ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

មេបញ្ជាការ៖ អ៊ីរ៉ង់នឹងឆ្លើយតបទៅនឹងការរំលោភបំពានបទឈប់បាញ់ណាមួយដោយអាមេរិក

2026/04/21 08:18:12 pm        78
លោក Ali Abdollahi មេបញ្ជាការនៃទីបញ្ជាការកណ្តាល Khatam al-Anbiya នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយថា យោធាអ៊ីរ៉ង់នឹងផ្តល់ការឆ្លើយតបសមស្រប ប្រសិនបើសហរដ្ឋអាមេរិករំលោភលើកាតព្វកិច្ចបទឈប់បាញ់របស់ខ្លួន។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា៖«កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នឹងឆ្លើយតបសមាមាត្រទៅនឹងការរំលោភបំពានបទឈប់បាញ់ណាមួយ»។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ នៅថ្ងៃទី ០៧ ខែមេសា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍ "ទ្វេភាគី" ជាមួយអ៊ីរ៉ង់។ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាជាច្រើនជុំនៅរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន នៅថ្ងៃទី ១១ ខែមេសា។ គណៈប្រតិភូអ៊ីរ៉ង់ំ ត្រូវបានដឹកនាំដោយប្រធានសភា លោក Mohammad Bagher Ghalibaf ខណៈដែលអនុប្រធានាធិបតី JD Vance បានដឹកនាំគណៈប្រតិភូអាមេរិក។ ទាំងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បាននិយាយបន្ទាប់ពីការចរចាថា មិនមានកិច្ចព្រមព្រៀងណាមួយអំពីការស្វែងរកដំណោះស្រាយរយៈពេលវែងចំពោះជម្លោះត្រូវបានសម្រេចនោះទេ ដោយសារតែមានការមិនចុះសម្រុងគ្នាច្រើន៕

សេចក្តីថ្លែងការណ៍៖ NATO មានបំណងចង់រក្សាប្លុកនុយក្លេអ៊ែរជានិច្ច ដោយប្តេជ្ញាចិត្តចំពោះសន្ធិសញ្ញា NPT

2026/04/21 08:11:33 pm        55
ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អង្គការណាតូចំពោះសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងចេតនារបស់ខ្លួន ក្នុងការរក្សាប្លុកនុយក្លេអ៊ែរ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយក្នុងឱកាសនៃសន្និសីទពិនិត្យឡើងវិញលើកទី ១១ នៃសន្ធិសញ្ញា NPT។សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា៖«ដរាបណាអាវុធនុយក្លេអ៊ែរ នៅមាន អង្គការណាតូនឹងនៅតែជា  សម្ព័ន្ធមិត្តនុយក្លេអ៊ែរ»។យោងតាមសេចក្តីថ្លែងការណ៍ អង្គការណាតូ «បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ចំពោះការអនុវត្តពេញលេញនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ» ដែលខ្លួនហៅថា «ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃស្ថាបត្យកម្មមិនរីកសាយភាយ និងរំសាយអាវុធសកល»។សេចក្តីថ្លែងការណ៍របស់អង្គការណាតូ ក៏បានលើកឡើងផងដែរថា រុស្ស៊ីត្រូវបានចោទប្រកាន់ថា បានរំលោភលើកិច្ចព្រមព្រៀងមួយចំនួននៃសន្ធិសញ្ញានេះ ខណៈពេលដែលប្រទេសចិន កំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនដោយសម្ងាត់។ ទីក្រុងប្រ៊ុចសែលក៏បានអះអាងផងដែរថា រុស្ស៊ី និងចិន ត្រូវបានចោទប្រកាន់ថា បាន «បង្កើនទំនាក់ទំនងជាមួយរដ្ឋដែលស្វែងរកការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងធ្វើឲ្យប៉ះពាល់ដល់ការគ្រប់គ្រងអាវុធអន្តរជាតិ»។ ប្រទេសទាំងនេះ មិនត្រូវបានបញ្ជាក់ឲ្យច្បាស់លាស់ទេ ប៉ុន្តែអង្គការណាតូជាធម្មតាសំដៅទៅលើអ៊ីរ៉ង់ និងកូរ៉េខាងជើង៕

សារព័ត៌មាន៖ វិបត្តិអ៊ីរ៉ង់ នឹងគ្របដណ្ដប់លើនយោបាយពិភពលោករយៈពេលជាច្រើនខែ ឬអាចច្រើនឆ្នាំទៅមុខទៀត

2026/04/21 08:08:04 pm        60
កាសែត Politico បានឲ្យដឹងថា វិបត្តិអ៊ីរ៉ង់ នឹងគ្របដណ្ដប់លើនយោបាយពិភពលោករយៈពេលជាច្រើនខែ ឬអាចច្រើនឆ្នាំទៅមុខទៀត។  ដោយធ្វើអត្ថាធិប្បាយអំពីទិសដៅរនៃសង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ កាសែតនេះ បានសរសេរថា៖«ឥឡូវនេះវាមើលទៅប្រាកដណាស់ថា ផលវិបាកនឹងគ្របដណ្ដប់លើនយោបាយពិភពលោករយៈពេលជាច្រើនខែ  ប្រហែលជាច្រើនឆ្នាំទៅមុខទៀត។  សារព័ត៌មាននេះ បានបញ្ជាក់ថា៖«នៅទូទាំងទ្វីបអឺរ៉ុប អាស៊ី និងអាហ្វ្រិក រដ្ឋាភិបាលកំពុងរៀបចំសម្រាប់ការឆក់ថាមពលជាបន្តបន្ទាប់ ដោយផលវិបាកពាក់ព័ន្ធទំនងជារួមមានកង្វះខាតប្រេងឥន្ធនៈយន្តហោះ កង្វះខាតស្បៀងអាហារ និងអតិផរណាកើនឡើង។ សុទិដ្ឋិនិយមណាមួយនៃដំណោះស្រាយរហ័សចំពោះវិបត្តិនេះ បានរលាយបាត់ជាយូរមកហើយ ហើយនៅជុំវិញពិភពលោក អាជ្ញាធរកំពុងចាប់ផ្តើមណែនាំការផ្លាស់ប្តូររយៈពេលខ្លី និងរយៈពេលវែង  ប្រសិទ្ធភាពប្រេងឥន្ធនៈ ការធ្វើកិច្ចការផ្ទះ ការដឹកជញ្ជូនសាធារណៈថោកជាង ការវិនិយោគលើប្រភពថាមពលកកើតឡើងវិញ (ដែលផលិតដោយចិន)»។វិបត្តិនេះក៏បង្ហាញផងដែរថា យុទ្ធសាស្ត្រនយោបាយរបស់គណបក្សសាធារណរដ្ឋ ដែលកំពុងកាន់អំណាច តាមពិតកំពុងរង់ចាំការបរាជ័យរបស់ខ្លួន នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាខាងមុខ ប្រសិនបើតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេស មិនថយចុះ៕

រុស្ស៊ីដឹកជញ្ជូនជំនួយមនុស្សធម៌ចំនួន ២៧ តោន ទៅកាន់ប្រទេសលីបង់

2026/04/21 08:02:55 pm        49
អ្នកនាំពាក្យក្រសួង បានប្រាប់សារព័ត៌មាន TASS ថា យន្តហោះមួយគ្រឿងរបស់ក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ី បានដឹកជញ្ជូនជំនួយមនុស្សធម៌ ទៅកាន់ទីក្រុងបេរូត។  អ្នកនាំពាក្យរូបនេះ បាននិយាយថា៖«ស្របតាមការណែនាំរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីបានរៀបចំការដឹកជញ្ជូនជំនួយមនុស្សធម៌ដើម្បីចែកជូនដល់ប្រជាពលរដ្ឋនៃសាធារណរដ្ឋលីបង់ដែលរងផលប៉ះពាល់ដោយជម្លោះយោធា។ យន្តហោះ IL-76 របស់ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ី នឹងដឹកជញ្ជូនទំនិញមនុស្សធម៌ដែលមានទម្ងន់សរុបជាង ២៧តោន»។  ទំនិញទាំងនោះ រួមមានរោងចក្រថាមពលចល័ត ស្បៀងអាហារ តង់ ភួយ ពូក និងខ្នើយ៕

លោក Trump ចោទប្រកាន់អ៊ីរ៉ង់ថា បានរំលោភលើបទឈប់បាញ់ «ច្រើនដង»

2026/04/21 07:53:19 pm        51
លោកប្រធានាធិបតី Donald Trump នៅថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) នេះ បានចោទប្រកាន់អ៊ីរ៉ង់ថា បានរំលោភលើបទឈប់បាញ់ជាមួយសហរដ្ឋអាមេរិកម្តងហើយម្តងទៀត អំឡុងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ខណៈដែលប្រទេសទាំង២ ថ្លឹងថ្លែងពីលទ្ធភាពដែលអាចមានការចរចាសន្តិភាពជុំថ្មី។តាមរយៈការបង្ហោះ នៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោក លោក Trump បានលើកឡើងថា «អ៊ីរ៉ង់បានរំលោភលើបទឈប់បាញ់ជាច្រើនដង!» ដោយសំដៅទៅលើបទឈប់បាញ់រយៈពេល ២សប្តាហ៍ដែលនឹងត្រូវផុតកំណត់នៅថ្ងៃពុធនេះ បន្ទាប់ពីនោះមជ្ឈិមបូព៌ាអាចធ្លាក់ចូលទៅក្នុងជម្លោះបើកចំហវិញ។អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបន្ទោសគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់រយៈពេល ២សប្តាហ៍នេះ។ លោក Trump បានចោទប្រកាន់អ៊ីរ៉ង់ថា បានបាញ់ទៅលើនាវា នៅក្នុងផ្លូវពាណិជ្ជកម្មដ៏សំខាន់ដែលខ្លួនបានរារាំង ខណៈដែលទីក្រុងតេអេរ៉ង់ ប្រាប់ថា ការបិទខ្ទប់ និងការរឹបអូសនាវាដោយសហរដ្ឋអាមេរិក បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់នេះ។គួរបញ្ជាក់ថា តាមទ្រឹស្តី បទឈប់បាញ់នេះត្រូវបញ្ចប់នៅយប់ថ្ងៃអង្គារនេះ តែនៅក្នុងការអត្ថាធិប្បាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Bloomberg លោក Trump បាននិយាយថា ការបញ្ចប់ គឺនៅមួយថ្ងៃក្រោយ ពោលគឺនៅល្ងាចថ្ងៃពុធ តាមពេលវេលានៅទីក្រុងវ៉ាស៊ីនតោន ហើយវានឹងមិនទំនងដែលលោកនឹងពង្រីករយៈពេលនៃបទឈប់បាញ់នេះ៕

មនុស្សជិត ៨.០០០នាក់ ស្លាប់ ឬបាត់ខ្លួន ពេលធ្វើដំណើរលើផ្លូវអន្តោប្រវេសន៍ នៅឆ្នាំ២០២៥

2026/04/21 07:36:41 pm        87
ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងនៅថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) នេះថា មនុស្សជិត ៨.០០០នាក់ ស្លាប់ ឬបាត់ខ្លួន នៅពេលធ្វើដំណើរលើផ្លូវអន្តោប្រវេសន៍ កាលពីឆ្នាំមុន ដោយផ្លូវតាមសមុទ្រទៅកាន់អឺរ៉ុបមានគ្រោះថ្នាក់បំផុត ហើយជនរងគ្រោះជាច្រើនបាត់ខ្លួន អំឡុងពេល «លិចទូកមិនត្រូវបានដឹង»។លោកស្រី Maria Moita ដែលដឹកនាំនាយកដ្ឋានមនុស្សធម៌ និងឆ្លើយតបរបស់អង្គការអន្តរជាតិ សម្រាប់ទេសន្តរប្រវេសន៍ (IOM) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា៖ «តួលេខទាំងនេះ បង្ហាញពីការបរាជ័យរួមគ្នារបស់យើង ដែលមិនអាចទប់ស្កាត់សោកនាដកម្មទាំងនេះ»។ទោះបីជាមនុស្សស្លាប់ ឬបាត់ខ្លួនចំនួន ៧.៩០៤នាក់ បានធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ៩.១៩៧នាក់ ក្នុងឆ្នាំ ២០២៤ ក៏ដោយ ក៏ IOM បានបញ្ជាក់ថា កម្រិតនោះគឺដោយសារមួយផ្នែកមានករណីសង្ស័យ ១.៥០០នាក់ មិនត្រូវបានផ្ទៀងផ្ទាត់ដោយសារតែការកាត់បន្ថយជំនួយ។មនុស្សលើពី ៤នាក់ ក្នុងចំណោម ១០នាក់ ដែលបានបាត់បង់ជីវិត និងបាត់ខ្លួន បានកើតឡើងនៅលើផ្លូវសមុទ្រទៅកាន់អឺរ៉ុប។ នៅក្នុងរបាយការណ៍ថ្មីដ៏គួរឲ្យស្លុតមួយ IOM បានលើកឡើងថា ករណីជាច្រើន ត្រូវបានគេហៅថា «ការលិចនាវាមិនត្រូវបានដឹង» ដែលទូកទាំងមូលត្រូវបានលិចបាត់នៅក្នុងសមុទ្រ ហើយមិនដែលត្រូវបានរកឃើញឡើយ។ផ្លូវអាហ្វ្រិកខាងលិចឆ្ពោះទៅភាគខាងជើង មានអ្នកស្លាប់ចំនួន ១.២០០នាក់ ខណៈដែលតំបន់អាស៊ី បានរាយការណ៍ពីចំនួនអ្នកស្លាប់ខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ ដោយរួមមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់រយនាក់ដែលរត់គេចពីអំពើហិង្សា នៅសហភាពមីយ៉ាន់ម៉ា ឬទុក្ខវេទនា នៅក្នុងជំរំជនភៀសខ្លួនដ៏ចង្អៀត នៅប្រទេសបង់ក្លាដែស៕

ជប៉ុនលុបចោលបទបញ្ជាជម្លៀសចេញ ក្រោយរញ្ជួយដីនៅថ្ងៃទី២០ ខែមេសា

2026/04/21 07:36:15 pm        60
បទបញ្ជាជម្លៀសចេញ បន្ទាប់ពីមានរញ្ជួយដី នៅឆ្នេរសមុទ្រ Sanriku របស់ប្រទេសជប៉ុន ត្រូវបានលុបចោលទាំងស្រុងហើយ នៅព្រឹកថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) នេះ។បទបញ្ជាជម្លៀសត្រូវបានចេញ សម្រាប់មនុស្សជាង ១៨០.០០០នាក់ នៅទូទាំងខេត្តចំនួន ៥។ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានចេញសេចក្តីជូនដំណឹង សម្រាប់រលករញ្ជួយជាបន្តបន្ទាប់ នៅខេត្ត Hokkaido និងនៅឆ្នេរប៉ាស៊ីហ្វិក Sanriku ដោយជំរុញឲ្យមានការប្រុងប្រយ័ត្ន ព្រោះការរញ្ជួយដីជាបន្តបន្ទាប់ អាចមានទំហំកាន់តែធំ។ការព្រមាន និងសេចក្តីជូនដំណឹងអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញ សម្រាប់តំបន់ជាច្រើន ចាប់ពី Hokkaido រហូតដល់ឆ្នេរនៃមហាសមុទ្រប៉ាស៊ីហ្វិក Tohoku បន្ទាប់ពីរញ្ជួយដីបានកើតឡើងនៅម៉ោងប្រហែល ៤:៥២រសៀល ម៉ោងក្នុងស្រុក កាលពីថ្ងៃចន្ទ (ទី២០ ខែមេសា) ប៉ុន្តែការចេញទាំងនោះ ត្រូវបានលុបចោលនៅយប់ថ្ងៃនោះ។យោងតាមទីភ្នាក់ងារគ្រប់គ្រងអគ្គិភ័យ និងគ្រោះមហន្តរាយ បានឲ្យដឹងថា មនុស្ស ២នាក់ បានរងរបួសធ្ងន់ធ្ងរ និង ៤នាក់រងរបួសស្រាល នៅក្នុងខេត្ត ៣ គឺ Hokkaido, Aomori និង Iwate។ ម្នាក់ក្នុងចំណោមអ្នករងរបួសទាំងនោះ គឺជាស្ត្រីវ័យចំណាស់ម្នាក់ដែលមានអាយុ ៨០ឆ្នាំ នៅខេត្ត Hokkaido បានរងរបួសបាក់ឆ្អឹង ដោយសារដួលពេលកំពុងជម្លៀសខ្លួន៕

អ៊ីរ៉ង់បញ្ជាក់ថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពអរិភាពកើតឡើងថ្មីណាមួយ

2026/04/21 06:51:05 pm        73
បើយោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានឲ្យដឹងថា មេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់ នៅថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ បានត្រៀមខ្លួនរួចហើយ ដើម្បីផ្តល់ «ការឆ្លើយតបភ្លាមៗ និងម៉ឺងម៉ាត់» ចំពោះសកម្មភាពអរិភាពកើតឡើងថ្មីណាមួយដែលបង្កដោយសត្រូវរបស់ខ្លួន ។បទឈប់បាញ់រយៈពេល ២សប្តាហ៍ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងផុតកំណត់នៅថ្ងៃពុធនេះ។ ភាគីទាំង២ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់ ហើយបានរឹតបន្តឹងការគ្រប់គ្រងលើការដឹកជញ្ជូនតាមផ្លូវទឹក នៅឈូងសមុទ្រ។មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya លោក Ali Abdollahi បាននិយាយថា ទីក្រុងតេអេរ៉ង់ បានបន្តរក្សាបាននូវការមានប្រៀប នៅក្នុងវិស័យយោធា ក្នុងនោះរួមទាំងការគ្រប់គ្រងច្រកសមុទ្រ Hormuz ហើយនឹងមិនអនុញ្ញាតឲ្យប្រធានាធិបតីអាមេរិក «បង្កើតនិទានកថាមិនពិត ជុំវិញស្ថានភាព នៅលើដី» នោះឡើយ។ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃអង្គារថា មិនទាន់មានគណៈប្រតិភូអ៊ីរ៉ង់ណាមួយនៅឡើយទេ ដែលបានចាកចេញទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីចូលរួមកិច្ចចរចាសន្តិភាព ជាមួយសហរដ្ឋអាមេរិក ដោយបដិសេធរបាយការណ៍ព័ត៌មានអន្តរជាតិ ដែលប្រកាសពីការធ្វើដំណើររបស់តំណាងអ៊ីរ៉ង់ទៅទីក្រុងអ៊ីស្លាម៉ាបាដ និងពេលវេលាកំណត់ សម្រាប់កិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់៕

អាល្លឺម៉ង់បដិសេធការជំរុញឲ្យផ្អាកកិច្ចព្រមព្រៀងសហប្រតិបត្តិការ EU-អ៊ីស្រាអែល

2026/04/21 06:34:48 pm        61
នៅថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) នេះ អាល្លឺម៉ង់បានបដិសេធការអំពាវនាវឲ្យផ្អាកកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប (EU) ជាមួយអ៊ីស្រាអែល ទោះបីជាមានកំហឹងកើនឡើង ជុំវិញសង្គ្រាម នៅប្រទេសលីបង់ និងស្ថានភាព នៅក្នុងដែនដីកាប់កាប់ប៉ាឡេស្ទីនក៏ដោយ។ប្រទេសអេស្ប៉ាញ និងអៀរឡង់ បានលើកឡើងនូវបញ្ហានៃការបញ្ឈប់កិច្ចព្រមព្រៀងនេះឡើងវិញ ដើម្បីពិភាក្សា នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស EU នៅលុចសំបួរ។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ lok Johann Wadephul បានហៅសំណើនេះថា ជារឿង «មិនសមរម្យ» ឡើយ។លោក Wadephul បានលើកឡើងនៅពេលចាប់ផ្តើមកិច្ចប្រជុំថា៖ «យើងត្រូវពិភាក្សាជាមួយអ៊ីស្រាអែលអំពីបញ្ហាសំខាន់ៗ។ រឿងនោះត្រូវតែធ្វើនៅក្នុងការសន្ទនាសំខាន់ និងប្រកបដោយការស្ថាបនាជាមួយអ៊ីស្រាអែល។ នោះហើយជាអ្វីដែលយើងគាំទ្រ»។ឥរិយាបថ ចំពោះអ៊ីស្រាអែល ក្នុងចំណោមរដ្ឋជាសមាជិករបស់ EU ដែលមានភាពតឹងរ៉ឹងរួចហើយ ជុំវិញការប្រព្រឹត្តរបស់ប្រទេសនេះ អំឡុងសង្គ្រាម នៅតំបន់ហ្កាហ្សា បានបង្ហាញភាពតឹងតែងបន្ថែមទៀត បន្ទាប់ពីមានការឈ្លានពានរបស់អ៊ីស្រាអែល លើលីបង់ និងច្បាប់ថ្មី ស្តីពីទោសប្រហារជីវិត សម្រាប់ប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់កាន់កាប់ West Bank។គួរបញ្ជាក់ថា ដោយប្រឈមជាមួយក្ដីបារម្ភខ្លាំង អំពីការស្លាប់របស់ជនស៊ីវិល ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមហ្កាហ្សា EU កាលពីឆ្នាំមុនបានដាក់ចេញនូវវិធានការជាច្រើនដែលអាចមាន ដើម្បីដាក់ទណ្ឌកម្មអ៊ីស្រាអែល ក្នុងនោះរួមទាំងការកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម ឬការដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីរដ្ឋាភិបាលផងដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានវិធានការណាមួយឡើយ ដែលត្រូវបានដាក់ចេញដោយទីក្រុងប៊្រុចសែល ទទួលបានការគាំទ្រគ្រប់គ្រាន់ពីរដ្ឋជាសមាជិក ដើម្បីធ្វើការអនុវត្ត៕

ការវាយប្រហារដោយដ្រូនបានសម្លាប់ទាហានកូឡុំប៊ី ៣នាក់ ខណៈដែលក្រុមឧទ្ទាមបង្កើតសមត្ថភាពប្រយុទ្ធថ្មី

2026/04/21 06:32:01 pm        54
អាជ្ញាធរបាននិយាយថា ក្រុមឧទ្ទាមកូឡុំប៊ីកាលពីថ្ងៃចន្ទ បានបើកការវាយប្រហារដោយយានដ្រូនដែលបានបង្កឲ្យទាហាន ៣ នាក់ ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស ខណៈដែលការប្រើប្រាស់អាវុធទាំងនេះកាន់តែកើតមានជាទូទៅ នៅក្នុងប្រទេសអាមេរិកខាងត្បូងនេះ។កងទ័ពកូឡុំប៊ី បាននិយាយថា ការវាយប្រហារនេះ បានកើតឡើងនៅក្នុងទីក្រុង Ipiales ជាក្រុងមួយនៅភាគនិរតីនៃប្រទេសដែលមានព្រំប្រទល់ជាប់នឹងប្រទេសអេក្វាឌ័រ។ កងទ័ពបានសន្មតថា នេះ គឺការវាយប្រហារទៅលើក្រុមមួយដែលគេស្គាល់ថា Comandos de la Frontera។កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រតិបត្តិការរបស់យើងនៅក្នុងតំបន់នេះ នឹងបន្ត ហើយយើងនឹងបង្កើនការវាយលុករបស់យើង ដើម្បីកំណត់ទីតាំង និងសម្លាប់អ្នកដែលទទួលខុសត្រូវ»។  យោធាកូឡុំប៊ី កំពុងប្រឈមនឹងការវាយប្រហារដោយដ្រូនកាន់តែខ្លាំងឡើង ខណៈដែលខ្លួនប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន និងក្រុមឧទ្ទាមដែលដឹកនាំដោយអតីតសមាជិកនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី ដែលជាក្រុមឧទ្ទាមដែលគេស្គាល់ថា FARC ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលក្នុងឆ្នាំ ២០១៦៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM