ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

លោក Trump ពិពណ៌នាអំពីការបាញ់ប្រហារថា ជាភស្តុតាងនៃអំណាចប្រធានាធិបតីរបស់លោក

2026/04/27 04:23:28 pm        94
ឈុតសម្លៀកបំពាក់ផ្លូវការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump មើលទៅហាក់ដូចជានៅតែមានរបៀបរៀបរយ នៅពេលដែលលោកបានឡើងទៅកាន់វេទិកា នៅសេតវិមាន កាលពីយប់ថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) ពោលគឺត្រឹមតែមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានការប៉ុនប៉ងសម្លាប់រូបលោក។នៅពេលនោះ លោក Trump បានប្រាប់អ្នកសារព័ត៌មានធំៗបំផុតមួយចំនួន នៅទីក្រុងវ៉ាស៊ីនតោនថា៖ «នៅពេលដែលអ្នកមានឥទ្ធិពល ពួកគេនឹងតាមអ្នកជាប់ជានិច្ច»។ លោក Trump បានបន្ថែមថា៖ «នៅពេលដែលអ្នកមិនមានឥទ្ធិពល ពួកគេនឹងមិនខ្វល់ជាមួយអ្នកទេ»។បន្ទាប់ពីមានឧប្បត្តិហេតុមួយដែលបណ្តាលឲ្យមនុស្សជាច្រើន ក្នុងចំណោមអ្នកចូលរួម ២.៦០០នាក់ ក្នុងកម្មវិធីអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ក្រាបចុះទៅលើឥដ្ឋ ខណៈដែលកងកម្លាំងសេវាសម្ងាត់ បានប្រញាប់ប្រញាល់នាំលោកប្រធានាធិបតី និងឥស្សរជនផ្សេងទៀតចេញ ការកត់សម្គាល់របស់លោក Trump នេះ បានគូសបញ្ជាក់ពីសភាវគតិផ្ទាល់ខ្លួនរបស់លោក ក្នុងការបង្វែរនិទានកថាពាក់ព័ន្ធរូបលោកឲ្យទៅជាវីរបុរសដែលមិនមានការភ័យខ្លាច ពោលគឺជាកម្លាំងដែលមិនអាចបញ្ឈប់បាន និងជាអ្នករួចពីគ្រោះថ្នាក់ ខណៈពេលដែលកម្រនឹងបណ្ដោយឲ្យឱកាសបាត់បង់ទៅទទេៗ ក្នុងការផ្សព្វផ្សាយអាទិភាពរបស់លោក។សូមបញ្ជាក់ថា កម្មវិធីអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន បានបញ្ចប់ភ្លាមៗ បន្ទាប់ពីបុរសម្នាក់បានរត់កាត់សន្តិសុខនៅខាងក្រៅបន្ទប់ជប់លៀង ប្រដាប់ដោយអាវុធច្រើន។ បន្ទាប់ពីមានការបាញ់ប្រហារតគ្នាមួយសន្ទុះជាមួយភ្នាក់ងារផ្សេងៗ ជនសង្ស័យឈ្មោះ Cole Tomas Allen វ័យ ៣១ឆ្នាំ ត្រូវបានឃុំខ្លួននៅកន្លែងកើតហេតុ ហើយត្រូវបានសួរចម្លើយ កាលពីថ្ងៃអាទិត្យ មុនពេលជនល្មើស ត្រូវចូលបង្ហាញខ្លួន នៅតុលាការ នាថ្ងៃបន្ទាប់៕

ហេសបូឡា៖ កងទ័ពអ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ ត្រូវបានវាយប្រហារដោយមីស៊ីលប្រឆាំងរថក្រោះ

2026/04/27 04:21:16 pm        67
នាព្រឹកថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ ក្រុមហេសបូឡា បានឲ្យដឹងថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីលប្រឆាំងរថក្រោះទៅលើកន្លែងប្រមូលផ្តុំ និងយានយន្តយោធារបស់កងទ័ពអ៊ីស្រាអែល នៅតំបន់ Tal al-Nahas នៅជាយក្រុង Kafr Kila ភាគខាងត្បូងនៃប្រទេសលីបង់។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមរបស់ប្រទេសលីបង់មួយនេះ បានបញ្ជាក់ថា ការវាយប្រហារនេះផ្តោតលើកងកម្លាំងអ៊ីស្រាអែលដែលឈរជើងនៅជិតតំបន់ព្រំដែន។កាលពីថ្ងៃអាទិត្យ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា ទាហានម្នាក់បានបាត់បង់ជីវិត ខណៈ ៦នាក់ផ្សេងទៀត បានរងរបួសក្នុងអំឡុងពេលមានប្រយុទ្ធគ្នានៅភាគខាងត្បូងលីបង់។ ហើយយោធាបានបញ្ជាក់ថា ទាហាន ៣នាក់ បានរងរបួសធ្ងន់ធ្ងរ ខណៈដែល ២នាក់ទៀតរងរបួសមធ្យម តែមិនបានបញ្ជាក់នោះឡើយថា តើពេលណាដែលការប្រយុទ្ធគ្នានេះ បានកើតឡើង។ចំណែកក្រុមហេសបូឡាបានឲ្យដឹងនៅថ្ងៃអាទិត្យនោះថា ខ្លួនបានធ្វើការវាយប្រហារជាបន្តបន្ទាប់ ប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ ដើម្បីឆ្លើយតបទៅនឹងការរំលោភដោយអ៊ីស្រាអែល លើកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់។គួរបញ្ជាក់ថា អ៊ីស្រាអែលបានវាយប្រហារតាមអាកាសលើលីបង់ និងបានបើកការវាយលុកផ្លូវគោក នៅភាគខាងត្បូង ចាប់តាំងពីការវាយប្រហារឆ្លងកាត់ព្រំដែនដោយក្រុមហេសបូឡា កាលពីថ្ងៃទី២ ខែមីនា៕

មេដឹកនាំអ៊ុយក្រែន រិះគន់ការវាយប្រហាររបស់រុស្ស៊ីនៅឆ្នាំ២០២៥ លើរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl

2026/04/27 04:18:42 pm        52
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ជាថ្មីម្តងទៀតបានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីកាលពីឆ្នាំមុនលើរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl។ ឧបទ្ទវហេតុមួយបានកើតឡើងនៅម៉ាស៊ីនរ៉េអាក់ទ័រលេខ ៤ នៃរោងចក្រនៅភាគខាងជើងប្រទេសអ៊ុយក្រែន នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៩៨៦។ សារធាតុវិទ្យុសកម្មបានលេចចេញ ហើយមនុស្សប្រហែល ៣០ នាក់ រួមទាំងកម្មកររោងចក្រ បានស្លាប់។ពិធីមួយត្រូវបានធ្វើឡើងនៅរោងចក្រ Chornobyl កាលពីថ្ងៃអាទិត្យ ជាខួបលើកទី ៤០ នៃគ្រោះមហន្តរាយ ដើម្បីរំលឹកដល់ជនរងគ្រោះ។ អ្នកចូលរួម ក៏មានលោក Zelenskyy និងអគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) លោក Rafael Grossi ដែលបានដាក់ចង្កៀងនៅវិមានរំលឹក Chornobyl និងបានស្ងៀមស្ងាត់មួយសន្ទុះ។អ៊ុយក្រែននិយាយថា ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី បានបំផ្លាញខែលការពាររបស់ម៉ាស៊ីនរ៉េអាក់ទ័រលេខ ៤ កាលពីឆ្នាំមុន។ ទីភ្នាក់ងារ IAEA និយាយថា ការជួសជុលបណ្តោះអាសន្នត្រូវបានអនុវត្ត ប៉ុន្តែត្រូវការការងារបន្ថែមទៀតដើម្បីធានាសុវត្ថិភាពរយៈពេលវែង។បន្ទាប់ពីពិធីនោះ លោក Zelenskyy បាននិយាយក្នុងសន្និសីទអន្តរជាតិមួយថា «ពិភពលោក ចាំបាច់ត្រូវដាក់ទណ្ឌកម្មឲ្យបានខ្លាំង» លើរុស្ស៊ី។

របាយការណ៍៖ អ៊ីរ៉ង់ផ្តល់ឲ្យអាមេរិកនូវសំណើបើកច្រកសមុទ្រ Hormuz និងពន្យារការចរចានុយក្លេអ៊ែរ

2026/04/27 04:16:36 pm        78
ដោយដកស្រង់សម្តីមន្ត្រីអាមេរិកមមួយរូប និងប្រភពចំនួន ២ ដែលដឹងអំពីបញ្ហានេះ សារព័ត៌មាន Axios បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានផ្តល់ឲ្យសហរដ្ឋអាមេរិកនូវសំណើថ្មីមួយ ក្នុងនោះរួមទាំងមានការពន្យារពេលការចរចានុយក្លេអ៊ែរ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងបញ្ចប់សង្គ្រាម។យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Axios បានឲ្យដឹងថា ផែនការនេះ ដែលបានបង្ហាញតាមរយៈអ្នកសម្របសម្រួល នៅក្នុងប្រទេសប៉ាគីស្ថាន អំពាវនាវឲ្យមានការពន្យាររយៈពេលនៃបទឈប់បាញ់ ដើម្បីឲ្យភាគីនានាអាចធ្វើការឆ្ពោះទៅរកការបញ្ចប់ជាអចិន្ត្រៃយ៍នូវការប្រយុទ្ធ។ហើយការចរចានុយក្លេអ៊ែរនឹងកើតមាននៅពេលបន្ទាប់ លុះត្រាតែការបិទខ្ទប់ច្រកសមុទ្រ Hormuz ដោយសហរដ្ឋអាមេរិក ត្រូវបានដកចេញ។ សារព័ត៌មាន Axios បានឲ្យដឹងទៀតថា អ្នកសម្របសម្រួលប៉ាគីស្ថាន បានផ្តល់សំណើនេះទៅសេតវិមានរួចហើយ ប៉ុន្តែគេមិនច្បាស់នោះទេថា តើសហរដ្ឋអាមេរិកចង់ពិចារណាស្វែងយល់អំពីវាដែរ ឬអត់។ប្រធានាធិបតីអាមេរិក លោក Donald Trump មានគម្រោងធ្វើកិច្ចប្រជុំ នៅក្នុងបន្ទប់ពិភាក្សាស្ថានភាពរបស់សេតវិមាន White House Situation Room នៅថ្ងៃចន្ទ (ទី២៧ ខែមេសា) ជាមួយមន្ត្រីសន្តិសុខជាតិ និងគោលនយោបាយការបរទេស។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានដដែលនេះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើតាមអ៊ីម៉ែល អ្នកនាំពាក្យសេតវិមាន លោកស្រី Olivia Wales បាននិយាយថា៖ «ទាំងនេះគឺជាការពិភាក្សាការទូតដ៏រសើប ហើយសហរដ្ឋអាមេរិកនឹងមិនចរចាតាមរយៈសារព័ត៌មានទេ»។គួរបញ្ជាក់ថា កិច្ចប្រឹងប្រែង ដើម្បីចាប់ផ្ដើមការចរចាសន្តិភាពឡើងវិញ ជុំវិញសង្គ្រាមអ៊ីរ៉ង់ បានផ្អាកកាលពីចុងសប្តាហ៍ បន្ទាប់ពីលោក Trump បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុកដោយបេសកជនជាន់ខ្ពស់របស់លោក ហើយសាធារណរដ្ឋឥស្លាម បានលើកឡើងថា ខ្លួននឹងមិនចរចាទេ ដរាបណាខ្លួនកំពុងត្រូវបានគំរាមកំហែង៕

ប្រជាជនអ៊ីរ៉ង់សង្ឃឹមសម្រាប់សន្តិភាព ប៉ុន្តែទទូចឱ្យការពារផលប្រយោជន៍ជាតិ ខណៈការចរចាជាមួយអាមេរិកជាប់គាំង

2026/04/27 04:14:01 pm        77
ប្រជាជនអ៊ីរ៉ង់ ទោះបីជាមានក្តីសង្ឃឹមសម្រាប់សន្តិភាពក៏ដោយ បាននិយាយថា អ៊ីរ៉ង់ត្រូវតែការពារផលប្រយោជន៍ជាតិក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ដែលនៅតែជាប់គាំងរហូតមកដល់ពេលនេះ។ ពួកគេបាននិយាយថា សង្គ្រាមអ៊ីរ៉ង់បានបង្កការខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងជីវិតរបស់ប្រជាជនអ៊ីរ៉ង់។ ទោះបីជាមនុស្សជាច្រើនសង្ឃឹមថា ការចរចាអាចនាំមកនូវការបញ្ចប់សង្គ្រាមយ៉ាងច្បាស់លាស់ក៏ដោយ ពួកគេបាននិយាយថា សហរដ្ឋអាមេរិកបានបញ្ជូនសញ្ញាផ្ទុយគ្នាម្តងហើយម្តងទៀត ដែលធ្វើឱ្យប្រជាជនអ៊ីរ៉ង់ ពិបាកទុកចិត្តលើដំណើរការនេះ។អ្នករស់នៅទីក្រុងតេអេរ៉ង់ បាននិយាយថា «សង្គ្រាម បានបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរ។ មនុស្សជាច្រើនបានបាត់បង់ការងារ ហើយមនុស្សជាច្រើនទៀតកំពុងទប់ទល់ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ ប្រសិនបើកិច្ចព្រមព្រៀង អាចឈានដល់ ខ្ញុំគិតថាអ្វីៗនឹងកាន់តែប្រសើរ ប៉ុន្តែខ្ញុំមិនដឹងថាវាអាចទៅរួចឬយ៉ាងណានោះទេ។ ពាក្យសម្ដីពីសហរដ្ឋអាមេរិក បានផ្លាស់ប្តូរច្រើនដង។ ខ្ញុំបានឃើញពួកគេផ្លាស់ប្តូរពាក្យសម្ដីជាច្រើនលើកក្នុងអំឡុងពេលនេះ ដូច្នេះពួកគេមិនគួរឱ្យទុកចិត្តទេ»។ ដោយលើកឡើងថា សហរដ្ឋអាមេរិកបានដាក់ចេញនូវការទាមទារជាច្រើនដែលមិនស្របតាមផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់នៅក្នុងការចរចា ប្រជាជនអ៊ីរ៉ង់បាននិយាយថា ក្រុមចរចារបស់អ៊ីរ៉ង់ ត្រូវតែផ្តល់អាទិភាពដល់ផលប្រយោជន៍របស់ប្រទេស និងប្រជាជន ដោយព្រមានថា ប្រសិនបើអ៊ីរ៉ង់ ចុះចាញ់ ប្រទេសនេះអាចប្រឈមនឹងសម្ពាធនយោបាយ និងសេដ្ឋកិច្ចជាថ្មីពីសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច នាពេលអនាគត។

អ៊ីរ៉ង់៖ អ្នកស្លាប់ជាជនស៊ីវិលមានដល់៤៥ភាគរយក្នុងសង្គ្រាមរយៈពេល៤០ថ្ងៃជាមួយអ៊ីស្រាអែល និងអាមេរិក

2026/04/27 03:54:29 pm        112
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យបាននិយាយថា ជនស៊ីវិលមានប្រហែល ៤៥ ភាគរយនៃអ្នកដែលត្រូវបានសម្លាប់ក្នុងអំឡុងសង្គ្រាមរយៈពេល ៤០ ថ្ងៃ ជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ដោយដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ បានរាយការណ៍ថា ចំនួនអ្នកស្លាប់សរុបមាន ៣.៤៦៨នាក់ រួមមានជនស៊ីវិលចំនួន ១.៤៦០ នាក់។ យោងតាមសារព័ត៌មាន IRNA បានឲ្យដឹងថា លោក Jamshid Nazmi ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានមូលនិធិកិច្ចការទុក្ករបុគ្គល និងអតីតយុទ្ធជន អ៊ីរ៉ង់ បានផ្តល់តួលេខនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងតេអេរ៉ង់។ លោកនិយាយថា ជនស៊ីវិលដែលបានស្លាប់រួមមានស្ត្រី បុរស កុមារ និងមនុស្សចាស់ ហើយពលរដ្ឋលីបង់ ប៉ាឡេស្ទីន អ៊ីរ៉ាក់ និងប៉ាគីស្ថាន ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានដដែលនោះ លោកស្រី Farideh Oladqobad អនុប្រធានមូលនិធិបាននិយាយថា ជនរងគ្រោះចំនួន ៤៩៩ នាក់ជាស្ត្រី និង២.៩៦៩នាក់ជាបុរស។ លោកស្រីក៏បាននិយាយផងដែរថា ចំនួនអ្នកស្លាប់ជាយោធាមានចំនួន ២.០០៨ នាក់។ មន្ត្រីអ៊ីរ៉ង់បាននិយាយថា ការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាទៅលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ផ្សេងៗទៀត។ យោងតាមមន្ត្រីភាគីទាំងពីរបានឲ្យដឹងថា អ៊ីរ៉ង់បានឆ្លើយតបដោយរលកនៃការវាយប្រហារដោយមីស៊ីល និងយានដ្រូន កំណត់គោលដៅលើមូលដ្ឋានកងទ័ពរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា។ បទឈប់បាញ់មួយត្រូវបានឈានដល់នៅថ្ងៃទី៨ ខែមេសា ហើយការបន្តចរចា ត្រូវបានធ្វើឡើងនៅក្នុងប្រទេសប៉ាគីស្ថាន នៅថ្ងៃទី១១ និង១២ ខែមេសា ប៉ុន្តែបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង។

សារព័ត៌មាន៖ អ៊ីរ៉ង់និយាយថា សហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ការគំរាមកំហែង ដើម្បីបន្តកិច្ចចរចាឡើងវិញ

2026/04/27 03:51:55 pm        106
អ្នកចរចាអ៊ីរ៉ង់ជឿថា ការបន្ទន់វោហាសាស្ត្ររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះទីក្រុងតេអេរ៉ង់ អាចជួយបន្តការចរចាឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Wall Street Journal។យោងតាមសារព័ត៌មាននេះ អ៊ីរ៉ង់បានជម្រាបប៉ាគីស្ថានថា «ការបញ្ចប់ការគំរាមកំហែងបែបនេះរបស់មេដឹកនាំអាមេរិក អាចជួយបញ្ចុះបញ្ចូលក្រុមអ្នករឹងរូសថា ឥឡូវនេះជាពេលវេលា ដើម្បីចាប់ផ្តើមកិច្ចចរចាឡើងវិញ»។កាសែតនេះ បានកត់សម្គាល់ថា បន្ទាប់ពីពិគ្រោះយោបល់ជាមួយអ្នកសម្របសម្រួល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi អាចសន្និដ្ឋានបានថា កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន គឺអាចធ្វើទៅបាន ដែលក្នុងករណីនេះ ភាគីនានាអាចជួបគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។នាពេលថ្មីៗនេះ លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលដំណើរទស្សនកិច្ចរបស់បេសកជនពិសេសប្រធានាធិបតី លោក Steve Witkoff និងអ្នកជំនួញ លោក Jared Kushner ទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីពិភាក្សាជាមួយអ៊ីរ៉ង់ ដោយកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះ «ខ្ជះខ្ជាយពេលវេលាច្រើនពេកលើការធ្វើដំណើរ ការងារច្រើនពេក»។ នៅថ្ងៃទី ២៤ ខែមេសា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ គេហទំព័រព័ត៌មាន Axios លោក Barak Ravid បានរាយការណ៍ ដោយដកស្រង់ប្រភពថា កិច្ចចរចាដោយផ្ទាល់រវាងគណៈប្រតិភូអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើឡើង នៅថ្ងៃទី ២៧ ខែមេសា នៅទីក្រុងអ៊ីស្លាម៉ាបាដ។ យោងតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt លោក Witkoff និងលោក Kushner ត្រូវបានគ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ នៅថ្ងៃទី ២៥ ខែមេសា ដើម្បីស្តាប់ជំហររបស់ភាគី អ៊ីរ៉ង់៕

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ជំនួបជាមួយលោក Putin «នឹងជាឱកាសល្អដើម្បីពិភាក្សាពីការវិវឌ្ឍនៃសង្គ្រាម»

2026/04/27 03:47:19 pm        106
ខណៈកំពុងមានសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានទៅដល់ទីក្រុង St Petersburg ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ី រួមមានទាំងលោកប្រធានាធិបតី Vladimir Putin ផងដែរ។នៅពេលទៅដល់ លោក Araghchi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ថា លោកធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី «ក្នុងគោលបំណង បន្តការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងមូស្គូ លើបញ្ហាតំបន់ និងអន្តរជាតិ»។លោកបាននិយាយថា ជំនួបរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ីនៅថ្ងៃនេះ «នឹងជាឱកាសល្អមួយដើម្បីពិភាក្សាអំពីការវិវឌ្ឍនៃសង្គ្រាម និងពិនិត្យឡើងវិញនូវស្ថានភាពចុងក្រោយបំផុត»។លោកបាននិយាយបន្ថែមថា «ខ្ញុំជឿជាក់ថា ការពិគ្រោះយោបល់ និងការសម្របសម្រួលរវាងប្រទេសទាំងពីរ ក្នុងរឿងនេះនឹងមានសារៈសំខាន់ជាពិសេស»។

សមាជិកសភាជាន់ខ្ពស់រុស្ស៊ី៖ អ៊ីរ៉ង់អាចមានយានដ្រូន និងមីស៊ីលរាប់ម៉ឺនគ្រឿង

2026/04/27 03:44:08 pm        185
សមាជិកសភាជាន់ខ្ពស់រុស្ស៊ីម្នាក់ បានប្រាប់សារព័ត៌មាន TASSថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ជម្លោះប្រដាប់អាវុធជាមួយសហរដ្ឋអាមេរិក ហើយអាចមានមីស៊ីល និងយានដ្រូនរាប់ម៉ឺនគ្រឿង។ លោក Alexey Pushkov ប្រធានគណៈកម្មការគោលនយោបាយព័ត៌មាននៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ឬសភាជាន់ខ្ពស់ បាននិយាយថា៖«ជនជាតិអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម។ ពួកគេបានផ្លាស់ប្តូរទីតាំងមីស៊ីលស្ទើរតែទាំងអស់របស់ពួកគេនៅក្រោមដី ជាកន្លែងដែលពួកគេពិបាកទៅដល់ ហើយបានដាក់ពង្រាយពួកវាពាសពេញប្រទេសនេះ។ ពួកគេហាក់ដូចជាមានយានដ្រូនរាប់ម៉ឺនគ្រឿង។ ពួកគេក៏មានមីស៊ីលផងដែរ។ ហើយពួកគេបានធ្វើការលើរឿងទាំងអស់នេះអស់រយៈពេលជាយូរមកហើយ ដោយរៀបចំទាំងផ្នែកសេដ្ឋកិច្ច និងនិយាយឲ្យចំទៅគឺ ដើម្បីរស់រានមានជីវិត»។ យោងតាមសមាជិកសភាជាន់ខ្ពស់ ជម្លោះនេះ គឺជាបញ្ហានៃការរស់រានមានជីវិតសម្រាប់អ៊ីរ៉ង់ ហើយប្រទេសនេះ នឹង «ស៊ូទ្រាំរហូតដល់ទីបញ្ចប់»។ លោកបានសង្កត់ធ្ងន់ថា «ប៉ុន្តែសម្រាប់អាមេរិក នេះមិនមែនជាសង្គ្រាមដើម្បីរស់រានមានជីវិតទេ។ នេះគឺជាអ្វីដែលពួកគេហៅថា «សង្គ្រាមនៃជម្រើស»។ នោះគឺវាជាជម្រើស។ ហើយក្នុងសង្គ្រាមបែបនេះ ជនជាតិអាមេរិកជាច្រើន កំពុងចោទប្រកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ»៕

ក្រុមហេសបូឡា ប្តេជ្ញាថានឹងមិនអត់ធ្មត់ដែលបានដឹងថាកិច្ចព្រមព្រៀងបទឈប់បាញ់មានតែម្ខាង

2026/04/27 03:03:39 pm        125
អ៊ីស្រាអែល និងក្រុមហេសបូឡា បានចោទដាក់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ក្រុមហេសបូឡា បានបង្ហាញជំហររបស់ខ្លួនយ៉ាងច្បាស់ទាក់ទងនឹងបទឈប់បាញ់ថា ខ្លួននឹងលែងទទួលយកបទឈប់បាញ់ដែលមានតែភាគីម្ខាង។ យើងត្រូវតែចងចាំថា ក្រុមហេសបូឡា ពុំមែនជាភាគីនៃបទឈប់បាញ់ទេ។ វាត្រូវបានព្រមព្រៀងគ្នារវាងអ៊ីស្រាអែល និងលីបង់។រដ្ឋាភិបាលលីបង់ ពុំមែនជាភាគីនៃជម្លោះនេះទេ។ ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ អ៊ីស្រាអែលរក្សាសិទ្ធិមិនត្រឹមតែឆ្លើយតបទៅនឹងការវាយប្រហារណាមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារការគំរាមកំហែងណាមួយ ឬការគំរាមកំហែងសន្តិសុខណាមួយដែលបានមើលឃើញ។ ក្រុមហេសបូឡា និយាយថា ខ្លួននឹងលែងទទួលយករឿងនេះទៀតហើយ។ក្រុមហេសបូឡា និយាយថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែល បន្តកាន់កាប់ទឹកដីលីបង់ទៀតឡើយ។ ខ្លួននឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែលបន្តការវាយប្រហារនោះទេ។ អ្វីដែលយើងបានឃើញក្នុងរយៈពេល ៤៨ ទៅ ៧២ ម៉ោងចុងក្រោយនេះ គឺក្រុមហេសបូឡា បង្កើនល្បឿនប្រតិបត្តិការរបស់ខ្លួន មិនត្រឹមតែកំណត់គោលដៅលើកងទ័ពអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ក្នុងទឹកដីដែលត្រូវបានចូលកាន់កាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់គោលដៅនៅភាគខាងជើងអ៊ីស្រាអែល ផងដែរ។ក្រុមនេះបានចេញផ្សាយវីដេអូមួយ ដែលនិយាយទៅកាន់ប្រជាជននៅភាគខាងជើងប្រទេសអ៊ីស្រាអែល ថា ពួកគេពុំមានសុវត្ថិភាពទេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM