កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង

ព័ត៌មានអន្តរជាតិ

ព្យុះស៊ីក្លូនបក់បោកលើកោះខាងជើងរបស់នូវែលសេឡង់ និងជំរុញឲ្យជម្លៀសមនុស្ស

2026/04/12 04:52:39 pm        143
ព្យុះស៊ីក្លូន Vaianu បានបក់បោកទៅដល់ដីគោក នៅលើកោះខាងជើង (North Island) របស់ប្រទេសនូវែលសេឡង់ នាថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) ដោយបង្កឲ្យមានទឹកជំនន់ ការដាច់ចរន្តអគ្គិសនី និងបង្ខំឲ្យមនុស្សរាប់រយនាក់ត្រូវជម្លៀសចេញ។ព្យុះស៊ីក្លូននេះបានបក់បោកកាត់ឆ្នេរសមុទ្រ នៅជិតឧបទ្វីប Maketu ដោយមានល្បឿនខ្យល់លើសពី ១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ភ្លៀងធ្លាក់ខ្លាំង និងរលកធំៗ។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសេវាអាកាសធាតុជាតិ MetService ដោយពណ៌នាអំពីព្យុះ Vaianu ថា ជាប្រព័ន្ធ «គំរាមកំហែងដល់អាយុជីវិត»។អាជ្ញាធរបានដាក់តំបន់ជាច្រើននៅក្រោមការប្រកាសអាសន្ន និងបានចេញការព្រមានអំពីខ្យល់កម្រិត «ក្រហម» ដែលត្រូវបានប្រើ សម្រាប់តែព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ។រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ លោក Mark Mitchell បាននិយាយថា ព្យុះស៊ីក្លូននេះ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ជ្រុងនៃកោះខាងជើង ដោយធ្វើឲ្យទីក្រុង Auckland ជាទីក្រុងដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេស រួចផុតពីស្ថានភាពអាក្រក់បំផុត។ ប៉ុន្តែខ្យល់បក់ខ្លាំង និងរលក នៅតែត្រូវបានគេរំពឹងមាន បន្ទាប់ពីព្យុះនេះបក់បោកទៅដល់ដីគោក នាពេលរសៀល។លោកបានបន្ថែមថា ព្យុះស៊ីក្លូននេះបានបង្ខំឲ្យប្រជាជនរាប់រយនាក់ជម្លៀសចេញ និងបានកាត់ផ្តាច់ចរន្តអគ្គិសនីពីផ្ទះសម្បែងចំនួន ៥.០០០ខ្នង។យ៉ាងណាក្ដី ទីភ្នាក់ងារ MetService បានបញ្ជាក់ថា ស្ថានភាពនឹងធូរស្រាល នៅពេលដែលព្យុះ Vaianu ធ្វើដំណើរដោយយឺតៗតាមកោះខាងជើង មុនពេលបក់បោកចេញពីកោះ នាល្ងាចថ្ងៃអាទិត្យ នៅឯតំបន់ឆ្នេរ Hawke's Bay៕

ក្រុមហាម៉ាសទាមទារវិធានការ ចំពោះការរំលោភបំពានរបស់អ៊ីស្រាអែល លើបទឈប់បាញ់ នៅហ្កាហ្សា

2026/04/12 04:45:37 pm        148
កាលពីថ្ងៃសៅរ៍ ក្រុមតស៊ូហាម៉ាសប៉ាឡេស្ទីន បានបន្តការទាមទាររបស់ខ្លួន ដែលថា អ្នកសម្របសម្រួល និងបណ្ដាប្រទេសអ្នកធានា ត្រូវចាត់វិធានការ ដោយសារតែការរំលោភបំពានរបស់អ៊ីស្រាអែល លើកិច្ចព្រមព្រៀងបទឈប់បាញ់ នៅក្នុងតំបន់ហ្កាហ្សា។អ្នកនាំពាក្យហាម៉ាស លោក Hazem Qassem បាននិយាយថា អ៊ីស្រាអែលបានប្រព្រឹត្ត «អំពើសម្លាប់រង្គាលដ៏គួរឲ្យរន្ធត់» នៅភាគកណ្តាលតំបន់ហ្កាហ្សា កាលពីព្រឹកថ្ងៃសៅរ៍។ លោក Qassem បាននិយាយថា៖ «ក្រុមអ្នកកាន់កាប់ឧក្រិដ្ឋ គឺអ៊ីស្រាអែល នៅថ្ងៃនេះ បានប្រព្រឹត្តអំពើសម្លាប់រង្គាលដ៏គួរឲ្យរន្ធត់មួយ ដោយសម្លាប់ពលរដ្ឋចំនួន ៦នាក់ នៅក្នុងជំរំ Bureij ដែលជាការបន្តសង្គ្រាមប្រល័យពូជសាសន៍ ទោះបីជាមានការនិយាយបំភ័ន្តគ្រប់យ៉ាង អំពីការបន្តបទឈប់បាញ់ក៏ដោយ"។ប្រភពពីមន្ទីរពេទ្យ បានប្រាប់សារព័ត៌មាន Anadolu ថា ជនជាតិប៉ាឡេស្ទីន ត្រូវបានសម្លាប់ ហើយអ្នកផ្សេងទៀតរងរបួស នៅមុនព្រះអាទិត្យរះ នាថ្ងៃសៅរ៍ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែលដែលដាក់គោលដៅលើការជួបជុំជនស៊ីវិល នៅក្នុងជំរំនេះ។ ហើយប្រភពដដែលបានបន្ថែមថា នៅយប់ថ្ងៃសៅរ៍ ជនជាតិប៉ាឡេស្ទីនម្នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើទីក្រុង Beit Lahia នៅភាគខាងជើងនៃតំបន់ហ្កាហ្សា ដែលធ្វើឲ្យចំនួនអ្នកស្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីព្រឹកព្រលឹម ឡើងដល់យ៉ាងតិច ៧នាក់។លោក Qassem បាននិយាយថា ការសម្លាប់ទាំងនេះ បានមកជួយអះអាងជាថ្មីនូវការទាមទាររបស់ក្រុមតស៊ូប៉ាឡេស្ទីន ដែលថា អ៊ីស្រាអែលត្រូវតែបង្ខំឲ្យអនុវត្តដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងឈប់បាញ់ ក្នុងនោះរួមទាំងការបញ្ចប់ការរំលោភបំពានទាំងអស់ មុនពេលឈានទៅដល់ដំណាក់កាលទី២។គួរបញ្ជាក់ថា មនុស្សជាង ៧២.០០០នាក់ ត្រូវបានសម្លាប់ និងជាង ១៧១.០០០នាក់រងរបួស នៅក្នុងសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣។ ការវាយប្រហារនេះ ត្រូវបានបញ្ឈប់ក្រោមបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិក ដែលបានចូលជាធរមានកាលពីខែតុលា៕

ទីក្រុងតេអេរ៉ង់៖ កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក មិនអាចឈានដល់ ត្រឺមតែកិច្ចប្រជុំ ១លើកទេ

2026/04/12 04:15:12 pm        144
ក្រសួងការបរទេសអ៊ីរ៉ង់ បានលើកឡើងថា គ្មាននរណាម្នាក់ មានការរំពឹងទុកណាមួយ ដែលថា ការចរចាជាមួយសហរដ្ឋអាមេរិក អាចឈានដល់កិច្ចព្រមព្រៀង ត្រឹមតែការជួបគ្នា ១លើកនោះឡើយ បន្ទាប់ពីការចរចា នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន បានជាប់គាំង នៅថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) នេះ។នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ IRIB បានឲ្យដឹងថា អ្នកនាំពាក្យក្រសួង លោក Esmaeil Baqaei បាននិយាយថា៖ «ជាធម្មតា តាំងពីដើមដំបូងមក យើងមិនគួររំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀង ក្នុងកិច្ចប្រជុំតែមួយវគ្គនោះទេ។ គ្មាននរណាម្នាក់មានការរំពឹងទុកបែបនេះឡើយ»។លោកបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ «មានទំនុកចិត្តថា ទំនាក់ទំនង រវាងយើង និងប៉ាគីស្ថាន ក៏ដូចជាមិត្តភក្តិផ្សេងទៀតរបស់យើង នៅក្នុងតំបន់ នឹងបន្ត»។គួរបញ្ជាក់ថា ការចរចាសន្តិភាពកម្រិតខ្ពស់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសប៉ាគីស្ថាន មុនពេលអនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយនៅថ្ងៃអាទិត្យនេះថា ក្រុមចរចារបស់លោក កំពុងចាកចេញ បន្ទាប់ពីមិនបានឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ក្រោយមានការចរចារយៈពេល ២១ម៉ោង ដែលធ្វើឲ្យប៉ះពាល់ដល់បទឈប់បាញ់ដ៏ផុយស្រួយរយៈពេល ២សប្តាហ៍។ប្រព័ន្ធផ្សព្វផ្សាយ IRIB បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា «ការទាមទារមិនសមហេតុផល» របស់សហរដ្ឋអាមេរិក បានប៉ះពាល់ដល់ការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីបញ្ចប់សង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។ ហើយនៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ លោក Baqaei បានសរសេរនៅលើបណ្ដាញសង្គម X ដោយសង្កត់ធ្ងន់ថា ភាពជោគជ័យនៃកិច្ចចរចាសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាស្រ័យលើទីក្រុងវ៉ាស៊ីនតោន ក្នុងការជៀសវាងការទាមទារ «ហួសហេតុ» និង «ខុសច្បាប់»៕

លោក Trump បង្ហាញលទ្ធភាពខ្ទប់ផ្លូវទឹករបស់អ៊ីរ៉ង់ ក្រោយការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ បរាជ័យ

2026/04/12 03:55:19 pm        211
ប្រធានាធិបតីអាមេរិក លោក Donald Trump បានចែករំលែកអត្ថបទមួយ នៅថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) នេះ ដែលបានលើកឡើងថា លោកមានជម្រើស ក្នុងការអនុវត្តការបិទផ្លូវទឹក នៅអ៊ីរ៉ង់។រឿងនេះបានកើតឡើងក្រោយប៉ុន្មានម៉ោងបន្ទាប់ពីអនុប្រធានាធិបតី លោក JD Vance បាននិយាយថា កិច្ចព្រមព្រៀងមួយមិនត្រូវបានសម្រេចឡើងនោះទេ ជាមួយអ៊ីរ៉ង់ ហើយក្រុមចរចារបស់លោកកំពុងចាកចេញពីប្រទេសប៉ាគីស្ថាន។អត្ថបទដែលមានចំណងជើងថា «សន្លឹកបៀ ដែលលោកប្រធានាធិបតី Trump កាន់ ប្រសិនបើអ៊ីរ៉ង់មិនព្រមចុះញ៉មទេ នោះគឺការបិទខ្ទប់ផ្លូវទឹក» បានទាញយកការប្រៀបធៀបពីយុទ្ធសាស្ត្រដែលរដ្ឋបាលរបស់លោក Trump បានប្រើប្រាស់នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា មុនពេលឈានទៅដល់ការចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro នាពេលនោះ។របាយការណ៍ពីសារព័ត៌មាន Just The News បានលើកឡើងថា៖ «មុនពេលលោកចាប់ផ្តើមការចាប់ខ្លួនលោក Nicholas Maduro ដោយយោធា លោកប្រធានាធិបតី Donald Trump បានធ្វើឲ្យសេដ្ឋកិច្ចវ៉េណេស៊ុយអេឡាដួលរលំ ដោយការបិទផ្លូវទឹក ដែលបានរាំងស្ទះប្រាក់ចំណូលពីប្រេងរបស់ប្រទេសនេះ»។សារព័ត៌មាននេះបានបន្ថែមថា លោក Trump «អាចនឹងប្រើយុទ្ធសាស្ត្រខ្ទប់ផ្លូវដ៏ជោគជ័យរបស់លោកឡើងវិញ ដើម្បីបិទសេដ្ឋកិច្ចអ៊ីរ៉ង់ដែលកំពុងធ្លាក់ចុះរួចទៅហើយ និងបង្កើនសម្ពាធការទូត លើប្រទេសចិន និងឥណ្ឌា ដោយកាត់ផ្តាច់ប្រភពប្រេងដ៏សំខាន់មួយរបស់ពួកគេ» ប្រសិនបើអ៊ីរ៉ង់បដិសេធមិនទទួលយកកិច្ចព្រមព្រៀងទេនោះ។គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាមរបស់ពួកគេ ទោះបីជាមានការចរចាដ៏យូរក៏ដោយ ដែលបានបញ្ចប់នៅថ្ងៃអាទិត្យ នៅរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន ដែលធ្វើឲ្យបទឈប់បាញ់ដ៏ផុយស្រួយ ស្ថិតក្នុងហានិភ័យ៕

មនុស្សយ៉ាងតិច ៣០នាក់ស្លាប់ ក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នា នៅទីតាំងប្រវត្តិសាស្ត្ររបស់ហៃទី

2026/04/12 03:25:54 pm        178
អាជ្ញាធរបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣០នាក់បានបាត់បង់ជីវិត កាលពីថ្ងៃសៅរ៍ (ទី១១ ខែមេសា ឆ្នាំ២០២៦) នៅក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នា នៅតំបន់ជនបទភាគខាងជើងនៃប្រទេសហៃទី ដោយមានការព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើង។លោក Jean Henri Petit ប្រធានផ្នែកការពារជនស៊ីវិល សម្រាប់នាយកដ្ឋាន Nord របស់ហៃទី បាននិយាយថា ការប្រជ្រៀតជាន់គ្នានេះ បានកើតឡើងនៅ Laferriere Citadel ដែលជាបន្ទាយដើមសតវត្សរ៍ទី១៩ ដែលត្រូវបានសាងសង់ភ្លាមៗ បន្ទាប់ពីហៃទីទទួលបានឯករាជ្យពីប្រទេសបារាំង។លោក Petit បានបន្តថា ក្នុងនាមជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមបំផុតមួយរបស់ហៃទី បន្ទាយនេះមានសុទ្ធតែសិស្សានុសិស្ស និងអ្នកទស្សនា កាលពីថ្ងៃសៅរ៍ ដែលបានទៅចូលរួមក្នុងពិធីអបអរសាទរប្រចាំឆ្នាំនៃតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។លោក Petit បានបញ្ជាក់ថា ការប្រជ្រៀតជាន់គ្នានេះ បានកើតឡើងនៅច្រកចូលនៃកន្លែងកើតហេតុ ដោយបន្ថែមថា ភ្លៀងបានធ្វើឲ្យហេតុការណ៍អាក្រក់នោះកាន់តែធ្ងន់ធ្ងរឡើង។ហេតុការណ៍ប្រជ្រៀតជាន់គ្នាបណ្ដាលឲ្យមានអ្នកស្លាប់ច្រើននេះ បានកើតឡើង ខណៈដែលប្រទេសហៃទីកំពុងដោះស្រាយយ៉ាងលំបាកជាមួយអំពើហិង្សាយ៉ាងទូលំទូលាយ ដែលបង្កឡើងដោយក្រុមអន្ធពាល ជាអ្វីដែលបានបណ្ដាលឲ្យមានការសម្លាប់រង្គាលជនស៊ីវិល ក៏ដូចជាការបង្ក្រាបកាន់តែខ្លាំងឡើងៗដោយកងកម្លាំងសន្តិសុខ៕

ចិនផ្តល់វិធានការលើកទឹកចិត្តដល់កោះតៃវ៉ាន់ បន្ទាប់ពីមានទស្សនកិច្ចរបស់មេដឹកនាំប្រឆាំង

2026/04/12 03:22:04 pm        140
នៅថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) នេះ ប្រទេសចិន បានបង្ហាញវិធានការលើកទឹកចិត្តថ្មីចំនួន ១០ចំណុច សម្រាប់កោះតៃវ៉ាន់ ក្នុងនោះរួមទាំងការបន្ធូរបន្ថយការរឹតបន្តឹងផ្នែកទេសចរណ៍ ការអនុញ្ញាតឲ្យមានការចាក់ផ្សាយរឿងភាគទូរទស្សន៍ «សមស្រប» និងការសម្រួលដល់ការលក់អាហារ ដោយការផ្ដល់ជូននេះកើតឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងរបស់កោះនេះ។ការវិវត្តនេះកើតមាននៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដោយលោកស្រី Cheng Li-wun ប្រធានគណបក្ស Kuomintang (KMT) ដែលជាគណបក្សប្រឆាំងធំបំផុតរបស់កោះតៃវ៉ាន់។ លោកស្រីបានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping ហើយបានពិភាក្សាអំពីតម្រូវការ សម្រាប់សន្តិភាព និងការផ្សះផ្សា។វិធានការទាំង ១០ចំណុច ដែលត្រូវបានបង្ហាញដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ Xinhua «ពិចារណា» ពីការបង្កើតយន្តការទំនាក់ទំនងជាប្រចាំ រវាងគណបក្ស KMT និងគណបក្សកុម្មុយនីស្តចិន ការបន្តជើងហោះហើរឡើងវិញទាំងស្រុង រវាងភាគីទាំង២ និងការអនុញ្ញាតឲ្យបុគ្គលពីទីក្រុងសៀងហៃ និងខេត្ត Fujian ទៅទស្សនកិច្ចកោះតៃវ៉ាន់។សារព័ត៌មាន Xinhua បានបន្ថែមថា យន្តការមួយ នឹងត្រូវបានបង្កើតឡើង ដើម្បីបន្ធូរបន្ថយស្តង់ដារត្រួតពិនិត្យ សម្រាប់ផលិតផលអាហារ និងនេសាទ ប៉ុន្តែវាត្រូវតែស្ថិតនៅលើមូលដ្ឋាននយោបាយនៃ «ការប្រឆាំងនឹងឯករាជ្យរបស់កោះតៃវ៉ាន់»។មិនមានប្រតិកម្មភ្លាមៗនោះឡើយ ពីរដ្ឋបាលកោះតៃវ៉ាន់ ពាក់ព័ន្ធនឹងវិធានការលើកទឹកចិត្តនេះ។ ប្រទេសចិនបដិសេធមិនជជែកជាមួយមេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te ដោយលើកឡើងថា លោកជា «អ្នកបំបែកខ្លួន»។ លោក Lai បដិសេធការអះអាងសិទ្ធិអធិបតេយ្យរបស់ទីក្រុងប៉េកាំង លើកោះស្វ័យគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ៕

ការគ្រប់គ្រងច្រកសមុទ្រ Hormuz និងការស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ គឺជាចំណុចជាប់គាំង

2026/04/12 02:17:01 pm        169
នៅពេលដែលការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបញ្ចប់មុនព្រះអាទិត្យរះ នាថ្ងៃសៅរ៍ (ទី១១ ខែមេសា ឆ្នាំ២០២៦) ដោយគ្មានបទឈប់បាញ់ជាអចិន្ត្រៃយ៍ សហរដ្ឋអាមេរិកបានប្រាប់ថា ខ្លួនបានធ្វើការផ្តល់ជូនចុងក្រោយដ៏ល្អបំផុត តែអ៊ីរ៉ង់មិនបានទទួលយកទេ។បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរយៈពេល ២១ម៉ោងជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ នៅទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន ដោយមិនបានបញ្ជាកបន្ទាត់ក្រហមជាអ្វី អនុប្រធានាធិបតី J.D. Vance បាននិយាយថា៖ «យើងបានបញ្ជាក់យ៉ាងច្បាស់ថា តើខ្សែបន្ទាត់ក្រហមរបស់យើងជាអ្វី ពោលគឺអ្វីដែលយើងមានឆន្ទៈក្នុងការសម្របសម្រួលជាមួយពួកគេ និងអ្វីដែលយើងមិនមានឆន្ទៈក្នុងការសម្របសម្រួលជាមួយពួកគេ»។ប៉ុន្មានថ្ងៃមុនដល់ពេលចរចា ភាគីទាំង២ បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈដែលបង្ហាញថា ពួកគេនៅតែមានគំនិតខ្វែងគ្នាឆ្ងាយ ជុំវិញបញ្ហាសំខាន់ៗជាច្រើន។ ភាគីទាំង២ មិនបានយល់ស្របសូម្បីថា តើបទឈប់បាញ់រយៈពេល ២សប្តាហ៍ដែសម្រេចបានកាលពីថ្ងៃទី៧ ខែមេសា អនុវត្តចំពោះការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ដែរ ឬទេ ជាជម្លោះដែលស្ទើរតែធ្វើឲ្យកិច្ចប្រជុំរអាក់រអួល។ព្រឹកថ្ងៃទី១១ ខែមេសា មន្ត្រីអ៊ីរ៉ង់ ២រូបដែលដឹងពីការចរចានេះ បានបង្ហើបឲ្យដឹងថា ចំណុចជាប់គាំងសំខាន់ៗចំនួន ៣ នៅតែមាន ដូចជាការបើកច្រកសមុទ្រ Hormuz ឡើងវិញ ជោគវាសនានៃសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយ និងការទាមទាររបស់អ៊ីរ៉ង់ឲ្យបញ្ចេញប្រាក់ប្រហែល ២៧ពាន់លានដុល្លារដែលត្រូវបានបង្កនៅបរទេស។អ្នកវិភាគម្នាក់ លោក Mehdi Rahmati នៅទីក្រុងតេអេរ៉ង់ បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖ «នៅពេលដែលក្រុមមានភាពប្រាកដប្រជាចំនួន ២ ដែលមានបំណងចង់ឈានដល់កិច្ចព្រមព្រៀងមួយ ទៅដល់តុចរចា វាត្រូវតែជាការឈ្នះ-ឈ្នះ សម្រាប់ភាគីទាំង២។ វាមិនសមហេតុផលទេ ក្នុងការគិតថា យើងអាចចេញពីរឿងនេះ ដោយមិនធ្វើសម្បទានប្រកដប្រជាណាមួយនោះ»។ តែយ៉ាងណាក្ដី ទោះបីជាកិច្ចប្រជុំ បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីក៏ដោយ ក៏ការណ៍ដែលពួកគេបានធ្វើឡើង គឺជាសញ្ញានៃវឌ្ឍនភាព។ លោកបណ្ឌិត Vali Nasr សាស្ត្រាចារ្យ និងជាអ្នកជំនាញអ៊ីរ៉ង់ នៅសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិក បាននិយាយថា៖ «នេះគឺជាការចរចាដោយផ្ទាល់ដ៏ធំ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយវាឆ្លុះបញ្ចាំងពីចេតនារបស់ភាគីទាំង២ ក្នុងការបញ្ចប់សង្គ្រាមនេះ។ ហើយមានសន្ទុះវិជ្ជមានយ៉ាងច្បាស់ ដើម្បីបន្តការចរចា ដរាបណាពួកគេមិនបញ្ឈប់»៕

លោក Netanyahu៖ អ៊ីស្រាអែលចង់បាន «កិច្ចព្រមព្រៀងសន្តិភាពពិត» ជាមួយលីបង់ មុនជួបគ្នានៅក្រុងវ៉ាស៊ីនតោន

2026/04/12 01:52:18 pm        171
មុនមានកិច្ចចរចាបទឈប់បាញ់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃសៅរ៍ (ទី១១ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា លោកចង់បាន «កិច្ចព្រមព្រៀងសន្តិភាពជាមួយលីបង់ ដែលនឹងមានភាពស្ថិតស្ថិរជាច្រើនជំនាន់»។ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើប្រទេសលីបង់ ខណៈដែលពិភពលោកកំពុងប្រឹងប្រែងដោះស្រាយយ៉ាងលំបាករួចទៅហើយ សម្រាប់សង្គ្រាមនៅអ៊ីរ៉ង់ ។ ហើយលោក Netanyahu ក៏បានលើកឡើងផងដែរថា អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុង «ប្រឹងប្រែងយ៉ាងលំបាក ដើម្បីរស់» ស្របពេលកិច្ចចរចាបទឈប់បាញ់ នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបញ្ចប់ទៅដោយមិនមានផ្លែផ្កាអ្វីឡើយ។លោកនាយករដ្ឋមន្ត្រីរូបនេះ បានសន្យាថា យុទ្ធនាការយោធារបស់អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ «មិនទាន់ចប់ទេ» ទោះបីជាលោកបាននិយាយថា អ៊ីស្រាអែលបានសម្រេច «សមិទ្ធផលជាប្រវត្តិសាស្ត្រ» រួចហើយក្ដី។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម X លោកបានបញ្ជាក់ថា៖ «យើងបានវាយប្រហារពួកគេ យើងនៅតែមានការងារជាច្រើនទៀតដែលត្រូវធ្វើ»។ បន្ទាប់ពីមានការជជែកតាមទូរស័ព្ទលើកដំបូង ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងលីបង់ ប្រចាំសហរដ្ឋអាមេរិកបានយល់ព្រមជួបគ្នា នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃអង្គារសប្ដាហ៍ក្រោយ។ អ្នកការទូតនឹងស្វែងរកការប្រកាស អំពីបទឈប់បាញ់ និងកាលបរិច្ឆេទ ដើម្បីចាប់ផ្តើមការចរចាដោយផ្ទាល់។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ថា `ការចរចាសន្តិភាពជាផ្លូវការ~ នឹងចាប់ផ្តើមជាមួយលីបង់ ប៉ុន្តែបានបន្ថែមថា អ៊ីស្រាអែលបដិសេធមិនពិភាក្សា អំពីបទឈប់បាញ់ជាមួយក្រុមហេសបូឡាទេ។ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី Netanyahu ក៏បានអនុញ្ញាតឲ្យមានកិច្ចចរចាដោយផ្ទាល់ផងដែរ បន្ទាប់ពីអ្វីដែលលោកបាននិយាយថា ជា «សំណើម្តងហើយម្តងទៀតពីរដ្ឋាភិបាលលីបង់»៕

ប្រជាជនហុងគ្រីបោះឆ្នោតនៅក្នុងការបោះឆ្នោតដែលត្រូវបានតាមដានដោយ EU រុស្ស៊ី និងអាមេរិក

2026/04/12 12:34:09 pm        131
ប្រជាជនហុងគ្រីត្រូវចេញទៅប្រើប្រាស់សិទ្ធិរបស់ខ្លួន នៅថ្ងៃអាទិត្យ (ទី១២ ខែមេសា ឆ្នាំ២០២៦) នេះ នៅក្នុងការបោះឆ្នោតមួយដែលអាចបញ្ចប់ការកាន់អំណាចរយៈពេល ១៦ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រី Viktor Orban រង្គោះរង្គើរុស្ស៊ី និងប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមស្តាំនិយម នៅទូទាំងលោកខាងលិច ក្នុងនោះរួមទាំងសេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ផងដែរ។លោក Orban ដែលជាអ្នកជាតិនិយមមិនស្របតាមអឺរ៉ុប បានបង្កើតគំរូ «លទ្ធិប្រជាធិបតេយ្យមិនសូវសេរី» ដែលត្រូវបានគេមើលឃើញថា ជាការដើរតាមម៉ូដែលចលនាធ្វើឲ្យអាមេរិកអស្ចារ្យម្ដងទៀត (MAGA) របស់លោក Trump និងអ្នកគាំទ្ររបស់ខ្លួន នៅអឺរ៉ុប។ប៉ុន្តែប្រជាជនហុងគ្រីជាច្រើនកាន់តែលែងសូវពេញចិត្ត ក្រោយសេដ្ឋកិច្ចគាំងរយៈពេល ៣ឆ្នាំ និងការកើនឡើងនូវការចំណាយលើការរស់នៅ ក៏ដូចជារបាយការណ៍ អំពីអ្នកមានអំណាចស្និទ្ធរដ្ឋាភិបាលកំពុងប្រមូលទ្រព្យសម្បត្តិកាន់តែច្រើនឡើងៗ។ការស្ទង់មតិក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ បានបង្ហាញថា គណបក្ស Fidesz របស់លោក Orban នៅពីក្រោយគណបក្សប្រឆាំងកណ្តាល-ស្តាំនិយម Tisza របស់លោក Peter Magyar ចំនួន ៧-៩ ភាគរយ ដោយគណបក្ស Tisza ទទួលបានសំឡេងគាំទ្រ ៣៨-៤១ ភាគរយ។ ដំណើរការបោះឆ្នោត សម្រាប់សភាដែលមាន ១៩៩អាសនៈ ចាប់ផ្តើមនៅម៉ោង ៦ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៤ ម៉ោងសកល) ហើយគ្រោងនឹងបិទនៅម៉ោង ៧យប់។ការបោះឆ្នោតនេះកំពុងត្រូវបានតាមដានយ៉ាងដិតដល់នៅទីក្រុងប្រ៊ុចសែល ដោយប្រទេស EU ជាច្រើនរិះគន់លោក Orban ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Trump ជុំវិញអ្វីដែលពួកគេនិយាយថា ជាការខ្សោយទៅៗ ក្នុងការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យរបស់ប្រទេសហុងគ្រី សេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិជនជាតិភាគតិច៕

រុស្ស៊ី និងអ៊ុយក្រែនចោទគ្នាទៅវិញទៅមកថា បានរំលោភបទឈប់បាញ់បុណ្យ Easter

2026/04/12 12:30:56 pm        105
ប្រទេសរុស្ស៊ី និងអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ (ទី១១ ខែមេសា) បានចោទដាក់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់រយៈពេលខ្លី នៅក្នុងម៉ោងសង្គ្រាមរយៈពេល ៤ឆ្នាំរបស់ភាគីទាំង២ ជាការផ្អាកការប្រយុទ្ធដែលបានប្រកាស ដើម្បីប្រារព្ធពិធីបុណ្យ Easter នៃសាសនាគ្រិស្តនិកាយអូថូដុក។អភិបាលនៃតំបន់ព្រំដែនរុស្ស៊ីចំនួន ២ បាននិយាយថា យានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារគោលដៅនៅក្នុងតំបន់ Kursk និង Belgorod ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងតិច ៥នាក់ រងរបួស។ ចំណែកអគ្គសេនាធិការយោធាអ៊ុយក្រែន បានប្រាប់ថា កងកម្លាំងរុស្ស៊ីបានរំលោភលើលក្ខខណ្ឌនៃបទឈប់បាញ់រយៈពេល ៣២ម៉ោងនេះ យ៉ាងហោចណាស់ចំនួន ៤៦៩ដង ក្នុងនោះរួមមានទាំងសកម្មភាពវាយប្រហារ ការបាញ់ផ្លោង និងការវាយប្រហារដោយយានដ្រូនផងដែរ តែមិនមានការបញ្ជាក់ពីអ្នកស្លាប់ និងរបួស ឬការខូចខាតឡើយ។គួរបញ្ជាក់ថា បទឈប់បាញ់ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃទី៩ ខែមេសា បានចូលជាធរមាននៅម៉ោង ៤រសៀល ម៉ោងនៅទីក្រុងមូស្គូ។ សមភាគីអ៊ុយក្រែនរបស់លោក គឺលោក Volodymyr Zelensky បានបញ្ជាក់ថា រូបលោកនឹងគោរពតាមវិធានការនេះ។បទឈប់បាញ់នេះ ត្រូវបានដាក់ចេញ ខណៈដែលការចរចាដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីឈានដល់ដំណោះស្រាយ ត្រូវបានផ្អាក ក្នុងអំឡុងពេលមានសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។យោងតាមប្រតិទិននៃសាសនាគ្រិស្តនិកាយអូថូដុក ដែលមានឥទ្ធិពលទាំងនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបង្ហាញថា បុណ្យ Easter ត្រូវបានប្រារព្ធនៅឆ្នាំនេះ នាថ្ងៃទី១២ ខែមេសា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ
05/31/2026 10:05 AM
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
05/31/2026 10:05 AM
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
05/31/2026 10:05 AM
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
05/31/2026 10:05 AM
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
05/31/2026 09:05 AM
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/31/2026 09:05 AM
កម្ពុជា តវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ កម្ពុជា​ដោយ​កងទ័ព​ថៃ
05/31/2026 08:05 AM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
05/31/2026 08:05 AM
ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
05/30/2026 05:05 PM