ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

លោកTrump អំពាវនាវឱ្យប្រើច្បាប់ផលិតកម្មវិស័យការពារជាតិ ដើម្បីជំរុញការផ្គត់ផ្គង់ថាមពល ក្នុងពេលសង្គ្រាមនៅអ៊ីរ៉ង់

2026/04/21 04:07:42 pm        48
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើលិខិតប្រធានាធិបតីជាបន្តបន្ទាប់ ដោយអំពាវនាវឱ្យប្រើប្រាស់ច្បាប់ផលិតកម្មវិស័យការពារជាតិឆ្នាំ១៩៥០ ក្នុងបំណងជំរុញការផ្គត់ផ្គង់ថាមពល ក្នុងអំឡុងពេលសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។លិខិតប្រធានាធិបតីចំនួន៥ ក្រោមច្បាប់ផ្តោតសំខាន់លើប្រេងឥន្ធនៈក្នុងស្រុក ធ្យូងថ្ម ឧស្ម័នធម្មជាតិរាវ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនី។ ច្បាប់ផលិតកម្មការពារជាតិឆ្នាំ ១៩៥០ ផ្តល់ឱ្យប្រធានាធិបតីនូវសិទ្ធិអំណាចយ៉ាងទូលំទូលាយ ដើម្បីធានាបានថា ឧស្សាហកម្មក្នុងស្រុកអាចបំពេញតាមតម្រូវការផ្នែកការពារជាតិ។លោក Trump បានអំពាវនាវឱ្យប្រើប្រាស់ច្បាប់ផលិតកម្មវិស័យការពារជាតិ ដើម្បីផ្តល់មូលនិធិដល់សហព័ន្ធសម្រាប់គម្រោងថាមពលជាច្រើនប្រភេទ «ខណៈរដ្ឋបាលរបស់លោក ប្រឈមនឹងសម្ពាធដើម្បីជួយទប់ស្កាត់ការកើនឡើងតម្លៃប្រេង ប្រេងសាំង និងអគ្គិសនី»។

ប្រទេសហុងគ្រី ស្វែងរកកិច្ចព្រមព្រៀងបន្ទាន់ជាមួយអឺរ៉ុប ដើម្បីបញ្ចេញមូលនិធិដែលត្រូវបានបង្កក

2026/04/21 04:03:21 pm        52
លោក Peter Magyar មេដឹកនាំគណបក្ស Tisza របស់ប្រទេសហុងគ្រី បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលថ្មីរបស់លោក កំពុងធ្វើការដើម្បីបញ្ចេញមូលនិធិនៅសហភាពអឺរ៉ុប(EU) ដែលត្រូវបានបង្កក បន្ទាប់ពីកិច្ចពិភាក្សាតាមបច្ចេកទេសកាលពីពេលថ្មីៗនេះជាមួយមន្ត្រីសហភាពអឺរ៉ុបនៅទីក្រុង Budapest។គណបក្ស Tisza ទទួលបានជ័យជម្នះយ៉ាងលើសលប់ក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១២ ខែមេសា ដោយទទួលបាន ១៤១ អាសនៈ នៅក្នុងសភាដែលមានសមាជិក១៩៩រូប ជាការត្រួសត្រាយផ្លូវសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មីដឹកនាំដោយលោក Magyar។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុង Budapest លោក Magyar បាននិយាយថា ក្រុមរបស់លោក មានបំណងបំពេញតាមតម្រូវការសំខាន់ៗរបស់សហភាពអឺរ៉ុប ក្នុងរយៈពេលបីខែ។ លោក និយាយថា ប្រទេសហុងគ្រី នឹងឈានទៅមុខក្នុងវិស័យជាច្រើនដូចជា វិធានការប្រឆាំងអំពើពុករលួយ សេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងឯករាជ្យភាពតុលាការស្របតាមការរំពឹងទុករបស់គណៈកម្មការអឺរ៉ុប។ លោក Magyar បាននិយាយបន្ថែមថា លោកមានផែនការបញ្ចប់កិច្ចព្រមព្រៀងនយោបាយជាមួយគណៈកម្មការអឺរ៉ុបចន្លោះថ្ងៃទី១៥ និងថ្ងៃទី២០ ខែឧសភា ដោយពិពណ៌នាអំពីការប្រគល់មូលនិធិសហភាពអឺរ៉ុបថាមានសារៈសំខាន់សម្រាប់ស្ថិរភាពសេដ្ឋកិច្ចនៅប្រទេសហុងគ្រី និងស្តារទំនុកចិត្តរបស់វិនិយោគិនឡើងវិញ។គណៈកម្មការអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទថា គណៈប្រតិភូជាន់ខ្ពស់មួយក្រុមបានបើកកិច្ចប្រជុំបច្ចេកទេសនៅទីក្រុង Budapest កាលពីថ្ងៃទី១៧-១៨ ខែមេសា ជាមួយអ្នកតំណាងរដ្ឋាភិបាលរបស់ប្រទេសហុងគ្រីដែលនឹងចូលកាន់តំណែងនៅពេលខាងមុខ។ យោងតាមគណៈកម្មការបានឲ្យដឹងថា ការពិភាក្សាទាំងនេះគឺជាឱកាសដំបូងដើម្បីស្វែងយល់ពីជំហាន «ជាក់ស្តែង» ឆ្ពោះទៅរកការបញ្ចេញមូលនិធិសហភាពអឺរ៉ុប ដែលបច្ចុប្បន្ន «ត្រូវបានបង្កកដោយសារតែការព្រួយបារម្ភអំពីនីតិរដ្ឋ និងអំពើពុករលួយ»។

សហភាពអឺរ៉ុបស្នើឲ្យបន្តឡើងវិញនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយប្រទេសស៊ីរី

2026/04/21 04:01:08 pm        46
ទីក្រុងប្រ៊ុចសែលនៃប្រទេសបែលហ្ស៊ិក កាលពីថ្ងៃចន្ទ បានស្នើឲ្យរដ្ឋសហភាពអឺរ៉ុបចាប់ផ្តើមឡើងវិញនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់ប្លុកនេះ ជាមួយប្រទេសស៊ីរី ដែលជាជំហានចុងក្រោយបំផុត ដើម្បីជួយគាំទ្រប្រទេសនេះបន្ទាប់ពីលោក បាសា អាល់អាសាដ ត្រូវបានបណ្តេញចេញពីអំណាច។ កិច្ចព្រមព្រៀង ដែលលុបចោលពន្ធគយលើការនាំចូលផលិតផលឧស្សាហកម្មភាគច្រើនពីប្រទេសស៊ីរី ត្រូវបានផ្អាកមួយផ្នែកនៅឆ្នាំ ២០១១ នៅពេលដែលរបបរបស់លោក អាសាដ បានបង្ក្រាបយ៉ាងឃោរឃៅលើការតវ៉ា នៅពេលសង្គ្រាមស៊ីវិល បានចាប់ផ្តើម។សហភាពអឺរ៉ុបដែលមានប្រទេសចំនួន ២៧ បានចាប់ផ្តើមសករាជថ្មីមួយជាមួយប្រទេសស៊ីរី ចាប់តាំងពី លោក អាសាដ ត្រូវបានទម្លាក់ពីអំណាច ក្នុងខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់ពីការប្រយុទ្ធគ្នាជាងមួយទសវត្សរ៍ដែលបានបំផ្លិចបំផ្លាញប្រទេសនេះ និងបានបញ្ជូនជនភៀសខ្លួនរាប់លាននាក់ទៅក្រៅប្រទេសនេះ។ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសពីកញ្ចប់ជំនួយហិរញ្ញវត្ថុរយៈពេលពីរឆ្នាំ ចំនួន ៦២០ លានអឺរ៉ូ (៧៣០ លានដុល្លារ) អំឡុងពេលទស្សនកិច្ចនៅទីក្រុងដាម៉ាស កាលពីខែមករា៕

UN និយាយថា ការវាយប្រហារលើនាវាស៊ីវិល គឺមិនអាចទទួលយកបានទេ ក្រោមច្បាប់អន្តរជាតិ

2026/04/21 03:55:33 pm        55
អ្នកនាំពាក្យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Jeremy Laurence បានប្រាប់សារព័ត៌មាន TASS ថា នាវាពាណិជ្ជកម្ម ទទួលបានការការពារ ក្រោមច្បាប់អន្តរជាតិ ហើយក្រុមនាវិករបស់ពួកគេ មិនអាចត្រូវបានកំណត់គោលដៅដោយចេតនាបានទេ។  លោកបាននិយាយនៅពេលត្រូវបានស្នើសុំឲ្យធ្វើអត្ថាធិប្បាយអំពីការវាយប្រហាររបស់អ៊ុយក្រែនលើនាវាដឹកទំនិញស្ងួតមួយគ្រឿង នៅក្នុងសមុទ្រ Azov ថា៖«ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ នាវាពាណិជ្ជកម្ម គឺនាវាស៊ីវិល ហើយដូច្នេះត្រូវបានការពារពីការវាយប្រហារ ប្រសិនបើពួកគេមិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យ ដើម្បីបង្កើតជាគោលបំណងយោធា»។ «សមាជិកនាវិកនៃនាវាស៊ីវិល គឺជាជនស៊ីវិល ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ហើយមិនអាចត្រូវបានកំណត់គោលដៅដោយចេតនាបានទេ ហើយការប្រុងប្រយ័ត្នចាំបាច់ទាំងអស់ គួរតែត្រូវបានធ្វើឡើង ដើម្បីជៀសវាងគ្រោះថ្នាក់ដល់ពួកគេ»។នាវាដឹកទំនិញស្ងួត Volgo-Balt-138 ដែលផ្ទុកស្រូវសាលីបានលិចនៅក្នុងសមុទ្រ Azov នៅថ្ងៃទី ០៣ ខែមេសា បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន។ សមាជិកនាវិក ៥នាក់ បានរស់រានមានជីវិត ហើយបីនាក់ បានស្លាប់។ ការស៊ើបអង្កេតមួយ ត្រូវបានចាប់ផ្តើម។ អភិបាលតំបន់ Kherson លោក Vladimir Saldo បានព្រមានថា ឧក្រិដ្ឋកម្មនេះ នឹងមិនត្រូវបានដោះស្រាយទេ៕

IDF៖ អ៊ីស្រាអែលបានសម្លាប់ជនសកម្មប្រយុទ្ធ ២ក្រុម នៅភាគខាងត្បូងលីបង់

2026/04/21 03:53:06 pm        50
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា កងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារក្រុមជ្រុលនិយមប្រដាប់អាវុធ ២ក្រុម នៅភាគខាងត្បូងប្រទេសលីបង់ ដែលបានចូលទៅជិតកងទ័ពអ៊ី      ស្រាអែល ដោយរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។  កងទ័ពអ៊ីស្រាអែល បាននិយាយថា៖«ទាហាន IDF បានកំណត់អត្តសញ្ញាណភេរវករ នៅក្នុងតំបន់ Bint Jbeil ដែលបានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដោយប្រតិបត្តិការនៅក្នុងតំបន់ការពារជួរមុខ ហើយបានចូលទៅជិតទាហាន ដែលបង្កការគំរាមកំហែងដល់ពួកគេ។ បន្ទាប់ពីការកំណត់អត្តសញ្ញាណ កងទ័ពអាកាសអ៊ីស្រាអែល ដែលធ្វើសកម្មភាពតាមទិសដៅរបស់ទាហានជើងគោក បានវាយប្រហារ និងសម្លាប់ភេរវករ ដើម្បីបញ្ចប់ការគំរាមកំហែង»។កងទ័ពអ៊ីស្រាអែល បានបន្ថែមថា៖«នៅក្នុងឧប្បត្តិហេតុបន្ថែមមួយ ទាហាន IDF បានកំណត់អត្តសញ្ញាណភេរវករ នៅក្នុងតំបន់ Litani ដែលបានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ដោយប្រតិបត្តិការនៅក្នុងតំបន់ការពារជួរមុខ ហើយបានចូលទៅជិតកងទ័ព ដែលបង្កការគំរាមកំហែងដល់ពួកគេ។ បន្ទាប់ពីការកំណត់អត្តសញ្ញាណ កងទ័ពអាកាសអ៊ីស្រាអែល ដែលធ្វើសកម្មភាពតាមទិសដៅរបស់ទាហានជើងគោក បានវាយប្រហារភេរវករ និងសម្លាប់ពួកគេ»៕

ថវិកាជាង ៧១ពាន់លានដុល្លារ នឹងត្រូវការ ក្នុងរយៈពេល ១ ទសវត្សរ៍ខាងមុខ ដើម្បីកសាងហ្កាហ្សាឡើងវិញ

2026/04/21 03:26:49 pm        98
ថវិកាជាង ៧១ ពាន់លានដុល្លារ នឹងត្រូវបានត្រូវការក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ សម្រាប់ការស្តារឡើងវិញ និងការកសាងឡើងវិញនៅក្នុងតំបន់ហ្គាហ្សាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម។ នេះបើយោងតាមការវាយតម្លៃរបស់សហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។ នៅក្នុងការវាយតម្លៃការខូចខាត និងតម្រូវការរហ័សចុងក្រោយរបស់ពួកគេ នៅតំបន់ហ្កាហ្សា អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប បាននិយាយថា សង្គ្រាមជាងពីរឆ្នាំនៅក្នុងទឹកដីប៉ាឡេស្ទីន «បាននាំឲ្យមានការបាត់បង់ជីវិតដែលមិនធ្លាប់មានពីមុនមក និងវិបត្តិមនុស្សធម៌ដ៏មហន្តរាយ»។ការវាយតម្លៃនេះ ដែលបង្កើតឡើងក្រោមការសម្របសម្រួលជាមួយធនាគារពិភពលោក បានបញ្ជាក់ថា    «តម្រូវការស្តារឡើងវិញ និងការកសាងឡើងវិញ ត្រូវបានប៉ាន់ប្រមាណថា មានប្រហែល ៧១,៤ ពាន់លានដុល្លារ»។តំបន់ហ្កាហ្សាភាគច្រើន រួមទាំងសាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត ត្រូវបានបំផ្លាញទៅជាគំនរបាក់បែកដោយការវាយលុករបស់យោធាអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស ដែលមិនធ្លាប់មានពីមុនមក នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣៕

ក្រុមប្រឹក្សាសន្តិសុខUN ថ្កោលទោសការសម្លាប់អ្នករក្សាសន្តិភាពបារាំងនៅប្រទេសលីបង់

2026/04/21 03:04:37 pm        146
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានថ្កោលទោសចំពោះការសម្លាប់អ្នករក្សាសន្តិភាពបារាំងម្នាក់ នៅប្រទេសលីបង់ នាពេលថ្មីៗនេះ ដែលការស្លាប់របស់លោក ត្រូវបានបារាំងស្តីបន្ទោសថាជាទង្វើរបស់ក្រុមហេសបូឡា។បុរសជនជាតិបារាំងរូបនេះ ត្រូវបានសម្លាប់ និងបីនាក់ផ្សេងទៀត រងរបួស នៅពេលដែលអង្គភាពរបស់ពួកគេ ត្រូវបានវាយឆ្មក់កាលពីថ្ងៃសៅរ៍ ខណៈពេលដែលពួកគេកំពុងធ្វើដំណើរទៅកាន់ប៉ុស្តិ៍កងកម្លាំង បណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) ដែលកាត់ផ្តាច់ចេញពីការប្រយុទ្ធគ្នារវាងក្រុមហេសបូឡា និងអ៊ីស្រាអែល។សេចក្តីថ្លែងការណ៍មួយពីស្ថាប័នអង្គការសហប្រជាជាតិ បាននិយាយថា៖«សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារនេះ និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រពេញលេញរបស់ពួកគេចំពោះ UNIFIL»៕

UN៖ ការផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្ម EU-អ៊ីស្រាអែល គឺជា«តម្រូវការអប្បបរមា» ក្រោមច្បាប់អន្តរជាតិ

2026/04/21 03:01:54 pm        127
អ្នកជំនាញអង្គការសហប្រជាជាតិមួយក្រុម បាននិយាយកាលពីថ្ងៃចន្ទថា ការផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងអ៊ីស្រាអែល នឹងជាជំហាន «តម្រូវការអប្បបរមា» ពីសហភាពអឺរ៉ុប ដើម្បីអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ ស្របពេលមានការកើនឡើងជាបន្តបន្ទាប់នៃការរំលោភសិទ្ធិមនុស្សដោយអ៊ីស្រាអែល។ការអំពាវនាវនេះ បានកើតឡើង មុនកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអឺរ៉ុបនៅប្រទេសលុចសំបួ នៅថ្ងៃអង្គារនេះ ដែលប្លុកនេះត្រូវបានគេរំពឹងថា នឹងពិចារណាថាតើត្រូវផ្អាកកិច្ចព្រមព្រៀងសមាគមសហភាពអឺរ៉ុប-អ៊ីស្រាអែល ដែលបានផ្តល់សិទ្ធិអនុគ្រោះដល់អ៊ីស្រាអែលចូលទៅទីផ្សារអឺរ៉ុប ចាប់តាំងពីឆ្នាំ ២០០០។ក្រុមអ្នកជំនាញនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អឺរ៉ុបប្រឈមនឹងការសាកល្បងផ្នែកសីលធម៌យ៉ាងច្បាស់លាស់» ដោយបន្ថែមថា សហភាពអឺរ៉ុប «មិនអាចអះអាងដោយភាពជឿជាក់ថា បានគាំទ្រសិទ្ធិមនុស្ស ខណៈពេលដែលរក្សាពាណិជ្ជកម្មអនុគ្រោះជាមួយរដ្ឋ» ដែលត្រូវបានចោទប្រកាន់ដោយស្ថាប័នអន្តរជាតិជាច្រើនពីបទរំលោភធ្ងន់ធ្ងរ រួមទាំងការប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។សេចក្តីថ្លែងការណ៍នេះ ត្រូវបានគាំទ្រដោយអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិជាង ២០រូប ក្នុងនោះមាន លោកស្រី Francesca Albanese លោកស្រី Farida Shaheed, លោកស្រី Tlaleng Mofokeng និងលោក Ben Saul រួមជាមួយសមាជិកនៃក្រុមការងារទទួលបន្ទុកការបាត់ខ្លួនដោយបង្ខំ ឬការបាត់ខ្លួនដោយអចេតនា និងអ្នកជំនាញផ្សេងទៀត៕

ប្រទេសស៊ីរី និងអ៊ីរ៉ាក់បានបើកច្រកព្រំដែន RABIA ឡើងវិញ បន្ទាប់ពីបិទជិត ១៣ឆ្នាំ

2026/04/21 02:57:06 pm        107
ប្រទេសអ៊ីរ៉ាក់ និងស៊ីរី បានបើកច្រកព្រំដែន Rabia ឡើងវិញ កាលពីថ្ងៃចន្ទ ដោយស្ដារឡើងវិញនូវផ្លូវគោកដ៏សំខាន់មួយ ដែលត្រូវបានបិទអស់រយៈពេលជិត ១៣ ឆ្នាំ ដោយសារតែជម្លោះ និងការកើនឡើងនៃក្រុមភេរវកររដ្ឋអ៊ីស្លាម (IS)។ច្រកព្រំដែននេះ ដែលត្រូវបានគេស្គាល់ថា al-Yarubiyah នៅខាងស៊ីរី បានបន្តប្រតិបត្តិការឡើងវិញ បន្ទាប់ពីពិធីបើកត្រូវបានរៀបចំឡើង នៅក្នុងខេត្ត Hasakah ប្រទេសស៊ីរី ដែលមានការចូលរួមពីមន្ត្រីមកពីប្រទេសទាំងពីរ។អាជ្ញាធរគយស៊ីរី បាននិយាយថា ច្រកព្រំដែននេះ ត្រូវបានបើកសម្រាប់ការឆ្លងកាត់ ពាណិជ្ជកម្ម នាំចូល នាំចេញ និងប្រជាជនធ្វើដំណើរ។មន្ត្រីមកពីភាគីទាំងពីរ បាននិយាយថា ពួកគេបានពិភាក្សាអំពីជំហាននានា ដើម្បីសម្រួលនីតិវិធីព្រំដែន កែលម្អការសម្របសម្រួល និងពង្រីកពាណិជ្ជកម្មទ្វេភាគី។ច្រកព្រំដែន Rabia នៅក្នុងខេត្ត Nineveh ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ជិតទីក្រង Mosul បានបិទនៅប្រហែលឆ្នាំ ២០១៣ ខណៈដែលសង្គ្រាមស៊ីវិនៅប្រទេសស៊ីរី កាន់តែធ្ងន់ធ្ងរឡើង ហើយក្រុមសកម្មប្រយុទ្ធ IS បានដណ្តើមយកតំបន់ព្រំដែនមួយចំនួន៕

គុយបាបញ្ជាក់ពីកិច្ចពិភាក្សាថ្មីៗជាមួយគណៈប្រតិភូអាមេរិកដែលកំពុងទស្សនកិច្ចប្រទេសនេះ

2026/04/21 02:54:24 pm        89
អ្នកការទូតជាន់ខ្ពស់គុយបាម្នាក់កាលពីថ្ងៃចន្ទ បានបញ្ជាក់ពីកិច្ចពិភាក្សាថ្មីៗ នៅទីក្រុងឡាហាវ៉ានជាមួយមន្ត្រីអាមេរិក ស្របពេលកោះដែលដឹកនាំដោយកុម្មុយនិស្តនេះ កំពុងប្រឈមនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរពី យុទ្ធនាការដាក់សម្ពាធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។លោក Alejandro Garcia ប្រធានកិច្ចការគុយបា-អាមេរិករបស់ក្រសួងការបរទេស បានប្រាប់កាសែត Granma របស់គណបក្សកុម្មុយនិស្តថា៖«ខ្ញុំអាចបញ្ជាក់បានថា កិច្ចប្រជុំរវាងគណៈប្រតិភូមកពីគុយបា និងសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងថ្មីៗនេះ នៅក្នុងទីក្រុងឡាហាវ៉ាន »។លោក Garcia បាននិយាយថា អ្នកចរចារួមមានឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងអនុរដ្ឋមន្ត្រីការបរទេសគុយបា។នាថ្ងៃសុក្រ សារព័ត៌មានអនឡាញអាមេរិក Axios បានរាយការណ៍ថា មន្ត្រីរដ្ឋបាលលោក ត្រាំ បានរៀបចំ កិច្ចប្រជុំជាច្រើន នៅទីក្រុងឡាហាវ៉ាន នៅថ្ងៃទី ១០ ខែមេសា ជាមួយមន្ត្រីគុយបា រួមទាំងលោក Raul Guillermo Rodriguez Castro ចៅប្រុសរបស់អតីតប្រធានាធិបតី Raul Castro។ក្រុមអ្នកចរចាអាមេរិក បានដាក់ចេញលក្ខខណ្ឌជាច្រើនសម្រាប់ការចរចាជាមួយគុយបា ដើម្បីបន្ត រួមទាំងការដោះលែងអ្នកទោសនយោបាយលេចធ្លោ។ នេះបើយោងតាមសារព័ត៌មាន Axios ដែលបានដកស្រង់សម្តីមន្ត្រីក្រសួងការបរទេសម្នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM
របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ
05/30/2026 05:05 PM