ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេស៖ ទំនាក់ទំនងរវាងរុស្ស៊ី និងគុយបាបង្កការគំរាមកំហែងដោយផ្ទាល់ដល់សហរដ្ឋអា មេរិក

2026/07/21 11:04:20 pm        57
រដ្ឋបាលសហរដ្ឋអាមេរិកអះអាងថា ទំនាក់ទំនងរវាងរុស្ស៊ី និងគុយបា បង្កការគំរាមកំហែងដោយផ្ទាល់» ដល់សន្តិសុខរបស់សហរដ្ឋអាមេរិក។របាយការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា «គុយបា និងរុស្ស៊ី នៅតែរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយដ៏រឹងមាំ ដែលកាន់តែស៊ីជម្រៅឡើង ក្នុងចំណោមភាពតានតឹងរវាងសហរដ្ឋអាមេរិក និងគុយបា។ សព្វថ្ងៃនេះ ទំនាក់ទំនងនេះ ត្រូវបានពិពណ៌នាកាន់តែល្អប្រសើរថា ជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលមិនត្រឹមតែបង្កការគំរាមកំហែងដោយផ្ទាល់ដល់មាតុភូមិអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជាបញ្ហាប្រឈមចំពោះអំណាចនិងផលប្រយោជន៍សន្តិសុខរបស់សហរដ្ឋអាមេរិកនៅទូទាំងអាមេរិកឡាទីនផងដែរ»។«សម្រាប់រុស្ស៊ីសម័យទំនើប បណ្តាញរបស់គុយបាត្រូវបានចាត់ទុកថា ជាមធ្យោបាយសំខាន់មួយសម្រាប់ធ្វើឲ្យអស្ថិរភាព និងបំផ្លាញផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឥទ្ធិពលជិតបំផុតរបស់អាមេរិក។ វាអនុញ្ញាតឲ្យរុស្ស៊ីពង្រីកអំណាច និងឥទ្ធិពលចូលទៅក្នុងតំបន់ ដោយមិនចាំបាច់បង្កើតមូលដ្ឋានយោធា ឬរក្សាវត្តមានកងទ័ពច្រើននៅទីនោះឡើយ»។របាយការណ៍នោះ បានធ្វើការចោទប្រកាន់ស្រដៀងគ្នានេះប្រឆាំងនឹងប្រទេសចិន និងអ៊ីរ៉ង់៕

អាមេរិកជូនដំណឹងសន្តិសុខទូទាំងពិភពលោក សម្រាប់ជនជាតិអាមេរិក អំឡុង​ភាពតានតឹង នៅ​មជ្ឈិមបូព៌ា

2026/07/21 10:56:50 pm        56
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹង​ឱ្យ​ប្រុងប្រយ័ត្នទូទាំងពិភពលោក កាលពី​ថ្ងៃចន្ទ (ទី២០ ខែកក្កដា​ ឆ្នាំ២០២៦) សម្រាប់ពលរដ្ឋអាមេរិក ដោយព្រមានថា ភាពតានតឹងកាន់តែខ្លាំងឡើងៗ នៅតំបន់​មជ្ឈិមបូព៌ា អាចនាំឱ្យមានសភាពការណ៍​វិវត្ត​ន៍​ផ្នែក​សន្តិសុខដែលមិននឹកស្មានដល់ ការរំខានដល់ការធ្វើដំណើរ និងការគំរាមកំហែងដែលអាចកើតមាន ចំពោះផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅបរទេស។ក្រសួងបានបញ្ជាក់​នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា៖ «ដោយសារតែភាពតានតឹងកាន់តែខ្លាំងឡើងៗ នៅតំបន់​មជ្ឈិមបូព៌ា បរិយាកាសសន្តិសុខ នៅតែមាន​ភាព​ស្មុគស្មាញ ដោយ​មាន​លទ្ធភាព​កើនឡើងនូវ​ជម្លោះដែលមិនអាច​ទាយ​ទុកជាមុនបាន​»។ជនជាតិអាមេរិកដែលកំពុងស្ថិតនៅតំបន់មជ្ឈិមបូព៌ា ត្រូវបានជំរុញឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់ការលុបចោលជើងហោះហើរដែលអាចកើតមាន ការបិទដែនអាកាសបណ្តោះអាសន្ន និងការរំខានដល់ការធ្វើដំណើរផ្សេងទៀត។ ជាមួយ​គ្នានេះ ក្រសួងបានជំរុញ​ឱ្យ​ពលរដ្ឋអាមេរិកតាមដានសេចក្ដី​ជូនដំណឹងសន្តិសុខដែលចេញដោយស្ថានទូត និងស្ថានកុងស៊ុលអាមេរិក អនុវត្តតាមការណែនាំពីអាជ្ញាធរមូលដ្ឋាន និងបន្ត​តាម​ដាន​ព័ត៌មានតាមរយៈការ​ផ្សាយ​ព័ត៌មាន។ក្រសួង​បាន​បន្ថែម​ថា៖ «ជនជាតិអាមេរិក នៅខាងក្រៅតំបន់​មជ្ឈិមបូព៌ា គួរតែពិចារណាឡើងវិញ អំពីការធ្វើដំណើរទៅកាន់ និងឆ្លងកាត់តំបន់នេះ។ កន្លែងការទូតរបស់សហរដ្ឋអាមេរិក រួមទាំងនៅខាងក្រៅមជ្ឈិមបូព៌ា ត្រូវបានកំណត់គោលដៅ។ អ៊ីរ៉ង់ និងក្រុមដែលគាំទ្រអ៊ីរ៉ង់ អាចកំណត់គោលដៅផលប្រយោជន៍ផ្សេងទៀតរបស់សហរដ្ឋអាមេរិក នៅក្រៅប្រទេស ឬនៅទីតាំងដែលជាប់ទាក់ទងនឹងសហរដ្ឋអាមេរិក និងជនជាតិអាមេរិកទូទាំងពិភពលោក»។គួរ​បញ្ជាក់​ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលសម្របសម្រួលដោយប៉ាគីស្ថានកាលពីខែមុន ដើម្បីបញ្ចប់ជម្លោះរបស់ពួកគេ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង ប៉ុន្តែភាពតានតឹងបានកើនឡើងម្តងទៀតកាលពីសប្តាហ៍មុន ជុំវិញ​បញ្ហា​ច្រកសមុទ្រ Hormuz ដោយភាគីទាំង២ បានវាយប្រហារគ្នា​ទៅវិញទៅមក​​៕

នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសនិយាយថា លោកនឹងបង្កើនសម្ពាធលើរុស្ស៊ីពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន

2026/07/21 10:20:27 pm        73
នាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេស លោក Andy Burnham បានថ្លែងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយលោក វ្ល៉ូឌីមី ហ្សេឡិនស្គីថា ទីក្រុងឡុងដ៍ នឹងបន្តជួយទីក្រុងគីវ និងបង្កើនសម្ពាធលើទីក្រុងមូស្គូ។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖«លោកនាយករដ្ឋមន្ត្រីបានចាប់ផ្តើមដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់លោក និងរបស់ចក្រភពអង់គ្លេសចំពោះប្រជាជនអ៊ុយក្រែន ហើយបានគូសបញ្ជាក់ថា នឹងមិនមានការផ្លាស់ប្តូរណាមួយឡើយចំពោះគោលជំហររបស់ចក្រភពអង់គ្លេស រួមទាំងការបន្តបង្កើនសម្ពាធលើរុស្ស៊ីផងដែរ»។ នេះគឺជា សេចក្តីថ្លែងការណ៍លើកដំបូងពីការិយាល័យរបស់លោក Burnham ដែលពាក់ព័ន្ធនឹងប្រទេស រុស្ស៊ី។ លោក Burnham បានចូលកាន់តំណែងជា នាយករដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ។ លោកបានជំនួសលោក Keir Starmer ដែលត្រូវបានបង្ខំឲ្យលាលែងពីតំណែង ក្រោមសម្ពាធពីសមាជិកនៃគណបក្សការងារដែលកំពុងកាន់អំណាច បន្ទាប់ពីគណបក្សនេះ បានបរាជ័យក្នុងការបោះឆ្នោតមូលដ្ឋាន កាលពីខែឧសភា៕

ក្រុមសិទ្ធិមនុស្ស៖ អាវុធថ្មី និងវិធានការគាបសង្កត់ថ្មីៗ ត្រូវបានប្រើដើម្បីធ្វើទារុណកម្មអ្នកទោស ប៉ាឡេស្ទីន

2026/07/21 10:18:23 pm        44
សមាគមអ្នកទោសប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃចន្ទថា សេវាពន្ធនាគារអ៊ីស្រាអែល បានប្រែក្លាយការប្រើប្រាស់គ្រាប់កៅស៊ូប្រឆាំងនឹងអ្នកជាប់ឃុំប៉ាឡេស្ទីន ទៅជាគោលនយោបាយដាក់ទណ្ឌកម្មជាប្រព័ន្ធក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។គោលនយោបាយនេះ បានប៉ះពាល់ដល់អ្នកទោសរាប់សិបនាក់ ដែលករណីរបស់ពួកគេ ត្រូវបានកត់ត្រាដោយអង្គការពាក់ព័ន្ធ ទោះបីជាចំនួនពិតប្រាកដទំនងជាខ្ពស់ជាងនេះទៅទៀត ដោយសារតែការរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរលើការទៅជួបអ្នកទោស និងការដាក់ឲ្យនៅដាច់ដោយឡែក ដែលអាជ្ញាធរអ៊ីស្រាអែលបានអនុវត្ត។ វិធានការទាំងនេះរារាំងការចូលទៅជួបអ្នកទោសជាច្រើន និងការកត់ត្រាការរំលោភបំពានដែលពួកគេបានជួបប្រទះ។សមាគមនេះបានបញ្ជាក់ថា អង្គការនានាបានតាមដានករណីជាច្រើនរបស់អ្នកទោសដែលរងរបួសដោយសារគ្រាប់កាំភ្លើងស្រោបដោយកៅស៊ូ។ ការរងរបួសទាំងនេះ បានបណ្តាលឲ្យមានការហូរឈាមធ្ងន់ធ្ងរ ហើយជនរងគ្រោះមួយចំនួន ត្រូវការវះកាត់ ដោយសាររបួសរបស់ពួកគេ។អ្នកទោសម្នាក់បានរាយការណ៍ថា ក្រុមគ្រូពេទ្យបានប្រាប់ខ្លួនថា លោកអាចនឹងត្រូវកាត់អវយវៈមួយចេញ ដោយសារតែរបួសមានសភាពធ្ងន់ធ្ងរ និងផលវិបាកដែលបណ្តាលមកពីរបួសនោះ៕

ជនជាតិរ៉ូហ៊ីងយ៉ាកំពុងក្លាយជាគោលដៅនៃការផ្សព្វផ្សាយព័ត៌មានមិនពិតដែលបង្កការស្អប់ខ្ពើមនៅម៉ាឡេស៊ី

2026/07/21 10:04:10 pm        33
រលកនៃការផ្សព្វផ្សាយព័ត៌មានមិនពិតផ្នែកនយោបាយដែលផ្តោតលើប្រជាជនរ៉ូហ៊ីងយ៉ារបស់ប្រទេសម៉ាឡេស៊ី បានធ្វើឲ្យមានការព្រួយបារម្ភក្នុងចំណោមក្រុមសិទ្ធិមនុស្ស ដែលនិយាយថា ការផ្សព្វផ្សាយនេះ កំពុងជំរុញឲ្យមានការរើសអើងជនបរទេស និងការគំរាមកំហែងប្រឆាំងនឹងសហគមន៍ជនភៀសខ្លួន។អ្នកត្រួតពិនិត្យការពិតរបស់សារព័ត៌មាន AFP បានបដិសេធព័ត៌មានមិនពិតជាច្រើនអំពីក្រុមជនជាតិភាគតិចមូស្លីមនៅលើវេទិកាបណ្តាញសង្គមដូចជា Facebook, Instagram និង TikTok រួមទាំងសម្រង់ សម្តីមិនពិត វីដេអូកាត់តក្លែងបន្លំ និងស្ថិតិដែលត្រូវបានប្រឌិតឡើង។ខណៈដែលព័ត៌មានមិនពិតប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា បានរីករាលដាលអស់រយៈពេលជាច្រើនឆ្នាំ ស្រប ពេលមានការបង្ក្រាបដោយយោធានៅក្នុងប្រទេសកំណើតរបស់ពួកគេ គឺប្រទេសមីយ៉ាន់ម៉ា អ្នកវិភាគបាននិយាយថា ការកើនឡើងថ្មីៗនេះ គឺជាផ្នែកមួយនៃយុទ្ធនាការនយោបាយទូលំទូលាយមួយ មុនការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ី នាឆ្នាំក្រោយ។លោកស្រី Lilianne Fan ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាប្រឹក្សាម៉ាឡេស៊ីទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បាននិយាយថា៖«ជនភៀសខ្លួនបានក្លាយជាគោលដៅជំនួសដ៏ងាយស្រួលមួយ ដែលតាមរយៈនោះការថប់បារម្ភទូកាន់តែខ្លាំងឡើងអំពីសេដ្ឋកិច្ច ការធ្វើទេសន្តរប្រវេសន៍ សេវាសាធារណៈ សន្តិសុខ និងអត្តសញ្ញាណជាតិ ត្រូវបានបង្ហាញ និងបញ្ចេញមកជាភាសាដែលបង្កឲ្យមានអំពើហិង្សានិងការស្អប់ខ្ពើម»៕

មន្ត្រី៖ទាហានរដ្ឋាភិបាល ៤ នាក់ បានស្លាប់ ក្នុងការវាយប្រហារដោយដ្រូនរបស់ក្រុមហ៊ួទីនៅភាគឦសានយេម៉ែន

2026/07/21 09:59:06 pm        59
មន្ត្រីយោធាម្នាក់បានប្រាប់សារព័ត៌មានស៊ីនហួថា ទាហានរដ្ឋាភិបាលយេម៉ែនចំនួន ៤នាក់ ត្រូវបានសម្លាប់ និង ៥នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់ក្រុមហ៊ួទីទៅលើខេត្ត Marib ដែលសម្បូរប្រេងនៅភាគឦសានប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ។មន្ត្រីគាំទ្ររដ្ឋាភិបាលក្នុងតំបន់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថា យានដ្រូនបានវាយប្រហារទីតាំងយោធាមួយ ដែលជាកម្មសិទ្ធិរបស់កងកម្លាំងរដ្ឋាភិបាលនៅក្នុងស្រុក Harib ភាគខាងកើតនៃខេត្ត Marib ។ លោកបាននិយាយថា ជនរងគ្រោះទាំងអស់ គឺជាសមាជិកនៃកងពលតូចលេខ ២៦ របស់រដ្ឋាភិបាល ដោយបន្ថែមថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីព្យាបាល។ពុំមានការអត្ថាធិប្បាយភ្លាមៗពីក្រុមហ៊ួទីលើការវាយប្រហារនេះទេ។ការវាយប្រហារនេះ បានកើតឡើង ស្របពេលមានភាពតានតឹងឡើងវិញរវាងរដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ពីអន្តរជាតិ និងគាំទ្រដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត និងក្រុមហ៊ួទី បន្ទាប់ពីការវាយប្រហារទៅវិញទៅមកដែលពាក់ព័ន្ធនឹងអាកាសយានដ្ឋានអន្តរជាតិ Sanaa ដែលគ្រប់គ្រងដោយក្រុមហ៊ួទី និងអាកាសយានដ្ឋានអន្តរជាតិ Abha របស់អារ៉ាប៊ីសាអ៊ូឌីត៕

IDF និយាយថា ខ្លួនបានចាប់ផ្តើមសម្របសម្រួលសកម្មភាពជាមួយកងទ័ពលីបង់នៅក្នុងតំបន់សាកល្បង

2026/07/21 09:56:40 pm        44
កងកម្លាំងការពារអ៊ីស្រាអែល (IDF)បាននិយាយថា យោធាអ៊ីស្រាអែលបានចាប់ផ្តើមសម្របសម្រួលសកម្មភាពរបស់ពួកគេជាមួយកងទ័ពលីបង់នៅក្នុងតំបន់ដែលគេហៅថា តំបន់សាកល្បងនៅភាគខាងត្បូងប្រទេសលីបង់។ IDF បានបញ្ជាក់ថា៖«ស្របតាមការណែនាំពីថ្នាក់ដឹកនាំនយោបាយអ៊ីស្រាអែល កម្មវិធីសាកល្បងនៃតំបន់សុវត្ថិភាព» បានចាប់ផ្តើមកាលពីថ្ងៃចន្ទ នៅភាគខាងត្បូងប្រទេសលីបង់ ដោយសហការជាមួយយោធាសហរដ្ឋអាមេរិក (CENTCOM) និងកងកម្លាំងប្រដាប់អាវុធលីបង់។ ជាផ្នែកមួយនៃការសាកល្បងនេះ ក្រុមមកពី IDF យោធាសហរដ្ឋអាមេរិក និងកងកម្លាំងប្រដាប់អាវុធលីបង់ កំពុងធ្វើការសម្របសម្រួល និងរៀបចំផែនការសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាបន្តបន្ទាប់»។កិច្ចព្រមព្រៀងដែលបានលើកឡើងដោយ IDF បានកំណត់ឲ្យចាប់ផ្តើមនៃការដកកងទ័ពអ៊ីស្រាអែលចេញពីប្រទេសលីបង់។ IDF មិនបានផ្តល់ព័ត៌មានលម្អិតអំពីដំណើរការដកទ័ពទេ ប៉ុន្តែបានព្រមានថា ខ្លួននឹង «ឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការរំលោភលើកិច្ចព្រមព្រៀងណាមួយ»។ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនាពេលមុននេះថា តំបន់សាកល្បងចំនួនបី បានចូលជាធរមាន នៅក្នុងប្រទេសលីបង់។បន្ទាប់ពីការពិគ្រោះយោបល់ចំនួន ៥ជុំដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ប្រទេសលីបង់ និងអ៊ីស្រាអែល បានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែមិថុនា លើកិច្ចព្រមព្រៀងក្របខណ្ឌមួយដែលយោធាលីបង់ត្រូវស្តារការគ្រប់គ្រងអធិបតេយ្យភាពប្រកបដោយប្រសិទ្ធភាពឡើងវិញបន្តិចម្តងៗលើទឹកដីលីបង់ទាំងមូល ខណៈដែលអ៊ីស្រាអែលត្រូវដកកងទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រង៕

អ្នកជំនាញរុស្ស៊ី៖ ការវាយប្រហារនៅកំពង់ផែ ODESSA ដើម្បីរារាំងនាវាបរទេសដែលដឹកអាវុធសម្រាប់អ៊ុយក្រែន

2026/07/21 09:54:37 pm        58
វីរបុរសនៃប្រទេសរុស្ស៊ី លោក Yevgeny Poddubny សមាជិកក្រុមប្រឹក្សាទូទៅរបស់សហព័ន្ធរុស្ស៊ី អ្នកយកព័ត៌មានសង្គ្រាម និងជាអគ្គនាយករងនៃទូរទស្សន៍ VGTRK បានប្រាប់សារព័ត៌មាន TASS ថា ការវាយប្រហាររបស់រុស្ស៊ីលើកំពង់ផែ Odessa កំពុងបង្ខំឲ្យនាវាពាណិជ្ជកម្មបរទេសដែលដឹកអាវុធរបស់លោកខាងលិចសម្រាប់ទីក្រុងគីវ គិតពីរដងអំពីការចូលចតនៅកំពង់ផែ ជានិន្នាការមួយដែលនៅទីបំផុត នឹងធ្វើឲ្យសមរភូមិមានភាពអំណោយផលដល់របស់ទីក្រុងមូស្គូ។ លោក Poddubny បាននិយាយនៅខាងក្រៅវេទិកាប្រព័ន្ធផ្សព្វផ្សាយ៖«វីរបុរសផ្លាស់ប្តូរសម័យកាល ៖កសាងប្រទេសរុស្ស៊ីដ៏រឹងមាំរួមគ្នា [Heroes Changing Times: Building a Strong Russia Together] »ថា៖«នាវាដែលត្រូវបានបំផ្លាញ ឬខូចខាតទាំងអស់ ទោះបីជាវាគឺជានាវាពាណិជ្ជកម្មដែលប្រើប្រាស់ក្នុងផលប្រយោជន៍របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏ដោយ ក៏មានន័យថា ទំនិញដែលមិនទាន់បានដឹកជញ្ជូន។ លើសពីនេះ ការវាយប្រហារទាំងនោះ កំពុងធ្វើឲ្យកំពង់ផែ Odessa ក្លាយជាគោលដៅដែលមិនគួរឲ្យចង់ទៅសម្រាប់នាវិកបរទេស ក្រុមហ៊ុន និងនាវាដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញយោធា។ នេះប្រាកដជានឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ និងស្ថានភាពនៅជួរមុខ»។ លោកបានរំពឹងថា យោធារុស្ស៊ីនឹងបន្តធ្វើការវាយប្រហារបែបនេះទៀត ដោយលោកអះអាងថា ផលប៉ះពាល់ដែលកើនឡើងជាបន្តបន្ទាប់ នឹងត្រូវបានឃើញនៅលើសមរភូមិនាពេលអនាគត ខណៈដែលកងកម្លាំងអ៊ុយក្រែន កំពុងប្រឈមនឹងការខ្វះខាតគ្រឿងយុទ្ធោបករណ៍ អាវុធ និងយានដ្រូន៕

IMF ប្រកាសផ្តល់ជំនួយចំនួន ៦៩០លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ក្រោមកម្មវិធីផ្តល់កម្ចីថ្មី

2026/07/21 09:51:23 pm        40
ក្រុមប្រឹក្សាភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តជំនួយចំនួន ៦៩០លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ក្រោមកម្មវិធីគាំទ្រការផ្តល់កម្ចីថ្មី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយសេវាសារព័ត៌មានរបស់មូលនិធិនេះ កាលពីថ្ងៃចន្ទ។សេចក្តីថ្លែងការណ៍នេះ បាននិយាយថា អ្នកជំនាញ IMF បានបញ្ចប់ការពិនិត្យលើកដំបូងនៃកម្មវិធីផ្តល់កម្ចីរយៈពេល ៤ឆ្នាំ របស់ទីក្រុងគីវ ដែលមានតម្លៃសរុប ៨,១ ពាន់លានដុល្លារ។«ក្រុមប្រឹក្សាភិបាល IMF បានបញ្ចប់ការពិនិត្យឡើងវិញលើកដំបូងនៃរយៈពេល ៤៨ ខែរបស់អ៊ុយ ក្រែន»។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖«ក្រុមប្រឹក្សាភិបាល IMF បានបញ្ចប់ការពិនិត្យលើកដំបូងនៃការរៀបចំមូល និធិបន្ថែម (EFF) រយៈពេល ៤៨ ខែរបស់ប្រទេសអ៊ុយក្រែន ដែលអាចឲ្យមានការចំណាយភ្លាមៗចំនួន ៦៩០លានដុល្លារអាមេរិក។ ការអនុវត្តរបស់ប្រទេសអ៊ុយក្រែនក្រោមកម្មវិធីនេះ គឺពេញចិត្តជាទូទៅ»។កិច្ចព្រមព្រៀងបឋមលើការបែងចែកជំនួយនេះទៅឲ្យប្រទេសអ៊ុយក្រែន ត្រូវបានសម្រេចបាន នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំនេះ៕

រុស្ស៊ីអះអាងថា NATO កំពុងព្រួយបារម្ភអំពីការស្រាវជ្រាវពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែររបស់អាល្លឺម៉ង់

2026/07/21 09:44:20 pm        63
រដ្ឋសមាជិកសំខាន់មួយរបស់អង្គការណាតូ បានសម្តែងការព្រួយបារម្ភអំពីការស្រាវជ្រាវទាក់ទងនឹងអាវុធនុយក្លេអ៊ែរដែលកំពុងដំណើរការនៅក្នុងប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមសេវាស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR)។ ការិយាល័យសារព័ត៌មានរបស់ SVR បាននិយាយថា៖«យោងតាមព័ត៌មានដែលទទួលបានដោយ SVR ក្រសួងពាក់ព័ន្ធនៅក្នុងរដ្ឋសមាជិកសំខាន់មួយរបស់ណាតូ បានសម្តែងការព្រួយបារម្ភអំពីការស្រាវជ្រាវយ៉ាងសកម្មនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលផ្តោតលើការអភិវឌ្ឍទាក់ទងនឹងអាវុធនុយក្លេអ៊ែរ»។យោងតាម SVR បានឲ្យដឹងថា សម្ព័ន្ធមិត្តលោកខាងលិចរបស់អាល្លឺម៉ង់ក៏មានការព្រួយបារម្ភអំពីទំហំនៃការស្រាវជ្រាវរបស់ប្រទេសនេះនៅក្នុងវិស័យសំខាន់ៗទាក់ទងនឹងអាវុធនុយក្លេអ៊ែរ រួមទាំងវិទ្យាសាស្ត្រ សម្ភារៈកម្រិតខ្ពស់ រូបវិទ្យារលកសម្ពាធខ្លាំង រូបវិទ្យានុយក្លេអ៊ែរ និងរូបវិទ្យានឺត្រុង ដែលពាក់ព័ន្ធនឹងសាកលវិទ្យាល័យចំនួន ៣០ ទូទាំងប្រទេសនេះ ។ ទីភ្នាក់ងារសារព័ត៌មាន SVR បាននិយាយថា៖«កន្លែងស្រាវជ្រាវទាំងនោះ រួមមានវិទ្យាស្ថានបច្ចេកវិទ្យា Karlsruhe សាកលវិទ្យាល័យ Ruhr Bochum សាកលវិទ្យាល័យ Ludwig Maximilian នៃទីក្រុង Munich សាកលវិទ្យាល័យ RWTH Aachen និងសាកលវិទ្យាល័យបច្ចេកទេសនៃទីក្រុងប៊ែរឡាំង។ ការពិសោធជាក់ស្តែងត្រូវបានធ្វើឡើង នៅរ៉េអាក់ទ័រស្រាវជ្រាវចំនួន ៦ ដែលកំពុងដំណើរការ នៅក្នុងស្ថាប័នទាំងនេះ»។យោងតាមសេចក្តីថ្លែងការណ៍នេះ មន្ត្រីណាតូនៅទីក្រុងប្រ៊ុចសែល ក៏បានចង្អុលបង្ហាញពីវិធីសាស្រ្តយ៉ាងល្អិតល្អន់របស់ប្រទេសអាល្លឺម៉ង់ និងការសម្របសម្រួលអន្តរភ្នាក់ងារយ៉ាងជិតស្និទ្ធក្នុងការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ការផលិត និងការផលិតឧស្សាហកម្មនៃគ្រឿងផ្ទុះថាមពលខ្ពស់ និងប្រព័ន្ធបំផ្ទុះអេឡិចត្រូ និក៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
07/25/2026 05:07 PM
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM