូវបានអនុវត្តទាក់ទងនឹងក្រុមហ៊ុនធំៗទាំងមូល»។ប្រមុខរដ្ឋរូបនេះ បានបន្ថែមថា សេដ្ឋកិច្ចរុស្ស៊ីកំពុងដំណើរការក្នុងបរិយាកាសនៃបញ្ហាប្រឈមខាងក្រៅធ្ងន់ធ្ងរអស់រយៈពេលជាច្រើនឆ្នាំ រួមទាំងស្ថានភាពសេដ្ឋកិច្ចដ៏លំបាក ទណ្ឌកម្មខុសច្បាប់ និងកាលៈទេសៈមិនល្អមួយចំនួនទៀត៕ 

លោកស្រី Von der Leyen ព្រមានថា សង្គ្រាមអ៊ីរ៉ង់អាចធ្វើឲ្យអឺរ៉ុបខូចខាតរយៈពេលជាច្រើនឆ្នាំ

2026/04/29 06:51:56 pm        48
សហភាពអឺរ៉ុប (EU) បានព្រមានថា ទ្វីបនេះអាចចំណាយពេលច្រើនឆ្នាំ ដើម្បីដោះស្រាយជាមួយនឹងផលវិបាកដោយសារសង្គ្រាមអាមេរិក-អ៊ីស្រាអែល នៅអ៊ីរ៉ង់ ដែលជាសញ្ញាបង្ហាញថា តម្លៃថាមពលហក់ឡើង នឹងមិនធ្លាក់ចុះឆាប់ៗនេះទេ។នៅថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) នេះ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ EU បានថ្លែងនៅចំពោះមុខសភាអឺរ៉ុបនៅទីក្រុង Strasbourg ប្រទេសបារាំងថា៖ «ក៏មានការពិតដ៏អាក្រក់មួយផងដែរដែលយើងទាំងអស់គ្នា ត្រូវប្រឈមមុខជាមួយ ដោយនោះគឺផលវិបាកនៃជម្លោះនេះ អាចមានអស់រយៈពេលជាច្រើនខែ ឬសូម្បីតែច្រើនឆ្នាំខាងមុខ»។សារដ៏គួរឲ្យបារម្ភធ្ងន់ធ្ងរនេះ កើតឡើងនៅពេលដែលអឺរ៉ុបប្រឈមនឹងវិបត្តិថាមពល និងការផ្គត់ផ្គង់ ដោយសារសង្គ្រាម បានជំរុញឲ្យអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្ម។ ទ្វីបនេះឥឡូវនេះ កំពុងប្រឈមជាមួយការលំបាកដោយសារតម្លៃប្រេង និងឧស្ម័នហក់ឡើង និងក្ដីបារម្ភ អំពីការខ្វះខាតផលិតផលសំខាន់ៗ ដូចជាប្រេងឥន្ធនៈយន្តហោះ និងជីជាដើម។លោកស្រី Von der Leyen បានកត់សម្គាល់ថា EU បានចំណាយប្រាក់បន្ថែមចំនួន ២៧ពាន់លានអឺរ៉ូ (៣១,៦ពាន់លានដុល្លារ) លើការនាំចូលប្រេងឥន្ធនៈហ្វូស៊ីល ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមកាលពីចុងខែកុម្ភៈ។ វិទ្យាស្ថានស្រាវជ្រាវ Bruegel ក៏បានប៉ាន់ប្រមាណផងដែរថា បណ្តាប្រទេស នៅ EU បានប្តេជ្ញាចិត្តចំណាយទឹកប្រាក់ជាង ១០ពាន់លានអឺរ៉ូ ដើម្បីការពារអ្នកប្រើប្រាស់ និងអាជីវកម្មពីការកើនឡើងនូវតម្លៃថាមពល៕

រុស្ស៊ីបញ្ជាក់ថា នឹងបន្តនៅក្នុង OPEC+ និងសង្ឃឹមថា អវត្តមានរបស់អារ៉ាប់រួម មិនមែនជាទីបញ្ចប់របស់ក្រុមឡើយ

2026/04/29 06:45:05 pm        58
នៅថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) វិមានក្រឹមឡាំងបានបញ្ជាក់ថា រុស្ស៊ីមានគម្រោងបន្តនៅក្នុងប្លុក OPEC+ ទោះបីជាមានការសម្រេចចិត្តចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួមក៏ដោយ ហើយបានប្រាប់ថា ខ្លួនសង្ឃឹមថា ក្រុមផលិតប្រេងឈានមុខគេលើពិភពលោកមួយនេះ នឹងបន្តប្រតិបត្តិការ។អារ៉ាប់រួមបានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនកំពុងចាកចេញពីអង្គការនៃប្រទេសនាំចេញប្រេង ដោយផ្ដល់ផលប៉ះពាល់ដ៏ធំដល់ក្រុមនេះ នៅពេលដែលវិបត្តិថាមពលមិនធ្លាប់មានពីមុនមក ដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់ បានបង្ហាញពីភាពមិនចុះសម្រុងគ្នា ក្នុងចំណោមប្រទេសឈូងសមុទ្រ។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសរសើរប្លុក OPEC+ ថា ជាអង្គការដ៏សំខាន់មួយ ជាពិសេស ក្នុងអំឡុងពេលដែលមានភាពចលាចលបច្ចុប្បន្ន នៅក្នុងទីផ្សារពិភពលោក។ ដោយបាននិយាយតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មាន អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Peskov បានប្រាប់ថា៖ «ក្រុមនេះជួយបានច្រើនណាស់ ឧទាហរណ៍ កាត់បន្ថយការប្រែប្រួល នៅក្នុងទីផ្សារថាមពល និងធ្វើឲ្យទីផ្សារទាំងនោះអាចមានស្ថិរភាព»។តែយ៉ាងណាក្ដី លោក Peskov បាននិយាយថា រុស្ស៊ីគោរពការសម្រេចចិត្តចាកចេញរបស់អារ៉ាប់រួម ហើយសង្ឃឹមថា ការសន្ទនាថាមពលរបស់ទីក្រុងមូស្គូ ជាមួយរដ្ឋឈូងសមុទ្រ នឹងបន្តមាន។ ប្រទេសរុស្ស៊ីបានសម្រេចចិត្តចូលរួមជាមួយប្លុក OPEC+ ក្នុងឆ្នាំ២០១៦។ យោងតាមការប៉ាន់ប្រមាណរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ បានឲ្យដឹងថា ក្រុមនេះបានផលិតជិត ៥០ភាគរយនៃប្រេង និងសារធាតុរាវទាក់ទងនឹងប្រេងរបស់ពិភពលោក កាលពីឆ្នាំមុន៕

លោក STUBB និយាយថា ប្រទេសនានានៅអឺរ៉ុប នឹងបន្តទំនាក់ទំនងជាមួយរុស្ស៊ីជាមិនខាន

2026/04/29 06:42:16 pm        60
ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បាននិយាយថា ប្រទេសនានានៅអឺរ៉ុប នឹងបន្តទំនាក់ទំនងជាមួយរុស្ស៊ីជាមិនខាន ដោយកត់សម្គាល់ថា ការពិភាក្សានៅតែបន្តនៅអឺរ៉ុបអំពីពេលវេលា និងទម្រង់នៃការសន្ទនា ដែលអាចធ្វើទៅបាន។លោកបាននិយាយនៅលើស្ថានីយទូរទស្សន៍ និងវិទ្យុជាតិអេស្តូនី ERRថា៖«នៅក្នុងការពិភាក្សានៅក្នុង   ស ម្ព័ន្ធភាពនៃឆន្ទៈ ឬកន្លែងផ្សេងទៀត យើងតែងតែលើកឡើងពីអ្នកណា ពេលណា កន្លែងណា និងរបៀបនៃការទំនាក់ទំនងជាមួយរុស្ស៊ី។ ឥឡូវនេះ ពីទស្សនៈរបស់អឺរ៉ុប យើងបានផ្ទេរតួនាទីនេះទៅឲ្យសហរដ្ឋអាមេរិក ហើយដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ ការសន្ទនានេះឥឡូវនេះ ត្រូវបានពន្យារពេល។ ដូច្នេះ ខ្ញុំយល់ស្របទាំងស្រុងជាមួយប្រធានាធិបតីនៃប្រទេសអេស្តូនី លោក Alar Karis ថា ពេលវេលា នឹងមកដល់ ដែលយើងនឹងត្រូវបើកបណ្តាញទំនាក់ទំនងជាមួយរុស្ស៊ី។ សំណួរតែមួយគត់ គឺពេលណា»។  យោងតាមលោក Stubb សំណួរសំខាន់ នៅតែមានថាតើនឹងមានការបន្តការសន្ទនាជាមួយទីក្រុងមូស្គូមុនពេលបញ្ចប់ជម្លោះនៅអ៊ុយក្រែន ឬបន្ទាប់ពីនោះ។ លោកបានបន្ថែមថា រុស្ស៊ី «នឹងបន្តធ្វើជាប្រទេសជិតខាងរបស់ប្រទេសហ្វាំងឡង់ និងអេស្តូនី» ហើយបានសម្តែងការសង្ស័យថា អង្គការណាតូ នឹងត្រូវងាកទៅរកមាត្រា ៥ នៃធម្មនុញ្ញរបស់ខ្លួនស្តីពីការការពាររួម៕

ចិនបញ្ជាក់ម្ដងទៀតនូវការអំពាវនាវកុំឲ្យមានជម្លោះថ្មី រវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីការពារផលប៉ះពាល់លើសេដ្ឋកិច្ចសកល

2026/04/29 06:40:12 pm        63
ប្រទេសចិន នៅថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ជាថ្មីម្ដងទៀតពីការអំពាវនាវរបស់ខ្លួន កុំឲ្យមានការចាប់ផ្ដើមឡើងវិញនូវជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយព្រមានថា ភាពតានតឹងកាន់តែខ្លាំងឡើងៗ អាចមានផលវិបាកយ៉ាងធំធេងដល់សេដ្ឋកិច្ចពិភពលោក។អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បាននិយាយថា ស្ថានភាព នៅតំបន់មជ្ឈិមបូព៌ា បានរំខានដល់ទីផ្សារថាមពលសកលរួចទៅហើយ ដែលនាំឲ្យមានការខ្វះខាតការផ្គត់ផ្គង់ និងការលំបាកផ្នែកសេដ្ឋកិច្ច សម្រាប់ប្រទេសជាច្រើន។លោក Lin បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ចំណុចសំខាន់ គឺត្រូវធ្វើកិច្ចប្រឹងប្រែងទាំងអស់ ដើម្បីបញ្ចៀសការឆាបឆេះឡើងនូវអណ្តាតភ្លើងសង្គ្រាម»។ លោកបានព្រមានថា អស្ថិរភាពជាបន្តបន្ទាប់ អាចបង្កឲ្យមានភាពចលាចលក្នុងតំបន់កាន់តែទូលំទូលាយ និងធ្វើឲ្យខូចដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកល។លោកបានសង្កត់ធ្ងន់ថា ដំណោះស្រាយជាមូលដ្ឋាន អាស្រ័យលើទប់ស្កាត់កុំឲ្យភាពតានតឹងកើនឡើងបន្ថែមទៀត និងលើកកម្ពស់បទឈប់បាញ់គ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ជាមួយគ្នានេះ ប្រទេសចិនក៏បានប្ដេជ្ញាផងដែរថា នឹងបន្តចូលរួមផ្នែកការទូត ដោយរក្សាទំនាក់ទំនងជាមួយគ្រប់ភាគីទាំងអស់ ខណៈពេលដែលកំពុងធ្វើការ ដើម្បីការពារខ្សែច្រវាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិដែលមានស្ថិរភាព៕

កូសូវ៉ូមិនអាចជ្រើសរើសប្រធានាធិបតីថ្មី ខណៈប្រទេសឆ្ពោះទៅរកការបោះឆ្នោតមុនអាណត្តិ

2026/04/29 06:37:52 pm        40
សភាកូសូវ៉ូ មិនអាចជ្រើសរើសប្រធានាធិបតីថ្មីបានឡើយ អំឡុងដំណើរការតាមកាលកំណត់រដ្ឋធម្មនុញ្ញត្រឹមពាក់កណ្ដាលអធ្រាត្រថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) ដោយសារខ្វះចំនួនសំឡេងឆ្នោតដែលត្រូវការ ជាអ្វីដែលធ្វើឲ្យប្រទេសនេះកៀកនឹងការមានការបោះឆ្នោតមុនអាណត្តិ។មានតែតំណាងរាស្ត្រនៃគណបក្ស Self-Determination Movement (ចលនាស្វ័យសម្រេច) ដែលកំពុងកាន់អំណាច និងតំណាងរាស្ត្រនៃក្រុមភាគតិចមិនមែនជនជាតិស៊ែប៊ីប៉ុណ្ណោះ ចូលរួមក្នុងការបោះឆ្នោតនេះ ដែលបានជួបគ្នាដល់ទៅ ៤ដង ក្នុងថ្ងៃនេះ ប៉ុន្តែសំឡេងឆ្នោតចំនួន ៦៤សំឡេងរបស់ពួកគេ មិនគ្រប់គ្រាន់ ដើម្បីជ្រើសរើសប្រមុខរដ្ឋបានឡើយ ជាដំណើរការដែលតម្រូវឲ្យមានសំឡេងភាគច្រើន ២ភាគ៣ នៃតំណាងរាស្ត្រ ១២០នាក់។ប្រធានសភា និងជាប្រធានស្តីទី លោកស្រី Albulena Haxhiu បាននិយាយថា ការអញ្ជើញត្រូវបានពង្រីកទៅដល់គណបក្សប្រឆាំង ដែលរួមមានគណបក្សប្រជាធិបតេយ្យកូសូវ៉ូ (PDK) និងសម្ព័ន្ធប្រជាធិបតេយ្យកូសូវ៉ូ (LDK) ប៉ុន្តែពួកគេបានបដិសេធមិនចូលរួមក្នុងសម័យប្រជុំនេះទេ។ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ លោកស្រី Haxhiu ត្រូវបានគេរំពឹងថា នឹងប្រកាសការបោះឆ្នោតមុនអាណត្តិ ដែលយោងទៅតាមរដ្ឋធម្មនុញ្ញ ត្រូវតែធ្វើឡើងក្នុងរង្វង់រយៈពេល ៤៥ថ្ងៃ។ នេះនឹងជាលើកទី២ ដែលអ្នកបោះឆ្នោតនៅកូសូវ៉ូ បានវិលត្រឡប់ទៅមជ្ឈមណ្ឌលបោះឆ្នោតវិញ ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែ ក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែធ្នូឆ្នាំមុន។អាណត្តិរបស់អតីតប្រធានាធិបតី លោកស្រី Vjosa Osmani បានផុតកំណត់នៅថ្ងៃទី៤ ខែមេសា។ ក្នុងរយៈពេលប៉ុន្មានខែ មុនពេលបញ្ចប់អាណត្តិ លោកស្រីបានបង្ហាញគោលបំណងចង់ឈរឈ្មោះដណ្ដើមតំណែងប្រធានាធិបតីអាណត្តិទី២៕

បារាំងជំរុញឲ្យពលរដ្ឋចាកចេញពីម៉ាលី «ឲ្យបានឆាប់តាមដែលអាច» អំឡុងពេលបារម្ភអំពីសន្តិសុខ

2026/04/29 06:35:10 pm        60
ក្រសួងការបរទេសបារាំង នាថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) នេះ បានផ្ដល់អនុសាសន៍ថា ពលរដ្ឋបារាំង ត្រូវចាកចេញពីប្រទេសម៉ាលីជាបណ្ដោះអាសន្ន «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ដោយបានណែនាំពលរដ្ឋបារាំងឲ្យរៀបចំផែនការចាកចេញ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បន្ទាប់ពីមានការវាយប្រហារ នៅទីតាំងជាច្រើនទូទាំងប្រទេស ក្នុងនោះរួមទាំងទីក្រុងបាម៉ាកូ (Bamako) ផងដែរនោះ ស្ថានភាពសន្តិសុខ នៅតែមានការប្រែប្រួលខ្លាំងណាស់»។ទីក្រុងប៉ារីសបានជំរុញឲ្យពលរដ្ឋរបស់ខ្លួន ដែលនៅតែស្ថិតនៅក្នុងប្រទេសនេះឲ្យស្នាក់នៅក្នុងផ្ទះ និងបន្តមានទំនាក់ទំនងជាមួយសាច់ញាតិ។ ក្រសួងបានបញ្ជាក់ថា «ប្រសិនបើពួកគេត្រូវតែធ្វើដំណើរ ពួកគេត្រូវបានជំរុញឲ្យមានការប្រុងប្រយ័ត្នបំផុត» ដោយអំពាវនាវឲ្យពលរដ្ឋអនុវត្តតាមការណែនាំ ពីអាជ្ញាធរមូលដ្ឋានយ៉ាងខ្ជាប់ខ្ជួន។គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ណែនាំនេះ បានកើតឡើងបន្ទាប់ពីមានការវាយប្រហារដែលមានការរៀបចំស្របគ្នាជាបន្តបន្ទាប់ដោយក្រុមប្រដាប់អាវុធជាច្រើន ក្នុងនោះរួមទាំងក្រុមសកម្មប្រយុទ្ធ JNIM ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរណសិរ្សរំដោះ Azawad Liberation Front ដែលជាសម្ព័ន្ធមិត្តឧទ្ទាមដឹកនាំដោយជនជាតិ Tuareg កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក នៅទូទាំងទីក្រុងជាច្រើន រួមទាំងរដ្ឋធានីបាម៉ាកូផងដែរ៕

លោក Trump ប្រាប់អ៊ីរ៉ង់ឲ្យ «សម្រេចដោយភាពវៃឆ្លាតឲ្យបានឆាប់» ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

2026/04/29 06:32:27 pm        79
ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) នេះ បានជំរុញឲ្យអ៊ីរ៉ង់ «ឆាប់សម្រេចដោយភាពវៃឆ្លាត» ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយប្រកាសថា «ជនចិត្តសប្បុរសលែងមានទៀតហើយ!»។លោក Trump បានបង្ហោះសារនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា «អ៊ីរ៉ង់មិនអាចចាត់វិធានការរបស់ពួកគេដោយមានការឯកភាពគ្នាឡើយ។ ពួកគេមិនដឹងពីរបៀបចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនមែននុយក្លេអ៊ែរយ៉ាងដូចម្ដេចឡើយ។ ពួកគេគួរតែឆាប់បង្ហាញភាពឆ្លាតវៃបន្តិចទៅ»។អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថា ការបង្ហោះនេះ រួមមានរូបភាពរបស់ប្រធានាធិបតីអាមេរិកស្លៀកឈុតខ្មៅ និងវ៉ែនតាខ្មៅ ខណៈដែលកាន់អាវុធ ដោយមានការផ្ទុះ នៅក្នុងរូបភាពនៃទិដ្ឋភាពរបស់ប្រទេសអ៊ីរ៉ង់ នៅពីខាងក្រោយរូបលោក។គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុករួមគ្នា លើអ៊ីរ៉ង់ កាលថ្ងៃពីទី២៨ ខែកុម្ភៈ ដែលជំរុញឲ្យទីក្រុងតេអេរ៉ង់ឆ្លើយតបដោយការវាយប្រហារ លើអ្វីដែលខ្លួនពិពណ៌នាថា ជាធនធានរបស់សហរដ្ឋអាមេរិក នៅទូទាំងតំបន់ ដែលភាគច្រើននៅក្នុងបណ្ដាប្រទេសឈូងសមុទ្រ។មេដឹកនាំអាមេរិករូបនេះបានផ្តល់សញ្ញាកាលពីថ្ងៃចន្ទថា លោកទំនងជាមិនទទួលយកនោះទេ សម្រាប់សំណើចុងក្រោយរបស់អ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម បន្ទាប់ពីទីក្រុងតេអេរ៉ង់បានស្នើផែនការ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈពេលដែលទុកបញ្ហា ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន សម្រាប់ការចរចានៅពេលក្រោយ៕

ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបប្រឈមកង្វះប្រេងឥន្ធនៈកើនឡើង ខណៈជម្លោះមជ្ឈិមបូព៌ារំខានដល់ការផ្គត់ផ្គង់ថាមពល

2026/04/29 06:30:40 pm        56
ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបកំពុងប្រឈមនឹងកង្វះប្រេងឥន្ធនៈយន្តហោះដែលកំពុងកើនឡើង ខណៈ ជម្លោះនៅតែបន្តនៅមជ្ឈិមបូព៌ាបានរំខានដល់ការផ្គត់ផ្គង់ថាមពល និងជំរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង។  យោងតាមទិន្នន័យពីសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) តម្លៃប្រេងឥន្ធនៈយន្តហោះសកលបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ដោយកើនឡើងពី៨៥ ទៅ៩០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ដល់ ១៥០ ទៅ ២០០ដុល្លារអាមេរិកក្នុងមួយបារ៉ែល។បន្ថែមពីលើតម្លៃប្រេងឥន្ធនៈដែលកំពុងកើនឡើង បណ្ដាក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបជាច្រើនក៏កំពុងប្រឈមនឹងស្ថានភាពមួយដែលប្រេងឥន្ធនៈយន្តហោះមិនអាចរកទិញបានសូម្បីតែក្នុងតម្លៃខ្ពស់ក៏ដោយ ដោយស្តុកប្រេងឥន្ធនៈនៅក្នុងតំបន់មួយចំនួនគ្រប់គ្រាន់សម្រាប់រយៈពេលពីរបីសប្តាហ៍ប៉ុណ្ណោះ។ វិបត្តិប្រេងឥន្ធនៈយន្តហោះ នេះកំពុងបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មដឹកជញ្ជូនផ្លូវអាកាស។លោក Fatih Birol នាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា ប្រេងបម្រុងប្រេងឥន្ធនៈយន្តហោះរបស់អឺរ៉ុបកំពុងធ្លាក់ចុះយ៉ាងគ្រោះថ្នាក់ ហើយប្រសិនបើស្ថានភាពនៅមជ្ឈិមបូព៌ានៅតែបន្តរំខានដល់ការផ្គត់ផ្គង់ ជើងហោះហើរមួយចំនួនអាចនឹងត្រូវបង្ខំចិត្តលុបចោលក្នុងពេលឆាប់ៗនេះ។ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបជាច្រើន រួមទាំងក្រុមហ៊ុន Lufthansa របស់អាល្លឺម៉ង់ ក្រុមហ៊ុនអាកាសចរណ៍ជាតិហូឡង់ KLM និងក្រុមហ៊ុន Virgin Atlantic បានអនុម័តវិធានការដូចជាការផ្អាកផ្លូវហោះហើរ ការលុបចោលជើងហោះហើរមួយចំនួន និងការបង្កើនការចំណាយលើថ្លៃប្រេងឥន្ធនៈ។ក្រុមអ្នកជំនាញក្នុងឧស្សាហកម្មនេះ ជឿជាក់យ៉ាងទូលំទូលាយថា ដោយសារតម្រូវការនៅតែមិនផ្លាស់ប្តូរ    កង្វះសមត្ថភាពដឹកជញ្ជូន និងតម្លៃសំបុត្រថ្លៃ នឹងដាក់ការរឹតត្បិតបន្ថែមទៀតលើការធ្វើដំណើរសម្រាប់ជនជាតិអឺរ៉ុប៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេបញ្ជាការតំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ឆ្នាំង នាំយកអំណោ​ឧបត្ថម្ភដល់កុមារីកំព្រា កំពុង​មើល​ថែ​ប្អូន​តូច​នៅ​កំពង់ឆ្នាំង
05/31/2026 12:05 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ណែនាំអាជ្ញាធរផ្សព្វផ្សាយ​ពីច្បាប់​កាតព្វកិច្ច​យោធា​ដល់​ពលរដ្ឋ
05/31/2026 11:05 AM
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
05/31/2026 11:05 AM
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
05/31/2026 11:05 AM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
05/31/2026 11:05 AM
សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ
05/31/2026 10:05 AM
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
05/31/2026 10:05 AM
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
05/31/2026 10:05 AM
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
05/31/2026 10:05 AM
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
05/31/2026 09:05 AM