រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

លោក Zelenskyy ថ្កោលទោសការបន្តលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចំពោះប្រេងរុស្ស៊ី

2026/04/20 09:14:23 am        110
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្កោលទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការពង្រីករយៈពេលដែលរុស្ស៊ីត្រូវបានអនុញ្ញាតឱ្យលក់ប្រេង ទោះបីជាមានទណ្ឌកម្មពីលោកខាងលិចក៏ដោយ។សកម្មភាពនេះមានន័យថាប្រទេសនានាអាចទិញប្រេង និងផលិតផលប្រេងកាតរបស់រុស្ស៊ី ដែលបានផ្ទុករួចហើយក្នុងនាវានៅលើសមុទ្ររហូតដល់ថ្ងៃទី១៦ ខែឧសភា។សហរដ្ឋអាមេរិកអះអាងថា ការលើកលែងនេះមានន័យថាដើម្បីបន្ធូរបន្ថយវិបត្តិផ្គត់ផ្គង់ថាមពលដែលបង្កឡើងដោយសង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។ប៉ុន្តែនៅក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃអាទិត្យ១៩មេសា លោក Zelenskyy បាននិយាយថា គ្រប់សន្លឹកប្រាក់ដុល្លារដែលបានបង់សម្រាប់ប្រេងរបស់រុស្ស៊ីគឺជាប្រាក់សម្រាប់ធ្វើសង្គ្រាម នៅអ៊ុយក្រែន។ ទណ្ឌកម្មយ៉ាងទូលំទូលាយត្រូវបានអនុវត្តប្រឆាំងនឹងរុស្ស៊ីចាប់តាំងពីលោកប្រធានាធិបតី Vladimir Putin បានចាប់ផ្តើមវាយលុកទ្រង់ទ្រាយធំលើប្រទេសជិតខាងរបស់ខ្លួនកាលពី២៤ខែកុម្ភៈ ឆ្នាំ២០២២ ។ ការវាយប្រហារដ៏សាហាវរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បានជំរុញឱ្យប្រទេសនេះសងសឹកមិនត្រឹមតែប្រឆាំងនឹងអ៊ីស្រាអែល និងមូលដ្ឋានយោធាអាមេរិកនៅឈូងសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់គោលដៅលើថាមពល និងទីតាំងស៊ីវិលផ្សេងទៀតនៅទូទាំងសម្ព័ន្ធមិត្តអារ៉ាប់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ផងដែរ៕

អាមេរិក ចាប់នាវាដឹកទំនិញរបស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់ច្រានចោលការចរចាសន្តិភាពជុំទី២

2026/04/20 09:07:27 am        100
សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យ១៩ មេសា ថា ខ្លួនបានរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង ដែលបានព្យាយាមរត់គេចពីការបិទផ្លូវរបស់ខ្លួន ហើយអ៊ីរ៉ង់បាននិយាយថា ខ្លួននឹងសងសឹក ដោយបង្កើនលទ្ធភាពដែលថាបទឈប់បាញ់រវាងប្រទេសទាំងពីរអាចនឹងមិនមានរយៈពេលយូរសូម្បីតែពេលវេលានៅសល់ពីរថ្ងៃទៀត ដែលត្រូវបានកំណត់ឱ្យនៅតែជាធរមានក៏ដោយ។កិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសន្តិភាពយូរអង្វែងជាងមុននៅក្នុងតំបន់ក៏ហាក់ដូចជាស្ថិតក្នុងស្ថានភាពរង្គោះរង្គើផងដែរ ខណៈអ៊ីរ៉ង់បាននិយាយថា ខ្លួននឹងមិនចូលរួមក្នុងការចរចាជុំទីពីរដែលសហរដ្ឋអាមេរិកសង្ឃឹមថានឹងចាប់ផ្តើមមុនពេលបទឈប់បាញ់ផុតកំណត់នៅថ្ងៃអង្គារសប្ដាហ៍នេះនោះទេ។ការបិទផ្លូវដឹកជញ្ជូនរយៈពេលមួយសប្តាហ៍ដែលបានជំរុញឱ្យតម្លៃប្រេងសកលកើនឡើងក៏អាចនៅតែមានដែរ។សហរដ្ឋអាមេរិកបានបន្តបិទកំពង់ផែអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់បានបើកឡើងវិញ ហើយបន្ទាប់មកបានបិទជាថ្មីទៀតនូវច្រកសមុទ្រហ័រមូស(Hormuz) ដែលមុនពេលសង្គ្រាមចាប់ផ្តើមជិតពីរខែមុន បានជួយសម្រួលប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក។យោធាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់ទៅលើនាវាដឹកទំនិញមានទង់ជាតិអ៊ីរ៉ង់ ខណៈនាវានោះបានធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែ Bandar Abbasរបស់អ៊ីរ៉ង់។ លោកប្រធានាធិបតី Trump បានសរសេរនៅលើបណ្តាញសង្គមថា ពួកលោកបានគ្រប់គ្រងទាំងស្រុងលើនាវារបស់ពួកគេ ហើយកំពុងមើលថាតើមានអ្វីនៅលើនាវានោះ។គួររម្លឹកថាកាលពីថ្ងៃទី៨មេសាពេលវេលានៅក្នុងប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល លោក Trump បានប្រកាសលើបណ្ដាញសង្គម Truth Social ថា លោកបានយល់ព្រមបទឈប់បាញ់ពីរសប្ដាហ៍ជាមួយអ៊ីរ៉ង់ ក្រោមការសម្របសម្រួលដោយប៉ាគីស្ថាន៕

កុងហ្គោ និងក្រុមឧទ្ទាមយល់ព្រមបន្ធូរបន្ថយការធ្វើដំណើរសម្រាប់ក្បួនរថយន្តជំនួយ និងចៀសវាងការវាយប្រហារជនស៊ីវិល

2026/04/19 01:23:58 pm        72
ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា ក្រុមតំណាងមកពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងក្រុមឧទ្ទាមដែលជាសម្ព័ន្ធមិត្តទន្លេកុងហ្គោ(Alliance Fleuve Congo) បានបង្កើតវឌ្ឍនភាពលើពិធីសារនៃការចែកចាយជំនួយមនុស្សធម៌ ការការពារច្បាប់ ការត្រួតពិនិត្យបទឈប់បាញ់ និងការដោះលែងអ្នកទោស ។ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយរដ្ឋាភិបាលកុងហ្គោ និងក្រុមឧទ្ទាមថា អំឡុងជំនួបនៅប្រទេសស្វីសក្នុងសប្តាហ៍នេះ ភាគីពាក់ព័ន្ធ បានឯកភាពចៀសវាង ការវាយប្រហារលើជនស៊ីវិល និងសម្របសម្រួលផ្លូវសម្រាប់បុគ្គលិកមនុស្សធម៌ និងក្បួនរថយន្តដឹកជំនួយ ។កិច្ចប្រជុំនេះ បានក្លាយជាជំហានបណ្តោះអាស័ន្នមួយឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងនៅតំបន់ភាគខាងកើតកុងហ្គោដែលរងផលប៉ះពាល់ដោយសារជម្លោះ ជាទីដែលការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធ បានកើនឡើង ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ។តំបន់ភាគខាងកើតកុងហ្គោ បានញាំញីដោយសារអស្ថិរភាពជាយូរមកហើយ បង្កឡើងដោយសារភាពតានតឹងរបស់ជនជាតិភាគតិច ការប្រជែងគ្នាដណ្តើមតំបន់សម្បូររ៉ែ និងវត្តមានរបស់ក្រុមជីវពល ។ការបះបោររបស់ក្រុមចលនា ២៣មីនា(M23) បានធ្វើឲ្យអស្ថិរភាពកាន់តែខ្លាំងនៅខេត្ត North Kivu ក្នុងនោះទីក្រុង Kinshasa បានចោទប្រកាន់ប្រទេសជិតខាងរ៉្វាន់ដា ថាបានគាំទ្រក្រុមមួយនេះ គឺជាការចោទប្រកាន់មួយដែលទីក្រុង Kigali ច្រានចោល ៕

ប្រធានាធិបតីប្រេស៊ីល និងនាយករដ្ឋមន្រ្តីអេស្ប៉ាញលើកកម្ពស់គោលនយោបាយវឌ្ឍនភាព

2026/04/19 12:04:59 pm        93
ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva និងនាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានដឹកនាំការជួបជុំគ្នារបស់ក្រុមនិយមឆ្វេងនៅទីក្រុង Barcelona កាលពីថ្ងៃសៅរ៍ ដើម្បីការពារពហុភាគីនិយម និងចល័តចលនាឆ្វេងនិយមប្រឆាំងនឹងស្តាំនិយមជ្រុល ។លោក Sanchez និងលោក Lula គាំទ្រគោលនយោបាយវឌ្ឍនភាពសកល ហើយនិងបញ្ជាក់ឡើងវិញពីគោលជំហរប្រឆាំងសង្រ្គាមរបស់ពួកគេ លើឆាកអន្តរជាតិ ។ការជួបជុំគ្នាដែលត្រូវបានរៀបចំឡើងដោយអេស្ប៉ាញ និងបណ្តាញក្រុមនយោបាយឆ្វេងនិយមនេះ បានកើតមានឡើង ស្របពេលមានការកាត់យ៉ាងឆាប់រហ័សជំនួយមនុស្សធម៌ ការធ្វើអន្តរាគមន៍ផ្នែកយោធា និងការគំរាមកំហែងបោះបង់ចោលអង្គការណាតូរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលធ្វើឲ្យរង្គោះរង្គើរដល់ស្ថានភាពទំនាក់ទំនងអន្តរជាតិ និងបានជំរុញឲ្យមានការគិតឡើងវិញពីភក្ដីភាពសកល ។សូមបញ្ជាក់ថា មេដឹកនាំអេស្ប៉ាញ និងប្រេស៊ីល គឺជាអ្នករិះគន់ឥតសំចៃមាត់ចំពោះរដ្ឋបាលរបស់លោក Trump ក្នុងនោះលោក Sanchez បាននិយាយរិះគន់យ៉ាងខ្លាំង ជុំវិញបញ្ហាសង្រ្គាមអ៊ីរ៉ង់ ។ មេដឹកនាំទាំង ២ បានប្រឈមផងដែរការប្រកួតប្រជែងកើនឡើងពីក្រុមនិយមស្តាំជ្រុល នៅការបោះឆ្នោតនាពេលខាងមុខនេះ ៕

មេដឹកនាំកំពូលអ៊ីរ៉ង់៖ កងទ័ពជើងទឹកត្រៀមខ្លួនរួចរាល់ក្នុងការបង្កបរាជ័យដ៏ជូរចត់ថ្មីដល់អាមេរិក និងអ៊ីស្រាអែល

2026/04/19 11:03:31 am        132
 មេដឹកនាំកំពូលអ៊ីរ៉ង់លោក Mojtaba Khamenei និយាយថា កងទ័ពជើងទឹកអ៊ីរ៉ង់ ត្រៀមខ្លួនរួចរាល់ក្នុងការបង្កបរាជ័យដ៏ជូរចត់ថ្មីមួយទៀតដល់គូសត្រូវសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។ នៅក្នុងសេចក្តីថ្លែងការណ៍នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ លោក Khamenei និយាយថា កងទ័ពត្រៀមក្រោកឈរប្រឆាំងផែនការអាក្រក់របស់សហរដ្ឋអាមេរិក ដែលជាកាកសំណល់របស់របបលោក Pahlavi និងក្រុមផ្តាច់ខ្លួនដែលចង់កាត់ជាកង់អ៊ីរ៉ង់ និងបង្កើតសមិទ្ធិផលវីរភាព ។ ប្រភពព័ត៌មានពីសន្តិសុខសមុទ្រចំនួន ៣ និងប្រភពដឹកជញ្ជូន បានឲ្យដឹងថា នាវាពាណិជ្ជកម្មយ៉ាងហោច ២គ្រឿង ត្រូវបានគេរាយការណ៍ថា រងការបាញ់ប្រហារ ពេលដែលពួកគេព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz ភ្លាមៗក្រោយអ៊ីរ៉ង់និយាយថា ពួកគេបានរឹតបន្តឹងម្តងទៀតការគ្រប់គ្រងច្រកសមុទ្រដ៏សំខាន់មួយនេះ ។ នៅពេលមុននេះ ទិន្នន័យតាមដានផ្លូវសមុទ្របង្ហាញថា ក្បួននាវាដឹកប្រេង ៨គ្រឿង កំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាការធ្វើដំណើរទ្រង់ទ្រាយធំលើកដំបូងរបស់នាវា ចាប់តាំងពីសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ចាប់ផ្តើមកាលពីរយៈពេល ៧សប្តាហ៍មុន ។ ប៉ុន្តែអ៊ីរ៉ង់ និយាយថា ពួកគេបានរឹតត្បិតការគ្រប់គ្រងផ្នែកយោធាលើផ្លូវទឹកមួយនេះឡើងវិញ ស្របពេលដែលសហរដ្ឋអាមេរិកនៅតែបិទកំពង់ផែអ៊ីរ៉ង់ ៕

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ៖ ពេលវេលាដល់ហើយសម្រាប់ការសន្ទនាជាមួយអាមេរិកពីទំនាក់ទំនងសេដ្ឋកិច្ចអនាគត

2026/04/19 10:05:53 am        87
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និយាយនៅជំនួបកំពូលក្នុងខេត្ត Antalya របស់ប្រទេសទួរគីថា ពេលវេលាបានមកដល់ហើយសម្រាប់ការសន្ទនាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងវិធីបែបណាដែលទីក្រុងវ៉ាស៊ីនតោនយល់ឃើញពីទំនាក់ទំនងសេដ្ឋកិច្ចនាពេលអនាគតជាមួយរុស្ស៊ី ប៉ុន្តែការខ្វែងគំនិតគ្នានៅតែមានរវាងប្រទេសទាំង ២ ។លោក Lavrov និយាយផងដែរថា អង្គការណាតូ មិនស្ថិតក្នុងស្ថានភាពល្អបំផុតនោះទេ ប៉ុន្តែរុស្ស៊ីមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់សម្ព័ន្ធមិត្តមួយនេះឡើយ ។លោកនិយាយថា ពួកយើងមាននូវការមិនឯកភាពគ្នាច្រើនណាស់ជាមួយរដ្ឋបាលអាមរិកបច្ចុប្បន្ន ពិសេសពេលដែលវាជាបញ្ហាអភិវឌ្ឍន៍ ។ លោក Lavrov បន្តថា គ្មានទណ្ឌកម្មណាមួយត្រូវបានដកចេញនោះទេ ចាប់តាំងពីពេលកាន់អំណាចរបស់លោកអតីតប្រធានាធិបតី Joe Biden សូម្បីតែទ្រព្យសកម្មការទូតក៏មិនទាន់ប្រគល់ឲ្យមកវិញដែរ ហើយក្រុមហ៊ុនរបស់ពួកយើង បានរងទណ្ឌកម្មថ្មីៗ មិនថាក្រុមហ៊ុនឧស្ម័ន LUKOIL ឬក្រុមហ៊ុន Rosneft នោះទេ ។រុស្ស៊ី បានព្យាយាមបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចថ្មីជាមួយសហរដ្ឋអាមេរិក ដែលជាការប៉ុនប៉ងមួយរបស់ពួកគេ ក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកការទូតជាមួយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ៕

អ៊ីរ៉ង់និយាយថា គ្មានការកំណត់កាលបរិច្ឆេតនោះទេសម្រាប់ជុំបន្ទាប់នៃកិច្ចចរចាជាមួយអាមេរិក

2026/04/19 09:38:36 am        79
អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh និយាយកាលពីថ្ងៃសៅរ៍ថា គ្មានកាលបរិច្ឆេតណាមួយត្រូវបានកំណត់នោះទេ សម្រាប់ជុំបន្ទាប់នៃកិច្ចចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហើយក្របខ័ណ្ឌនៃការយោគយល់ ត្រូវតែព្រមព្រៀងគ្នាជាមុនសិន ។គួរឲ្យដឹងថា កិច្ចប្រជុំកម្រិតខ្ពស់បំផុតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចាប់តាំងពីបដិវត្តន៍អ៊ិស្លាមឆ្នាំ ១៩៧៩ បានបញ្ចប់ទៅនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដោយពុំមានកិច្ចព្រមព្រៀងណាមួយនោះទេ កាលពីចុងសប្តាហ៍មុន ។ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រហែលជាមានកិច្ចប្រជុំដោយផ្ទាល់ច្រើនជាងនេះទៀត នៅចុងសប្តាហ៍នេះ បើទោះបីជាក្រុមមន្រ្តីការទូតមួយចំនួននិយាយថា វាទំនងជាគ្មានហេតុផលត្រូវរៀបចំកិច្ចប្រជុំនៅទីក្រុងអ៊ីស្លាម៉ាបាដនោះទេ ជាទីដែលការចរចាត្រូវបានគេរំពឹងថា នឹងធ្វើឡើង ។លោក Khatibzadeh និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រៅវេទិកាការទូតនៅខេត្តភាគខាងត្បូង Antalya ប្រទេសទួរគីថា ពួកយើងកំពុងផ្តោតសំខាន់លើការបញ្ចប់ក្របខ័ណ្ឌនៃការយោគយល់រវាងភាគីទាំង ២ ។លោកបន្តថា ដរាបណាពួកយើងមិនទាន់ឯកភាពគ្នាលើលក្ខខ័ណ្ឌ ពួកយើងក៏មិនអាចកំណត់កាលបរិច្ឆេតបាននោះដែរ មាននូវវឌ្ឍនភាពសំខាន់ ត្រូវបង្កើតពិតប្រាកដ ប៉ុន្តែវិធីសាស្រ្តអតិបរមានិយមដោយភាគីម្ខាង ដែលព្យាយាមធ្វើឲ្យអ៊ីរ៉ង់ក្លាយជាករណីលើកលែងពីច្បាប់អន្តរជាតិ បានរារាំងពួកយើងមិនឲ្យឈានដល់កិច្ចព្រមព្រៀង ។ លោកថ្លែងបែបនេះ ចង់សំដៅលើការទាមទាររបស់សហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ៕

លោក Trumpព្រមានប្រឆាំងការគំរាមកំហែង ពេលដែលអ៊ីរ៉ង់រឹតបន្តឹងការគ្រប់គ្រងច្រកសមុទ្រ Hormuz

2026/04/19 09:31:26 am        71
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា អ៊ីរ៉ង់មិនអាចគំរាមកំហែងសហរដ្ឋអាមេរិកតាមរយៈការបិទច្រកសមុទ្រ Hormuz បាននោះទេ ស្របពេលដែលទីក្រុងតេអេរ៉ង់ បានព្រមានអ្នកដើរនាវាថា ផ្លូវថាមពលដ៏ចាំបាច់ ត្រូវបានបិទម្តងទៀតហើយៗនាវាយ៉ាងហោច ២គ្រឿង ត្រូវបានរាយការណ៍ថា ស្ថិតក្រោមការបាញ់ប្រហារ ។លោក Trump និយាយថា សហរដ្ឋអាមេរិកមាននូវការសន្ទនាល្អណាស់ជាមួយអ៊ីរ៉ង់ ប៉ុន្តែទីក្រុងតេអេរ៉ង់ខ្លួនឯងទេដែលមិនសូវចាប់អារម្មណ៍ ដោយព្យាយាមបិទច្រកសមុទ្រម្តងទៀត ។ លោកថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្រកាន់ភ្ជាប់គោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួន ។អ៊ីរ៉ង់និយាយថា ពួកគេបានរឹតត្បិតការគ្រប់គ្រងច្រកសមុទ្រ Hormuz កាលពីថ្ងៃសៅរ៍ ដោយព្រមានអ្នកដើរនាវាថា ផ្លូវថាមពលដ៏សំខាន់មួយនេះ ត្រូវបានបិទម្តងទៀតហើយ ។ទីក្រុងតេអេរ៉ង់និយាយថា វាជាការឆ្លើយតបចំពោះការបិទនៅតែបន្តលើកំពង់ផែអ៊ីរ៉ងពីសំណាក់សហរដ្ឋអាមេរិក ដោយពួកគេចាត់ទុកថា វាបានបំពានបទឈប់បាញ់របស់ពួកគេ ខណៈមេដឹកនាំកំពូលអ៊ីរ៉ង់លោក Mojtaba Khamenei និយាយថា កងទ័ពជើងទឹកអ៊ីរ៉ង់ត្រៀមខ្លួនរួចរាល់ក្នុងការបង្កភាពបរាជ័យដ៏ជូរចត់ថ្មីមួយលើគូសត្រូវរបស់ខ្លួន ៕

មនុស្ស ៦នាក់ស្លាប់នៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន ពេលខ្មាន់កាំភ្លើងបើកការបាញ់ប្រហារ និងចាប់ចំណាប់ខ្មាំង

2026/04/19 09:24:17 am        102
នគរបាលនៅប្រទេសអ៊ុយក្រែន បានបាញ់សម្លាប់បុរសម្នាក់ដែលបើកការបាញ់ប្រហារនៅទីក្រុងគីវ កាលពីថ្ងៃសៅរ៍ មុនពេលបង្ខាំងខ្លួនឯងនៅក្នុងផ្សារទំនើប ចាប់ចំណាប់មនុស្សធ្វើជាចំណាប់ខ្មាំង និងមិនព្រមចរចាជាមួយសមត្ថិកិច្ច ។រូបភាពវីដេអូឃ្លីបពីកន្លែងកើតហេតុ ឃើញក្រុមសង្រ្គោះបន្ទាន់ លើកសាកសពមនុស្សម្នាក់ដាក់លើរថយន្តគិលានសង្រ្គោះ ។ ក្រុមមន្រ្តីនិយាយថា មនុស្សយ៉ាងហោច ៦នាក់ ត្រូវបានសម្លាប់ ។ថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូនៅពេលយប់ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា ការបាញ់ប្រហារនេះ បានកើតឡើងនៅស្រុក Holosiivskyi បណ្តាលឲ្យមនុស្ស ១៤នាក់ រងរបួស រួមទាំងក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ផងដែរ ។លោកបន្តថា ជនសង្ស័យមានប្រវត្តិឧក្រិដ្ឋកម្ម ហើយនិងបានដុតកម្ទេចចោលផ្ទះល្វែងមួយខ្នងជាកន្លែលគាត់រស់នៅ មុនពេលដើរតាមផ្លូវកាន់កាំភ្លើង ។សាក្សីនិយាយថា ជនសង្ស័យបានដើរតាមផ្លូវ រួចបាញ់ប្រហារលើមនុស្សនៅជិតខ្លួន ដោយពុំបានព្រមាន មុនពេលចូលទៅក្នុងផ្សារទំនើប ។រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Ihor Klymenko និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា ក្រុមមន្រ្តីនគរបាល បានព្យាយាមដោយពុំទទួលបានជោគជ័យក្នុងការចរចាជាមួយជនសង្ស័យអស់រយៈពេល ៤០នាទី ។លោកបន្តថា បុរសរូបនេះគ្រប់គ្រងអាវុធចុះបញ្ជី និងទទួលបានលិខិតបញ្ជាក់វេជ្ជសាស្រ្តឲ្យប្រើប្រាស់អាវុធ ។ ក្រោយពីចរចាពុំបានសម្រេច កងកម្លាំងពិសេស បានសម្រុកចូលក្នុងផ្សារទំនើប រួចក៏បាញ់សម្លាប់ជនសង្ស័យម្នាក់នេះតែម្តង ។ សេវាកម្មសន្តិសុខអ៊ុយក្រែយនិយាយថា ការបាញ់ប្រហារនេះ ត្រូវបានស៊ើបអង្កេតថា ជាទង្វើភេរវកម្ម ។ យោងតាមក្រុមមន្រ្តី បានឲ្យដឹងថា ខ្មាន់កាំភ្លើងត្រូវបានកំណត់អត្តសញ្ញាណថា ជាបុរសវ័យ ៥៨ឆ្នាំ មានដើមកំណើតនៅទីក្រុងមូស្គូ របស់ប្រទេសរុស្ស៊ី ៕

ប្រមុខ UNថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារលើក្រុមថែរក្សាសន្តិភាពនៅលីបង់

2026/04/19 09:00:30 am        118
អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ដែលបានសម្លាប់ទាហានបារាំងម្នាក់ និងមនុស្ស ៣នាក់ផ្សេងទៀត បានរងរបួស ស្របពេលដែលពួកគេកំពុងបោសសម្អាតផ្លូវ ។នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X ប្រមុខ UN រូបនេះ បានជំរុញឲ្យភាគីទាំងអស់ គោរពការបញ្ឈប់អរិភាព និងបទឈប់បាញ់ ហើយរូបលោកបានផ្តល់មរណទុក្ខចំពោះគ្រួសារ មិត្តភ័ក្តិ និងសហការីអ្នកថែរក្សាសន្តិភាពដែលត្រូវបានសម្លាប់ ។ក្រុមថែរក្សាសន្តិភាព UNIFIL និយាយថា សមាជិក ៣នាក់ផ្សេងទៀតរបស់ពួកគេ បានរងរបួស ក្នុងនោះសមាជិក ២នាក់ រងរបួសធ្ងន់ នៅក្នុងការវាយប្រហារមួយដែលក្រុមថែរក្សាសន្តិភាព UNIFIL និងក្រុមមន្រ្តីបារាំងនិយាយថា វាបង្កឡើងដោយក្រុមហេសបូឡាគាំទ្រអ៊ីរ៉ង់ ។សូមបញ្ជាក់ថា ក្រុមថែរក្សាសន្តិភាព UNIFIL ត្រូវបានដាក់ពង្រាយលើកដំបូងទៅកាន់ប្រទេសលីបង់ កាលពីឆ្នាំ ១៩៧៨ ហើយនិងបន្តចូលរួមបេសកកម្មនៅក្នុងជម្លោះជាច្រើន រួមទាំងសង្រ្គាមឆ្នាំ ២០២៤ ពេលដែលទីតាំងឈរជើងរបស់ពួកគេ រងការបាញ់ប្រហារម្តងហើយម្តងទៀត ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM