ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់

ព័ត៌មានអន្តរជាតិ

លោកនាយករដ្ឋមន្រ្តី Starmer ៖ អង់គ្លេសនឹងមិនគាំទ្រការបិទច្រកសមុទ្រ Hormuz នោះទេ

2026/04/13 07:04:14 pm        53
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer និយាយនៅថ្ងៃចន្ទនេះថា កន្លែងណាក៏ដោយឲ្យតែមានសម្ពាធ អង់គ្លេសនឹងមិនត្រូវបានអូសទាញឲ្យធ្លាក់ក្នុងសង្រ្គាមអ៊ីរ៉ង់ ឬពាក់ព័ន្ធនឹងការបិទច្រកសមុទ្រ Hormuz នោះឡើយ ។លោកនិយាយប្រាប់ BBCថា ពួកយើងមិនគាំទ្រការបិទច្រកសមុទ្រនោះទេ ហើយវាចំាបាច់ខ្លាំងណាស់ ក្នុងការឲ្យច្រកសមុទ្រមួយនេះ បើកឡើងវិញ ។លោក Starmer បន្តថា តាមគំនិតរបស់លោក វាចាំបាច់កាលដែលច្រកសមុទ្រត្រូវបើក ហើយនិងបើកទាំងស្រុង ហើយនោះគឺជាកន្លែងដែលពួកយើងបានដាក់កិច្ចខិតខំទាំងអស់របស់ពួកយើង ក្នុងមួយរយៈពេលចុងក្រោយនេះ ហើយពួកយើងនឹងបន្តធ្វើបែបនេះទៀត ។គួរឲ្យដឹងថា យោធាសហរដ្ឋអាមេរិក និយាយថា ពួកគេនឹងចាប់ផ្តើមបិទការធ្វើនាវាចរណ៍ទាំងអស់ដែលចេញ-ចូលកំពង់ផែអ៊ីរ៉ង់ និងតំបន់ឆ្នេរ ចាប់ពីវេលាម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុកថ្ងៃចន្ទនេះតទៅ ។ យោធាសហរដ្ឋអាមេរិក និយាយដែរថា ការឆ្លងកាត់របស់នាវានៅច្រកសមុទ្រ Hormuz ចេញ-ចូលកំពង់ផែមិនមែនជារបស់អ៊ីរ៉ង់ នឹងមិនត្រូវបានរារាំងនោះទេ ។ លោកប្រធានាធិបតី Donald Trump និយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងសហរដ្ឋអាមេរិកនឹងស្កាត់ផងដែររាល់នាវានៅក្នុងដែនទឹកអន្តរជាតិដែលបង់ប្រាក់ឲ្យអ៊ីរ៉ង់ ៕

របាយការណ៍៖ លោក Trump ថ្លឹងថ្លែងការវាយប្រហារមានកំណត់ លើអ៊ីរ៉ង់ ក្រោយការចរចាសន្តិភាពដួលរលំ

2026/04/13 07:01:06 pm        60
ដោយដកស្រង់សម្តីមន្ត្រី និងបុគ្គលដែលដឹងពីស្ថានភាពនេះ សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) ថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងថ្លឹងថ្លែងការធ្វើការវាយប្រហារយោធា «មានកំណត់» នៅក្នុងប្រទេសអ៊ីរ៉ង់ ជាមធ្យោបាយ ដើម្បីបំបែកភាពជាប់គាំង នៅក្នុងកិច្ចចរចាសន្តិភាព។យុទ្ធសាស្ត្រនេះកើតមានបន្ថែមលើការបិទផ្លូវរបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ បន្ទាប់ពីការចរចាចុង កាលពីសប្តាហ៍កន្លងមក រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនបានឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដែលធ្វើឲ្យប៉ះពាល់ដល់បទឈប់បាញ់ដ៏ផុយស្រួយរយៈពេល ២សប្តាហ៍។ការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ ដែលបានដំណើរការ ពីថ្ងៃសៅរ៍ ដល់ព្រឹកថ្ងៃអាទិត្យ គឺជាកិច្ចប្រជុំដោយផ្ទាល់លើកដំបូង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេលជាង ១ទសវត្សរ៍ និងជាការពិភាក្សាកម្រិតខ្ពស់បំផុត ចាប់តាំងពីបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩ របស់អ៊ីរ៉ង់។របាយការណ៍នេះបានឲ្យដឹងថា «លោក Trump និងទីប្រឹក្សារបស់លោក កំពុងគិតគូរពីការចាប់ផ្ដើមការវាយប្រហារយោធាដោយមានកំណត់ឡើងវិញ នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ថែមពីលើការបិទខ្ទប់របស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz»។ ហើយដោយលើកឡើងពីសម្ដីរបស់មន្ត្រីទាំងនោះ សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា វា «គឺជាជម្រើសមួយ ក្នុងចំណោមជម្រើសដែលលោក Trump កំពុងពិចារណា កាលពីថ្ងៃអាទិត្យ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីការចរចា បានដួលរលំ នៅក្នុងប្រទេសប៉ាគីស្ថាន។របាយការណ៍នេះបានបន្តថា ប្រធានាធិបតីអាមេរិក អាចចាប់ផ្ដើមយុទ្ធនាការទម្លាក់គ្រាប់បែកពេញលេញ ប៉ុន្តែមន្ត្រីបានបញ្ជាក់ថា វាទំនងជាមិនអាចនោះទេ។ សារព័ត៌មាន WSJ ដោយដកស្រង់សម្ដីជំនួយការ បានបន្ថែមថា លោក Trump នៅតែបើកចំហ ចំពោះដំណោះស្រាយការទូត។ សេតវិមាន បានបដិសេធមិនជជែក អំពីជម្រើសជាក់លាក់របស់លោក Trump នោះទេ៕

ចិនជំរុញឲ្យមានការអត់ធ្មត់ និងស្ងប់ស្ងាត់ ជុំវិញការបិទតាមគ្រោងទុកច្រកសមុទ្រ Hormuz ពីសំណាក់អាមេរិក

2026/04/13 06:58:27 pm        64
 ពេលសួរពីការគំរាមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការបិទដោយកងទ័ពជើងទឹកនៅច្រកសមុទ្រ Hormuz ក្រោយជំនួបបរាជ័យជាមួយអ៊ីរ៉ង់នោះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បាននិយាយនៅថ្ងៃចន្ទនេះថា ចិនសូមជំរុញឲ្យមានការអត់ធ្មត់ និងភាពស្ងប់ស្ងាត់ ។ លោក Jiakun និយាយប្រាប់សន្និសីទសារព័ត៌មានថា ត្រូវតែរក្សាច្រកសមុទ្រសំខាន់ឲ្យសុវត្ថិភាព ប្រកបដោយស្ថិរភាព និងបម្រើដោយគ្មានឧបសគ្គដល់ផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ ។ លោកបន្តថា ចិនត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើការជាមួយភាគីទាំងអស់ ដើម្បីការពារសន្តិសុខថាមពល និងការផ្គត់ផ្គង់ ។ យោធាសហរដ្ឋអាមេរិក និយាយថា ពួកគេនឹងចាប់ផ្តើមបិទការធ្វើនាវាចរណ៍ទាំងអស់ដែលចេញ-ចូលកំពង់ផែអ៊ីរ៉ង់ និងតំបន់ឆ្នេរ ចាប់ពីវេលាម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុកថ្ងៃចន្ទនេះតទៅ ។ យោធាសហរដ្ឋអាមេរិក និយាយដែរថា ការឆ្លងកាត់របស់នាវានៅច្រកសមុទ្រ Hormuz ចេញ-ចូលកំពង់ផែមិនមែនជារបស់អ៊ីរ៉ង់ នឹងមិនត្រូវបានរារាំងនោះទេ ។ លោកប្រធានាធិបតី Donald Trump និយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងសហរដ្ឋអាមេរិកនឹងស្កាត់ផងដែររាល់នាវានៅក្នុងដែនទឹកអន្តរជាតិដែលបង់ប្រាក់ឲ្យអ៊ីរ៉ង់ ៕

អតីតអ្នកជំនាញUN បន្ទោសអាមេរិកចំពោះការបរាជ័យនៃការចរចាជាមួយអ៊ីរ៉ង់

2026/04/13 06:55:38 pm        56
លោក Alfred de Zayas អតីតអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិបែបប្រជាធិបតេយ្យ និងសមធម៌ បាននិយាយថា សហរដ្ឋអាមេរិក ត្រូវបានបន្ទោសចំពោះការបរាជ័យនៃការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថាន ជាមួយអ៊ីរ៉ង់។ លោកបានសរសេរនៅលើបណ្តាញសង្គម X ថា៖«ការបរាជ័យនៃ«ការចរចា» នៅក្នុងប្រទេសប៉ាគីស្ថាន គឺជាកំហុសរបស់សហរដ្ឋអាមេរិក ដែលកម្រនឹងចរចាដោយស្មោះត្រង់ អនុវត្តមិនស្មោះត្រង់ និងទទូចឲ្យធ្វើការទាមទារអតិបរមា។ សហរដ្ឋអាមេរិក មិនចាប់អារម្មណ៍នឹងការផ្តល់ផលប្រយោជន៍ទៅវិញទៅមកទេ ប៉ុន្តែគ្រាន់តែបញ្ជាឲ្យធ្វើប៉ុណ្ណោះ»។យោងតាមអ្នកជំនាញរូបនេះ ពិភពលោកបានដឹងថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបំពានកិច្ចព្រមព្រៀងស្ទើរតែទាំងអស់ដែលពួកគេបានចូលរួម ឬបកស្រាយឡើងវិញជាឯកតោភាគី ដើម្បីទទួលបានអត្ថប្រយោជន៍ដែលភាគីម្ខាងទៀតមិនយល់ព្រមនោះ»៕

នាវាដឹកប្រេងព្យាយាមនៅឆ្ងាយពីច្រកសមុទ្រ Hormuz មុនការបិទខ្ទប់របស់សហរដ្ឋអាមេរិក

2026/04/13 06:43:01 pm        69
ទិន្នន័យដឹកជញ្ជូនបានបង្ហាញថា នាវាដឹកប្រេងកំពុងព្យាយាមនៅឲ្យឆ្ងាយពីច្រកសមុទ្រ Hormuz មុនពេលមានការបិទផ្លូវរបស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ (ទី១៣ ខែមេសា ឆ្នាំ២០២៦) នេះ បន្ទាប់ពីការចរចាសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីចុងសប្តាហ៍កន្លងមក មិនទទួលបានលទ្ធផលផ្លែផ្កាអ្វី។ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងចាប់ផ្តើមខ្ទប់ផ្លូវច្រកសមុទ្រ Hormuz ដោយបង្កើនហានិភ័យ បន្ទាប់ពីការចរចារយៈពេលយូរជាមួយអ៊ីរ៉ង់ មិនអាចឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាម និងប៉ះពាល់ដល់បទឈប់បាញ់ដ៏ផុយស្រួយរយៈពេល ២សប្តាហ៍។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឲ្យដឹងថា កងកម្លាំងអាមេរិក នឹងចាប់ផ្តើមអនុវត្តការបិទចរាចរណ៍ផ្លូវសមុទ្រទាំងអស់ដែលចូល និងចេញពីកំពង់ផែអ៊ីរ៉ង់ នៅវេលាម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៤ ម៉ោងសកល) នាថ្ងៃចន្ទនេះ។សេចក្តីថ្លែងការណ៍មួយ នៅលើបណ្ដាញសង្គម X បានឲ្យដឹងថា វានឹងត្រូវបានអនុវត្តដោយមិនលើកលែងឡើយ ចំពោះនាវានៃប្រទេសទាំងអស់ដែលចូល ឬចេញពីកំពង់ផែ និងតំបន់ឆ្នេរសមុទ្ររបស់អ៊ីរ៉ង់ រួមទាំងកំពង់ផែអ៊ីរ៉ង់ទាំងអស់ នៅឈូងសមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់» ផងដែរ។ សេចក្តីថ្លែងការណ៍ បានបន្ថែមថា កងកម្លាំងអាមេរិកនឹងមិនរារាំងនោះទេ ចំពោះការធ្វើនាវាចរណ៍ដោយសេរី សម្រាប់នាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ទាំងទៅ និងមកពីកំពង់ផែដែលមិនមែនជារបស់អ៊ីរ៉ង់ ហើយព័ត៌មានបន្ថែម នឹងត្រូវបានផ្តល់ជូននាវិកពាណិជ្ជកម្ម តាមរយៈការជូនដំណឹងជាផ្លូវការ មុនចាប់ផ្តើមការបិទផ្លូវ។ទិន្នន័យពី LSEG និង Kpler បានបង្ហាញថា ក្នុងចំណោមនាវាផ្សេងទៀត គេឃើញនាវាដឹកប្រេង Shalamar និង Khairpur ដែលមានទង់ជាតិប៉ាគីស្ថាន ចូលឈូងសមុទ្រនេះ កាលពីថ្ងៃអាទិត្យ។ ហើយទិន្នន័យ បានបង្ហាញទៀតថា នាវាដឹកប្រេង Shalamar កំពុងធ្វើដំណើរទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃចន្ទនេះ ដើម្បីផ្ទុកប្រេងឆៅ Das ខណៈដែលនាវា Khairpur កំពុងធ្វើដំណើរទៅកាន់គូវ៉ែត ដើម្បីផ្ទុកផលិតផលចម្រាញ់៕

កម្មករនៅភាគខាងជើងឥណ្ឌា នាំគ្នាដុតកម្ទេចចោលរថយន្ត បំផ្លាញអគារ អំឡុងបាតុកម្មប្រឆាំងនឹងប្រាក់បៀវត្សរ៍

2026/04/13 06:38:45 pm        55
ក្រុមកម្មករនាំគ្នាដុតកម្ទេចចោលរថយន្ត និងបំផ្លិចបំផ្លាញអគារ នៅទីក្រុងភាគខាងជើង Noida ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យ ស្របពេលបាតុកម្មជុំវិញជម្លោះប្រាក់បៀវត្សរ៍ ប្រែទៅជាអំពើហិង្សានៅរដ្ឋ Uttar Pradesh ។ រូបភាពវីដេអូឃ្លីប ឃើញរថយន្តជាច្រើនគ្រឿងរងការខូចខាត ក្នុងនោះរថយន្តមួយគ្រឿងហ៊ុមព័ទ្ធដោយអណ្តាតភ្លើង ពេលក្រុមបាតុករ ចោលដុំថ្ម ។សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ការកើនឡើងការចំណាយលើការរស់នៅប្រចាំថ្ងៃបង្កឡើងដោយសារសង្រ្គាមអ៊ីរ៉ង់ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់កម្មកររោងចក្រ ។លោក Narendra Kashyap គឺជាតំណាងរាស្រ្តរដ្ឋ Uttar Pradesh ជំរុញឲ្យបាតុករបញ្ឈប់ការតវ៉ា ដោយរូបលោកនិយាយថា រដ្ឋាភិបាលបើកទូលាយចំពោះការសន្ទនា ។លោក Kashyap និយាយថា បើសិនជាពួកគេមាននូវបញ្ហា ឬការទាមទារណាមួយ ពួកយើងអាចអង្គុយចុះជជែកគ្នាបានជាមួយរដ្ឋាភិបាល ។លោកបន្តថា ក្រុមអាជ្ញាធរ នឹងធ្វើការដោះស្រាយបញ្ហាសេសសល់ ហើយលោកសូមអំពាវនាវឲ្យក្រុមបាតុករមិនត្រូវចាញ់បោកនរណាម្នាក់នោះទេ ស្របពេលដែលភាពតានតឹងនៅតែកើនឡើងខ្លាំងទូទាំងតំបន់ ៕

សម្តេចប៉ាប លីអូ យាងចាកចេញពីទីក្រុងរ៉ូម សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃនៅអាហ្វ្រិក

2026/04/13 06:23:53 pm        54
នៅថ្ងៃចន្ទនេះ សម្តេចប៉ាប លីអូ បានចាប់ផ្តើមដំណើរយាងទស្សនកិច្ចរយៈពេល ១០ថ្ងៃទៅកាន់ ៤ប្រទេសនៅអាហ្វ្រិក ដើម្បីជំរុញក្រុមមេដឹកនាំសកលលោក លើកឡើងពីតម្រូវការលើទ្វីបមួយនេះ ជាទីដែលមានមនុស្សជាង ១ភាគ ៥នៃជនកាតូលិកពិភពលោក រស់នៅ ។សម្តេបប៉ាប់លើកដំបូងរបស់សហរដ្ឋអាមេរិក ដែលបានក្លាយជាគោលដៅវាយប្រហារដោយផ្ទាល់ខុសពីប្រក្រតីពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃអាទិត្យ ដែលធ្វើឲ្យមានការស្តីបន្ទោសយ៉ាងខ្លាំងពីជនកាតូលិកនោះ បានយាងចាកចេញពីអ៊ីតាលី ទៅកាន់ប្រទេសអាល់ហ្សេរី ជាទីដែលព្រះអង្គគង់រយៈពេល ២ថ្ងៃ ។ព្រះអង្គ និងបរិវារបស់ទ្រង់ បានចាកចេញពីអាកាសយានដ្ឋាន Fiumicino របស់ទីក្រុងរ៉ុម ក្រោយវេលាម៉ោង ៩ព្រឹក ម៉ោងក្នុងស្រុក ឆ្ពោះទៅកាន់ប្រទេសអាល់ហ្សេរី ជាទីដែលព្រះអង្គនឹងជួបជាមួយប្រធានាធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune មុនពេលថ្លែងសុន្ទរកថាទៅកាន់ក្រុមមេដឹកនាំនយោបាយប្រទេសមួយនេះ ។សម្តេចប៉ាប លីអូ នឹងយាងទៅកាន់ទីក្រុងតូច-ធំចំនួន ១១ យាងដំណើរទស្សនកិច្ចចម្ងាយជិត ១៨.០០០គ.ម អំឡុងជើងហោះហើរ ១៨វ៉ុល ហើយនិងយាងទៅកាន់ប្រទេសកាមរូន អង់ហ្គោឡា និងប្រទេសហ្គីណេអេក្វាទ័រផងដែរ ។សម្តេចប៉ាប ដែលបានក្លាយជាអ្នករិះគន់ឥតសំចៃមាត់ចំពោះសង្រ្គាមអ៊ីរ៉ង់នោះ បានយាងដំណើរទស្សនកិច្ចទ្រង់ធំដុំនៅបរទេសមួយលើកគត់ ចាប់តាំងពីបានជ្រើសតាំងជាសម្តេចប៉ាប កាលពីខែឧសភា ឆ្នាំមុន ពេលដែលព្រះអង្គយាងដំណើរទៅកាន់ប្រទេសទួរគី និងប្រទេសលីបង់ កាលពីខែវិច្ឆិកា និងខែធ្នូ ។ ព្រះអង្គ បានយាងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ូណាកូ កាលពីខែមីនាផងដែរ ៕

យោធាអាមេរិក៖ ការវាយប្រហារទូកដឹកគ្រឿងញៀន បានសម្លាប់មនុស្ស ៥នាក់ និង ម្នាក់នៅមានជីវិត នៅប៉ាស៊ីហ្វិក

2026/04/13 06:21:44 pm        43
យោធាអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបំផ្ទុះទូកពីរគ្រឿង ដែលត្រូវបានចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន នៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដោយបានសម្លាប់មនុស្សសរុបចំនួន ៥ នាក់ និងបន្សល់ទុកអ្នក នៅរស់រានមានជីវិតម្នាក់ ខណៈដែលរដ្ឋបាលលោក ត្រាំ កំពុងបន្តយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀន នៅអាមេរិកឡាទីន ខណៈពេលដែលកំពុងរៀបចំការបិទផ្លូវនៅកំពង់ផែអ៊ីរ៉ង់ ដោយកងទ័ពទឹក។ការវាយប្រហារកាលពីថ្ងៃសៅរ៍ បានធ្វើឲ្យចំនួនមនុស្សដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើទូកដោយយោធាអាមេរិក កើនឡើងដល់យ៉ាងហោចណាស់ ១៦៨នាក់ ចាប់តាំងពីរដ្ឋបាលលោក ត្រាំ បានចាប់ផ្តើមកំណត់គោលដៅលើអ្នកដែលខ្លួនហៅថា «ភេរវករគ្រឿងញៀន» នៅដើមខែកញ្ញា។ដោយមានសេចក្តីថ្លែងការណ៍ភាគច្រើនរបស់យោធាលើការវាយប្រហាររាប់សិបលើក នៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រការ៉ាអ៊ីប ទីបញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានកំណត់គោលដៅលើអ្នកជួញដូរគ្រឿងញៀននៅតាមបណ្តោយផ្លូវរត់ពន្ធដែលគេស្គាល់។ យោធាមិនបានផ្តល់ភស្តុតាងថា នាវាកំពុងដឹកជញ្ជូនគ្រឿងញៀននោះទេ។ វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X បានបង្ហាញទូកតូចៗ កំពុងធ្វើដំណើរឆ្លងកាត់ផ្លូវទឹកនេះ មុនពេលពួកវា ត្រូវបានវាយប្រហារ។ទីបញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិក បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ខ្លួនបានជូនដំណឹងដល់ឆ្មាំសមុទ្រសហរដ្ឋអាមេរិកឲ្យបើកដំណើរការប្រព័ន្ធស្វែងរក និងជួយសង្គ្រោះសម្រាប់អ្នកនៅរស់រានមានជីវិត។ ឆ្មាំសមុទ្របានបញ្ជាក់ថា ខ្លួនកំពុងសម្របសម្រួលការស្វែងរក ហើយបាននិយាយថា ព័ត៌មានថ្មីៗ នឹងត្រូវបានផ្តល់ជូន នៅពេលដែលមាន៕

បាតុករនៅទីក្រុងបេរូតប្រទេសលីបង់ ស្រែកពាក្យស្លោកប្រឆាំងកិច្ចប្រជុំគ្រោងទុករបស់រដ្ឋាភិបាលជាមួយអ៊ីស្រាអែល

2026/04/13 06:19:22 pm        48
ក្រុមបាតុករ រួមទាំងក្រុមអ្នកគាំទ្រក្រុមហេសបូឡា បានជួបជុំគ្នានៅទីក្រុងបេរូត ដើម្បីជំទាស់កិច្ចប្រជុំតាមការរំពឹងទុករវាងរដ្ឋាភិបាលលីបង់ និងអ៊ីស្រាអែល ដោយពួកគេនាំគ្នាស្រែកពាក្យស្លោក និងគ្រវីទង់ជាតិលីបង់ និងទង់ក្រុមហេសបូឡា ។បាតុកម្មនេះ ត្រូវបានគេមើលឃើញស្រែកពាក្យស្លោក និងកាន់រូបថតអតីតមេដឹកនាំក្រុមហេសបូឡាលោក Hassan Nasrallah ក៏ដូចជាមេដឹកនាំបច្ចុប្បន្ន Naim Qassem ។លោក Mohamed Jaber គឺជាបាតុករមួយរូបនិយាយថា ពួកយើងគ្មានជម្រើសនោះទេ ប៉ុន្តែពួកយើងត្រូវតែតស៊ូ ។ ពួកយើងគ្មានជម្រើសនោះទេ ប៉ុន្តែពួកយើងត្រូវតែការពារទឹកដីរបស់ពួកយើង ។ក្រុមមន្រ្តីអ៊ីស្រាអែល និងលីបង់និយាយថា ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅសហរដ្ឋអាមេរិកលោក Yechiel Leiter និងសមភាគីលីបង់លោក Nada Hamadeh Moawad នឹងមានជំនួបពិភាក្សានៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃអង្គារស្អែក ប៉ុន្តែភាគីទាំង ២ បានចេញសេចក្តីថ្លែងការណ៍ជម្លោះ លើអ្វីដែលកិច្ចពិភាក្សានឹងគ្របដណ្តប់ ។ការិយាល័យប្រធានាធិបតីលីបង់ និយាយថា ភាគីទាំង ២ មាននូវការជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយនិងព្រមព្រៀងពិភាក្សាលើការប្រកាសបទឈប់បាញ់ និងកំណត់កាលបរិច្ឆេតសម្រាប់កិច្ចប្រជុំទ្វេភាគីក្រោមការសម្របសម្រួរបស់សហរដ្ឋអាមេរិក ៕

កូរ៉េខាងត្បូង និងប៉ូឡូញ យល់ព្រមចូលរួមកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងវិបត្តិមជ្ឈិមបូព៌ា

2026/04/13 06:10:07 pm        56
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung និងនាយករដ្ឋមន្រ្តីប៉ូឡូញលោក Donald Tusk នៅថ្ងៃចន្ទនេះ បានយល់ព្រមបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុងនោះមេដឹកនាំទាំង ២ ដាក់កិច្ចសហប្រតិបត្តិការការពារជាតិ ស្ថិតនៅកណ្តាលទំនាក់ទំនងរបស់ពួកគេ ។មេដឹកនាំកូរ៉េខាងត្បូងនិយាយថា ភាពជាដៃគូពង្រីកលើសពីការលក់អាវុធ រហូតដល់ការផលិតរួមគ្នា ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាល ។មេដឹកនាំទាំង ២ បានបញ្ជាក់ផងដែរពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងខ្សែចង្វាក់ផ្គត់ផ្គង់ថាមពល ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឧស្សាហកម្មទំនើប ការផ្លាស់ប្តូរអវកាស និងពីមនុស្សទៅមនុស្ស ។លោក Lee និយាយថា ប្រទេសទាំង ២ បានឯកភាពលើសារៈសំខាន់នៃការធ្វើឲ្យស្ថិរភាពខ្សែចង្វាក់ផ្គត់ផ្គង់សកល ស្របពេលសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ហើយនិងបន្តកិច្ចសហប្រតិបត្តិការរបស់ពួកគេ ។លោក Tusk បានបន្តដែរថា ប្រទេសទាំងអស់ ត្រូវតែធ្វើការរួមគ្នា ឆ្ពោះទៅរកសណ្តាប់ធ្នាប់ភូមិសាស្រ្តនយោបាយថ្មី និងសន្តិភាពអន្តរជាតិយូរអង្វែង ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM
គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ
05/31/2026 12:05 PM