ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

ក្រុមយុវជនឥណ្ឌា៖ ការតវ៉ានឹងបន្ត បន្ទាប់ពីការប៉ះទង្គិចគ្នា នៅក្រុងដេលី ធ្វើឱ្យមនុស្ស ១៨០នាក់របួស

2026/07/22 12:13:13 am        64
ចលនាតវ៉ា​ «Cockroach» (សត្វកន្លាត) ដែលដឹកនាំដោយយុវជនឥណ្ឌា បានឱ្យ​ដឹង​ថា ខ្លួននឹងបន្តការតវ៉ាតទៅទៀត ដើម្បីទាមទារឱ្យរដ្ឋមន្ត្រីអប់រំលាលែងពីតំណែង នៅថ្ងៃអង្គារ (ទី​២១ ខែកក្កដា ឆ្នាំ២០២៦) នេះ ពោល​គឺ​មួយថ្ងៃបន្ទាប់ពីការតវ៉ាដោយហិង្សា បានរំខានដល់តំបន់​​កណ្តាលទីក្រុងដេលី (Delhi) ដោយធ្វើឱ្យក្រុមបាតុករ និងបុគ្គលិកនគរបាល​ជាច្រើននាក់រងរបួស។ក្រុមបាតុកររាប់ពាន់នាក់មកពីទីក្រុងដេលី និងទីក្រុងក្បែរនោះ​ ព្រម​ទាំង​ពី​ទីប្រជុំជនផ្សេង​ៗ បានប្រមូលផ្តុំគ្នា ដើម្បីដង្ហែក្បួនទៅកាន់សភា កាល​ពី​ថ្ងៃចន្ទ ដោយបានចូលរួមក្នុងចលនាមួយ ដែលដំបូងឡើយបានចាប់ផ្តើមចេញពីការចំអកឌឺដងតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែបានប្រែជាក្លាយទៅជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់នាយករដ្ឋមន្ត្រី លោក​ Narendra Modi នៅក្នុងអាណត្តិទី៣ របស់លោក។ចលនាតវ៉ាដែលមានអាយុកាលជាច្រើនខែមកហើយរបស់ក្រុមដែលប្រសិទ្ធនាមខ្លួនឯងថា គណបក្ស Cockroach Janta Party បានទាក់ទាញការគាំទ្រពីយុវជនជំនាន់ក្រោយ​ (Gen Z) នៅក្នុងប្រទេសឥណ្ឌារាប់លាននាក់ ដែលកំពុងទាមទារឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ លោក Dharmendra Pradhan លាលែងពីតំណែង ពាក់ព័ន្ធនឹងករណីធ្លាយវិញ្ញាសាប្រឡង ដែលបានប៉ះពាល់ដល់សិស្សជាង ២លាននាក់ កាលពីខែឧសភា។មនុស្សជិត ១៨០នាក់ បានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋក្បែរៗនោះ កាលពី​ថ្ងៃចន្ទ ដោយភាគច្រើន បានចេញពីមន្ទីរពេទ្យហើយ​ បន្ទាប់ពីត្រូវ​បានសង្គ្រោះបឋម ក្រោយមាន​ការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ និងបុគ្គលិកសន្តិសុខ ដែលនៅពេល​នោះ​នគរបាល​បានប្រើដំបងវាយ និងឧស្ម័នបង្ហូរទឹកភ្នែក។នៅព្រឹកថ្ងៃអង្គារនេះ​ អ្នកតវ៉ាប្រហែល ១៥០-២០០នាក់ បានប្រមូលផ្តុំគ្នា នៅកន្លែងតវ៉ា Jantar Mantar កណ្ដាល​ទីក្រុងដេលី ដោយនាំគ្នា​ស្រែកពាក្យស្លោក នៅ​ក្រោម​តំណក់​ភ្លៀងរលឹមស្រិច​​ៗ។ សន្តិសុខនៅតែ​ត្រូវបាន​រឹតបន្តឹង​ ដោយ​មាន​បុគ្គលិកប៉ារ៉ាល្បាតផ្នែកខ្លះនៃកណ្តាលក្រុងដេលី និងរបាំងដែលធ្វើឲ្យចរាចរណ៍យឺតយ៉ាវ៕

ការខាតបង់សេដ្ឋកិច្ចដោយសារ​ទឹកជំនន់ និងបំណាក់ដី នៅវៀតណាម មាន​ប្រមាណ​​ជិត ១៧លាន​ដុល្លារ

2026/07/22 12:09:38 am        62
ទឹកជំនន់ និងបំណាក់​ដី នៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម បានបណ្តាលឱ្យមនុស្សយ៉ាងតិច​ ៦នាក់ស្លាប់ ២នាក់បាត់ខ្លួន និង ១០នាក់រងរបួស ដោយមាន​​ការខាតបង់សេដ្ឋកិច្ចសរុបប្រមាណជិត ៤៤៣ពាន់លានដុង (ជិត​ ១៧លាន​ដុលារ) ខណៈដែលការខូចខាតនៅតែបន្តកើនឡើង នៅក្នុងខេត្ត Lai Chau និង Son La។Lai Chau ជាខេត្តតំបន់​ភ្នំដែលមានលក្ខណៈសម្គាល់​ដោយសណ្ឋាន​​ដីចោត និងបណ្តាញទន្លេ និងអូរខ្វាត់ខ្វែង គឺជាតំបន់ដែលរងប៉ះពាល់ខ្លាំងបំផុត ក្នុងអំឡុងពេលមាន​ទឹកជំនន់ថ្មីៗនេះ នៅតំបន់ភ្នំភាគខាងជើងនៃប្រទេសវៀតណាម។ទឹកជំនន់គំហុក​ភ្លាមៗ និងបំណាក់​ដីបានប៉ះពាល់ដោយផ្ទាល់ដល់មនុស្ស​ចំនួន ៨៩៩គ្រួសារ ដែលមានប្រជាជន ៤.២៦៣នាក់ នៅក្នុងភូមិ Chit, Khi, Nam Sang, Noong Thang និង Nam Ngua។ ខេត្តនេះមានអ្នកស្លាប់ចំនួន ៦នាក់ ១០នាក់បានរងរបួស ហើយ​ ២នាក់នៅតែបាត់ខ្លួន។គិតត្រឹមថ្ងៃត្រង់ថ្ងៃទី២០​ ខែកក្កដា ការខាតបង់សរុបនៅខេត្ត Lai Chau ត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ២៧០​ពាន់លានដុង ដែលជាការកើនឡើងយ៉ាងខ្លាំងពីការវាយតម្លៃពីមុន។ ឃុំ Muong Than តែមួយបានខូចខាតប្រហែល ១២០​ពាន់លានដុង។នៅខេត្តជិតខាង Son La ការខាតបង់ដែលត្រូវ​បានប៉ាន់ប្រមាណ ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ដល់ប្រហែល ១២៥ពាន់លានដុង។ ខេត្ត Lao Cai ក៏បានរងការខូចខាតយ៉ាងទូលំទូលាយផងដែរ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរ បានបង្កឱ្យមានទឹកជំនន់គំហុក​ភ្លាមៗ បំណាក់​ដី និងការជន់លិច​។ ការខាតបង់សរុបត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ៤៥ពាន់លានដុង។ ទន្ទឹមនឹងនេះ ខេត្ត Dien Bien បានរាយការណ៍ពីការខូចខាតប្រហែល ២,៣ពាន់លានដុង៕

ជប៉ុនតវ៉ាប្រឆាំងនឹងសមយុទ្ធបាញ់គ្រាប់ពិតរបស់ចិន នៅក្នុងដែនទឹកក្បែរនោះ

2026/07/21 11:57:13 pm        42
ប្រទេស​ជប៉ុន នៅថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ បាន​ប្រាប់​ឱ្យដឹង​ថា ខ្លួនបានដាក់ការតវ៉ាជាមួយចិន អំពី​សមយុទ្ធបាញ់គ្រាប់ពិត ដែលខ្លួនបញ្ជាក់​ថា ត្រូវបានធ្វើឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន ជាឧប្បត្តិហេតុមួយដែលអាចធ្វើឱ្យកាន់តែតានតឹងដល់​ទំនាក់ទំនង រវាងប្រទេសសេដ្ឋកិច្ចធំជាង​គេ​ទាំង២ របស់តំបន់​អាស៊ី។យោធាជប៉ុនបានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះ ដែលក៏មាន​ពាក់ព័ន្ធនឹងនាវារុស្ស៊ីផងដែរ ត្រូវបានធ្វើឡើងនៅចម្ងាយប្រហែល ១៨០​គីឡូម៉ែត្រ នៅ​ភាគនិរតីនៃអ្វីដែលទីក្រុងតូក្យូហៅថា កោះ Okinotori កាលពីព្រឹក​​ថ្ងៃទី១៩ ខែកក្កដា។ចិនអះអាងថា កោះដាច់ស្រយាល Okinotori គឺជាគ្រាន់តែ​ផ្ទាំង​ថ្ម​ មិនមែន​កោះនោះទេ​ ដូច្នេះ ជប៉ុនមិនមានសិទ្ធិទាមទារដែនទឹកជុំវិញវា ជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ)របស់ខ្លួនបាន​ឡើយ​។ ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗទេ ចំពោះសំណើសុំការអត្ថាធិប្បាយ។អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២១ ខែកក្កដានេះ​ថា៖ «រដ្ឋាភិបាលជប៉ុនបានដាក់ពាក្យតវ៉ា​ជាមួយប្រទេសចិន តាមរយៈបណ្តាញការទូត ដោយផ្ដល់​ហេតុផលថា សកម្មភាពបែបនេះអាចបង្កគ្រោះថ្នាក់ដល់ការធ្វើនាវាចរណ៍របស់នាវា នៅក្បែរនោះ»។អ្នកនាំពាក្យយោធាជប៉ុន បានប្រាប់​ថា នេះជាលើកដំបូងហើយដែលទីក្រុងតូក្យូ បានបង្ហាញជាសាធារណៈអំពីសមយុទ្ធបាញ់គ្រាប់ពិតរបស់ចិន នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) ​របស់ខ្លួន ខណៈពេលដែលបន្ថែមថា សកម្មភាពនេះមិនផ្ទុយនឹងច្បាប់អន្តរជាតិទេ៕

មនុស្សរាប់រយនាក់ចេញតវ៉ានៅទីក្រុងដែលី ដើម្បីទាមទារភាពជារដ្ឋសម្រាប់តំបន់កាស្មៀរឥណ្ឌា

2026/07/21 11:50:22 pm        29
មនុស្សរាប់រយនាក់ដឹកនាំដោយរដ្ឋមន្ត្រីប្រចាំរដ្ឋនៅតំបន់កាស្មៀរប្រទេសឥណ្ឌា បានស្រែកពាក្យស្លោក និងចេញតវ៉ានៅរដ្ឋធានីដែលី កាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា ដោយទាមទារភាពជារដ្ឋសម្រាប់តំបន់កាស្មៀរ រយៈពេលប្រាំពីរឆ្នាំបន្ទាប់ពីតំបន់ត្រូវបានប្រែក្លាយទៅជាដែនដីសហព័ន្ធ។ កាលពីខែសីហា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រី លោក Narendra Modi បានដកហូតស្វ័យភាពដោយផ្នែកតំបន់ Jammu និងតំបន់កាស្មៀរ ដកភាពជារដ្ឋរបស់តំបន់ហើយបែងចែកទៅជាដែនដីពីរគ្រប់គ្រងដោយសហព័ន្ធ។តំបន់កាស្មៀរមានប្រជាជនមូស្លីមភាគច្រើន ជាមួយតំបន់Jammu លើសលប់ដោយហិណ្ឌូ និងតំបន់‌Ladakh ជាទឹកដីពុទ្ធសាសនា។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលបាននិយាយថា ភាពជារដ្ឋសម្រាប់តំបន់ហិម៉ាឡៃ នឹងត្រូវបានស្តារឡើងវិញនៅពេលវេលាសមស្រប។រដ្ឋមន្ត្រីប្រចាំរដ្ឋ លោក Omar Abdullah បាននិយាយនៅក្នុងសារថា នេះគ្រាន់តែជាការចាប់ផ្តើមនៃការតតាំងរបស់យើងសម្រាប់ភាពជារដ្ឋ សិទ្ធិរបស់យើង សេចក្តីថ្លៃថ្នូររបស់យើង និងអ្វីៗគ្រប់យ៉ាងដែលដកហូតពីយើង។ លោក Abdullahនិងគណបក្សរបស់លោក សន្និសីទជាតិJammuនិងកាស្មៀរ បាននិយាយថា ភាពជារដ្ឋគួរតែត្រូវបានស្តារឡើងវិញឱ្យបានឆាប់បំផុត ស្របតាមការសន្យារបស់រដ្ឋាភិបាល។ប្រទេសឥណ្ឌា និងប៉ាគីស្ថាន សុទ្ធតែអះអាងទាំងស្រុងតំបន់កាស្មៀរភាគច្រើនជាពលរដ្ឋមូស្លីម ប៉ុន្តែបានគ្រប់គ្រងតំបន់ដោយផ្នែក។ ប្រទេសឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានជាយូរមកហើយថាបានជួយដល់ក្រុមផ្តាច់ខ្លួនដែលបានប្រយុទ្ធប្រឆាំងកងកម្លាំងសន្តិសុខនៅក្នុងតំបន់កាស្មៀររបស់ប្រទេសឥណ្ឌា ប៉ុន្តែការចោទប្រកាន់ត្រូវាបទីក្រុងអ៊ីស្លាម៉ាបាដ ច្រានចោល។

ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ប្តេជ្ញាការពារការដឹកជញ្ជូនតាមសមុទ្រក្រហម

2026/07/21 11:46:05 pm        35
ក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅប្រទេសយេម៉ែន បាននិយាយកាលពីយប់ថ្ងៃចន្ទថាខ្លួននឹងមានចំណាត់ការចាំបាច់ដើម្បីការពារនាវាពាណិជ្ជកម្មរបស់ខ្លួននៅច្រកសមុទ្រ Bab al-Mandab និងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមកំហែងណាមួយបន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ូទីអំពីការបិទផ្លូវសម្រាប់ការដឹកជញ្ជូនតាមសមុទ្ររបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។អ្នកនាំពាក្យក្រុមចម្រុះ លោក Turki Al-Malki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ថា បញ្ជាការដ្ឋានកងកម្លាំងចម្រុះនៃក្រុមចម្រុះកំពុងចាត់វិធានការប្រតិបត្តិការចាំបាច់ និងម៉ឺងម៉ាត់ស្របតាមច្បាប់អន្តរជាតិដើម្បីការពារនាវាដែលឆ្លងកាត់ច្រកសមុទ្រ។លោកបានច្រានចោលបម្រាមផ្លូវសមុទ្ររបស់ក្រុមហ៊ូទីថាជា «ការបង្កហេតុ និងជាការរីកធំជម្លោះ» ដោយនិយាយថានាវាពាណិជ្ជកម្មជាង៣០០គ្រឿងបានចូលទៅក្នុងកំពង់ផែគ្រប់គ្រងដោយក្រុមហ៊ូទីនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយដឹកស្បៀង និងប្រេងឥន្ធនៈជាដើម។ ដោយឡែក ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានថ្កោលទោសនៅក្នុងសេចក្តីថ្លែងការណ៍ពីការបិទផ្លូវរបស់ក្រុមហ៊ូទី ដោយនិយាយថាព្រះរាជាណាចក្រមួយនេះបានខិតខំបន្ធូរបន្ថយទុក្ខលំបាករបស់ប្រជាជនយេម៉ែនតាមរយៈគម្រោងអភិវឌ្ឍន៍ និងការគាំទ្រថវិកា។ ក្រុមហ៊ូទីបានប្រកាសពីបម្រាមដោយលើកឡើងពីអ្វីដែលពួកគេចាត់ទុកថាការបិទផ្លូវទឹកសម្រាប់គោលការណ៍បិទផ្លូវ ក្នុងការឆ្លើយតបទៅនឹងការហ៊ុមព័ទ្ធរយៈពេលជិត១២ ឆ្នាំរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត បានវាយប្រហារអាកាសយានដ្ឋានអន្តរជាតិសាណាកាលពីសប្តាហ៍មុន ដើម្បីរារាំងយន្តហោះអ៊ីរ៉ង់ដែលដឹកគណៈប្រតិភូជាន់ខ្ពស់របស់ក្រុមហ៊ូទី មិនឱ្យចុះចត។ ក្រុមហ៊ូទីបានស្តីបន្ទោសទីក្រុងរីយ៉ាដ និងបានបាញ់មីស៊ីល និងយានដ្រូនទៅលើប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ឈីលី ចេញការណែនាំសុខភាព ខណៈព្យុះរដូវរងាដ៏ខ្លាំងក្លាបង្កើនហានិភ័យសុខភាព

2026/07/21 11:31:41 pm        42
ក្រសួងសុខាភិបាលប្រទេសឈីលី កាលពីថ្ងៃចន្ទបានចេញការណែនាំសុខភាពសាធារណៈសម្រាប់តំបន់ភាគខាងជើង បន្ទាប់ពីព្យុះរដូវរងាដ៏ខ្លាំងក្លា ដោយលើកឡើងពីហានិភ័យមេរោគផ្លូវដង្ហើមកើនឡើងក្នុងពេលរដូវរងានៅអឌ្ឍគោលខាងត្បូង។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី May Chomali បាននិយាយថា រដ្ឋាភិបាលកំពុងចាត់វិធានការបង្ការជាមុន ដូចជាការចាក់វ៉ាក់សាំងដើម្បីការពារសុខភាពសាធារណៈ។ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់Atacama ភាគខាងជើង និងតំបន់ Coquimbo ចាប់តាំងពីសប្តាហ៍មុន។ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Maximo Pavez បាននិយាយ ទឹកភ្លៀងបានសម្លាប់មនុស្សយ៉ាងហោចណាស់ដប់នាក់ ដែលជំរុញឱ្យមានការប្រកាសគ្រាអាសន្ន។លោកស្រី Chomali បាននិយាយថា អាជ្ញាធរមានការព្រួយបារម្ភអំពីហានិភ័យសុខភាពទាក់ទងនឹងគ្រោះមហន្តរាយអាកាសធាតុ រួមទាំងការបាត់បង់លទ្ធភាពទទួលបានទឹកស្អាត សហគមន៍លិចទឹកដែលជំនួយត្រូវបានកាត់ផ្តាច់ពីខាងក្រៅ និងការលំបាកក្នុងការចែកចាយឱសថ។

UN៖ ភាពចង្អៀតណែននៅទីតាំងជម្លៀស បង្កើនហានិភ័យជំងឺអេបូឡានៅកុងហ្គោ

2026/07/21 11:27:04 pm        46
យោងតាមការព្រមានរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានឲ្យដឹងថា ភាពចង្អៀតណែន និងដំណើរការចំពោះសេវាជាមូលដ្ឋានមានកម្រិតនៅទីតាំងជម្លៀសខ្លួន ដែលកំពុងបង្កើនហានិភ័យនៃការរាលដាលជំងឺអេបូឡានៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានបញ្ជាក់ថាករណីជំងឺអេបូឡា ត្រូវបានរាយការណ៍នៅទីតាំងយ៉ាងហោចណាស់១៦កន្លែង ដែលមានអ្នកជម្លៀសខ្លួនជាង២៧០.០០០នាក់នៅទូទាំងខេត្ត Ituri ជាចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺអេបូឡា។អង្គការ OCHA និយាយថា ស្ថាប័នពិភពលោក និងដៃគូរបស់ខ្លួនកំពុងគាំទ្រសហគមន៍ជម្លៀសខ្លួនតាមរយៈសកម្មភាពបង្ការ និងបង្កើនការយល់ដឹង ដូចជាការដំឡើងស្ថានីយ៍លាងដៃ និងផ្សព្វផ្សាយនៅសហគមន៍អំពីវិធានការបង្ការជំងឺអេបូឡា។ គិតត្រឹមថ្ងៃសៅរ៍ អាជ្ញាធរសុខាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានរាយការណ៍ពីករណីជំងឺអេបូឡាចំនួន២.៣៤៤ករណីនៅទូទាំងខេត្តចំនួនប្រាំ។ យោងតាមអង្គការ OCHA បានឲ្យដឹងថា ទីក្រុង Ituri មានចំនួនជិត៩០ភាគរយនៃករណីដែលត្រូវបានបញ្ជាក់។ការិយាល័យបានបន្តអំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិកាន់តែច្រើនដើម្បីរក្សាការឆ្លើយតបជំងឺអេបូឡា និងជំនួយសង្គ្រោះជីវិតដល់សហគមន៍ជម្លៀសខ្លួនដែលកំពុងប្រឈមនឹងជម្លោះ ការជម្លៀសខ្លួន និងស្ថានភាពរស់នៅកាន់តែយ៉ាប់យ៉ឺនរយៈពេលជាច្រើនឆ្នាំមកហើយ។

ចិនកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតហ្វីលីពីន ជុំវិញការប៉ះទង្គិចគ្នា នៅសមុទ្រចិនខាងត្បូង

2026/07/21 11:22:04 pm        41
បើយោង​តាម​សេចក្តីថ្លែងការណ៍មួយ បាន​ឱ្យដឹង​ថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់​​ថា ខ្លួនបានកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំប្រទេសចិន នៅថ្ងៃអង្គារ (ទី​២១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ដើម្បីធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ ជុំវិញការប៉ះទង្គិចគ្នា កាលពី​មួយថ្ងៃមុន រវាងប្រទេសទាំង២ នៅក្នុងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។ប្រទេសចិន និងហ្វីលីពីន កាលពី​ថ្ងៃចន្ទ បានចោទប្រកាន់គ្នាទៅវិញទៅមក បន្ទាប់ពីមាន​ការប៉ះទង្គិច រវាងនាវា នៅ​ដែនទឹកមានជម្លោះ​ ក្នុង​​​សមុទ្រចិនខាងត្បូង ដោយទីក្រុងម៉ានីលលើកឡើង​ថា បុគ្គលិកកងទ័ពជើងទឹកម្នាក់របស់ខ្លួន ត្រូវបានវាយចំក្បាល ហើយទីក្រុងប៉េកាំង ប្រាប់​ថា ទីក្រុងម៉ានីលជាអ្នកបង្កឱ្យមាន​ហេតុការណ៍​នេះ។ដោយឡែក នៅថ្ងៃអង្គារនេះ​ ឆ្មាំល្បាត​ឆ្នេរចិន បានឱ្យ​ដឹង​ថា ចិនបានអនុញ្ញាតឱ្យភាគីហ្វីលីពីនផ្ទេរបុគ្គលិករងរបួសតាមរយៈទូកតូចៗពីនាវាចម្បាំងហ្វីលីពីនដែលត្រូវបាន​ចត​ចោល​ ដោយ​គិត​ដល់លក្ខខណ្ឌ​​មនុស្សធម៌។ស្ថានទូតហ្វីលីពីនមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

លោក Trump បញ្ជាក់​ថា មានការសន្ទនាល្អ​ ខណៈ​នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ប្ដេជ្ញាចិត្ត​ចំពោះការពារជាតិ​

2026/07/21 11:13:47 pm        52
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់​ឱ្យដឹង​កាល​ពីថ្ងៃចន្ទ (ទី២០ ខែកក្កដា ឆ្នាំ២០២៦) ថា លោកមាននូវ​ «ការសន្ទនាល្អណាស់» ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោក Andy Burnham ដោយបន្ថែមថា លោកនឹងជួបជាមួយលោក «ក្នុងពេលឆាប់ៗនេះ»។លោក Burnham បានក្លាយជានាយករដ្ឋមន្ត្រីទី៧ របស់ចក្រភពអង់គ្លេស ក្នុងរយៈពេល ១ទសវត្សរ៍ កាលពី​ថ្ងៃទី២០ ខែកក្កដា ដោយបានប្តេជ្ញាចិត្តរៀបចំប្រព័ន្ធនយោបាយរបស់ប្រទេសឡើងវិញ ដើម្បីបង្កើតគំរូសេដ្ឋកិច្ចថ្មី និងស្តារប្រទេសជាតិដែលត្រូវ​បាន​ «ធុញទ្រាន់» ដោយការផ្លាស់ប្តូរអ្នកដឹកនាំញឹកញាប់ពេក​។នៅក្នុងការបង្ហោះសារ​លើបណ្ដាញ​សង្គម Truth Social លោក Trump បានលើ​ឡើង​ថា៖ «យើងបានពិភាក្សា អំពីប្រេង នៅសមុទ្រខាងជើង ពាណិជ្ជកម្ម សម្ព័ន្ធភាពយោធា ការដោះមីន នៅច្រកសមុទ្រ Hormuz និងប្រធានបទជាច្រើនទៀត។ ការ​ជជែក​តាម​ទូរស័ព្ទនេះ គឺគួរឱ្យចាប់អារម្មណ៍ ហើយដំណើរការទៅយ៉ាងល្អ»។ដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ លោក Trump បានឱ្យដឹង​បន្ថែម​ថា៖ «យើងនឹងជួបគ្នាក្នុងពេលឆាប់ៗនេះ សម្រាប់ប្រធានបទដែលមានផលប្រយោជន៍ទៅវិញទៅមក»។លោក Trump បានរិះគន់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ពាក់​ព័ន្ធនឹង​សង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ អន្តោប្រវេសន៍ ថាមពល និងបទប្បញ្ញត្តិបច្ចេកវិទ្យា។ជាមួយ​គ្នា​នេះ ការិយាល័យរបស់លោក Burnham បានឱ្យដឹង​ថា អំឡុងការជជែក​នោះ​ នាយករដ្ឋមន្ត្រី​ថ្មី​រូប​នេះ បានធានាដល់លោក Trump ថា ទីក្រុងឡុងដ្រ៍ នឹងប្តេជ្ញាចិត្ត ចំពោះការការពារជាតិ និងសន្តិសុខ ហើយនឹងគាំទ្រដល់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយសុវត្ថិភាព ដែលត្រូវបានរារាំងយ៉ាងមានប្រសិទ្ធភាព ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម ដែលបណ្តាលឱ្យតម្លៃថាមពលហក់​ឡើង៕

លោក Trump៖ នឹងគ្មាន​​ការចាប់ខ្លួនលោក Netanyahu ​ទេ ខណៈអភិបាលក្រុង New York ពិចារណាជម្រើស

2026/07/21 11:06:59 pm        61
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពី​ថ្ងៃចន្ទ (ទី២០​ ខែកក្កដា ឆ្នាំ២០២៦) បាន​ប្រាប់​ឱ្យដឹង​ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងមិនត្រូវបានចាប់ខ្លួននោះឡើយ នៅពេលដែលលោកធ្វើ​ទស្សនកិច្ច នៅ​សហរដ្ឋអាមេរិក បន្ទាប់ពីអភិបាលក្រុង New York លោក Zohran Mamdani បាននិយាយថា លោកនៅតែកំពុងពិចារណា ជុំវិញ​ចំណាត់ការនេះ។តាម​រយៈ​ការ​បង្ហោះសារលើ​បណ្ដាញ​សង្គម ដែលមិនបាន​សំដៅទៅលើការកត់សម្គាល់​របស់អភិបាលក្រុង លោក Trump បានសរសេរថា៖ «លោក Benjamin Netanyahu នឹងមិនត្រូវបានចាប់ខ្លួនឡើយ ទោះតាមមធ្យោបាយណាក៏ដោយ ខណៈពេលដែលមាន​វត្តមាន​នៅសហរដ្ឋអាមេរិក»។តុលាការព្រហ្ម​ទណ្ឌ​អន្តរជាតិ (ICC) ដែលមានមូលដ្ឋាន នៅទីក្រុងឡាអេ ប្រទេស​ហូឡង់​ បានចេញដីកាចាប់ខ្លួនលោក Netanyahu ក្នុងឆ្នាំ២០២៤ ជុំវិញ​ករណី​ឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានចោទប្រកាន់ ក្នុងអំឡុងពេលសង្គ្រាម នៅ​តំបន់​ហ្កា​ហ្សា។ អ៊ីស្រាអែលច្រាន​ចោល​យុត្តាធិការរបស់តុលាការ និងបដិសេធ​មិនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។លោក Trump មិនបានលើកឡើងពីលោក​ Mamdani នៅក្នុងការបង្ហោះ​សារលើ​បណ្ដាញសង្គម​ Truth Social របស់លោកទេ ប៉ុន្តែបានសរសើរអ៊ីស្រាអែលថា បានជួយដល់​ការ​ធ្វើ​សង្គ្រាម លើ​អ៊ីរ៉ង់។អភិបាលក្រុង New York បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាល​ពី​ថ្ងៃទី១៨ ខែកក្កដាថា ស្ថបា័ន​ច្បាប់របស់ទីក្រុងកំពុងពិចារណាយ៉ាងសកម្ម អំពីអ្វីដែលច្បាប់អាចអនុញ្ញាត។ អំឡុងពេល​និយាយ​ក្នុង​វីដេអូ​ផតខាសរបស់សារព័ត៌មាន​ New York Times ដែលមានឈ្មោះថា The Interview លោក Mamdani បានប្រាប់ថា៖ «ខ្ញុំជឿថា លោក​នាយករដ្ឋមន្ត្រី Netanyahu ត្រូវ​ស្ថិត​នៅ​ទីក្រុងឡាអេ។ គាត់ជាឧក្រិដ្ឋជនសង្គ្រាមដែលត្រូវបានចោទប្រកាន់ដោយតុលាការព្រហ្ម​ទណ្ឌ​អន្តរជាតិ (ICC)»។លោក Netanyahu ជាធម្មតាត្រូវ​ធ្វើដំណើរទៅកាន់ទីក្រុង New York រៀងរាល់ខែកញ្ញា ដើម្បី​ចូល​រួមការ​ជួបជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ អ៊ីស្រាអែលបានឆ្លើយតបទៅនឹងការ​លើកឡើង​របស់លោក​ Mamdani កាល​ពីថ្ងៃទី១៩​ ខែកក្កដា នៅលើ​បណ្ដាញ​សង្គម X ដោយ​ហៅ​ ICC ថា ជាតុលាការកង់ហ្គូរូ (តុលាការមិនមាន​ភាព​យុត្តិធម៌) ហើយ​ដីកាចាប់ខ្លួនប្រឆាំងនឹង Netanyahu គឺក្លែងក្លាយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM