ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

EU អនុម័តប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងទណ្ឌកម្មថ្មី លើរុស្ស៊ី ក្រោយហុងគ្រីបោះបង់សិទ្ធិវេតូ

2026/04/22 07:39:41 pm        103
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) នៅថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នេះ បានអនុម័តផ្តល់ប្រាក់កម្ចីដែលបានសន្យាចំនួន ៩០ពាន់លានអឺរ៉ូ (១០៦ពាន់លានដុល្លារ) ដល់អ៊ុយក្រែន ក៏ដូចជាកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីប្រទេសហុងគ្រីបោះបង់សិទ្ធិវេតូរបស់ខ្លួន។ នេះបើយោងតាមការឲ្យដឹងពីប្រធានប្ដូរវេនរបស់ប្លុក គឺស៊ីប។អ្នកនាំពាក្យរបស់ប្រធានប្ដូរវេនស៊ីប បានបន្ថែមថា រដ្ឋជាសមាជិកចំនួន ២៧ របស់ EU ឥឡូវនេះ ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នារសៀលថ្ងៃព្រហស្បតិ៍។EU បានយល់ព្រមកាលពីឆ្នាំមុនលើប្រាក់កម្ចីនេះ ដើម្បីបន្តធ្វើឲ្យអ៊ុយក្រែនមានលំនឹងហិរញ្ញវត្ថុ រហូតដល់ឆ្នាំ២០២៦ និងឆ្នាំ២០២៧។ ប៉ុន្តែហុងគ្រីបានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ ខណៈដែលនាយករដ្ឋមន្ត្រីដែលមានភាពជិតស្និទ្ធជាមួយរុស្ស៊ី គឺលោក Viktor Orban បានចោទប្រកាន់អ៊ុយក្រែនថា បានធ្វើឲ្យប៉ះពាល់ដល់ការបញ្ជូនប្រេងឆ្លងកាត់របស់រុស្ស៊ីតាមរយៈបំពង់បង្ហូរ ដែលរងការខូចខាតដោយការវាយប្រហាររបស់រុស្ស៊ី។ជម្លោះនេះក៏បានពន្យារពេលទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ីផងដែរ ដែលដំបូងឡើយ EU មានគោលបំណងអនុម័ត ដើម្បីប្រារព្ធខួប ៤ឆ្នាំនៃការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី លើអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។នៅទីបំផុត ឧបសគ្គនេះត្រូវបានលុបបំបាត់នៅពេលដែលក្រុមហ៊ុនប្រេងរបស់ហុងគ្រី MOL បានប្រាប់នៅថ្ងៃពុធនេះថា ខ្លួនត្រូវបានជូនដំណឹងថា ប្រតិបត្តិករអ៊ុយក្រែននៃបំពង់បង្ហូរប្រេង Druzhba បានត្រៀមរួចរាល់ហើយ ដើម្បីចាប់ផ្ដើមបញ្ជូនប្រេងឆៅទៅកាន់ហុងគ្រី និងស្លូវ៉ាគី។ការរំពឹងទុករបស់អ៊ុយក្រែន ក្នុងការទទួលបានប្រាក់កម្ចីនេះ បានមានកម្រិតខ្ពស់រួចហើយ នៅពេលដែលលោក Orban បានចាញ់ការបោះឆ្នោតសភារបស់ហុងគ្រី កាលពីថ្ងៃទី១២ ខែមេសា។ មេដឹកនាំគណបក្សឈ្នះឆ្នោត លោក Peter Magyar បាននិយាយថា លោកនឹងលែងរារាំងមូលនិធិរបស់ EU សម្រាប់ទីក្រុងគីវទៀតហើយ ទោះបីជារូបលោកត្រូវបានគេរំពឹងថា នឹងឡើងកាន់អំណាចនៅខែក្រោយក៏ដោយ៕

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអំពាវនាវឲ្យលីបង់ធ្វើការជាមួយអ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា

2026/04/22 07:19:10 pm        48
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល នៅថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នេះ បានជំរុញឲ្យទីក្រុងបេរូតប្រឹងប្រែងរួមគ្នាជាមួយអ៊ីស្រាអែល ដើម្បីទប់ទល់នឹងក្រុមប្រដាប់អាវុធលីបង់ គឹហេសបូឡា នៅមុនការចរចា រវាងប្រទេសទាំង២ ដែលគ្រោងនឹងចាប់ផ្ដើមឡើងវិញនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋងាមេរិក។នៅក្នុងសុន្ទរកថាមួយទៅកាន់អ្នកការទូត លោក Gideon Saar បានលើកឡើងថា៖ «ថ្ងៃស្អែកការចរចាដោយផ្ទាល់ រវាងអ៊ីស្រាអែល និងលីបង់ នឹងចាប់ផ្ដើមឡើងវិញនៅទីក្រុងវ៉ាស៊ីនតោន។ ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលលីបង់ សូមធ្វើការរួមគ្នាប្រឆាំងនឹងរដ្ឋភេរវកម្មដែលក្រុមហេសបូឡាបានបង្កើតឡើងនៅក្នុងទឹកដីរបស់អ្នក»។លោក Saar បានបន្តថា៖ «ពួកអ្នកត្រូវការកិច្ចសហប្រតិបត្តិការនេះ ច្រើនជាងពួកយើង។ វាទាមទារភាពច្បាស់លាស់ខាងសីលធម៌ និងភាពក្លាហាន ក្នុងការប្រថុយប្រថាន។ ប៉ុន្តែមិនមានជម្រើសពិតប្រាកដនោះទេ ដើម្បីធានាអនាគតនៃការមានសន្តិភាព ទាំងសម្រាប់ពួកអ្នក និងសម្រាប់ពួកយើង»។មន្ត្រីក្រសួងការបរទេសម្នាក់ បានប្រាប់សារប័ត៌មាន AFP ថា អ៊ីស្រាអែល និងលីបង់ ដែលមិនមានទំនាក់ទំនងការទូត នឹងធ្វើកិច្ចចរចាថ្មី នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃព្រហស្បតិ៍នេះ។អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា នៅទូទាំងប្រទេសលីបង់ និងបានចូលលុកលុយភាគខាងត្បូង បន្ទាប់ពីក្រុមហេសបូឡា បានចូលរួមក្នុងសង្គ្រាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា ដើម្បីបង្ហាញសាមគ្គីជាមួយអ៊ីរ៉ង់ដែលជាអ្នកគាំទ្រខ្លួន។ ទោះបីជាមានបទឈប់បាញ់ដែលបានចាប់ផ្តើមកនៅថ្ងៃសុក្រសប្ដាហ៍មុនក៏ដោយ ក៏ទាហានអ៊ីស្រាអែលនៅតែសកម្មនៅភាគខាងត្បូងលីបង់ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz បាននិយាយកាលពីសប្តាហ៍មុនថា ពួកគេនឹងប្រើប្រាស់ «កម្លាំងពេញលេញ» ប្រសិនបើត្រូវបានគំរាមកំហែង៕

អ៊ីស្រាអែលអាចបាត់បង់ឋានៈជាអ្នកសង្កេតការណ៍នៅក្នុងសភានយោបាយអឺរ៉ុប ដោយសារច្បាប់ទោសប្រហារជីវិត

2026/04/22 07:15:30 pm        58
ប្រធានសភាបានព្រមានថា អ៊ីស្រាអែលអាចបាត់បង់ឋានៈជាអ្នកសង្កេតការណ៍នៅក្នុងសភានៃក្រុមប្រឹក្សាអឺរ៉ុប ដោយសារច្បាប់ទោសប្រហារជីវិតថ្មី។  ច្បាប់នេះអាចធ្វើឲ្យប្រជាជនប៉ាឡេស្ទីនប្រឈមនឹងការប្រហារជីវិតចំពោះបទល្មើសរួមទាំងឃាតកម្ម និងភេរវកម្ម ប្រសិនបើត្រូវបានកាត់ទោសនៅក្នុងតុលាការយោធានៅក្នុងប៉ាឡេស្ទីន ឬតុលាការស៊ីវិលនៅក្នុងប្រទេសអ៊ីស្រាអែល។ប្រធានសភា លោកស្រី Petra Bayr បាននិយាយថា វា «ពិតជាតម្រូវការ» សម្រាប់រដ្ឋអ្នកសង្កេតការណ៍ក្នុងការមិនមានទោសប្រហារជីវិត ហើយឋានៈរបស់អ៊ីស្រាអែល «អាចត្រូវបានផ្អាក រហូតដល់មានការសម្រេចចិត្ត (ប្រឆាំង) ឬរហូតដល់វាច្បាស់ណាស់ថា ច្បាប់នេះ នឹងមិនចូលជាធរមាន»។លោកស្រី Bayr បានបន្ថែមថា «មានបន្ទាត់ក្រហម… សូម្បីតែទោសប្រហារជីវិតដែលមិនរើសអើង ក៏មិនអាចអនុវត្តបានដែរ»៕

រដ្ឋមន្ត្រីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក ដាក់សម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំង លើអ៊ីរ៉ង់

2026/04/22 07:11:48 pm        53
រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បាននិយាយនៅថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នេះថា សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធលើអ៊ីរ៉ង់ តាមរយៈប្រតិបត្តិការ «Economic Fury» របស់ខ្លួន ដោយកត់សម្គាល់ថា ការរឹតបន្តឹងពាណិជ្ជកម្មតាមសមុទ្ររបស់អ៊ីរ៉ង់ ផ្តោតលើ «ការទ្រទ្រង់ចំណូល» ជាចម្បងរបស់របបនេះ។តាមរយៈសំណេរបង្ហោះ នៅលើបណ្ដាញសង្គម X លោក Bessent បានឲ្យដឹងថា ដូចដែលលោកប្រធានាធិបតី Donald Trump បានបញ្ជាក់យ៉ាងច្បាស់ កងកម្លាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងបន្តបិទផ្លូវកំពង់ផែរបស់អ៊ីរ៉ង់។លោក Bessent បានបន្តទៀតថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត កន្លែងស្តុកប្រេង នៅកោះ Kharg នឹងពេញ ហើយអណ្តូងប្រេងដ៏ផុយស្រួយរបស់អ៊ីរ៉ង់ នឹងត្រូវបិទ។ ការរឹតបន្តឹងពាណិជ្ជកម្មតាមសមុទ្ររបស់អ៊ីរ៉ង់ ផ្តោតលើការទ្រទ្រង់ចំណូលជាចម្បងរបស់របបនេះដោយផ្ទាល់»។លោក Bessent បានបន្ថែមថា ក្រសួងរតនាគារ នឹងបន្ត «អនុវត្តសម្ពាធអតិបរមាតាមរយៈប្រតិបត្តិការ Economic Fury ដើម្បីបន្ថយជាលំដាប់នូវសមត្ថភាពរបស់ទីក្រុងតេអេរ៉ង់ ក្នុងការបង្កើត ផ្ទេរ និងបញ្ជូនមូលនិធិត្រឡប់ចូលទៅប្រទេសវិញ»។លោកបានព្រមានថា៖ «បុគ្គល ឬនាវាណាមួយដែលសម្របសម្រួលលំហូរទាំងនេះ តាមរយៈពាណិជ្ជកម្ម និងហិរញ្ញវត្ថុដោយសម្ងាត់ ប្រឈមនឹងហានិភ័យរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ យើងបន្តបង្កកមូលនិធិដែលត្រូវបានលួចដោយថ្នាក់ដឹកនាំពុករលួយ តាងនាមឲ្យប្រជាជនអ៊ីរ៉ង់»។គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានអនុវត្តការបិទផ្លូវទឹក ចំពោះកំពង់ផែអ៊ីរ៉ង់ បន្ទាប់ពីការចរចា នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីដើមខែនេះ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបរាជ័យ៕

យោធាអង់គ្លេសនិយាយថា នាវាមួយគ្រឿងទៀតត្រូវបានវាយប្រហារនៅច្រកសមុទ្រហ័រមូស

2026/04/22 07:09:17 pm        49
យោធាអង់គ្លេសបាននិយាយថា នាវាទីពីរត្រូវបានវាយប្រហារ នៅច្រកសមុទ្រហ័រមូស នៅថ្ងៃពុធនេះ ត្រឹមតែមួយរយៈពេលខ្លីបន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបើកការបាញ់ប្រហារលើនាវាដឹកកុងតឺន័រមួយគ្រឿង។មជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មតាមសមុទ្រចក្រភពអង់គ្លេសរបស់យោធាអង់គ្លេស មិនបានកំណត់អត្តសញ្ញាណភ្លាមៗថា អ្នកណាជាអ្នកបាញ់ទៅលើនាវាទីពីរនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការសង្ស័យបានធ្លាក់ទៅលើអ៊ីរ៉ង់ភ្លាមៗ ដែលកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ពីមុន បានបើកការបាញ់ប្រហារលើនាវាដឹកកុងតឺន័រនោះ។នៅក្នុងការវាយប្រហារលើកទី២នេះ នាវាដឹកទំនិញនោះ ត្រូវបានគេថា វាត្រូវបានបាញ់ប្រហារ ហើយត្រូវបានបញ្ឈប់នៅក្នុងទឹក ហើយពុំមានរបាយការណ៍អំពីការខូចខាតដល់នាវានោះទេ៕

អ៊ីរ៉ង់៖ ការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិក មានផលប៉ះពាល់តិចតួច លើការផ្គត់ផ្គង់ស្បៀងអាហារ

2026/04/22 07:05:09 pm        35
រដ្ឋមន្ត្រីក្រសួងកសិកម្មអ៊ីរ៉ង់ បានឲ្យដឹងថា ការបិទខ្ទប់ផ្លូវទឹករបស់សហរដ្ឋអាមេរិក មានផលប៉ះពាល់តិចតួច លើសមត្ថភាពរបស់ប្រទេស ក្នុងការផ្គត់ផ្គង់ទំនិញ និងស្បៀងអាហារមូលដ្ឋាន ដោយលើកឡើងពីផលិតកម្មក្នុងស្រុកដ៏រឹងមាំ និងផ្លូវនាំចូលជំនួស។កាលពីថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Gholamreza Nouri បាននិយាយថា៖ «ទោះបីជាមានការបិទផ្លូវទឹកដោយសហរដ្ឋអាមេរិកក៏ដោយ ក៏យើងមិនមានបញ្ហាក្នុងការផ្គត់ផ្គង់ទំនិញ និងស្បៀងអាហារមូលដ្ឋាននោះទេ ដ្បិតដោយសារតែទំហំប្រទេស អាចមានការនាំចូលពីព្រំដែនផ្សេងៗបាន»។យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានឲ្យដឹងថា លោករដ្ឋមន្ត្រីបានបន្ថែមថា «ប្រហែល ៨៥ភាគរយនៃផលិតផលកសិកម្ម និងទំនិញមូលដ្ឋាន ត្រូវបានផលិតនៅក្នុងស្រុក ដូច្នេះ សន្តិសុខស្បៀងអាហាររបស់ប្រទេស ត្រូវបានបង្កើតឡើង»។គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានធ្វើការបិទខ្ទប់ផ្លូវទឹក ចំពោះកំពង់ផែ និងឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមេសា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាស ជាកិច្ចព្រមព្រៀងដែលបានផ្អាកសង្គ្រាមរបស់ខ្លួន ជាមួយអ៊ីរ៉ង់។ អ៊ីរ៉ង់បានរិះគន់យ៉ាងខ្លាំង ចំពោះការបិទផ្លូវនេះ ដោយចាត់ទុកថា វាគឺជាការរំលោភលើបទឈប់បាញ់៕

មន្ទីរបញ្ចកោណនិយាយថា មិនទាន់អាចវាយតម្លៃការខូចខាតដែលបង្កឡើងដោយអ៊ីរ៉ង់ចំពោះមូលដ្ឋានទ័ពអាមេរិកនៅឡើយទេ

2026/04/22 07:02:43 pm        47
ក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនមិនទាន់អាចផ្តល់ការវាយតម្លៃអំពីការខូចខាតដែលបង្កឡើងលើមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ាដោយការវាយប្រហារសងសឹករបស់អ៊ីរ៉ង់នៅឡើយទេ។លោក Jules Hurst អនុរដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី បានប្រាប់សន្និសីទសារព័ត៌មានស្តីពីសេចក្តីព្រាងថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២៧ របស់មន្ទីរបញ្ចកោណថា៖«យើងមិនមានតួលេខចុងក្រោយសម្រាប់ការខូចខាតដល់មូលដ្ឋានទ័ពរបស់យើងនៅក្រៅប្រទេសទេ»។«វាពិតជាអាស្រ័យលើរបៀបដែលយើងសម្រេចចិត្តសាងសង់ឡើងវិញនូវមូលដ្ឋានទ័ពទាំងនោះ ឬប្រសិនបើយើងធ្វើ ដៃគូរបស់យើង ក៏អាចចូលរួមចំណែកក្នុងការសាងសង់នោះដែរ។ ដូច្នេះ យើងមិនមានការប៉ាន់ស្មានច្រើនអំពីអ្វីដែលវាត្រូវការ ដើម្បីបង្កើតឡើងវិញនូវមូលដ្ឋានទ័ពទាំងនោះទេ»។សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ នៅថ្ងៃទី ០៧ ខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយសាធារណរដ្ឋឥស្លាម។ នៅថ្ងៃទី ១១ ខែមេសា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានធ្វើកិច្ចចរចាជាច្រើនជុំដែលដួលរលំនៅទីក្រុងអ៊ីស្លាម៉ាបាដ។ គណៈប្រតិភូអ៊ីរ៉ង់ដឹកនាំដោយប្រធានសភាលោក Mohammad Bagher Ghalibaf ហើយគណៈប្រតិភូអាមេរិកដឹកនាំដោយអនុប្រធានាធិបតី JD Vance។ គេសន្មត់ថា ការចរចា អាចបន្តឡើងវិញ នៅថ្ងៃទី ២២ ខែមេសានេះ។

ប្រភព៖ អាមេរិកងាកទៅរកបច្ចេកវិទ្យាប្រឆាំងយានដ្រូនរបស់អ៊ុយក្រែន ក្រោយរងការវាយប្រហារពីអ៊ីរ៉ង់

2026/04/22 07:00:31 pm        54
យោងតាមបុគ្គល ៥រូបដែលដឹងពីបញ្ហានេះ បានឲ្យដឹងថា យោធាសហរដ្ឋអាមេរិក បានចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាប្រឆាំងយានដ្រូនរបស់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅឯមូលដ្ឋានទ័ពអាកាសសំខាន់មួយរបស់សហរដ្ឋអាមេរិក ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈដែលខ្លួនកំពុងស្វែងរកការទប់ស្កាត់ការវាយប្រហារដែលបានបំផ្លាញយន្តហោះ និងអគារ ហើយបានសម្លាប់សមាជិកយោធាយ៉ាងហោចណាស់ម្នាក់។ការដាក់ពង្រាយប្រព័ន្ធបញ្ជា និងត្រួតពិនិត្យរបស់អ៊ុយក្រែនឈ្មោះ Sky Map នៅមូលដ្ឋានទ័ពអាកាស Prince Sultan Air Base ដែលមិនធ្លាប់មានការរាយការណ៍ពីមុនមកនោះ គឺជាសញ្ញាមួយដែលបង្ហាញថា តើយោធាអ៊ុយក្រែនបានរីកចម្រើនទៅមុខយ៉ាងដូចម្ដេច នៅក្នុងបច្ចេកវិទ្យាយានដ្រូន និងប្រឆាំងយានដ្រូន ដែលត្រូវបានពង្រឹង អំឡុងសង្គ្រាមរយៈពេល ៤ឆ្នាំរបស់ខ្លួន ជាមួយរុស្ស៊ី។មន្ត្រីយោធាអ៊ុយក្រែនបានទៅដល់មូលដ្ឋាននេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីបណ្តុះបណ្តាលបុគ្គលិកយោធាអាមេរិកប្រើប្រាស់ប្រព័ន្ធ Sky Map នេះ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយយោធាអ៊ុយក្រែន ដើម្បីតាមរកឃើញការគំរាមកំហែងដោយយានដ្រូន ក្នុងនោះរួមទាំងយានដ្រូន Shahed ដែលផលិតដោយអ៊ីរ៉ង់ផងដែរ ហើយបើកការវាយប្រហារតបតជាមួយយានដ្រូនស្ទាក់ចាប់។ដោយសារតែយានដ្រូនតម្លៃទាប និងផលិតទ្រង់ទ្រាយធំ ដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន មន្ទីរបញ្ចកោណបានបង្កើនការវិនិយោគលើបច្ចេកវិទ្យាប្រឆាំងយានដ្រូននេះ។ ប៉ុន្តែអ្នកវិភាគ បានលើកឡើងថា ការប្រើប្រាស់បច្ចេកវិទ្យាអ៊ុយក្រែន នៅមូលដ្ឋាន Prince Sultan ដែលមានចម្ងាយប្រហែល ៦៤០គីឡូម៉ែត្រ ពីប្រទេសអ៊ីរ៉ង់ និងដែលបានប្រឹងប្រែងទប់ទល់នឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីល ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម បានបង្ហាញពីភាពងាយរងគ្រោះនៅក្នុងការការពារដែនអាកាស និងមីស៊ីលរបស់សហរដ្ឋអាមេរិក៕

ក្រុមកាន់កាប់អ៊ីស្រាអែល សម្រុកចូលវិហារ Al-Aqsa របស់ក្រុងយេរូសាឡឹម ចំពេលមានភាពតានតឹង

2026/04/22 06:57:38 pm        49
អាជ្ញាធរប៉ាឡេស្ទីន បានឲ្យដឹងថា នៅថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នេះ ក្រុមកាន់កាប់អ៊ីស្រាអែលរាប់សិបនាក់ បានសម្រុកចូលបរិវេណវិហារឥស្លាម Al-Aqsa នៅទីក្រុងកាន់កាប់យេរូសាឡឹមខាងកើត (East Jerusalem) ក្រោមការការពារយ៉ាងតឹងរ៉ឹងដោយនគរបាល ខណៈដែលភាពតានតឹងនៅតែបន្តឡើងកម្ដៅ នៅទូទាំងតំបន់កាន់កាប់ West Bank។អាជ្ញាធររដ្ឋបាលក្រុងយេរូសាឡឹម បានឲ្យដឹងថា ក្រុមកាន់កាប់បាននាំគ្នាដើរនៅទីធ្លានៃបរិវេណរបស់វិហារនេះ ហើយបានធ្វើពិធីសាសនាបង្កហេតុ ក្នុងនោះរួមមានទាំងអ្វីដែលហៅថា «ពីធីកម្មដ៏ចម្រូងចម្រាស» នៅជិតច្រកទ្វារ Bab al-Rahma និងទីសក្ការនៅខាងក្នុងបរិវេណវិហារនេះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ Wafa អាជ្ញាធរក្រុងរូបនោះបានបន្ថែមថា ក្រុមដែលមានទំនាក់ទំនងជាមួយចលនា Temple Movement បានពង្រីកការអំពាវនាវឲ្យអ្នកស្នាក់នៅកាន់តែច្រើនសម្រុកចូលទីតាំងក្ដៅ និងលើកទង់ជាតិអ៊ីស្រាអែល នៅខាងក្នុងទីធ្លារបស់វិហារនេះ។ការលុកលុយនេះបានកើតឡើងនៅពេលដែលនគរបាលអ៊ីស្រាអែល បានបន្តរឹតបន្តឹងការរឹតបន្តឹងនៅទូទាំងទីក្រុងយេរូសាឡឹមខាងកើត ដោយបង្កើតចំណុចត្រួតពិនិត្យ បិទផ្លូវ និងកម្រិតការចូលទៅកាន់វិហារនេះ សម្រាប់អ្នកគោរពបូជា។ ចាប់តាំងពីដើមខែមេសាមក ល្បឿននៃការលុកលយុយបែបនេះ បានកើនឡើង ដោយអ្នកស្នាក់នៅអ៊ីស្រាអែល ធ្វើពិធីបុណ្យសាធារណៈនៅខាងក្នុងបរិវេណនេះ។កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir បានចូលទៅកាន់បរិវេណនោះភ្លាមៗ ហើយបានធ្វើពិធីសាសនា Talmudic រួមជាមួយអ្នកស្នាក់នៅ ដែលជាការលុកលុយលើកទី៣ របស់លោកនៅឆ្នាំនេះ និងលើកទី១៦ ចាប់តាំងពីបានចូលកាន់តំណែងកាលពីចុងឆ្នាំ២០២២៕

មេបញ្ជាការកងទ័ព៖ អ៊ីរ៉ង់នឹងបន្តប្រយុទ្ធ«រហូតដល់ដំណក់ឈាមចុងក្រោយ»

2026/04/22 06:54:59 pm        64
អគ្គមេបញ្ជាការកងទ័ពអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ទោ Amir Hatami បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសនេះ នឹងប្រយុទ្ធរហូតដល់ទីបញ្ចប់។ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីរបស់ លោក Hatami ដែលបាននិយាយថា៖«ថ្ងៃនេះ នៅពេលដែលប្រទេសនេះ និងប្រជាជនជាទីស្រឡាញ់របស់យើង កំពុងត្រូវបានវាយប្រហារដោយសត្រូវដ៏ឧក្រិដ្ឋបំផុត ពួកគេនឹងប្រយុទ្ធប្រកៀកស្មាគ្នា រហូតដល់ដំណក់ឈាមចុងក្រោយ ហើយទទួលបានជ័យជម្នះចុងក្រោយ»។សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងតេអេរ៉ង់បានសម្រេចចិត្តបិទច្រកសមុទ្រហ័រមូសចំពោះនាវាដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសដែលគាំទ្រការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់។ នៅថ្ងៃទី ០៧ ខែមេសា ទីក្រុងវ៉ាស៊ីនតោន បានប្រកាសពីបទឈប់បាញ់ «ទ្វេភាគី» រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់។ យោងតាមសេវាសង្គ្រោះបន្ទាន់របស់អ៊ីរ៉ង់ មនុស្សសរុបចំនួន ៣,៣៧៥ នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងរយៈពេល ៤០ថ្ងៃនៃសង្គ្រាមនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM