ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

UN បង្ហាញសញ្ញានៃការកើនឡើងយ៉ាងខ្លាំងនៃការស្លាប់ និងរបួសរបស់ជនស៊ីវិល ក្នុងសង្គ្រាមអ៊ុយក្រែន- រុស្ស៊ី

2026/07/22 01:32:41 am        46
អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃអង្គារនេះថា ជនស៊ីវិលស្លាប់ និងរបួសក្នុងសង្គ្រាម ដែលកំពុងផ្ទុះឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើនឡើង ៣៧ ភាគរយ នៅក្នុងឆមាសទី១ នៃឆ្នាំនេះ។លោកស្រី Danielle Bell ប្រធានបេសកកម្មត្រួតពិនិត្យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំអ៊ុយក្រែន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖«យើងបានកត់ត្រាជនស៊ីវិលចំនួន ១.៣៩៦ នាក់ត្រូវបានសម្លាប់ (និង) ៧.៩៧៨ នាក់ រងរបួស... ដែលស្មើនឹងការកើនឡើង ៣៧ ភាគរយ ពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន»៕

អ៊ីតាលីត្រូវរង្គោះរង្គើដោយសារការតវ៉ា បន្ទាប់ពីជនជាតិម៉ារ៉ុកម្នាក់ បានស្លាប់ អំឡុងពេលនរបាលធ្វើអន្តរាគមន៍

2026/07/22 01:30:17 am        40
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅទីក្រុងBologna កាលពីថ្ងៃចន្ទ បន្ទាប់ពីមានការតវ៉ាជុំវិញការស្លាប់របស់បុរសម្នាក់ដែលកើតនៅប្រទេសម៉ារ៉ុក ឈ្មោះ Abderrahim Fakir អំឡុងពេលមានអន្តរាគមន៍របស់នគរបាល ដោយអាជ្ញាធរអ៊ីតាលីកំពុងប្រឈមនឹងការអំពាវនាវឲ្យមាន ការទទួលខុសត្រូវ ទាំងចំពោះហេតុការណ៍នេះ និងភាពចលាចលដែលបានកើតឡើងបន្ទាប់មក។សារព័ត៌មានអ៊ីតាលី Corriere della Sera បានរាយការណ៍ថា ការធ្វើបាតុកម្មមួយដែលបានរៀបចំឡើងបន្ទាប់ពីការស្លាប់របស់ លោក Fakir បានប្រែក្លាយទៅជាអំពើហិង្សា ដោយមានការប៉ះទង្គិចគ្នា ត្រូវបានរាយការណ៍ នៅកណ្តាលទីក្រុងនេះ។ សហជីពនគរបាលស្វយ័ត បាននិយាយថា មានមន្ត្រីនគរបាល ជាង ៥០ នាក់ បានរងរបួស អំឡុងពេលមានភាពចលាចលនោះ។លោក Stefano Paoloni អគ្គលេខាធិការនៃសហជីពនគរបាលស្វយ័តបាននិយាយថា៖«អភិបាលក្រុង លោក Matteo Lepore ត្រូវតែទទួលខុសត្រូវពេញលេញចំពោះការខូចខាតដ៏ធ្ងន់ធ្ងរ និងមន្ត្រីនគរបាល ជាង ៥០នាក់ ដែលបានរងរបួស» ដោយលោកបានរិះគន់ចំពោះការសម្រេចចិត្តរៀបចំការធ្វើបាតុកម្ម នេះ។លោក Paoloni បាននិយាយថា ការឈឺចាប់ និងការសោកសៅរបស់សាធារណជនចំពោះការស្លាប់របស់ លោក Fakir គឺអាចយល់បាន ប៉ុន្តែលោកបានព្រមានប្រឆាំងនឹងសកម្មភាព ដែលអាចជំរុញឲ្យមានអរិភាពប្រឆាំងនឹងនគរបាល៕

ប្រជាជនអាហ្វហ្គានីស្ថាន កំពុងស្វែងរកមនុស្សរាប់សិបនាក់ដែលបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ដ៏បំផ្លិចបំផ្លាញ

2026/07/22 01:27:32 am        31
ក្រុមអ្នកជួយសង្គ្រោះ កំពុងជួបការលំបាកក្នុងការទៅដល់ប្រជាពលរដ្ឋដែលជាប់ខ្លួននៅក្រោមភក់ និងដុំថ្មធំៗ នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃអង្គារនេះ បន្ទាប់ពីទឹកជំនន់ដ៏ធំមួយ បានហូរបំផ្លាញឆ្លងកាត់ខេត្តមួយ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៣នាក់ ស្លាប់។ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ និងការិយាល័យអភិបាលខេត្ត បាននិយាយថា មនុស្សប្រហែល ១០០ នាក់ បានបាត់ខ្លួន ហើយក៏បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់កាលពីថ្ងៃចន្ទផងដែរ។អ្នកកាសែត AFP ម្នាក់ បានឃើញមនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Parun ដែលជារដ្ឋធានីនៃខេត្ត Nuristan ដោយប្រើប្រាស់ដំបងឈើ និងដៃទទេរបស់ពួកគេ ដើម្បីស្វែងរកអ្នកបាត់ខ្លួន។ លោក Farid Gul Zaheer ជាឱសថការីអាយុ ៣៤ ឆ្នាំ បាននិយាយថា លោកមិនដែលបានឃើញទឹកជំនន់ដ៏គ្រោះថ្នាក់បែបនេះទេ»៕

ហ្វីលីពីន និងចិន កោះអញ្ជើញ​បេសកជន​ទៅវិញទៅមក ជុំវិញឧប្បត្តិហេតុ នៅ​សមុទ្រចិនខាងត្បូង

2026/07/22 01:24:44 am        43
ការិយាល័យរបស់​ប្រធានាធិបតីហ្វីលីពីន បានឱ្យដឹង​នៅថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា លោក Ferdinand Marcos Jr នឹងកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅទីក្រុងម៉ានីល ពោល​គឺ​ប៉ុន្មានម៉ោងបន្ទាប់ពីបេសកជន​របស់ទីក្រុងម៉ានីល ប្រចាំនៅទីក្រុងប៉េកាំង ត្រូវបានកោះ​អញ្ជើញ​ស្រដៀងគ្នានេះដែរ​ ក្រោយ​មានការចោទប្រកាន់ដោយ​​ភាគីទាំង២ ដែល​ថា បាន​​ញុះញង់បង្ក​ជា​ភាពតានតឹង នៅឯ​តំបន់​មាន​​ជម្លោះ ក្នុង​សមុទ្រចិនខាងត្បូង។អ្នក​នាំ​ពាក្យ​​ប្រធានាធិបតី លោកស្រី Claire Castro បានបញ្ជាក់ទៅកាន់អ្នក​សារព័ត៌មានថា លោក Marcos បានកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតចិន លោក Jing Quan នៅម៉ោង ៥ល្ងាច (ម៉ោង​ក្នុង​ស្រុក) នា​ថ្ងៃអង្គារនេះ​​។ នៅ​ព្រឹក​ថ្ងៃ​នេះដែរ​​ ក្រសួងការបរទេសចិន បានបញ្ជាក់​ថា ខ្លួនបានកោះអញ្ជើញ​តំណាង​ទូត​​របស់ទីក្រុងម៉ានីល ប្រចាំនៅ​ប្រទេសចិន។គួរបញ្ជាក់​ថា ការកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតនេះ​ បានកើតឡើងក្រោយ​មួយថ្ងៃបន្ទាប់ពីហ្វីលីពីន និងចិន បានចោទប្រកាន់គ្នាទៅវិញទៅមក អំពីហេតុការណ៍​ប៉ះទង្គិចគ្នា នៅ​តំបន់ថ្មប៉ប្រះ​ទឹក​​ Second Thomas Shoal ក្នុង​សមុទ្រចិនខាងត្បូង។ មន្ត្រីហ្វីលីពីនបានឱ្យ​ដឹង​ថា បុគ្គលិកកងទ័ពជើងទឹកម្នាក់របស់ខ្លួន ត្រូវបានវាយចំ​ក្បាល ប៉ុន្តែទីក្រុងប៉េកាំង បានប្រាប់​ថា ទីក្រុងម៉ានីលបានបង្កឱ្យមាន​ឧប្បត្តិហេតុនេះ។ឆ្មាំល្បាតឆ្នេរ​របស់​ចិន (CCG) បានឱ្យដឹង​កាលពីថ្ងៃចន្ទថា ទូកពោង​ ២គ្រឿង ដែលបញ្ជូនដោយនាវា BRP Sierra Madre របស់ហ្វីលីពីន បានបុកទូកល្បាតចិន ១គ្រឿង នៅសមុទ្រចិនខាងត្បូង ហើយបុគ្គលិកហ្វីលីពីនបានចាប់​ផ្ដើម​ «ការវាយប្រហារ» លើ​មន្ត្រីអនុវត្តច្បាប់ចិន ដោយប្រើច្រវាទូក​ និងដំបងវែង​។ការកោះអញ្ជើញ​ការទូតបែបនេះ កម្រកើត​ឡើង​ណាស់ ទោះបីជាមានភាពតានតឹងជាញឹកញាប់ រវាងចិន និងហ្វីលីពីន នៅសមុទ្រចិនខាងត្បូងក៏ដោយ៕

ឥណ្ឌាកោះអញ្ជើញ​ប្រេសិតរុស្ស៊ី ដើម្បីថ្កោលទោសការវាយប្រហារ​នាវាបណ្ដាល​ឱ្យមនុស្សស្លាប់​​ នៅអ៊ុយក្រែន

2026/07/22 01:22:00 am        50
ប្រទេស​ឥណ្ឌាបានកោះអញ្ជើញ​ប្រេសិតជនខ្ពស់​របស់រុស្ស៊ី ប្រចាំ​នៅទីក្រុងញូវដេលី (New Delhi) នៅ​ថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហារលើនាវា​ដឹកទំនិញមួយគ្រឿង​ដែលចាកចេញពីកំពង់ផែ Odesa របស់អ៊ុយក្រែន ជាហេតុការណ៍​ដែល​បានសម្លាប់ជនជាតិឥណ្ឌា ៤នាក់។ក្រសួងការបរទេសឥណ្ឌាបានឱ្យដឹង​ថា ខ្លួនបានកោះអញ្ជើញ​ភារធារីរុស្ស៊ី លោក Vladimir Ladanov ដើម្បីបង្ហាញពី «ក្ដី​បារម្ភយ៉ាងខ្លាំងក្លា​ និង «ថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះការវាយប្រហារលើនាវា​ពាណិជ្ជកម្ម MV Golden Leo កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក​។ក្រសួងបាន​បញ្ជាក់​ថា នាវានេះមានជនជាតិឥណ្ឌា ៥នាក់ ជិះ​នៅលើនោះ ដែលក្នុងនោះ ៤នាក់ត្រូវបានសម្លាប់។ ក្រសួងបានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការវាយប្រហារបែបនេះធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព សន្តិសុខ និងស្ថិរភាពនៃពាណិជ្ជកម្មតាម​សមុទ្រអន្តរជាតិ"។សេចក្ដី​ថ្លៃង​ការណ៍​បាន​បន្ថែមថា ប្រេសិតរុស្ស៊ីក៏ត្រូវបានស្នើសុំឱ្យប្រាប់ទៅទីក្រុងមូស្គូថា «ការកំណត់គោលដៅលើការដឹកជញ្ជូនពាណិជ្ជកម្ម និងការធ្វើ​ឱ្យ​បាត់បង់អាយុ​ជីវិតជនស៊ីវិលស្លូតត្រង់ គឺជារឿងមិនអាចទទួលយកបានឡើយ ហើយត្រូវតែជៀសវាង»។កងទ័ពជើងទឹកអ៊ុយក្រែនបានឱ្យដឹង​កាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បានត្រូវ​ចំនាវា​ Golden Leo។ នាវា​ដឹកទំនិញនេះដែល​មាន​ទង់ជាតិហ្គីណេប៊ីស្សូគ្រប់គ្រងដោយប្រទេសទួរគី កំពុង​ដឹកគ្រាប់ធញ្ញជាតិ៕

IRGC៖ អ៊ីរ៉ង់វាយប្រហារមជ្ឈមណ្ឌលទិន្នន័យ Amazon នៅបារ៉ែន ជាការឆ្លើយតបនឹងការវាយប្រហាររោងចក្រនុយក្លេអ៊ែរ

2026/07/22 01:19:30 am        118
កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងតេអេរ៉ង់ បានវាយប្រហារមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុនអាមេរិក Amazon នៅប្រទេសបារ៉ែន ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រថាមពលនុយក្លេអ៊ែរ Darkhovin របស់សាធារណរដ្ឋនេះ។សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា៖«ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃចន្ទ ដោយកងទ័ពអាមេរិកទៅលើទីតាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលកំពុងសាងសង់នៅក្នុងទីក្រុង Darkhovin យើងបានធ្វើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុនអាមេរិក Amazon នៅក្នុងប្រទេសបារ៉ែន ដោយប្រើមីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ ហើយបានបំផ្លាញវា»។ នៅថ្ងៃទី១៩ ខែកក្កដា អង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) បាននិយាយថា រោងចក្រនុយក្លេអ៊ែរ Darkhovin ដែលកំពុងសាងសង់នៅភាគនិរតីអ៊ីរ៉ង់ បានរងការវាយប្រហារពីកងកម្លាំងអាមេរិក៕

មន្ត្រី​៖ កងទ័ព​លីបង់​ដាក់ពង្រាយ ​នៅ​​ទីក្រុង​ភាគ​ខាងត្បូង ​ក្រោយ​ការ​ដកទ័ព​​របស់​អ៊ីស្រាអែល

2026/07/22 12:27:22 am        66
មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​លីបង់​ ​បានឱ្យដឹង​​ថា កងទ័ព​លីបង់​ បាន​ចាប់ផ្តើម​ដាក់ពង្រាយ ​ក្នុង​ទីក្រុង Zawtar al-Gharbiyeh នៅ​ភាគ​ខាងត្បូងនៃ​ប្រតេស​​លីបង់ នា​​ថ្ងៃ​អង្គារ (ទី​២១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បន្ទាប់​ពី​កងកម្លាំង​អ៊ីស្រាអែល​បាន​ដកចេញពី​តំបន់​នោះ ស្រប​តាម​ផែនការ​ដែល​សម្របសម្រួល​ដោយ​សហរដ្ឋអាមេរិក។ផែនការ​នេះ​បាន​មើលឃើញ​​ការ​រឹបអូស​អាវុធ​ពី​ក្រុមហេសបូឡា​ ដែល​មាន​សម្ព័ន្ធមិត្ត​ជាមួយ​អ៊ីរ៉ង់ ​នៅ​ផ្នែក​ខ្លះ​នៃ​ភាគខាងត្បូង​លីបង់ និង​ការ​ដក​ចេញ​​ជា​ដំណាក់កាល​នៃ​កងទ័ព​អ៊ីស្រាអែល។ យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ផែនការ​នេះ ដែល​មាន​ឈ្មោះ​ថា កម្មវិធី​តំបន់​សាកល្បង បាន​ចាប់ផ្តើម​ហើយ តែ​​មិន​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗឡើយ ​នៅ​ថ្ងៃ​អង្គារ​នេះ​។ការ​ប្រគល់​ទឹកដី​នៅ​ថ្ងៃ​អង្គារនេះ ​គឺជា​ការ​សាកល្បង​លើកដំបូង​នៃ​ផែនការ​នេះ ដែល​លីបង់​សង្ឃឹមថា ​នឹង​អាច​ឱ្យ​ខ្លួន​ស្ដារ​ការគ្រប់គ្រង​ លើ​ផ្នែក​នៃ​តំបន់ដ៏​តូច​ចង្អៀត​​ ​ដែល​មានចម្ងាយ​ចូលជ្រៅ​ប្រហែល ១០​គីឡូម៉ែត្រ ទៅ​ក្នុង​ប្រទេស​ដែល​នៅ​តែ​កាន់កាប់​ដោយ​កងទ័ព​អ៊ីស្រាអែល។ភូមិ​រាប់សិប​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​តំបន់​នោះ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ ត្រូវ​បាន​បំផ្លាញ ក្នុង​នោះ​រួមមាន​​ទាំង​មន្ទីរពេទ្យ ស្ថានីយ​ថាមពល និង​ម៉ាស៊ីន​បូម​ទឹក។ ប្រជាជន​លីបង់​រាប់ម៉ឺន​នាក់​ដែល​ហៅ​តំបន់​នេះ​ថា ​ជា​ផ្ទះជ្រក​កោន​របស់ខ្លួន​​មិន​អាច​ត្រឡប់​ទៅ​​វិញ​បានឡើយ​។កងទ័ពលីបង់បាន​ឱ្យដឹង​ថា អង្គភាពរបស់ខ្លួន បានចាប់ផ្តើមដាក់ពង្រាយនៅទីក្រុង​ Zawtar al-Gharbiyeh ក្នុងតំបន់ Nabatieh នា​ថ្ងៃអង្គារនេះ​។ កងទ័ពបានបន្តការអំពាវនាវដល់អ្នកស្រុកកុំឱ្យចូលទៅក្នុងទីក្រុង រហូតដល់ស្ថានភាពសន្តិសុខមានស្ថិរភាព និងធ្វើតាមការណែនាំពីអង្គភាពយោធាដែលត្រូវ​ដាក់ពង្រាយ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៕

ក្រុមគ្រូពេទ្យនិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់សមាជិកគ្រួសារ ៦ នាក់ នៅហ្កាហ្សា

2026/07/22 12:24:38 am        66
មន្ត្រីសុខាភិបាលបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅថ្ងៃអង្គារនេះ បានសម្លាប់ឪពុកម្នាក់ ភរិយារបស់ខ្លួន និងកូនទាំង ៤នាក់របស់ពួកគេ នៅទីក្រុងហ្កាហ្សា ខណៈដែលវាបានបង្កឲ្យផ្ទះរបស់ពួកគេឆេះផងដែរ។ក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើផ្ទះគ្រួសារមួយ នៅតំបន់ Sabra បានសម្លាប់បុរសឈ្មោះ Firas Al-Masri ភរិយារបស់ខ្លួន ឈ្មោះ Salsabeel និងកូនស្រីបីនាក់ ព្រមទាំងកូនប្រុសម្នាក់របស់ពួកគេ។យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានធ្វើការវាយប្រហារនោះ ដោយនិយាយថា គោលដៅរបស់ខ្លួន គឺជាសមាជិកប្រដាប់អាវុធរបស់ក្រុមហាម៉ាស ហើយថា ខ្លួនកំពុងបន្តស៊ើបអង្កេតលទ្ធផលនៃការវាយប្រហារនេះនៅឡើយ។ក្នុងការវាយប្រហារដាច់ដោយឡែកៗគ្នា ចាប់តាំងពីថ្ងៃសុក្រ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានសម្លាប់សមាជិកប្រដាប់អាវុធបីនាក់មកពីក្រុមហាម៉ាស និងក្រុមជីហាដអ៊ីស្លាម ដែលក្នុងចំណោមនោះ ពីរនាក់បានចូលរួមក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី 0៧ ខែតុលា ឆ្នាំ២០២៣ ហើយបានឃុំខ្លួន ចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវបានចាប់ក្នុងការវាយប្រហារនោះ៕

អង្គការ MSF អំពាវនាវឲ្យ​អ៊ីស្រាអែលដោះលែងបុគ្គលិកសុខាភិបាលប៉ាឡេស្ទីនដែលកំពុងត្រូវបានឃុំខ្លួន

2026/07/22 12:22:08 am        49
អង្គការគ្រូពេទ្យ​គ្មានព្រំដែន (MSF)កាលពីថ្ងៃចន្ទ​បានអំពាវនាវឲ្យ​មានការដោះលែងជាបន្ទាន់នូវបុគ្គលិកសុខាភិបាលប៉ាឡេស្ទីនទាំងអស់ ដែលត្រូវបានអ៊ីស្រាអែលឃុំខ្លួនដោយបំពាន»។អង្គការ MSF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្លួនមានការខឹងសម្បាយ៉ាងខ្លាំងចំពោះការប្រព្រឹត្តចំពោះបុគ្គលិកសុខាភិបាល ដែលភាគច្រើននៃពួកគេកំពុងត្រូវបានឃុំខ្លួន ក្នុងស្ថានភាពលំបាកខ្លាំង ដោយគ្មានមូលហេតុ ឬហេតុផលសមស្រប»។អង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្ត្រនេះ បានចូលរួមជាមួយការអំពាវនាវឲ្យ​ដោះលែងលោក Hussam Abu Safiya ដែលជាវេជ្ជបណ្ឌិតឯកទេសកុមារ និងជានាយកមន្ទីរពេទ្យ Kamal Adwan Hospital នៅតំបន់ហ្កាហ្សា ដែលត្រូវបានឃុំខ្លួនចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៤។អង្គការ MSF ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បាននិយាយថា៖«ការឃុំខ្លួនលោកនេះ គឺស្របតាមលំនាំដ៏គួរឲ្យរន្ធត់មួយ ដែលអាជ្ញាធរអ៊ីស្រាអែលបានឃុំខ្លួន និងកំណត់គោលដៅលើបុគ្គលិកវេជ្ជសាស្ត្រនៅទូទាំងប៉ាឡេស្ទីន»៕

ទីភ្នាក់ងារ៖ ច្រកសមុទ្រហ័រមូស នឹងត្រូវបន្តបិទ រហូតដល់អាមេរិកបញ្ឈប់ការវាយប្រហារលើអ៊ីរ៉ង់

2026/07/22 12:19:24 am        57
ទីក្រុងតេអេរ៉ង់ នឹងមិនបើកច្រកសមុទ្រហ័រមូសឡើងវិញសម្រាប់ការដឹកជញ្ជូន ឬចេញលិខិតអនុញ្ញាតសម្រាប់ការឆ្លងកាត់នាវាទេ ដរាបណាសហរដ្ឋអាមេរិកបន្តវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Fars ដែលបានស្រង់ប្រភពមួយ។ប្រភពបានចង្អុលបង្ហាញថា៖«ស្ថានភាពនៅក្នុងច្រកសមុទ្រហ័រមូស នឹងមិនផ្លាស់ប្តូរទេ រហូតដល់សហរដ្ឋអាមេរិកបញ្ឈប់សកម្មភាពអរិភាពរបស់ខ្លួន»។ការកើនឡើងភាពតានតឹងថ្មីៗរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ០៨ ខែកក្កដា នៅពេលដែលសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារលើអ៊ីរ៉ង់ជាលើកដំបូង ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU)។ សហរដ្ឋអាមេរិកបានអះអាងថា ការវាយប្រហារនេះ គឺជាការសងសឹកចំពោះការវាយប្រហារលើនាវាពាណិជ្ជកម្មមួយនៅក្នុងច្រកសមុទ្រហ័រមូស។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃដដែលនោះថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់ បានបញ្ចប់។ ទីក្រុងតេអេរ៉ង់បានឆ្លើយតប ដោយកំណត់គោលដៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា រួមទាំងនៅបារ៉ែន កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម កាតា និងហ្ស៊កដានី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM