រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់មិនចូលរួមបេសកកម្មច្រកសមុទ្រ Hormuz នោះទេ រហូតដល់សន្តិភាពសម្រេចបាន

2026/04/17 07:49:17 pm        67
 អ្នកនាំពាក្យរដ្ឋាភិបាលនិយាយនៅថ្ងៃសុក្រនេះថា អាល្លឺម៉ង់នឹងចូលរួមរក្សាសុវត្ថិភាពការធ្វើនាវាចរណ៍ដឹកជញ្ជូននៅច្រកសមុទ្រ Hormuz នៅពេលណាមានការដោះស្រាយសន្តិភាពប្រកបដោយចីរភាព និងយូរអង្វែង ។ លោក Steffen Meyer គឺជាអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ និយាយថា គ្មានការដាក់ពង្រាយត្រូវគ្រោងធ្វើឡើងនោះទេ ស្របពេលដែលអរិភាពនៅតែបន្ត ។ ពេលវេលាពិតប្រាកដដែលអាល្លឺម៉ង់ និងប្រទេសអឺរ៉ុបផ្សេងទៀតអាចនឹងចូលរួម មិនទាន់ច្បាស់នោះទេ ។ លោកបន្តថា ក្រៅពីកិច្ចព្រមព្រៀងសន្តិភាព អាល្លឺម៉ង់ត្រូវការប្រតិបត្តិការដ៏មានសក្តានុពលផ្សេងទៀត ។ ខណៈពេលនោះដែរ អធិការបតីអាល្លឺម៉ង់លោក Friedrich Merz នឹងចូលរួមការពិគ្រោះយោបល់នារសៀលនេះ ជាមួយរដ្ឋាភិបាលអឺរ៉ុប ពាក់ព័ន្ធនឹងលទ្ធភាពនៃជំនួយ ដើម្បីធានាសុវត្ថិភាពការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ៕

សភាហូឡង់គាំទ្រសំណើ ដើម្បីជំរុញឲ្យមានការផ្អាកកិច្ចព្រមព្រៀង EU-អ៊ីស្រាអែល

2026/04/17 07:48:38 pm        66
សំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្រ្តហូឡង់ បានគាំទ្រសំណើដែលជំរុញឲ្យរដ្ឋាភិបាលតស៊ូមតិ នៅក្នុងសហភាពអឺរ៉ុប (EU) ដើម្បីឲ្យមានការផ្អាកអង្គប្រកបពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងសមាគម EU-អ៊ីស្រាអែល (EU–Israel Association Agreement) ដោយលើកឡើងពីក្ដីបារម្ភ អំពីសកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងដែនដីកាន់កាប់ប៉ាឡេស្ទីន។យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈហូឡង់ NOS បានបង្ហាញថា ក្នុងអំឡុងពេលជជែកដេញដោល នៅសភា កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមេសា ឆ្នាំ២០២៦) ការខ្វែងគំនិតនៅតែបន្តកើតមាន នៅក្នុងរង្វង់ក្រុមចម្រុះដែលកំពុងកាន់អំណាច ទាក់ទងនឹងរបៀបថា តើត្រូវឆ្លើយតបយ៉ាងខ្លាំងយ៉ាងដូចម្ដេច។គណបក្សក្នុងរដ្ឋាភិបាលចម្រុះ គឺ D66 និង Christian Democratic Appeal (CDA) អះអាងថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅលីបង់ ការពង្រីកការតាំងទីលំនៅ នៅតំបន់ West Bank និងការវិវត្តនីតិបញ្ញត្តិថ្មីៗនេះ ធ្វើឲ្យមានក្ដីបារម្ភខ្លាំងឡើងៗ អំពីសិទ្ធិមនុស្សធ្ងន់ធ្ងរ។ គណបក្សទាំងនេះ គាំទ្រការស្វែងយល់ពីវិធានការកម្រិតសហភាពអឺរ៉ុប រួមទាំងការផ្អាកបទប្បញ្ញត្តិពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងនេះ។តែគណបក្សប្រជាជន ដើម្បីសេរីភាព និងប្រជាធិបតេយ្យ (VVD) ដែលក៏ជាផ្នែកនៃរដ្ឋាភិបាលចម្រុះផងដែរនោះ ប្រឆាំងនឹងការថ្កោលទោសអ៊ីស្រាអែលកាន់តែខ្លាំង នៅដំណាក់កាលនេះ។សំណើនេះទទួលបានការគាំទ្រពីសំឡេងភាគច្រើនឆ្លងគណបក្សយ៉ាងទូលំទូលាយ ក្នុងនោះមានរួមទាំងគណបក្ស GroenLinks-PvdA គណបក្សសង្គមនិយម (Socialist Party) គណបក្សផ្ដោតលើការពារសត្វ (PvdD) គណបក្ស Denk, គណបក្ស Volt Netherlands (Volt) និងគណបក្សវេទិកាសម្រាប់លទ្ធិប្រជាធិបតេយ្យ (FvD)៕

ប្រធានាធិបតីចិន ស្វាគមន៍មេដឹកនាំពិភពលោក ខណៈមេដឹកនាំអាមេរិកប៉ះទង្គិចជាមួយសម្ព័ន្ធមិត្ត

2026/04/17 07:48:03 pm        76
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កំពុងបញ្ចប់សប្តាហ៍ការទូតដ៏មមាញឹកខុសពីធម្មតា នៅទីក្រុងប៉េកាំង ដោយបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់មេដឹកនាំពិភពលោក ក្នុងការលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសចិន ខណៈពេលដែលសហរដ្ឋអាមេរិក កំពុងជាប់នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់។លោក ស៊ី បានធ្វើកិច្ចប្រជុំសំខាន់ៗឯកជនយ៉ាងហោចណាស់ ៥ដង ទោះបីជាមិនមានជំនួបជាផ្លូវការណាមួយ នៅក្នុងរដ្ឋធានីរបស់ប្រទេសចិន ក្នុងសប្តាហ៍នេះក៏ដោយ។ ដោយមិនរាប់បញ្ចូលសប្តាហ៍ដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសំខាន់ៗ វាគឺជាល្បឿនដ៏លឿនបំផុត ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤។បញ្ជីឈ្មោះនៃអ្នកដឹកនាំទាំងនោះ មានចាប់ពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងអង្គការណាតូ (NATO) ដែលមាននាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ជាដើម រហូតដល់តំណាងតំបន់មជ្ឈិមបូព៌ា គឺរជ្ជទាយាទ Sheikh Khaled bin Mohammed នៃទីក្រុង Abu Dhabi។ កិច្ចប្រជុំទាំងនោះត្រូវបានបន្តមកដោយដំណើរទស្សនកិច្ចពីមេដឹកនាំនៃប្រទេសជិតខាងវៀតណាម គឺលោក To Lam ដែលជាប្រធានាធិបតី និងជាប្រធានគណបក្សកុម្មុយនីស្តរបស់ប្រទេសនេះ។លោក ស៊ី បាន និងកំពុងបង្ហាញឲ្យឃើញថា ប្រទេសរបស់លោក គឺជាប្រភពនៃស្ថិរភាព និងកំពែងការពារ ចំពោះការគោរពច្បាប់អន្តរជាតិ ដែលផ្ទុយនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ «ឲ្យវិលត្រលប់ទៅយុគសម័យថ្មរំលីងវិញ»។លោក Neil Thomas អ្នកស្រាវជ្រាវផ្នែកនយោបាយចិន នៅមជ្ឈមណ្ឌលវិភាគចិននៃវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី បាននិយាយថា៖ «មេដឹកនាំពិភពលោកកំពុងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ពីព្រោះពួកគេមើលឃើញប្រទេសចិនខ្លាំងឡើងៗថា ជារបងការពារប្រឆាំងនឹងសហរដ្ឋអាមេរិកដែលមិនអាចទាយទុកជាមុនបាន។ មនុស្សជាច្រើនចង់ឲ្យទីក្រុងប៉េកាំងដើរតួនាទីធំជាងជាអ្នកការពារស្ថិរភាព ការទូត និងសេដ្ឋកិច្ចពិភពលោកបើកចំហ»។ផ្ទុយទៅវិញ លោក Trump បានចំណាយពេល ១សប្តាហ៍ ដើម្បីធ្វើឲ្យលោកកាន់តែមានភាពឯកោ នៅលើឆាកអន្តរជាតិ ដោយរិះគន់ដោយបើកចំហ ចំពោះសម្ព័ន្ធមិត្តដែលធ្លាប់មានភាពជិតស្និទ្ធជាមួយគ្នា ក្នុងនោះរួមមានទាំង លោកស្រីនាយករដ្ឋមន្រ្តីអ៊ីតាលី Giorgia Meloni និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ផងដែរ។ ហើយអ្វីដែលសំខាន់នោះ គឺថា សូម្បីសម្តេច ប៉ាប Leo XIV ក៏លោកបានរិះគន់ដែរ៕

លោក TRUMP ព្យាយាមស្តារសេដ្ឋកិច្ចឡើងវិញ ស្របពេលបក្សសាធារណរដ្ឋបារម្ភអំពីតម្លៃប្រេងឥន្ធនៈឡើងខ្លាំង

2026/04/17 07:43:11 pm        58
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងសម្លឹងមើលការបញ្ចប់ការព្រួយបារម្ភអំពីសេដ្ឋកិច្ច និងទស្សនវិស័យនយោបាយធ្លាក់ចុះរបស់គណបក្សសាធារណរដ្ឋរបស់លោក អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរដ្ឋដែលមានភាពប្រទាញ់ប្រទុងគ្នា Nevada និង Arizona នៅក្នុង   សប្តាហ៍នេះ ខណៈដែលសង្គ្រាមជាមួយអ៊ីរ៉ង់ បានជំរុញឲ្យតម្លៃប្រេងសាំងកើនឡើងខ្លាំង។លោក ត្រាំ បានប្រើប្រាស់យុទ្ធនាការមួយ នៅទីក្រុង Las Vegas កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្សព្វផ្សាយច្បាប់ពន្ធ និងអន្តោប្រវេសន៍របស់លោក ដែលរួមមានការសន្យាយុទ្ធនាការឃោសនាបោះឆ្នោតដែលត្រូវបានរៀបចំឡើងទាក់ទាញបុគ្គលិកបដិសណ្ឋារកិច្ច និងធ្វើការងារពេញម៉ោង។ប៉ុន្តែការកើនឡើងនៃតម្លៃទំនិញទូទាំងប្រទេស ចាប់ពីប្រេងឥន្ធនៈ រហូតដល់គ្រឿងទេស លំនៅឋាន រហូតដល់ការធានារ៉ាប់រង បានធ្វើឲ្យសេដ្ឋកិច្ចអាមេរិករង្គោះរង្គើ និងឥទ្ធិពលរបស់លោក ត្រាំ ក្នុងការជំរុញការ   គាំទ្រដល់ក្រុមអភិរក្សនិយមដូចគ្នា នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកា៕

ប្រធានសភាអ៊ីរ៉ង់៖ ការរំលោភលើកាតព្វកិច្ចរបស់សហរដ្ឋអាមេរិក រារាំងការបង្កើតសន្តិភាព នៅមជ្ឈិម បូព៌ា

2026/04/17 07:41:23 pm        50
ដោយត្រូវដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន IRIB ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយថា ការរំលោភបំពានដោយសហរដ្ឋអាមេរិកលើកាតព្វកិច្ចរបស់ខ្លួន បានរារាំងការបង្កើតសន្តិភាពនៅមជ្ឈិមបូព៌ា។ លោកបានប្រាប់មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir ថា៖«សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្តេជ្ញា  បង្កើតសន្តិភាព និងសន្តិសុខពេញលេញនៅក្នុងតំបន់ ប៉ុន្តែភាគីម្ខាងទៀត តែងតែរារាំងការសម្រេចបានលទ្ធផល ដោយការរំលោភលើកាតព្វកិច្ចរបស់ខ្លួន»។លោកក៏បានសម្តែងការដឹងគុណដល់ប៉ាគីស្ថានចំពោះការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អ៊ីរ៉ង់ ដើម្បីដោះស្រាយជម្លោះនេះ។ លោកបានបញ្ជាក់ឡើងវិញថា បទឈប់បាញ់នៅលីបង់ គឺជាផ្នែកមួយនៃផែនការឈប់បាញ់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។ លោក Ghalibaf បានប្រាប់តំណាងសភាលីបង់ នៅព្រឹកថ្ងៃសុក្រុនេះថា៖«លីបង់ គឺជាផ្នែកសំខាន់មួយនៃបទឈប់បាញ់ទូទៅ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សន្តិភាពប្រកបដោយចីរភាព នៅក្នុងតំបន់»៕

ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្សជាច្រើននាក់ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះនៅតំបន់ហ្កាហ្សា

2026/04/17 07:38:52 pm        50
ជនប៉ាឡេស្ទីនជាច្រើននាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ដោយសារការវាយប្រហារដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្រ្ទីប បើទោះបីជាមានបទឈប់បាញ់ក៏ដោយ ដែលបច្ចុប្បន្នឈានចូលដល់ខែទី ៧ទៅហើយ ស្របពេលដែលការវាយឆ្មក់ និងការវាយប្រហារនៅតែបន្តផងដែរ នៅតំបន់កាន់កាប់វ៉េសប៊ែង ។លោក Mahmoud Bassal គឺជាអ្នកនាំពាក្យក្រុមការពារជនស៊ីវិលប៉ាឡេស្ទីននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា បងប្អូន Abdelmalek និង Abdel Sattar al-Attar ត្រូវបានសម្លាប់ ក្រោយការវាយប្រហារយានដ្រូនរបស់អ៊ីស្រាអែលលើទីក្រុង Beit Lahiya ស្ថិតនៅភាគខាងជើងហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ ដែលស្ថិតនៅក្រៅតំបន់គ្រប់គ្រងដោយអ៊ីស្រាអែល ក្រោមបទឈប់បាញ់ ។លោក Bassal បន្តថា ក្មេងប្រុស Saleh Badawi អាយុ ៩ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅសង្កាត់ Zeitoun ស្ថិតនៅភាគខាងកើតទីក្រុងហ្កាហ្សា នៅថ្ងៃនោះដែរ ហើយលោក Mohsen al-Dabbari អាយុ ៣៨ឆ្នាំ ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងទីក្រុង Khan Younis ។យោងតាមសម្តីសាក្សីនិយាយប្រាប់កាសែត Anadolu បានឲ្យដឹងថា មនុស្ស ៣នាក់ផ្សេងទៀត បានរងរបួស រួមទាំងយុវជនម្នាក់ផងដែរ ក្រោយកងកម្លាំងអ៊ីស្រាអែល បាញ់ប្រហារលើផ្ទះជាច្រើនខ្នង និងសំពត់តង់ ស្ថិតនៅភាគខាងកើតជំរំ Maghazi ៕

UNHCR ៖ ការឆ្លងកាត់សមុទ្ររបស់ជនភាគតិចរ៉ូហ៊ីងយ៉ា បណ្តាលឲ្យមានចំនួនមនុស្សស្លាប់ជាប់កំណត់ក្នុងឆ្នាំ ២០២៥

2026/04/17 07:36:47 pm        34
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR)និយាយនៅថ្ងៃសុក្រនេះថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត ៩០០នាក់ ត្រូវបានគេរាយការណ៍ថាបាត់ខ្លួននៅសមុទ្រអាន់ដាម៉ាន់ និងច្រកសមុទ្របឹងហ្គាល់ ក្នុងឆ្នាំ ២០២៥ ធ្វើឲ្យវាក្លាយជាឆ្នាំស្លាប់មនុស្សច្រើនបំផុតជាប់កំណត់ត្រានៅតាមផ្លូវសមុទ្រ ។លោក Babar Baloch គឺជាអ្នកនាំពាក្យទីភ្នាក់ងារ UNHCR និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ជាង ១ភាគ ៧នៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល ៦.៥០០នាក់ដែលព្យាយាមឆ្លងកាត់សមុទ្រកាលពីឆ្នាំមុន ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន ឬស្លាប់ ។លោកបន្តថា ចំនួននេះ បានធ្វើឲ្យវាក្លាយជាអត្រាស្លាប់មនុស្សច្រើនបំផុតនៅលើពិភពលោកសម្រាប់ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ ធ្វើដំណើរឆ្លងកាត់សមុទ្រ ។ការចាកចេញរបស់ពួកគេបង្កឡើដោយសារអំពើហិង្សានៅក្នុងប្រទេសកំណើត និងស្ថានភាពរស់នៅដ៏សំខាន់តាមជំរំជនភៀសខ្លួននៅប្រទេសបង់ក្លាដែស ដោយពួកគេសង្ឃឹមថានឹងអាចធ្វើដំណើរទៅដល់ប្រទេសសុវត្ថិភាពដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឬប្រទេសថៃ ៕

ចិនដាក់ការតវ៉ាផ្លូវការជាមួយទីក្រុងតូក្យូ ក្រោយនាវាយោធាជប៉ុនចូលច្រកសមុទ្រតៃវ៉ាន់

2026/04/17 07:34:25 pm        57
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នៅថ្ងៃសុក្រ (ទី១៧ ខែមេសា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានឲ្យដឹងថា ខ្លួនបានតវ៉ាជាមួយទីក្រុងតូក្យូ បន្ទាប់ពីនាវាយោធាជប៉ុន ១គ្រឿង បានចូលទៅក្នុងច្រកសមុទ្រតៃវ៉ាន់។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ការចូលរបស់នាវាកងកម្លាំងស្វ័យការពារជប៉ុនទៅក្នុងច្រកសមុទ្រតៃវ៉ាន់ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន ហើយប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ និងបានដាក់ការតវ៉ាយ៉ាងខ្លាំងជាផ្លូវការជាមួយប្រទេសជប៉ុន»។ លោកបានបន្ថែមថា យោធាចិន «បានដោះស្រាយការចូលនេះស្របតាមច្បាប់ និងបទប្បញ្ញត្តិ»។ទីភ្នាក់ងារសារព័ត៌មាន Kyodo ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានរាយការណ៍ដោយដកស្រង់ប្រភពថា នាវាអមដំណើរកងកម្លាំងស្វ័យការពារសមុទ្ររបស់ជប៉ុន បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃសុក្រនេះ។ មិនមានសេចក្តីថ្លែងការណ៍ជាផ្លូវការពីប្រទេសជប៉ុន អំពីការវិវត្តចុងក្រោយបំផុត នៅក្នុងច្រកសមុទ្រតៃវ៉ាន់នេះទេ។លោក Guo បានសង្កត់ធ្ងន់ថា ការចូលរបស់នាវាជប៉ុនទៅក្នុងច្រកសមុទ្រតៃវ៉ាន់ «បានបង្ហាញជាថ្មីម្តងទៀតនូវការប៉ុនប៉ងដ៏គ្រោះថ្នាក់របស់បុគ្គលមួយចំនួន នៅក្នុងប្រទេសជប៉ុន ក្នុងការជ្រៀតជ្រែកផ្នែកយោធានៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព នៅទូទាំងច្រកសមុទ្រនេះ» ដោយលោកបានព្រមានថា ទង្វើបែបនេះ «ធ្វើឲ្យខូចយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-ជប៉ុន»៕

បេសកជនរំពឹងថា សហរដ្ឋអាមេរិក-ទួរគី នឹងដោះស្រាយបញ្ហាទណ្ឌកម្មលើប្រព័ន្ធការពារ S-400 ក្នុងពេលឆាប់ៗនេះ

2026/04/17 07:32:28 pm        60
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសទួរគី លោក Tom Barrack បាននិយាយនៅថ្ងៃសុក្រនេះថា លោករំពឹងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា នឹងដោះស្រាយបញ្ហាទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើទួរគីជុំវិញការទិញប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី នាពេលឆាប់ៗនេះ។លោក Barrack បាននិយាយនៅក្នុងវេទិកាការទូត Antalya ថា៖«ខ្ញុំគិតថា អ្នកនឹងឃើញស្ថានភាព S-400 ត្រូវបានដោះស្រាយ ក្នុងពេលឆាប់ៗនេះ។ តាមទស្សនៈរបស់ចៅហ្វាយរបស់ខ្ញុំ ការទទួលយកទៅក្នុងកម្មវិធីយន្តហោះចម្បាំង F-35 គឺពិតជាល្អ»។នៅឆ្នាំ ២០២០ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើប្រទេសសមាជិកណាតូដូចគ្នា គឺទួរគី ជុំវិញការទិញប្រព័ន្ធការពារមីស៊ីល S-400នេះ ហើយបានដកប្រទេសនេះចេញពីកម្មវិធីផ្គត់ផ្គង់ និងផលិតសម្រាប់យន្តហោះចម្បាំង F-35៕

រុស្ស៊ីនិយាយថា ជម្លោះផ្ទៃក្នុងនៅក្នុងអង្គការណាតូ គឺជាក់ស្តែង និងលើសលប់

2026/04/17 07:29:41 pm        55
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានចង្អុលបង្ហាញថា ភាពមិនចុះសម្រុងគ្នាផ្ទៃក្នុងនៅក្នុងអង្គការណាតូ គឺជាក់ស្តែង និងដ៏លើសលប់ អស់រយៈពេលយូរមកហើយ។លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖«ខ្ញុំចង់និយាយថា មិនមែនទីក្រុងមូស្គូទេដែលបានចង្អុលបង្ហាញម្តងហើយម្តងទៀតអំពីជម្លោះផ្ទៃក្នុង នៅក្នុងអង្គការណាតូ ប៉ុន្តែភាពមិនចុះសម្រុងគ្នាផ្ទៃក្នុងនៅក្នុងអង្គការណាតូ គឺហួសហេតុពេក ហើយមិនអាចមើលរំលងបាន។ ខ្ញុំសូមរំលឹកអ្នកថា អ្វីដែលយើងពិតជាបានកត់សម្គាល់ឃើញ គឺត្រូវបានលាក់បាំងពីទិដ្ឋភាព នេះគឺជាប្រព័ន្ធបញ្ជា និងរដ្ឋបាល ដែលបានក្លាយជាកម្លាំងចលករពិតប្រាកដនៃការធ្វើការសម្រេចចិត្តរបស់អង្គការណាតូក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ»។ លោកស្រី Zakharova បានចង្អុលបង្ហាញថា សម្ព័ន្ធយោធានេះ បានប្រែក្លាយទៅជាប្លុកនៃប្រទេសជាច្រើនដែលត្រូវ «ស្បថភក្ដីភាព ហើយបន្ទាប់មកលុតជង្គង់នៅចំពោះមុខបងធំរបស់ពួកគេ។ យើងបានចាប់ផ្តើមកត់សម្គាល់រឿងនេះជាយូរមកហើយ មុនពេលវាកើតឡើងពិតប្រាកដ។ ហើយភាពខ្វែងគំនិតគ្នានេះ ក៏បានលេចចេញជាបន្តបន្ទាប់។ បញ្ហានោះ គឺទាក់ទងនឹងរូបិយវត្ថុ នៅពេលដែលសហរដ្ឋអាមេរិក បានចាប់ផ្តើមទាមទារការទូទាត់យ៉ាងច្រើនសម្រាប់សេវាកម្មរបស់ពួកគេពីអ្នកដែលពួកគេហៅថា សម្ព័ន្ធមិត្តរបស់ពួកគេ នៅចំពោះមុខពិភពលោកទាំងមូល។ អ្នកការទូតរូបនេះ បាននិយាយថា លើសពីនេះទៅទៀតនោះ វាមិនច្បាស់ទេថា សេវាកម្មទាំងនេះ គឺមានអ្វីខ្លះនោះទេ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM