UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា

ព័ត៌មានអន្តរជាតិ

សារព័ត៌មានរុស្ស៊ី៖ ទីក្រុងមូស្គូឃាត់ខ្លួនស្រ្តីជនជាតិអាល្លឺម៉ង់ម្នាក់ សម្រាប់ការរៀបចំគម្រោងភេរវកម្ម

2026/04/20 05:05:52 pm        53
 សេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ីនិយាយនៅថ្ងៃចន្ទនេះថា ពួកគេបានឃាត់ខ្លួនស្រ្តីជនជាតិអាល្លឺម៉ង់វ័យ ៥៧ឆ្នាំម្នាក់ មានគ្រាប់បែកនៅក្នុងវ៉ាលីរបស់គាត់ គឺជាផ្នែកមួយដែលពួកគេចាត់ទុកថា ជាប្រតិបត្តិការយោធា ត្រូវបានបញ្ជាដោយក្រុមចារកម្មអ៊ុយក្រែន ។ រូបភាពវីដេអូឃ្លីបដែលពុំត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ ឃើញស្រ្តីម្នាក់ក្រោបលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងចំណតរថយន្ត ខណៈក្រុមប្រដាប់អាវុធភ្ជុងកាំភ្លើងគាត់ ហើយនិងឃើញវ៉ាលីនៅជិតគាត់ ។ក្រុម FSB និយាយថា ស្រ្តីជនជាតិអាល្លឺម៉ង់ដែលមានគ្រាប់បែកកម្លាំង TNT ១,៥គ.កម្នាក់នេះ មានគោលដៅលើទីតាំងអនុវត្តច្បាប់ ស្ថិតក្នុងតំបន់ Stavropol ដែលជាផ្នែកមួយនៃប្រតិបត្តិការយោធាបញ្ជាដោយអ៊ុយក្រែន ។ក្រុម FSB និយាយដែរថា ពួកគេបានឃាត់ខ្លួនពលរដ្ឋម្នាក់ផងដែរ មកពីប្រទេសនៅអាស៊ីកណ្តាលដែលពួកគេគិតថា គាត់ធ្វើតំណាងឲ្យអង្គការភេរវកម្ម ហើយគ្រោងនឹងបំផ្ទុះគ្រាប់បែក ។ពួកគេនិយាយថា សកម្មភាពរបស់បុរសម្នាក់នេះ ត្រូវបានសម្របសម្រួលដោយក្រុមនិយោជិកនៅក្នុងសេវាកម្មពិសេសអ៊ុយក្រែន ដោយរូបលោកក្លែងធ្វើជាសមាជិកអង្គការភេរវកម្មអន្តរជាតិ ដែលត្រូវបានហាមប្រាមនៅរុស្ស៊ី ៕

កម្រិតគាំទ្រ ចំពោះនាយករដ្ឋមន្ត្រីជប៉ុន នៅតែខ្ពស់ ទោះធ្លាក់ចុះខ្លះដោយសារផលប៉ះពាល់ពីអ៊ីរ៉ង់ក្ដី

2026/04/20 05:03:11 pm        48
ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅតែខ្ពស់តាមស្តង់ដារប្រវត្តិសាស្ត្រ ទោះបីជាមានការធ្លាក់ចុះបន្តិចបន្តួចក្ដី នៅក្នុងការស្ទង់មតិមួយចំនួន ខណៈដែលសាធារណជន បានថ្លឹងថ្លែងពីការដោះស្រាយរបស់លោកស្រី ចំពោះផលប៉ះពាល់នៃសង្គ្រាមនៅអ៊ីរ៉ង់។ការស្ទង់មតិដែលបានធ្វើឡើងកាលពីចុងសប្តាហ៍ បានបង្ហាញថា លោកស្រី Takaichi ទទួលបានការគាំទ្រពីអ្នកឆ្លើយតបជាងពាក់កណ្តាល ដោយទូរទស្សន៍ ANN បង្ហាញពីការគាំទ្រ ៦២ភាគរយ និង FNN លើកឡើងពីការទទួលបាន ៧០ភាគរយ។ ចំណែកសារព័ត៌មាន Mainichi, Asahi និង Yomiuri បង្កាញពីការគាំទ្រ ៥៣ភាគរយ ៦៤ភាគរយ និង ៦៦ភាគរយ រៀងៗខ្លួន។ទោះបីជាលោកស្រី Takaichi នៅតែមានប្រជាប្រិយភាពយ៉ាងទូលំទូលាយក៏ដោយ ក៏មានការប្រែប្រួលមួយចំនួន នៅក្នុងការគាំទ្ររបស់លោកស្រី ដោយការស្ទង់មតិរបស់សារព័ត៌មាន Mainichi និង Yomiuri បង្ហាញពីការធ្លាក់ចុះការគាំទ្រ ៥ភាគរយ។៦ខែបន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សង្គ្រាម នៅប្រទេសអ៊ីរ៉ង់ ក៏ដូចជាទំនាក់ទំនងដ៏តានតឹងជាមួយប្រទេសចិន បានគំរាមកំហែងក្លាយជាស្រមោលគ្របលើការសន្យារបស់លោកស្រី Takaichi ក្នុងការជំរុញសេដ្ឋកិច្ច តាមរយៈការវិនិយោគលើឧស្សាហកម្មដែលមានអាទិភាពខ្ពស់ និងការគាំទ្រដល់គ្រួសារដែលកំពុងប្រឈមនឹងអតិផរណា។ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោកស្រី Takaichi បានផ្តោតលើកិច្ចប្រឹងប្រែង ក្នុងការទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចពីការបិទច្រកសមុទ្រ Hormuz ប្រកបដោយប្រសិទ្ធភាព។ ប្រទេសជប៉ុនពឹងផ្អែកលើតំបន់មជ្ឈិមបូព៌ា សម្រាប់ប្រេងជាង ៩០ភាគរយរបស់ខ្លួន ដែលភាគច្រើនត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះ៕

នគរបាល៖ ក្មេង ៨នាក់ស្លាប់ដោយសារអំពើហិង្សាក្នុងគ្រួសារនៅរដ្ឋ Louisiana សហរដ្ឋអាមរិក

2026/04/20 04:51:13 pm        42
 បុរសម្នាក់ដែលជាឪពុក បានបាញ់សម្លាប់កូនរបស់ខ្លួនឯងដល់ទៅ ៧នាក់ និងអនីតិជនម្នាក់ទៀត ក្នុងឧបទ្ទេវហេតុហិង្សាក្នុងគ្រួសារ នៅទីក្រុង Shreveport រដ្ឋ Louisiana សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ។ លោក Christopher Bordelon គឺជាអ្នកនាំពាក្យនាយកដ្ឋាននគរបាលក្រុង Shreveport និយាយថា ជនសង្ស័យនៅក្នុងករណីប្រើអំពើហិង្សាក្នុងគ្រួសារនេះ ត្រូវបានកំណត់អត្តសញ្ញាណរួចហើយថាមានឈ្មោះ Shamar Elkins ។ លោកបន្តថា គាត់គឺជាឪពុករបស់កូនទាំង ៧នាក់ ដែលត្រូវបានសម្លាប់នៅក្នុងផ្ទះមួយនេះ ។ មាននូវក្មេងទី ៨ ត្រូវបានសម្លាប់ផងដែរ ក៏ដូចជាស្រ្តី ២នាក់ បានជាប់ពាក់ព័ន្ធនឹងករណីហិង្សានេះ ។ ស្រ្តីទាំង ២នាក់នោះ រងរបួសត្រូវគ្រាប់កាំភ្លើង ហើយម្នាក់ក្នុងចំណោមពួកគេ ស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត និងស្រ្តីម្នាក់ទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ តែគេរំពឹងថា នឹងអាចជាសះស្បើយបាន ។លោកនិយាយទៀតថា ស្រ្តីម្នាក់ដែលរងការបាញ់ប្រហារ គឺជាម្តាយរបស់ក្មេងទាំង ៧នាក់ ហើយក្រោយបាញ់ប្រហាររួច ជនសង្ស័យ បានប្លន់រថយន្តមួយគ្រឿង រួចបើករថយន្តរត់គេចខ្លួន ។ នគរបាលបានដេញតាមជនសង្ស័យ ចូលទៅក្នុងសង្កាត់ Bossier Parish ជាទីដែលពួកគេបានបាញ់សម្លាប់រូបគាត់ ។បច្ចុប្បន្ន នគរបាលរដ្ឋ Louisiana កំពុងបើកការស៊ើបករណីបាញ់ប្រហាររបស់ជនសង្ស័យ ។ នគរបាលនិយាយថា ពួកគេកំពុងធ្វើការ ដើម្បីកំណត់មូលហេតុនៃការបាញ់សម្លាប់គ្រួសារខ្លួនឯងមួយពូជបែបនេះ ។អភិបាលក្រុង Shreveport លោក Tom Arceneaux បានធ្វើដំណើរទៅកាន់កន្លែងប្រព្រឹត្តឧក្រិដ្ឋកម្ម ហើយលោកនិយាយថា វាគឺជាហេតុការណ៍កើតឡើងគួរឲ្យតក់ស្លត់បំផុត ។ដោយឡែក លោក Mike Johnson គឺជាប្រធានសភាសហរដ្ឋអាមេរិកដែលមានដើមកំណើតមកពីទីក្រុង Shreveport បានចាត់ទុកការបាញ់ប្រហារនេះ ថាជាសោកនាដកម្មដ៏គួរឲ្យឈឺចាប់ជាទីបំផុត ៕

អាមេរិកចាប់ផ្តើមសមយុទ្ធយោធា នៅហ្វីលីពីន ក្នុងអំឡុងពេលមានជម្លោះតានតឹង នៅមជ្ឈិមបូព៌ា

2026/04/20 04:47:56 pm        68
កងទ័ពអាមេរិក និងហ្វីលីពីនរាប់ពាន់នាក់ ដែលបានចូលរួមជាលើកដំបូងដោយកងកម្លាំងជប៉ុនមួយចំនួនធំ បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំ នៅថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ ដែលត្រូវបានរៀបចំឡើងក្នុងបរិបទសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។សមយុទ្ធយោធានេះ នឹងមានរួមបញ្ចូលសមយុទ្ធបាញ់គ្រាប់ពិត នៅភាគខាងជើងនៃប្រទេសហ្វីលីពីន ដែលនៅឈមនឹងច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាខេត្តមួយ នៅម្ដុំសមុទ្រចិនខាងត្បូងដែលមានជម្លោះ ជាកន្លែងដែលហ្វីលីពីន និងចិន បានប្រឈមមុខដាក់គ្នាម្តងហើយម្តងទៀត។អ្នកនាំពាក្យសមយុទ្ធហ្វីលីពីន លោកវរសេនីយ៍ឯក Dennis Hernandez បាននិយាយថា យោធាជប៉ុន ដែលកំពុងរួមចំណែកបុគ្គលិកចំនួន ១.៤០០នាក់ នឹងប្រើប្រាស់មីស៊ីលតម្រង់គោលដៅប្រភេទ Type 88 ដើម្បីបាញ់ពន្លិចនាវាគោលដៅមួយគ្រឿង នៅភាគខាងជើងតំបន់ Paoay។ទាហាន អាកាសយានិក និងនាវិកជាង ១៧.០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធ Balikatan ឬស្មាប្រកៀកស្មារយៈពេល ១៩ថ្ងៃ ដែលមានចំនួនប្រហាក់ប្រហែលនឹងសមយុទ្ធឆ្នាំ២០២៥ ក្នុងនោះរួមមានទាំងកងទ័ពមកពីប្រទេសអូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដាផងដែរ។អ្នកនាំពាក្យសមយុទ្ធអាមេរិក លោក Robert Bunn បាននិយាយនៅមុនពិធីបើក នាថ្ងៃទី២០ ខែមេសានេះថា៖ «សមយុទ្ធ Balikatan តំណាងឲ្យឱកាសមួយ ដើម្បីបង្ហាញពីសម្ព័ន្ធភាពដ៏រឹងមាំរបស់យើងជាមួយប្រទេសហ្វីលីពីន និងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ»។គួរបញ្ជាក់ថា សមយុទ្ធ Balikatan កើតឡើងនៅពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក រួមជាមួយអ៊ីស្រាអែល នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ត្រូវបញ្ចប់បទឈប់បាញ់រយៈពេល ២សប្តាហ៍ ជាកិច្ចព្រមព្រៀងដែលបានបញ្ឈប់សង្គ្រាមតំបន់មជ្ឈិមបូព៌ា ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

មនុស្សយន្តរបស់ Honor ឈ្នះចំណាត់ថ្នាក់លើគេទាំង៣ ក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង នៅចិន

2026/04/20 04:45:07 pm        49
មនុស្សយន្តស្រដៀងមនុស្សដែលត្រូវបានបង្កើតឡើងដោយខ្លួនឯងដោយ Honor ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ឆ្លាតវៃឈានមុខគេរបស់ប្រទេសចិន បានឈ្នះចំណាត់ថ្នាក់លើគេទាំង៣ នៅក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង Beijing E-Town ឆ្នាំ២០២៦ (2026 Beijing E-Town Half Marathon) នៅប្រទេសចិន កាលពីថ្ងៃអាទិត្យ (ទី១៩ ខែមេសា ឆ្នាំ២០២៦)។ក្រុម Qitian Dasheng របស់ក្រុមហ៊ុន Honor បានឈ្នះចំណាត់ថ្នាក់លេខ១ ក្រុម Leiting Shandian របស់ខ្លួន បានបញ្ចប់នៅលេខ២ ដោយទៅដល់ក្រោយក្នុងរយៈពេល ៥០នាទី និង ៥៦វិនាទី ហើយក្រុម Xinghuo Liaoyuan ទៅដល់ទីព្រ័ត្រលំដាប់ទី៣ ជាមួយនឹងរយៈពេលតាមពីក្រោយ ៥៣នាទី និង ១វិនាទី។ការរត់ប្រណាំងនេះ បានចាប់ផ្តើមនៅម៉ោង ៧:៣០ ម៉ោងក្នុងស្រុក នៅតំបន់ Yizhuang របស់ទីក្រុងប៉េកាំង ដែលត្រូវបានគេស្គាល់ផងដែរថា ជា E-Town។ ព្រឹត្តិការណ៍នេះគ្របដណ្តប់ចម្ងាយសរុប ២១,០៩៧៥ គីឡូម៉ែត្រ ដោយបែងចែកជា ២ប្រភេទសំខាន់ៗ គឺការរត់ដោយស្វ័យប្រវត្តិ និងការបញ្ជាពីចម្ងាយ។មនុស្សយន្តដែលឡើងទៅឈរលើវេទិកា ក្នុងនាមជាអ្នកឈ្នះទាំង ៣ចំណាត់ថ្នាក់ កំពុងប្រកួតប្រជែងក្រោមប្រភេទរត់ដោយស្វ័យប្រវត្តិ។ លោក Yao Bin វិស្វករជាន់ខ្ពស់របស់ក្រុមហ៊ុន Honor បាននិយាយថា មនុស្សយន្តទាំងនេះ បានសម្រេចបានតាមការរំពឹងទុកមុនការប្រណាំង ដោយបានទៅដល់ទីព្រ័ត្រដោយគ្មានគ្រោះថ្នាក់ ឬការប៉ះទង្គិចគ្នាឡើយ។ ក្រុមមនុស្សយន្តស្រដៀងមនុស្សជាង ១០០ក្រុម និងអ្នកប្រកួតប្រជែងជាមនុស្សជាង ១២.០០០នាក់ បានចូលរួមប្រកួតប្រជែងព្រមគ្នា អំឡុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនេះ។លោក Zhao Haijie ជើងឯកពាក់កណ្តាលម៉ារ៉ាតុងផ្នែកបុរស បានចែករំលែកបទពិសោធន៍ថ្មីរបស់លោក ក្នុងការរត់ប្រណាំងជាមួយមនុស្សយន្តនេះ។ លោក Zhao បាននិយាយថា «ក្នុងរយៈពេល ៥គីឡូម៉ែត្រដំបូង មនុស្សយន្ត ៥ ទៅ ៦គ្រឿង បានរត់កាត់ខ្ញុំ។ មនុស្សយន្តក្នុងក្រុមពណ៌ក្រហមមានជំហានរត់ធ្ងន់ៗ ហើយវារត់លឿនមិនគួរឲ្យជឿ។ ល្បឿនរបស់វាលឿនជាងខ្ញុំខ្លាំងណាស់»៕

[UPDATE] នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាឲ្យជម្លៀសប្រជាជន ក្រោយមានរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ នៅម្ដុំឆ្នេរភាគខាងជើង

2026/04/20 04:33:48 pm        81
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានចេញបញ្ជាឲ្យជម្លៀសប្រជាជនចេញពីតំបន់ដែលរងផលប៉ះពាល់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ កើតឡើងនៅម្ដុំឆ្នេរសមុទ្រភាគឦសាននៃប្រទេសជប៉ុន នាថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ។អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកស្រី Takaichi បាននិយាយថា រដ្ឋាភិបាលបានបង្កើតក្រុមការងារសង្គ្រោះបន្ទាន់ពិសេស និងបានជំរុញឲ្យប្រជាជាននៅក្នុងតំបន់ដែលរងផលប៉ះពាល់ ជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។ជាមួយគ្នានេះ រដ្ឋាភិបាលបានជំរុញឲ្យអ្នកស្រុកនៅឲ្យឆ្ងាយពីតំបន់ឆ្នេរសមុទ្រ ដែលរលកយក្សស៊ូណាមិកម្ពស់រហូតដល់ ៣ម៉ែត្រ ត្រូវបានគេរំពឹងថា នឹងកើតមាន។យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា រញ្ជួយដីនេះមានចំណុចកណ្តាល នៅមហាសមុទ្រប៉ាស៊ីហ្វិក និងមានជម្រៅ ១០គីឡូម៉ែត្រ។ ហើយអាជ្ញាធរបានបញ្ជាក់ថា រលកធំៗបំផុតត្រូវបានគេរំពឹងថា នឹងកើតមាននៅក្នុងខេត្ត Iwate, Aomori និង Hokkaido៕

ឧបនាយករដ្ឋមន្ត្រី៖ ថៃគ្រោងអនុម័តច្បាប់កម្ចី ១៥,៦ពាន់លានដុល្លារ ដើម្បីបង្កើនកម្រិតបំណុល

2026/04/20 04:25:59 pm        73
ឧបនាយករដ្ឋមន្ត្រីមួយរូបរបស់ប្រទេសថៃ បាននិយាយនៅថ្ងៃចន្ទ (ទី២០ ខែមេសា ឆ្នាំ២០២៦) នេះ រដ្ឋាភិបាលថៃ មានគម្រោងចេញច្បាប់ ដើម្បីខ្ចីប្រាក់ចំនួន ៥០០ពាន់លានបាត (១៥,៦ពាន់លានដុល្លារ) ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច។លោក Pakorn Nilprapunt បានប្រាប់អ្នកសារព័ត៌មានថា ចំណាត់ការនេះ ត្រូវបានអះអាងថា សមហេតុផល ដោយសារសម្ពាធសមតុល្យសាច់ប្រាក់ និងហានិភ័យខាងក្រៅ និងបរិស្ថានដែលកំពុងកើនឡើង។លោក Pakorn បានបន្តថា ការខ្ចីប្រាក់ជាក់ស្តែង អាចតិចជាង ៥០០ពាន់លានបាត ប៉ុន្តែច្បាប់បំណុលសាធារណៈ តម្រូវឲ្យកម្រិតបំណុលត្រូវបង្កើន ដើម្បីគ្របដណ្តប់លើចំនួនទឹកប្រាក់ពេញលេញដែលបានបញ្ជាក់នៅក្នុងច្បាប់។លោកឧបនាយករដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ទៀតថា បំណុលសាធារណៈបច្ចុប្បន្ន មានចំនួនប្រហែល ៦៦ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដោយកៀកនឹងកម្រិតបំណុលមានស្រាប់ ៧០ភាគរយ ដែលនឹងត្រូវការពង្រីកបន្ថែម។ លោកបានបន្ថែមថា ក្រសួងហិរញ្ញវត្ថុនឹងបញ្ចប់កម្រិតបំណុលសាធារណៈថ្មី ដោយសារតែទំហំហិរញ្ញវត្ថុមានកំណត់។ថ្លៃថាមពលសកលឡើងខ្ពស់ កំពុងចាប់ផ្តើមជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ថៃ ហើយធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗ ដែលថា ទំនិញប្រើប្រាស់ទូទៅក្នុងស្រុក អាចនឹងហក់ឡើងខ្ពស់ជាលំដាប់៕

អ្នកជំនាញប្រាប់កម្មវិធី 60 Minutes ថា ការអះអាងពីនុយក្លេអ៊ែរអ៊ីរ៉ង់របស់លោក Trump គឺ «មិនពិត»

2026/04/20 04:23:21 pm        52
អតីតទីប្រឹក្សានុយក្លេអ៊ែររបស់សេតវិមានម្នាក់ កាលពីថ្ងៃអាទិត្យ (ទី១៩ ខែមេសា ឆ្នាំ២០២៦) បានប្រាប់កម្មវិធី 60 Minutes របស់ប្រព័ន្ធផ្សព្វផ្សាយ CBS News ថា ការអះអាងម្តងហើយម្តងទៀតរបស់លោកប្រធានាធិបតី Donald Trump ដែលថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបាន «បំផ្លាញទាំងស្រុង» បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីខែមិថុនាឆ្នាំមុន គឺ «មិនពិត» ឡើយ ហើយថា អ៊ីរ៉ង់នៅតែមានសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយកម្រិតខ្ពស់ ដែលគ្រប់គ្រាន់ក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែរេពី ១០ ទៅ ១១គ្រាប់។បទសម្ភាសន៍នេះ ដែលត្រូវបានចាក់ផ្សាយនៅពេលដែលបទឈប់បាញ់ដ៏ផុយស្រួយ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជិតផុតកំណត់ នៅថ្ងៃពុធ បានបង្ហាញថា ការទៅដណ្ដើមយកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ នឹងត្រូវឲ្យប្រើប្រាស់កម្លាំងកងទ័ពអាមេរិករាប់ពាន់នាក់ និងប្រឈមជាមួយហានិភ័យខ្ពស់ស្លាប់ និងរបួស។ លោក Trump បានទទូចថា សហរដ្ឋអាមេរិកនឹងយកបានសារធាតុអ៊ុយរ៉ានីញ៉ូម ទាំងតាមរយៈកិច្ចព្រមព្រៀង ឬដោយកម្លាំង។ជោគវាសនានៃការស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយកម្រិតខ្ពស់របស់អ៊ីរ៉ង់ ស្ថិតនៅចំណុចកណ្តាលនៃការចរចាបទឈប់បាញ់ដែលកំពុងបន្ត ដោយលោក Trump បានអះអាងកាលពីសប្តាហ៍មុនថា អ៊ីរ៉ង់បានយល់ព្រមប្រគល់វា ជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម។ តែប៉ុន្មានម៉ោងក្រោយមក មន្ត្រីអ៊ីរ៉ង់បានទទូចថា សារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយកម្រិតខ្ពស់របស់ពួកគេនឹងមិនទៅណាទេ។ លោកបណ្ឌិត Matthew Bunn អតីតទីប្រឹក្សានុយក្លេអ៊ែរសេតវិមាន ដែលឥឡូវនេះធ្វើការនៅមជ្ឈមណ្ឌល Belfer របស់សាកលវិទ្យាល័យ Harvard បាននិយាយដោយផ្ទាល់នៅពេលត្រូវបានសួរអំពីការអះអាងរបស់លោក Trump ដែលថា កម្មវិធីរបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញ។ លោក Bunn បានប្រាប់កម្មវិធី 60 Minutes ថា «មែនហើយ សេចក្តីថ្លែងការណ៍នោះមិនពិតទេ។ អ្នកមិនអាចនិយាយបានថា កម្មវិធីដែលនៅតែមានសម្ភារៈនុយក្លេអ៊ែរគ្រប់គ្រាន់ សម្រាប់ការេផលិតគ្រាប់បែកនុយក្លេអ៊ែរមួយចំនួន ត្រូវបានបំផ្លាញចោលនោះទេ។ មិនមានការសង្ស័យនោះទេថា ការរួមបញ្ចូលគ្នានៃការវាយប្រហារក្នុងខែមិថុនាឆ្នាំមុន និងសង្គ្រាមដែលកំពុងបន្តមាន បានធ្វើឲ្យសមត្ថភាពរបស់អ៊ីរ៉ង់ធ្លាក់ចុះខ្លាំង។ ប៉ុន្តែសមត្ថភាពនៅសល់ គឺមានសារៈសំខាន់។ អ្នកមិនអាចទម្លាក់គ្រាប់បែកបំផ្លាញចំណេះដឹងរបស់ពួកគេចោលបានឡើយ»៕

ប្រមុខយោធាប៉ាគីស្ថាន ដឹកនាំកិច្ចចរចាអាមេរិក-អ៊ីរ៉ង់ ជាសកម្មភាពការទូតដ៏មមាញឹក និងតានតឹង

2026/04/20 04:12:03 pm        172
ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការទូតដ៏លឿនរហ័ស និងតានតឹង អ្នកនយោបាយយោធា និងអ្នកនយោបាយស៊ីវិលរបស់ប្រទេសប៉ាគីស្ថាន បានបែងចែកការទទួលខុសត្រូវដោយជោគជ័យ ជុំវិញបញ្ហាមជ្ឈិមបូព៌ា ដើម្បីជំរុញឲ្យមានកិច្ចចរចាសន្តិភាពជុំទី២ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ នាសប្តាហ៍នេះ។ប្រមុខយោធាដ៏មានឥទ្ធិពលរបស់ប្រទេសនេះ គឺលោកសេនាប្រមុខ Asim Munir បានធ្វើដំណើរទៅកាន់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី១៥ ខែមេសា សម្រាប់អ្វីដែលនឹងក្លាយជាដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ជាកន្លែងដែលមេដឹកនាំអ៊ីរ៉ង់ បានលើកឡើងថា លោកបាននាំមកជូននូវសំណើរបស់សហរដ្ឋអាមេរិក សម្រាប់ការចរចាសន្តិភាពជុំទី២។ក្នុងពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រី លោក Shehbaz Sharif និងរដ្ឋមន្ត្រីការបរទេសរបស់លោក បានធ្វើដំណើរទស្សនកិច្ចការទូតដ៏ប្រញាប់ប្រញាល់ទៅកាន់សម្ព័ន្ធមិត្តក្នុងតំបន់ គឺអារ៉ាប៊ីសាអ៊ូឌីត កាតា និងទួរគី។ ដំណើរទស្សនកិច្ចទាំង២ នេះ បង្ហាញពីការសម្របសម្រួលដែលកំពុងដំណើរការ ជាអ្វីដែលត្រូវបានគេពិពណ៌នាជាញឹកញាប់ថា ជា «របបកូនកាត់» នៅក្នុងប្រទេសប៉ាគីស្ថាន និងតួនាទីដ៏សំខាន់របស់លោកសេនាប្រមុខ Munir នៅក្នុងដំណើរការចរចានេះ។ លោក Sheharyar Khan នាយកប្រតិបត្តិនៃវេទិកាសន្ទនាជាតិ ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្លាម៉ាបាដ បាននិយាយថា៖ «កិច្ចប្រឹងប្រែងរួមគ្នា ដែលកំពុងកើតឡើងនាពេលនេះ កំពុងផ្តល់លទ្ធផល ហើយដើម្បីជំរុញសន្ទុះនេះទៅមុខ កិច្ចប្រឹងប្រែងរួមគ្នាទាំងអស់នេះនឹងត្រូវការចាំបាច់»។គួរបញ្ជាក់ថា បើទោះបីជាការចរចាសន្តិភាពជុំទី១ កាលពីថ្ងៃទី១១ ខែមេសា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនបានសម្រេចកិច្ចព្រមព្រៀងអ្វីក៏ដោយ ក៏វាបាននាំឲ្យមានការចរចាផ្ទាល់កម្រិតខ្ពស់បំផុត រវាងភាគីទាំង២ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ហើយបណ្តាញទំនាក់ទំនងនៅតែបើកចំហ តាមរយៈប្រទេសប៉ាគីស្ថាន។ ដោយបន្តពីសន្ទុះនោះ មេដឹកនាំប៉ាគីស្ថានបានជំរុញឲ្យមានកិច្ចចរចាជុំទី២ នៅទីក្រុងអ៊ីស្លាម៉ាបាដ ដោយសន្តិសុខ ត្រូវបានរឹតបន្តឹងនៅទូទាំងរដ្ឋធានី កាលពីថ្ងៃទី១៩ ខែមេសា៕

របាយការណ៍៖ អ៊ីរ៉ង់វាយប្រហារនាវាអាមេរិក ដើម្បីសងសឹក ចំពោះការរឹបអូសនាវាដឹកទំនិញ

2026/04/20 04:07:15 pm        166
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ (ទី១៩ ខែមេសា ឆ្នាំ២០២៦) កងកម្លាំងអ៊ីរ៉ង់ បានបើកការវាយប្រហារដោយយានដ្រូន លើនាវាអាមេរិកជាច្រើនគ្រឿង ដើម្បីសងសឹក ចំពោះកងកម្លាំងអាមេរិក ដែលបានបាញ់ប្រហារ និងស្ទាក់ចាប់នាវាអ៊ីរ៉ង់មួយគ្រឿង។ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា បន្ទាប់ពីកងកម្លាំងអាមេរិក បានឡើងលើនាវាកុងតឺន័រ TOUSKA នៅក្នុងឈូងសមុទ្រអូម៉ង់ យានដ្រូនរបស់អ៊ីរ៉ង់ត្រូវបានទៅលើនាវាអាមេរិក តែមិនបានបញ្ជាក់ថា តើគោលដៅទាំងនោះជាយោធា ឬពាណិជ្ជកម្មឡើយ។អ៊ីរ៉ង់បានបញ្ជាក់មុននេះថា កងកម្លាំងអាមេរិកបានរឹបអូសនាវាអ៊ីរ៉ង់ ហើយបានព្រមានថា ខ្លួននឹងសងសឹក «ឆាប់ៗនេះ» បន្ទាប់ពីមានចំណាត់នេះ ជាអ្វីដែលខ្លួនចាត់ទុកថា ជាការរំលោភលើបទឈប់បាញ់រយៈពេល ២សប្តាហ៍។ កិច្ចព្រមព្រៀងនេះដែលត្រូវបានសម្របសម្រួលដោយប៉ាគីស្ថាន ភាគច្រើនត្រូវបានគោរព ចាប់តាំងពីវាត្រូវបានប្រកាស កាលពីថ្ងៃទី៧ ខែមេសា។ទីភ្នាក់ងារសារព័ត៌មាន Fars ដែលក៏ជាពាក់កណ្តាលផ្លូវការផងដែរនោះ បានរាយការណ៍ថា ទីស្នាក់ការកណ្តាល Khatam al-Anbiya បានឲ្យដឹងថា កងកម្លាំងអាមេរិកបានកំណត់គោលដៅលើនាវានោះ បិទប្រព័ន្ធការធ្វើនាវាចរណ៍ ហើយបានឡើងលើវា បន្ទាប់ពីមាននូវអ្វីដែលខ្លួនពិពណ៌នាថា ជាការរំលោភលើបទឈប់បាញ់។ហេតុការណ៍នេះត្រូវបានប្រកាសជាលើកដំបូងដោយប្រធានាធិបតីអាមេរិក លោក Donald Trump កាលថ្ងៃអាទិត្យ ហើយក្រោយមកត្រូវបានបញ្ជាក់ដោយទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលបានប្រាប់ថា នាវា USS Spruance បានស្ទាក់ចាប់នាវាដឹកទំនិញមានទង់ជាតិអ៊ីរ៉ង់ ដែលបានព្យាយាមបំពានការបិទផ្លូវរបស់កងទ័ពជើងទឹកអាមេរិក នៅឈូងសមុទ្រអូម៉ង់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកដាំទុរេនស្រុកចម្ការលើ​ចង់ឲ្យអ្នកលក់ប្រកាន់ភាពស្មោះត្រង់លើអតិថិជន
05/31/2026 12:05 PM
មេបញ្ជាការតំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ឆ្នាំង នាំយកអំណោ​ឧបត្ថម្ភដល់កុមារីកំព្រា កំពុង​មើល​ថែ​ប្អូន​តូច​នៅ​កំពង់ឆ្នាំង
05/31/2026 12:05 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ណែនាំអាជ្ញាធរផ្សព្វផ្សាយ​ពីច្បាប់​កាតព្វកិច្ច​យោធា​ដល់​ពលរដ្ឋ
05/31/2026 11:05 AM
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
05/31/2026 11:05 AM
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
05/31/2026 11:05 AM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
05/31/2026 11:05 AM
សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ
05/31/2026 10:05 AM
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
05/31/2026 10:05 AM
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
05/31/2026 10:05 AM
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
05/31/2026 10:05 AM