កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង

ព័ត៌មានអន្តរជាតិ

លោក Trump ត្រូវបានរាយការណ៍ថានឹងអញ្ជើញលោក Putin ចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami

2026/04/24 08:52:21 am        93
ក្រុមមន្ត្រីរដ្ឋបាលអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍២៣មេសាសប្ដាហ៍នេះថា សហរដ្ឋអាមេរិកមានបំណងអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅកាន់កិច្ចប្រជុំកំពូលនៃក្រុមមេដឹកនាំប្រទេសមានសេដ្ឋកិច្ចលូតលាស់ទាំង២០ (G20) ដែលគ្រោងធ្វើនៅខែធ្នូ នៅឯរមណីយដ្ឋានវាយកូនហ្គោល Doral របស់ប្រធានាធិបតី Donald Trump ក្នុងទីក្រុង Miami ទោះបីជាការអញ្ជើញមិនទាន់ត្រូវបានផ្ញើក៏ដោយ ។ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបាននិយាយថាលោកTrumpបានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីត្រូវបានស្វាគមន៍ក្នុងការចូលរួមកិច្ចប្រជុំ G-20 ទាំងអស់ ខណៈអាមេរិកផ្តោតលើការផ្តល់ឲ្យកិច្ចប្រជុំកំពូលដ៏ជោគជ័យ និងមានផ្លែផ្កា។   មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទៅកាន់សន្និសីទសារព័ត៌មានថា មិនទាន់មានការអញ្ជើញជាផ្លូវការណាមួយត្រូវបានចេញនៅពេលនេះទេ ប៉ុន្តែរុស្ស៊ីគឺជាសមាជិក G-20 ហើយនឹងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី និងកិច្ចប្រជុំកំពូលរបស់មេដឹកនាំ។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅការិយាល័យ Oval កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថា លោកមិនបានដឹងអំពីការអញ្ជើញលោក Putin ទេ ប៉ុន្តែលោកនឹងមិនជំទាស់ទេ។លោកប្រធានាធិបតីបាននិយាយថា ប្រសិនបើមេដឹកនាំរុស្ស៊ីមក វាប្រហែលជាមានប្រយោជន៍ខ្លាំងណាស់ ដោយបន្ថែមថា ។ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា លោកគិតថាលោក Putin នឹងចូលរួមប្រសិនបើត្រូវបានអញ្ជើញ។កិច្ចប្រជុំកំពូល G-20 គឺជាវេទិកាអន្តររដ្ឋាភិបាលមួយដែលរួមមានតំណាងនៃប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតចំនួន១៩នៅលើពិភពលោក បូករួមទាំងសហភាពអឺរ៉ុប និងសហភាពអាហ្វ្រិក។ កិច្ចប្រជុំកំពូលដែលធ្វើឡើងជារៀងរាល់ឆ្នាំ គឺជាឱកាសមួយសម្រាប់មេដឹកនាំពិភពលោកពិភាក្សាអំពីបញ្ហាសកលដែលកំពុងកើតមាន។ប្រទេសរុស្ស៊ីបានខកខានការចូលរួមដោយផ្ទាល់ចាប់តាំងពីឆ្នាំ២០១៩ ដំបូងឡើយដោយសារតែជំងឺរាតត្បាតសកលCOVID-19 និងក្រោយមកដោយសារតែការវាយលុករបស់ខ្លួនលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ និងដីកាចាប់ខ្លួនលោក Putin ជាបន្តបន្ទាប់ដែលត្រូវបានចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ លោក Putin ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមទាក់ទងនឹងសង្គ្រាមអ៊ុយក្រែន៕

លោកTrump៖ លីបង់និងអ៊ីស្រាអែល ព្រមព្រៀងបន្ថែមពេលបទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា រយៈពេល៣សប្តាហ៍

2026/04/24 08:45:46 am        112
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា អ៊ីស្រាអែល និងលីបង់ បានព្រមព្រៀងបន្ថែមពេលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា រយៈពេលបីសប្តាហ៍ទៀត បន្ទាប់ពីការចរចានៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ទី ២៣ ខែមេសា។ លោក Trump បាននិយាយថា កិច្ចប្រជុំរវាងឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងលីបង់ប្រចាំសហរដ្ឋអាមេរិក បានដំណើរការទៅ «យ៉ាងល្អ»។ កិច្ចប្រជុំនេះ គឺជាការចរចាកម្រិតខ្ពស់លើកទីពីរ រវាងប្រទេសទាំងពីរ ចាប់តាំងពីសប្តាហ៍មុន។បទឈប់បាញ់ដំបូងរយៈពេល ១០ ថ្ងៃ ដែលបានចូលជាធរមានកាលពីថ្ងៃសុក្រសប្តាហ៍មុន នឹងផុតកំណត់នៅថ្ងៃចន្ទខាងមុខនេះ។ លោក Trump បាននិយាយនៅក្នុងសារមួយលើបណ្តាញសង្គមថា «សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសលីបង់ ដើម្បីជួយប្រទេសនេះការពារខ្លួនពីក្រុមហេសបូឡា»។លោកបាននិយាយបន្ថែមថា លោកទន្ទឹងរង់ចាំជួបផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងប្រធានាធិបតីលីបង់ លោក Joseph Aoun «ក្នុងពេលឆាប់ៗនេះ»។ លោក Trump បានស្វាគមន៍ឯកអគ្គរដ្ឋទូតលីបង់ប្រចាំសហរដ្ឋអាមេរិក លោកស្រី Nada Hamadeh Moawad និងសមភាគីអ៊ីស្រាអែល លោក Yechiel Leiter នៅពេលពួកគេបានទៅដល់។បន្ថែមលើលោក Trump សហរដ្ឋអាមេរិកក៏ត្រូវបានតំណាងដោយអនុប្រធានាធិបតី លោក JD Vance និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ។

លោក Trump និយាយថា សហរដ្ឋអាមេរិក មិនប្រញាប់ប្រញាល់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ទេ

2026/04/24 08:42:18 am        106
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៣ មេសាសប្ដាហ៍នេះ ថា សហរដ្ឋអាមេរិក មិនប្រញាប់ប្រញាល់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែពេលវេលាជិតអស់ហើយ សម្រាប់សាធារណរដ្ឋអ៊ីស្លាមមួយនេះ ខណៈនាវាផ្ទុកយន្តហោះទីបីបានទៅដល់មជ្ឈិមបូព៌ា។ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះលើរដ្ឋធានីតេអេរ៉ង់ ជាលើកដំបូងចាប់តាំងពីបទឈប់បាញ់កាន់តែយ៉ាប់យ៉ឺនក្នុងសង្គ្រាមមជ្ឈិមបូព៌ា បានចូលជាធរមានកាលពីពីរសប្តាហ៍មុន។ គេមិនច្បាស់ទេថាអ្វីជាមូលហេតុនៃការផ្ទុះនោះ ទោះបីជាប្រភពសន្តិសុខអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន AFP ថា ប្រទេសរបស់ពួកគេមិនទាន់វាយប្រហារអ៊ីរ៉ង់នៅឡើយទេ។ទន្ទឹមនឹងនេះ ការចរចាសន្តិភាពនៅក្នុងប្រទេសប៉ាគីស្ថានកំពុងជាប់គាំង ដោយគ្មានសញ្ញានៃការវិលត្រឡប់ទៅរកការទូតដើម្បីបញ្ចប់ការប្រឈមដាក់គ្នានៅច្រកសមុទ្រ Hormuz នោះទេ។ ចាប់តាំងពីលោក Trump បានបន្ថែមពេលបទឈប់បាញ់ដោយគ្មានកំណត់ក្នុងសង្គ្រាមមជ្ឈិមបូព៌ា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅច្រកសមុទ្រ Hormuz ជាផ្លូវទឹកត្រូវបានបិទ ដែលការនាំចេញប្រេង និងឧស្ម័នធម្មជាតិរាវមួយភាគប្រាំ ឆ្លងកាត់ជាធម្មតា។ លោក Trump បាននិយាយនៅលើបណ្តាញសង្គមថា រូបលោកមានពេលវេលាទាំងអស់នៅក្នុងពិភពលោក ប៉ុន្តែអ៊ីរ៉ង់មិនមានទេ ។ ពេលវេលាកំពុងរំកិលទៅមុខ ដោយបន្ថែមថា យោធាអ៊ីរ៉ង់ត្រូវបានបំផ្លាញ ហើយមេដឹកនាំរបស់ពួកគេលែងមានឱកាសនិយាយជាមួយពួកលោកទៀតហើយ ការបិទផ្លូវទឹកគឺតឹងរ៉ឹង និងរឹងមាំ ហើយចាប់ពីពេលនោះមក ស្ថានភាពកាន់តែធ្ងន់ធ្ងរ៕

ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ នៅទីក្រុង Dnipro របស់អ៊ុយក្រែន

2026/04/23 09:28:06 pm        27
 ក្រុមមន្រ្តីអ៊ុយក្រែននិយាយថា ការវាយប្រហារយានដ្រូនរុស្ស៊ី កាលពីយប់កន្លងទៅនៅទីក្រុងភាគអាគ្នេយ៍ Dnipro បានសម្លាប់មនុស្ស ៣នាក់ និងមនុស្ស ១០នាក់ផ្សេងទៀត រងរបួស រួមទាំងក្មេង ២នាក់ផងដែរ ។ ពួកគេនិយាយថា ការវាយប្រហារនេះ បណ្តាលឲ្យអគារផ្ទះល្វែងកម្ពស់ ១៣ជាន់ រងការខូចខាតដោយអន្លើរ ហើយវាបង្កឲ្យមានអគ្គិភ័យ ដែលបានបំផ្លិចបំផ្លាញអគាររដ្ឋបាល រថយន្ត និងហាងលក់ទំនិញ ។ លោក Mykola Lukashuk គឺជាប្រធានក្រុមប្រឹក្សាតំបន់ Dnipropetrovsk និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា រុស្ស៊ីបានបញ្ជាយានដ្រូនឲ្យវាយប្រហារតំបន់រស់នៅរបស់អ្នកស្រុក ពេលដែលមនុស្ស និងក្រុមគ្រួសាររបស់ពួកគេកំពុងដេកយ៉ាងលង់លក់ ។ អគារផ្ទះល្វែងរងការឆាបឆេះ និងក្រុមសង្រ្គោះបន្ទាន់ប្រើប្រាស់ជណ្តើរដើម្បីពន្លត់អណ្តាតភ្លើងដែលគ្រប់គ្រងបាន ត្រូវបានមើលឃើញនៅក្នុងរូបភាពវីដេអូឃ្លីបដែលចែករំលែកដោយសេវាកម្មសង្រ្គោះបន្ទាន់អ៊ុយក្រែន ។ លោក Oleksandr Hanzha គឺជាអភិបាលក្នុងតំបន់ និយាយថា សាកសពមនុស្សម្នាក់ ត្រូវបានរកឃើញនៅក្នុងអគារផ្ទះល្វែងបាក់បែក ធ្វើឲ្យមនុស្សស្លាប់សរុបកើនឡើងដល់ ៣នាក់ ។ លោកថា មនុស្ស ៤នាក់ ត្រូវបានបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ រួមទាំងក្មេង ២នាក់ផងដែរដែលជាក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ និងក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ ៕

មេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Munir ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian

2026/04/23 09:27:27 pm        29
 មេបញ្ជាការកងទ័ពប៉ាគីស្ថានលោកសេនាប្រមុខ Asim Munir ដែលជាឥស្សរជនដ៏សំខាន់ក្នុងកិច្ចខិតខំសម្របសម្រួលសង្រ្គាមអ៊ីរ៉ង់នោះ បានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian នៅថ្ងៃព្រហស្បតិ៍នេះ ។ លោក Munir បានធ្វើដំណើរទៅដល់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃពុធ ដើម្បីព្យាយាមការពារជម្លោះកុំឲ្យផ្ទុះឡើងវិញ បន្ទាប់ពីជំនួបនៅទីក្រុងអ៊ីស្លាម៉ាបាដ បញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង ។ ដំណើរទស្សនកិច្ចរបស់លោក Munir ទៅកាន់ទីក្រុងតេអេរ៉ង់ បន្តកើតមាន ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ជំនួបបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងកើតឡើងនៅចុងសប្តាហ៍នេះ ហើយលោកមានសុទិដ្ឋិនិយមថា សង្រ្គាមអ៊ីរ៉ង់អាចនឹងជិតបញ្ចប់ ។ ខណៈពេលនោះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បាននិយាយថា លោកសង្ឃឹមថា នឹងមានវឌ្ឍនភាពជាវិជ្ជមានពីប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបានប្រជុំជាមួយភារធារីសហរដ្ឋអាមេរិក លោកស្រី Natalie Baker នៅថ្ងៃព្រហស្បតិ៍នេះ ។ កិច្ចប្រជុំនៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដនេះ រួមមានការពិភាក្សា អំពីកិច្ចប្រឹងប្រែងផ្នែកការទូត ទាក់ទងនឹងការចរចាបទឈប់បាញ់ជុំទី២ ដែលត្រូវបានពន្យារពេលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេអេរ៉ង់មិនបានបញ្ជាក់នោះទេថាតើពេលណាពួកគេនឹងបញ្ជូនគណៈប្រតិភូរបស់ខ្លួនឲ្យមកចរចា ៕

មនុស្ស ១១នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅភាគខាងជើងប្រទេសឥណ្ឌា

2026/04/23 09:27:00 pm        24
 នគរបាលនិយាយថា មនុស្សយ៉ាងហោច ១១នាក់ ត្រូវបានសម្លាប់ ក្រោយរថយន្តដឹកទំនិញបាត់បង់ម្ចាស់ការ រួចទៅបុកជាមួយរថយន្តជាច្រើនគ្រឿងទៀតនៅរដ្ឋភាគខាងជើង Uttar Pradesh ប្រទេសឥណ្ឌា នាថ្ងៃព្រហស្បតិ៍នេះ ។ លោកស្នងការ Aparna Kaushik និយាយថា អ្នកស្រុកបានជួយប្រតិបត្តិការសង្រ្គោះក្នុងគ្រោះថ្នាក់នេះ ស្ថិតក្នុងទីក្រុង Mirzapur ។ លោកថា ដោយមានជំនួយពីអ្នកស្រុក ការជួយសង្រ្គោះ បានចាប់ផ្តើមភ្លាមៗ ហើយតាមអ្វីដែលគេបានរាយការណ៍ មកទល់នឹងពេលនេះ មនុស្ស ១១នាក់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ ហើយរឿងរ៉ាវលម្អិតបន្ថែមទៀត នឹងផ្តល់ជូននៅពេលក្រោយ ខណៈដែលការស៊ើបអង្កេតកំពុងធ្វើឡើង ។ ឧប្បត្តិហេតុគ្រោះថ្នាក់នេះ បានកើតឡើងរយៈពេល ១សប្តាហ៍ប៉ុណ្ណោះ ក្រោយមនុស្សយ៉ាងហោច ៦នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ក្រោយរថយន្តក្រុងដឹកអ្នកដំណើរបុកជាមួយរថយន្តធំនៅក្នុងរដ្ឋ Uttar Pradesh ។ សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌា ដោយសារការបើកបរមានការធ្វេសប្រហែស និងស្ថានភាពផ្លូវពុំសូវអំណោយផល ៕

កង្វះខាតប្រេងបណ្តាលឲ្យអ្នកបើកបររង់ចាំអស់រយៈពេលរាប់ម៉ោង ដើម្បីចាក់ប្រេងនៅបូលីវី

2026/04/23 09:26:34 pm        25
 រថយន្តយ៉ាងច្រើនបានចតនៅក្រៅស្ថានីយប្រេងនៅទីក្រុង El Alto ប្រទេសបូលីវីកាលពីថ្ងៃពុធ ស្របពេលដែលកង្វះខាតប្រេងម៉ាស៊ូតនៅក្នុងប្រទេសមួយនេះ ធ្វើឲ្យអ្នកបើកបររង់ចាំអស់រយៈពេលច្រើនម៉ោង ដើម្បីចាកប្រេងរថយន្តរបស់ពួកគេ ។ ប្រទេសបូលីវី កំពុងជួបកង្វះខាតប្រេងឥន្ធនៈ ហើយក្រុមអ្នកវិភាគនិយាយថា ស្ថានភាពនេះ នឹងកាន់តែពិបាកគ្រប់គ្រង ។ លោក Raul Velasquez គឺជាអ្នកវិភាគថាមពល និង អ៊ីដ្រូកាបូនមួយរូបនៅគ្រឹះស្ថាន Jubilee និយាយថា ការហក់ឡើងខ្ពស់តម្លៃប្រេងសកល គឺជាកត្តាសំខាន់ធ្វើឲ្យវិបត្តិមួយនេះកាន់តែស្មុគស្មាញខ្លាំង ។ លោកបានព្រមានថា គំលាតតម្លៃរវាងប្រេងក្នុងស្រុករបស់បូលីវី និងតម្លៃទីផ្សារក្នុងតំបន់នៅតាមព្រំដែន ធ្វើឲ្យតម្រូវការកើនឡើង ហើយនិងធ្វើឲ្យកង្វះខាតប្រេងកាន់តែធ្ងន់ធ្ងរខ្លាំង ។ ប្រធានព្រឹទ្ធសភាបូលីវីលោក Diego Avila ទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ ។ លោកថា ប្រទេសរបស់លោកមានបញ្ហាធ្ងន់ធ្ងរជាមួយនឹងការផ្គត់ផ្គង់អ៊ីដ្រូកាបូន ហើយក្រុមហ៊ុនប្រេងរដ្ឋ YPFB កំពុងធ្វើការ ដើម្បីព្យាយាមដោះស្រាយបញ្ហាតាមរយៈការនាំចូល បើទោះបីជាត្រូវការចំណាយប្រាក់ច្រើនក៏ដោយ ។ សូមបញ្ជាក់ថា ប្រទេសបូលីវី បានជួបកង្វះខាតប្រេងចាប់តាំងពីឆ្នាំ ២០២៣រហូតមក ។ កាលពីខែមករាកន្លងទៅ រដ្ឋបាលរបស់លោកប្រធានាធិបតី Rodrigo Paz បានចេញក្រឹត្យមួយ ដើម្បីកែសម្រួលតម្លៃប្រេង ប៉ុន្តែការរត់ពន្ធប្រេង ការឡើងថ្លៃប្រេង និងកង្វះខាតប្រេង បានធ្វើឲ្យវិបត្តិប្រេងឥន្ធនៈកាន់តែធ្ងន់ធ្ងរទៅនៅប្រទេសមួយនេះ ៕

ពលរដ្ឋអ៊ីរ៉ង់រស់នៅទីក្រុងតេអេរ៉ង់មិនទុកចិត្តការបន្តបទឈប់បាញ់របស់អាមេរិក

2026/04/23 09:26:07 pm        22
ប្រជាពលរដ្ឋអ៊ីរ៉ង់រស់នៅទីក្រុងតេអេរ៉ង់ បានបង្ហាញពីភាពស្រពិចស្រពិលរបស់ពួកគេចំពោះទស្សនីយភាពនៃការចរចាជាមួយសហរដ្ឋអាមេរិក ស្របពេលដែលភាពតានតឹងបន្តកើតមាន បន្ទាប់ពីការផ្អាកការវាយប្រហារបណ្តោះអាសន្នរបស់អាមេរិក ហើយអ៊ីរ៉ង់រឹបអូសនាវានៅក្នុងច្រកសមុទ្រ Hormuz ។លោក Seyyed Majid Hossini គឺជាពលរដ្ឋអ៊ីរ៉ង់មួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់ និយាយថា សហរដ្ឋអាមេរិកពុំទទួលបានប្រយោជន៍នៅក្នុងជម្លោះមួយនេះទេ ដោយសារអ៊ីរ៉ង់នៅតែបន្តចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវថាមពលដ៏ចាំបាច់មួយរបស់ពិភពលោក ។លោកបន្តថា សហរដ្ឋអាមេរិកព្យាយាមបន្តសង្រ្គាម និងព្យាយាមទទួលបានគុណសម្បត្តិសម្រាប់ខ្លួនឯង ។ចំណែកឯអ្នកស្រី Moradi ដែលជាពលរដ្ឋមួយរូបទៀតរស់នៅក្នុងទីក្រុងតេអេរ៉ង់ និយាយដែរថា អ្នកស្រីមានជំនឿថា បទឈប់ជាការត្រៀមខ្លួនសម្រាប់ការវាយប្រហារថ្មីប៉ុណ្ណោះ ។អ្នកស្រីបន្តថា ទីក្រុងវ៉ាស៊ីនតោន ពុំបានបើកយុទ្ធការរបស់ខ្លួន ដើម្បីទទួលយកលក្ខខណ្ឌរបស់អ៊ីរ៉ង់នោះទេ ហើយអ្នកស្រីគ្មានជំនឿនោះឡើយថា កិច្ចចរចានឹងនាំឲ្យមានកិច្ចព្រមព្រៀង ។ប្រតិកម្មពីពលរដ្ឋរស់នៅក្នុងទីក្រុងតេអេរ៉ង់នេះដែរ បានកើតមានឡើង ក្រោយអ៊ីរ៉ង់រឹបអូសនាវា ២គ្រឿងនៅច្រកសមុទ្រ Hormuz ដើម្បីរឹតបន្តឹងការគ្រប់គ្រងផ្លូវទឹកមួយនេះ បន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ផ្អាកការវាយប្រហារលើអ៊ីរ៉ង់ ។ទីក្រុងតេអេរ៉ង់និយាយថា ពួកគេនឹងបន្តបិទច្រកសមុទ្រ Hormuz ដរាបណាការបិទរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅតែមាន គឺជាចំណាត់ការមួយធ្វើឲ្យវិបត្តិថាមពលសកលកាន់តែអាក្រក់ខ្លាំង ៕

ព្រះសង្ឃចាប់ផ្តើមនិមន្ត ដើម្បីសន្តិភាពរយៈពេល ១សប្តាហ៍នៅប្រទេសស្រីលង្កា

2026/04/23 08:55:46 pm        12
 ព្រះសង្ឃបានចាប់ផ្តើមនិមន្ត ដើម្បីសន្តិភាពរយៈពេល ១សប្តាហ៍នៅទូទាំងប្រទេសស្រីលង្កា ហើយក្រុមអ្នករៀបចំ និយាយថា ការនិមន្តរបស់ព្រះសង្ឃនេះ មានគោលបំណងលើកកម្ពស់សន្តិភាព ក៏ដូចជាឆ្លុះបញ្ចាំងពីកេរតំណែលព្រះពុទ្ធសាសនារបស់ស្រីលង្កា ។ ការនិមន្តរបស់ព្រះសង្ឃនេះ បានចាប់ផ្តើមចេញពីព្រះវិហាររូងភ្នំប្រវត្តិសាស្រ្ត ស្ថិតក្នុងទីក្រុង Dambulla ដែលមានចម្ងាយប្រហែល ១៦០គ.ម ភាគខាងជើងរដ្ឋធានី Colombo ។ ការនិមន្តចម្ងាយ ២២៥គ.ម នឹងបញ្ចប់ទៅនៅទីលានចតុរង្គឯករាជ្យ ស្ថិតក្នុងទីក្រុង Colombo ជាទីដែលលោកប្រធានាធិបតី Anura Kumara Dissanayake ត្រូវបានគេរំពឹងថា នឹងស្វាគមន៍ព្រះសង្ឃ ។ កាលពីថ្ងៃអង្គារ ព្រះសង្ឃ Pannakara Thero មកពីសហរដ្ឋអាមេរិក បានរៀបចំពិធីសាសនាមួយនៅទីក្រុង Anuradhapura និងកាន់កូនដើមពោធិ៍បានមកពីដើមពោធិ៍ព្រឹក្ស ដែលព្រះអង្គគ្រោងនឹងយកទៅដាំនៅសហរដ្ឋអាមេរិក ដើម្បីតំណាងសន្តិភាព ។ គួរឲ្យដឹងថា ការនិមន្តសន្តិភាព បានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ ២០២៥ ពេលដែលព្រះសង្ឃ Pannakara Thero ដឹកនាំព្រះសង្ឃនិមន្តរយៈពេល ១០៩ថ្ងៃ ចេញពីរដ្ឋ Texas របស់សហរដ្ឋអាមេរិកទៅដល់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដើម្បីលើកឡើងពីការយល់ដឹងសន្តិភាព និងស្មារតីទូទាំងអាមេរិក និងនៅលើពិភពលោក ៕

ប៉ាគីស្ថានរឹតបន្តឹងសន្តិសុខនៅទីក្រុងអ៊ីស្លាម៉ាបាដ ខណៈភាពពុំច្បាស់ចំពោះកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់

2026/04/23 08:55:26 pm        9
 នៅថ្ងៃព្រហស្បតិ៍នេះ ប៉ាគីស្ថានបានរឹតបន្តឹងសន្តិសុខនៅទូទាំងទីក្រុងអ៊ីស្លាម៉ាបាដ ស្របពេលដែលក្រុមមន្រ្តីត្រៀមជុំថ្មីនៃជំនួបរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។ ដងផ្លូវទៅកាន់អគាររដ្ឋាភិបាល ត្រូវបានបិទ ហើយរថយន្តយោធា បានល្បាតនៅតាមដងផ្លូវដែលធ្លាប់តែមមាញឹក ។ សណ្ឋាគារ Serena ដែលត្រូវបានគេរំពឹងថា នឹងរៀបចំជំនួប បន្តយាមកាមយ៉ាងតឹងរឹង បើទោះបីជាមិនទាន់មានការបញ្ជាក់ថា ភាគីទាំង ២ នឹងចូលរួមជំនួបក៏ដោយ ។ វិធានការសន្តិសុខនេះដែរ បានបង្អាក់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ ។ ធុរកិច្ចជាច្រើន បានបិទទ្វារ ហើយការដឹកជញ្ជូនសាធារណៈ ត្រូវបានផ្អាក បង្កការលំបាកដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញ-ចូលទីក្រុង ។ លោក Fida Ulla គឺជាអ្នកស្រុកមួយរូបនិយាយថា ស្ថានភាពបែបនេះ បង្កការលំបាកដល់ពលរដ្ឋសាមញ្ញ ធ្វើឲ្យពួកគេមិនអាចរកបានប្រាក់ចំណូលប្រចាំថ្ងៃ ។ លោកបានជំរុញអាជ្ញាធរឲ្យគិតគូរពីការលំបាករបស់សាធារណជន ពេលសម្រេចចិត្តរៀបចំជំនួបបែបនេះ ។ លោក Muhammad Sabir គឺជាពលរដ្ឋមួយរូបទៀតនិយាយដែរថា មនុស្សមានការភ័ន្តច្រឡំចំពោះភាពមិនប្រាកដប្រជា ពេលដែលពួកគេឮដំណឹងថា គណៈប្រតិភូនឹងមកចូលរួមជំនួប តែបែរជាមិនមើលឃើញពួកគេបែបនេះ ។ ក្រុមមន្ត្រីពុំបានបញ្ជាក់រឿងរ៉ាវលម្អិតពីជំនួបមួយនេះឡើយ ប៉ុន្តែសន្តិសុខនៅតែមានការរឹតបន្តឹង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្របពេលដែលប៉ាគីស្ថាន បន្តកិច្ចខិតខំ រៀបចំជំនួប ក៏ដូចជាកាត់បន្ថយភាពតានតឹងក្នុងតំបន់ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
05/31/2026 10:05 AM
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
05/31/2026 10:05 AM
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
05/31/2026 10:05 AM
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
05/31/2026 09:05 AM
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/31/2026 09:05 AM
កម្ពុជា តវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ កម្ពុជា​ដោយ​កងទ័ព​ថៃ
05/31/2026 08:05 AM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
05/31/2026 08:05 AM
ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM