ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

មនុស្ស ២១នាក់សា្លប់ ហើយ ៦១នាក់រងរបួស ក្រោយរថយន្តក្រុងរអិលធ្លាក់ជម្រាលភ្នំ នៅតំបន់ Kashmir

2026/04/21 04:47:29 pm        79
មន្ត្រីបាននិយាយថា កាលពីថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) មនុស្សយ៉ាងហោចណាស់ ២១នាក់បានបាត់បង់ជីវិត និង ៦១នាក់ទៀតរងរបួស នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរដ៏ណែនចង្អៀត បានរេចេញពីផ្លូវ ហើយធ្លាក់ជម្រាលភ្នំ នៅក្នុងតំបន់ Udhampur នៃដែនដី Jammu និង Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។នគរបាលបានប្រាប់ថា រថយន្តក្រុងនេះ កំពុងធ្វើដំណើរពីតំបន់ Ramnagar ទៅ Udhampur នៅពេលដែលអ្នកបើកបរបានបាត់បង់ការគ្រប់គ្រង នៅម៉ោងប្រហែល ១០ព្រឹក (ម៉ោងក្នុងស្រុក) នៅជិតភូមិ Kagort ខណៈពេលកំពុងបត់យ៉ាងលឿន។រថយន្តនេះបានធ្លាក់ពីកម្ពស់ប្រហែល ៦០-៧០ហ្វីត (ប្រមាណ ១៨-២១ម៉ែត្រ) ដោយបានបុកម៉ូតូកង់បីមួយគ្រឿងមុនពេលក្រឡាប់ធ្លាក់ពីផ្លូវ។ អ្នកដំណើរនៃម៉ូតូកង់៣ ក៏បានរងរបួសនៅក្នុងហេតុការណ៍នេះផងដែរ។រដ្ឋមន្ត្រីប្រចាំតំបន់ លោក Jitendra Singh បានបញ្ជាក់ពីចំនួនអ្នកស្លាប់ និងបាននិយាយថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមានអ្នករងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅមហាវិទ្យាល័យវេជ្ជសាស្ត្ររដ្ឋាភិបាល Jammu។អង្គភាពកងទ័ពឥណ្ឌា គឺជាអ្នកឆ្លើយតបដំបូង ដោយជួយសង្គ្រោះមនុស្សរាប់សិបនាក់ដែលជាប់នៅក្នុងបំណែករថយន្ត នៅក្នុងស្ថានភាពដីដ៏លំបាក។ ក្រុមអ្នកជួយសង្គ្រោះត្រូវបានចូលរួមជាមួយអ្នកស្រុក ក្នុងតំបន់ និងភ្នាក់ងារមួយចំនួន ដើម្បីជួយអ្នកដំណើររថយន្តក្រុងដែលជួបគ្រោះថ្នាក់នេះ៕

ប្រមុខ ECB ព្រមានថា អឺរ៉ុបប្រឈមនឹងផលវិបាកយូរអង្វែង ដោយសារវិបត្តិនៅច្រកសមុទ្រ Hormuz

2026/04/21 04:44:58 pm        43
ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) លោកស្រី Christine Lagarde កាលពីថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) បានព្រមានថា អឺរ៉ុបប្រឈមនឹងទស្សនវិស័យសេដ្ឋកិច្ចមិនប្រាកដប្រជាខ្ពស់ ខណៈដែលជម្លោះជុំវិញច្រកសមុទ្រ Hormuz បន្តរំខានដល់ការផ្គត់ផ្គង់ថាមពលសកល និងបង្កើនហានិភ័យឲ្យអតិផរណាកើនឡើង។អំឡុងពេលថ្លែងនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយសមាគមធនាគារអាល្លឺម៉ង់ លោកស្រី Lagarde បានលើកឡើងថា ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវតូចចង្អៀតដ៏សំខាន់បំផុត សម្រាប់ថាមពលរបស់ពិភពលោក បាននាំមកនូវផលប៉ះពាល់ថ្មី ចំពោះសេដ្ឋកិច្ចពិភពលោកដែលមានស្ថានភាពផុយស្រួយរួចទៅហើយ ជាអ្វីដែលបានបង្កឡើងដោយជំងឺរាតត្បាត សង្គ្រាមនៅអឺរ៉ុប វិបត្តិថាមពល និងការកើនឡើងនូវរបាំងពាណិជ្ជកម្ម។ជុំវិញគោលនយោបាយរូបិយវត្ថុ លោកស្រី Lagarde បាននិយាយថា ECB កំពុងតាមដានយ៉ាងដិតដល់នូវភាពប្រែប្រួលសំខាន់ៗចំនួន ២ ដែលមានរយៈពេលនៃការរំខាន និងវិសាលភាពដែលថ្លៃថាមពលឡើងខ្ពស់ ជំរុញឲ្យអតិផរណាកាន់តែទូលំទូលាយ។ជាមួយគ្នានេះ លោកស្រី Lagarde ក៏បានជំរុញឲ្យរដ្ឋាភិបាលជៀសវាងការគាំទ្រផ្នែកសារពើពន្ធយ៉ាងទូលំទូលាយ ដែលអាចជំរុញឲ្យអតិផរណាកើនឡើង ឬធ្វើឲ្យមានបញ្ហាហិរញ្ញវត្ថុសាធារណៈ ដោយសង្កត់ធ្ងន់ថា វិធានការនានា គួរតែជាបណ្តោះអាសន្ន មានគោលដៅ និងរក្សាសញ្ញាតម្លៃដែលត្រូវការ ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល។លោកស្រី Lagarde បានបន្ថែមថា តម្លៃឧស្ម័នធម្មជាតិរបស់អឺរ៉ុប នៅតែទាបជាងការសន្មតមូលដ្ឋាន ដែលមួយផ្នែកដោយសារតែការប្តូរឧស្ម័នទៅប្រើធ្យូងថ្ម នៅតំបន់អាស៊ី និងអាកាសធាតុមធ្យម នៅក្នុងប្រទេសចិន ដែលបង្ហាញថា ផលប៉ះពាល់ថាមពលដោយផ្ទាល់ អាចនៅតែអាចគ្រប់គ្រងបាន ប្រសិនបើជម្លោះត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស៕

UN ព្រមានថា សង្គ្រាមអ៊ុយក្រែន អាចនឹងកាន់តែអាក្រក់ទៅៗយ៉ាងឆាប់រហ័សហួសពីការគ្រប់គ្រងបាន

2026/04/21 04:38:21 pm        49
អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) បានព្រមានអំពីការកើនឡើងគួរឲ្យព្រួយបារម្ភនូវការប្រយុទ្ធគ្នា នៅក្នុងប្រទេសអ៊ុយក្រែន ស្របពេលដែលគ្មានដំណើរការការទូតសំខាន់ ខណៈដែលហានិភ័យនៃជម្លោះ ដែលកាន់តែអាក្រក់ទៅៗហួសពីការគ្រប់គ្រងបាន កំពុងលេចចេញជារូបរាងកាន់តែធំឡើងៗ។នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីបញ្ហាអ៊ុយក្រែន លោក Khaled Khiari ជំនួយការអគ្គលេខាធិការ UN ទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា អាស៊ី និងប៉ាស៊ីហ្វិក បាននិយាយថា៖ «ចាប់តាំងពីយើងបានរាយការណ៍ជូនក្រុមប្រឹក្សានេះលើកចុងក្រោយ អំពីការវិវត្តនៅក្នុងប្រទេសអ៊ុយក្រែន យើងបានឃើញការកើនឡើងគួរឲ្យព្រួយបារម្ភនៃការប្រយុទ្ធគ្នា ខណៈពេលដែលមិនមានដំណើរការការទូតសំខាន់ឡើយ»។ លោកបានបន្ថែមថា «ការវាយប្រហាររបស់រុស្ស៊ី នៅតែបន្តមានកាន់តែខ្លាំងឡើងៗ ដោយមានការកើនឡើងនូវការសា្លប់ និងរបួសជនស៊ីវិល ក៏ដូចជាការបំផ្លិចបំផ្លាញ នៅទូទាំងអ៊ុយក្រែន »។ដោយលើកឡើងពីការប្រកាសរបស់រុស្ស៊ី អំពីបទឈប់បាញ់ថ្ងៃបុណ្យ Easter រយៈពេល ៣២ម៉ោង ចាប់ពីថ្ងៃទី ១១-១២ ខែមេសា លោក Khiari បាននិយាយថា «យើងស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមណាមួយ សូម្បីតែគំនិតផ្តួចផ្តើមមានកំណត់ក៏ដោយ ដែលនឹងនាំមកនូវការធូរស្រាល សម្រាប់ប្រជាជនស៊ីវិល»។ពាក់ព័ន្ធនឹងចំនួនអ្នកស្លាប់ លោកបានបញ្ជាក់ថា «ជារួម ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស (OHCHR) បានផ្ទៀងផ្ទាត់ថា យ៉ាងហោចណាស់មានជនស៊ីវិលអ៊ុយក្រែនចំនួន ១៥.៥៧៨នាក់ រួមទាំងកុមារ ៧៨៤នាក់ផងដែរ ត្រូវបានសម្លាប់ ដោយ ៤៣.៣៥២នាក់ផ្សេងទៀត រួមមានកុមារ ២.៦៦៨នាក់ផងដែរ បានរងរបួស»។ដោយជំរុញឲ្យមានវិធានការសកលដែលសម្របសម្រួល លោកបានព្រមានថា «យើងមិនអាចទ្រាំទ្រនឹងហានិភ័យនៃជម្លោះដែលកាន់តែអាក្រក់ទៅៗហួសពីការគ្រប់គ្រងបានទៀតឡើយ ដោយមានការបាត់បង់អាយុជីវិតមនុស្សកាន់តែច្រើន និងផលវិបាកដែលមិនអាចទាយទុកជាមុនបាន សម្រាប់យើងទាំងអស់គ្នា»៕

នាយករដ្ឋមន្ត្រីជប៉ុន អាចធ្វើឲ្យចិនមានកំហឹងកាន់តែខ្លាំង ដោយការថ្វាយតង្វាយទីសក្ការៈ Yasukuni

2026/04/21 04:35:54 pm        64
នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានថ្វាយតង្វាយទីសក្ការៈដែលប្រទេសជិតខាងរបស់ជប៉ុនមើលឃើញថា ជាការលើកតម្កើងដល់អតីតកាលសម័យសង្គ្រាមរបស់ខ្លួន ជាទង្វើដែលមិនមានការទៅកាន់ទៅទីនោះដោយផ្ទាល់ឡើយ ប៉ុន្តែនៅតែអាចធ្វើឲ្យចិន និងប្រទេសជិតខាងដទៃទៀតខឹងសម្បា។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ការថ្វាយដើមឈើពិសិដ្ឋរបស់លោកស្រី Takaichi ត្រូវបានធ្វើឡើងនៅថ្ងៃដំបូងនៃពិធីបុណ្យនិទាឃរដូវប្រពៃណី នៅទីសក្ការៈ Yasukuni ហើយវាស្របនឹងការធ្វើស្រដៀងគ្នានេះ ដោយអ្នកកាន់តំណែងមុនៗរបស់លោកស្រី គឺលោក Shigeru Ishiba និងលោក Fumio Kishida អំឡុងការកាន់តំណែងរបស់ពួកលោក។បើទោះបីជាការសម្រេចចិត្តរបស់លោកស្រីមិនទៅកាន់ទីសក្ការៈនោះ បានបង្ហាញពីជំហរប្រុងប្រយ័ត្នជាងមុនរបស់លោកស្រីលើបញ្ហានេះក៏ដោយ ក៏មេដឹកនាំគណបក្សមួយ នៅក្នុងក្រុមចម្រុះកំពុងកាន់អំណាចរបស់លោកស្រី Takaichi បានទៅគោរពទីសក្ការៈនេះ នៅថ្ងៃអង្គារ (ទី២១ ខែមេសា ឆ្នាំ២០២៦) នេះ។ នេះបើយោងតាមសារព័ត៌មាន Nikkei។នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាថ្ងៃទី២១ ខែមេសានេះ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Minoru Kihara បាននិយាយថា៖ «ខ្ញុំយល់ឃើញថា លោកស្រីនាយករដ្ឋមន្ត្រី Takaichi បានថ្វាយតង្វាយ ក្នុងនាមការធ្វើផ្ទាល់ខ្លួន ដូច្នេះយើងជារដ្ឋាភិបាលមិនមានតួនាទី ក្នុងការធ្វើអត្ថាធិប្បាយលើបញ្ហានេះឡើយ»។ គួរដឹងថា ភាពតានតឹង រវាងទីក្រុងតូក្យូ និងប៉េកាំង នៅតែមិនធូរស្រាល បន្ទាប់ពីមានការលើកឡើងរបស់លោកស្រី Takaichi នៅសភា ក្នុងឆ្នាំ២០២៥ ដែលថា ការលុកលុយរបស់ចិន លើកោះតៃវ៉ាន់ អាចជាយុត្តិកម្មស្របច្បាប់ សម្រាប់ប្រទេសជប៉ុន ក្នុងការបញ្ចូនកងទ័ព៕

មន្ត្រីអាមេរិកជំរុញឲ្យប្រជាជនគុយបាធ្វើកំណែទម្រង់ នៅក្នុងកិច្ចប្រជុំឡាហាវ៉ាន

2026/04/21 04:30:31 pm        35
មន្ត្រីមកពីប្រទេសទាំង២ បានឲ្យដឹងកាលពីថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) ថា មន្ត្រីអាមេរិកបានជួបជាមួយសមភាគីគុយបារបស់ពួកគេ នៅទីក្រុងឡាហាវ៉ាន (Havana) នៅខែមេសានេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោនជំរុញឲ្យមានកំណែទម្រង់សេដ្ឋកិច្ចដឹកនាំដោយរដ្ឋរបស់គុយបា ក្នុងអំឡុងពេលមានវិបត្តិថាមពល និងការបិទខ្ទប់ដោយសហរដ្ឋអាមេរិក ចំពោះការដឹកជញ្ជូនប្រេងទៅកាន់កោះនេះ។មន្ត្រីក្រសួងការបរទេសអាមេរិកមួយរូប បានបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមេសា សម្រាប់ការចរចាដែលត្រួតពិនិត្យដោយរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ដោយមិនបានបញ្ជាក់លម្អិតឡើយថា តើមន្ត្រីណាខ្លះបានចូលរួមក្នុងកិច្ចចរចានេះ។ កិច្ចប្រជុំនេះត្រូវបានរាយការណ៍ដំបូងគេដោយសារព័ត៌មាន Axios។មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «គណៈប្រតិភូបានបញ្ជាក់ជាថ្មីថា សេដ្ឋកិច្ចគុយបា កំពុងស្ថិតក្នុងស្ថានភាពដួលរលំយ៉ាងឆាប់រហ័ស ហើយថា ឥស្សរជនកាន់អំណាចរបស់កោះនេះ មានឱកាសតិចតួច ដើម្បីធ្វើកំណែទម្រង់សំខាន់ៗដែលគាំទ្រដោយសហរដ្ឋអាមេរិក មុនពេលស្ថានភាពកាន់តែអាក្រក់ទៅៗ»។គួរបញ្ជាក់ថា កិច្ចចរចានេះ គឺជាសញ្ញាមួយដែលបង្ហាញថា ប្រទេសទាំង២ អាចឈានដល់កិច្ចព្រមព្រៀងការទូត ទោះបីជាលោកប្រធានាធិបតី Donald Trump បានបង្ហើបអំពីវិធានការយោធាដែលអាចកើតមានលើប្រទេសកោះនេះក៏ដោយ ពោលគឺបន្ទាប់ពីមានការវាយឆ្មក់របស់សហរដ្ឋអាមេរិកកាលពីខែមករា ជាហេតុការណ៍ដែលបានឈានទៅដល់ការចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro នៃប្រទេសវ៉េណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់គុយបា៕

លោក Trump៖ ការទាញយកសារធាតុអ៊ុយរ៉ានីញ៉ូមពីអ៊ីរ៉ង់ នឹងក្លាយជាដំណើរការវែងឆ្ងាយ និងលំបាក

2026/04/21 04:22:06 pm        69
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីយប់ថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា ការយកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់សហរដ្ឋអាមេរិក ពីអ៊ីរ៉ង់ នឹងជាដំណើរការ «វែងឆ្ងាយ» និង «ពិបាក» បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ក្នុងឆ្នាំ២០២៥។លោក Trump បានសរសេរនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា «ប្រតិបត្តិការ Operation Midnight Hammer គឺជាការបំផ្លាញទាំងស្រុងតែម្ដងនៃទីតាំងនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ីរ៉ង់» ដោយលោកបានបន្ថែមថា «ដូច្នេះ ការជីកទាញយកវាចេញ នឹងជាដំណើរការដ៏វែងឆ្ងាយ និងលំបាកមួយ»។មេដឹកនាំអាមេរិករូបនេះ តែងតែប្រើពាក្យថា «ធូលីនុយក្លេអ៊ែរ» (Nuclear Dust) ដើម្បីសំដៅទៅលើស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចហើយរបស់អ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិកចោទប្រកាន់ថា បានស្តុកទុក ដើម្បីផលិតគ្រាប់បែកបរមាណូ។ តែពេលខ្លះលោកក៏បានប្រើវាផងដែរ ដើម្បីសំដៅទៅលើសម្ភារៈដែលនៅសល់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីខែមិថុនា ឆ្នាំ២០២៥។លោកប្រធានាធិបតីវ័យ ៧៩ឆ្នាំរូបនេះ អះអាងថា ស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចហើយរបស់អ៊ីរ៉ង់ នៅទីបំផុត នឹងត្រូវផ្ទេរទៅទឹកដីអាមេរិក តែក្រសួងការបរទេសអ៊ីរ៉ង់ បដិសេធមិនមានផែនការបែបនេះទេ។សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហាររួមគ្នា លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីលុបបំបាត់នូវអ្វីដែលអ៊ីស្រាអែលពិពណ៌នាថា ជា «ការគំរាមកំហែងដល់ជីវិតរស់នៅ» ដែលបង្កឡើងដោយកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋឥស្លាម៕

លោក Trump៖ កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នឹង «ល្អជាងកតិកាសញ្ញាចាស់» ឆ្ងាយណាស់

2026/04/21 04:19:42 pm        49
កាលពីថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា កិច្ចព្រមព្រៀងដែលកំពុងពិភាក្សាជាមួយអ៊ីរ៉ង់ នឹងមានលក្ខខណ្ឌល្អប្រសើរជាង JCPOA (ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ) ឆ្ងាយណាស់ ជាកតិកាសញ្ញាដែលត្រូវបានរៀបចំ និងចុះហត្ថលេខា ក្នុងអំឡុងរដ្ឋបាលរបស់លោក Barak Obama។លោក Trump បានលើកឡើងថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ គឺជា «ផ្លូវដែលផ្ដល់ការធានា» ឆ្ពោះទៅរកអាវុធនុយក្លេអ៊ែរ សម្រាប់អ៊ីរ៉ង់ ដែលលោកបានអះអាងថា នឹងត្រូវបានប្រើប្រាស់លើអ៊ីស្រាអែល និងតំបន់មជ្ឈិមបូព៌ាផ្សេងទៀត។តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម Truth Social លោក Trump បានសរសេរថា៖ «ប្រសិនបើកិច្ចព្រមព្រៀងមួយ កើតឡើងក្រោមការដឹកនាំរបស់ Trump វានឹងធានាឲ្យមានសន្តិភាព សន្តិសុខ និងសុវត្ថិភាព ដោយមិនត្រឹមតែសម្រាប់អ៊ីស្រាអែល និងតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់អឺរ៉ុប សហរដ្ឋអាមេរិក និងគ្រប់ទីកន្លែងផ្សេងទៀត»។លោកបានរៀបរាប់ទៀតថា៖ «វានឹងក្លាយជាអ្វីមួយដែលពិភពលោកទាំងមូល នឹងមានមោទកភាព ជំនួសឲ្យភាពចង្អៀតចង្អល់ និងភាពអាម៉ាស់ជាច្រើនឆ្នាំដែលយើងត្រូវបានបង្ខំឲ្យរងទុក្ខ ដោយសារតែភាពជាអ្នកដឹកនាំគ្មានសមត្ថភាព និងខ្វះភាពក្លាហាន!»។ លោក Trump បានបន្តថា លោក «មិនស្ថិតនៅក្រោមសម្ពាធអ្វីទាំងអស់» ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។ហើយក្នុងការបង្ហោះមួយផ្សេងទៀត នៅលើបណ្ដាញសង្គម Truth Social មេដឹកនាំអាមេរិកបានបន្ថែមថា ការបិទខ្ទប់ដោយសហរដ្ឋអាមេរិក គឺ «កំពុងបំផ្លាញអ៊ីរ៉ង់ទាំងស្រុង» ហើយនឹងមិនត្រូវបានលុបចោលទេ រហូតដល់មានកិច្ចព្រមព្រៀង។ លោកបានសង្កត់ធ្ងន់ថា «ពួកគេកំពុងខាតបង់ ៥០០លានដុល្លារ ក្នុងមួយថ្ងៃ ជាចំនួនដែលមិនអាចបន្តមានទៀតទេ សូម្បីតែក្នុងរយៈពេលខ្លី»៕

ប្រភពព័ត៌មានមន្ត្រីជាន់ខ្ពស់និយាយថា ប៉ាគីស្ថាន ជឿថា អ៊ីរ៉ង់នឹងចូលរួមកិច្ចចរចាជាមួយអាមេរិក

2026/04/21 04:16:53 pm        49
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលប៉ាគីស្ថានម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា ប្រទេសប៉ាគីស្ថាន មានទំនុកចិត្តថាខ្លួនអាចធ្វើឱ្យអ៊ីរ៉ង់ចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិក។ប្រភពព័ត៌មានបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «យើងបានទទួលសញ្ញាវិជ្ជមាន ពីអ៊ីរ៉ង់។ អ្វីៗមានភាពមិនស្ថិតស្ថេរ ប៉ុន្តែយើងកំពុងព្យាយាមឱ្យពួកគេមកទីនេះ នៅពេលនោះយើងចាប់ផ្តើមកិច្ចចរចានៅថ្ងៃស្អែក ឬថ្ងៃខានស្អែក»។ប្រភពព័ត៌មានបាននិយាយបន្ថែមថា ប្រទេសប៉ាគីស្ថាន បានចូលរួមយ៉ាងសកម្មជាមួយទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ខណៈថ្ងៃផុតកំណត់នៃបទឈប់បាញ់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជិតចូលមកដល់។

អង្គការសមុទ្រអន្តរជាតិ(IMO) ជំរុញឱ្យនាវានៅជិតច្រកសមុទ្រ Hormuz ប្រុងប្រយ័ត្នខ្ពស់បំផុត

2026/04/21 04:12:08 pm        44
អ្នកនាំពាក្យរបស់អង្គការសមុទ្រអន្តរជាតិ (IMO) បាននិយាយកាលពីថ្ងៃចន្ទថា ស្ថានភាពនៅដែនទឹកជិតច្រកសមុទ្រ Hormuz នៅតែមិនស្ថិតស្ថេរ ដោយជំរុញឱ្យនាវានៅក្នុងតំបន់នេះត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត។ អ្នកនាំពាក្យរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ស្ថានភាពនៅតែបន្តមិនស្ថិតស្ថេរ។ នាវាទាំងអស់គួរតែប្រុងប្រយ័ត្នខ្ពស់បំផុត ហើយកុំប្រថុយប្រថានបើគ្មានការធានាសន្តិសុខ»។យោងតាមព័ត៌មានដែលចេញផ្សាយនៅលើគេហទំព័ររបស់អង្គការសមុទ្រអន្តរជាតិ (IMO) គិតត្រឹមថ្ងៃទី១៩ ខែមេសា បានឲ្យដឹងថា ការវាយប្រហារសរុបចំនួន២៤លើកលើនាវានៅលើដែនទឹកដែលរងផលប៉ះពាល់ត្រូវបានបញ្ជាក់ បណ្តាលឱ្យមានការស្លាប់នាវិក១០នាក់។ អង្គការសមុទ្រអន្តរជាតិ (IMO) ជាទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសុវត្ថិភាព និងសន្តិសុខដែនសមុទ្រព្រមទាំងការទប់ស្កាត់ការបំពុលសមុទ្រនិងបរិស្ថានដោយនាវា បានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង ការសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគីទាក់ទងនឹងស្ថានភាពនៅក្នុងច្រកសមុទ្រ Hormuz។ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បាននិយាយកាលពីថ្ងៃចន្ទថា ដោយសហរដ្ឋអាមេរិករំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ម្តងហើយម្តងទៀត និងបង្កការគំរាមកំហែងដល់កំពង់ផែ និងនាវារបស់អ៊ីរ៉ង់ ការវិលត្រឡប់ទៅរកការដឹកជញ្ជូនជាប្រក្រតីវិញជាឯកតោភាគី នៅតែមិនអាចឈានដល់។

ការប្រមូលផ្តុំគ្នានៅទូទាំងប្រទេសប្រឆាំងទណ្ឌកម្មរបស់អាមេរិកនៅតែបន្តក្នុងប្រទេសវ៉េណេស៊ុយអេឡា

2026/04/21 04:09:50 pm        36
ការប្រមូលផ្តុំគ្នានៅទូទាំងប្រទេសប្រឆាំងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានបន្តនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដោយប្រធានរដ្ឋសភាលោក Jorge Rodriguez បានដឹកនាំការជួបជុំគ្នាអំពាវនាវឱ្យមានការឯកភាពនយោបាយ និងសង្គម។លោក Rodriguez បាននិយាយក្នុងទីក្រុង San Felix ជាកន្លែងដែលការជួបជុំបានធ្វើឡើង ថា «យើងត្រូវបញ្ចប់ទណ្ឌកម្មនេះ»។ លោកនិយាយថា យុទ្ធនាការនេះ មានបំណងបង្កើតការឯកភាពគ្នា និងជំរុញឱ្យមានការដកចេញទណ្ឌកម្មសេដ្ឋកិច្ច ដោយជំរុញឱ្យប្រជាជនវ៉េណេស៊ុយអេឡាដាក់ដោយឡែកភាពខ្វែងគំនិតគ្នា និងផ្តោតលើផលប្រយោជន៍រួម។ការប្រមូលផ្តុំគ្នានេះ គឺជាផ្នែកមួយនៃការជួបជុំនៅទូទាំងប្រទេសដែលបានចាប់ផ្តើមនៅថ្ងៃទី ១៩ ខែមេសា ដោយប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez នៅជាមួយនឹងព្រឹត្តិការណ៍ដែលបានធ្វើឡើងនៅក្នុងរដ្ឋជាច្រើន។នៅក្នុងព្រឹត្តិការណ៍បើកដំណើរការនៅរដ្ឋ Zulia លោកស្រី Delcy Rodriguez បាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡា ត្រូវតែជម្នះលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយកុមាររាប់លាននាក់ដែលកើតក្នុងអំឡុងពេលជិតមួយទសវត្សរ៍នៃការរឹតត្បិតសេដ្ឋកិច្ច បានប្រឈមនឹងដំណើរការដែលបានកំណត់ចំពោះលក្ខខណ្ឌសង្គម និងសេដ្ឋកិច្ចជាមូលដ្ឋាន។យុទ្ធនាការនៅទូទាំងប្រទេសរួមមានការដង្ហែក្បួន និងព្រឹត្តិការណ៍សាធារណៈ ត្រូវបានគ្រោងនឹងបញ្ចប់នៅទីក្រុង Caracas នៅថ្ងៃទី១ ខែឧសភា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM