ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

គុយបាអំពាវនាវរកជំនួយពីអន្តរជាតិ ដោយសារសម្ពាធរបស់សហរដ្ឋ​អាមេរិក

2026/05/27 04:35:05 pm        59
នៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាល​ពី​ថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla បានស្នើសុំជំនួយជាបន្ទាន់ពីសហគមន៍អន្តរជាតិ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយនៅក្នុងប្រទេសរបស់លោក ដែលស្ថិតនៅក្រោមការបិទខ្ទប់​ផ្លូវថាមពលដោយ​សហរដ្ឋអាមេរិក។លោក Rodriguez បាននិយាយ​ថា៖ «ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យ​មាន​វិធានាករ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌ ដែលអាចត្រូវបានដាក់ចេញតាមរយៈអាវុធ ឬការបិទ​ផ្លូវប្រេងឥន្ធនៈ។ ឥឡូវនេះ គួរតែជាពេលវេលា សម្រាប់ការមាន​សាមគ្គីភាពជាមួយគុយបា»។ប្រធានាធិបតីអាមេរិក លោក Donald Trump បានពិចារណា​យ៉ាងបើកចំហ អំពីការគ្រប់គ្រង​លើគុយបា ដែល​ជា​​ប្រទេសកុម្មុយនីស្ត ដោយនិយាយថា បន្ទាប់ពីមាន​ការវាយប្រហាររបស់សហរដ្ឋអាមេរិក កាលពីខែមករា ដែលបានទម្លាក់​លោក Nicolas Maduro ពី​តំណែង​ប្រធានាធិបតី​របស់​ប្រទេសវ៉េណេស៊ុយអេឡា ទីក្រុងឡាហាវ៉ាន​ អាចជាគោលដៅបន្ទាប់របស់លោក សម្រាប់វិធានការ​យោធា និងការផ្លាស់ប្តូរដ៏ធំ។ដោយសារតែជា​ផ្នែកនៃការហាមឃាត់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ចេញ បន្ទាប់ពីលោក Fidel Castro ឡើងកាន់អំណាចនៅឆ្នាំ១៩៥៩ ប្រជាជនគុយបាបានរងទុក្ខវេទនាដោយសារស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់អស់រយៈពេលជាច្រើនឆ្នាំ ដោយខ្វះខាតស្បៀងអាហារ ថ្នាំពេទ្យ និងមូលដ្ឋានគ្រឹះផ្សេងទៀត៕

ចិន៖ ផែនការត្រួតពិនិត្យដែនសមុទ្ររបស់​ក្រុម​ Quad បង្ក​ជា​ហានិភ័យ​​ធ្វើឲ្យ​ខូចទំនុកចិត្ត ក្នុងតំបន់

2026/05/27 04:30:54 pm        41
កាលពីថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) ប្រទេសចិនបានរិះគន់កិច្ចសន្ទនាសន្តិសុខ ៤ភាគី​​ ឬក្រុម​ Quad បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីៗ ស្ដីពី​សន្តិសុខដែនសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងថាមពល។អំឡុង​ពេល​និយាយ​នៅឯ​សន្និសីទសារព័ត៌មានប្រចាំថ្ងៃ​ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី​ Mao Ning បានបញ្ជាក់​ថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង​នេះ គួរតែរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ហើយ «មិនគួរកំណត់គោលដៅភាគីទី៣ ណាមួយឡើយ»។ជាការ​ឆ្លើយតបទៅនឹងសំណួរ អំពីគំនិតផ្តួចផ្តើមត្រួតពិនិត្យដែនសមុទ្រថ្មី ដែលបានចាប់ផ្តើមដោយប្រទេសទាំង៤ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោកស្រី​ Mao បាននិយាយ​ថា៖ «យើងមិនគាំទ្រការបង្កើតក្រុម​តូចៗផ្ដាច់មុខ​ ឬការប្រឈមមុខដាក់គ្នា រវាងប្លុកទេ។ កិច្ចសហប្រតិបត្តិការណាមួយ មិនគួរធ្វើឲ្យ​ខូចទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសក្នុងតំបន់ឡើយ​»។គួរបញ្ជាក់ថា បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសកាលពីថ្ងៃអង្គារ អំពីគំនិតផ្តួចផ្តើមឃ្លាំមើលដែនសមុទ្រ «ឥណ្ឌូ-ប៉ាស៊ីហ្វិក» ថ្មីមួយ ដើម្បីរួមបញ្ចូលសមត្ថភាពឃ្លាំមើលរបស់ប្រទេសទាំង ៤ និងពង្រឹងការចែករំលែកព័ត៌មានជាក់ស្តែងនៅទូទាំងតំបន់នេះ​៕

ប្រិតិបត្តិការស្វែងរកអ្នកភូមិ ៧នាក់ជាប់ក្នុងរូងភ្នំ នៅឡាវ បន្តដល់​ថ្ងៃ​ទី៧ ហើយ​

2026/05/27 04:28:57 pm        35
ប្រតិបត្តិការស្វែងរកអ្នកភូមិ ៧នាក់ដែលជាប់ក្នុងរូងភ្នំលិចទឹក នៅភាគ​កណ្តាលប្រទេសឡាវ បានចូលដល់ថ្ងៃទី៧ ហើយ នៅថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ​២០២៦) ខណៈដែលក្រុមអ្នកជួយសង្គ្រោះ បានប្រឈម​នឹងឧបសគ្គ​ ដោយ​សារ​សណ្ឋាន​ដី​លំបាក និងអាកាសធាតុមិន​អំណោយ​ផល​ ខណៈពេលដែលពួកគេព្យាយាមទៅឲ្យ​ដល់ក្រុមមនុស្ស​ដែលស្ថានភាពរបស់ពួកគេ នៅមិនទាន់ដឹងយ៉ាង​ណា​។យោងតាមក្រុមជួយសង្គ្រោះ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការនេះ បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ទាំង​នោះ បាន​ចូល​ទៅក្នុង​រូង​ភ្នំ នៅ​ក្នុង​ខេត្ត Xaisomboun កាល​ពី​ថ្ងៃ​ទី១៩ ខែឧសភា តែ​ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យ​មានទឹកជំនន់គំហុក​ភ្លាម​ៗ ហើយ​បានធ្វើ​ឲ្យ​ច្រកចេញត្រូវ​បិទជិត​។អង្គការ Rescue Volunteer for People របស់ឡាវ ដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន បានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួនថា ផែនការប្រតិបត្តិការកាលពី​ថ្ងៃអង្គារ រួមមានការរុករក​រន្ធខ្យល់ នៅពីលើរូងភ្នំ ដោយសង្ឃឹមថា នឹងកំណត់អត្តសញ្ញាណចំណុចចូលដែលអាចធ្វើទៅបាន និងកំណត់ទីតាំងមនុស្សដែលជាប់នៅក្នុង​នោះ​។បើ​យោងតាមអ្នកជួយសង្គ្រោះ បាន​ឲ្យ​ដឹង​ថា អ្នកមុជទឹកបានរុករកប្រហែល ១០០ម៉ែត្រចូលទៅក្នុងរូងភ្នំដ៏​តូចចង្អៀតដែលលិច​ទឹក​នេះ​។ ពួកគេជឿថា អ្នកភូមិអាចជាប់នៅចម្ងាយប្រហែល ៣០​ម៉ែត្រ លើសពីចំណុចឆ្ងាយបំផុត ដែលអាចចូលទៅដល់បាននាពេលនេះ​។ ពួកគេកំពុងព្យាយាម​បូមទឹកចេញពីរូងភ្នំ ដើម្បីជួយដល់កិច្ចប្រឹងប្រែងស្វែងរកនេះ​។ទីតាំងនេះស្ថិតនៅក្នុងតំបន់ដាច់ស្រយាលមួយនៃ​តំបន់ Longcheng ​របស់​ខេត្ត Xaisomboun ដែលមានចម្ងាយប្រហែល ១២០​គីឡូម៉ែត្រ នៅ​ភាគខាងជើងនៃរដ្ឋធានីវៀងចន្ទន៍។ អ្នកជួយសង្គ្រោះនៅកន្លែងកើតហេតុ បានរៀបរាប់លម្អិតនៅលើបណ្ដាញសង្គម​ អំពីសណ្ឋាន​ដី​ភ្នំ​ដ៏លំបាក និងភ្លៀងធ្លាក់ខ្លាំងដែលកំពុងរារាំងប្រតិបត្តិការនេះ៕

មេដឹកនាំកំពូលអ៊ីរ៉ង់៖ មូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ា លែងមាន​សុវត្ថិភាពហើយ ក្រោយ​ការវាយប្រហារថ្មី

2026/05/27 04:26:43 pm        33
ដំណើរ​ការចរចាកិច្ចព្រមព្រៀងសន្តិភាព រវាងរដ្ឋបាលរបស់​លោកប្រធានាធិប​តី​ Donald Trump និងអ៊ីរ៉ង់ កំពុង​ស្ថិតនៅលើផ្លូវ​ដ៏បរលាក់​មួយ កាល​ថ្ងៃអង្គារ (ទី​២៦ ខែឧសភា ឆ្នាំ២០២៦) បន្ទាប់ពីមេដឹកនាំកំពូលរបស់សាធារណរដ្ឋឥស្លាម បានព្រមានថា មូលដ្ឋានទ័ពអាមេរិក នៅតំបន់​មជ្ឈិមបូព៌ា លែងមានសុវត្ថិភាពទៀតហើយ។មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានផ្ដល់​ការព្រមាននេះ នៅក្នុងសារមួយ ក្នុង​ឱកាស​នៃ​ការ​ចាប់ផ្តើមពិធីបុណ្យ Hajj ជា​ធម្មយាត្រាប្រចាំឆ្នាំរបស់មូស្លីមទៅកាន់ទីក្រុង Mecca ពោល​គឺ​ ១ថ្ងៃបន្ទាប់ពីយោធាអាមេរិកបានបើក «ការវាយប្រហារការពារ» នៅ​ភាគខាងត្បូងអ៊ីរ៉ង់។លោក Khamenei បានបញ្ជាក់ច្បាស់​ៗ​​នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា៖ «ប្រវត្តិសាស្ត្រ​មិនអាច​ត្រឡប់ក្រោយបាន​ឡើយ​ ហើយប្រជាជាតិ និងទឹកដីនៃតំបន់នេះ​ (ប្រទេស​មជ្ឈិមបូព៌ា) នឹងលែងបម្រើជាខែល សម្រាប់មូលដ្ឋានទ័ពអាមេរិកទៀតហើយ»។គួរ​បញ្ជាក់​ថា ទីក្រុងតេអេរ៉ង់បានកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិក និងហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងតំបន់ម្តងហើយម្តងទៀត ចាប់តាំងពីការវាយប្រហារបានចាប់ផ្តើមកាល​ពី​ចុងខែកុម្ភៈ។ សមាជិកយោធាអាមេរិកចំនួន ៦នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលមាន​វាយប្រហារដោយយាន​ដ្រូន​ កាលពីខែមីនា លើការិយាល័យបណ្តោះអាសន្នមួយ នៅក្នុងប្រទេសគូវ៉ែត។មេដឹកនាំអ៊ីរ៉ង់បានបន្ថែម​នៅ​ថ្ងៃ​អង្គារ​នោះ​ថា៖ «ក្រៅពីលែងមានកន្លែងសុវត្ថិភាព សម្រាប់ការឈ្លានពាន និងមូលដ្ឋានទ័ពនៅក្នុងតំបន់នេះហើយ​នោះ​ សហរដ្ឋ​អាមេរិកកំពុងតែទៅកាន់​តែ​ឆ្ងាយ​ពីឋានៈពីមុនរបស់ខ្លួនបន្តិច​ម្ដង​ៗ​»៕

បេសកជន​រុស្ស៊ី៖ ប្រទេស​ឈូង​សមុទ្រ​ គឺ​​ជា​ចំណាប់​ខ្មាំង​របស់​គោល​នយោបាយ​អាមេរិក នៅមជ្ឃិម​បូព៌ា

2026/05/27 04:24:10 pm        43
បេសកជនរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Vassily Nebenzia បានរិះគន់សេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីច្រកសមុទ្រ Hormuz ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយបញ្ជាក់​ថា វាគឺ​ជាការ​បង្កើត​ឡើង​ដោយ​ «ភាគី​ម្ខាង​» ហើយមិនឆ្លុះបញ្ចាំងពីបច្ច័យ​​​នាំ​ឲ្យមាន​ភាពតានតឹងក្នុងតំបន់ឡើយ​។កាលពីថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) អំឡុង​ពេល​ថ្លែងក្នុង​​សន្និសីទសារប័ត៌មាន​ នៅឯ​ទី​ស្នាក់ការកណ្តាល UN លោក Nebenzia បានអះអាងថា សេចក្ដី​ព្រាង​នេះមិនបានលើក​ឡើង​អំពីថា​ តើ​វិបត្តិនេះ​ បានចាប់ផ្តើម​ឡើង​យ៉ាង​ដូច​ម្ដេច​។នៅពេលត្រូវបាន​សួរ អំពីសេចក្តីព្រាងសេចក្តីសម្រេចដែលបានប្រកាសដោយសហរដ្ឋអាមេរិក រួមជាមួយប្រទេសបារ៉ែន និងបណ្ដា​ប្រទេសឈូងសមុទ្រពែក្ស​ គឺ​អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងកាតា ដែលត្រូវបានលើក​ឡើង​ថា មានគោលបំណងការពារសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រ​ លោកបានឆ្លើយ​តប​ថា៖ «ឥឡូវនេះ សម្រាប់​បណ្តាប្រទេសឈូងសមុទ្រ ប្រទេសទាំងអស់ គឺជាមិត្តរបស់យើង។ សម្រាប់​ការវាយប្រហារលើប្រទេសទាំងនេះ យើងថ្កោលទោសការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ប៉ុន្តែដោយមិនបានលើកឡើង ឬដោះស្រាយពីរបៀបដែលបញ្ហា​ទាំងអស់បានចាប់ផ្តើម សេចក្តីសម្រេចនេះក្លាយជាអ្វី​ដែល​បង្កើត​ឡើង​ជា​ឯកតោភាគី និង​មិន​មាន​ចំណុចសំខាន់ៗ»។លោកបានអះអាងថា អ៊ីរ៉ង់បានព្រមាន «ជាមុន» ហើយ​ថា ក្នុងករណីមានអរិភាពជាមួយទីក្រុងវ៉ាស៊ីនតោន ទីក្រុង​តេអេរ៉ង់​ «នឹងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធាដែលសហរដ្ឋអាមេរិក បានសាងសង់នៅក្នុងប្រទេសទាំងនោះ»។ លោក Nebenzia បានសង្កត់ធ្ងន់​ថា៖ «ខ្ញុំកំពុងប្រាប់ពួកគេ (បណ្ដាប្រទេស​ឈូង​សមុទ្រ​) ថា ពួក​គេគឺជាចំណាប់ខ្មាំងនៃគោលនយោបាយអាមេរិក នៅតំបន់​មជ្ឈិមបូព៌ា»។ លោក​បាន​បន្ថែមថា «យើងបាននិយាយជាយូរមកហើយថា ប្រសិនបើមានអ្វីមួយដូចនោះកើតឡើង អ្នកនឹងធ្លាក់ចូលទៅក្នុងវិបត្តិនេះ ជាមិនខាន មិនថាអ្នកចង់បាន ឬអត់​ មិនថា អ្នកមានឆន្ទៈឬអត់នោះទេ»៕

រដ្ឋមន្ត្រីការបរទេស៖ ប្រទេសប៉ូឡូញមិនមានគម្រោងជម្លៀសអ្នកទូតរបស់ខ្លួនចេញពីទីក្រុងគីវទេ

2026/05/27 04:21:37 pm        29
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានប្រាប់ទូរទស្សន៍ Polsatថា ប្រទេសនេះ មិនមានគម្រោងជម្លៀសអ្នកការទូតរបស់ខ្លួនចេញពីទីក្រុងគីវទេ បន្ទាប់ពីការព្រមានរបស់ក្រសួងការបរទេសរុស្ស៊ីអំពីការវាយប្រហារសងសឹកលើទីតាំងយោធានៅក្នុងរដ្ឋធានីអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ខ្លួន ទៅលើទីក្រុង Starobelsk។ លោកបាននិយាយថា ទោះបីជាការវិវត្តបែបនេះ អាចធ្វើទៅបានក៏ដោយ ក៏គ្មានផែនការជម្លៀសណាមួយកំពុងត្រូវបានពិចារណា នៅពេលនេះទេ។យោធាអ៊ុយក្រែនបានវាយប្រហារដោយយានដ្រូនទៅលើនៅអគារសិក្សា និងអន្តេវាសិកដ្ឋាននៃមហាវិទ្យាល័យវិជ្ជាជីវៈនៃសាកលវិទ្យាល័យគរុកោសល្យរដ្ឋ Lugansk ក្នុងទីក្រុង Starobelsk កាលពីព្រឹកព្រលឹមថ្ងៃទី ២២ ខែឧសភា។ និស្សិតរហូតដល់ ៨៦ នាក់ ដែលមានអាយុចាប់ពី ១៤ និង ១៨ ឆ្នាំ នៅខាងក្នុងនោះ នៅពេលមានការវាយប្រហារកើតឡើង។ យោងតាមរបាយការណ៍ផ្លូវការចុងក្រោយបំផុត មនុស្ស ២១ នាក់ ត្រូវបានសម្លាប់ និងជាង ៤០នាក់ ផ្សេងទៀត រងរបួស។ យោងតាមលោក Leonid Pasechnik មេដឹកនាំសាធារណរដ្ឋប្រជាមានិត Luhansk ( LPR) កុមាររហូតដល់ ៦៥នាក់ បានរងរបួសនៅក្នុងការវាយប្រហារនោះ៕

អ្នក​ការ​ទូត​ជាន់ខ្ពស់ចិន​ លោក​ Wang រិះគន់​លោក Trump ដោយ​ប្រយោល​ ពី UN

2026/05/27 04:18:42 pm        38
អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន បានវាយ​ប្រហារ​ដោយ​ប្រយោល​ ចំពោះគោលនយោបាយការបរទេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ពីអង្គការសហប្រជាជាតិ (UN) ដោយប្រើប្រាស់សុន្ទរកថាមួយ ដើម្បីរិះគន់​សង្គ្រាមរបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ និងវិធីសាស្រ្តរបស់រដ្ឋបាលនេះ ចំពោះអង្គការពិភពលោក​។កាល​ពី​ថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នៅឯ​កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដែលលោកបានធ្វើជាប្រធាន​ ដើម្បីពិភាក្សាអំពីធម្មនុញ្ញ UN ក៏ដូចជា​​សន្តិភាព និងសន្តិសុខអន្តរជាតិ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានលើក​ឡើង​ថា៖ «វិធានការ​យោធាជា​ឯកតោភាគីណាមួយ ដែលគេចវេសពីអាណត្តិរបស់ក្រុមប្រឹក្សា គឺមិនអាចទទួលយកបានឡើយ​»។សុន្ទរកថា​របស់​លោក​រដ្ឋមន្ត្រីរូបនេះ កើត​មាន​ឡើង​មិន​ដល់​ ២សប្តាហ៍ផង បន្ទាប់ពីលោក Trump បានជួបជាមួយមេដឹកនាំចិន លោក Xi Jinping នៅទីក្រុងប៉េកាំង ជាទី​ដែលប្រធានាធិបតីអាមេរិក បានទទួលការព្រមានយ៉ាងម៉ឺងម៉ាត់ ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់ និងការ​មាន​ជំនួយតិចតួច ក្នុងការស្វែងរកដំណោះស្រាយការទូត ចំពោះសង្គ្រាមសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅអ៊ីរ៉ង់។ជាមួយ​គ្នា​នេះ លោក Wang ក៏បានលើកឡើងផង​ដែរ​ពីកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការដកមូលនិធិពី UN ដកខ្លួនចេញពីភ្នាក់ងាររាប់សិបរបស់ស្ថាប័ននេះ​ និងបង្កើត​ស្ថាប័នថ្មី​ជំនួសមួយ គឺ​​ក្រុមប្រឹក្សាសន្តិភាព (Board of Peace) របស់លោក Trump ដែលទទួលបានការគាំទ្រពីក្រុមប្រឹក្សាសន្តិសុខ UN ជាគំនិតផ្តួចផ្តើមការទូតដែលផ្តោតលើតំបន់ហ្កាហ្សា មុនពេលលោក Trump បានលើក​ឡើង​ថា «វាអាច» ជំនួសអង្គការសកលដែលត្រូវបានបង្កើតឡើងតាំង​ពី​ឆ្នាំ១៩៤៥​។លោក Wang បានសង្កត់ធ្ងន់​ថា៖ «UN គឺជាចំណុចកណ្តាលនៃប្រព័ន្ធអន្តរជាតិ ក្រោយសង្គ្រាម ដែល​តួនាទីរបស់ស្ថាប័ន​នេះ គួរតែត្រូវបានពង្រឹង មិនមែនធ្វើ​ឲ្យ​ចុះខ្សោយទេ ហើយជំហររបស់សា្ថប័ននេះ ត្រូវបានរក្សា មិនមែនបង្កើត​ជំនួស​ឡើយ​។ រដ្ឋជាសមាជិកគួរតែបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេ ជាមួយនឹងការ​មាន​សកម្មភាពជាក់ស្តែង»។ការកត់សម្គាល់របស់មន្ត្រីជាន់ខ្ពស់ចិនរូបនេះ មានគោលបំណងសំដៅ​ទៅលើការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើឲ្យ​ខូច និងផ្លាស់ប្តូរអាទិភាពរបស់ UN ដោយការដកមូលនិធិសំខាន់ៗពី UN ជា​ចំណាត់ការដែលបានបង្កឲ្យ​មានវិបត្តិហិរញ្ញវត្ថុនៅក្នុង​អង្គការដែលមានមូលដ្ឋាននៅទីក្រុង New York មួយ​នេះ​​៕

នាយករដ្ឋមន្ត្រីអេស្ប៉ាញ៖ ភាពអត់ឃ្លានកំពុងក្លាយជា «អាវុធមានតម្លៃថោកជាងមីស៊ីល»

2026/05/27 04:16:28 pm        48
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយកាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ថា ភាពអត់ឃ្លានកំពុងក្លាយជា «អាវុធដែលមានតម្លៃថោកជាងមីស៊ីល» ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមួយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ លោកកំពុងចូលរួមកិច្ចប្រជុំនៅអង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ ស្តីពីផលប៉ះពាល់នៃជម្លោះនៅអ៊ីរ៉ង់លើសន្តិសុខស្បៀងពិភពលោក។ថ្លែងទៅកាន់កិច្ចប្រជុំនៅទីស្នាក់ការកណ្តាលរបស់អង្គការហ្វៅ(FAO) លោក Sanchez និយាយថា មានការវាយប្រហារជាច្រើនលើកទៅលើទីផ្សារ ដីកសិកម្ម និងប្រព័ន្ធចែកចាយស្បៀង ត្រូវបានកត់ត្រាទុក «ជាពិសេសនៅតំបន់ហ្កាហ្សា ជាកន្លែងដែលមនុស្សមួយចំនួនស្វែងរកការឈ្នះសង្គ្រាមដោយការបង្អត់អាហារប្រជាជននៅទីនោះ»។លោក Sanchez ត្រូវបានអមដំណើរដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Luis Planas ដែលជាបេក្ខជន សម្រាប់តំណែងប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិរបស់ប្រទេសអេស្ប៉ាញ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសអ៊ីតាលី។

ការបិទច្រកសមុទ្រហ័រមូស ធ្វើឲ្យពាណិជ្ជកម្ម និងជំនួយសម្រាប់អាហ្វហ្គានីស្ថានជាប់គាំង

2026/05/27 04:14:20 pm        33
នៅពេលដែលប្រទេសអាហ្វហ្គានីស្ថានដែលគ្មានសមុទ្រ និងប្រទេសជិតខាងប៉ាគីស្ថាន បានចាប់ផ្តើមប្រយុទ្ធគ្នាកាលពីចុងឆ្នាំមុន ហើយច្រកព្រំដែនរបស់ពួកគេ ត្រូវបានបិទ ជនជាតិអាហ្វហ្គានីស្ថានបានងាកទៅរកប្រទេសជិតខាងភាគខាងលិចរបស់ពួកគេ គឺអ៊ីរ៉ង់ ដើម្បីជំនួសមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់របស់ប្រទេសប៉ាគីស្ថាន គឺទីក្រុងការ៉ាជី (Karachi)។ពួកគេបានប្តូរផ្លូវដឹកជញ្ជូនឆ្លងកាត់កំពង់ផែ Bandar Abbas របស់អ៊ីរ៉ង់ ប៉ុន្តែមិនយូរប៉ុន្មានទេ។ កំពង់ផែនេះ គឺស្ថិតនៅលើច្រកសមុទ្រហ័រមូស ជាកន្លែងដែលសង្គ្រាមបានធ្វើឲ្យនាវារាប់រយគ្រឿង និងនាវិករាប់ពាន់នាក់ ជាប់គាំង។ ទន្ទឹមនឹងនេះ កុងតឺន័រផ្ទុកទំនិញនិងជំនួយរាប់ពាន់គ្រឿងដែលមានទិសដៅទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ត្រូវជាប់គាំង នៅក្នុងប្រទេសប៉ាគីស្ថាន។សម្រាប់អាជីវកម្ម និងក្រុមជំនួយរបស់អាហ្វហ្គានីស្ថាន ការបាត់បង់ផ្លូវពាណិជ្ជកម្មទាំងពីរ គឺកំពុងបង្កហន្តរាយដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ដែលប្រតិបត្តិការនៅអាហ្វហ្គានីស្ថានរបស់ខ្លួន រួមមានអាហារបំប៉នសង្គ្រោះជីវិតសម្រាប់ម្តាយ និងកុមារដែលខ្វះអាហារូបត្ថម្ភ និងនំប៊ីសស្គីដែលសម្បូរដោយវីតាមីនសម្រាប់ក្មេងសិស្សសាលា បានឃើញថ្លៃដឹកជញ្ជូនកើនឡើងយ៉ាងខ្លាំង និងការផ្គត់ផ្គង់ ត្រូវបានបញ្ឈប់៕

កងទ័ពនីហ្សេរីយ៉ា សម្លាប់ភេរវករ៣០០នាក់ និងជួយសង្គ្រោះជនរងគ្រោះពីការចាប់ជំរិត ២២១នាក់

2026/05/27 04:12:05 pm        34
យោធាបាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពប្រទេសនីហ្សេរីយ៉ា បានសម្លាប់ភេរវករដែលសង្ស័យ ចំនួន ៣១៧នាក់ និងចាប់ខ្លួន៣១៤នាក់ផ្សេងទៀតនៅក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មជាបន្តបន្ទាប់នៅទូទាំងប្រទេសក្នុងខែឧសភានេះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែ អ្នកនាំពាក្យយោធាលោក Michael Onoja បាននិយាយថា ប្រតិបត្តិការនេះក៏បាននាំឱ្យមានការជួយសង្គ្រោះជនរងគ្រោះពីការចាប់ជំរិត ២២១នាក់ និងភេរវករដែលសង្ស័យ១៨នាក់ បានចុះចាញ់។យោងតាមលោក Onoja បានឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានអនុវត្តរួមគ្នាដោយកងកម្លាំងទ័ពអាកាស ទ័ពជើងគោក និងជើងទឹក ក្នុងការសម្របសម្រួលជាមួយទីភ្នាក់ងារសន្តិសុខផ្សេងទៀត។ លោក Onoja បាននិយាយបន្ថែមថា កងទ័ពបានរកឃើញអាវុធចំនួន៩៣ដើមមានប្រភេទផ្សេងៗគ្នា និងបានបំផ្លាញទីតាំងចម្រាញ់ប្រេងខុសច្បាប់ចំនួនបីកន្លែង ខណៈរឹបអូសផលិតផលប្រេងឥន្ធនៈដែលត្រូវបានលួចរាប់ម៉ឺនលីត្រ ។មន្ត្រីយោធារូបនេះ និយាយថា ប្រតិបត្តិការ បានបង្ហាញពីសម្ពាធជាប់ជាប្រចាំលើបណ្តាញភេរវករ ក្រុមឧក្រិដ្ឋជន និងក្រុមចោរកម្មប្រេងនៅទូទាំងប្រទេស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM