ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី

ព័ត៌មានអន្តរជាតិ

UN ជំរុញឱ្យមានការដោះលែងបុគ្គលិក៧៣នាក់ ដែលត្រូវបានឃុំខ្លួនដោយក្រុមហ៊ូទីជាបន្ទាន់

2026/04/24 11:48:08 am        61
នៅអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ទី ២៣ ខែមេសា អ្នកនាំពាក្យលោក Stephane Dujarric បាននិយាយថា អង្គការសហប្រជាជាតិកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបានការដោះលែងបុគ្គលិកចំនួន៧៣នាក់ដែលត្រូវបានឃុំខ្លួនខុសច្បាប់ដោយក្រុមហ៊ូទីនៅក្នុងប្រទេសយេម៉ែន ដែលពួកគេមួយចំនួនត្រូវបានឃុំខ្លួនជាច្រើនឆ្នាំមកហើយ។លោកបាននិយាយថា មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ លោក Muin Shreim បានធ្វើដំណើរទៅកាន់ទីក្រុង Muscat កាលពីថ្ងៃអង្គារ ជាកន្លែងដែលលោកបានជួបជាមួយអ្នកតំណាងក្រុមហ៊ូទី លោក Mohammed Abdulsalam មន្ត្រីមកពីប្រទេសអូម៉ង់ និងឯកអគ្គរដ្ឋទូតប្រចាំការ ដើម្បីជំរុញឱ្យមានការដោះលែងបុគ្គលិករបស់អង្គការសហប្រជាជាតិដែលត្រូវបានឃុំខ្លួនទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។លោក Dujarric បាននិយាយថា កិច្ចពិភាក្សាកំពុងបន្ត ប៉ុន្តែបានទទួលស្គាល់ថា បុគ្គលិកដែលត្រូវបានឃុំខ្លួន នៅតែស្ថិតក្នុងមន្ទីរឃុំឃាំងដោយគ្មានការបង្ហាញភស្តុតាងត្រឹមត្រូវ។ លោកបានជំរុញឱ្យរដ្ឋជាសមាជិកទាំងអស់ ជាពិសេសអ្នកមានតួនាទីនៅក្នុងតំបន់ដែលមានឥទ្ធិពលលើក្រុមហ៊ូទី ដើម្បីបង្កើនសម្ពាធ ដោយព្រមានថា ការឃុំខ្លួនកំពុងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនយេម៉ែនរាប់លាននាក់ ដែលពឹងផ្អែកលើជំនួយមនុស្សធម៌។

ក្រុមទូកលឿនច្រើនគ្រឿងរបស់អ៊ីរ៉ង់ បន្ថែមលើការគំរាមដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz

2026/04/24 11:45:09 am        73
ការប្រើប្រាស់ក្រុមទូកល្បឿនលឿនតូចៗជាច្រើនគ្រឿងរបស់អ៊ីរ៉ង់ ដើម្បីរឹបអូសនាវាដឹកទូរទំនិញពីរគ្រឿង នៅជិតច្រកសមុទ្រ Hormuz អាចធ្វើឱ្យប៉ះពាល់ដល់ការលើកឡើងថា កងកម្លាំងសហរដ្ឋអាមេរិក បានបិទការគំរាមកំហែងកងទ័ពជើងទឹករបស់ខ្លួន និងបង្ហាញពីបញ្ហានានាដែលប្រឈមនឹងការបើកឡើងវិញផ្លូវនាំចេញប្រេងសំខាន់បំផុតមួយរបស់ពិភពលោក។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានទទួលស្គាល់ថា ខណៈកងទ័ពជើងទឹកធម្មតារបស់អ៊ីរ៉ង់ ត្រូវបានបំផ្លាញភាគច្រើន «នាវាវាយប្រហារលឿន» របស់ប្រទេសនេះ មិនត្រូវបានចាត់ទុកថាជាការគំរាមកំហែងច្រើននោះទេ។ លោកនិយាយថា នាវាបែបនេះណាមួយដែលចូលទៅជិតការបិទផ្លូវរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងនៅខាងក្រៅច្រកសមុទ្រ នឹងត្រូវបាន «កម្ទេចចោលភ្លាមៗ» ដោយប្រើ «ប្រព័ន្ធកម្ទេចដូចគ្នា» ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់សមុទ្រការ៉ាអ៊ីបនិងប៉ាស៊ីហ្វិក ជាកន្លែងដែលការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក បានវាយប្រហារលើទូកដែលសង្ស័យថាមានដឹកគ្រឿងញៀន និងបានសម្លាប់មនុស្សយ៉ាងហោចណាស់១១០នាក់។ ទោះជាយ៉ាងណា ទូកទាំងនោះ ពុំបានវាយប្រហារនាវាពាណិជ្ជកម្មធំៗដែលគ្មានអាវុធនោះទេ ហើយក៏មិនមានអាវុធធុនធ្ងន់នោះដែរ ខណៈឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានផ្ទុកកាំភ្លើងយន្តធុនធ្ងន់ កាំភ្លើងបាញ់គ្រាប់រ៉ូកែត និងក្នុងករណីមួយចំនួនមានមីស៊ីលប្រឆាំងនាវា។ ក្រុមហ៊ុនសន្តិសុខដែនសមុទ្ររបស់ប្រទេសក្រិកមួយ បានប្រាប់សារព័ត៌មានរ៉យទ័រថា ការវាយប្រហារដោយទូកល្បឿនលឿន ពេលនេះបង្កើតជាផ្នែកមួយនៃ «ប្រព័ន្ធគំរាមកំហែង» រួមមានទាំង «មីស៊ីលមានមូលដ្ឋាននៅលើឆ្នេរ យានដ្រូន គ្រាប់មីន និងការជ្រៀតចូលដោយប្រព័ន្ធអេឡិចត្រូនិក ដើម្បីបង្កើតភាពមិនប្រាកដប្រជា»។ យោងតាមអ្នកជំនាញសន្តិសុខដែនសមុទ្របានឲ្យដឹងថា អ៊ីរ៉ង់ត្រូវបានគេប៉ាន់ប្រមាណថា មានទូករាប់រយគ្រឿង ដែលជារឿយៗលាក់ទុកនៅក្នុងផ្លូវរូងក្រោមដីនៃឆ្នេរសមុទ្រ និងនៅមូលដ្ឋានកងទ័ពជើងទឹក ឬនៅក្នុងចំណោមនាវាស៊ីវិល។ លោក Corey Ranslem នាយកប្រតិបត្តិនៃក្រុមសន្តិសុខដែនសមុទ្រ Dryad Global បាននិយាយថា ប្រហែល ១០០គ្រឿង ឬច្រើនជាងនេះ អាចត្រូវបានបំផ្លាញចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ ចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។

កោះតៃវ៉ាន់ប្រឆាំងការលើកឡើងរបស់ប្រទេសចិនដែលថាកោះនេះគ្មានមេដឹកនាំឡើយ

2026/04/24 11:41:35 am        66
ក្រុមប្រឹក្សាកិច្ចការដីគោករបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៣ មេសា ថា ការអត្ថាធិប្បាយថ្មីៗពីការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិនដែលបដិសេធឋានៈរបស់មេដឹកនាំកោះតៃវ៉ាន់ បានគូសបញ្ជាក់ពីការបដិសេធជាយូរមកហើយរបស់ទីក្រុងប៉េកាំង ក្នុងការទទួលស្គាល់សាធារណរដ្ឋចិន (តៃវ៉ាន់)។ អ្នកនាំពាក្យក្រុមប្រឹក្សាកិច្ចការដីគោករបស់កោះតៃវ៉ាន់ លោក Liang Wen-Chieh ក៏បានព្រមានក្រុមអ្នកនយោបាយកោះតៃវ៉ាន់ផងដែរ កុំឱ្យលាក់បាំង ការបំភាន់ អំពីគោលនយោបាយរបស់ចិនចំពោះកោះនេះ។អ្នកនាំពាក្យរដ្ឋាភិបាលចិនកាលពីថ្ងៃពុធ២២មេសាសប្ដាហ៍នេះ បានអះអាងថា កោះតៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិន គ្មានមេដឹកនាំឡើយ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃពីការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន។ជម្លោះនេះកើតឡើងបន្ទាប់ពីកោះតៃវ៉ាន់នៅសប្តាហ៍នេះបាននិយាយថា ប្រទេសស៊ីសែល ម៉ូរីស និងម៉ាដាហ្គាស្ការ បានលុបចោលជាឯកតោភាគីនូវលិខិតអនុញ្ញាតហោះហើរសម្រាប់យន្តហោះមេដឹកនាំកោះនេះឆ្លងកាត់ដែនអាកាសដែលពួកគេគ្រប់គ្រងក្នុងដំណើរដែលបានគ្រោងទុកទៅកាន់ប្រទេសអេសស្វាទីនី ដែលជាសម្ព័ន្ធមិត្តមួយក្នុងចំណោមសម្ព័ន្ធមិត្តិនានារបស់កោះតៃវ៉ាន់។ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិនបានបដិសេធការអះអាងនេះ ប៉ុន្តែបានសម្តែងការកោតសរសើរចំពោះជំហរ និង ការអនុវត្ត របស់ប្រទេសទាំងបីក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ក៏បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយកាលពីថ្ងៃពុធផងដែរថា អ្វីដែលហៅថា មេដឹកនាំនៃសាធារណរដ្ឋចិន លែងមាននៅក្នុងពិភពលោកទៀតហើយ ហើយបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល៕

ប្រភព៖ ក្រុមហ៊ុន Meta មានគម្រោងកាត់បន្ថយបុគ្គលិក ១០% ខណៈងាកទៅផ្ដោតលើការចំណាយខ្ពស់ផ្នែក AI

2026/04/24 11:18:10 am        69
ក្រុមហ៊ុនមេរបស់បណ្ដាញសង្គម Facebook គឺ Meta មានគម្រោងកាត់បន្ថយកម្លាំងពលកម្ម១០% ដោយស្វែងរកផលចំណេញពីផលិតភាពនៃកម្លាំងពលកម្ម ដែលនៅសល់របស់ខ្លួន ខណៈក្រុមហ៊ុននេះបានងាកទៅវិនិយោគយ៉ាងច្រើនលើបញ្ញាសិប្បនិម្មិត AI ។ ប្រភពមួយបានប្រាប់សារព័ត៌មាន AFP ថា ក្រុមហ៊ុន Meta នឹងកាត់បន្ថយបុគ្គលិកប្រហែល ៨.០០០ នាក់ និងទុកមុខតំណែងរាប់ពាន់កន្លែងផ្សេងទៀតឱ្យនៅទំនេរនៅខែក្រោយ។វិធានការនេះកើតឡើង ខណៈសហស្ថាបនិក និងជានាយកប្រតិបត្តិលោក Mark Zuckerberg ផ្ដល់អាទិភាពលើ"បញ្ញាសិប្បនិម្មិត" ក្នុងការប្រណាំងប្រជែងផ្នែក AI ដែលមានតម្លៃខ្ពស់ជាងបណ្ដាគូប្រជែងរួមមាន Amazon, Google, Microsoft និង OpenAI។របាយការណ៍នានាកាលពីថ្ងៃព្រហស្បតិ៍ ២៣ មេសាសប្ដាហ៍នេះក៏បានបញ្ជាក់ផងដែរថាក្រុមហ៊ុន Microsoft កំពុងព្យាយាមកាត់តម្រឹមសេវាកម្មរបស់ខ្លួនតាមរយៈការផ្ដល់ហិរញ្ញវត្ថុដោយស្ម័គ្រចិត្តសម្រាប់បុគ្គលិកអាមេរិកចាកចេញពីការងារក្នុងទម្រង់មិនធ្លាប់មានដែលអនុវត្តដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញមួយនេះ ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៥។ ក្រុមហ៊ុន Microsoft ដែលក៏បានវិនិយោគរាប់ពាន់លានដុល្លារទៅក្នុងវិស័យ AI ផងដែរ បានបដិសេធមិនធ្វើអត្ថាធិប្បាយ។កាលពីខែមករា ក្រុមហ៊ុន Meta បានរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសដែលបានកើនឡើងលើសពីការរំពឹងទុករបស់ទីផ្សារ ខណៈប្រាក់ចំណូលបានកើនឡើង រួមជាមួយនឹងការវិនិយោគលើ AI៕

លោក Trump និយាយថា លោកនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ លើប្រទេសអ៊ីរ៉ង់ទេ

2026/04/24 11:07:47 am        75
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ថា លោកនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ទេ។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមាននៅពេលត្រូវបានសួរថាតើលោកនឹងប្រើប្រាស់អាវុធបែបនេះដែរឬទេ នោះលោកបាននិយាយថា «ហេតុអ្វីបានជាខ្ញុំត្រូវប្រើអាវុធនុយក្លេអ៊ែរ? យើងប្រើប្រាស់តាមវិធីធម្មតា បំផ្លាញពួកគេទាំងស្រុង ដោយមិនចាំបាច់ប្រើអាវុធប្រភេទនេះ»។លោកបាននិយាយបន្ថែមថា «ទេ ខ្ញុំមិនប្រើវាទេ។ អាវុធនុយក្លេអ៊ែរ នឹងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយប្រទេសណាមួយឡើយ»។ នៅពេលត្រូវបានសួរថាតើលោកសុខចិត្តរង់ចាំកិច្ចព្រមព្រៀងសន្តិភាពអូសបន្លាយពេលយូរជាមួយអ៊ីរ៉ង់រយៈពេលប៉ុន្មាន នោះលោក Trump បាននិយាយថា «ខ្ញុំមិនប្រញាប់ប្រញាល់នោះទេ»។ លោកនិយាយថា អ៊ីរ៉ង់ប្រហែលជាបានផ្ទុកអាវុធរបស់ខ្លួន «មួយចំនួន» ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ប៉ុន្តែយោធាអាមេរិក អាចបំផ្លាញវាក្នុងរយៈពេលប្រហែលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។លោក Trump និយាយថា «កងទ័ពជើងទឹករបស់ពួកគេបានបាត់បង់ កងទ័ពអាកាសរបស់ពួកគេក៏បានបាត់បង់ ហើយសព្វាវុធប្រឆាំងយន្តហោះរបស់ពួកគេក៏បានបាត់បង់ហើយដែរ ដូច្នេះប្រហែលជាពួកគេផ្ទុកអាវុធតិចតួចប៉ុណ្ណោះក្នុងអំឡុងពេលផ្អាករយៈពេលពីរសប្តាហ៍ ប៉ុន្តែយើងនឹងបំផ្លាញវាប្រហែលមួយថ្ងៃ ប្រសិនបើពួកគេបានធ្វើដូច្នេះ»។

មេដឹកនាំអឺរ៉ុប នឹងដោះស្រាយផលវិបាកនៃសង្គ្រាមនៅអ៊ីរ៉ង់ និងការពារគ្នាទៅវិញទៅមក ក្នុងកិច្ចប្រជុំនៅប្រទេសស៊ីប

2026/04/24 11:04:54 am        67
មេដឹកនាំសហភាពអឺរ៉ុប (EU) ដែលកំពុងជួបប្រជុំគ្នានៅប្រទេសស៊ីប កាលពីថ្ងៃព្រហស្បតិ៍ និងនៅថ្ងៃសុក្រនេះ បានពិភាក្សាអំពីផលវិបាកផ្នែកសេដ្ឋកិច្ច និងសន្តិសុខពីសង្គ្រាមនៅអ៊ីរ៉ង់ ជាពិសេសលើការកើនឡើងតម្លៃថាមពល និងការការពារគ្នាទៅវិញទៅមក បន្ទាប់ពីការវាយប្រហារដោយយានដ្រូនកាលពីពេលថ្មីៗនេះនៅលើកោះនៃសមុទ្រមេឌីទែរ៉ាណេ។យានដ្រូនរបស់អ៊ីរ៉ង់ បានកំណត់គោលដៅលើមូលដ្ឋានកងទ័ពអាកាសអង់គ្លេសមួយកន្លែងនៅក្នុងប្រទេសស៊ីបកាលពីដើមខែមីនា បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់។ ឧបទ្ទវហេតុនេះបានជំរុញឱ្យប្រទេសកោះស៊ីប ជាសមាជិកសហភាពអឺរ៉ុបមិនមែនជាសមាជិកណាតូ ដែលបច្ចុប្បន្នជាប្រធានប្តូរវេនរបស់ប្លុកនេះ និងរដ្ឋសមាជិកផ្សេងទៀត ស្វែងរកគោលការណ៍ណែនាំប្រតិបត្តិការកាន់តែច្បាស់សម្រាប់ប្រការត្រូវការពារគ្នាទៅវិញទៅមករបស់សហភាពអឺរ៉ុប។កិច្ចពិភាក្សាការពារជាតិ ត្រូវបានគេរំពឹងថានឹងផ្តោតសំខាន់លើមាត្រា ៤២.៧ នៃសន្ធិសញ្ញាសហភាពអឺរ៉ុប ដែលតម្រូវឱ្យរដ្ឋសមាជិកផ្តល់ជំនួយដល់ប្រទេសសហភាពអឺរ៉ុបណាមួយដែលរងការឈ្លានពានដោយអាវុធ។ ប្រធានាធិបតីស៊ីប លោក Nikos Christodoulides បាននិយាយនៅមុនពេលកិច្ចពិភាក្សាផ្តោតលើភូមិសាស្ត្រនយោបាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា «អ្វីដែលយើងត្រូវការ និងអ្វីដែលយើងនឹងពិភាក្សានៅថ្ងៃនេះ គឺការផ្តល់ខ្លឹមសារលើមាត្រា ៤២.៧ ជាអ្វីដែលនឹងកើតឡើងក្នុងករណីដែលរដ្ឋសមាជិកសម្រេចចាប់ផ្តើមមាត្រាជាក់លាក់ដែលយើងត្រូវមានផែនការប្រតិបត្តិការ»។ លោកបាននិយាយថា មានមធ្យោបាយតែមួយគត់សម្រាប់សហភាពអឺរ៉ុប ត្រូវខិតខំដើម្បីសម្រេចបាននូវស្វ័យភាពជាយុទ្ធសាស្ត្ររបស់អឺរ៉ុប ហើយរដ្ឋជាសមាជិកទាំងអស់យល់ពីភាពចាំបាច់នៃការអំពាវនាវនោះ។

ចំហេះព្រៃនៅក្នុងខេត្តអ៊ីវ៉ាតេ របស់ប្រទេសជប៉ុន បានរាលដាលដល់កណ្តាលក្រុង

2026/04/24 10:41:58 am        88
ចំហេះព្រៃចំនួនពីរកន្លែងនៅក្នុងខេត្តអ៊ីវ៉ាតេ(Iwate) ភាគឦសានរបស់ប្រទេសជប៉ុន នៅតែបន្តឆេះដោយអណ្តាតភ្លើងត្រូវបានគេបញ្ជាក់ថាកំពុងឆេះរាលដាលដល់កណ្តាលក្រុង។ ប្រជាជនជាង ២.៥០០ នាក់ ឬប្រហែលមួយភាគបួននៃចំនួនប្រជាជននៅក្នុងទីក្រុង ស្ថិតនៅក្រោមបទបញ្ជាឲ្យជម្លៀសចេញ។ចំហេះព្រៃមួយកន្លែងទៀតបានឆេះរាលដាលភ្លាមៗ នៅក្នុងស្រុកតំបន់ភ្នំមួយកន្លែងមានចម្ងាយប្រហែល៨ គីឡូម៉ែត្រភាគពាយ័ព្យទីក្រុងអូតស៊ូជី(Otsuchi)។ ក្រុមពន្លត់អគ្គិភ័យ បានប្រយុទ្ធទប់ស្កាត់អណ្តាតភ្លើងនៅលើដី និងមានឧទ្ធម្ភាគចក្របាញ់ទឹកពីលើអាកាស។ គិតត្រឹមម៉ោង ៨:០០នាទីយប់ថ្ងៃព្រហស្បតិ៍ ចំហេះព្រៃបានឆេះរាលដាលយ៉ាងហោចណាស់៤៣១ ហិកតា។ មនុស្សជាច្រើននៅក្នុងតំបន់ដែលរងផលប៉ះពាល់ត្រូវបានជម្លៀសចេញ ប៉ុន្តែអគារចំនួន៧កន្លែង រួមទាំងលំនៅឋានមួយខ្នង បានឆេះ។អ្នកពន្លត់អគ្គិភ័យសហគមន៍ដែលបានថតវីដេអូបាននិយាយថា បុគ្គលិកកំពុងទប់ស្កាត់អណ្តាតភ្លើង ខណៈការផ្គត់ផ្គង់ទឹកសម្រាប់ពន្លត់អគ្គិភ័យ និងអាងទឹកក្នុងស្រុកបានរីងស្ងួត។ការរាលដាលនៃអណ្តាតភ្លើង ឆ្ពោះទៅកណ្តាលក្រុង បានជំរុញឱ្យមន្ត្រីក្រុង ពង្រីកតំបន់ដែលគ្របដណ្តប់ដោយបទបញ្ជាជម្លៀស។ គិតត្រឹមម៉ោង ៥:០០នាទីព្រឹកថ្ងៃសុក្រនេះ ប្រជាជនចំនួន៣២៩នាក់កំពុងស្វែងរកទីជម្រក។

លោក Trump ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការបោសសម្អាតគ្រាប់មីននៅច្រកសមុទ្រ Hormuz

2026/04/24 10:31:07 am        71
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពជើងទឹកអាមេរិក កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីបោសសម្អាតគ្រាប់មីននៅច្រកសមុទ្រ Hormuz។ លោកបានសរសេរថា កិច្ចខិតខំប្រឹងប្រែងពេលនេះស្ថិតនៅក្នុង «កម្រិតបង្កើនបីដង» ហើយលោកបានបញ្ជាឱ្យមេបញ្ជាការវាយប្រហារទូកណាមួយដែលដាក់គ្រាប់មីននៅក្នុងផ្លូវទឹកនោះ។ កាសែត The Washington Post រាយការណ៍ថា ក្រសួងការពារជាតិ បានជូនដំណឹងដល់សភាថា ការស្វែងរក និងការដោះគ្រាប់មីន អាចចំណាយពេល៦ខែ។ កាសែតនេះ បាននិយាយថា អាចមានគ្រាប់មីនចំនួន២០គ្រាប់ឬច្រើនជាងនេះ ត្រូវបានដាក់នៅជុំវិញច្រកសមុទ្រ ហើយការរកឃើញគ្រាប់មីនមួយចំនួននឹងមានការលំបាក។ អ្នកនាំពាក្យក្រសួងការពារជាតិ លោក Sean Parnell បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NHK ថា ការបិទច្រកសមុទ្ររយៈពេលយូរបែបនេះនឹង «មិនអាចទទួលយកបានទាំងស្រុង»។ កងកម្លាំងយោធាសហរដ្ឋអាមេរិក ក្នុងពេលជាមួយគ្នានេះ កំពុងរក្សាការបិទផ្លូវកំពង់ផែអ៊ីរ៉ង់។ លោក Trump បានពិពណ៌នាអំពីប្រតិបត្តិការនេះថាទទួលបបាន «ជោគជ័យខ្លាំង»។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ខណៈ លោកបានជួបជាមួយបេសកជនពិសេសមកពីប្រទេសកូរ៉េខាងត្បូងនៅទីក្រុងតេអេរ៉ង់ ហើយតាមសេចក្តីរាយការណ៍ថាបានស្តីបន្ទោសការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ថាជាមូលហេតុនៃអស្ថិរភាពនៅក្នុងឈូងសមុទ្រពែក្ស និងនៅច្រកសមុទ្រ Hormuz ហើយលោកក៏បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរបស់លោកនៅប្រទេសអ៊ីតាលី អាហ្វហ្គានីស្ថាន និងប្រទេសស្រីលង្កា។

ប្រេងឡើងថ្លៃដោយសារក្តីបារម្ភអំពីភាពតានតឹងផ្នែកយោធាដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា

2026/04/24 10:20:26 am        80
តម្លៃប្រេងបានកើនឡើងនៅព្រឹកថ្ងៃសុក្រ ២៤មេសា សប្ដាហ៍នេះ ដោយសារក្ដីបារម្ភនៃការកើនឡើងសកម្មភាពយោធាឡើងវិញនៅមជ្ឈិមបូព៌ាបន្ទាប់ពីអ៊ីរ៉ង់បានចេញផ្សាយវីដេអូនៃកងកុម្ម៉ង់ដូឡើងលើនាវាដឹកទំនិញមួយនៅច្រកសមុទ្រហ័រមូស(Hormuz) និងលើរបាយការណ៍ថាប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងតេអេរ៉ង់ បានវាយកម្ទេចគោលដៅរបស់សត្រូវ។តម្លៃប្រង Brent បានកើនឡើង ១,២៣ ដុល្លារ ឬ ១,១៧% ដល់ ១០៦,៣ ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ០១:០៧នាទី ម៉ោងសកល ខណៈដែលតម្លៃប្រេងWest Texas Intermediate របស់សហរដ្ឋអាមេរិក ដែរនោះ បានកើនឡើង ១,០៧ ដុល្លារឬ ១,១២% ដល់៩៦,៩២ ដុល្លារក្នុងមួយបារ៉ែល។  តម្លៃគោលទាំងពីរបានកើនឡើងជាង ៣% កាលពីថ្ងៃព្រហស្បតិ៍ និងបានកើនឡើង ៥ ដុល្លារក្នុងមួយបារ៉ែលបន្ទាប់ពីរបាយការណ៍ថាប្រព័ន្ធការពារដែនអាកាសកំពុងវាយប្រហារលើយានដ្រូនមួយចំនួនដែលហោះលើទីក្រុងតេអេរ៉ង់ភាគខាងត្បូងក្នុងកម្ពស់ទាបកាលពីល្ងាចថ្ងៃព្រហស្បតិ៍ និងការដណ្តើមអំណាចរវាងក្រុមអ្នកប្រកាន់តឹង និងក្រុមនិយមកណ្ដាលរបស់អ៊ីរ៉ង់។កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីរ៉ង់បានបង្ហោះវីដេអូនៃកងកុម្ម៉ង់ដូនៅក្នុងទូកល្បឿនលឿនមួយគ្រឿង កំពុងសម្រុកឡើងលើនាវាដឹកទំនិញដ៏ធំមួយបន្ទាប់ពីការចរចាសន្តិភាពបានដួលរលំ ដោយគូសបញ្ជាក់ពីការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រ Hormuz ដែលប្រេង និងឧស្ម័នសកល២០% ជាធម្មតាឆ្លងកាត់។ខណៈក្រុមវិនិយោគិន និងរដ្ឋាភិបាល នៅជុំវិញពិភពលោក កំពុងសម្លឹងរកសន្តិភាពដ៏យូរអង្វែង លោក Trump បាននិយាយថា លោកនឹងមិនកំណត់ពេលវេលាសម្រាប់បញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ទេ ហើយថាលោកចង់ធ្វើកិច្ចព្រមព្រៀងដ៏បំផុត៕

CNN៖ អាមេរិកមានគម្រោងវាយប្រហារលើប្រព័ន្ធការពារច្រកសមុទ្រHormuzរបស់អ៊ីរ៉ង់ បើបទឈប់បាញ់បរាជ័យ

2026/04/24 10:14:25 am        136
សារព័ត៌មាន CNN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ២៣មេសាសប្ដាហ៍នេះថា យោធាអាមេរិកកំពុងរៀបចំផែនការបន្ទាន់ដើម្បីវាយប្រហារប្រព័ន្ធការពារអ៊ីរ៉ង់នៅក្នុងច្រកសមុទ្រ Hormuz ប្រសិនបើបទឈប់បាញ់ដ៏ផុយស្រួយនេះដួលរលំ។ប្រភពព័ត៌មាននិយាយថាជម្រើសទាំងនេះ ស្ថិតក្នុងចំណោមប្រភេទគោលដៅជាច្រើនដែលកំពុងពិចារណា រួមមានការវាយប្រហារដោយផ្តោតជាពិសេសលើ "ការកំណត់គោលដៅផ្អែកលើទិន្នន័យជាក់ស្ដែង"នៃសមត្ថភាពអ៊ីរ៉ង់នៅជុំវិញច្រកសមុទ្រHormuz ឈូងសមុទ្រអារ៉ាប់ភាគខាងត្បូង និងឈូងសមុទ្រអូម៉ង់ ដោយលើកឡើងពីការវាយប្រហារដែលអាចកើតមានប្រឆាំងនឹងទូកវាយប្រហារលឿនតូចៗ នាវាដាក់មីន និងទ្រព្យសម្បត្តិផ្សេងទៀត ដែលបានជួយទីក្រុងតេអេរ៉ង់បិទផ្លូវទឹកសំខាន់ៗទាំងនោះ និងប្រើប្រាស់ជាកម្លាំងរុញច្រានលើសហរដ្ឋអាមេរិក។ការបិទនោះបានបង្កឱ្យមានការរង្គោះរង្គើយ៉ាងខ្លាំងនៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលគំរាមកំហែងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី Donald Trump ក្នុងការកាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក ហើយបានកើតឡើងទោះបីជាមានបទឈប់បាញ់ផ្អាកការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែមេសាក៏ដោយ។        ខណៈយោធាបានកំណត់គោលដៅកងទ័ពជើងទឹកអ៊ីរ៉ង់ ភាគច្រើននៃខែដំបូងនៃការទម្លាក់គ្រាប់បែកត្រូវបានផ្តោតលើគោលដៅឆ្ងាយពីច្រកសមុទ្រ ដែលនឹងអនុញ្ញាតឱ្យយោធាអាមេរិកវាយប្រហារបន្ថែមទៀតនៅខាងក្នុងទឹកដីអ៊ីរ៉ង់។ ផែនការថ្មីអំពាវនាវឱ្យមានយុទ្ធនាការទម្លាក់គ្រាប់បែកដែលផ្តោត កាន់តែខ្លាំងនៅជុំវិញផ្លូវទឹកយុទ្ធសាស្ត្រទាំងនោះ។ CNN ធ្លាប់បានរាយការណ៍ថា ចំនួនមីស៊ីលការពារឆ្នេរសមុទ្រភាគច្រើនរបស់ប្រទេសនេះនៅដដែល។ អ៊ីរ៉ង់ក៏មានទូកតូចៗជាច្រើនអាចប្រើដើម្បីវាយប្រហារលើនាវា ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបើកច្រកសមុទ្រមានភាពស្មុគស្មាញ។ប្រភពជាច្រើន រួមទាំងអ្នកសម្របសម្រួលការដឹកជញ្ជូនជាន់ខ្ពស់មួយរូបបានប្រាប់ CNNថា ការវាយប្រហារដោយយោធានៅជុំវិញច្រកសមុទ្រតែម្នាក់ឯងទំនងជាមិនអាចបើកផ្លូវទឹកឡើងវិញភ្លាមៗបានទេ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
05/31/2026 11:05 AM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
05/31/2026 11:05 AM
សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ
05/31/2026 10:05 AM
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
05/31/2026 10:05 AM
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
05/31/2026 10:05 AM
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
05/31/2026 10:05 AM
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
05/31/2026 09:05 AM
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/31/2026 09:05 AM
កម្ពុជា តវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ កម្ពុជា​ដោយ​កងទ័ព​ថៃ
05/31/2026 08:05 AM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
05/31/2026 08:05 AM