UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា

ព័ត៌មានអន្តរជាតិ

អាមេរិក អូស្ត្រាលី និងហ្វីលីពីន បានធ្វើសមយុទ្ធរួមគ្នាលើកទីពីរនៅសមុទ្រចិនខាងត្បូងនៅឆ្នាំនេះ

2026/04/13 04:29:05 pm        176
សហរដ្ឋអាមេរិក និងអូស្ត្រាលី បានចូលរួមជាមួយប្រទេសហ្វីលីពីន សម្រាប់ការធ្វើសមយុទ្ធរួមលើកទីពីរនៅសមុទ្រចិនខាងត្បូងនៅឆ្នាំនេះ ក្នុងពេលមានភាពតានតឹងជាមួយប្រទេសចិនជុំវិញផ្លូវទឹកដែលមានជម្លោះ។ សមយុទ្ធរយៈពេលបួនថ្ងៃដែលបានចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមេសា បានប្រមូលផ្តុំនាវាចម្បាំង យន្តហោះចម្បាំង និងយន្តហោះឃ្លាំមើលនៅក្នុងប្រតិបត្តិការសម្របសម្រួលជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពការពារដែនសមុទ្រ នេះបើយោងតាមយោធាហ្វីលីពីនបាននិយាយនៅថ្ងៃចន្ទ ទី១៣ ខែមេសានេះ។សមយុទ្ធនេះបានបញ្ជាក់ពី «កិច្ចសហប្រតិបត្តិការការពារជាតិ កាន់តែស៊ីជម្រៅក្នុងចំណោមប្រទេសទាំងបី និងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេចំពោះសន្តិសុខក្នុងតំបន់»។ ប្រទេសហ្វីលីពីន បានដាក់ពង្រាយយន្តហោះចម្បាំង FA-50របស់ខ្លួន ខណៈប្រទេសអូស្ត្រាលី បានចូលនាំមកចូលរួមដោយយន្តហោះ P-8A Poseidon និងសហរដ្ឋអាមេរិក មាននាវា USS Ashland ។សមយុទ្ធនេះ បានធ្វើឡើងមុនពេលបើកសមយុទ្ធសង្គ្រាមទ្រង់ទ្រាយធំប្រចាំឆ្នាំនៅថ្ងៃទី២០ ខែមេសា ដែលមានឈ្មោះថា Balikatan ឬ «ស្មាទល់នឹងស្មា» រវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន ដែលជាលើកដំបូងនឹងរួមបញ្ចូលប្រទេសជប៉ុនជាអ្នកចូលរួមពេញលេញជាជាងជាអ្នកសង្កេតការណ៍ រួមជាមួយប្រទេសអូស្ត្រាលី។ប្រទេសហ្វីលីពីន និងចិន បានចោទប្រកាន់គ្នាទៅវិញទៅមកលើឧប្បត្តិហេតុជាបន្តបន្ទាប់នៅសមុទ្រចិនខាងត្បូង រួមទាំងការប៉ះទង្គិចគ្នាកាលពីពេលថ្មីៗនេះ ដែលទីក្រុងប៉េកាំង បានបញ្ចាំងភ្លើងហ្វាដាក់យន្តហោះរបស់ឆ្មាំល្បាតឆ្នេរហ្វីលីពីន។ ទីក្រុងប៉េកាំង តែងតែប្រឆាំងសកម្មភាពយោធារួមគ្នារបស់ទីក្រុងម៉ានីល ជាមួយដៃគូសម្ព័ន្ធមិត្តរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ដោយនិយាយថាសមយុទ្ធបែបនេះបង្កើនភាពតានតឹងនៅក្នុងតំបន់។

អូស្ត្រាលីតែងតាំងស្ត្រីឲ្យដឹកនាំកងទ័ពរបស់ខ្លួន ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ

2026/04/13 03:44:31 pm        137
អូស្ត្រាលីនៅថ្ងៃចន្ទនេះ បាននិយាយថា ស្ត្រីម្នាក់នឹងដឹកនាំកងទ័ពរបស់ខ្លួនជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ដែលជាផ្នែកមួយនៃការរុះរើរចនាសម្ព័ន្ធថ្នាក់ដឹកនាំកងកម្លាំងការពារជាតិរបស់ប្រទេសនេះ។រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីឧត្តមសេនីយ៍ទោ Susan Coyle ដែលជាប្រធានសមត្ថភាពរួមបច្ចុប្បន្ន នឹងក្លាយជាមេបញ្ជាការកងទ័ព នៅក្នុងខែកក្កដា។ លោកស្រី នឹងជំនួសលោកឧត្តមសេនីយ៍ទោ Simon Stuart។ការតែងតាំងលោកស្រី Coyle បានកើតឡើង នៅពេលដែលយោធាអូស្ត្រាលី កំពុងស្វែងរកការបង្កើនចំនួនមន្រ្តីដែលជាស្ត្រី នៅក្នុងជួរកម្លាំងរបស់ខ្លួន។ ប្រទេសនេះ ប្រឈមមុខនឹងការចោទប្រកាន់ពីបៀតបៀនផ្លូវភេទជាប្រព័ន្ធ និងការរើសអើង។លោកនាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ចាប់ពីខែកក្កដាតទៅ យើងនឹងមានមេបញ្ជាការកងទ័ពស្ត្រីដំបូងគេបង្អស់ នៅក្នុងប្រវត្តិសាស្ត្រ ១២៥ឆ្នាំ របស់កងទ័ព អូស្ត្រាលី»។រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បានហៅការតែងតាំងលោកស្រី Coyle ថា ជា«ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ»៕

អង្គការ NGOS៖ មនុស្សរាប់លាននាក់នៅស៊ូដង់ កំពុងរស់នៅ ដោយបរិភោគអាហារតែ ១ពេល ក្នុង១ថ្ងៃប៉ុណ្ណោះ

2026/04/13 03:40:01 pm        109
មនុស្សរាប់លាននាក់នៅក្នុងប្រទេសស៊ូដង់ កំពុងរស់នៅ ដោយគ្រាន់តែទទួលទានអាហារតែមួយពេល ក្នុងមួយថ្ងៃប៉ុណ្ណោះ ខណៈដែលវិបត្តិស្បៀងអាហារនៅក្នុងប្រទេសនេះ កាន់តែធ្ងន់ធ្ងរឡើង និងគំរាមកំហែងរីករាលដាល។ នេះបើយោងតាមរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះដោយក្រុមអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន។សង្គ្រាមនៅប្រទេសស៊ូដង់រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស ( RSF) ដែលចូលដល់ឆ្នាំទីបីរបស់ខ្លួន នៅថ្ងៃពុធ បានបង្កឲ្យមានភាពអត់ឃ្លានយ៉ាងទូលំទូលាយ និងមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅ ស្របពេលវិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយរបស់ពិភពលោក។របាយការណ៍របស់អង្គការសកម្មភាពប្រឆាំងនឹងភាពស្រេកឃ្លាន អង្គការ CARE International គណៈ    កម្មាធិការជួយសង្គ្រោះអន្តរជាតិ អង្គការ Mercy Corps និងក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស បានរកឃើញថា៖«នៅក្នុងតំបន់ពីរដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយជម្លោះ គឺ Darfur ខាងជើង និង Kordofan ខាងត្បូង មនុស្សរាប់លានគ្រួសារ អាចទទួលបានអាហារតែមួយពេល ក្នុងមួយថ្ងៃប៉ុណ្ណោះ»។របាយការណ៍នេះ បានបញ្ជាក់ថា៖«ជាញឹកញាប់ ពួកគេខកខានអាហារពេញមួយថ្ងៃទេ» ដោយបន្ថែមថា មនុស្សជាច្រើន បានងាកទៅរកការបរិភោគស្លឹកឈើ និងចំណីសត្វ ដើម្បីរស់រានមានជីវិត៕

ចក្រភពអង់គ្លេស និងបារាំង នឹងធ្វើការលើការបន្តការធ្វើនាវាចរណ៍ នៅច្រកសមុទ្រហ័រមូស

2026/04/13 03:33:35 pm        115
ការិយាល័យរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ថា ចក្រភពអង់គ្លេស និងបារាំង រួមជាមួយប្រទេសដទៃទៀត នឹងខិតខំប្រឹងប្រែង ដើម្បីបន្តការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូស។ការិយាល័យនោះ បានបញ្ជាក់ថា៖«ពួកគេបានឯកភាពគ្នាលើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃច្រកសមុទ្រ ហ័រមូសសម្រាប់ពាណិជ្ជកម្មសកល និងការផ្គត់ផ្គង់ថាមពល និងលើតម្រូវការក្នុងការធ្វើការជាមួយសម្ព័ន្ធភាពដៃគូយ៉ាងទូលំទូលាយ ដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍»។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីព្រឹក ថ្ងៃអាទិត្យថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត កំពុងចាប់ផ្តើមបិទច្រកសមុទ្រហ័រ  មូស។ ទោះជាយ៉ាងណាក៏ដោយ យោងតាមសារព័ត៌មាន Sky News ចក្រភពអង់គ្លេស នឹងមិនចូលរួមក្នុងបេសកកម្មយោធារបស់សហរដ្ឋអាមេរិកទេ៕

នាយករដ្ឋមន្ត្រីអេស្ប៉ាញ ហៅអតុល្យភាពពាណិជ្ជកម្មរបស់ចិនជាមួយ EUថា «មិននាំមកនូវវឌ្ឍនភាពទេ »

2026/04/13 03:10:19 pm        131
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានហៅអតុល្យភាពពាណិជ្ជកម្មរបស់ចិនជាមួយសហភាពអឺរ៉ុបថា «មិនបង្កើតឲ្យមានភាពរីកម្រើនទេ» នៅថ្ងៃចន្ទនេះ ខណៈដែលលោក បានចាប់ផ្តើមដំណើរទស្សនកិច្ច  រយៈពេលបីថ្ងៃ ទៅកាន់ទីក្រុងប៉េកាំង ជាទីដែលលោកសង្ឃឹមថា នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច។ដំណើរទស្សនកិច្ចរបស់លោក Sanchez គឺជាលើកទី ៤ របស់លោកទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៤ ឆ្នាំ ខណៈដែលលោកកំពុងស្វែងរកការដាក់ប្រទេសអេស្ប៉ាញជាស្ពានរវាងទីក្រុងប៉េកាំង និងសហភាពអឺរ៉ុប ដែលមានសមាជិកចំនួន ២៧ ប្រទេស ដែលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក បង្ហាញសញ្ញានៃភាពតានតឹង។ពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) និងគោលនយោបាយការបរទេសដែលមិនអាចទាយទុកជាមុនបាន បានបង្កឲ្យមានការព្រួយបារម្ភក្នុងចំណោមមេដឹកនាំលោកខាងលិច ដែលភាគច្រើន រួមទាំងមកពីចក្រភពអង់គ្លេស កាណាដា និងអាល្លឺម៉ង់ បានប្រមូលផ្តុំគ្នាទៅកាន់ទីក្រុងប៉េកាំង ក្នុងប៉ុន្មានខែថ្មីៗនេះ ដើម្បីស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធ។ទោះជាយ៉ាងណាក៏ដោយ លោក Sanchez បានសង្កត់ធ្ងន់នៅថ្ងៃចន្ទនេះថា ពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងប្រទេសចិន «មិនមានតុល្យភាព» ដោយអំពាវនាវឲ្យទីក្រុងប៉េកាំងបើកទីផ្សាររបស់ខ្លួនចំពោះការនាំចូលរបស់អឺរ៉ុប៕

លោក TRUMP និយាយថា អាមេរិកនឹងពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវគោលនយោបាយរបស់ខ្លួន នៅក្នុងណាតូ

2026/04/13 03:07:07 pm        79
លោកប្រធានាធិបតី ដូណាល់ ត្រាំ ( Donald Trump) បាននិយាយថា សហរដ្ឋអាមេរិកនឹងពិនិត្យឡើងវិញដោយប្រុងប្រយ័ត្ននូវគោលនយោបាយរបស់ខ្លួន នៅក្នុងអង្គការណាតូ។ លោកបានប្រាប់អ្នកយកព័ត៌មាននៅមូលដ្ឋានរួម Andrews ថា៖«យើងចំណាយប្រាក់រាប់ពាន់លានដុល្លារលើអង្គការណាតូ ដើម្បីជួយពួកគេការពារប្រឆាំងនឹងរុស្ស៊ី។ នៅពេលអ្នកគិតអំពីណាតូ យើងកំពុងការពារប្រឆាំងនឹងរុស្ស៊ី ហើយខ្ញុំធ្លាប់គិតជាយូរមកហើយថា វាគួរឲ្យអស់សំណើចបន្តិច។ យើងចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីធ្វើអង្គការនេះ ហើយខ្ញុំគិតថា វានឹងត្រូវត្រួតពិនិត្យយ៉ាងហ្មត់ចត់»។លោកបានថ្លែងថា៖«យើងចំណាយប្រាក់រាប់ពាន់លានដុល្លារសម្រាប់អង្គការណាតូ ហើយពួកគេមិនបានគាំទ្រយើងទេ» ដោយសំដៅទៅលើសកម្មភាពរបស់សម្ព័ន្ធមិត្តនៅក្នុងស្ថានភាពជុំវិញអ៊ីរ៉ង់។ នៅពេលសួរថាតើលោកមានគម្រោង «ដាក់ទណ្ឌកម្ម» សម្ព័ន្ធមិត្តណាតូមួយចំនួនដែលលោកមិនយល់ស្របជាពិសេសចំពោះការសម្រេចចិត្តរបស់ពួកគេលើអ៊ីរ៉ង់ លោក ត្រាំ មិនបានផ្តល់ចម្លើយដោយផ្ទាល់ទេ។ លោកបានកត់សម្គាល់ថា៖«យើងនឹងឃើញអ្វីដែលកើតឡើង»។ លោកបានសង្កត់ធ្ងន់ថា៖«ខ្ញុំខកចិត្តយ៉ាងខ្លាំងចំពោះអង្គការណាតូ។ ពួកគេមិនបានគាំទ្រយើងទេ»៕

ស្វ៊ីសត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាអ្នកសម្របសម្រួលរវាងអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីកិច្ចចរចានៅប៉ាគីស្ថាន

2026/04/13 03:04:32 pm        70
អ្នកនាំពាក្យក្រសួងការបរទេស លោក Michael Steiner បានប្រាប់សារព័ត៌មាន TASSថា ប្រទេសស្វ៊ីស ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាអ្នកសម្របសម្រួលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីការចរចារបស់ពួកគេ នៅទីក្រុងអ៊ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថាន។ លោកបានថា៖«ប្រទេសស្វ៊ីសតែងតែត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជូននូវសេវាកម្មល្អរបស់ខ្លួន។ ក្រសួងការបរទេសរក្សាទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធ» ដោយបន្ថែមថា ទីក្រុង Bern បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរបស់ខ្លួន «ដើម្បីគាំទ្រគំនិតផ្តួចផ្តើមការទូតណាមួយ ដែលអាចលើកដល់កម្ពស់សន្តិភាព»។លោកបាននិយាយថា៖ ក្រោមអាណត្តិនៃអំណាចការពាររបស់ខ្លួន ប្រទេសស្វ៊ីស បន្តធានានូវបណ្តាញទំនាក់ទំនង» រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។ «បណ្តាញនេះ គឺបើកចំហ និងអាចទំនាក់ទំនង បានសម្រាប់ភាគីនានា»៕

នាយករដ្ឋមន្ត្រីលីបង់និយាយថា លោកកំពុងធ្វើការ ដើម្បីសម្រេចបាននូវការដកកងទ័ពអ៊ីស្រាអែល

2026/04/13 02:59:18 pm        64
នាយករដ្ឋមន្ត្រីលីបង់លោក Nawaf Salam បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃអាទិត្យថា លោកកំពុងធ្វើការ ដើម្បីបញ្ឈប់សង្គ្រាមអ៊ីស្រាអែល-ក្រុមហេសបូឡា ទោះបីជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានប្រាប់កងទ័ពនៅភាគខាងត្បូងលីបង់ថា ការប្រយុទ្ធគ្នានៅទីនោះ មិនទាន់ចប់នៅឡើយទេ។ក្រសួងសុខាភិបាល បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃអាទិត្យនៅភាគខាងត្បូង រួមទាំងគ្រូពេទ្យសង្គ្រោះបន្ទាន់ម្នាក់ បន្ទាប់ពី «សត្រូវអ៊ីស្រាអែល បានកំណត់គោលដៅដោយផ្ទាល់ទៅលើក្រុមរថយន្តសង្គ្រោះបន្ទាន់របស់កាកបាទក្រហមលីបង់»។ចំណែកកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ UNIFIL បាននិយាយថា រថក្រោះអ៊ីស្រាអែលមួយគ្រឿង ត្រូវបានបើកបុករថយន្តរបស់ខ្លួនពីរដង «ក្នុងករណីមួយបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ»។អ៊ីស្រាអែលនិយាយថា បទឈប់បាញ់បណ្តោះអាសន្នដ៏ផុយស្រួយនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដ៏ទូលំទូលាយមិនអនុវត្តចំពោះការប្រយុទ្ធរបស់ខ្លួនជាមួយក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់ទេ ហើយបានបន្តការវាយប្រហាររបស់ខ្លួន លើប្រទេសនេះ ខណៈដែលក្រុមសកម្មប្រយុទ្ធ បានវាយបកវិញ៕

មនុស្ស ២៤ នាក់ ត្រូវបានចាប់ខ្លួននៅគូវ៉ែតពីបទ «ផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម»

2026/04/13 02:39:58 pm        48
អាជ្ញាធរបាននិយាយថា គូវ៉ែតបានចាប់ខ្លួនមនុស្ស ២៤នាក់ ជាផ្នែកមួយនៃការស៊ើបអង្កេតលើ «ការផ្តល់ហិរញ្ញប្បទានដល់អង្គភាពភេរវកម្ម» រួមទាំងអតីតសមាជិកសភាចំនួន ៥នាក់ ផងដែរ។ចាប់តាំងពីអ៊ីរ៉ង់បានចាប់ផ្តើមវាយប្រហារប្រទេសគូវ៉ែត និងរដ្ឋឈូងសមុទ្រដទៃទៀតកាលពីខែមុន ដែលជាផ្នែកមួយនៃសង្គ្រាមមជ្ឈិមបូព៌ា អាជ្ញាធរនៅទូទាំងតំបន់ បានចាត់វិធានការប្រឆាំងនឹងបុគ្គល និងអង្គការដែលសង្ស័យថា មានទំនាក់ទំនងជាមួយ ឬគាំទ្រទីក្រុងតេអេរ៉ង់។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងមហាផ្ទៃគូវ៉ែត មិនបាននិយាយអំពីប្រទេស ឬអង្គការជាក់លាក់ណាមួយទេ ប៉ុន្តែបាននិយាយថា ខ្លួនបាន «រារាំងផែនការមួយដែលកំណត់គោលដៅលើការបំផ្លាញសន្តិសុខមាតុភូមិ និងការផ្តល់ហិរញ្ញប្បទានដល់អង្គភាព និងអង្គការភេរវកម្ម»។ក្រសួងបានបន្ថែមថា «ទីភ្នាក់ងារសន្តិសុខរដ្ឋ បានចាប់ខ្លួនពលរដ្ឋចំនួន ២៤ នាក់ ដែលម្នាក់ក្នុងចំណោមពួកគេ ដែលមានទឹកប្រាក់ហិរញ្ញវត្ថុដែលជាប់ទាក់ទងនឹងសកម្មភាពខុសច្បាប់ ត្រូវបានដកហូតសញ្ជាតិ៕

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ ប្រតិបត្តិការរុះរើ កំពុងដំណើរការតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់

2026/04/13 02:32:00 pm        78
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីថ្ងៃអាទិត្យថា យោធាបានចាប់ផ្តើមប្រតិបត្តិការថ្មីមួយ ដើម្បីរុះរើផ្ទះទាំងអស់នៅក្នុងភូមិនានាតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈដែលការប្រយុទ្ធគ្នា នៅតែបន្តនៅក្នុងតំបន់នោះ។ថ្លែងទៅកាន់កងទ័ពអំឡុងពេលទស្សនកិច្ចនៅភាគខាងត្បូងប្រទេសលីបង់ លោក Katz បាននិយាយថា កងកម្លាំងអ៊ីស្រាអែល នឹងមិនដកថយទេ ប្រសិនបើក្រុមហេសបូឡា មិនបញ្ឈប់ការបាញ់រ៉ូកែតឆ្ពោះទៅភាគខាងជើងប្រទេសនេះ។លោកបានថ្លែងថា៖«យើងបានសម្រេចចិត្តថា យើងនឹងមិនចាកចេញពីភាគខាងជើងទៀតទេ»។ «យើងនឹងបន្តប្រតិបត្តិការនេះ ហើយគោលដៅ គឺដើម្បីដកហូតអាវុធរបស់ក្រុមហេបូឡា»។លោក Katz បាននិយាយថា ប្រជាជននៅភាគខាងត្បូងនៃទន្លេ Litani នឹងមិនត្រូវបានអនុញ្ញាតឲ្យត្រឡប់មកវិញទេ។ លោកបានបញ្ជាក់ថា៖«ប្រជាជនទាំងអស់ ... នឹងមិនត្រឡប់ទៅភាគខាងត្បូងនៃទន្លេ Litani វិញទេ» ដោយបន្ថែមថា ពួកគេនឹងត្រូវបានហាមឃាត់មិនឲ្យត្រឡប់មកវិញ រហូតដល់សន្តិសុខសម្រាប់ភាគខាងជើងអ៊ីស្រាអែល ត្រូវបានធានា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM
គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ
05/31/2026 12:05 PM
អ្នកដាំទុរេនស្រុកចម្ការលើ​ចង់ឲ្យអ្នកលក់ប្រកាន់ភាពស្មោះត្រង់លើអតិថិជន
05/31/2026 12:05 PM
មេបញ្ជាការតំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ឆ្នាំង នាំយកអំណោ​ឧបត្ថម្ភដល់កុមារីកំព្រា កំពុង​មើល​ថែ​ប្អូន​តូច​នៅ​កំពង់ឆ្នាំង
05/31/2026 12:05 PM
ក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ណែនាំអាជ្ញាធរផ្សព្វផ្សាយ​ពីច្បាប់​កាតព្វកិច្ច​យោធា​ដល់​ពលរដ្ឋ
05/31/2026 11:05 AM
UN៖ ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល-ក្រុមហេសបូឡា ធ្វើឲ្យប៉ះពាល់ការចូលដល់ជំនួយនៅភាគខាងត្បូងលីបង់
05/31/2026 11:05 AM
ករណីឆ្លងសង្ស័យជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកើនឡើងដល់ ១.០២៨នាក់
05/31/2026 11:05 AM
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
05/31/2026 11:05 AM
សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ
05/31/2026 10:05 AM
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
05/31/2026 10:05 AM