ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

មានសញ្ញាចម្រុះ ស្តីពីការបន្ថែមពេលបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់

2026/04/23 09:39:22 am        80
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់កាសែត The New York Post ថា ការចរចាជាមួយអ៊ីរ៉ង់ អាចចាប់ផ្តើមនៅថ្ងៃសុក្រ។ ទោះជាយ៉ាងណា មេដឹកនាំអ៊ីរ៉ង់ ទំនងជាច្រានចោលគំនិតនោះ ខណៈមន្ត្រីនៅក្នុងប្រទេសប៉ាគីស្ថាន បាននឹងកំពុងសម្របសម្រួលការចរចា។ កាសែតនេះ បានដកស្រង់ប្រភពព័ត៌មាននៅទីក្រុងអ៊ីស្លាម៉ាបាដ ដោយនិយាយថា មាន «កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលវិជ្ជមាន» ជាមួយអ៊ីរ៉ង់ ហើយការចរចាបន្ថែមទៀតអាចធ្វើឡើងក្នុងរយៈពេល «៣៦ ទៅ ៧២ ម៉ោង»ខាងមុខ។ នៅក្នុងសារជាអក្សរ លោក ត្រាំ បានប្រាប់កាសែតនេះថា ពេលវេលាកំណត់គឺ «អាចធ្វើទៅបាន»។ទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានសរសេរនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធថា «លោក ត្រាំ បាននិយាយកុហកម្តងទៀតហើយ»។ សារព័ត៌មាននេះនិយាយថា មន្ត្រីមិនទាន់បានសម្រេចចិត្តដើម្បីចូលរួមក្នុងការចរចាណាមួយនៅថ្ងៃសុក្រនៅឡើយទេ។ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធថា បទឈប់បាញ់ «មានន័យ» លុះត្រាតែ វាមិនត្រូវបានរំលោភដោយការបិទផ្លូវរបស់កងទ័ពជើងទឹកអាមេរិក ចំពោះអ៊ីរ៉ង់។គេហទំព័រព័ត៌មានអាមេរិក Axios បានដកស្រង់ប្រភពមួយដែលនិយាយថា លោក ត្រាំ មានឆន្ទៈរង់ចាំបីទៅប្រាំថ្ងៃទៀត ប៉ុន្តែការបន្ថែមពេលនេះនឹង«លែងមានពេលកំណត់»។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបដិសេធដែលថា លោក Trump មិនទាន់បានកំណត់ «កាលបរិច្ឆេទច្បាស់លាស់» ហើយរឿងនេះធ្វើឲ្យប្រជាជនអ៊ីរ៉ង់កំពុងស្ថិតក្នុងភាពច្របូកច្របល់។

ប្រធានាធិបតីទួរគី៖ ប្រទេសលោកកំពុងប្រឹងប្រែងដើម្បីធ្វើឲ្យរស់ឡើងវិញកិច្ចចរចារុស្ស៊ី និងអ៊ុយក្រែន

2026/04/23 09:36:24 am        86
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាននិយាយទៅកាន់លោក Mark Rutte អគ្គលេខាធិការសម្ព័នយោធាណាតូថា ប្រទេសទួរគីកំពុងខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យរស់ឡើងវិញកិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន និងនាំមកការជួបប្រជុំគ្នានៃមេដឹកនាំភាគីសង្គ្រាម។ យោងតាមការរិយាល័យប្រធានាធិបតីទួរគីបាននិយាយកាលពីថ្ងៃពុធថា ទីក្រុង Ankara បានរក្សាទំនាក់ទំនងល្អជាមួយភាគីទាំងពីរ ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។ លោក Erdogan និងលោក Rutte បានជួបគ្នានៅរដ្ឋធានី Ankara របស់ប្រទេសទួរគី។ លោក Erdogan និយាយថា យើងបានចូលរួម ខណៈប្រទេសទួរគីប្រឹងប្រែងសម្របសម្រួលក្នុងសង្គ្រាមរវាងអ៊ុយក្រែន-រុស្ស៊ី ដើម្បីឲ្យបញ្ចប់ទៅដោយសន្តិភាព ហើយយើងកំពុងធ្វើការដើម្បីធ្វើឲ្យរស់ឡើងវិញកិច្ចចរចា និងចាប់ផ្តើមកិច្ចចរចាក្នុងកម្រិតមេដឹកនាំ។ ប្រធានាធិបតីទួរគី ក៏បានប្រាប់លោក Rutte ផងដែរថា ការរក្សាទំនាក់ទំនងអន្តរអាត្លង់ទិក គឺ «ជារឿងចាំបាច់» ប៉ុន្តែទីក្រុង Ankara រំពឹងថាសម្ព័ន្ធមិត្តណាតូអឺរ៉ុបនឹងទទួលខុសត្រូវបន្ថែមទៀតចំពោះសន្តិសុខអន្តរអាត្លង់ទិក នេះបើយោងតាមការិយាល័យប្រធានាធិបតី។ទន្ទឹមនឹងនេះការិយាល័យប្រធានាធិបតីបាននិយាយថា ដោយឡែក លោក Erdogan បានជួបសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier កាលពីថ្ងៃពុធ ដោយប្រាប់លោកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង Ankara ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមរយៈការចរចានៅក្នុងប្រទេសអ៊ុយក្រែន។លោក Erdogan បានប្រាប់មេដឹកនាំអាល្លឺម៉ង់ថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «កំពុងចាប់ផ្តើមធ្វើឱ្យអឺរ៉ុបចុះខ្សោយ» ហើយការខូចខាតពីជម្លោះនឹងកើនឡើង ប្រសិនបើប្រទេសមហាអំណាចពិភពលោកមិនធ្វើអន្តរាគមន៍ដោយ «វិធីសាស្រ្តដែលផ្តោតលើសន្តិភាព»។

សហភាពអឺរ៉ុប បញ្ចេញប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន៩០ពាន់លានអឺរ៉ូ ក្រោយពីជម្លោះជាមួយហុងគ្រី

2026/04/23 08:45:44 am        127
សហភាពអឺរ៉ុបកាលពីថ្ងៃពុធ ទី ២២ ខែមេសា បានផ្តល់ភ្លើងខៀវដើម្បីបញ្ចេញទៅឲ្យទីក្រុងគីវនូវប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូ (១០៦ ពាន់លានដុល្លារអាមេរិក) បន្ទាប់ពីភាពជាប់គាំងត្រូវបានទម្លាយដោយសារតែជម្លោះរយៈពេលជាច្រើនខែរវាងអ៊ុយក្រែន និងប្រទេសហុងគ្រី ជុំវិញបំពង់បង្ហូរប្រេងដែលត្រូវបានបំផ្លាញ។ អ្នកការទូត បាននិយាយថា ការចុះហត្ថលេខាជាក់លាក់គួរតែធ្វើឡើងនៅត្រឹមថ្ងៃព្រហស្បតិ៍នេះ ខណៈទីក្រុង Budapest រង់ចាំប្រេងរបស់រុស្ស៊ីទៅដល់តាមរយៈបំពង់បង្ហូរប្រេង Druzhba បន្ទាប់ពីទីក្រុងគីវ បាននិយាយថា ប្រតិបត្តិការបានចាប់ផ្តើមឡើងវិញ។ជម្លោះដ៏ខ្លាំងក្លាជុំវិញបំពង់បង្ហូរប្រេងនេះ បានធ្វើឲ្យនាយករដ្ឋមន្ត្រីជាតិនិយមរបស់ប្រទេសហុងគ្រី លោក Viktor Orban ប្រឆាំងជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលធ្វើឲ្យការផ្តល់មូលនិធិចាំបាច់សម្រាប់ទីក្រុងគីវ ជាប់គាំង។ លោក Zelenskyy ដែលត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុបនៅប្រទេសស៊ីបនៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហោះតាមអនឡាញថា «ការអនុវត្តកិច្ចព្រមព្រៀងរបស់យើងជាមួយសហភាពអឺរ៉ុប ដើម្បីបញ្ចេញកញ្ចប់ជំនួយចំនួន ៩០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែនក្នុងរយៈពេលពីរឆ្នាំ ពេលនេះកំពុងដំណើរការយ៉ាងមានប្រសិទ្ធភាព» ។ «ការបញ្ចេញប្រាក់កម្ចីនេះ គឺជាសញ្ញាត្រឹមត្រូវក្រោមកាលៈទេសៈបច្ចុប្បន្ន ហើយរុស្ស៊ីត្រូវតែបញ្ចប់សង្គ្រាមរបស់ខ្លួន»។

លោក Trump និយាយថា កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់អាចធ្វើទៅបានក្នុងរយៈពេល ៣៦ទៅ៧២ម៉ោង

2026/04/23 08:24:49 am        127
លោកប្រធានាធិបតី Donald Trump បានបង្ហាញកាលពីថ្ងៃពុធ២២មេសាសប្ដាហ៍នេះថា ការចរចាជុំទីពីររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចធ្វើឡើងក្នុងរយៈពេល «៣៦ ទៅ៧២ ម៉ោង» បន្ទាប់ ខណៈ ប្រទេសប៉ាគីស្ថានបន្តសម្របសម្រួលរវាងភាគីទាំងពីរ។លោក Trump បានបញ្ជាក់ពី «លទ្ធភាព» នៃការចរចានោះទៅកាន់សារព័ត៌មាន New York Post ខណៈប្រភពព័ត៌មានប៉ាគីស្ថានបាននិយាយថា រយៈពេលនេះគឺផ្អែកលើការវាយតម្លៃជាបន្តបន្ទាប់នៃការចូលរួមការទូតរបស់ទីក្រុងអ៊ីស្លាម៉ាបាដជាមួយទីក្រុងតេអេរ៉ង់។ ក្រុមអាជ្ញាធរអ៊ីរ៉ង់ពុំទាន់បានបញ្ជាក់ពីការពិភាក្សាណាមួយនៅឡើយទេ។ក្រុមមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន Axios ថា លោក Trump បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់បទឈប់បាញ់រយៈពេលបីទៅប្រាំថ្ងៃទៀតដល់ប្រទេសអ៊ីរ៉ង់ ក្នុងការអនុញ្ញាតឱ្យភាគីរបស់ខ្លួនឯកភាពលើការផ្តល់ជូនដ៏ស៊ីសង្វាក់គ្នា ដោយប្រភពមួយត្រូវបានជូនដំណឹងអំពីបញ្ហានេះ ដោយព្រមានថា ការពន្យារពេលនឹងមិនមែនជា«ការបើកចំហដោយគ្មានពេលកំណត់» នោះទេ។ លោក Trump ធ្លាប់បានពន្យារពេលកំណត់បទឈប់បាញ់ជាច្រើនដងរួចមកហើយ។សារព័ត៌មាន Axios រាយការណ៍ថា ក្រុមអ្នកចរចាអាមេរិកមានការព្រួយបារម្ភថា ប្រហែលជាគ្មាននរណាម្នាក់នៅក្នុងទីក្រុងតេអេរ៉ង់មានសិទ្ធិអំណាចក្នុងការអនុម័តកិច្ចព្រមព្រៀងនោះទេ។ការវិវត្តន៍នេះកើតឡើងបន្ទាប់ពីលោក Trump បានប្រកាសថា លោកនឹងផ្អាកសកម្មភាពបន្ថែមទៀត រហូតដល់ថ្នាក់ដឹកនាំពោពេញដោយការបែកបាក់គ្នារបស់ទីក្រុងតេអេរ៉ង់អាចបង្ហាញជំហររួបរួមគ្នានៅតុចរចា។ប្រភពព័ត៌មានប៉ាគីស្ថានបានប្រាប់សារព័ត៌មាន The New York Post ថា បទឈប់បាញ់រវាងភាគីទាំងពីរនៅតែជាប់គាំងដដែលទោះបីជាមានសង្គ្រាមវោហារសាស្ត្រកើនឡើងក៏ដោយ ហើយក៏គ្មានការកើនឡើងនៃសកម្មភាពយោធាពីភាគីណាមួយដែរ៕

ចៅក្រម ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte

2026/04/22 08:36:58 pm        27
ចៅក្រមរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នេះ បានបដិសេធការជំទាស់ប្រឆាំងនឹងយុត្តាធិការរបស់តុលាការដោយលោក Rodrigo Duterte ដោយមានន័យថា អតីតប្រធានាធិបតីហ្វីលីពីនរូបនេះ នៅតែអាចប្រឈមនឹងការកាត់ក្តី ពាក់ព័ន្ធនឹងសំណុំរឿងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។លោក Duterte វ័យ ៨១ឆ្នាំ ប្រឈមនឹងការចោទប្រកាន់ចំនួន ៣ករណី ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅតុលាការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ ពាក់ព័ន្ធនឹងការសម្លាប់ដែលត្រូវបានចោទប្រកាន់ថា ត្រូវបានប្រព្រឹត្ត ជាផ្នែកនៃការបង្ក្រាបរបស់លោក លើអ្នកប្រើប្រាស់ និងអ្នកជួញដូរគ្រឿងញៀន។ការចោទប្រកាន់ទាំងនេះ ទាក់ទងនឹងរយៈពេលដែលលោកបានកាន់តំណែងជាអភិបាលក្រុង Davao រវាងឆ្នាំ២០១៣ និងឆ្នាំ២០១៦ ហើយបន្ទាប់មកជាប្រធានាធិបតី រហូតដល់ខែមីនា ឆ្នាំ២០១៩ ជាពេលដែលហ្វីលីពីន បានដកខ្លួនចេញពី ICC។មេធាវីការពារក្តីរបស់លោក Duterte បានអះអាងថា តុលាការមិនមានយុត្តាធិការលើបទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់នៅក្នុងប្រទេសហ្វីលីពីនទេ ពីព្រោះប្រទេសនេះ លែងស្ថិតនៅក្រោមលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាឯកសារស្ថាបនិកផ្លូវច្បាប់របស់ ICC។អយ្យការបានតបតវិញថា បទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់ បានកើតឡើងខណៈពេលដែលហ្វីលីពីននៅតែជាសមាជិករបស់ ICC ដូច្នេះចៅក្រមអាចសម្រេចបាន លើករណីរបស់លោក Duterte។ នៅក្នុងសេចក្តីសម្រេចដំបូង កាលពីខែតុលាឆ្នាំមុន អង្គជំនុំជម្រះមុនការកាត់ក្ដីរបស់ ICC បានយល់ស្របតាមអយ្យការ ដោយសម្រេចថា ការស៊ើបអង្កេតលើលោក Duterte បានចាប់ផ្តើមមុនពេលការដកខ្លួនរបស់ប្រទេសហ្វីលីពីន។តុលាការឧទ្ធរណ៍បានច្រានចោលការជំទាស់របស់ក្រុមមេធាវីការពារក្តី ចំពោះសេចក្តីសម្រេចនោះ។ ប្រធានតុលាការ លោកស្រីចៅក្រម Luz del Carmen Ibanez Carranza បានបញ្ជាកើថា តុលាការ «បានបដិសេធមូលដ្ឋានផ្លូវច្បាប់ទាំង៤ នៃបណ្តឹងឧទ្ធរណ៍»។ លោកស្រីបានបន្ថែមថា៖ «បន្ទាប់ពីបានបដិសេធបណ្តឹងឧទ្ធរណ៍ទាំងមូល អង្គជំនុំជម្រះបណ្ដឹងឧទ្ធរណ៍ ចាត់ទុកថា សំណើរបស់មេធាវីការពារក្តី ដើម្បីឲ្យមានការដោះលែងលោក Duterte ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនោះ គឺលែងត្រូវបានលើកយកជជែកទៀតហើយ»៕

អ៊ីរ៉ង់និយាយថា ការទូតពឹងផ្អែកលើផលប្រយោជន៍ជាតិ ពុំមែនការសម្រេចចិត្តលើការចរចាទេ

2026/04/22 08:23:54 pm        57
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយនៅថ្ងៃពុធនេះថា ការទូតនៅតែជាឧបករណ៍មួយ ដើម្បីការពារផលប្រយោជន៍ជាតិ ហើយនឹងត្រូវបានបន្ត នៅពេលដែលលក្ខខណ្ឌស្របនឹងផលប្រយោជន៍របស់អ៊ីរ៉ង់។នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Baghaei បានថ្លែងអំណរគុណដល់ប្រទេសប៉ាគីស្ថានចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ខ្លួន ដោយនិយាយថា សកម្មភាពរបស់អ៊ីរ៉ង់ ត្រូវបានធ្វើឡើង ដើម្បីការពារខ្លួនទប់ទល់នឹងការឈ្លានពានយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។លោកបាននិយាយថា អ៊ីរ៉ង់កំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៅសមរភូមិ និងនយោបាយ ខណៈពេលដែលកំពុងចាត់វិធានការចាំបាច់ ដើម្បីការពារផលប្រយោជន៍ និងសន្តិសុខជាតិរបស់ខ្លួន។សេចក្តីថ្លែងការណ៍ បានបន្ថែមថា អ៊ីរ៉ង់នឹងការពារសិទ្ធិស្របច្បាប់របស់ខ្លួន បន្តការទទួលខុសត្រូវផ្នែកច្បាប់ចំពោះទង្វើឈ្លានពាន និងស្វែងរកសំណងសម្រាប់ការខូចខាតដោយសង្គ្រាម៕

អ្នកការទូត បញ្ជាក់ថា អ៊ីរ៉ង់ «នឹងមិនចរចាក្រោមការគំរាមកំហែង» នោះឡើយ

2026/04/22 08:23:31 pm        75
អ្នកការទូតអ៊ីរ៉ង់មួយរូប បានប្រាប់សារព័ត៌មាន AP នៅថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នេះថា សហរដ្ឋអាមេរិក ត្រូវតែបញ្ចប់ការបិទខ្ទប់របស់ខ្លួន លើអ៊ីរ៉ង់ ជាអ្វីដែលតម្រូវឲ្យមានជាមុន សម្រាប់ការចរចាបទឈប់បាញ់បន្ថែមទៀត នៅទីក្រុងអ៊ីស្លាម៉ាបាដ ដោយបន្ថែមថា ការចរចាជាមួយអ្នកសម្របសម្រួលប៉ាគីស្ថានកំពុងដំណើរការ ដើម្បី «អនុវត្តលក្ខខណ្ឌរបស់អ៊ីរ៉ង់»។លោក Mojtaba Ferdousi Pour ប្រមុខបេសកកម្មអ៊ីរ៉ង់ នៅប្រទេសអេហ្ស៊ីប បានប្រាប់សារព័ត៌មាន AP ថា៖ «(អ៊ីរ៉ង់) នឹងមិនចរចាក្រោមការគំរាមកំហែងនោះឡើយ។ ហើយសាធារណរដ្ឋឥស្លាម នឹងមិនទៅទីក្រុងអ៊ីស្លាម៉ាបាដ មុនពេលមានការដកការបិទខ្ទប់នេះនោះទេ»។យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា បេសកជនរូបនេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់បទឈប់បាញ់ ដើម្បីបង្កើនកម្លាំងបន្ថែមទៀត សម្រាប់លទ្ធភាពដែលអាចមានការចាប់ផ្ដើមឡើងវិញនូវប្រតិបត្តិការយោធា លើអ៊ីរ៉ង់។ លោកបាននិយាយថា៖ «នៅពីក្រោយឆាក ពួកគេនិយាយអ្វីមួយ ប៉ុន្តែនៅទីសាធារណៈ ពួកគេនិយាយ និងធ្វើអ្វីផ្សេង»។ប្រធានាធិបតីអាមេរិក លោក Donald Trump បានពន្យារបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានកំណត់ កាលពីថ្ងៃអង្គារ ពោលគឺប៉ុន្មានម៉ោងមុនពេលវាផុតកំណត់ ដើម្បីអាចឲ្យប្រទេសទាំង២ បន្តការចរចាសន្តិភាព។ការពន្យារពេលនេះ បានកើតឡើងនៅពេលដែលមន្ត្រីសេតវិមានម្នាក់ បានបញ្ជាក់ថា អនុប្រធានាធិបតី លោក JD Vance នឹងមិនធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននោះឡើយ សម្រាប់ការចរចាជុំថ្មីដែលត្រូវបានគេរំពឹងថា នឹងកើតឡើង។ ហើយម្យ៉ាងវិញទៀត ប្រទេសអ៊ីរ៉ង់មិនដែលបានប្រកាសនោះទេថា តើខ្លួនបានសម្រេចបញ្ជូនគណៈប្រតិភូទៅដែរ ឬអត់៕

ប្រទេសលីបង់ និងរុស្ស៊ី ចុះហត្ថលេខាលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងពិសេស

2026/04/22 08:20:05 pm        71
ប្រទេសលីបង់ និងរុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃពុធនេះ ដោយលើកលែងអ្នកកាន់លិខិតឆ្លងដែនការទូត និងពិសេសពីតម្រូវការទិដ្ឋាការចូលប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់។កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅទីស្តីការក្រសួងការបរទេស ក្នុងទីក្រុងបេរូត ដោយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសលីបង់ លោក Alexander Rudakov និងលោក Abdel Sattar Issa អគ្គលេខាធិការក្រសួងការបរទេសលីបង់។នៅខាងក្រៅពិធីចុះហត្ថលេខា ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមក។យោងតាមក្រសួង កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាន ៦០ ថ្ងៃ បន្ទាប់ពីការផ្លាស់ប្តូរការជូនដំណឹងអំពីការផ្តល់សច្ចាប័នដោយអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងប្រទេសទាំងពីរ។ វានឹងនៅតែមានសុពលភាពរយៈពេល ៥ឆ្នាំ ហើយនឹងត្រូវបានបន្តដោយស្វ័យប្រវត្តិ ប្រសិនបើភាគីណាមួយមិនផ្អាកវាជាបណ្តោះអាសន្ន ដោយសារតែកាលៈទេសៈផ្ទៃក្នុង៕

លីបង់នឹងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ក្នុងជំនួបជាមួយអ៊ីស្រាអែល

2026/04/22 08:12:20 pm        57
មន្ត្រីលីបង់ម្នាក់ បានប្រាប់សារព័ត៌មាន AFPថា ប្រទេសនេះ នឹងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ អំឡុងពេលកិច្ចប្រជុំរបស់ខ្លួនជាមួយអ៊ីស្រាអែលនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍។ មន្ត្រីរូបនេះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែលក្ខណៈរសើបនៃប្រធានបទនេះ បានបញ្ជាក់ថា៖«លីបង់នឹងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ការបញ្ចប់ការទម្លាក់គ្រាប់បែក និងការបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលនៅក្នុងតំបន់ដែលខ្លួនមានវត្តមាន និងការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់»។ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយកាលពីថ្ងៃពុធថា៖«ការទំនាក់ទំនង កំពុងដំណើរការ ដើម្បីបន្តរយៈពេលបទឈប់បាញ់” ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន ហើយត្រូវបានកំណត់ឲ្យ ផុតកំណត់ នៅថ្ងៃអាទិត្យ៕

អាល្លឺម៉ង់ប្ដេជ្ញាកសាងកងទ័ពខ្លាំងបំផុតរបស់អឺរ៉ុប នៅឆ្នាំ២០៣៩ ដើម្បីរារាំងរុស្ស៊ី

2026/04/22 07:55:58 pm        48
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Boris Pistorius បានប្រកាសនៅថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នេះថា យុទ្ធសាស្ត្រយោធាថ្មីរបស់ប្រទេសអាល្លឺម៉ង់ មានគោលបំណងធ្វើឲ្យកងទ័ពធម្មតាខ្លាំងបំផុតរបស់តំបន់អឺរ៉ុប នៅឆ្នាំ២០៣៩ ដើម្បីរារាំងរុស្ស៊ី។អំឡុងពេលថ្លែងនៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុងប៊ែរឡាំង លោក Pistorius បាននិយាយថា កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ (Bundeswehr) បានអនុម័តយុទ្ធសាស្ត្រយោធាគ្រប់ជ្រុងជ្រោយលើកដំបូងរបស់ខ្លួន ដើម្បីកំណត់សេណារីយ៉ូគំរាមកំហែង និងជំរុញការត្រៀមខ្លួន នៅក្នុងប៉ុន្មានឆ្នាំខាងមុខ។លោក Pistorius បានបន្តទៀតថា៖ «យើងកំពុងបង្កើនចំនួនទាហានបំពេញកាតព្វកិច្ចសកម្ម ទាហានបម្រុង និងបុគ្គលិកស៊ីវិល។ គោលការណ៍ណែនាំរបស់យើង គឺគោលដៅនៃការមានទាហានត្រៀមខ្លួនប្រយុទ្ធយ៉ាងហោចណាស់ ៤៦០.០០០នាក់ ក្នុងនោះរួមទាំងកងកម្លាំងសកម្ម និងកងកម្លាំងបម្រុងផងដែរ»។ជាមួយគ្នានេះ លោក Pistorius ក៏បានប្រកាសផងដែរថា អាល្លឺម៉ង់នឹងទទួលខុសត្រូវបន្ថែមទៀត នៅក្នុងអង្គការណាតូ (NATO) ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយផ្តល់អាទិភាពជាចម្បងដល់ប្រព័ន្ធការពារដែនអាកាស ។លោករដ្ឋមន្ត្រីរូបនេះបានបន្ថែមថា៖ «ការការពារដែនអាកាស សម្រាប់អាល្លឺម៉ង់ និងសម្រាប់អង្គការណាតូ នឹងក្លាយជាវិស័យសំខាន់ សម្រាប់ពួកយើង។ មិនថាតាមរយៈយានដ្រូនស្ទាក់ចាប់ ប្រព័ន្ធការពារដែនអាកាស ឬសូម្បីតែការការពារប្រឆាំងនឹងមីស៊ីលលឿនជាងសំឡេងក្ដី ទាំងនេះនឹងក្លាយជាអាទិភាពខ្ពស់នៅក្នុងប៉ុន្មានឆ្នាំខាងមុខ»។យុទ្ធសាស្ត្រយោធាថ្មីរបស់ប្រទេសអាល្លឺម៉ង់ បានគូសបញ្ជាក់ពីផែនការ ៣ដំណាក់កាល ក្នុងការអភិវឌ្ឍសមត្ថភាពយោធា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយមានគោលដៅកសាងកងទ័ពធម្មតាដ៏ខ្លាំងបំផុតរបស់អឺរ៉ុប នៅឆ្នាំ២០៣៩៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM