កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង

ព័ត៌មានអន្តរជាតិ

ប្រធានគណៈកម្មការ eSafety របស់អូស្ត្រាលី រងការគំរាមសម្លាប់ ក្រោយមានបម្រាមបណ្ដាញសង្គម

2026/04/29 05:40:30 pm        53
នៅថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) នេះ ប្រព័ន្ធផ្សព្វផ្សាយ SBS News បានរាយការណ៍ថា និយតករសុវត្ថិភាពអនឡាញជាន់ខ្ពស់របស់ប្រទេសអូស្ត្រាលី បានប្រាប់ថា លោកស្រីបានទទួលការគំរាមកំហែងយកជីវិត និងការរំលោភបំពានយ៉ាងទូលំទូលាយ បន្ទាប់ពីមានការដាក់ចេញនូវការហាមឃាត់បណ្ដាញសង្គមដ៏ចម្រូងចម្រាសមួយ។លោកស្រី Julie Inman Grant ដែលជាប្រធានគណៈកម្មការសុវត្ថិភាពអេឡិចត្រូនិក (eSafety) របស់ប្រទេស បាននិយាយថា ប្រតិកម្មអវិជ្ជមានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីច្បាប់ថ្មីដែលពន្យារពេលការចូលប្រើប្រាស់បណ្ដាញសង្គមរបស់កុមារ រហូតដល់អាយុ ១៦ឆ្នាំ ត្រូវបានប្រកាស។ក្នុងរង្វង់រយៈពេល ២៤ម៉ោងនៃការរិះគន់ជាសាធារណៈពីលោក Elon Musk ដែលបានដាក់ឈ្មោះលោកស្រីថា ជា «មេត្រួតពិនិត្យ» ការបង្ហោះវាយប្រហារប្រហែល ៧៥.០០០សារ ត្រូវបានសំដៅទៅលើរូបលោកស្រី តាមប្រព័ន្ធអ៊ីនធឺណិត ដោយភាគច្រើនត្រូវបានពិពណ៌នាថា ជាសារពេញដោយហិង្សា បង្កគ្រោះថ្នាក់ និងអ្វីដែលត្រូវបានជឿថា ជាការគំរាមសម្លាប់។អំឡុងពេលថ្លែងនៅឯវេទិកាសមភាពយេនឌ័រ រួមជាមួយអតីតនាយករដ្ឋមន្ត្រី លោក Julia Gillard លោកស្រី Inman Grant បាននិយាយថា លោកស្រីត្រូវបានគេបង្ហាញព័ត៌មានផ្ទាល់ខ្លួន ត្រូវបានកំណត់គោលដៅដោយរូបភាពបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI) និងទទួលរងនូវការរំលោភបំពានយេនឌ័រ។ជាមួយគ្នានេះ លោកស្រីបានសម្តែងក្ដីបារម្ភ អំពីការគំរាមកំហែងដែលរីករាលដាលដល់គ្រួសាររបស់លោកស្រី ដោយចោទសួរពីរបៀបធានាសុវត្ថិភាពឲ្យពួកគេ។គួរបញ្ជាក់ថា កាលពីឆ្នាំមុន អូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេបង្អស់របស់ពិភពលោក ដែលហាមឃាត់មិនឲ្យបង្កើតគណនីបណ្ដាញសង្គម សម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ៕

ប្រធានគណៈកម្មការអឺរ៉ុប ជំរុញឲ្យមានឯករាជ្យភាពថាមពល បន្ទាប់ពីវិបត្តិនៅអ៊ីរ៉ង់

2026/04/29 05:38:18 pm        46
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងទៅកាន់សភាអឺរ៉ុបនៅទីក្រុង Strasbourg នៅថ្ងៃពុធ ទី២៩ ខែមេសានេះ ស្តីពីឯករាជ្យភាពថាមពលដោយសារតែវិបត្តិនៅអ៊ីរ៉ង់។កាសែត Wall Street Journal បានរាយការណ៍កាលពីយប់ថ្ងៃអង្គារ ទី២៨ ខែមេសា ដោយដកស្រង់សម្ដីមន្ត្រីអាមេរិកថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានណែនាំជំនួយការឲ្យត្រៀមខ្លួនសម្រាប់ការបិទផ្លូវអ៊ីរ៉ង់បន្ថែមទៀត។ប្រទេសនានាដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រេង និងឧស្ម័ន ប្រឈមនឹងការកើនឡើងតម្លៃកាន់តែខ្លាំង ដែលបន្ថែមសម្ពាធអតិផរណា និងបង្កើនឱកាសនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ជាក្តីបារម្ភស្រដៀងគ្នាសម្រាប់ពលរដ្ឋអឺរ៉ុបដែលបានឆ្លងកាត់វិបត្តិថាមពលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនក្នុងឆ្នាំ ២០២២។សភាអឺរ៉ុបបានជជែកដេញដោលអំពីយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងវិបត្តិនៅតំបន់មជ្ឈិមបូព៌ា។

ម៉ិកស៊ិកដាក់ពង្រាយកងទ័ពជាង ១៣០.០០០នាក់ ក្រោយចាប់ខ្លួនមេក្រុមជួញដូរគ្រឿងញៀន

2026/04/29 05:35:26 pm        52
រដ្ឋមន្ត្រីសន្តិសុខម៉ិកស៊ិក លោក Omar Garcia Harfuch បាននិយាយកាលពីថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) ថា កងទ័ពជាង ១៣០.០០០នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការវាយប្រហារដោយក្រុមជួញដូរគ្រឿងញៀន ដែលជាការសងសឹក ចំពោះការចាប់ខ្លួនមេខ្លោង និងអ្នកយុទ្ធសាស្ត្រហិរញ្ញវត្ថុជាន់ខ្ពស់របស់គេ។កាលពីថ្ងៃចន្ទ កងកម្លាំងម៉ិកស៊ិក បានវាយប្រហារទៅលើក្រុមជួញដូរគ្រឿងញៀន Jalisco New Generation Cartel (CJNG) ដោយបានចាប់ខ្លួនមេក្រុមឈ្មោះ Audias Flores Silva ដែលត្រូវបានគេស្គាល់ផងដែរថា ឈ្មោះ «El Jardinero» និងលោក Cesar Alejandro N ដែលត្រូវបានគេស្គាល់ថា ជាអ្នកយុទ្ធសាស្ត្រហិរញ្ញវត្ថុដ៏សំខាន់របស់មេក្រុមគ្រឿងញៀនរូបនេះ។ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន លោក Harfuch បាននិយាយថា ការចាប់ខ្លួនទាំងនេះ ធ្វើឲ្យមានឲ្យចុះខ្សោយ ទាំងផ្នែកសមត្ថភាពប្រតិបត្តិការ ការដឹកជញ្ចូន និងហិរញ្ញវត្ថុរបស់ក្រុមជួញដូរគ្រឿងញៀន CJNG ជាក្រុមមួយដែលបានពង្រីកឥទ្ធិពល និងអំណាចរបស់ខ្លួនហួសពីប្រទេស។ លោកបានបន្ថែមថា «ការដាក់ពង្រាយកងកម្លាំងជាបន្ទាន់ ត្រូវបានបញ្ជាឲ្យទប់ស្កាត់ការវាយប្រហារដែលអាចកើតមាន និងធានាសុវត្ថិភាពសាធារណៈ» ដែលពាក់ព័ន្ធនឹងកងទ័ពចំនួន ១៣០.០០០នាក់។យោងតាមលោក Harfuch បានឲ្យដឹងថា លោក Flores Silva មានដីកាចាប់ខ្លួនបណ្តោះអាសន្នសកម្ម សម្រាប់ការធ្វើបត្យាប័ន ជុំវិញការចោទប្រកាន់ពីបទឃុបឃិតព្រហ្មទណ្ឌ ទាក់ទងនឹងការជួញដូរគ្រឿងញៀន និងការកាន់កាប់អាវុធដោយខុសច្បាប់ ដែលចេញដោយតុលាការតំបន់ Columbia នៅសហរដ្ឋអាមេរិក៕

អតីតប្រធាន FBI ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងដល់អាយុជីវិតរបស់លោក TRUMP

2026/04/29 05:33:17 pm        52
មន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា អតីតនាយក FBI លោក James Comey ត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងដល់អាយុជីវិតរបស់លោក ដូណាល់ ត្រាំ (Donald Trump) រយៈពេល ៥ខែ បន្ទាប់ពីសំណុំរឿងមុនប្រឆាំងនឹងអ្នករិះគន់ឥតសំចៃបស់ប្រធានាធិបតីអាមេរិក ត្រូវបានបដិសេធ។ការចោទប្រកាន់ដោយគណៈវិនិច្ឆ័យនៃតុលាការជាន់ខ្ពស់ នៅរដ្ឋ North Carolina បានកើតចេញពីការបង្ហោះនៅលើបណ្តាញ Instagram ដែលលោក Comey អាយុ ៦៥ឆ្នាំ បានធ្វើកាលពីខែឧសភា ឆ្នាំមុន ដែលបង្ហាញពីលេខ «86 47» ដែលសរសេរនៅលើសំបកខ្យង។លោក ត្រាំ បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News នៅពេលនោះថា «86» គឺជាគ្រាមភាសាដែលមានន័យថា «សម្លាប់» ហើយ «47» គឺនិយាយសំដៅលោកដែលជាប្រធានាធិបតីទី 47 ។លោក ត្រាំ បាននិយាយថា៖«លោក ដឹងច្បាស់ពីអត្ថន័យរបស់លេខ «86 47»។ «នោះមានន័យថា ការធ្វើឃាត»។លោក Comey បានឆ្លើយតបដោយពុំយកចិត្តទុកដាក់ទៅលើការចោទប្រកាន់ទាំងនោះ ហើយបានប្តេជ្ញាថា នឹងតតាំងចំពោះករណីនេះ៕

បារាំងអំពាវនាវឲ្យអ៊ីស្រាអែលលុបចោលការរារាំង ចំពោះការដឹកជញ្ជូនជំនួយ និងការពារបុគ្គលិក UN នៅហ្កាហ្សា

2026/04/29 05:05:47 pm        45
ប្រទេសបារាំង កាលពីថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) បានអំពាវនាវឲ្យអ៊ីស្រាអែលលុបចោលឧបសគ្គទាំងអស់ ដែលរារាំងចំពោះលំហូរជំនួយមនុស្សធម៌ នៅតំបន់ហ្កាហ្សា និងធានាការពារបុគ្គលិក និងធនធានរបស់អង្គការសហប្រជាជាតិ (UN) ដោយព្រមានថា ស្ថានភាពនៅនឹងកន្លែងនៅតែមាន «មហន្តរាយ»។អំឡុងពេលថ្លែងនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN លោក Jerome Bonnafont បេសកជនប្រចាំនៅ UN របស់បារាំង បានលើកឡើងថា បទឈប់បាញ់ នៅតំបន់ហ្កាហ្សា នៅតែផុយស្រួយ ទោះបីជាមានកិច្ចប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់ក៏ដោយ។ដោយសង្កត់ធ្ងន់លើតម្រូវការ «ដើម្បីសម្រួលដល់ការជម្លៀសផ្នែកវេជ្ជសាស្ត្រតាមរយៈអង្គការសុខភាពពិភពលោក (WHO)» លោក Bonnafont បាននិយាយថា៖ «ប្រទេសបារាំងអំពាវនាវឲ្យអ៊ីស្រាអែលលុបចោលការរារាំងទាំងអស់ ចំពោះការដឹកជញ្ជូនជំនួយ ការពារបុគ្គលិក និងធនធានរបស់ UN»។លោកបានកត់សម្គាល់ថា ៦ខែបន្ទាប់ពីមានការអនុម័តសេចក្តីសម្រេចរបស់ UN ដែលគាំទ្រផែនការសន្តិភាពគាំទ្រដោយសហរដ្ឋអាមេរិក ស្ថានភាព នៅតំបន់ហ្កាហ្សា មានភាពប្រសើរឡើងតិចតួចណាស់ ដោយវិបត្តិមនុស្សធម៌នៅតែធ្ងន់ធ្ងរដដែល។លោកបានសង្កត់ធ្ងន់ថា៖ «បទឈប់បាញ់នៅតែមិនប្រាកដប្រជា ស្ថានភាពមនុស្សធម៌នៅតែស្ថិតក្នុងស្ថានភាពមហន្តរាយ»។ បេសកជនរូបនេះបានបន្ថែមថា ប្រទេសបារាំងរំពឹងថា នឹងមាន «ភាពល្អប្រសើរជាក់ស្តែង សម្រាប់ស្ថានភាពរបស់ប្រជាជនប៉ាឡេស្ទីន» នៅដំណាក់កាលបន្ទាប់៕

ឯកអគ្គរដ្ឋទូតប្រចាំប្រទេសអេហ្ស៊ីប៖ អ៊ីរ៉ង់ នឹងមិនចុះចាញ់ ឬចរចា ក្រោមសម្ពាធនោះទេ

2026/04/29 05:00:13 pm        55
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងគែរនៃប្រទេសអេហ្ស៊ីប លោក Mojtaba Ferdowsi Pour បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា ទីក្រុងតេអេរ៉ង់ នឹងមិនចុះចាញ់ ហើយនឹងមិនចរចា ក្រោមសម្ពាធនោះទេ ទោះបីជាមានការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ។ អ្នកការទូតរូបនេះ បានសង្កត់ធ្ងន់ថា៖«យើងនឹងមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកនិយាយជាមួយយើងពីជំហរដ៏រឹងមាំនោះទេ។ អ៊ីរ៉ង់នឹងមិនចុះចាញ់ឡើយ ហើយនឹងមិនចរចាក្រោមសម្ពាធ និងការគំរាមកំហែងនៃការវាយប្រហារបន្ថែមទៀតទេ»។លើសពីនេះទៅទៀតនោះ ឯកអគ្គរដ្ឋទូតរូបនេះ បានកត់សម្គាល់ថា អ៊ីរ៉ង់មិនមានគម្រោងពិភាក្សាអំពីកម្មវិធីមីស៊ីលរបស់ខ្លួន ឬអ្វីដែលគេហៅថា «អ័ក្សតស៊ូ» ជាក្រុមប្រដាប់អាវុធក្នុងតំបន់ ដែលគាំទ្រដោយទីក្រុង     តេអេរ៉ង់ អំឡុងពេលចរចាជាមួយសហរដ្ឋអាមេរិកនោះទេ។ ក្នុងន័យនេះ លោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសអេហ្ស៊ីប បានបន្ថែមថា សហរដ្ឋអាមេរិក «ក៏ត្រូវតែគោរពសិទ្ធិស្របច្បាប់ទាំងអស់របស់សាធារណរដ្ឋឥស្លាម នៅក្នុងឯកសារនុយក្លេអ៊ែររបស់ខ្លួនផងដែរ»៕

ព្រឹទ្ធសភាអាមេរិករារាំងការប៉ុនប៉ងទប់ស្កាត់លោក Trump កុំឲ្យមានវិធានការយោធាលើគុយបា

2026/04/29 04:49:44 pm        77
ព្រឹទ្ធសភាអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) បានរារាំងសំណើដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ជាអ្វីដែលមានបំណងហាមឃាត់លោកប្រធានាធិបតី Donald Trump កុំឲ្យមានវិធានការយោធា លើប្រទេសគុយបា ដោយមិនមានការយល់ព្រមពីសភា។ព្រឹទ្ធសភា បានបោះឆ្នោតគាំទ្រក្នុងសំឡេង ៥១ ទល់នឹង ៤៧សំឡេង ជុំវិញវិធានការនីតិវិធី ដែលរារាំងការស្នើផ្លូវការ ស្តីពីអំណាចសង្គ្រាម ខណៈដែលសមាជិកនៃគណបក្សរបស់លោក Trump បានអះអាងថា មិនមានអរិភាពរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសគុយបានោះទេ។សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋមកពីរដ្ឋ Florida លោក Rick Scott ដែលបានបង្ហាញពីចំណុចនៃសណ្តាប់ធ្នាប់ ដើម្បីបញ្ឈប់ការស្នើផ្លូវការនេះ បានលើកឡើងថា ការបោះឆ្នោត ស្ដីពីអំណាចសង្គ្រាម គឺមិនសមរម្យនោះឡើយ ពីព្រោះលោក Trump មិនទាន់បានដាក់ពង្រាយកងទ័ពនៅឡើយទេ។តែសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យមកពីរដ្ឋ Virginia លោក Tim Kaine ដែលជាអ្នកគាំទ្រឈានមុខគេ ចំពោះវិធានការនេះ បានអះអាងថា កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ឈប់ការដឹកជញ្ជូនប្រេងឥន្ធនៈទៅកាន់ប្រទេសកោះដែលគ្រប់គ្រងដោយលទ្ធិកុម្មុយនីស្តមួយនេះ បង្កើតបានជាវិធានការយោធា។ក្រោមការដឹកនាំរបស់លោក Trump កងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារលើទូក នៅឯម្ដុំតំបន់សមុទ្ររបស់ប្រទេសវ៉េណេស៊ុយអេឡា និងបានឆ្មក់ចូលទៅក្នុងទីក្រុងការ៉ាកាស ដើម្បីចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro ហើយជាមួយអ៊ីស្រាអែល បានធ្វើសង្គ្រាម លើអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយការអនុវត្តទាំងអស់នេះ គឺមិនមានការអនុញ្ញាតពីសភាឡើយ។ ហើយលោក Trump បានព្រលយពាក្យថា «គុយបាគឺជាប្រទេសបន្ទាប់»៕

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចេញសេចក្តីថ្លែងការណ៍រួម គាំទ្រអធិបតេយ្យភាពរបស់ប៉ាណាម៉ា

2026/04/29 04:47:25 pm        48
កាលពីថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) សហរដ្ឋអាមេរិក បូលីវី កូស្តារីកា ហ្គីយ៉ាន ប៉ារ៉ាហ្គាយ ហើយនិងទ្រីនីដាដ និងតូបាហ្គោ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីបង្ហាញការគាំទ្រ ចំពោះអធិបតេយ្យភាពរបស់ប៉ាណាម៉ា ដោយលើកឡើងថា សកម្មភាពថ្មីៗរបស់ប្រទេសចិន គឺជាការប៉ុនប៉ងយកពាណិជ្ជកម្មតាមសមុទ្រជាឧបករណ៍នយោបាយ និងរំលោភលើអធិបតេយ្យភាពរបស់ប្រទេសនានា នៅអឌ្ឍគោលនេះ។សេចក្តីថ្លែងការណ៍នេះបានរៀបរាប់ថា៖ «យើងកំពុងតាមដានដោយប្រុងប្រយ័ត្ននូវសម្ពាធសេដ្ឋកិច្ចដែលត្រូវបានដាក់គោលដៅរបស់ប្រទេសចិន និងសកម្មភាពថ្មីៗ ដែលបានប៉ះពាល់ដល់នាវាមានទង់ជាតិប៉ាណាម៉ា។ ប៉ាណាម៉ាគឺជាសសរស្តម្ភនៃប្រព័ន្ធពាណិជ្ជកម្មតាមសមុទ្ររបស់យើង ហើយដូច្នេះ ត្រូវតែរក្សាភាពគ្មានសម្ពាធពីខាងក្រៅដែលមិនសមហេតុផលណាមួយ»។តុលាការកំពូលរបស់ប៉ាណាម៉ា កាលពីចុងខែមករាកន្លងមក បានលុបចោលក្របខ័ណ្ឌច្បាប់ដែលគាំទ្រសម្បទានឆ្នាំ១៩៩៧ ដែលផ្តល់សិទ្ធិឲ្យក្រុមហ៊ុនកំពង់ផែប៉ាណាម៉ារបស់ក្រុមហ៊ុន CK Hutchison ធ្វើប្រតិបត្តិការស្ថានីយ Balboa និង Cristobal នៅផ្នែកមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិកនៃព្រែកជីកប៉ាណាម៉ា បន្តបន្ទាប់គ្នា។ការលុបចោលនេះបានធ្វើឡើងបន្ទាប់ពីមានសម្ពាធកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន ជុំវិញព្រែកជីកយុទ្ធសាស្ត្រនេះ ដែលដោះស្រាយប្រហែល ៥ភាគរយនៃពាណិជ្ជកម្មតាមសមុទ្រសកល។សេចក្ដីសម្រេចរបស់តុលាការប៉ាណាម៉ា បានធ្វើឲ្យមានការកើនឡើងនូវការឃាត់ទុក និងការត្រួតពិនិត្យនាវាដែលមានទង់ជាតិប៉ាណាម៉ា នៅក្នុងប្រទេសចិន ដែលអាចជាការសងសឹកជាក់ស្តែង៕

សេតវិមាន៖ គ្មានអ្នកណាស័ក្តិសមទទួលបានពានរង្វាន់សន្តិភាព FIFA ជាងលោក Trump ឡើយ

2026/04/29 04:43:47 pm        59
សេតវិមាន បានឆ្លើយតបខ្លាំងៗទៅកាន់អ្នករិះគន់ ចំពោះការទទួលបានពានរង្វាន់សន្តិភាព FIFA Peace Prize របស់លោក Donald Trump ដោយបញ្ជាក់ថា គ្មានអ្នកណាស័ក្តិសមជាងប្រធានាធិបតីអាមេរិកនោះទេ។ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានផ្តល់ជូនលោក Trump នូវពានរង្វាន់ដំបូង នៅឯពិធីចាប់ឆ្នោតការប្រកួតបាល់ទាត់ពិភពលោក កាលពីខែធ្នូឆ្នាំមុន ដើម្បី «លើកកម្ពស់សន្តិភាព និងឯកភាព ជុំវិញពិភពលោក» ជាអ្វីដែលបង្កឲ្យមានការថ្កោលទោសពីក្រុមសិទ្ធិមនុស្ស និងសកម្មជន នៅមុនពេលព្រឹត្តិការណ៍ World Cup មកដល់។ក្នុងចំណោមអ្នករិះគន់ទាំងនោះ កីឡាករបាល់ទាត់សញ្ជាតិអូស្ត្រាលី លោក Jackson Irvine បាននិយាយនៅសប្តាហ៍នេះថា ការផ្តល់ពានរង្វាន់ដល់លោក Trump បានធ្វើឲ្យមានការចំអកដល់គោលនយោបាយសិទ្ធិមនុស្សរបស់ FIFA ខណៈដែលសហព័ន្ធបាល់ទាត់របស់ប្រទេសន័រវ៉ែស បានលើកឡើងថា FIFA គួរតែលុបចោលការផ្ដល់ពានរង្វាន់នេះ។សេតវិមានបានឆ្លើយតបដោយបញ្ជាក់ថា «គោលនយោបាយការបរទេសសន្តិភាព តាមរយៈកម្លាំង» របស់លោក Trump បានបញ្ចប់សង្គ្រាមចំនួន ៨ ក្នុងរយៈពេលមិនដល់ ១ឆ្នាំផង។ អ្នកនាំពាក្យសេតវិមាន លោក Davis Ingle បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គ្មាននរណាម្នាក់ផ្សេងទៀត នៅក្នុងពិភពលោក ដែលស័ក្តិសមទទួលបានរង្វាន់សន្តិភាពលើកដំបូងរបស់ FIFA ជាងលោកប្រធានាធិបតី Trump នោះទេ»។គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលកំពុងធ្វើជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក រួមជាមួយកាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា បានបើកការវាយប្រហារយោធាទៅលើប្រទេសវ៉េណេស៊ុយអេឡា ពោលគឺមួយខែបន្ទាប់ពីពិធីចាប់ឆ្នោត សម្រាប់ការប្រកួត ត្រូវបានធ្វើឡើង ហើយបានចាប់ផ្តើមការវាយប្រហារតាមអាកាសរួមគ្នា ជាមួយអ៊ីស្រាអែល លើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ៕

លោក Trump បញ្ជាក់ថា ព្រះមហាក្សត្រ Charles មិនចង់ឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរទេ

2026/04/29 04:39:25 pm        56
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) បានបញ្ជាក់ថា ព្រះមហាក្សត្រ Charles របស់ចក្រភពអង់គ្លេស ព្រះអង្គមិនចង់ឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះទេ ដោយបានបង្ហាញនូវប្រធានបទដ៏តានតឹងនៃជម្លោះមជ្ឈិមបូព៌ាទៅក្នុងការអត្ថាធិប្បាយ នៅក្នុងពិធីលៀងសាយភោជនកម្រិតរដ្ឋ នៅសេតវិមាន សម្រាប់ព្រះរាជវង្សានុវង្សដែលកំពុងបំពេញទស្សនកិច្ច។ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២ នៃការយាងបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃ នៅសហរដ្ឋអាមេរិក ក្នុងពេលវេលាដ៏តានតឹង បន្ទាប់ពីលោក Trump បានរិះគន់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ម្តងហើយម្តងទៀត ចំពោះអ្វីដែលមេដឹកនាំអាមេរិក ចាត់ទុកថា ជាការខ្វះការជួយជ្រោមជ្រែង ពាក់ព័ន្ធសង្គ្រាមអ៊ីរ៉ង់។នៅក្នុងពិធីលៀងសាយភោជននោះ លោក Trump បានលើកឡើងថា៖ «យើងកំពុងធ្វើការងារតិចតួច នៅតំបន់មជ្ឈិមបូព៌ា នាពេលនេះ ហើយយើងកំពុងធ្វើបានល្អណាស់។ យើងបានយកឈ្នះគូប្រជែង ដោយកម្លាំងយោធា ហើយយើងមិនដែលអនុញ្ញាតឲ្យគូប្រជែងទទួលបាននូវអ្វីដែលពួកគេចង់បាននោះឡើយ។ ព្រះមហាក្សត្រ Charles ព្រះអង្គយល់ស្របជាមួយខ្ញុំច្រើនជាងអ្វីដែលខ្ញុំធ្វើទៅទៀត។ គូប្រជែងនឹងមិនត្រូវបានបណ្ដោយឲ្យមានអាវុធនុយក្លេអ៊ែរជាដាច់ខាត»។តែយ៉ាងណាក្ដី អំឡុងពេលមានព្រះបន្ទូលផ្ទាល់ព្រះអង្គ បន្ទាប់ពីលោក Trump ព្រះមហាក្សត្រ Charles មិនបានមានបន្ទូល អំពីអ៊ីរ៉ង់ ឬសង្គ្រាមនោះទេ។ ព្រះមហាក្សត្រមិនមែនជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលអង់គ្លេសនោះឡើយ។នៅពេលត្រូវបានសុំឲ្យធ្វើការអត្ថាធិប្បាយ អំពីពិធីលៀងសាយភោជនកម្រិតរដ្ឋ ស្ថានទូតអង់គ្លេស ប្រចាំទីក្រុងវ៉ាស៊ីនតោន បានផ្ទេរសំណួររបស់សារព័ត៌មាន Reuters ទៅព្រះបរមរាជវាំង Buckingham ដែលក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
05/31/2026 11:05 AM
សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ
05/31/2026 10:05 AM
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
05/31/2026 10:05 AM
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
05/31/2026 10:05 AM
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
05/31/2026 10:05 AM
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
05/31/2026 09:05 AM
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/31/2026 09:05 AM
កម្ពុជា តវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ កម្ពុជា​ដោយ​កងទ័ព​ថៃ
05/31/2026 08:05 AM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
05/31/2026 08:05 AM
ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM