ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់

ព័ត៌មានអន្តរជាតិ

អង្គការលើកលែងទោស រិះគន់ លោក Netanyahu លោកPutin និងលោកTrump ខណៈសិទ្ធិមនុស្សធ្លាក់ចុះ

2026/04/21 11:28:16 am        96
អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា អ៊ីស្រាអែល រុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងដឹកនាំការបំផ្លាញសិទ្ធិមនុស្សសកល ដោយចាត់ទុកមេដឹកនាំប្រទេសទាំងបីថាជា «ជនល្មោភសង្គ្រាមមិនចេះស្កប់» ក្នុងចេតនាគ្រប់គ្រងសេដ្ឋកិច្ច និងនយោបាយ។លោកស្រី Agnes Callamard ប្រធានក្រុមសិទ្ធិមនុស្សសកល បានសរសេរនៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់ពិភពលោកដែលត្រូវបានចេញផ្សាយនៅថ្ងៃអង្គារនេះថា «បរិយាកាសសកល ដែលភាពឃោរឃៅដំបូងអាចរីករាលដាលកាន់តែធំ បានបង្កើតឡើងជាយូរមក»។ នៅក្នុងឆ្នាំ២០២៥ «ការផ្លាស់ប្តូរយ៉ាងខ្លាំងត្រូវបានងាកចេញពីសណ្តាប់ធ្នាប់អន្តរជាតិ ដែលត្រូវបានសន្និដ្ឋានចេញពីការបំផ្លាញទ្រង់ទ្រាយធំ និងការបំផ្លិចបំផ្លាញទាំងស្រុងនៃសង្គ្រាមលោកហើយត្រូវបានកសាងយ៉ាងយឺតៗក្នុងរយៈពេល៨០ឆ្នាំកន្លងទៅនេះ»។នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ នៅទីក្រុងឡុងដ្រ៍ លោកស្រី Callamard បាននិយាយថា រដ្ឋាភិបាលភាគច្រើនមានទំនោរទៅរកការបំពេញចិត្ត «ជនល្មោភសង្គ្រាម» ជាជាងការប្រឈមមុខនឹងពួកគេ។ លោកស្រី Callamard បានលើកឡើងថា ទោះជាយ៉ាងណា ប្រទេសអេស្ប៉ាញ ជាប្រទេសមានជំហរខុសគេនៅតំបន់អឺរ៉ុប ដែលរិះគន់ការប្រល័យពូជសាសន៍របស់អ៊ីស្រាអែលប្រឆាំងប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា និងការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ «កំពុងឈរនៅពីលើស្តង់ដារពីរ ដែលកំពុងបំផ្លាញប្រព័ន្ធអន្តរជាតិ»។

អឺរ៉ុប សម្លឹងមើលប្រាក់កម្ចីដល់អ៊ុយក្រែន និងទណ្ឌកម្មលើអ្នកតាំងលំនៅឋានអ៊ីស្រាអែល ក្រោយការបោះឆ្នោតនៅហុងគ្រី

2026/04/21 11:26:10 am        78
មន្ត្រីសហភាពអឺរ៉ុប បាននិយាយថា ពួកគេរំពឹងថានឹងមានវឌ្ឍនភាពនៅសប្តាហ៍នេះលើឯកសារសំខាន់ៗទាក់ទងនឹងអ៊ុយក្រែន និងអ៊ីស្រាអែល បន្ទាប់ពីនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលរដ្ឋាភិបាលរបស់លោកបានរារាំងគំនិតផ្តួចផ្តើមទាំងនេះ ត្រូវបានបោះឆ្នោតឲ្យចាកចេញពីតំណែង។ យោងតាមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ការចាកចេញរបស់លោក Orban នាពេលខាងមុខ បើកផ្លូវឱ្យប្លុកនេះបញ្ចេញប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូ (១០៦ពាន់លានដុល្លារ) ដល់អ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅឋានអ៊ីស្រាអែលដែលប្រើអំពើហិង្សា។ យោងតាមប្រទេសស៊ីប ដែលជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុបបានឲ្យដឹងថា ប្រាក់កម្ចីដល់អ៊ុយក្រែនដែលត្រូវការយ៉ាងខ្លាំងដោយទីក្រុងគីវ ដើម្បីបន្តការការពាររបស់ខ្លួនប្រឆាំងការឈ្លានពានរបស់រុស្ស៊ី អាចនឹងត្រូវបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃពុធ។ អ្នកនាំពាក្យម្នាក់ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងងថា «ចំណុចសំខាន់ចុងក្រោយដែលត្រូវការដើម្បីអនុញ្ញាតឱ្យមានការបែងចែកប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន» នឹងមាននៅលើរបៀបវារៈ ដោយនិយាយសំដៅទៅលើការផ្លាស់ប្តូររដ្ឋាភិបាលនៅក្នុងប្រទេសហុងគ្រី។ កិច្ចប្រជុំអ្នកការទូតនៅថ្ងៃពុធ នឹងស្វែងរកការឯកភាពគ្នាលើវិសោធនកម្មចាំបាច់ចំពោះថវិការបស់ប្លុកអឺរ៉ុប មុនពេលនីតិវិធីជាលាយលក្ខណ៍អក្សរត្រូវបានចាប់ផ្តើមសម្រាប់ការអនុម័តចុងក្រោយនៃប្រាក់កម្ចី។ ដំណើរការនេះ ត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ខណៈមេដឹកនាំថ្មីរបស់ប្រទេសហុងគ្រី លោក Peter Magyar បានត្រៀមឡើងកាន់តំណែង។ លោក Orban ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាអ្នកបំផ្លាញដ៏សំខាន់របស់សហភាពអឺរ៉ុប បានទប់ប្រាក់កម្ចីនេះជាអានុភាពនៅក្នុងជម្លោះជាមួយទីក្រុងគីវ ជុំវិញការផ្អាកការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីនៅលើទឹកដីរបស់អ៊ុយក្រែនតាមរយៈបំពង់បង្ហូរប្រេង Druzhba។ អ៊ុយក្រែន បាននិយាយថា បំពង់បង្ហូរប្រេងនេះត្រូវបានបិទដោយសារតែការវាយប្រហាររបស់រុស្ស៊ី។

អ៊ីស្រាអែលគ្រប់គ្រងនៅភាគខាងត្បូងលីបង់ ខណៈអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះការចរចានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ

2026/04/21 11:22:31 am        47
អ៊ីស្រាអែលកាលពីថ្ងៃចន្ទ ២០មេសាសប្ដាហ៍នេះ បានប្រាប់ប្រជាជននៅភាគខាងត្បូងលីបង់នៅឱ្យឆ្ងាយពីខ្សែក្រវាត់ដែនដីនៅតាមព្រំដែន និងកុំចូលទៅជិតតំបន់ទន្លេ Litani ដែលបានពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើភាគខាងត្បូងលីបង់ ទោះបីជាមានបទឈប់បាញ់ក្នុងសង្គ្រាមជាមួយក្រុមហេសបូឡាក៏ដោយ។  បទឈប់បាញ់រយៈពេល១០ថ្ងៃ សម្របសម្រួលដោយសហរដ្ឋអាមេរិកបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍១៦មេសាសប្ដាហ៍មុន ដោយភាគច្រើនបានបញ្ឈប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលបានវិវត្តន៍ចេញពីជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។យ៉ាងណាបទឈប់បាញ់នេះនៅតែផុយស្រួយ ដោយកងទ័ពអ៊ីស្រាអែលកាន់កាប់ទឹកដីជ្រៅនៅភាគខាងត្បូងក្នុងប្រទេសលីបង់ ដោយមានគោលបំណងបង្កើតតំបន់ទ្រនាប់មួយដើម្បីការពារអ៊ីស្រាអែលភាគខាងជើងពីការវាយប្រហាររបស់ក្រុមហេសបូឡា ខណៈក្រុមនេះនិយាយថា ខ្លួនរក្សាសិទ្ធិក្នុងការទប់ទល់នឹងការកាន់កាប់របស់អ៊ីស្រាអែល។ប្រធានសភាលីបង់ លោក Nabih Berri បានប្រាប់កាសែត Asharq Al-Awsat របស់អារ៉ាប់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងខិតខំពង្រីកបទឈប់បាញ់ដែលបានព្រមព្រៀងដោយរដ្ឋាភិបាលអ៊ីស្រាអែល និងលីបង់ បន្ទាប់ពីលោកបានជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសលីបង់។បន្ទាប់ពីមានការប្រាស្រ័យទាក់ទងគ្នាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មិនធ្លាប់មានរវាងអ៊ីស្រាអែល និងលីបង់កាលពីសប្តាហ៍មុន អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាកម្រិតឯកអគ្គរដ្ឋទូតជុំទីពីររវាងលីបង់ និងអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍ ២៣មេសាសប្ដាហ៍នេះ។ ក្រុមហេសបូឡាប្រឆាំងយ៉ាងខ្លាំងចំពោះទំនាក់ទំនងទាំងនេះ៕

មានការផ្ទុះកំហឹងកាន់តែខ្លាំងជុំវិញទាហានអ៊ីស្រាអែលវាយកម្ទេចរូបសំណាកព្រះយេស៊ូនៅប្រទេសលីបង់

2026/04/21 11:01:55 am        132
រូបថតរបស់ទាហានអ៊ីស្រាអែលម្នាក់វាយកម្ទេចរូបសំណាកព្រះយេស៊ូគ្រិស្តនៅប្រទេសលីបង់បានបង្កឱ្យមានការខឹងសម្បានៅសហរដ្ឋអាមេរិក ដោយបន្ថែមពីលើកំហឹងដែលអ៊ីស្រាអែលកំពុងប្រឈម រួមទាំងពីផ្នែកខ្លះនៃគណបក្សរបស់ប្រធានាធិបតីអាមេរិក Donald Trump។ ទោះបីជាឧបទ្ទវហេតុនេះគ្រាន់តែជាអំពើឃោរឃៅមួយក្នុងចំណោមអំពើឃោរឃៅជាច្រើនដែលអ៊ីស្រាអែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តនៅក្នុងតំបន់នេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ក៏ប្រទេសនេះរងការថ្កោលទោសទូទាំងពិភពលោក និងបានជំរុញឱ្យមានការឆ្លើយតបពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu។នៅអាមេរិក ជាទីដែលការគាំទ្រដល់អ៊ីស្រាអែលមិនដែលមានការជំទាស់ ជាពិសេសនៅក្នុងរង្វង់ក្រុមស្តាំនិយមដែលអះអាងថាគាំទ្រតម្លៃគ្រិស្តសាសនា ការប្រមាថនិមិត្តរូបសាសនាគ្រិស្តនេះបានបន្ថែមកម្ដៅការរិះគន់ដែលរដ្ឋាភិបាលអ៊ីស្រាអែលកំពុងប្រឈមពីក្រុមអ្នកសាធារណរដ្ឋមួយចំនួន។ឆ្លើយតបទៅនឹងរូបថតដែលបង្ហាញពីទាហានអ៊ីស្រាអែលម្នាក់កំពុងយកញញួរដ៏ធំវាយបំបែកក្បាលរូបសំណាកព្រះយេស៊ូ អតីតសមាជិកសភាសាធារណរដ្ឋ លោកស្រី ម៉ាចូរី ថេល័រ គ្រីន (Marjorie Taylor Greene) ដែលបានបែកបាក់ជាមួយលោក Trump ជុំវិញគោលនយោបាយការបរទេសដ៏តឹងរ៉ឹងរបស់លោក បានគូសបញ្ជាក់ថា អ៊ីស្រាអែលទទួលបានជំនួយយោធារាប់ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។លោក Matt Gaetz អតីតសមាជិកសភាមកពីគណបក្សសាធារដ្ឋមួយរូបទៀត និងជាសម្ព័ន្ធមិត្តរបស់លោក Trump និយាយថា សកម្មភាពនេះ ជារឿងគួរឲ្យតក់ស្លុត។ លោកNetanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា លោកថ្កោលទោសទង្វើនេះយ៉ាងខ្លាំង។ អាជ្ញាធរយោធាកំពុងធ្វើការស៊ើបអង្កេតព្រហ្មទណ្ឌលើបញ្ហានេះ ហើយនឹងចាត់វិធានការវិន័យយ៉ាងតឹងរ៉ឹងប្រឆាំងនឹងជនល្មើស៕

លោក Trump និយាយថា ការបន្ថែមពេលវេលាសម្រាប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់ ទំនងជាពុំមានឡើយ

2026/04/21 10:28:41 am        66
យោងតាមរបាយការណ៍របស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ២០មេសាដើមសប្ដាហ៍នេះថា ទំនងជានឹងពុំមានឡើយ ដែលថាលោកនឹងបន្ថែមពេលវេលាសម្រាប់បទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានឈានដល់មុនពេលផុតកំណត់នៅសប្តាហ៍នេះ ។ លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា ច្រកសមុទ្រ Hormuz នឹងនៅតែត្រូវបិទរហូតដល់កិច្ចព្រមព្រៀងសន្តិភាពត្រូវបានបញ្ចប់។លោកបាននិយាយថា ពួកគេចង់ឱ្យលោកបើក។ អ៊ីរ៉ង់ចង់ឱ្យច្រកសមុទ្រនេះបើកខ្លាំងណាស់។លោកនឹងមិនបើកទេរហូតដល់កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា។ តម្លៃប្រេងបានកើនឡើង ខណៈទីក្រុងវ៉ាស៊ីនតោនបន្តបិទកំពង់ផែរបស់អ៊ីរ៉ង់ ហើយកងទ័ពជើងទឹកអាមេរិក បានរឹបអូសនាវាដែលមានទង់ជាតិអ៊ីរ៉ង់កាលពីចុងសប្តាហ៍មុន។លោក Trump បាននិយាយថា រូបលោកនឹងមិនប្រញាប់ប្រញាល់ធ្វើកិច្ចព្រមព្រៀងមិនល្អនោះទេ។ ពួកលោកមានពេលវេលាគ្រប់យ៉ាងនៅក្នុងពិភពលោក។ លោកបាននិយាយថា បទឈប់បាញ់ ដែលលោកបានប្រកាសកាលពីថ្ងៃទី ៧ ខែមេសា នឹងផុតកំណត់នៅល្ងាចថ្ងៃពុធ២២មេសា ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក។នៅពេលសួរថាតើលោករំពឹងថាការវាយប្រហារនឹងបន្តភ្លាមៗបន្ទាប់ពីនោះទេ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច លោក Trump បាននិយាយថា ប្រសិនបើគ្មានមានកិច្ចព្រមព្រៀងទេ រូបលោកពិតជារំពឹងទុកបែបនេះ។នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយ PBS News កាលពីព្រឹកថ្ងៃចន្ទ លោក Trump បាននិយាយថា ប្រសិនបើបទឈប់បាញ់ជាមួយអ៊ីរ៉ង់ផុតកំណត់ នោះគ្រាប់បែកជាច្រើននឹងចាប់ផ្តើមផ្ទុះ៕

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម៖ មនុស្សជាង ១១.០០០ នាក់បាត់ខ្លួននៅស៊ូដង់ ខណសង្គ្រាមចូលដល់ឆ្នាំទីបួន

2026/04/21 09:27:10 am        113
គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និយាយថា មនុស្សជាង ១១.០០០ នាក់បានបាត់ខ្លួននៅក្នុងប្រទេសស៊ូដង់ចាប់តាំងពីជម្លោះបានចាប់ផ្តើមកាលពីបីឆ្នាំមុន ខណៈក្រុមគ្រួសារបន្តស្វែងរកសាច់ញាតិ ស្របពេលការប្រយុទ្ធគ្នានៅតែកំពុងបន្ត។ អង្គការនេះបាននិយាយក្នុងរបាយការណ៍មនុស្សធម៌មួយចេញផ្សាយកាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៦ នេះថា ចំនួនករណីបាត់ខ្លួនដែលបានកត់ត្រាដោយ ICRC បានកើនឡើងជាង ៤០% ក្នុងឆ្នាំកន្លងមកតែមួយឆ្នាំប៉ុណ្ណោះ។ តួលេខទាំងនេះបន្ថែមទៅលើចំនួនមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នៃជម្លោះដែលបានធ្វើឱ្យមនុស្ស ១៤ លាននាក់ផ្លាស់ទីលំនៅ។ ក្នុងចំណោមនោះ ៩លាននាក់បានស្វែងរកសុវត្ថិភាពនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសស៊ូដង់ ខណៈមនុស្ស ៤,៤ លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង រួមទាំងប្រទេសឆាដ អេហ្ស៊ីប និងស៊ូដង់ខាងត្បូង នេះបើយោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) និងទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR)។លោក Mohammed Jaafar អ្នករត់ម៉ូតូឌុបនៅកំពង់ផែស៊ូដង់ ជាទីក្រុងមួយដែលពេលខ្លះបានបម្រើការជារដ្ឋធានីជាក់ស្តែងរបស់ប្រទេសក្នុងអំឡុងពេលសង្គ្រាមស៊ីវិល បាននិយាយថាកូនប្រុសរបស់លោកត្រូវបានចាប់ខ្លួនដោយកងកម្លាំងគាំទ្ររហ័សប៉ារ៉ា (RSF) ជាងមួយឆ្នាំមុន ដោយគ្មានដំណឹងរហូតមកដល់ពេលនេះ។ ជម្លោះរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និង RSF បានផ្ទុះឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៣ ។ស្របពេលឥឡូវនេះ សង្គ្រាមស្ថិតក្នុងឆ្នាំទី៤ ។អង្គការសហប្រជាជាតិបានដឹកនាំក្រុមទីភ្នាក់ងារអន្តរជាតិអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ បើកផ្លូវសម្រាប់កិច្ចការមនុស្សធម៌ដោយគ្មានការរឹតត្បិត និងការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់មនុស្សដែលចង់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ៕

លោក Trump៖ អាមេរិកនឹងមិនដកការបិទកំពង់ផែរបស់អ៊ីរ់ង់ទេ រហូតដល់មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

2026/04/21 09:24:36 am        129
ប្រធានាធិបតីអាមេរិក លោកDonald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនដកការបិទច្រកសមុទ្ររបស់ខ្លួនលើកំពង់ផែអ៊ីរ៉ង់ទេ រហូតដល់មានកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ ស្របពេលមានភាពមិនច្បាស់លាស់ជាបន្តបន្ទាប់អំពីថាតើការចរចាថ្មីដើម្បីបញ្ចប់សង្គ្រាមនឹងកើតឡើងឬអត់។លោក Trump បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោក ថា ការបិទច្រកសមុទ្រ ដែលបានចាប់ផ្តើមកាលពីមួយសប្តាហ៍មុន គឺ "កំពុងបំផ្លាញអ៊ីរ៉ង់ទាំងស្រុង" ដោយបន្ថែមថា ប្រទេសរបស់លោកកំពុងឈ្នះជម្លោះ "យ៉ាងច្រើន"។ការអត្ថាធិប្បាយរបស់លោកកើតឡើងស្របនឹងបទឈប់បាញ់បណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃពុធ២២មេសាសប្ដាហ៍នេះ ប៉ុន្តែពុំមានភាពច្បាស់លាស់ថាតើការចរចាសន្តិភាពជុំទីពីរ នឹងបន្តទៅមុខនៅក្នុងប្រទេសប៉ាគីស្ថានឬអត់នោះទេ។មានការរឹតបន្តឹងសន្តិសុខតឹងរ៉ឹងនៅក្នុងរដ្ឋធានីប៉ាគីស្ថាន ដើម្បីរង់ចាំកិច្ចប្រជុំមួយ។ ប៉ុន្តែអនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលត្រៀមដឹកនាំគណៈប្រតិភូអាមេរិក មិនទាន់ចាកចេញពីទីក្រុងវ៉ាស៊ីនតោននៅឡើយទេ ខណៈអ៊ីរ៉ង់និយាយថា ខ្លួនមិនទាន់សម្រេចចិត្តថាតើត្រូវចូលរួមឬអត់។ចាប់តាំងពីការបិទច្រកសមុទ្របានចាប់ផ្តើមមក កងកម្លាំងអាមេរិកបានបញ្ជាឱ្យនាវាចំនួន២៧ គ្រឿង បង្វែរទិសដៅ ឬត្រឡប់ទៅកំពង់ផែអ៊ីរ៉ង់វិញ នេះបើយោងតាមទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (Centcom)។សហរដ្ឋអាមេរិកក៏បានស្ទាក់ចាប់ និងរឹបអូសនាវាដឹកទំនិញមានទង់ជាតិអ៊ីរ៉ង់ជាលើកដំបូងនៅក្នុងជម្លោះនេះផងដែរ បន្ទាប់ពីបានព្យាយាមឆ្លងកាត់ផ្លូវដែលត្រូវបានបិទកាលពីថ្ងៃអាទិត្យ៕

អ៊ីរ៉ង់ពិចារណាចូលរួមក្នុងកិច្ចចរចាសន្តិភាព ខណៈថ្ងៃផុតកំណត់បញ្ចប់បទឈប់បាញ់ជិតមកដល់

2026/04/21 09:21:08 am        108
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទ ទី២០ ខែមេសា ថា អ៊ីរ៉ង់កំពុងពិចារណាចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិកនៅប្រទេសប៉ាគីស្ថាន បន្ទាប់ពីចំណាត់ការរបស់ទីក្រុងអ៊ីស្លាម៉ាបាដដើម្បីបញ្ចប់ការបិទផ្លូវរបស់សហរដ្ឋអាមេរិកនៅកំពង់ផែរបស់អ៊ីរ៉ង់ ដែលជាឧបសគ្គសំខាន់មួយចំពោះទីក្រុងតេអេរ៉ង់ក្នុងការចូលរួមជាថ្មីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព។ ទោះជាយ៉ាងណា មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅឡើយ ហើយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា «ការរំលោភបំពានបទឈប់បាញ់ជាបន្តបន្ទាប់» ដោយសហរដ្ឋអាមេរិក គឺជាឧបសគ្គធំចំពោះការបន្តដំណើរការផ្នែកការទូត។លោក Araqchi បានប្រាប់សមភាគីប៉ាគីស្ថាន លោក Ishaq Dar នៅក្នុងការសន្ទនាតាមទូរស័ព្ទថា អ៊ីរ៉ង់ ខណៈយកមកពិចារណាគ្រប់ទិដ្ឋភាពទាំងអស់នៃបញ្ហា នៅមិនទាន់បានសម្រេចចិត្តពីរបៀបបន្តឆ្ពោះទៅមុខនោះទេ។ បទឈប់បាញ់រយៈពេលពីរសប្តាហ៍នៅក្នុងជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ជាពិសេសទីផ្សារថាមពលរង្គោះរង្គើ ត្រូវបានកំណត់ផុតកាលបរិច្ឆេទនៅសប្តាហ៍នេះ។ នៅក្នុងកិច្ចចរចានៅអ៊ីស្លាម៉ាបាដ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ចង់បានកិច្ចព្រមព្រៀងមួយដែលនឹងជួយបញ្ចៀសការកើនឡើងជាថ្មីម្តងទៀតនៃតម្លៃប្រេង និងការធ្លាក់ចុះទីផ្សារភាគហ៊ុន។អ៊ីរ៉ង់ សង្ឃឹមថានឹងទាញយកប្រយោជន៍ពីការគ្រប់គ្រងរបស់ខ្លួននៅច្រកសមុទ្រហ័រមូស ជាច្រកដឹកជញ្ជូនដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ថាមពលសកល ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយដែលទប់ស្កាត់ការបន្តសង្គ្រាម និងធ្វើឲ្យមានភាពធូរស្រាលផ្នែកហិរញ្ញវត្ថុពីទណ្ឌកម្មយូរអង្វែង និងការបន្ធូរបន្ថយមួយចំនួនសម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

អាមេរិក និងអ៊ីរ៉ង់ ព្រមានថាត្រៀមរួចរាល់សម្រាប់សង្គ្រាម ខណៈការចរចាស្ថិតក្នុងភាពមិនច្បាស់លាស់

2026/04/21 09:07:12 am        99
សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ទាំងពីរនេះបានបង្ហាញសញ្ញាថា ពួកគេបានត្រៀមជាស្រេចសម្រាប់សង្គ្រាម ខណៈបទឈប់បាញ់ដ៏ផុយស្រួយកំពុងរង្គោះរង្គើ ដោយកិច្ចចរចាសន្តិភាពនៅតែមិនប្រាកដប្រជា បន្ទាប់ពីសហរដ្ឋអាមេរិក បានរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង។ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា អនុប្រធានាធិបតី លោក JD Vance ត្រូវបានកំណត់ឱ្យវិលត្រឡប់ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដវិញសម្រាប់កិច្ចចរចា ប៉ុន្តែទីក្រុងតេអេរ៉ង់ មិនបានបញ្ជាក់ពីការចូលរួមរបស់ខ្លួននោះទេ ដែលបង្កើនមន្ទិលសង្ស័យថាតើផ្នែកការទូតអាចបន្តឡើងវិញបានដែរឬយ៉ាងណា។ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់ ដោយអ៊ីរ៉ង់បានសន្យាថាខ្លួននឹងមិន «ទទួលយកការចរចា ក្រោមស្រមោលនៃការគំរាមកំហែង» ឡើយ។កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានគំរាមដាក់គោលដៅលើនាវាឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងសកលដោយគ្មានការអនុញ្ញាត ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចោទប្រកាន់អ៊ីរ៉ង់ថាបានរំខានដល់ការដឹកជញ្ជូន។ចាប់តាំងពីការចាប់ផ្តើមនៃការបិទផ្លូវរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែមេសា កងកម្លាំងអាមេរិកបានបញ្ជាឱ្យនាវាចំនួន២៧គ្រឿងត្រឡប់ក្រោយ ឬត្រឡប់ទៅកំពង់ផែអ៊ីរ៉ង់វិញ នេះបើយោងតាមទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយនៅក្នុងការប្រកាសមួយនៅលើបណ្តាញ X។ មន្ត្រីក្រសួងការបរទេសម្នាក់បានប្រាប់ ប្រាប់សារព័ត៌មាន AFPថា ដោយឡែក សហរដ្ឋអាមេរិកក៏គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាជុំទីពីររវាងអ៊ីស្រាអែល និងលីបង់ នៅថ្ងៃព្រហស្បតិ៍ក្នុងទីក្រុងវ៉ាស៊ីនតោន។

លោក Netanyahu ថ្កោលទោសទាហានដែលវាយបដិមាព្រះយេស៊ូ នៅលីបង់ ហើយសន្យាឲ្យទទួលខុសត្រូវ

2026/04/20 08:28:06 pm        66
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ បានថ្កោលទោសហេតុការណ៍ដែលទាហានអ៊ីស្រាអែលម្នាក់ បានបំផ្លាញបដិមាព្រះយេស៊ូ នៅភាគខាងត្បូងនៃប្រទេសលីបង់ ដោយសង្កត់ធ្ងន់ថា ទង្វើនេះផ្ទុយនឹងតម្លៃរបស់អ៊ីស្រាអែល ហើយនឹងត្រូវមានការស៊ើបអង្កេត។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើបណ្ដាញសង្គម X លោក Netanyahu បានលើកឡើងថា លោកមានការភ្ញាក់ផ្អើល និងសោកសៅ ចំពោះហេតុការណ៍នោះ ដែលលោកបានថ្កោលទោស «យ៉ាងខ្លាំង»។លោក Netanyahu បាននិយាយថា៖ «កាលពីម្សិលមិញ ដូចជាប្រជាជនអ៊ីស្រាអែលភាគច្រើនលើសលប់ដែរ ខ្ញុំមានការភ្ញាក់ផ្អើល និងសោកសៅដែលបានដឹងថា ទាហាន IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) ម្នាក់បានបំផ្លាញបដិមានៃសាសនាកាតូលិក នៅភាគខាងត្បូងនៃប្រទេសលីបង់។ ខ្ញុំថ្កោលទោសទង្វើនេះយ៉ាងខ្លាំង»។លោកបានបន្ថែមថា អាជ្ញាធរយោធាកំពុងធ្វើការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌ ហើយនឹងចាត់វិធានការវិន័យយ៉ាងតឹងរ៉ឹង ចំពោះបុគ្គលដែលត្រូវទទួលខុសត្រូវ។គួរបញ្ជាក់ថា រូបភាពរបស់ទាហានអ៊ីស្រាអែលម្នាក់ កំពុងវាយបដិមាព្រះយេស៊ូគ្រិស្ត នៅភាគខាងត្បូងនៃប្រទេសលីបង់ ត្រូវបានចែកចាយយ៉ាងទូលំទូលាយ នៅលើបណ្ដាញសង្គម។ រូបភាពនេះហាក់ដូចជាបង្ហាញពីទាហានអ៊ីស្រាអែលម្នាក់ កំពុងប្រើញញួរធំ ដើម្បីវាយព្រះសិរនៃបដិមាព្រះយេស៊ូដែលមានឈើឆ្កាង។ បដិមានៃព្រះយេស៊ូនោះបានធ្លាក់ពីលើឈើឆ្កាងរួចហើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
05/31/2026 08:05 AM
ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
05/30/2026 05:05 PM
វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
05/30/2026 05:05 PM
អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
05/30/2026 05:05 PM
មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន
05/30/2026 05:05 PM
សេតវិមាន៖ លោក Trump «នឹងធ្វើតែ​កិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកប៉ុណ្ណោះ​» ជាមួយអ៊ីរ៉ង់
05/30/2026 05:05 PM
នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»
05/30/2026 05:05 PM
រដ្ឋមន្រ្ដីក្រសួងការងារ ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន THACO AGRI ក្នុងខេត្តក្រចេះ ដែលផ្តល់ឱកាសការងារប្រមាណ២ម៉ឺននាក់ និងផ្ទេរជំនាញបច្ចេកទេសកសិកម្មទំនើប
05/30/2026 05:05 PM