ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតចិន៖ ចិន និងរុស្ស៊ី ត្រូវតែធ្វើការរួមគ្នា ដើម្បីធ្វើឲ្យពិភពលោកកាន់តែមានភាពធន់

2026/04/22 04:52:42 pm        31
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំង លោក Deng Li បានប្រាប់សារព័ត៌មាន TASS ថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ត្រូវតែធ្វើការរួមគ្នា ដើម្បីធ្វើឲ្យពិភពលោកកាន់តែមានភាពធន់។  ប្រធានបេសកកម្មការទូតរូបនេះ បានថ្លែងថា៖«រុស្ស៊ី និងចិន ត្រូវតែធ្វើការរួមគ្នា ដើម្បីផ្តល់ឲ្យពិភពលោកនូវស្ថិរភាព និងទំនុកចិត្តកាន់តែច្រើន» ខណៈពេលដែលលោកបានចែករំលែកចំណាប់អារម្មណ៍របស់លោកលើពិធីជប់លៀងមិត្តភាពរុស្ស៊ី-ចិនដែលបានរៀបចំឡើងដើម្បីអបអរដល់ខួបពីរឆ្នាំនៃទំនាក់ទំនងគ្នាទៅវិញទៅមក។លោកបានកត់សម្គាល់ថា៖«ខួបលើកទី ៣០ នៃការចុះហត្ថលេខាលើសេចក្តីប្រកាសរួមរុស្ស៊ី-ចិន បានបម្រើជាចំណុចចាប់ផ្តើមសម្រាប់ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ»។ លោក Deng Li បាននិយាយថា ៖«ការសម្រេចបានសន្ធិសញ្ញាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋប្រជាមានិតចិនកាលពី ២៥ ឆ្នាំមុន គឺជាព្រឹត្តិការណ៍សំខាន់មួយ មិនត្រឹមតែសម្រាប់ទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សន្តិភាព និងស្ថិរភាពផងដែរ»។លោកបានបន្ថែមថា ដំណើរទស្សនកិច្ចថ្មីៗនេះរបស់លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៊ីទៅកាន់ប្រទេសចិន បានបើកឲ្យមានការផ្លាស់ប្តូរសំខាន់ៗជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ៕

ទីក្រុងឡុងដ៍ធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាយោធាស្តីពីបេសកកម្មរបស់បារាំង និងអង់គ្លេសនៅច្រកសមុទ្រ ហ័រមូស

2026/04/22 04:49:57 pm        71
ក្រសួងការពារជាតិ បាននិយាយថា ចក្រភពអង់គ្លេស ធ្វើជាម្ចាស់ផ្ទះនៃអ្នករៀបចំផែនការយោធាមកពីប្រទេសជាង ៣០ សម្រាប់កិច្ចពិភាក្សារយៈពេលពីរថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃពុធនេះ អំពីបេសកកម្មពហុជាតិ ដែលដឹកនាំដោយចក្រភពអង់គ្លេស និងបារាំង ដើម្បីការពារការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រ   ហ័រមូស ។ ក្រសួងបានបញ្ជាក់ថា កិច្ចប្រជុំនេះ នឹង«ជំរុញផែនការលម្អិត»លើការបើកច្រកសមុទ្រឡើងវិញ នៅពេលដែលលក្ខខណ្ឌអនុញ្ញាត បន្ទាប់ពី «វឌ្ឍនភាព» នៅក្នុងកិច្ចពិភាក្សានៅទីក្រុងប៉ារីស កាលពីសប្តាហ៍មុន។រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក John Healey បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ភារកិច្ចថ្ងៃនេះ និងថ្ងៃស្អែក គឺដើម្បីប្រែក្លាយការឯកភាពគ្នាផ្នែកការទូត ទៅជាផែនការរួមគ្នា ដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រនេះ និងគាំទ្រដល់បទឈប់បាញ់យូរអង្វែង»។លោកបានអះអាងថា លោកមានទំនុកចិត្តថា «វឌ្ឍនភាពពិតប្រាកដអាចត្រូវបានធ្វើឡើង»។សន្និសីទនេះ បានកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បានធ្វើជាសហប្រធាននៃកិច្ចពិភាក្សាអន្តរជាតិស្តីពីច្រកសមុទ្រយុទ្ធសាស្ត្រនៅទីក្រុងប៉ារីស កាលពីថ្ងៃសុក្រ ដែលបានត្រូវបានចូលរួមដោយ ប្រទេសជាង ៤០៕

រដ្ឋមន្ត្រីការបរទេស៖ អ៊ុយក្រែនបានស្នើឲ្យទួរគីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ រវាងលោក Zelenskyy និងលោក Putin

2026/04/22 04:47:44 pm        47
អ្នកការទូតជាន់ខ្ពស់របស់អ៊ុយក្រែន បានប្រាប់ឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានស្នើឲ្យទួរគីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ រវាងលោកប្រធានាធិបតី Volodymyr Zelenskyy និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin ខណៈដែលទីក្រុងគីវកំពុងស្វែងរកការជំរុញឡើងវិញ ចំពោះកិច្ចចរចាសន្តិភាពដែលជាប់គាំង។នៅក្នុងការអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) ដែលត្រូវបានអនុញ្ញាតឲ្យបញ្ចេញនៅថ្ងៃពុធនេះ រដ្ឋមន្ត្រីការបរទេស លោក Andrii Sybiha បាននិយាយថា៖ «យើងបានស្នើសុំប្រទេសទួរគី ពាក់ព័ន្ធនឹងរឿងនេះ ហើយយើងបានសួររដ្ឋាភិបាលមួយចំនួនផ្សេងទៀត»។លោកបានបន្ថែមថា អ៊ុយក្រែននឹងត្រៀមរួចជាស្រេច ដើម្បីពិចារណាលើទីកន្លែងណាមួយ ក្រៅពីបេឡារុស ឬរុស្ស៊ី សម្រាប់កិច្ចប្រជុំជាមួយលោក Putin ដែលលោក Zelenskyy បានស្វែងរកជាយូរមកហើយ ដើម្បីព្យាយាមពន្លឿនដំណោះស្រាយ ចំពោះសង្គ្រាមជាង ៤ឆ្នាំ។យ៉ាងណាក្ដី លោក Sybiha មិនបាននិយាយនោះឡើយថា តើទីក្រុងអង់ការ៉ា បានឆ្លើយតបយ៉ាងណាដែរ ចំពោះសំណើនេះ។ លោកបានគ្រាន់តែប្រាប់ថា៖ «យើងបាននិយាយទៅកាន់ប្រទេសទួរគីជាពិសេស។ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលមួយផ្សេងទៀត លើកលែងតែទីក្រុងមូស្គូ និងបេឡារុស រៀបចំកិច្ចប្រជុំបែបនេះ យើងនឹងទៅ»។វិមានក្រឹមឡាំងបានលើកឡើងនៅមុននេះថា ខ្លួនមានឆន្ទៈក្នុងការទទួលស្វាគមន៍លោក Zelenskyy នៅទីក្រុងមូស្គូ ជាកន្លែងដែលមេដឹកនាំអ៊ុយក្រែន បាននិយាយថា លោកនឹងមិនធ្វើដំណើរទៅនោះទេ៕

ក្រុមហេសបូឡាបាញ់រ៉ូកែតទៅលើអ៊ីស្រាអែល ដោយលើកឡើងពីការរំលោភលើបទឈប់បាញ់

2026/04/22 04:35:42 pm        44
ក្រុមប្រដាប់អាវុធហេសបូឡានៅប្រទេសលីបង់ បាននិយាយថា ខ្លួនបានបាញ់រ៉ូកែត និងយានដ្រូនចូលទៅភាគខាងជើងអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ដោយចោទប្រកាន់យោធាអ៊ីស្រាអែលថា បានរំលោភលើបទឈប់បាញ់ មុនពេលការចរចាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងរដ្ឋាភិបាលអ៊ីស្រាអែល និងលីបង់ នៅសប្តាហ៍នេះ។នាពេលមុននេះ យោធាអ៊ីស្រាអែល បាននិយាយថា ក្រុមហេសបូឡាដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ បានបាញ់រ៉ូកែតជាច្រើនគ្រាប់ទៅកាន់កងទ័ពរបស់ខ្លួ នដែលកំពុងប្រតិបត្តិការនៅភាគខាងត្បូងប្រទេសលីបង់ ដែលខ្លួនបានពិពណ៌នាថា ជា «ការរំលោភបំពានយ៉ាងច្បាស់លាស់»លើកិច្ចព្រមព្រៀងឈប់បាញ់។ ភ្លាមៗនោះ ពុំច្បាស់ថាតើឧប្បត្តិហេតុទាំងនោះដូចគ្នាឬអត់នោះទេ។បទឈប់បាញ់រយៈពេល ១០ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន បានចូលជាធរមាន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប៉ុន្តែកងកម្លាំងអ៊ីស្រាអែល នៅតែដាក់ពង្រាយនៅក្នុងខ្សែក្រវាត់នៃដីលីបង់ដែលមានជម្រៅពី ៥ ទៅ ១០ គីឡូម៉ែត្រ (៣ទៅ ៦ ម៉ាយ) តាមបណ្តោយព្រំដែនទាំងមូល។

ពលរដ្ឋជប៉ុនប្រមូលផ្តុំគ្នាប្រឆាំងការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការបន្ធូរបន្ថយច្បាប់នាំចេញអាវុធ

2026/04/22 04:33:14 pm        45
ប្រជាជនជប៉ុនមួយក្រុម បានប្រមូលផ្តុំគ្នានៅខាងមុខលំនៅឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីនៅទីក្រុងតូក្យូកាលពីថ្ងៃអង្គារ ដើម្បីតវ៉ាប្រឆាំងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបន្ធូរបន្ថយច្បាប់នាំចេញអាវុធ។រដ្ឋាភិបាលជប៉ុន បានកែប្រែជាផ្លូវការនូវ «គោលការណ៍ចំនួនបីស្តីពីការផ្ទេរយុទ្ធោបករណ៍ និងបច្ចេកវិទ្យាការពារជាតិ» និងគោលការណ៍ណែនាំអនុវត្តរបស់ខ្លួនកាលពីថ្ងៃអង្គារ ដើម្បីអនុញ្ញាតឱ្យមានការលក់អាវុធទៅក្រៅប្រទេស រួមទាំងអាវុធដែលមានសមត្ថភាពដ៏គ្រោះថ្នាក់។ការកែប្រែទាំងនេះ ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី និងក្រុមប្រឹក្សាសន្តិសុខជាតិ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Kyodo News។អ្នកតវ៉ាម្នាក់បាននិយាយថា «ខ្ញុំប្រឆាំងនឹងការនាំចេញសព្វាវុធ ព្រោះប្រទេសជប៉ុនមានប្រវត្តិបង្កគ្រោះថ្នាក់ដល់ប្រទេសដទៃទៀត។ ទោះបីជាប្រទេសជប៉ុន បានជួបប្រទះនឹងការទម្លាក់គ្រាប់បែកអាតូមិកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុងណាហ្គាសាគិ ក៏ដោយ ក៏ប្រទេសនេះមានប្រវត្តិឈ្លានពានប្រទេសនៅអាស៊ីផងដែរ។ ដោយសារតែសកម្មភាពបែបនេះកាលពីអតីតកាល យើងបានបង្កើតរដ្ឋធម្មនុញ្ញជប៉ុនជាមួយនឹងគោលការណ៍នៃការមិនធ្វើសង្គ្រាមម្តងទៀតឡើយ ដូច្នេះ ខ្ញុំជឿថាយើងគួរតែការពាររដ្ឋធម្មនុញ្ញ»។

UN បង្ហាញក្តីសង្ឃឹមចំពោះការបន្តកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់

2026/04/22 04:31:01 pm        74
អ្នកនាំពាក្យUN បាននិយាយកាលពីថ្ងៃអង្គារថា អង្គការសហប្រជាជាតិ បង្ហាញសង្ឃឹមចំពោះការបន្តកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងការបន្តបទឈប់បាញ់បច្ចុប្បន្ន។លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការUN លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បាននិយាយថា៖«ក្តីសង្ឃឹមយ៉ាងមុតមាំរបស់យើង គឺថា ការសន្ទនារវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងបន្តឡើងវិញ បទឈប់បាញ់ ក៏នឹងត្រូវបានបន្ត ហើយការទូត នឹងត្រូវបាន    អនុវត្តយ៉ាងពេញលេញ»។លោក Dujarric បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា លោក ហ្គុយតឺរេស និងបេសកជនផ្ទាល់ខ្លួនរបស់លោកទទួលបន្ទុកដោះស្រាយជម្លោះមជ្ឈិមបូព៌ា និងផលវិបាករបស់វា លោក Jean Arnault បន្តចូលរួមក្នុងការទំនាក់ទំនងផ្សេងៗ។ បទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងផុតកំណត់ នៅថ្ងៃពុធនេះ៕

ស្ថាប័នសេវាបច្ចេកវិទ្យា៖ បម្រាមបណ្ដាញសង្គមរបស់អូស្ត្រាលី ត្រូវធ្វើឲ្យខូចដោយការត្រួតពិនិត្យខ្សោយ

2026/04/22 04:27:53 pm        46
ស្ថាប័នឧស្សាហកម្មដែលតំណាងឲ្យអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា បានឲ្យដឹងថា បញ្ហានៃការអនុវត្តបម្រាមបណ្ដាញសង្គម សម្រាប់ក្មេងជំទង់របស់ប្រទេសអូស្ត្រាលី ឆ្លុះបញ្ចាំងពីការមានឧបករណ៍ខ្សោយរបស់វេទិកាបណ្ដាញសង្គម សម្រាប់ដំណើរការការត្រួតពិនិត្យអាយុ ជាជាងការកម្រិតលើបច្ចេកវិទ្យា។ការអត្ថាធិប្បាយទាំងនេះកើតឡើងនៅពេលដែលនិយតករបង្កើនការព្រមានការអនុវត្ត លើក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនរបស់ពិភពលោក ទាក់ទងនឹងការហាមប្រាមអ្នកប្រើប្រាស់បណ្ដាញសង្គមរបស់អូស្ត្រាលីដែលមានអាយុក្រោម ១៦ឆ្នាំ ចាប់តាំងពីខែធ្នូឆ្នាំមុន ដែលជាការមានវិធានការបែបនេះដំបូងគេរបស់ពិភពលោក។នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Iain Corby នាយកប្រតិបត្តិនៃសមាគមអ្នកផ្តល់សេវាផ្ទៀងផ្ទាត់អាយុ (AVPA) បានលើកឡើងថា៖ «បញ្ហាមិនមែនដោយសារសមត្ថភាពទេ តែវាគឺជាការអនុវត្ត។ ចំណុចខ្វះខាតដំបូង បានបង្ហាញពីតម្រូវការ សម្រាប់ការរំពឹងទុក និងការអនុវត្តឲ្យកាន់តែខ្លាំងក្លា ជាជាងបច្ចេកវិទ្យាធានាអាយុមិនដំណើរការ»។ស្នងការសុវត្ថិភាពអេឡិចត្រូនិក (eSafety) របស់អូស្ត្រាលី កំពុងស៊ើបអង្កេតបណ្ដាញសង្គម Facebook និង Instagram របស់ក្រុមហ៊ុន Meta, YouTube របស់ Google, TikTok និង Snap ពាក់ព័ន្ធនឹងការសង្ស័យ ដែលថា បានរំលោភលើច្បាប់ហាមឃាត់នេះ។ វេទិកានានាប្រឈមនឹងការពិន័យរហូតដល់ ៤៩,៥លានដុល្លារអូស្ត្រាលី (៣៥លានដុល្លារអាមេរិក) រាល់ការរំលោភបំពាន ហើយរដ្ឋាភិបាលបញ្ជាក់ថា ខ្លួនកំពុងប្រមូលភស្តុតាង ដើម្បីគាំទ្រវិធានការរបស់តុលាការសហព័ន្ធ ប្រសិនបើការអនុលោមតាមច្បាប់ មិនមានភាពល្អប្រសើរទេនោះ៕

នាយករដ្ឋមន្ត្រី៖ លីបង់ត្រូវការ ៥០០លានអឺរ៉ូ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ ដោយសារសង្គ្រាមអ៊ីស្រាអែល

2026/04/22 04:19:48 pm        54
នាយករដ្ឋមន្ត្រី លោក Nawaf Salam បាននិយាយកាលពីថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) ថា ប្រទេសលីបង់ត្រូវការថវិកា ៥០០លានអឺរ៉ូ ឬជាង ៥៨៨លានដុល្លារ ក្នុងរយៈពេល ៦ខែខាងមុខ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗដែលបង្កឡើងដោយសារសង្គ្រាមរបស់អ៊ីស្រាអែល។ជាមួយគ្នានេះ អំឡុងពេលថ្លែងនៅឯសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅវិមាន Elysee ក្នុងទីក្រុងប៉ារីស លោក Salam បាននិយាយថា លោកបានស្នើសុំឲ្យអាជ្ញាធរតុលាការលីបង់តាមដានការសម្លាប់កងកម្លាំងរក្សាសន្តិភាពបារាំងម្នាក់ ដែលបម្រើការជាមួយកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅលីបង់ (UNIFIL) និងនាំអ្នកប្រព្រឹត្តិខុសឲ្យមកទទួលខុសត្រូវ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA។ជាងនេះទៀត លោក Salam បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តរក្សាបទឈប់បាញ់ជាមួយអ៊ីស្រាអែល ដោយនិយាយថា លោកបានពិភាក្សាអំពីផែនការឲ្យមានសន្និសីទអន្តរជាតិមួយ ដើម្បីគាំទ្រកងទ័ពលីបង់ និងកងកម្លាំងសន្តិសុខ។ ពាក់ព័ន្ធនឹងការខាតបង់ ដោយសារសង្គ្រាមរបស់អ៊ីស្រាអែល លោក Salam បានបញ្ជាក់ថា «លីបង់ត្រូវការប្រាក់ ៥០០លានអឺរ៉ូ ដើម្បីទប់ទល់នឹងវិបត្តិមនុស្សធម៌ ក្នុងរយៈពេល ៦ខែខាងមុខ»។គួរបញ្ជាក់ថា អ៊ីស្រាអែលនៅតែបន្តរំលោភលើបទឈប់បាញ់រយៈពេល ១០ថ្ងៃដែលត្រូវបានប្រកាសកាលពីសប្តាហ៍មុនដោយប្រធានាធិបតីអាមេរិក លោក Donald Trump។ បើយោងតាមតួលេខផ្លូវការ បានបង្ហាញថា ចាប់តាំងពីថ្ងៃទី២ ខែមីនា ការវាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសលីបង់ បានសម្លាប់មនុស្ស ២.២៩៤នាក់ បណ្ដាលឲ្យមានរបួស ៧.៥៤៤នាក់ និងបានធ្វើឲ្យមនុស្សជាង ១លាននាក់ភៀសខ្លួន៕

ការបិទច្រកសមុទ្រ Hormuz ជំរុញឲ្យតម្លៃឆ្លងកាត់ព្រែកជីកប៉ាណាម៉ាឡើងខ្ពស់

2026/04/22 04:14:21 pm        61
សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានជំរុញឲ្យតម្រូវការដឹកជញ្ជូនទំនិញសំខាន់ៗ ឆ្លងកាត់ព្រែកជីកប៉ាណាម៉ា (Panama Canal) ដល់កម្រិតដែលនាវា ១គ្រឿងដឹកឧស្ម័នធម្មជាតិរាវ (LNG) ត្រូវបង់ប្រាក់ចំនួន ៤លានដុល្លារ ដើម្បីបានធ្វើដំណើរ និងជៀសវាងការរង់ចាំដែលអាចចំណាយពេលរហូតដល់ទៅ ៥ថ្ងៃ។ នេះបើយោងតាមរបាយការណ៍ផ្លូវការមួយ។ការកើនឡើងនូវការទូទាត់បែបនេះ ត្រូវបានរាយការណ៍ឲ្យដឹង ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលនាំឲ្យមានការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយ សម្រាប់ ១ភាគ៥ នៃការនាំចេញប្រេង និងឧស្ម័នធម្មជាតិរបស់ពិភពលោកពីបណ្តាប្រទេសឈូងសមុទ្រ។បើយោងតាមរបាយការណ៍ពីអាជ្ញាធរព្រែកជីកប៉ាណាម៉ា បានឲ្យដឹងថា ដើម្បីបំពេញតម្រូវការប្រេងឥន្ធនៈ រោងចក្រចម្រាញ់ប្រេង នៅតំបន់អាស៊ី កំពុងជ្រើសរើសទិញប្រេង ឬឧស្ម័នពីសហរដ្ឋអាមេរិក ហើយដឹកជញ្ជូនវាតាមរយៈផ្លូវទឹកឆ្លងកាត់មហាសមុទ្រ ជំនួសឲ្យការទិញពីបណ្តាប្រទេសឈូងសមុទ្រ ដែលពឹងផ្អែកលើច្រកសមុទ្រ Hormuz ។អាជ្ញាធរបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦)ថា ចំនួននាវាជាមធ្យមដែលឆ្លងកាត់ព្រែកជីកនេះរៀងរាល់ថ្ងៃ «នៅតែច្រើន» ដោយមាននាវាចំនួន ៣៤គ្រឿង នៅក្នុងខែមករា និង ៣៧គ្រឿង នៅក្នុងខែមីនា។ ថ្ងៃខ្លះលើសពី ៤០គ្រឿងឆ្លងកាត់។នាវាដែលឆ្លងកាត់ព្រែកជីកនេះ បានកក់ការធ្វើដំណើរឆ្លងកាត់របស់ពួកគេជាមុន ហើយនាវាដែលគ្មានការកក់រង់ចាំជាមធ្យម ៥ថ្ងៃ ដើម្បីបានឆ្លងកាត់ ប៉ុន្តែមានការដេញថ្លៃ ដែលការឆ្លងកាត់នៅនាទីចុងក្រោយ អាចត្រូវបានទិញ ។ អាជ្ញាធរបានបញ្ជាក់ថា ការដេញថ្លៃថ្មីៗបំផុត រួមមានការដេញថ្លៃតម្លៃ ៤លានដុល្លារ សម្រាប់នាវា LNG ១គ្រឿង ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នាវាដឹកប្រេង ២គ្រឿង បានចំណាយលើស ៣លានដុល្លារ៕

ចិនសរសើរប្រទេសដែលបានបដិសេធសិទ្ធិហោះហើរពីលើ សម្រាប់មេដឹកនាំកោះតៃវ៉ាន់

2026/04/22 04:09:49 pm        54
នៅថ្ងៃពុធ (ទី២២ ខែមេសា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានសរសើរយ៉ាងខ្លាំង ចំពោះប្រទេសចំនួន ៣ ដែលបានបដិសេធមិនអនុញ្ញាតឲ្យមានការហោះហើរ លើដែនអាកាសរបស់ខ្លួន សម្រាប់យន្តហោះរបស់មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te ដោយលើកឡើងថា គោលការណ៍ចិនតែមួយរបស់ខ្លួន គឺជាបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅទីក្រុងប៉េកាំង អ្នកនាំពាក្យនៃការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានបដិសេធថា ចិនមិនបានប្រើការសម្លុតកំហែងផ្នែកសេដ្ឋកិច្ច ដើម្បីធានាថា ការហោះហើរត្រូវបានរារាំងនោះឡើយ ខណៈពេលដែលបានសម្តែងការកោតសរសើរ ចំពោះជំហរ និង «ការអនុវត្ត» របស់ប្រទេសទាំងនោះ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ។កោះតៃវ៉ាន់បានចោទប្រកាន់ចិនថា បានជំរុញឲ្យប្រទេសសីស្ហែល (Seychelles) ម៉ូរីស (Mauritius) និងម៉ាដាហ្គាស្ការ (Madagascar) លុបចោលការអនុញ្ញាតឲ្យយន្តហោះរបស់លោក Lai ហោះលើទឹកដីរបស់ពួកគេ។ មេដឹកនាំកោះតៃវ៉ាន់រូបនេះមានគម្រោងទៅទស្សនកិច្ចប្រទេសអេស្វាទីនី (Eswatini) នៅសប្តាហ៍នេះ។ការវិវត្តនេះ បានកើតឡើងក្រោយរយៈពេល ១សប្តាហ៍បន្តិច បន្ទាប់ពីប្រទេសចិនបានដាក់ចេញនូវវិធានការជំរុញចិត្តថ្មីៗ សម្រាប់កោះតៃវ៉ាន់ ក្នុងនោះរួមទាំងការបន្ធូរបន្ថយការនាំចូលអាហារផងដែរ ក្រោយមេដឹកនាំបក្សប្រឆាំង លោកស្រី Cheng Li-wun បានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងប៉េកាំង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM