ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

ថាមពលនុយក្លេអ៊ែរ កំពុងកើតឡើងវិញជាសកល ៤០ឆ្នាំ ក្រោយពីមហន្តរាយនៅរោងចក្រ CHERNOBYL

2026/04/23 03:17:44 pm        100
គ្រោះមហន្តរាយនៅរោងចក្រនុយក្លេអ៊ែរ Chernobyl នៅជិតទីក្រុង Pripyat នៃប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ ១៩៨៦ បានជំរុញឲ្យមានការភ័យខ្លាចទូទាំងពិភពលោកអំពីថាមពលនុយក្លេអ៊ែរ និងធ្វើឲ្យការអភិវឌ្ឍរបស់វាថយចុះនៅអឺរ៉ុប និងកន្លែងផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ៤ទសវត្សរ៍ក្រោយមក ថាមពលនុយក្លេអ៊ែរ មានដំណើរការឡើងវិញ នៅជុំវិញពិភពលោក ជានិន្នាការមួយដែលត្រូវបានជំរុញយ៉ាងខ្លាំងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។មានរ៉េអាក់ទ័រនុយក្លេអ៊ែរជាង ៤០០ កំពុងដំណើរការ នៅក្នុងប្រទេសចំនួន ៣១ ខណៈដែលប្រហែល ៧០ ទៀត កំពុងសាងសង់។ ថាមពលនុយក្លេអ៊ែរមានចំនួនប្រហែល ១០ ភាគរយនៃអគ្គិសនីរបស់ពិភពលោក ដែលស្មើនឹងប្រហែលមួយភាគបួននៃប្រភពថាមពលកាបូនទាបទាំងអស់។រ៉េអាក់ទ័រនុយក្លេអ៊ែរបានឃើញការកែលម្អជាលំដាប់ ដោយបន្ថែមលក្ខណៈពិសេសសុវត្ថិភាពបន្ថែមទៀត និងធ្វើឲ្យវាមានតម្លៃថោកជាងក្នុងការសាងសង់ និងដំណើរការ។លោក Fatih Birol នាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិបាននិយាយថា ដោយសារមានមហន្តរាយនុយនៅរោងចក្រក្លេអ៊ែរ Chernobyl និងគ្រោះមហន្តរាយនៅរោងចក្រនុយក្លេអ៊ែរ Fukushima នៅប្រទេសជប៉ុន ក្នុងឆ្នាំ ២០១១ វាបានធ្វើឲ្យកាត់បន្ថយការចង់បានប្រភពថាមពលបែបនេះ ប៉ុន្តែវាច្បាស់ណាស់កាលពីប៉ុន្មានឆ្នាំមុនថា ថាមពលនុយក្លេអ៊ែរ បានកើតមានឡើងវិញ៕

អ៊ីរ៉ង់ចោទបារ៉ែន កាតា គូវ៉ែត អារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីតថា បានសមគំនិតជាមួយអាមេរិក

2026/04/23 03:04:39 pm        86
លោក Amir-Saeid Iravani តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងបន្តប្រើប្រាស់ទឹកដី និងដែនអាកាសរបស់ប្រទេសបារ៉ែន កាតា គូវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីត ដើម្បីរៀបចំផែនការ រៀបចំ និងធ្វើការវាយប្រហារយោធាខុសច្បាប់ប្រឆាំងនឹងសាធារណរដ្ឋឥស្លាមនេះ។ លោកបានសរសេរនៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) និងក្រុមប្រឹក្សាសន្តិសុខថា៖«ដោយផ្អែកលើការត្រួតពិនិត្យ និងការវាយតម្លៃជាបន្តបន្ទាប់ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ពួកគេបានរកឃើញថា អ្នកឈ្លានពាន គឺសហរដ្ឋអាមេរិក បានបន្តប្រើប្រាស់ទឹកដី និងដែនអាកាសរបស់ព្រះរាជាណាចក្របារ៉ែន សម្រាប់ការរៀបចំផែនការ ត្រៀមខ្លួន បំពាក់អាវុធ និងធ្វើការវាយប្រហារយោធាខុសច្បាប់ប្រឆាំងនឹងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់»។ការចោទប្រកាន់ស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុងលិខិតចំនួន ៤ ផ្សេងទៀត ដែលផ្ញើទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា គូវ៉ែត និងអេមីរ៉ាតអារ៉ាប់រួម។នៅក្នុងលិខិតទាក់ទងនឹងអេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ង់ក៏បានចោទប្រកាន់អារ៉ាប់រួមពីបទជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងការឈ្លានពាននេះផងដែរ ដោយមានការអះអាងថា យន្តហោះចម្បាំង Mirage មួយគ្រឿងរបស់កងទ័ពអាកាសអារ៉ាប់រួម យានដ្រូន Akinci មួយគ្រឿង និងយន្តហោះចម្បាំង F-16 មួយគ្រឿង បានរំលោភលើដែនអាកាសរបស់អ៊ីរ៉ង់ ដោយវាយប្រហារគោលដៅនៅក្នុងច្រកសមុទ្រហ័រមូស និងនៅលើកោះនានា ក្នុងនោះមាន Qeshm, Abu Musa និងក្រុមកោះ Greater and Lesser Tunbs៕

ប្រព័ន្ធផ្សព្វផ្សាយ៖ មន្ទីរបញ្ចកោណរំពឹងថា នឹងចំណាយពេល ៦ខែ ដើម្បីសម្អាតមីនចេញពីច្រកសមុទ្រហ័រមូស

2026/04/23 03:01:30 pm        82
យោធាអាមេរិកប៉ាន់ប្រមាណថា វាអាចចំណាយពេលរហូតដល់ ៦ខែ ដើម្បីបោសសម្អាតមីនចេញពីច្រកសមុទ្រហ័រមូសទាំងស្រុង។ នេះបើយោងតាមរបាយការណ៍របស់ The Washington Post ដោយដកស្រង់ប្រភព។យោងតាមប្រភព មន្ត្រីជាន់ខ្ពស់ម្នាក់របស់មន្ទីរបញ្ចកោណ បានធ្វើការវាយតម្លៃនេះ អំឡុងពេលសន្និសីទបិទទ្វារ នៅគណៈកម្មាធិការសភាអាមេរិកទទួលបន្ទុកសេវាកម្មប្រដាប់អាវុធ។ ពួកគេបានបន្ថែមថា ប្រតិបត្តិការណាមួយ ដើម្បីបោសសម្អាតដែនទឹកនៃច្រកសមុទ្រនេះ ទំនងជាមិនចាប់ផ្តើមទេ ប្រសិនបើ    អរិភាព មិនត្រូវបានបញ្ចប់។យោងតាមការវាយតម្លៃរបស់កាសែតនេះ ផលវិបាកអវិជ្ជមាននៃជម្លោះប្រដាប់អាវុធ នឹងបន្តប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក រហូតដល់ចុងឆ្នាំនេះ។ ប្រភពពីរបានកត់សម្គាល់ថា នេះក៏អាចមានន័យថា តម្លៃសាំង និងប្រេងសកល នឹងនៅតែខ្ពស់ ក្នុងរយៈពេលយូរ ទោះបីជាបន្ទាប់ពីកិច្ចព្រមព្រៀងដែលអាចកើតមានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ៕

បេក្ខជនថ្នាក់ដឹកនាំ UN ប្តេជ្ញាថា នឹងបន្តកំណែទម្រង់ និងគោលការណ៍សំខាន់ៗ

2026/04/23 02:39:54 pm        94
បេក្ខជនដែលនឹងក្លាយជាប្រធានអង្គការសហប្រជាជាតិបន្ទាប់ បានសន្យាកាលពីថ្ងៃពុធថា នឹងធ្វើឲ្យអង្គការនេះដែលមានបញ្ហានេះ ដំណើរការល្អឡើងវិញ ដោយបន្តកំណែទម្រង់ ខណៈពេលដែលគាំទ្រគោលការណ៍ស្នូលនៃការកសាងសន្តិភាព និងការគាំទ្រដល់ការអភិវឌ្ឍ។បេក្ខជន ៤រូប កំពុងប្រជែងគ្នា ដើម្បីជំនួសលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ចាប់ពីដើមឆ្នាំក្រោយ ដោយអ្នកឈ្នះនឹងប្រឈមនឹងភារកិច្ចដ៏ធំមួយនៃការធ្វើឲ្យអង្គការមួយដែលកំពុងជួបវិបត្តិនេះ មានភាពរស់រវើកឡើងវិញ ដែលឋានៈរបស់វាបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។នៅក្នុងការថ្លែងសន្ទរកថាដ៏វែងនៅចំពោះមុខតំណាងរដ្ឋសមាជិកអង្គការសហប្រជាជាតិ និងសង្គមស៊ីវិលនៅថ្ងៃអង្គារ និងថ្ងៃពុធ បេក្ខជនទាំងអស់ បានបេ្តជ្ញាថា នឹងបន្តកំណែទម្រង់នៃអង្គការដែលមានអាយុ ៨០ ឆ្នាំ ដែលបានបង្កើតឡើងនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២។ទោះបីជាសកម្មភាពរបស់ប្រទេសមហាអំណាច បានដាក់បទដ្ឋានយូរអង្វែងនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមឲ្យស្ថិតក្រោមសម្ពាធក៏ដោយ អង្គការដែលមានសមាជិក ១៩៣ ប្រទេសនេះ បានរងសម្ពាធយ៉ាងខ្លាំង ដើម្បីកាត់បន្ថយការចំណាយ និងបង្ហាញពីភាពពាក់ព័ន្ធរបស់ខ្លួន៕

លោក TRUMP និយាយថា អ៊ីរ៉ង់នឹងមិនប្រហារជីវិតស្ត្រី ៨នាក់ទេ បន្ទាប់ពីលោកស្នើឲ្យដោះលែង

2026/04/23 02:36:22 pm        120
លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) កាលពីថ្ងៃពុធ បាននិយាយថា អ៊ីរ៉ង់បានបញ្ឈប់ផែនការដែលត្រូវបានសង្ស័យថា ត្រូវប្រហារជីវិតស្ត្រី ៨នាក់ ដែលត្រូវបានចាប់ខ្លួនពីបទតវ៉ាប្រឆាំងរដ្ឋាភិបាល បន្ទាប់ពីលោកបានជំរុញឲ្យទីក្រុងតេអេរ៉ង់ដោះលែងពួកគេ ដើម្បីជួយដល់ការចរចាសន្តិភាព។ទោះជាយ៉ាងណាក៏ដោយ តុលាការរបស់អ៊ីរ៉ង់បានពិពណ៌នាអំពីការអះអាងរបស់ប្រធានាធិបតីអាមេរិកថាជា «ព័ត៌មានមិនពិត» ដោយនិយាយថា ពួកគេមិនដែលប្រឈមនឹងទោសប្រហារជីវិត តាំងពីដំបូង ឡើយ។លោក ត្រាំ បាននិយាយនៅលើវេទិកា Truth Social របស់លោកថា៖«ខ្ញុំពិតជាកោតសរសើរណាស់ដែលអ៊ីរ៉ង់ និងមេដឹកនាំរបស់ខ្លួន បានគោរពសំណើរបស់ខ្ញុំ ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ហើយបានបញ្ចប់ផែនការប្រហារជីវិតនេះ»។ក្រុមសិទ្ធិមនុស្សបាននិយាយថា យ៉ាងហោចណាស់ស្ត្រីម្នាក់ដែលត្រូវបានចាប់ខ្លួនពីបទតវ៉ាកាលពីខែមករា ត្រូវបានកាត់ទោសប្រហារជីវិត ខណៈដែលម្នាក់ទៀត កំពុងប្រឈមនឹងការចោទប្រកាន់ដែលមានទោសប្រហារជីវិត ហើយអាចឃើញស្ត្រីរូបនេះ ត្រូវបានប្រហារជីវិត៕

អង់គ្លេស និងបារាំង ឯកភាពគ្នាលើកិច្ចព្រមព្រៀងរយៈពេលបីឆ្នាំ ដើម្បីបញ្ឈប់ការឆ្លងកាត់របស់ជនអន្តោប្រវេសន៍

2026/04/23 02:18:30 pm        90
ចក្រភពអង់គ្លេស និងបារាំង បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេលបីឆ្នាំថ្មីមួយ ដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារធ្វើដំណើរដ៏ប្រថុយប្រថានឆ្លងកាត់ច្រកសមុទ្រអង់គ្លេស។ នេះបើយោងតាមផែនទីបង្ហាញផ្លូវរបស់ក្រសួងមហាផ្ទៃបារាំង ដែលបានឃើញដោយសារព័ត៌មាន AFP កាលពីថ្ងៃពុធ។ក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសបារាំងបានសន្យាថា នឹងបង្កើនការអនុវត្តច្បាប់នៅលើឆ្នេរសមុទ្រជាងពាក់កណ្តាល ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើទេសន្តរប្រវេសន៍មិនទៀងទាត់ទៅកាន់ចក្រភពអង់គ្លេស ដោយមានមន្ត្រីរហូតដល់ ១.៤០០នាក់ នៅឆ្នាំ ២០២៩។ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេសនឹងផ្តល់មូលនិធិរហូតដល់ ៧៦ លានអឺរ៉ូ (៨៩៧លានដុល្លារ) ទោះបីជាជិតមួយភាគបួននៃចំនួននោះ នឹងមានលក្ខខណ្ឌភ្ជាប់ និងត្រូវចំណាយ លុះត្រាតែវិធានការរបស់បារាំងដំណើរការ។ប្រទេសជិតខាងឆ្លងកាត់ច្រកសមុទ្រ បានឈ្លោះប្រកែកគ្នាអស់រយៈពេលជាច្រើនខែ លើការបន្តសន្ធិសញ្ញា Sandhurst ដែលកំណត់ការចូលរួមចំណែកផ្នែកហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បារាំង ដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍ដែលប៉ុនប៉ងឆ្លងកាត់សមុទ្រដ៏គ្រោះថ្នាក់ ដោយសង្ឃឹមថា នឹងទៅដល់ចក្រភពអង់គ្លេស៕

លោក ERDOGAN សម្តែងការគាំទ្រចំពោះសន្តិភាព និងការទូត នៅក្នុងជម្លោះមជ្ឈិមបូព៌ា

2026/04/23 02:14:38 pm        73
ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសទួរគីគាំទ្រសន្តិភាព និងការទូត នៅក្នុងជម្លោះមជ្ឈិមបូព៌ា។លោកបានធ្វើការអត្ថាធិប្បាយនេះ នៅក្នុងកិច្ចប្រជុំជាមួយលោក Mark Rutte អគ្គលេខាធិការណាតូដែលកំពុងទស្សនកិច្ចនៅទីក្រុងអង់ការ៉ា ជាកន្លែងដែលភាគីទាំងពីរ បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និង         សកល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីទួរគី។ សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា៖«លោកប្រធានាធិបតី អឺដូហ្កាន់ បាននិយាយថា ប្រទេសទួរគីបានដាក់ខ្លួននៅខាងសន្តិភាព និងការទូត នៅក្នុងដំណើរការ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់»។លោក អឺដូហ្កាន់ ក៏បានបញ្ជាក់ជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ប្រទេសទួរគីសម្រាប់ការបញ្ចប់ដោយសន្តិវិធីនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយសន្យាថា នឹងធ្វើការស្តារឡើងវិញនូវការចរចា និងសម្របសម្រួលការចរចាកម្រិតមេដឹកនាំរវាងប្រទេសទាំងពីរ៕

បេសកជន UN ជួបជាមួយក្រុមហ៊ួទី ដើម្បីជំរុញកិច្ចប្រឹងប្រែងសន្តិភាពយេម៉ែន និងអំពាវនាវឲ្យដោះលែងអ្នកជាប់ឃុំ

2026/04/23 02:12:27 pm        92
លោក Hans Grundberg បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃពុធថា លោកបានពិភាក្សាជាមួយក្រុមហ៊ួទីអំពីវិធីជំរុញដំណើរការសម្របសម្រួលរបស់UN និងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការចរចាអំពីការដោះលែងអ្នកជាប់ឃុំ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមូស្កាត លោក Grundberg បាននិយាយថា លោកបានជួបជាមួយមន្ត្រីជាន់ខ្ពស់អូម៉ង់ ដើម្បីពិភាក្សាអំពី «មាគ៌ាឆ្ពោះទៅមុខសម្រាប់ដំណើរការសន្តិភាពរបស់យេម៉ែន ស្របពេលមានសក្ដានុភាពក្នុងតំបន់កំពុងវិវត្តន៍» ដោយបានបញ្ជាក់ពី «តួនាទីដ៏សំខាន់របស់អូម៉ង់ក្នុងការគាំទ្រការសន្ទនា» និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រក្នុងតំបន់ សម្រាប់ការសម្របសម្រួលដឹកនាំដោយអង្គការសហប្រជាជាតិ។បេសកជនរូបនេះ ក៏បានជួបជាមួយលោក Mohammed Abdulsalam ប្រធានអ្នកចរចានៃក្រុមហ៊ួទី ដែលការពិភាក្សាផ្តោតលើ «មាគ៌ាឆ្ពោះមុខសម្រាប់ដំណើរការសម្របសម្រួល»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។លោក Grundberg បានបញ្ជាក់ថា លោក រួមជាមួយមន្ត្រីUN លោក Muin Shreim បានលើកឡើងពីការឃុំខ្លួន «បុគ្គលិក UN ចំនួន ៧៣នាក់» ដោយសង្កត់ធ្ងន់ថា បញ្ហានេះ «នៅតែជាអាទិភាពសម្រាប់អង្គការសហប្រជាជាតិ» និងអំពាវនាវឲ្យមានការ «ដោះលែងពួកគេជាបន្ទាន់ និងគ្មានលក្ខខណ្ឌ»៕

ប្រធានាធិបតីរុស្ស៊ី និយាយថា លោកនឹងជួបមេដឹកនាំអ៊ុយក្រែន តែក្នុងដំណាក់កាលឈានទៅបញ្ចប់សង្គ្រាមប៉ុណ្ណោះ

2026/04/23 12:46:31 pm        90
សារព័ត៌មាន Reutersបានរាយការណ៍ថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នឹងត្រៀមខ្លួនជួប លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដើម្បីយល់ព្រមលើការសម្រេចចុងក្រោយឈានទៅបញ្ចប់សង្គ្រាម មិនមែនធ្វើការចរចាបឋមនោះទេ ។  អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធ២២មេសាសប្ដាហ៍នេះថា កិច្ចប្រជុំទល់មុខគ្នារវាងមេដឹកនាំទាំងពីរនឹងអាចធ្វើទៅបាន លុះត្រាតែក្រុមអ្នកចរចាបានឈានដល់កិច្ចព្រមព្រៀងនៅកម្រិតទាបជាមុនសិន ដោយទុកឱ្យប្រធានាធិបតីអនុម័តជាផ្លូវការលើលទ្ធផល។លោក Peskov បាននិយាយថា រឿងសំខាន់គឺថា គួរតែមានហេតុផលដើម្បីជួបគ្នា ហើយបញ្ហាសំខាន់ទៀតនោះគឺថា កិច្ចប្រជុំគួរតែមានជាលទ្ធផលជាដុំកំភួន នេះបើយោងតាមរបាយការណ៍ ។ការអត្ថាធិប្បាយទាំងនេះកើតឡើងស្របពេលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកំពុងបន្ត ដើម្បីស្វែងរកច្រកចេញដែលអាចធ្វើទៅបាន ឆ្ពោះទៅរកការបញ្ចប់ការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទីបួននៃសង្គ្រាមហើយ។ទីក្រុងគីវបាននិយាយម្តងហើយម្តងទៀតអំពីការចរចាណាមួយត្រូវតែគោរពអធិបតេយ្យភាព និងសុចរិតភាពរបស់អ៊ុយក្រែន។ ទន្ទឹមនឹងនេះ ទីក្រុងមូស្គូបានទទូចថា ការចរចាឆ្លុះបញ្ចាំងពីរឿងរ៉ាវប្រវត្តិសាស្ត្ររបស់រុស្ស៊ី និងការទទួលបានទឹកដី។    សារព័ត៌មាន Reuteurs បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrii Sybiha បាននិយាយថា  ភាគីអ៊ុយក្រែន បានស្នើសុំប្រទេសទួរគី ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរវាងប្រធានាធិបតីទាំងពីរ ៕

ប្រធានអង្គការដែនសមុទ្រអន្តរជាតិ ជំរុញឱ្យបន្ធូរបន្ថយភាពតានតឹង ខណៈការវាយប្រហារលើការដឹកជញ្ជូនទំនិញកាន់តែធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា

2026/04/23 12:44:28 pm        78
ប្រធានអង្គការដែនសមុទ្រអន្តរជាតិ (IMO)កាលពីថ្ងៃពុធ ២២មេសាសប្ដាហ៍នេះ បានអំពាវនាវឱ្យបញ្ឈប់ការវាយប្រហារលើនាវាពាណិជ្ជកម្មជាបន្ទាន់ និងបានព្រមានអំពីហានិភ័យកើនឡើងចំពោះនាវិក ស្របពេលមានភាពតានតឹងកាន់តែខ្លាំងនៅមជ្ឈិមបូព៌ា។លោក Arsenio Dominguez អគ្គលេខាធិការអង្គការ IMO បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារ និងការរឹបអូសនាវាពាណិជ្ជកម្មគឺមិនអាចទទួលយកបានទេ ដោយជំរុញឱ្យបញ្ឈប់សកម្មភាពខ្វះការប្រុងប្រយ័ត្នទាំងនេះ ហើយនាវា និងនាវិកស្លូតត្រង់ណាមួយត្រូវដោះលែងភ្លាមៗ។លោក Dominguez បានហៅស្ថានភាពនេះថា មានភាពប្រែប្រួលខ្លាំង ដោយចោទជាសំណួរថាតើហេតុអ្វីបានជាក្រុមហ៊ុននានាបន្តធ្វើប្រតិបត្តិការនៅក្នុងដែនទឹកដែលមានហានិភ័យខ្ពស់?។ លោកបាននិយាយថា រូបលោកមិនយល់សោះថាហេតុអ្វីបានជាក្រុមហ៊ុននានាប្រថុយប្រថាន និងធ្វើឱ្យជីវិតនាវិកមានគ្រោះថ្នាក់។ លោក Dominguez បានកត់សម្គាល់ថា នាវិកជិត២ម៉ឺននាក់ នៅតែជាប់គាំងបន្ទាប់ពីប្រាំពីរសប្តាហ៍ ដោយនៅតែមិនប្រាកដថាពេលណាពួកគេនឹងអាចត្រឡប់ទៅផ្ទះវិញ។ លោកបាននិយាយថា ការបន្ធូរបន្ថយភាពតានតឹង សកម្មភាពដែលមានអត្ថន័យ និងការស្តារសេរីភាពនៃការធ្វើនាវាចរណ៍ឡើងវិញ គឺជាមធ្យោបាយតែមួយគត់ដើម្បីឆ្ពោះទៅមុខ។យោងតាម IMO យ៉ាងហោចណាស់មានឧបទ្ទវហេតុចំនួន ២៦ លើក ដែលពាក់ព័ន្ធនឹងការវាយប្រហារលើនាវាត្រូវបានបញ្ជាក់នៅក្នុងតំបន់គិតត្រឹមថ្ងៃទី ២២ ខែមេសា ដែលបណ្តាលឱ្យមាននាវិកចំនួន១០នាក់ស្លាប់។ អង្គការនេះបានជំរុញឱ្យនាវាដែលកំពុងប្រតិបត្តិការនៅជិតច្រកសមុទ្រ Hormuz រក្សាការប្រុងប្រយ័ត្នខ្ពស់បំផុត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM