ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ

សង្គ្រាមអ៊ីរ៉ង់ប៉ះពាល់ការផ្គត់ផ្គង់សារធាតុប៉ូលីយេស្ទ័ររបស់អាស៊ី ចំពោះម៉ូដសម្លៀកបំពាក់តម្លៃទាបសកល

2026/04/24 03:59:43 pm        46
តម្លៃឥន្ធនៈហ្វូស៊ីលឡើងខ្ពស់ ចាប់តាំងពីមានសង្គ្រាមអ៊ីរ៉ង់ កំពុងធ្វើឲ្យក្រុមហ៊ុនផ្គត់ផ្គង់សារធាតុប៉ូលីយេស្ទ័រ (Polyester) និងក្រុមហ៊ុនផលិតសម្លៀកបំពាក់ជួបការលំបាក នៅទូទាំងប្រទេសឥណ្ឌា និងបង់ក្លាដែស ដោយគំរាមកំហែងធ្វើឲ្យមានការចំណាយខ្ពស់ សម្រាប់អ្នកលក់រាយម៉ូដសម្លៀកបំពាក់ផលិតលឿន ឬតម្លៃទាប ដូចជា Zara និង H&M ជាដើម។នាយកគ្រប់គ្រង លោក Madhu Sudhan Bhageria បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមហ៊ុន Filatex (FLTX.NS) ដែលជាក្រុមហ៊ុនផលិតអំបោះប៉ូលីយេស្ទ័រធំបំផុតមួយរបស់ឥណ្ឌា កំពុងចំណាយប្រាក់ជិត ៣០ភាគរយបន្ថែមទៀត សម្រាប់វត្ថុធាតុដើមដែលមានប្រភពមកពីប្រេងឥន្ធនៈ ខណៈដែលក្រុមផ្គត់ផ្គង់ចិន ដំឡើងថ្លៃ ហើយការផ្គត់ផ្គង់ នៅតំបន់មជ្ឈិមបូព៌ា ត្រូវបានរំខាន។ការលំបាក កំពុងត្រូវប៉ះពាល់នៅទូទាំងខ្សែច្រវាក់ផ្គត់ផ្គង់សម្លៀកបំពាក់ ដែលគ្របដណ្ដប់ដោយតំបន់អាស៊ី។ លោក Avichal Arya នាយកប្រតិបត្តិនៃក្រុមហ៊ុន Bindal Silk Mills ដែលផ្គត់ផ្គង់ក្រណាត់ប៉ូលីយេស្ទ័រជ្រលក់ពណ៌ និងបោះពុម្ពដល់អ្នកលក់រាយ រួមមាន H&M ផងដែរ ម្ចាស់សម្លៀកបំពាក់ម៉ាក Zara គឺក្រុមហ៊ុន Inditex រួមនឹងក្រុមហ៊ុនផ្សេងទៀត បានលើកឡើងថា វិបត្តិថាមពលបានជំរុញឲ្យការចំណាយលើសារធាតុគីមី និងថ្នាំជ្រលក់ហក់ឡើងយ៉ាងខ្លាំង។បន្ថែមពីលើការលំបាករបស់លោក លោក Arya បាននិយាយថា កង្វះខាតឧស្ម័នចម្អិនអាហារ ដោយសារតែសង្គ្រាម បានជំរុញឲ្យកម្មករចំណាកស្រុកជាច្រើនចាកចេញពីតំបន់ Surat ដែលជាមជ្ឈមណ្ឌលវាយនភណ្ឌមួយ នៅក្នុងរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌា។ លោកបានបន្ថែមថា៖ «យើងមិនអាចបំពេញតម្រូវការនៃការបញ្ជាទិញសកលបានយ៉ាងមានប្រសិទ្ធភាពឡើយ នាពេលបច្ចុប្បន្ននេះ៕

អាមេរិក៖ កីឡាករអ៊ីរ៉ង់ត្រូវបានស្វាគមន៍នៅ World Cup អំឡុងមានពាក្យចចាមអារ៉ាម ពាក់ព័ន្ធអ៊ីតាលី

2026/04/24 03:54:26 pm        153
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) ថា កីឡាករបាល់ទាត់របស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ នឹងត្រូវបានស្វាគមន៍នៅឯព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ដោយបដិសេធពីការលើកឡើងដែលថា សហរដ្ឋអាមេរិកអាចយកអ៊ីតាលីជំនួសកន្លែងរបស់ពួកគេ នៅក្នុងការប្រកួត។អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval Office លោក Rubio បានបដិសេធថា ទីក្រុងវ៉ាស៊ីនតោនមិនបានស្នើសុំឲ្យក្រុមអ៊ីរ៉ង់កុំឲ្យមកចូលរួមព្រឹត្តិការណ៍ World Cup នោះឡើយ ប៉ុន្តែបានព្រមានថា សហរដ្ឋអាមេរិកអាចនឹងហាមឃាត់មិនឲ្យចូល ចំពោះសមាជិកនៃគណៈប្រតិភូអ៊ីរ៉ង់ ដែលខ្លួនវិនិច្ឆ័យថា មានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) របស់ទីក្រុងតេអេរ៉ង់ ដែលត្រូវបានចាត់ទុកថា ជាអង្គការភេរវកម្មដោយទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលជាច្រើនទៀត។លោកបានបន្ថែមថា៖ «បញ្ហាជាមួយអ៊ីរ៉ង់ វាមិនមែនជាបញ្ហាអត្តពលិកទេ វាគឺជាបញ្ហាជាមួយមនុស្សមួយចំនួនផ្សេងទៀត (ដែលពួកគេ) ចង់ធ្វើដំណើរមកជាមួយ ដែលខ្លះមានទំនាក់ទំនងជាមួយ IRGC។ យើងប្រហែលជាមិនអាចអនុញ្ញាតឲ្យពួកគេចូលប្រទេសបានទេ ប៉ុន្តែអត្តពលិកផ្ទាល់ មិនមានបញ្ហាទេ»។គួរបញ្ជាក់ថា លោក Rubio បានឆ្លើយតបទៅនឹងការរាយការណ៍ ជុំវិញសំណើពីបេសកជនពិសេសអាមេរិកដែលកើតនៅប្រទេសអ៊ីតាលី គឺលោក Paolo Zampolli ដែលបានប្រាប់សារព័ត៌មាន Financial Times ថា លោកបានលើកឡើងនូវគំនិត ក្នុងការយកក្រុមជម្រើសជាតិអ៊ីតាលី ជំនួសកន្លែងប្រកួតបាល់ទាត់ពិភពលោករបស់អ៊ីរ៉ង់ទៅប្រធានាធិបតីអាមេរិក លោក Donald Trump និង FIFA (សហព័ន្ធបាល់ទាត់អន្តរជាតិ)។ សំណើនេះត្រូវបានរដ្ឋាភិបាលអ៊ីតាលី និងរដ្ឋមន្ត្រីកីឡា បដិសេធមិនទទួលយក កាលពីព្រឹកថ្ងៃព្រហស្បតិ៍៕

ប្រព័ន្ធផ្សព្វផ្សាយ៖ នាវាដឹកទំនិញអ៊ីរ៉ង់ទៅដល់កំពង់ផែ ក្រោយមានការប៉ុនប៉ងរឹបអូសដោយអាមេរិក

2026/04/24 03:51:38 pm        142
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) ថា នាវាដឹកទំនិញអ៊ីរ៉ង់ ១គ្រឿងដែលដឹកអង្ករ បានទៅដល់កំពង់ផែហើយ បន្ទាប់ពីមានការរាយការណ៍ពីការប៉ុនប៉ងរឹបអូសរបស់សហរដ្ឋអាមេរិក នៅក្នុងសមុទ្រអូម៉ង់។ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានឲ្យដឹងថា នាវាដឹកទំនិញ បានឆ្លងកាត់សមុទ្រអូម៉ង់ដោយសុវត្ថិភាពមុនពេលទៅដល់កំពង់ផែ។ សារព័ត៌មាននេះបានបន្ថែមថា នាវានេះត្រូវបានអមដំណើរដោយអង្គភាពកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC)។អ៊ីរ៉ង់បានបញ្ជាក់អះអាងកាលពីថ្ងៃចន្ទថា កងកម្លាំងអាមេរិក បានរឹបអូសនាវាដឹកទំនិញដែលមានទង់ជាតិអ៊ីរ៉ង់ ១គ្រឿង នៅក្នុងឈូងសមុទ្រអូម៉ង់ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភលើបទឈប់បាញ់ និងព្រមានសងសឹកវិញ។កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុករួមគ្នា លើអ៊ីរ៉ង់ដែលបានសងសឹកដោយការវាយប្រហារលើអ៊ីស្រាអែល និងប្រទេសក្នុងតំបន់ផ្សេងទៀតដែលមានមូលដ្ឋានរបស់សហរដ្ឋអាមេរិក។ប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៣.៣០០នាក់ មុនពេលទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ បានប្រកាសបទឈប់បាញ់រយៈពេល ២សប្តាហ៍ នៅថ្ងៃទី៨ ខែមេសា ដែលសម្របសម្រួលដោយប៉ាគីស្ថាន។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីការពន្យារបទឈប់បាញ់ដោយគ្មានកំណត់នៅថ្ងៃទី២១ ខែមេសា៕

នាវាផ្ទុកយន្តហោះទី៣ របស់សហរដ្ឋអាមេរិក ទៅដល់តំបន់ទទួលខុសត្រូវរបស់ទីបញ្ជាការកណ្តាល

2026/04/24 03:49:37 pm        129
នាវាផ្ទុកយន្តហោះទី៣ របស់សហរដ្ឋអាមេរិក គឺ USS George H.W. Bush (Bush) កម្រិត Nimitz (នាវាកម្រិតធំ) និងនាវាចម្បាំងអមដំណើរ បានទៅដល់តំបន់ទទួលខុសត្រូវដោយទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលត្រួតពិនិត្យប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការប្រកាសរបស់ទីបញ្ជាការនេះ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦)។ទីបញ្ជាការនេះ បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា នាវា Bush ដែលបានចាកចេញពីទីតាំងកងទ័ពជើងទឹក Norfolk ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីចុងខែមីនា ឥឡូវនេះកំពុងស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា។ បើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនានា បានឲ្យដឹងថា នាវាផ្ទុកយន្តហោះ ២គ្រឿងផ្សេងទៀតដែលបានដាក់ពង្រាយរួចហើយ នៅតំបន់មជ្ឈិមបូព៌ា គឺ USS Abraham Lincoln និង USS Gerald R. Ford កំពុងស្ថិតនៅក្នុងសមុទ្រអារ៉ាប់ និងសមុទ្រក្រហម រៀងៗខ្លួន។ប្រព័ន្ធផ្សព្វផ្សាយ CNN កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកមួយរូប បានរាយការណ៍ថា គិតត្រឹមថ្ងៃចន្ទ នៅពេលដែលនាវា Bush កំពុងធ្វើដំណើរ កងទ័ពជើងទឹកសហរដ្ឋអាមេរិក មាននាវាចម្បាំងចំនួន ១៩គ្រឿងហើយ នៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមទាំងនាវាផ្ទុកយន្តហោះ ២គ្រឿង និងនាវា ៧គ្រឿង នៅមហាសមុទ្រឥណ្ឌា។កងកម្លាំងសហរដ្ឋអាមេរិកបានបង្វែរទិសដៅនាវាយ៉ាងហោចណាស់ ៣៣គ្រឿង ទៅ ឬមកពីកំពង់ផែអ៊ីរ៉ង់ នៅជិតច្រកសមុទ្រ Hormuz គិតត្រឹមថ្ងៃព្រហស្បតិ៍ ចាប់តាំងពីពួកគេបានចាប់ផ្តើមអនុវត្តការបិទខ្ទប់ នៅថ្ងៃទី១៣ ខែមេសា៕

រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ អ៊ីស្រាអែលរង់ចាំភ្លើងខៀវពីអាមេរិក ដើម្បីធ្វើឲ្យអ៊ីរ៉ង់វិលទៅយុគថ្មរំលីងវិញ

2026/04/24 03:44:41 pm        150
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា) បាននិយាយថា អ៊ីស្រាអែល «ត្រៀមរួចជាស្រេច ដើម្បីចាប់ផ្ដើមសង្គ្រាមឡើងវិញ ប្រឆាំងនឹងអ៊ីរ៉ង់» ដោយបន្ថែមថា ប្រទេសរបស់លោក កំពុងរង់ចាំការផ្ដល់ភ្លើងខៀវពីសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យអ៊ីរ៉ង់ត្រលប់ទៅ «យុគសម័យថ្ម ឬយុគថ្មរំលីង» វិញ។នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ លោក Katz បានបញ្ជាក់ថា៖ «កងកម្លាំង IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) បានត្រៀមខ្លួនរួចជាស្រេច ទាំងផ្នែកការពារ និងការវាយលុក ក៏ដូចជាគោលដៅដែលត្រូវបានកំណត់»។ លោកបានបន្ថែមថា៖ «យើងកំពុងរង់ចាំការផ្ដល់ភ្លើងខៀវពីសហរដ្ឋអាមេរិក ដែលមានភាពសំខាន់បំផុត ក្នុងការលុបបំបាត់សន្តតិវង្ស Khamenei ទាំងស្រុងតែម្ដង ហើយបន្ថែមពីលើនេះ គឺដើម្បីបញ្ជូនឲ្យអ៊ីរ៉ង់វិលត្រលប់ទៅកាន់យុគសម័យខ្មៅងងឹត និងយុគសម័យថ្មវិញ ដោយការបំផ្លាញទីតាំងថាមពល និងអគ្គិសនីសំខាន់ៗ និងរុះរើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិរបស់ប្រទេសនេះ»។គួរបញ្ជាក់ថា ការវាយប្រហារដំបូង រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៃសង្គ្រាម កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ដែលកូនប្រុសរបស់លោក ក្រោយមកបានឡើងស្នងតំណែង ប៉ុន្តែមិនទាន់បានបង្ហាញខ្លួនជាសាធារណៈនៅឡើយទេ ដោយនេះបង្កើតបានជាការសង្ស័យ ជុំវិញស្ថានភាពរបស់លោក ដែលថា តើលោកនៅមានជីវិតដែរ ឬអត់។ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី២១ ខែមេសា បានប្រកាសពីការពន្យារបទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយឥតកំណត់ ដែលបានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ដើម្បីបង្កើតឱកាស សម្រាប់ការចរចាជាមួយទីក្រុងតេអេរ៉ង់៕

បទបញ្ជាវាយប្រហាររបស់លោក Trump បង្ហាញពីគ្រោះថ្នាក់របស់ «កងនាវាតូចៗ» របស់អ៊ីរ៉ង់

2026/04/24 03:40:06 pm        164
បទបញ្ជារបស់ប្រធានាធិបតីអាមរិក លោក Donald Trump ឲ្យវាយប្រហារទូកប្រដាប់អាវុធរបស់អ៊ីរ៉ង់ គឺជាសញ្ញាចុងក្រោយបង្អស់ ដែលបង្ហាញថា យុទ្ធសាស្ត្រប្រយុទ្ធមិនស៊ីមេទ្រី ក្នុងសង្គ្រាម កំពុងក្លាយជាឧបសគ្គដល់កងទ័ពជើងទឹកដ៏ខ្លាំងក្លាបំផុតរបស់ពិភពលោក ដោយយន្តហោះ និងនាវាពិឃាតរបស់សហរដ្ឋអាមេរិកត្រូវបានបង្ខំតាមដានហ្វូងទូកល្បឿនលឿនដែលកំពុងធ្វើដំណើរយ៉ាងលឿនរហ័ស នៅក្នុងផ្លូវទឹកដឹកជញ្ជូនថាមពលដ៏សំខាន់មួយ។កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) តាមរយៈសារនៅលើបណ្ដាញសង្គម លោក Trump បាននិយាយថា៖ «ខ្ញុំបានបញ្ជាឲ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិកបាញ់កម្ទេចទូកណាមួយ ទោះបីជាទូកតូចៗក៏ដោយ»។ លោកបានអះអាងថា នាវាទាំងនោះកំពុងដាក់មីននៅក្នុងច្រកសមុទ្រ Hormuz។គោលដៅ ពោលគឺជាអ្វីដែលត្រូវបានគេហៅថា «កងនាវាមូស» របស់អ៊ីរ៉ង់ ត្រូវបានមន្ត្រីអាមេរិកដឹងពីការគំរាមកំហែងរបស់វាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយអ្នកសាកល្បងអាវុធ តែងតែវាយតម្លៃជាប្រចាំនូវសមត្ថភាពរបស់នាវាចម្បាំងថ្មីៗ ក្នុងការទប់ទល់នឹងទូកល្បឿនលឿនតូចៗទាំងនោះ។តែអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយសម្រាលពីការគំរាមកំហែងដោយ «ទូកប្រដាប់អាវុធល្បឿនលឿន» របស់អ៊ីរ៉ង់ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News កាលពីថ្ងៃទី២២ ខែមេសា ដោយទទូចថា សហរដ្ឋអាមេរិកបានបំផ្លាញសមត្ថភាពកងទ័ពជើងទឹកធម្មតារបស់អ៊ីរ៉ង់។យ៉ាងណាក្ដី ឧត្តមនាវីឯកចូលនិវត្តន៍ លោក William McRaven ដែលជាអតីតមេបញ្ជាការប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃទី២២ ខែមេសា តាមប្រព័ន្ធផ្សព្វផ្សាយ CNN ថា៖ «នេះគឺជាចំណុចមានប្រៀបដែលអ៊ីរ៉ង់មាន»។ លោក McRaven បានបន្ថែមថា៖ «សូមកុំយល់ច្រឡំ ពួកវានៅតែអាចគ្រប់គ្រងច្រកសមុទ្រ Hormuz បាន។ ទូកវាយប្រហារលឿនរហ័សនេះ ធ្វើឲ្យនាវារបស់យើងស្ថិតគ្រោះថ្នាក់ ដោយសារយានដ្រូន ក៏ដូចមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី»៕

មេដឹកនាំអ៊ីរ៉ង់ បញ្ជាក់ពីការរួបរួមជាតិ ខណៈប្ដេជ្ញាសងសឹក ស្របពេលមានរបាយការណ៍ពីជម្លោះផ្ទៃក្នុង

2026/04/24 12:57:48 pm        95
ប្រធានាធិបតី និងប្រធានសភាអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ២៣មេសាសប្ដាហ៍នេះ បានសង្កត់ធ្ងន់លើឯកភាពជាតិ និងបានសន្យាសងសឹកប្រឆាំងនឹង "អ្នកឈ្លានពាន" ណាមួយ ស្របពេលមានភាពតានតឹងក្នុងតំបន់កើនឡើង និងរបាយការណ៍ប្រកួតប្រជែងអំពីភាពតានតឹងនយោបាយផ្ទៃក្នុង។នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកប្រធានាធិបតី Masoud Pezeshkian និងប្រធានសភា លោក Mohammad Bagher Ghalibaf បាននិយាយថា អ៊ីរ៉ង់មិនបែងចែករវាង "អ្នកប្រកាន់តឹង" និង "អ្នកនិយមកណ្តាល" ទេ ដោយបន្ថែមថា "ទាំងអស់សុទ្ធតែជាជនជាតិអ៊ីរ៉ង់ និងជាអ្នកបដិវត្តន៍"។សេចក្តីថ្លែងការណ៍នេះបាននិយាយថា "ដោយមានឯកភាពជាតិ និងរដ្ឋដ៏រឹងមាំ និងការគោរពប្រតិបត្តិចំពោះមេដឹកនាំកំពូល ពួកលោកនឹងធ្វើឱ្យអ្នកឈ្លានពានសោកស្តាយចំពោះសកម្មភាពរបស់ខ្លួន។សារនេះបានសង្កត់ធ្ងន់លើឯកភាពក្រោម "ព្រះតែមួយ ប្រជាជាតិតែមួយ មេដឹកនាំតែមួយ ផ្លូវតែមួយ" ដោយហៅថាជាមូលដ្ឋានសម្រាប់ "ជ័យជម្នះរបស់អ៊ីរ៉ង់"។ មេដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតនៃប្រទេសនេះក៏បានចេញផ្សាយសេចក្តីថ្លែងការណ៍អំពាវនាវឱ្យមានឯកភាពជាតិផងដែរ។ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បាននិយាយថា គំនិតទាំងនេះបានឆ្លើយតបទៅនឹងសម្ដីរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលបានហៅការដឹកនាំរបស់អ៊ីរ៉ង់ថា "បែកបាក់យ៉ាងធ្ងន់ធ្ងរ" ខណៈប្រកាសពីការបន្តបទឈប់បាញ់៕

ការដឹកជញ្ជូនប្រេងរបស់រុស្ស៊ី ផ្តល់ភាពធូរស្រាលបណ្តោះអាសន្នក្នុងវិបត្តិប្រេងឥន្ធនៈនៅគុយបា

2026/04/24 11:50:39 am        95
នៅសប្តាហ៍នេះ ប្រជាជនគុយបា បានចាប់ផ្តើមទទួលបានប្រយោជន៍ពីការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីចំនួន ១០០.០០០តោននាពេលថ្មីៗនេះ ជាការគាំទ្រសំខាន់បណ្តោះអាសន្នសម្រាប់ប្រទេសដែលខ្វះថាមពល និងជាការដឹកជញ្ជូនប្រេងដ៏ច្រើនលើកដំបូងទៅកាន់ប្រទេសកោះមួយនេះ ចាប់តាំងពីសហរដ្ឋអាមេរិក មានចំណាត់ការកាត់បន្ថយប្រេងឥន្ធនៈកាលពីដើមឆ្នាំនេះ។នាវាដឹកប្រេង Anatoly Kolodkin បំពាក់ទង់ជាតិរុស្ស៊ី បានដឹកជញ្ជូនប្រេងឆៅ Ural របស់រុស្ស៊ីប្រហែល ៧០០.០០០បារ៉ែលកាលពីចុងខែមីនានៅឈូងសមុទ្រ Matanzas របស់ប្រទេសគុយបា ដោយប្រឈមទៅនឹងការបិទផ្លូវរបស់សហរដ្ឋអាមេរិក។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ខ្លួនបានអនុញ្ញាតឱ្យនាវាដឹកប្រេង ដឹកជញ្ជូនប្រេងសម្រាប់ហេតុផល «មនុស្សធម៌»។មន្ត្រីបាននិយាយថា ប្រេងឆៅរបស់រុស្ស៊ីដែលបានទៅដល់កាលពីពេលថ្មីៗនេះ ត្រូវបានចម្រាញ់ទៅជាផលិតផលដូចជាប្រេងសាំង ម៉ាស៊ូត និងប្រេងឥន្ធនៈ ដែលបានចាប់ផ្តើមបង្ហូរចេញពីរោងចក្រចម្រាញ់ប្រេង Cienfuegos របស់ប្រទេសគុយបា នៅថ្ងៃទី១៧ ខែមេសា។ប្រជាជនគុយបា ជាច្រើនបាននិយាយថា ពួកគេចាប់ផ្តើមមានអារម្មណ៍ធូរស្រាលពិតប្រាកដនៅសប្តាហ៍នេះ ខណៈការដាច់ចរន្តអគ្គិសនីបានថយចុះនៅក្នុងតំបន់មួយចំនួន បន្ទាប់ពីការដាច់ចរន្តអគ្គិសនីរយៈពេលជិតបួនខែ ដែលបានធ្វើឱ្យប្រជាជនចំនួន ១០ លាននាក់នៅលើប្រទេសកោះនេះ ជួបការលំបាកយ៉ាងខ្លាំង។

UN ជំរុញឱ្យមានការដោះលែងបុគ្គលិក៧៣នាក់ ដែលត្រូវបានឃុំខ្លួនដោយក្រុមហ៊ូទីជាបន្ទាន់

2026/04/24 11:48:08 am        61
នៅអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ទី ២៣ ខែមេសា អ្នកនាំពាក្យលោក Stephane Dujarric បាននិយាយថា អង្គការសហប្រជាជាតិកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបានការដោះលែងបុគ្គលិកចំនួន៧៣នាក់ដែលត្រូវបានឃុំខ្លួនខុសច្បាប់ដោយក្រុមហ៊ូទីនៅក្នុងប្រទេសយេម៉ែន ដែលពួកគេមួយចំនួនត្រូវបានឃុំខ្លួនជាច្រើនឆ្នាំមកហើយ។លោកបាននិយាយថា មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ លោក Muin Shreim បានធ្វើដំណើរទៅកាន់ទីក្រុង Muscat កាលពីថ្ងៃអង្គារ ជាកន្លែងដែលលោកបានជួបជាមួយអ្នកតំណាងក្រុមហ៊ូទី លោក Mohammed Abdulsalam មន្ត្រីមកពីប្រទេសអូម៉ង់ និងឯកអគ្គរដ្ឋទូតប្រចាំការ ដើម្បីជំរុញឱ្យមានការដោះលែងបុគ្គលិករបស់អង្គការសហប្រជាជាតិដែលត្រូវបានឃុំខ្លួនទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។លោក Dujarric បាននិយាយថា កិច្ចពិភាក្សាកំពុងបន្ត ប៉ុន្តែបានទទួលស្គាល់ថា បុគ្គលិកដែលត្រូវបានឃុំខ្លួន នៅតែស្ថិតក្នុងមន្ទីរឃុំឃាំងដោយគ្មានការបង្ហាញភស្តុតាងត្រឹមត្រូវ។ លោកបានជំរុញឱ្យរដ្ឋជាសមាជិកទាំងអស់ ជាពិសេសអ្នកមានតួនាទីនៅក្នុងតំបន់ដែលមានឥទ្ធិពលលើក្រុមហ៊ូទី ដើម្បីបង្កើនសម្ពាធ ដោយព្រមានថា ការឃុំខ្លួនកំពុងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនយេម៉ែនរាប់លាននាក់ ដែលពឹងផ្អែកលើជំនួយមនុស្សធម៌។

ក្រុមទូកលឿនច្រើនគ្រឿងរបស់អ៊ីរ៉ង់ បន្ថែមលើការគំរាមដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz

2026/04/24 11:45:09 am        73
ការប្រើប្រាស់ក្រុមទូកល្បឿនលឿនតូចៗជាច្រើនគ្រឿងរបស់អ៊ីរ៉ង់ ដើម្បីរឹបអូសនាវាដឹកទូរទំនិញពីរគ្រឿង នៅជិតច្រកសមុទ្រ Hormuz អាចធ្វើឱ្យប៉ះពាល់ដល់ការលើកឡើងថា កងកម្លាំងសហរដ្ឋអាមេរិក បានបិទការគំរាមកំហែងកងទ័ពជើងទឹករបស់ខ្លួន និងបង្ហាញពីបញ្ហានានាដែលប្រឈមនឹងការបើកឡើងវិញផ្លូវនាំចេញប្រេងសំខាន់បំផុតមួយរបស់ពិភពលោក។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានទទួលស្គាល់ថា ខណៈកងទ័ពជើងទឹកធម្មតារបស់អ៊ីរ៉ង់ ត្រូវបានបំផ្លាញភាគច្រើន «នាវាវាយប្រហារលឿន» របស់ប្រទេសនេះ មិនត្រូវបានចាត់ទុកថាជាការគំរាមកំហែងច្រើននោះទេ។ លោកនិយាយថា នាវាបែបនេះណាមួយដែលចូលទៅជិតការបិទផ្លូវរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងនៅខាងក្រៅច្រកសមុទ្រ នឹងត្រូវបាន «កម្ទេចចោលភ្លាមៗ» ដោយប្រើ «ប្រព័ន្ធកម្ទេចដូចគ្នា» ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់សមុទ្រការ៉ាអ៊ីបនិងប៉ាស៊ីហ្វិក ជាកន្លែងដែលការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក បានវាយប្រហារលើទូកដែលសង្ស័យថាមានដឹកគ្រឿងញៀន និងបានសម្លាប់មនុស្សយ៉ាងហោចណាស់១១០នាក់។ ទោះជាយ៉ាងណា ទូកទាំងនោះ ពុំបានវាយប្រហារនាវាពាណិជ្ជកម្មធំៗដែលគ្មានអាវុធនោះទេ ហើយក៏មិនមានអាវុធធុនធ្ងន់នោះដែរ ខណៈឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានផ្ទុកកាំភ្លើងយន្តធុនធ្ងន់ កាំភ្លើងបាញ់គ្រាប់រ៉ូកែត និងក្នុងករណីមួយចំនួនមានមីស៊ីលប្រឆាំងនាវា។ ក្រុមហ៊ុនសន្តិសុខដែនសមុទ្ររបស់ប្រទេសក្រិកមួយ បានប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយប្រហារដោយទូកល្បឿនលឿន ពេលនេះបង្កើតជាផ្នែកមួយនៃ «ប្រព័ន្ធគំរាមកំហែង» រួមមានទាំង «មីស៊ីលមានមូលដ្ឋាននៅលើឆ្នេរ យានដ្រូន គ្រាប់មីន និងការជ្រៀតចូលដោយប្រព័ន្ធអេឡិចត្រូនិក ដើម្បីបង្កើតភាពមិនប្រាកដប្រជា»។ យោងតាមអ្នកជំនាញសន្តិសុខដែនសមុទ្របានឲ្យដឹងថា អ៊ីរ៉ង់ត្រូវបានគេប៉ាន់ប្រមាណថា មានទូករាប់រយគ្រឿង ដែលជារឿយៗលាក់ទុកនៅក្នុងផ្លូវរូងក្រោមដីនៃឆ្នេរសមុទ្រ និងនៅមូលដ្ឋានកងទ័ពជើងទឹក ឬនៅក្នុងចំណោមនាវាស៊ីវិល។ លោក Corey Ranslem នាយកប្រតិបត្តិនៃក្រុមសន្តិសុខដែនសមុទ្រ Dryad Global បាននិយាយថា ប្រហែល ១០០គ្រឿង ឬច្រើនជាងនេះ អាចត្រូវបានបំផ្លាញចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ ចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
05/31/2026 10:05 AM
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
05/31/2026 10:05 AM
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
05/31/2026 09:05 AM
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/31/2026 09:05 AM
កម្ពុជា តវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ កម្ពុជា​ដោយ​កងទ័ព​ថៃ
05/31/2026 08:05 AM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
05/31/2026 08:05 AM
ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM